ទិវា​ឯករាជ្យ​ជាតិ ព្រុយ​ណេ​

476
ចែករម្លែក
  • 6
    Shares

ភ្នំពេញ​៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ព្រុយ​ណេ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ ទទួលបាន​ឯករាជ្យភាព​ពេញលេញ​ពី​អង់គ្លេស កាលពី​ឆ្នាំ​១៩៨៤ ។ ជា​ផ្លូវការ ព្រុយ​ណេ ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស នៅ​ថ្ងៃទី ១ ខែមករា ឆ្នាំ​១៩៨៤ ឯណោះ​ទេ ប៉ុន្តែ អង់គ្លេស នៅតែ​បន្ត​ត្រួតត្រា​ព្រុយ​ណេ រហូតដល់​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​ដដែល ។ ដូច្នេះ​ទិវា​ឯករាជ្យ​ជាតិ ត្រូវបាន​ប្រារព្ធ​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ទៅវិញ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
ព្រុយ​ណេ មាន​ផ្ទៃដី ៥.៧៦៥ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាស៊ីអាគ្នេយ៍ ជា​សមាជិក​មួយ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ អាស៊ាន មាន​ព្រំដែន​ជាប់​ប្រទេស​ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ។ ជា​ប្រទេស​មហាសេដ្ឋី​ប្រេងកាត និង​ឧស្សាហកម្ម​ជឿនលឿន ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ទាំងពីរ ក្នុង​លោក ដែល​គ្មាន​បំណុល​ជាតិ (​លី​ប៊ី​) ។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ៤៤០.០០០ នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ភាសា​ដែល​ប្រើ​ច្រើន​បំផុត គឺ​ភាសា​ម៉ាឡេស៊ី ភាសា​អង់គ្លេស និង​ភាសា​ចិន រាជធានី គឺ​ទីក្រុង បាន​ដា​ស៊េរី បេ​ហ្គា​វ៉ាន់ ។​

ប្រវត្តិសាស្ត្រ​
គិត​ត្រឹម​ឆ្នាំ​១២២៥ កោះ​ប៉ូ​-​នី (​ព្រុយ​ណេ​) មាន​កប៉ាល់ចម្បាំង​ចំនួន ១០០ គ្រឿង ការពារ​ពាណិជ្ជកម្មរ​បស់​ខ្លួន ហើយ​គឺជា​អាណាចក្រ​ដ៏​សម្បូរ​រុងរឿង​។ ពី​ចន្លោះ​សតវត្សរ៍​ទី​១៥ និង​ទី​១៧ អំណាច​ស៊ុ​លត​ង់ (​ជា​ងារ ឬ ឋានៈ​កំពូល នៃ​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់ ព្រុយ​ណេ ស្មើនឹង​ស្តេច​) បាន​ឡើងដល់​កំពូល ដោយ​ពង្រីក​ដែន​អាណាចក្រ​របស់ខ្លួន​ពី​ហ្វីលីពីន ភាគខាងត្បូង ដោយ​រួមទាំង​ទីក្រុង​ម៉ានីល ផង ។ សាសនា​អ៊ិ​ស្លាម បាន​ចាក់​ប្ញ​សគល់​យ៉ាងរឹងមាំ និង​រីកសាយ​ពាសពេញ ព្រុយ​ណេ ត្រឹម​សតវត្សរ៍​ទី ១៦ ។

ដណ្តើម​អំណាច​ឱនភាព​
ប៉ុន្តែ ព្រុយ​ណេ បាន​ពើប​នូវ​ឱនភាព ដោយសារ​មានទំនាស់​ផ្ទៃក្នុង រឿង​ដណ្តើម​រាជបល្ល័ង្ក ខណៈដែល​មហាអំណាច​អឺរ៉ុប កំពុង​វាតទី​អំណាច​ទៅ​គ្រប់ទិសទី នៃ​ពិភពលោក ។ អេ​ស្ប៉ា​ញ បាន​ដណ្តើមយក​ទីក្រុង​ម៉ានីល ពី​ព្រុយ​ណេ ឆ្នាំ​១៥៧០ ហើយ​បង្ខំ​ឱ្យ​ទីក្រុង​នេះ ក្លាយជា​ទីក្រុង គ្រិស្តសាសនា វិញ ។​

​រាជវង្ស​ពីរ​អង្គ ឈ្មោះ Pengiran Seri Lela និង Pengiran Seri Ratna បាន​ទៅ​ពឹង​អេ​ស្ប៉ា​ញ (​ដែល​កំពុង​ធ្វើ​អាណានិគម​លើ​ទីក្រុង​ម៉ានីល​) ឱ្យជួយ​ដណ្តើម​រាជបល្ល័ង្ក ពី​បងប្អូន​មកឱ្យ​ខ្លួន​វិញ ដោយ​សន្យាថា ប្រសិនបើ​ខ្លួន​បាន​សោយរាជ្យ នោះ​នឹង​ឱ្យ​អេ​ស្ប៉ា​ញ ធ្វើជា​អាណាព្យាបាល ព្រុយ​ណេ ។

​អេ​ស្ប៉ា​ញ បានចាត់ទុក ព្រុយ​ណេ ថា​ជា​មជ្ឈមណ្ឌល​អ៊ិ​ស្លាម ហើយ​ត្រូវការ​ធនធាន ព្រុយ​ណេ ផង និង​ត្រូវការ​លុបបំបាត់ អ៊ិ​ស្លាម​សាសនា ជំនួស​ដោយ​ការពង្រីក​គ្រិស្តសាសនា ផង ទើប​នៅ​ឆ្នាំ​១៥៧៨ អេ​ស្ប៉ា​ញ បានប្រកាស​សង្គ្រាម​ដោយមាន​គម្រោង​វាយប្រហារ​កាន់កាប់ រាជធានី កូតា បា​ទូ ដែលជា​រាជធានី​របស់ ព្រុយ​ណេ នា​សម័យ​នោះ ។ អេ​ស្ប៉ា​ញ​ដែលមាន កម្លាំង​ទ័ព ដ៏​សន្ធឹកសន្ធាប់ និង​មានការ​ឃុបឃិត​ពី​សំណាក់​រាជវង្ស​ទាំងពីរ​អង្គ​ខាងលើ​ផង បាន​ចូលកាន់​កាប់​រាជធានី នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​១៥៧៨ ហើយ ស៊ុ​លត​ង់ Saiful Rijal ត្រូវបាន​បង្ខំ​ឱ្យ​និរទេស ទៅ Jerudong ។

​នៅក្នុង​តំបន់ Jerudong ស៊ុ​លត​ង់ Saiful Rijal និង​អ្នក​ដែលមាន​ភក្តីភាព បានរៀបចំ​ផែន ការបណ្តេញ​ពួក​អេ​ស្ប៉ា​ញ ពី​ព្រុយ​ណេ ។ អេ​ស្ប៉ា​ញ កាន់កាប់​រាជធានី កូតា បា​ទូ​មិនបាន ប៉ុន្មាន​ផង ក៏មាន​ផ្ទុះ​ជំងឺរាក​មួល ។ ទ្រាំ​នៅ​មិនបាន ក៏​សម្រេចចិត្ត​បោះបង់​ព្រុយ​ណេ ត្រឡប់​ទៅ​ទីក្រុង​ម៉ានីល វិញ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​១៥៧៨ នោះ ។ ប៉ុន្តែ​មុននឹង​ចាកចេញ ពួកគេ​បាន​ដុតបំផ្លាញ​វិហារ​អ៊ិ​ស្លាម ដ៏​ធំ​បំផុត​លំដាប់​លេខ​៥ របស់​ពិភព​អ៊ិ​ស្លាម ។ ព្រះអង្គម្ចាស់ Pengiran Seri Lela ដែល​ត្រូវបាន​អេ​ស្ប៉ា​ញ លើក​បន្តុប​ជា ស៊ុ​លត​ង់ ព្រុយ​ណេ នោះ ក៏បាន​សោយ​ទិវង្គត នៅក្នុង​ខែសីហា ដោយ​ជំងឺរាក​មួល ខណៈ​អ្នកខ្លះ​សង្ស័យថា ត្រូវគេ​បំពុល ។​

ធ្លាក់​ក្រោម​អាណានិគម​អង់គ្លេស
ចាប់ពី​ឆ្នាំ​១៦៦០-១៦៧៣ ក៏មាន​សង្គ្រាមស៊ីវិល ប្រឆាំងនឹង​អាណានិគម​អេ​ស្ប៉ា​ញ ។ អង់គ្លេស ក៏​ចាប់ផ្តើម​ពង្រីក​អំណាច​របស់ខ្លួន​ដល់​ព្រុយ​ណេ​ដែរ ។ អំឡុង​ទសវត្សរ៍​ឆ្នាំ ១៨៨០ ជា​រយៈពេល ឱនភាព នៃ​អាណាចក្រ​ព្រុយ​ណេ ។ ស៊ុ​លត​ង់ បានប្រគល់​តំបន់ Sarawak ទៅឱ្យ​ក្មួយប្រុស គ្រប់គ្រង​។ តំបន់ Sarawak ដែលមាន​អំណាច​កងទ័ព​ជាង​ចេះតែ​វាតទី​ដី​ចូល ដែនដី​របស់ ស៊ុ​លត​ង់ ។

​បារម្ភ​នឹង​សកម្មភាព​វាតទី​នេះ ស៊ុ​លត​ង់​ព្រុយ​ណេ បាន​ពឹងពាក់​អង់គ្លេស ឱ្យ​ជា​អ្នកការពារ តាមរយៈ​សន្ធិសញ្ញា​មួយ នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​១៨៨៨ ។ ប៉ុន្តែ​នៅពេល Sarawak បន្ត​វាតទី​ចូលក្នុង​ដែនដី​ស៊ុ​លត​ង់​នោះ អង់គ្លេស មិន​អើពើ​ឡើយ ដោយ​អង់គ្លេស យក​លេស​ថា ពួកគេ​សុទ្ធតែជា​ជនជាតិ​ព្រុយ​ណេ ដូចគ្នា គឺ​មិនមែន​ជាការ​ឈ្លា​ន​ពី​សំណាក់​បរទេស ។ ប្រការនេះ បានសេចក្តីថា ព្រុយ​ណេ បាន​រត់​ចូល​ក្រោម​អាណានិគម​អង់គ្លេស ដោយ​ខ្លួនឯង និង​ដោយ​គ្មាន បាន​ផល​អ្វី​បន្តិច​សោះ ។

បាត់បង់ Sarawak
សហព័ន្ធ​ម៉ាឡេស៊ី ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​១៩៤៨ ។ អ្នកដឹកនាំ​ខ្លះ នៃ​អាណាចក្រ​ព្រុយ​ណេ ចង់​ចូល​ជា​សម្ព័ន្ធ​នេះដែរ ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៦២ មាន​ចលនា​ឧទ្ទាម ប្រឆាំងនឹង​បំណង​ខាងលើនេះ ទើប​ស៊ុ​លត​ង់ សម្រេចចិត្ត​មិន​ចូល​សម្ព័ន្ធ​នេះ​វិញ ។

​ប៉ុន្តែ​តំបន់ Sarawak ដែល​ហាក់ដូចជា​សឹងតែ​ជា​រដ្ឋ​ដាច់ដោយឡែក ពី​ព្រុយ​ណេ ទៅហើយ នៅ​ឆ្នាំ​១៩៦៣ ក៏បាន​ផ្តាច់ខ្លួន​ជា​ផ្លូវការ​ចេញពី​ព្រុយ​ណេ ហើយ​បាន​ទៅ​ចូលរួម​ក្នុង​សម្ព័ន្ធ​ម៉ាឡេស៊ី ជាមួយនឹង បូ​ណេ​អូ ខាងជើង និង​សាំង​ហ្គា​ពួរ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ ១៩៦៣ ។ ដែនដី Sarawak ក៏បាន​ក្លាយជា​ទឹកដី​ម៉ាឡេស៊ី រហូត​សព្វថ្ងៃ ហើយ​ទឹកដី ព្រុយ​ណេ​ក៏​រួញ​នៅ​តូច ប៉ុន​សព្វថ្ងៃ​នេះឯង ។

​រ៉េស៊ីដង់​អង់គ្លេស ត្រូវបាន​ដាក់​នៅ​ព្រុយ​ណេ ក្រោម​កិច្ចសន្យា ជា​អាណាព្យាបាល បន្ថែម នៅ​ឆ្នាំ​១៩០៦ ដែលមាន​តួនាទី ជា​អ្នក​ប្រឹក្សា​យោបល់​កិច្ចការរដ្ឋបាល​ដល់ ស៊ុ​លត​ង់ ហើយ​ក៏បាន​ពង្រីក​អំណាច​ខ្លាំង​ទៅៗ ត្រួតត្រា​លើ ស៊ុ​លត​ង់ ទៀតផង ។ នៅ​ឆ្នាំ​១៩២៩ រ៉ែ ប្រេងកាត ត្រូវបាន​រកឃើញ ។ នៅ​ឆ្នាំ ១៩៤០ ពួកគេ​អាច​ផលិត​ប្រេង​ឆៅ បាន​ជាង ប្រាំមួយ លាន​បារ៉ែល ក្នុង​មួយឆ្នាំ ។ ប្រេងកាត និង​ឧស្ម័ន​ធម្មជាតិ បាន​ក្លាយជា​មូលដ្ឋានគ្រឹះ នៃ ការអភិវឌ្ឍ និង​ធនធាន​របស់ ព្រុយ​ណេ ចាប់ពី​សតវត្សរ៍​ទី​២០ មក ។

សម័យ​សង្គ្រាមលោក​
ក្នុង​យុទ្ធនាការ ដើម្បី​រំដោះ​បណ្តា​ប្រទេស​នៅ​អាស៊ី ឱ្យ​រួច​ផុតពី​អាណានិគម​អឺរ៉ុប នៅ​ឆ្នាំ ១៩៤១ ជប៉ុន បាន​ចូលខ្លួន​ទៅក្នុង​សង្គ្រាម ហើយ​សង្គ្រាមលោកលើកទី​២ ក៏បាន​ផ្ទុះឡើង ។ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​១៩៤១ ជប៉ុន បានឈ្នះ​អង់គ្លេស នៅ​ព្រុយ​ណេ ហើយ​បាន​កាន់កាប់​ទីនោះ​ជំនួស​អង់គ្លេស ។ ស៊ុ​លត​ង់ នៅ​រក្សា​រាជបល្ល័ង្ក ហើយ​ទទួលបាន​សិទ្ធិអំណាច​ច្រើន​ពី​ជប៉ុន ។ មន្ត្រី​ដ៏​សំខាន់​របស់​ព្រុយ​ណេ ត្រូវបាន​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ជប៉ុន ដែលជា​ផ្នែក​មួយ នៃ​ការត្រៀម​ប្រគល់​ឯករាជ្យភាព ឱ្យ​ព្រុយ​ណេ ។ កំពង់ផែ និង អាកាសយានដ្ឋាន​ត្រូវ បាន​ជប៉ុន​ជួសជុល​ឡើងវិញ ។​

​នៅ​ឆ្នាំ​១៩៤៤ កងទ័ព​សម្ព័ន្ធមិត្ត បានចាប់ផ្តើម​បើក​ការវាយលុក​ដោយ​ការទម្លាក់​គ្រាប់បែក ទៅលើ​កងទ័ព​ជប៉ុន នៅ​ព្រុយ​ណេ បាន​បំផ្លិចបំផ្លាញ​សមិទ្ធផល​នានា ស្ទើរ​ខ្ទេច​គ្មាន​សល់ ។ បន្ទាប់ពី​អាមេរិក ទម្លាក់​គ្រាប់បែកបរមាណូ ពីរ គ្រាប់​ទៅលើ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​ទីក្រុង ណាហ្គា​សា​គី ប្រទេស​ជប៉ុន​មក នៅ​ឆ្នាំ​១៩៤៥ ជប៉ុន បាន​សុខចិត្ត​ចុះចាញ់​សង្គ្រាម ហើយ ព្រុយ​ណេ ក៏​ធ្លាក់​ទៅក្នុង​ការត្រួតត្រា​របស់ អង់គ្លេស ជាថ្មីទៀត ។

ការតាក់តែង​រដ្ឋធម្មនុញ្ញ​
នៅ​ឆ្នាំ​១៩៥៩ រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ព្រុយ​ណេ បានចែង​ប្រកាសថា ព្រុយ​ណេ គឺជា​រដ្ឋ​ស្វ័យគ្រប់គ្រង ខណៈ​កិច្ចការបរទេស សន្តិសុខ និង​ការពារជាតិ​ស្ថិតនៅក្រោម​ការកាន់កាប់​របស់​អង់គ្លេស នៅឡើយ ។

​នៅ​ខែកក្កដា ឆ្នាំ​១៩៥៣ ស៊ុ​លត​ង់ អូ​ម៉ា អា​លី សាយ​ហ្វ៊ូ​ឌៀ​ន ទី​៣ បាន​បង្កើត​គណៈកម្មាធិកា​រ មួយ ដែលមាន​សមាជិក ៧​នាក់ ឈ្មោះថា គណៈកម្មាធិការ Tujuh Serangkai ដើម្បី​ស្ទាបស្ទង់​ស្រង់​មតិ​ពលរដ្ឋ ក្នុង​បំណង​តាក់តែង​រដ្ឋធម្មនុញ្ញ​សម្រាប់ ព្រុយ​ណេ ។ នៅ​ខែ ឧសភា ឆ្នាំ​១៩៥៤ ស៊ុ​លត​ង់ , រ៉េស៊ីដង់ និង​បេសកជន​ជាន់ខ្ពស់​អង់គ្លេស​បាន​ជួបគ្នា​ពិភាក្សា អំពី​លទ្ធផល​ដែល​គណៈកម្មាធិការ​នេះ ប្រមូលបាន ។ ពួកគេ​បាន​ព្រមព្រៀងគ្នា​អនុញ្ញាត ឱ្យ​ព្រាង​រដ្ឋធម្មនុញ្ញ​មួយ ។

​នៅ​ខែមីនា ឆ្នាំ​១៩៥៩ ស៊ុ​លត​ង់ អូ​ម៉ា អា​លី បាន​ដឹកនាំ​គណៈប្រតិភូ​មួយ ទៅ​ទីក្រុង ឡុង​ដ៍ ដើម្បី​ពិភាក្សា​អំពី​រដ្ឋធម្មនុញ្ញ ដែល​ត្រូវបាន​ព្រាង​ឡើង​ថ្មីៗ​នោះ ។ មួយរយៈ​ក្រោយមក​ទើប រដ្ឋាភិបាល​អង់គ្លេស ព្រម​ទទួលយក​ពង្រាង​រដ្ឋធម្មនុញ្ញ​នោះ ។ នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​១៩៥៩ រដ្ឋធម្មនុញ្ញ​នោះ ត្រូវបាន​ចុះហត្ថលេខា​ទទួលស្គាល់​នៅឯ​រាជធានី បាន​ដា ស៊េរី បេ​ហ្គា​វ៉ាន់ នៃ​ប្រទេស​ព្រុយ​ណេ ដោយ​អោយ ស៊ុ​លត​ង់ ធ្វើជា​ប្រមុខរដ្ឋ​ជាន់ខ្ពស់​។ ចំណែក​អង់គ្លេស នៅ​កាន់កាប់​កិច្ចការបរទេស ហើយ​ក្រុមប្រឹក្សា​ចំនួន​ប្រាំ ត្រូវបាន​បង្កើតឡើង ។

ទទួលបាន​ឯករាជ្យ​
តាំងពី​រកឃើញ​អណ្តូង​ប្រេងកាត​មក ព្រុយ​ណេ​បាន​ក្លាយជា​រដ្ឋ​រីកចម្រើន​គ្រប់​វិស័យ​យ៉ាង ឆាប់រហ័ស ។ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផែនការអភិវឌ្ឍន៍​ជាតិ នៅ​ថ្ងៃទី​១៤ ខែ វិច្ឆិកា ឆ្នាំ​១៩៧១ ស៊ុ​លត​ង់ បាន​ចាក​ចេញទៅ​ទីក្រុង​ឡុង​ដ៍ ដើម្បី​ពិ​ភាព​ក្សា អំពី​តម្រូវការ ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​បាន​ព្រមព្រៀង កាលពី​ឆ្នាំ ១៩៥៩ ។

​កិច្ចព្រមព្រៀង​ថ្មី​មួយ ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​១៩៧១ ដោយ​ប្រគល់ឱ្យ ព្រុយ​ណេ នូវ​ការគ្រប់គ្រង​ខ្លួនឯង កាន់តែច្រើន​ថែមទៀត ។ ប៉ុន្តែ​អង់គ្លេស នៅ​ទទួលខុស ត្រូវ​លើ​កិច្ចការបរទេស និង​ការពារ​ផ្នែក​ខាងក្រៅ ហើយ​អង់គ្លេស និង​ព្រុយ​ណេ ទទួលខុសត្រូវ​រួម ក្នុង​កិច្ចការ​សន្តិសុខ និង ការពារ​ផ្ទៃក្នុង​ជាតិ ។

​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ សន្ធិសញ្ញា​មួយទៀត ត្រូវបាន​ចុះហត្ថលេខា រវាង ព្រុយ​ណេ និង​តំណាង​អង់គ្លេស ដោយ​ឱ្យ​ព្រុយ​ណេ ទទួលខុសត្រូវ​លើ​កិច្ចការ​អន្តរជាតិ ក្នុងឋានៈ ជា​រដ្ឋ​ឯករាជ្យ ដោយ​អង់គ្លេស គ្រាន់តែ​ជា​ជំនួយការ​ផ្នែក​កិច្ច​ការទូត​ប៉ុណ្ណោះ ។ នៅ​ខែឧសភា ឆ្នាំ​១៩៨៣ អង់គ្លេស បានប្រកាសថា កាលបរិច្ឆេទ នៃ​ការប្រគល់ ឯករាជ្យភាព ទៅឱ្យ ព្រុយ​ណេ ទំនងជា​នឹងធ្វើ​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៨៤ ។​

​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​១៩៨៣ ហ្វូងមនុស្ស​ដ៏​ធំ បាន​ជួបជុំគ្នា​នៅ​វិហារ​ម៉ូ​សក៍ ។ នៅ​កណ្តាលអធ្រាត្រ ឈានចូល​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៨៤ សេចក្តីប្រកាស​ឯករាជ្យ​ភាព របស់ ព្រុយ​ណេ ត្រូវបាន​ធ្វើឡើង ។ ប៉ុន្តែ​នោះ​មិនមែនជា​ទិវា​ឯករាជ្យ​ជាតិ​ព្រុយ​ណេ​ឡើយ ដ្បិត​ដំណើរការ​អនុវត្ត​ជាក់ស្តែង​គឺ អង់គ្លេស នៅតែ​បន្ត​ត្រួតត្រា ព្រុយ​ណេ​ផ្នែក​ខ្លះ​រហូតដល់ ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​១៩៨៤ នោះ ។ ដោយហេតុនេះ ទើប​ទិវា​ឯករាជ្យ​ជាតិ​ព្រុយ​ណេ ត្រូវបាន​ប្រារព្ធ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ទៅវិញ រហូតមក ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

​ពិធី​ចុះហត្ថលេខា​រវាង ស៊ុ​លត​ង់ និង តំណាង​អង់គ្លេស ប្រគល់​ឯករាជភាព​អោយ​ព្រុយ​ណេ (​ព្រុយ​ណេ ១)
មិ​ទ្ទិញ នៅ​ទិវា​ឯករាជ្យ​ជាតិ ព្រុយ​ណេ (​ព្រុយ​ណេ ២)
ទីក្រុង បាន​ដា​ស៊េរី បេ​ហ្គា​វ៉ាន់ នៃ ប្រទេស ព្រុយ​ណេ (​ព្រុយ​ណេ ៣)