ទិវា​ឯករាជ្យ​ជាតិ ម៉ា​រ៉ុ​ក​

272
ចែករម្លែក

ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​
​ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ា​រ៉ុ​ក ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី ១៨ ខែ វិច្ឆិកា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស បង្កើត​ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក បន្ទាប់ពី​ពួកគេ​ទទួលបាន​ឯករាជភាព​របស់​ពួកគេ​ពី​អាណានិគម បារាំង និង អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ ១៩៥៦ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក មាន​ផ្ទៃដី ៤៤៦.៥៥០ ( ៧១០.៨៥០ ? ) គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អាហ្វ្រិក ខាងជើង មាន ព្រំដែន​ជាប់​វាល​ខ្សាច់ សាហា​រ៉ា អាល់​ហ្ស៊េ​រី និង អេ​ស្ប៉ា​ញ ។ ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ ជាង ៣៦ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ភាសាផ្លូវការ​គឺ​ភាសា អារ៉ាប់ ទំនើប និង ភាសា ប៊ី​ប៊ី រដ្ឋធានី​គឺ​ទីក្រុង រ៉ា​បា ។​

ប្រវត្តិសាស្ត្រ​
​សាសនា អ៊ិ​ស្លាម និង ភាសា អារ៉ាប់ ត្រូវបាន​នាំយកទៅ​សាបព្រោះ​នៅ​តំបន់​ដែលជា​ប្រទេស ម៉ា​រ៉ុ​ក បច្ចុប្បន្ននេះ បន្ទាប់ពី​ការឈ្លានពាន​របស់​ពួក មូ​ស្ល៊ី​ម ទៅលើ​មហា​តំបន់ Maghreb ឬ តំបន់ភ្នំ Atlas ( តំបន់​ដែលជា​ប្រទេស ម៉ា​រ៉ុ​ក , អាល់​ហ្ស៊េ​រី , តង់​សានី និង ប្រទេស លី​ប៊ី បច្ចុប្បន្ន ) នា​ឆ្នាំ ៦៤៧ ។​

​រដ្ឋ​ឯករាជ្យ​មុនដំបូង​បំផុត​នៅ​តំបន់​ដែលជា​ប្រទេស ម៉ា​រ៉ុ​ក បច្ចុប្បន្ននេះ គឺ​អាណាចក្រ Nekor ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ៧១០ ។ ឆ្នាំ ៧៣៩ ពួក​កុលសម្ព័ន្ធ Berber ដែលជា​ជន ជាតិ​ដើម​នៅ​ទីនោះ បានធ្វើ​បដិវត្តន៍​ផ្តួលរំលំ​អាណាចក្រ Nekor បង្កើតបានជា អាណាចក្រ Miknasa និង Barghawata ។​

​លោក Idris ibn Abdallah បាន​ភៀសខ្លួន​ចេញពី​ប្រទេស អ៊ីរ៉ាក់ ទៅ ម៉ា​រ៉ុ​ក ដោយ សារ​តែ កុលសម្ព័ន្ធ របស់គាត់ នៅ អ៊ីរ៉ាក់ បាន​រង​ការសម្លាប់​ប្រល័យពូជសាសន៍​ពី​ពួក​ស្តេច Abbasids ។ គាត់​បាន​បញ្ចុះបញ្ចូល​កុលសម្ព័ន្ធ Berber ធ្វើសង្គ្រាម​ប្រឆាំង អ៊ីរ៉ាក់ ហើយ បង្កើតបានជា​រាជវង្ស Idrisid នៅ​ឆ្នាំ ៧៨៨ ។ ពេលនោះ ទឹកដី ម៉ា​រ៉ុ​ក បាន ក្លាយ ជា​មជ្ឈមណ្ឌល​សិក្សា​របស់​ជន មូ​ស្ល៊ី​ម និង ជា​ដែនដី​ដ៏​មានអំណាច ជាងគេ​នៅក្នុង​តំបន់​នោះ ។ ប៉ុន្តែ​រាជវង្ស Idrissids ត្រូវបាន​ផ្តួលរំលំ​នៅ​ឆ្នាំ ៩២៧ ។​

​ចាប់ពី​សតវត្សរ៍​ទី ១១ មក គឺជា​ការលេចឡើង នៃ រាជវង្ស របស់​ពួក​កុលសម្ព័ន្ធ Berber វិញ​ម្តង ។ ស្ថិតក្រោម រាជវង្ស Almoravid និង រាជវង្ស Almohad ទឹកដី ម៉ា​រ៉ុ​ក បាន​គ្រប ដណ្តប់​លើ​តំបន់ Maghreb ទឹកដី​ភាគច្រើនបំផុត នៃ ប្រទេស អេ​ស្ប៉ា​ញ និង ព័រទុយហ្កាល់ បច្ចុប្បន្ន និង ទឹកដី​ភាគច្រើនបំផុត នៃ តំបន់ ម៉េ​ឌី​ទែ​រ៉ា​ណេ ។

បញ្ចប់​រជ្ជកាល​មូ​ស្ល៊ី​ម​-​ការ​បៀតបៀន​ពី​មហាអំណាច​
​នៅ​សតវត្សរ៍​ទី ១៥ ពួក​ជនជាតិ អេ​ស្ប៉ា​ញ និង ព័រទុយហ្កាល់ បានរួម​គ្នា​ងើប​បះបោរ​ប្រឆាំង​រាជវង្ស មូ​ស្ល៊ី​ម ( ដែល​គេ​ហៅថា Reconquista ) បានបញ្ចប់​ការត្រួតត្រា​របស់​ពួក​ជន មូ​ស្ល៊ី​ម នៅ​តំបន់ អេ​ស្ប៉ា​ញ កណ្តាល និង ភាគខាងត្បូង ហើយ​ជន មូ​ស្ល៊ី​ម និង ជនជាតិ ជ្វី​ស ជាច្រើន បាន​ភៀសខ្លួន​ទៅ​តំបន់ ម៉ា​រ៉ុ​ក ។​

​នៅ​អំឡុង​សតវត្សរ៍​ទី ១៥ ព័រទុយហ្កាល់ បាន​ព្យាយាម​កាន់កាប់​ពាណិជ្ជកម្ម​នៅតាម​សមុទ្ទ អា​ត្ល​ង់​ទិ​ក ដោយ​រួមទាំង​តំបន់ឆ្នេរ​សមុទ្ទ​មួយចំនួន​របស់ ម៉ា​រ៉ុ​ក ផង និង​បាន​គ្រប់គ្រង​លើ​តំបន់ឆ្នេរ​មួយចំនួន​របស់ ម៉ា​រ៉ុ​ក ប៉ុន្តែ​មិនបាន​ចូលដល់​តំបន់​ដីគោក​ឡើយ ។

​ជា​អកុសល នៅ​ឆ្នាំ ១៥២០ ម៉ា​រ៉ុ​ក បាន​ជួប​គ្រោះរាំងស្ងួត នាំឱ្យ​មនុស្ស​ខ្វះ​ស្បៀងអាហារ​ស្លាប់​រង្គាល​ថយ​មនុស្ស​ពី ៥ លាន​នាក់​ទៅ​នៅក្រោម ៣ លាន​នាក់​ពី​ដើម​សតវត្សរ៍​ទី ១៦ និង ទី ១៩ ។
​បារាំង បាន​ចូល​ឈ្លានពាន​ប្រទេស អាល់​ហ្ស៊េ​រី នៅ​ឆ្នាំ ១៨៣០ ។ ខណៈដែល អឺរ៉ុប បានធ្វើ​ឧស្សាហូបនីយកម្ម បណ្តា​ប្រទេស​នៅ អាហ្វ្រិក ខាងជើង ក្លាយជា​គោលដៅ​សំខាន់ សម្រាប់ធ្វើ​អាណានិគម ពី​សំណាក់​មហាអំណាច អឺរ៉ុប ។ នៅ​ដើមឆ្នាំ ១៨៣០ នោះដែរ បន្ទាប់ពី​បាន​ត្រួតត្រា អាល់​ហ្ស៊េ​រី ដែលជា​ប្រទេស ជិតខាង​នឹង ម៉ា​រ៉ុ​ក ហើយ បារាំង ក៏​សម្លឹង​ចង់បាន ម៉ា​រ៉ុ​ក យ៉ាងខ្លាំង​ទៀត គឺ​បារាំង ចង់បាន ម៉ា​រ៉ុ​ក ធ្វើជា​របង​ការពារ​ទឹកដី​អាល់​ហ្ស៊េ​រី របស់ខ្លួន​ផង ហើយក៏​ព្រោះតែ​ទឹកដី ម៉ា​រ៉ុ​ក ជាទី​តាំង​ចន្លោះ សមុទ្ទ អា​ត្ល​ង់​ទិ​ក និង សមុទ្ទ ម៉េ​ឌី​ទែ​រ៉ា​ណេ ផង គឺ​បានជា​ប្រយោជន៍​ដល់​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ផង យុទ្ធសាស្ត្រ​កងទ័ព​ទៅ​ថ្ងៃមុខ​ផង ។

Ceuta គឺជា​ឈ្មោះ​តំបន់​ដែល​ស្ថិតនៅ​ចន្លោះ ប្រទេស ម៉ា​រ៉ុ​ក និង អេ​ស្ប៉ា​ញ ហើយ​ប្រទេស​ទាំង ២ បាន​អះអាង​រៀងៗ​ខ្លួន​ថា​ជា​ម្ចាស់​ទៅលើ​តំបន់ Ceuta នេះ ។ ទីបំផុត​នៅ​ឆ្នាំ ១៨៦០ ក៏មាន​ផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​ទាំង ២ ក្នុងការ​ណ្ដើ​ម​កាន់កាប់​តំបន់ Ceuta នេះ ។ ជោគជ័យ បាន​ទៅខាង អេ​ស្ប៉ា​ញ ធ្វើឱ្យ អេ​ស្ប៉ា​ញ ពង្រីក​ទឹកដី​របស់ខ្លួន​បាន​កាន់តែ​ធំ ដែល​សឹងតែ​ឡោម​ព័​ទ ម៉ា​រ៉ុ​ក ទៅហើយ ។ នៅ​ឆ្នាំ ១៨៨៤ អេ​ស្ប៉ា​ញ បាន​បង្កើត​អាណាព្យាបាល​ទៅលើ​តំបន់ឆ្នេរ​សមុទ្ទ​របស់ ម៉ា​រ៉ុ​ក ។​

​នៅ​ឆ្នាំ ១៩០៤ បារាំង និង អេ​ស្ប៉ា​ញ បាននាំគ្នា​កាត់​យក​ទឹកដី ម៉ា​រ៉ុ​ក ដែលជា​តំបន់​ក្រោម​ឥទ្ធិពល​របស់​ពួកគេ​រៀងៗ​ខ្លួន ពោលគឺ​ពួកគេ​ចង់​ធ្វើ​អាណានិគម​ទៅលើ​តំបន់​ទាំងនោះ​រៀងៗ​ខ្លួន ។ ទង្វើ​ទាំងនោះ ត្រូវបាន​ទទួលស្គាល់​ដោយ ចក្រភព​អង់គ្លេស ប៉ុន្តែ ចក្រភព អាល្លឺម៉ង់ បាន​ប្រតិកម្ម​យ៉ាងខ្លាំង ហេតុនេះ​វិបត្តិ​ក៏បាន​កើតឡើង​នៅ​ឆ្នាំ ១៩០៥ ។​

​តាមពិតទៅ អាល្លឺម៉ង់ ជំទាស់​ការធ្វើ​អាណានិគម​របស់​បារាំង ទៅលើ រដ្ឋ​ឯករាជ្យ ម៉ា​រ៉ុ​ក មិនមែន​មានបំណង​ចង់​ការពារ​ឯករាជភាព​របស់ ម៉ា​រ៉ុ​ក ទេ ប៉ុន្តែ​គឺ​ធ្វើ​ដើម្បី​កិត្តិយស និង ចង់​តវ៉ា​យក​ផលប្រយោជន៍​នៅ​បរទេស របស់​អាល្លឺម៉ង់​ខ្លួនឯង​តែប៉ុណ្ណោះ ។ ដោយហេតុនេះ​ទើប​មាន​សន្និសីទ​មួយ​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង កំពង់ផែ Algeciras នៃ ប្រទេស អេ​ស្ប៉ា​ញ ចាប់ពី​ថ្ងៃទី ១៦ ខែ មករា ដល់​ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩០៦ ។ សន្និសីទ​នេះ បានបញ្ចប់​ទៅដោយ​ការជំទាស់​របស់ អាល្លឺម៉ង់ បាន​បរាជ័យ ហើយ​ថែមទាំង​ធ្វើឱ្យ​មិត្តភាព​រវាង បារាំង និង អង់គ្លេស កាន់តែ​រឹងមាំ​ថែម​ទៀតផង ហើយ​ភាព​តានតឹង​រវាង​មហាអំណាច​ទាំង ៣ ( អាល្លឺម៉ង់ ចំពោះ បារាំង និង អង់គ្លេស ) បាន​កើនឡើង ។​

ធ្លាក់​ក្រោម​អាណានិគម បារាំង និង អេ​ស្ប៉ា​ញ ទាំងស្រុង​
​ដោយសារតែ​ទឹកដី​បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​មហា​អំ​ណាប​រទេស​ជា​បន្តបន្ទាប់​បែបនេះ នៅ​ឆ្នាំ ១៩១១ ក៏មាន​ចលនា​ឧទ្ទាម​ប្រឆាំងនឹង ស៊ុ​លត​ង់ អាប់​ដែល​ហា​ហ្វ៊ី​ដ នៃ ម៉ា​រ៉ុ​ក ។ គិត​ត្រឹម​ដើមខែ មេសា ឆ្នាំ​នោះ រាជវាំង Fez របស់ ស៊ុ​លត​ង់ អាប់​ដែល​ហា​ហ្វ៊ី​ដ ត្រូវបាន​ពួក​ឧទ្ទាម​ឡោម​ព័​ទ ។ បារាំង បានរៀបចំ​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​បង្ក្រាប​ពួក​ឧទ្ទាម​ក្រោម​ហេតុផល​ថា ដើម្បី ទៅ​ការពារ​អាយុជីវិត និង ទ្រព្យសម្បត្តិ​របស់​ជន អឺរ៉ុប នៅលើ​ទឹកដី ម៉ា​រ៉ុ​ក ។ អង់គ្លេស មានបំណង​មិន​ចង់ឱ្យ​បារាំង​បញ្ជូន​កងទ័ព​ទៅ ម៉ា​រ៉ុ​ក ទាំង​ទាន់ហន់​បែប​នោះទេ ប៉ុន្តែ​បំណង​របស់ អង់គ្លេស បាន​បរាជ័យ ។​

​ខណៈដែល ម៉ា​រ៉ុ​ក បែកបាក់​ដូច្នោះ នៅ​ថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ១៩១១ នោះ អេ​ស្ប៉ា​ញ បាន​ចូល​កាន់កាប់​កំពង់ផែ Larache របស់ ម៉ា​រ៉ុ​ក បាន​ដោយ​គ្មាន​ចំណាយ​កម្លាំង ហើយ ៣ ថ្ងៃ​ក្រោយមក អេ​ស្ប៉ា​ញ បាន​ចូល​កាន់កាប់​ទីក្រុង Ksar-el-Kebir របស់ ម៉ា​រ៉ុ​ក ទៀត ។​

​អាល្លឺម៉ង់ មិនអាច​នៅ​ស្ងៀម ឃើញ សាច់​ខ្លាញ់ ម៉ា​រ៉ុ​ក ធ្លាក់​ទៅក្នុង​ដៃ គូរ​ប្រជែង​របស់ខ្លួន ម្តង​មួយ​ដុំៗ ជា​បន្តបន្ទាប់​បែប​នោះ នៅ​ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ១៩១១ នោះ អាល្លឺម៉ង់ ក៏បាន​ប​ញ្ជូ​ក​កប៉ាល់ចម្បាំង​ទៅ​កំពង់ផែ Agadir នៃ ប្រ​ទេ ម៉ា​រ៉ុ​ក ដែរ ក្រោម​ហេតុផល​ថា ដើម្បី ការពារ​ផលប្រយោជន៍​ពាណិជ្ជកម្ម​អាល្លឺម៉ង់​នៅ​ទីនោះ ។

​ឃើញ​កប៉ាល់ចម្បាំង អាល្លឺម៉ង់ ខ្វាត់ខ្វែង​នៅលើ​ទឹកដី ម៉ា​រ៉ុ​ក បែប​នោះ បារាំង និង អង់គ្លេស ក៏បាន​បញ្ចេញ​ប្រតិកម្ម​វិញ​ម្តង គឺ បារាំង បញ្ជូន​កងទ័ព​ទៅ​រាជវាំង Fez ។ អង់គ្លេស យល់ថា អាល្លឺម៉ង់ ចង់យក​កំពង់ផែ Agadir ធ្វើជា​ទីតាំង​កងទ័ពជើងទឹក​នៅ​តំបន់ អា​ត្ល​ង់​ទិ​ក ។ ដូច្នេះ អង់គ្លេស បាន​ត្រៀម​រួចជាស្រេច​នឹង​បញ្ជូន​នាវាចម្បាំង​ទៅ ម៉ា​រ៉ុ​ក ប្រសិនបើ​មាន​សង្គ្រាម​ផ្ទុះឡើង ។

​នៅ​ចំ​កណ្តាល​វិបត្តិ​ដ៏​តានតឹង​នេះ អាល្លឺម៉ង់ បាន​ពើប​នឹង​ភាពច្របូកច្របល់​ហិរញ្ញវត្ថុ ។ ផ្សារភាគហ៊ុន​ត្រឹមតែ​មួយថ្ងៃ​សោះ ធ្លាក់​តម្លៃ​អស់ ៣០ ភាគរយ ។ មនុស្ស​បាននាំគ្នា​ពពាក់​ពពូន​យក​ក្រដាសប្រាក់​ទៅ​ទិញ​មាស​ទុក ហើយ​មាន​ពាក្យ​ច​ចាម​អារាម​ថា ភាពច្របូកច្របល់​នេះ រៀបចំ​ដោយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង ។ ចំណែក​បារាំង​ក៏​បារម្ភ​ខ្លាច​អស់​មាស​ពី​ឃ្លាំង​ដែរ ។ អគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​ទីក្រុង ប៉ារីស បាន​ប្រាប់​ទៅ​បរាំង​ថា មានបំណង​ចង់​ចរចា ។​
​នៅ​ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ១៩១១ នោះ ការចរចា​រវាង​ភាគី​ពាក់ព័ន្ធ ក៏បាន​ចាប់ផ្តើម​ជា​ផ្លូវការ ។ សន្ធិសញ្ញា​រវាង​បារាំង និង អាល្លឺម៉ង់ ដែលមាន​ឈ្មោះថា សន្ធិសញ្ញា Fez នៅ​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ១៩១២ បានប្រគល់​ឱ្យ​បារាំង និង អេ​ស្ប៉ា​ញ ជា​អ្នកគ្រប់គ្រង ម៉ា​រ៉ុ​ក ចំណែក បារាំង ប្រគល់​ទឹកដី​ភាគ​កណ្តាល នៃ កុង​ហ្គោ ( ទឹកដី​ដែលជា សាធារណរដ្ឋ កុង​ហ្គោ បច្ចុប្បន្ន ) ដែលជា​ដែនដី​អាណានិគម​បារាំង ទៅឱ្យ អាល្លឺម៉ង់ ជា​អ្នកត្រួតត្រា ។ វិបត្តិ ម៉ា​រ៉ុ​ក លើក​ទី ២ ក៏បាន​បញ្ចប់ ។ ម៉ា​រ៉ុ​ក ក៏បាន​ធ្លាក់​ក្រោម អាណានិគម បារាំង និង អេ​ស្ប៉ា​ញ ជា​ផ្លូវការ និង ទាំងស្រុង នៅ​គ្រា​នោះឯង ។

​ពួក​អាណា​និគមជន​រាប់ម៉ឺន​នាក់​នាំគ្នា​សម្រុក​ចូលទៅ​ប្រទេស ម៉ា​រ៉ុ​ក ។ អ្នកខ្លះ​ទិញ​ដី​ដែលមាន​ជីជាតិ​ធំ​ល្វឹងល្វើយ អ្នកខ្លះ​រៀបចំ​កេង​យកចំណេញ និង ធ្វើ​ទំនើបកម្ម​លើ រ៉ែ និង កំពង់ផែ​នានា ។
​ក្រុម​ម្ចាស់​ផលប្រយោជន៍​ទាំងនេះ បានដាក់​សម្ពាធ​ជា​បន្តបន្ទាប់​ទៅលើ​រដ្ឋាភិបាល​បារាំង​ឱ្យ​បន្ថែម​ការត្រួតត្រា​ទៅលើ​ប្រទេស ម៉ា​រ៉ុ​ក គឺជា​ការគ្រប់គ្រង​ដែល​ចាំបាច់​ត្រូវធ្វើ​សង្គ្រាម​ជា​បន្តបន្ទាប់​ដើម្បី​បង្ក្រាប​កុលសម្ព័ន្ធ​នានា នៃ ជនជាតិដើម ម៉ា​រ៉ុ​ក ។​
​ប៉ុន្តែ​អគ្គទេសាភិបាល​បារាំង លោក សេនាប្រមុខ Hubert Lyautey តែងតែ​គោរព​ស្រឡាញ់ និង សរសើរ​ប្រពៃណី​វប្បធម៌​ជនជាតិ ម៉ា​រ៉ុ​ក ដោយស្មោះ ទើប​បង្កើត​រដ្ឋបាល​រួម​រវាង បារាំង​-​ម៉ា​រ៉ុ​ក ខណៈ​បង្កើត​ប្រព័ន្ធ​អប់រំ​ទំនើប ។ កងទ័ព ម៉ា​រ៉ុ​ក ជាច្រើន​កងពល​បាន​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​បារាំង អំឡុង​សង្គ្រាមលោកលើកទី ១ និង សង្គ្រាមលោកលើកទី ២ ។ រដ្ឋធម្មនុញ្ញ ម៉ា​រ៉ុ​ក បាន​លប់បំបាត់​ទាសភាព នៅ​ឆ្នាំ ១៩២៥ ។​

បដិវត្តន៍ សាធារណរដ្ឋ រី​ហ្វ
​នៅ​ចន្លោះ​ខែ កក្កដា ដល់ ខែ សីហា ឆ្នាំ ១៩២១ កុលសម្ព័ន្ធ Berber នៅ​តំបន់ភ្នំ Rif ដឹកនាំ​ដោយ​លោក Abd el-Krim ប្រឆាំងនឹង​អាណានិគម អេ​ស្ប៉ា​ញ ហើយ​បង្កើតបានជា សាធារណរដ្ឋ Rif នៅ​ខែ កញ្ញា ឆ្នាំ ១៩២១ នា​តំបន់ភ្នំ Rif នោះ ។ ការ​ងើប​បះបោរ​របស់ កុលសម្ព័ន្ធ Berber មាន​លក្ខ​ណណៈ​ជា​ឧទ្ទាម​កម្ម ។ ពីដំបូង​ពួកគេ​បាន​ជោគជ័យ​ជាច្រើន​លើ​កងទ័ព​អេ​ស្ប៉ា​ញ បានសម្លាប់​ទ័ព អេ​ស្ប៉ា​ញ និង បាន​ដណ្តើម​អាវុធយុទ្ធភណ្ឌ​របស់​ក​ង​ទ័ព អេ​ស្ប៉ា​ញ បាន​យ៉ាងច្រើន ។
​អេ​ស្ប៉ា​ញ បាន​ទៅ​បញ្ចុះបញ្ចូល បារាំង ដែលជា​អាណានិគម​មួយ​ដែរ​លើ​ទឹកដី ម៉ា​រ៉ុ​ក ឱ្យជួយ ។ ពីដំបូង បារាំង មិន​ព្រម​ជួយ​ទេ ព្រោះ​គិតថា ទុកឱ្យ អេ​ស្ប៉ា​ញ ទន់ខ្សោយ​ដើម្បី បារាំង​លេប​យក​ទឹកដី ម៉ា​រ៉ុ​ក ទាំងមូល​តែម្នាក់ឯង ។ ប៉ុន្តែ​ក្រោយមក បារាំង មើលឃើញថា បើ អេ​ស្ប៉ា​ញ ដួលរលំ​នោះ សាធារណរដ្ឋ Rif នឹង​កើតឡើង​កាន់តែ​រឹងមាំ អាចជា​ការគំរាមកំហែង​ដល់​អំណាច​បារាំង នៅ ម៉ា​រ៉ុ​ក ទៅវិញ ទើប​បារាំង ចូលខ្លួន​ទៅ​ជួយ អេ​ស្ប៉ា​ញ ។ ទីបំផុត កងទ័ព​ឧទ្ទាម នៃ សាធារណរដ្ឋ Rif ត្រូវបាន​កម្ទេច នៅ​ឆ្នាំ ១៩២៦ ហើយ​សាធារណរដ្ឋ Rif ក៏ត្រូវ​បាន​រំលាយ​ទៅវិញ​នៅពេល​នោះដែរ ។​

ចលនា​ឯករាជ្យ ម៉ា​រ៉ុ​ក​
​គ្រា​នើ អាមេរិក ដែល​ចាប់ផ្តើម​លេច​ជា​អ្នកមាន​ឥទ្ធិពល​បណ្តើរៗ​ដែរ​ហើយ ក៏​ត្រូវតែ​លូកដៃ​ចូល​កិច្ចការ​អាណានិគម​នៅ​បណ្តា​ប្រទេស​មួយចំនួន រួមទាំង​នៅ ម៉ា​រ៉ុ​ក ផងដែរ ។
​សហរដ្ឋអាមេរិក គឺជា​ប្រមុខ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ប្រមុខ​ដ៏​សំខាន់ ទាំង ២ ជាមួយ​អង់គ្លេស នៅក្នុង​សង្គ្រាមលោកលើកទី ២ ។ ខណៈដែល​ខ្លួន​មិនទាន់​មានអំណាច​ខ្លាំងក្លា​ដូច​អង់គ្លេស និង មហាអំណាច​ផ្សេងទៀត​នោះ ពិតជា​មិន​ចង់ឱ្យ​មហាអំណាច​ទាំងនោះ នៅមាន​ភាពជា​មហាអំណាច​តទៅទៀត​ឡើយ នៅក្រោយ​សង្គ្រាម ព្រោះថា បើ​មហាអំណាច​ទាំងនោះ នៅតែ​ជា​មហាអំណាច​ដូច​មុន ( អាច​លើស​មុន ) សង្គ្រាម​ទៀត​នោះ ទឹកមាត់ អាមេរិក នឹងមិន​ប្រៃ​ឡើយ ហើយក៏​នឹង​គ្មាន​ឱកាស​ពង្រីក​អំណាច​រប​ស់​ខ្លួន​ដែរ ទើប​អាមេរិក តែងតែ​ព្យាយាម​បង្កើត ឬ គាំទ្រ ជាសម្ងាត់ ឬ ដោយ​ចេញមុខ ចំពោះ​ចលនា​ឯករាជភាព នៃ បណ្តា​ប្រទេស​ក្រោម​អាណានិគម​នានា ។ ក្នុង​បរិបទ​នោះ អាមេរិក ពាក្យ​ថា “ គោរព​ឆន្ទៈ​ម្ចាស់​ស្រុក “ គឺជា​ពាក្យ​ដែល​អាមេរិក​តែងតែ​យកទៅ​ប្រើ​ជា​ញឹកញាប់ និង បាន​ផល​សម្រេច​ច្រើន​បំផុត ក្នុងការ​ផ្តាច់​អំណាច​ពី​មហាអំណាច​នានា​ជា​បន្តបន្ទាប់ ។​

​នៅ​ឆ្នាំ ១៩៤៣ (​ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី ២ ) គណបក្ស ឯករាជ្យ ម៉ា​រ៉ុ​ក ត្រូវបាន​បង្កើតឡើង ។ អាមេរិក ដែល​ដៃ​ម្ខាង​គឺជា​សម្ព័ន្ធមិត្ត​ជាមួយ បារាំង ផង​នោះ ដៃ​ម្ខាង​បាន​លួចលាក់​ជួយ​គណបក្ស ឯករាជ្យ ម៉ា​រ៉ុ​ក ដែល​ប្រឆាំងនឹង​អាណានិគម បារាំង ។ រឿងនេះ មិនមែន បារាំង មិនដឹង​អំពី​ពុតត្បុត​របស់ អាមេរិក ទេ ប៉ុន្តែ​ដោយសារ បារាំង កំពុង​វក់វីរ​នឹង​សង្គ្រាមលោកលើកទី ២ ផង ជាពិសេស ពេលនោះ បារាំង កំពុង​ត្រូវបាន​កងទ័ព ណា​ស៊ី អាល្លឺម៉ង់ លុកលុយ​កាន់កាប់​ស្ទើរ​ទាំងស្រុង ( កងទ័ព ណា​ស៊ី ចូលកាន់​កាប់​ទីក្រុង ប៉ារីស នៅ​ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ១៩៤០ ) ។ គណបក្ស​នេះ​បានផ្តល់​ភាពជា​អ្នកដឹកនាំ​ច្រើន​បំផុត​ទៅ​ចលនា​អ្នក​ជាតិនិយម ម៉ា​រ៉ុ​ក ។​
​កាលដែល​បារាំង​ចូល​ត្រួតត្រា ម៉ា​រ៉ុ​ក នោះ ស៊ុ​លត​ង់ មហា​ម៉េ​ដ​ទី ៥ បាន​ជំទាស់​ជាដាច់ខាត ហើយ​ទីបំផុត ស៊ុ​លត​ង់ មហា​ម៉េ​ដ​ទី ៥ ត្រូវ​បារាំង​ចាប់​និរទេស​ទៅ​កោះ ម៉ា​ដា​ហ្កា​ស្កា ហើយ​ដាក់ជំនួស​ដោយ ម៉ូ​ហា​ម៉េ​ដ បែន អា​រ៉ា​ហ្វា ដែល​ប្រជាពលរដ្ឋ ម៉ា​រ៉ុ​ក បានដឹងថា ជា​អ្នកមាន​ទំនោរ​ទៅរក​អាណានិគម​បារាំង និង អេ​ស្ប៉ា ឬ ដែល​ប្រជាពលរដ្ឋ​និយាយថា ជា​ជន​ក្បត់ជាតិ ដើម្បី អំណាច ។ ប្រការនេះ​នាំ​មានការ​ប្រឆាំង​យ៉ាងសកម្ម​ចំពោះ អាណានិគម បារាំង និង អេ​ស្ប៉ា​ញ ទាមទារ​ឱ្យ ស៊ុ​លត​ង់ ម៉ូ​ហា​ម៉េ​ដ ទី ៥ វិល​ចូល​ប្រទេស​វិញ ។​

​ពី​ក្រៅប្រទេស​មក នៅ​ឆ្នាំ ១៩៥៣ អតីត ស៊ុ​លត​ង់ មហា​ម៉េ​ដ​ទី ៥ បាន​បញ្ចេញ​សកម្មភាព​ប្រឆាំង​ទៅនឹង​ការធ្វើ​អាណានិគម​លើទឹក​ដី ម៉ា​រ៉ុ​ក ពី​សំណាក់ បារាំង និង អេ​ស្ប៉ា​ញ សាជាថ្មី​ទៀត ដែលនាំឱ្យ​ចលនា​តស៊ូ​ជាតិនិយម​ក្នុងប្រទេស​កាន់តែ​មាន​ឥទ្ធិពល​ខ្លាំង​ទៅៗ​នៅក្នុង​ចិត្តគំនិត និង សង្គម ម៉ា​រ៉ុ​ក រហូត​ឈានទៅដល់​ផ្ទុះ​អំពើរ​ហិង្សា​នានា​ប្រឆាំង​ជនបរទេស ជាពិសេស​ពួក អាណា​និគមជន ។

​ការតវ៉ា​ប្រឆាំងនឹង​អាណានិគម បារាំង និង អេ​ស្ប៉ា​ញ កាន់តែ​សកម្ម​ទៅៗ ហើយ​អំពើហិង្សា​ក៏​កើតមាន​ឡើងជា​ហូ​ហែ​ដែរ ។ អំពើហិង្សា​ដែល​គេ​កត់សម្គាល់​បំផុត គឺ​អំពើហិង្សា​នៅ​ទីក្រុង Ouja ដែល​ជនជាតិ ម៉ា​រ៉ុ​ក បាន​វាយប្រហារ​ទៅលើ​ទីតាំង​របស់ បារាំង និង ទីតាំង​ពួក​អឺរ៉ុប លើក​ទឹកដី ម៉ា​រ៉ុ​ក នៅតាម​ដង​វិថី​នានា ។​

ឯករាជភាព​ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក​
​អាណានិគម​ទាំង ២ យល់ឃើញថា ត្រូវបំពេញ​បំណង​របស់​ប្រជាពលរដ្ឋ ម៉ា​រ៉ុ​ក ដើម្បី រំងាប់​ការតវ៉ា​របស់​ពួកគេ ។ ដោយហេតុនេះ នៅ​ឆ្នាំ ១៩៥៥ ពួក​អាណានិគម បានអនុញ្ញាត​ឱ្យ​អតីត ស៊ុ​លត​ង់ ម៉ូ​ហា​ម៉េ​ដ​ទី ៥ ត្រឡប់​ចូល​ប្រទេស ម៉ា​រ៉ុ​ក វិញ ។

​ប៉ុន្តែ​អាណា​និគ បារាំង និង អេ​ស្ប៉ា​ញ បាន​ស្មានចិត្ត​ពលរដ្ឋ ម៉ា​រ៉ុ​ក ខុស​ទាំងស្រុង ។ នៅពេលដែល​អតីត ស៊ុ​លត​ង់ ម៉ូ​ហា​ម៉េ​ដ ទី ៥ បាន​មកដល់​ប្រទេស​វិញ សន្ទុះ​ចិត្ត​ស្នេហា​ជាតិ​របស់​ជនជាតិ ម៉ា​រ៉ុ​ក ប្រឆាំងនឹង​អាណានិគម​ទាំង ២ កាន់តែខ្លាំង​ក្លា​ឡើង​ហួស​ពី​ការគ្រប់គ្រង​បាន ។ ទីបំផុត​ការចរចា​រវាង ម៉ា​រ៉ុ​ក និង អាណានិគម​ទាំងពីរ អំពី​ឯករាជភាព​របស់ ម៉ា​រ៉ុ​ក ក៏បាន​ចាប់ផ្តើម ។​

​ថ្ងៃទី ២ ខែ មីនា ឆ្នាំ ១៩៥៦ បារាំង បានផ្តល់​ឯករាជភាព​ដល់ ម៉ា​រ៉ុ​ក ។ ចំណែក​អេ​ស្ប៉ា​ញ បានផ្តល់​ឯករាជភាព​ទៅឱ្យ ម៉ា​រ៉ុ​ក នៅ​ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៥៦ នោះដែរ ។ ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក ត្រូវបាន​ប្រកាស​បង្កើត​ឡើង​នៅ ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ១៩៥៦ ឆ្នាំ​នោះ ។ អតីត ស៊ុ​លត​ង់ ម៉ូ​ហា​ម៉េ​ដ ទី ៥ ត្រូវបាន​ប្រជាពលរដ្ឋ ម៉ា​រ៉ុ​ក លើកតម្កើង​ឱ្យធ្វើជា​ព្រះរាជា នៃ ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក ។ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ា​រ៉ុ​ក ប្រារព្ធ ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី ១៨ ខែ វិច្ឆិកា រហូតមក ៕ ល​