ទិវា​ឯករាជ្យ​ជាតិ ម៉ុ​ល​ដូ​វី​

1275
ចែករម្លែក

(​ភ្នំពេញ)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ុ​ល​ដូ​វី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់ខ្លួន​នៅ​ថ្ងៃទី ២៧ ខែ សីហា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជភាព​របស់​ខ្លួន​ពី សហភាព សូ​វៀត កាលពី​ឆ្នាំ ១៩៩១ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ម៉ុ​ល​ដូ​វី គ្មាន​ដែន​សមុទ្ទ​ឡើយ មាន​ផ្ទៃដី ៣៣. ៨៤៦ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អឺរ៉ុប​ខាងកើត មាន​ព្រំដែន​ជាប់​ប្រទេស រ៉ូ​ម៉ា​នី និង ប្រទេស អ៊ុយ​ក្រែ​ន ។ ឆ្នាំ ២០១៧ មាម​ប្រជាពលរដ្ឋ​ជាង​បួន​លាន នាក់​ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា ។ រដ្ឋធានី​គឺ​ទីក្រុង ជី​ស៊ី​ណូ ភាសាផ្លូវការ​គឺ​ភាសា រ៉ូ​ម៉ា​នី ។​
​ ​
​ប្រវត្តិសាស្ត្រ
​ដើម្បី​បញ្ចប់សង្គ្រាម​រវាង រុស្ស៊ី និង អូ​តូ​ម៉​ង់ (​បច្ចុប្បន្ន ទួ​ក​គី​) នៅក្នុង​សន្ធិសញ្ញា​ទីក្រុង ប៊ុ​យ​ការ៉េ​ស ឆ្នាំ ១៨១២ អ​តូ​ម៉​ង់ បាន​កាត់​ទឹកដី​ភាគ​ខាងកើត​របស់ ម៉ុ​ល​ដី​វី ស្រប​ជាមួយនឹង​តំបន់ Khotyn និង តំបន់ Bessarabia ទៅឱ្យ រុស្ស៊ី ធ្វើជា​ខេត្ត​របស់ រុស្ស៊ី ហើយ​រុស្ស៊ី​បានដាក់​ឈ្មោះ​ខេត្ត​ថ្មី​របស់​ខ្លួ​នោះ​ថា ខេត្ត Oblast នៃ ម៉ុ​ល​ដូ​វី និង បេ​ស្សា​រ៉ា​ប៊ី ។ នៅ​ឆ្នាំ ១៨៥៩ តំបន់​ភាគ​ខាងលិច នៃ ម៉ុ​ល​ដូ​វី បាន​រួបរួម​បញ្ចូល​ជាមួយ​អាណាចក្រ រ៉ូ​ម៉ា​នី ។​

​សន្ធិសញ្ញា​ក្រុង ប៉ារីស ១៨៥៦ បានប្រគល់​តំបន់ Bessarabia តំបន់ Bolgrad និង តំបន់ Ismail ទៅឱ្យ ម៉ុ​ល​ដូ​វី វិញ ។ ប៉ុន្តែ​សន្ធិសញ្ញា ក្រុង ប៊ែ​កឡាំង ឆ្នាំ ១៨៧៨ ព្រះរាជាណាចក្រ រ៉ូ​ម៉ា​នី ត្រូវបាន​មហាអំណាច អង់គ្លេស អូ​ទ្រី​-​ហុង​គ្រី បារាំង អាល្លឺម៉ង់ អ៊ីតាលី រុស្ស៊ី និង អូ​តូ​ម៉​ង់ បង្ខំ​ឱ្យ​ផ្ទេរ​តំបន់​ទាំងនោះ​ទៅឱ្យ រុស្ស៊ី ។​

ឯករាជ្យ​លើក​ទី ១ រួបរួម​ជាមួយ រ៉ូ​ម៉ា​នី
​បដិវត្តន៍ រុស្ស៊ី បាន​ផ្ទុះឡើង​នៅ​ឆ្នាំ ១៩១៧ ធ្វើឱ្យ​អំណាច​នៅ រុស្ស៊ី មាន​ភាពវឹកវរ (​រហូត​ដួលរលំ​របប​រាជា និយម​ជំនួស​ដោយ​កុ​ម្មុយ​និ​ស្ត ) ។ សភាព​តំបន់ Bessarabia ត្រូវបាន​ជ្រើសតាំងឡើង​នៅ​ខែ តុលា ដល់​ខែ វិច្ឆិកា ឆ្នាំ ១៩១៧ ដោយ​ឱ្យ​ឈ្មោះថា សភាជាតិ ។ សភាជាតិ នេះ​បានប្រកាស​តំបន់​ទាំងនោះ ថា​ជា សាធារណរដ្ឋ ប្រជាធិបតេយ្យ ម៉ុ​ល​ដូ​វី ក្នុង​ក្របខណ្ឌ សហព័ន្ធ រដ្ឋ រុស្ស៊ី ហើយ​បាន​បង្កើត​រដ្ឋាភិបាល​នៅ​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ១៩១៧ ។
​ ​
​តាម​សំណើ​របស់​ក្រុម​ប្រឹក្សាជាតិ ម៉ុ​ល​ដូ​វី កងទ័ព បារាំង និង កងទ័ព រ៉ូ​ម៉ា​នី បានបង្ហាញ​ខ្លួន​នៅ​តំបន់ Bessarabia នោះ​តាំងពី​ខែ មករា ឆ្នាំ ១៩១៧ ដដែល​នោះមក​ម្ល៉េះ ។ ដោយ​ទទួលបាន​ជំនួយ​យោធា​ទាំងពីរ​នេះ នៅ​ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ១៩១៨ រដ្ឋាភិបាល Bessarabia បានប្រកាស​ឯករាជ្យរ​បស់​ខ្លួន​ពី រុស្ស៊ី ។​
​ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ១៩១៨ សភាជាតិ បានសម្រេច​ចិត្ត​តាមរយៈ​ការបោះឆ្នោត​៨៦​សំលេង ក្នុងនោះ​មាន ៣ សំលេង​ប្រឆាំង និង ៣៦ សំលេង អនុប្បវាទ ក្នុងការ​រួប​ជាមួយ​ព្រះរាជាណាចក្រ រ៉ូ​ម៉ា​នី ។ ការរួបរួម​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​សម្ព័ន្ធ​មហាអំណាច (​ក្រុម​ប្រទេស​មហាអំណាច​ដែល​ប្រឆាំងនឹង​ក្រុម​សម្ព័ន្ធ ប្រទេស​មហាអំណាច​កណ្តាល​នៅក្នុង​សង្គ្រាមលោកលើកទី ១ មាន​អង់គ្លេស បារាំង អ៊ីតាលី និង ជប៉ុន​) នៅក្នុង​សន្ធិសញ្ញា​ក្រុង ប៉ារីស កាលពី​ឆ្នាំ ១៩២០ ។

​ប៉ុន្តែ មហាអំណាច សូ​វៀត មិន​ទទួលស្គាល់​សិទ្ធិ​របស់ រ៉ូ​ម៉ា​នី ក្នុងការ​កាន់កាប់​លើ​តំបន់ Bessarabia ឡើយ ហើយ​ក្រោយមក​បាន​អះអាងថា ជា​តំបន់​កាន់កាប់​របស់ខ្លួន (​សូ​វៀត​) ។ ដោយហេតុនេះ ឆ្នាំ ១៩២៤ សាធារណរដ្ឋ សង្គមនិយម ម៉ុ​ល​ដូ​វី ស្វ័យ​ត សូ​វៀត ត្រូវបាន​បង្កើតឡើង​ពី អ៊ុយ​ក្រែ​ន ។ មុន​ការ​ផ្ទុះឡើង បន្តិច នៃ សង្គ្រាមលោកលើកទី ២ ណា​ស៊ី អាល្លឺម៉ង់ និង សហភាព សូ​វៀត បាន​លួច​ចុះ​កតិកាសញ្ញា ជាមួយគ្នា​មួយ​កាលពី​ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ១៩៣៩ នាទី​ក្រុង ម៉ូស្គូ​ឈ្មោះថា កតិកាសញ្ញា Molotov–Ribbentrop ។ កតិកាសញ្ញា នេះ មហាអំណាច​ទាំងពីរ​បាន​សន្យាថា មិន​បៀតបៀន​គ្នា​ទៅវិញទៅមក មិន​ចូលបក្ស​សម្ព័ន្ធ​ណាមួយ ទាំង​មិន​ផ្តល់ជំនួយ​ទៅ​បក្សសម្ព័ន្ធ​ណាមួយ ។ នៅក្នុង​កតិកា​នេះ សហភាព សូ​វៀត បានប្រគល់​ទឹកដី​ប្រទេស រ៉ូ​ម៉ា​នី (​ដែល​រួមទាំង ម៉ុ​ល​ដូ​វី ផង​) ប៉ូឡូញ លី​ទុយ​អា​នី ឡេ​តូ​នី អេ​ស្តូ​នី និង ហ្វាំ​ង​ឡង់ ទៅឱ្យ អាល្លឺម៉ង់ ហើយ សូ​វៀត ទទួលបាន​ផលប្រយោជន៍ វប្បធម៌ សេដ្ឋកិច្ច កងទ័ព និង នយោបាយ​នៅក្នុង​ទឹកដី​ប្រទេស​ទាំងនេះ ពោលគឺ​មហាអំណាច​ទាំងពីរ បាន​យក​ទឹកដី​ប្រទេស​ទាំងនេះ ចែកគ្នា​រួចរាល់​ហើយ ។​

​ដោយហេតុ​នោះ នៅ​ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៩៣៩ ណា​ស៊ី អាល្លឺម៉ង់ បាន​ចូល​ឈ្លានពាន ប៉ូឡូញ ។ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៤០ សហភាព សូ​វៀត បានដាក់​ឱ​សា​នុ​វាទ ដល់ រ៉ូ​ម៉ា​នី ឱ្យ​ប្រគល់ តំបន់ Bessarabia និង តំបន់ Bukovina ទៅឱ្យ​ខ្លួន (​សូ​វៀត​) ពុំ​នោះទេ​នឹងត្រូវ​ចូលលុកលុយ​ប្រទេស រ៉ូ​ម៉ា​នី ទាំងស្រុង​។
​ដោយ​មិន​ចង់​បង្ហូរឈាម ព្រោះ​ដឹងថា​មិនអាច​ទប់ទល់​នឹង​កង​ទ័ព​សូ​វៀត ដ៏​ដូច​ដំរីចុះប្រេង រ៉ូ​ម៉ា​នី ក៏​សុខចិត្ត​ដកទ័ព​ចេញពី​តំបន់​នោះ ហើយ​កងទ័ព​ក្រហម របស់ សហភាព សូ​វៀត បាន​ចូល​កាន់កាប់​តំបន់ ខាងលើ​នៅ​ថ្ងៃទី ២៨ ខែ និង ឆ្នាំ ដដែល ហើយ បានដាក់​បញ្ចូល​តំបន់​ទាំងនេះ​បង្កើតជា សាធារណរដ្ឋ សង្គមនិយម ម៉ុ​ល​ដូ​វី សូ​វៀត នៅ​ថ្ងៃទី ២ ខែ សីហា ឆ្នាំ ១៩៤០ ។​

​នៅ​ឆ្នាំ ១៩៤៦ មាន​គ្រោះរាំងស្ងួត​ដ៏​ធ្ងន់ធ្ងរ​នៅ សហ​ភា សូ​វៀត បណ្តាលឱ្យមាន​គ្រោះ​ទុ​រ្ភឹ​ក្ស ។ សហភាព សូ​វៀត បានដាក់​កាតព្វកិច្ច​យ៉ាងធ្ងន់ធ្ងរ ទៅលើ​តំបន់ ម៉ុ​ល​ដូ​វី បណ្តាលឱ្យមាន​ចលនា ប្រឆាំង​សូ​វៀត​នៅ ក្នុង​តំបន់ ម៉ុ​ល​ដូ​វី បានកើត​ឡើង ប៉ុន្តែ​ត្រូវបាន​បង្ក្រាប ។ ក៏មាន​ចលនា​ដើម្បី​ឯករាជ្យ ម៉ុ​ល​ដូ​វី ជាច្រើន​ទៀត បានកើត​ឡើង ហើយក៏​ត្រូវបាន​បង្ក្រាប​យ៉ាងធ្ងន់ធ្ងរ ហើយ ម៉ុ​ល​ដូ​វី ក៏​បន្ត​ស្ថិតនៅក្រោម​ភាពជា​ផ្នែក​មួយ នៃ សហភាព សូ​វៀត ដដែល ។

​នៅ​អំឡុង​ទសវត្សរ៍ ឆ្នាំ ១៩៨០ នៅ​សហភាព សូ​វៀត ស្ថានភាព​នយោបាយ​មាន​ភាពច្របូកច្របល់ បន្ទាន់​ពី​មានការ​បង្កើត​ទ្រិ​ស្តី glasnost និង perestroika ( បើកចំហរ និង កំណែទម្រង់ ) ។ ពេលនោះ ចលនា ប្រជាធិបតេយ្យ ម៉ុ​ល​ដូ​វី ត្រូវបាន​បង្កើតឡើង ។ ចាប់ពីពេលនោះ ម៉ុ​ល​ដូ​វី​បានចាប់ផ្តើម​ធ្វើ ដំណើរ​ឆ្ពោះទៅរក​ឯករាជភាព ។

​ឯករាជ្យ​ពិតប្រាកដ​
​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ដើម្បី​ជ្រើសតាំង​សភា មូលដ្ឋាន ត្រូវបាន​ប្រារព្ធ​លើកដំបូង​នៅ ខែ កុម្ភៈ និង ខែ មីនា ឆ្នាំ ១៩៩០ ។ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩០ នោះ សភា មូលដ្ឋាន បានអនុម័ត​ទទួលស្គាល់​នូវ សេចក្តីប្រកាស អធិបតេយ្យភាព នៃ សាធារណរដ្ឋ សង្គមនិយម ម៉ុ​ល​ដូ​វី សូ​វៀត ហើយ​សង្កត់​ច្បាស់​ថា ច្បាប់​របស់ ម៉ុ​ល​ដូ​វី មាន​វិសាលភាព​គ្របដណ្តប់​លើ​រាល់​ច្បាប់​ទាំងឡាយណា​របស់ សហភាព សូ​វៀត ។​
​ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ១៩៩០ (​ដល់​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៩១) លោក មី​កា​អែល ហ្គ​បា​ឆូវ បាន​ឡើងកាន់ តំណែង​ជា​ប្រធានាធិបតី នៃ សហភាព សូ​វៀត បានធ្វើ​វិមជ្ឈការ​អំណាចរដ្ឋាភិបាល យ៉ាងច្រើន​ទៅ ឱ្យ​សាធារណៈ ។ ប្រការនេះ​បណ្តាលឱ្យមាន​ការមិនសប្បាយចិត្ត និង​បារម្ភ​ជាខ្លាំង​ក្នុងចំណោម សមា​ជិ​កម្មាភិបាល​បក្ស​កុ​ម្មុយ​និ​ស្ត សហភាព សូ​វៀត ។ ខែ សីហា ឆ្នាំ ១៩៩១ មាន​រដ្ឋប្រហារ​មួយ​ត្រូវបាន គ្រោង​នឹងធ្វើ​ឡើង​ដើម្បី​ដកហូត​លោក ប្រធានាធិបតី​ចេញពី​តំណែង ។ ប៉ុន្តែ​គម្រោង​នោះ​ត្រូវបាន​ធ្វើឱ្យ​បរាជ័យ ។ ដោយហេតុនេះ កម្មវិធី​ការងារ​របស់លោក មី​កា​អែល ហ្គោ​បា​ឆូវ នៃ ការធ្វើ​វិមជ្ឈការ​អំណាច​នៅតែ​បន្ត ។ ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ១៩៩១ នោះ ម៉ុ​ល​ដី​វី បានប្រកាស​ឯករាជភាព​របស់ខ្លួន​ពី​សហភាព សូ​វៀត ហើយ​ត្រូវបាន​ទ​ទូល​ស្គាល់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៩១ ដដែល​នោះ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

​ក្បួនព្យុហយាត្រា​កងទ័ព ម៉ុ​ល​ដូ​វី នៅ​ទិវា​ឯករាជ្យ​ជាតិ (​ម៉ុ​ល​ដូ​វី ១)
​ទីក្រុង ជី​ស៊ី​ណូ នៃ សាធារណរដ្ឋ ម៉ុ​ល​ដូ​វី (​ម៉ុ​ល​ដូ​វី ១)