ទិវា​ឯករាជ្យ​ជាតិ ម៉ូ​សំ​ប៊ិក​

1241
ចែករម្លែក

(ភ្នំពេញ)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ូ​សំ​ប៊ិក ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ​នៅ​ថ្ងៃទី ២៥ ខែ មិថុនា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ពួកគេ​ទទួលបាន​ឯករាជ្យ​ពី ព័រទុយហ្កាល់ កាលពី ឆ្នាំ ១៩៧៥ ប៉ុន្តែ​ជា​អ​កុស​សល ទោះជា​ពួកគេ​បាន​ឯករាជ្យ​ហើយ ក៏​ប្រទេសជាតិ​មិនបាន​សុខសាន្ត​ដែរ​គឺ​នៅមាន​សង្គ្រាមស៊ីវិល ដោយសារតែ​ការ​បញ្ឆេះ​របស់ អាមេរិក រហូតដល់​ឆ្នាំ ១៩៩៤ ទើប​ប្រទេសជាតិ​មាន​ស្ថេរភាព ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ម៉ូ​សំ​ប៊ិក មាន​ផ្ទៃដី ៨០១.៥៩០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ ភាគ​អាគ្នេយ៍ នៃ ទ្វីបអាហ្វ្រិក មាន​ព្រំដែន​ជាប់​មហាសមុទ្ទ ឥណ្ឌា ប្រទេស តង់​ហ្សា​នី ម៉ាឡាវី ហ្សាំ​ប៊ី ហ្ស៊ី​ម​បាប់​វ៉េ និង អាហ្វ្រិក​ខាង ត្បូង ។ នៅ​ដើមឆ្នាំ ២០១៧ មាន​ប្រជាពលរដ្ឋ​ជាង ២៨ លាន​នាក់ ភាគច្រើន​ជា​ជន​ស្បែក​ខ្មៅ និង ជា​អ្នក​កាន់​គ្រិស្តសាសនា ភាសាផ្លូវការ គឹ​ភាសា ព័រទុយហ្កាល់ រដ្ឋធានី​គឺ​ទីក្រុង ម៉ា​ពុ​យ​តូ ។​

ប្រ​វ​តិ្ត​សាស្ត្រ​
​គិត​ត្រឹម​ឆ្នាំ ១៤៩៨ តំបន់​ដែលជា​ប្រទេស ម៉ូ​សំ​ប៊ិក សព្វថ្ងៃនេះ គឺជា​ដែនដី​របស់​ពួក​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ហើយ​ត្រួតត្រា​ដោយ​ពួក ស៊ុ​លត​ង់ ។ នៅ​ឆ្នាំ ១៤៩៨ នោះ អ្នករុករក ជនជាតិ ព័រទុយហ្កាល់ ឈ្មោះ វ៉ា​ស្កូ ដា ហ្កា​ម៉ា បាន​ទៅដល់​តំបន់​នោះ ។ ភាពសម្បូររុងរឿង នៃ តំបន់​នោះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពួក​ជនជាតិ ព័រទុយហ្កាល់ ។ ជនជាតិ ព័រទុយហ្កាល់ ដណ្តើមបាន​ការត្រួតត្រា​កោះ ម៉ូ​សំ​ប៊ិក និង កំពង់ផែ នៃ ទីក្រុង សូ​ហ្វា​ឡា នៅ​ដើម​សតវត្សរ៍​ទី ១៦ ។​

​នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៥៣០ ក្រុម​តូចៗ នៃ ឈ្មួញ និង ពួក​ព្យា​ការី ជនជាតិ ព័រទុយហ្កាល់ ដែល​កំពុង​ស្វះស្វែងរ​កមាស បាន​ជ្រៀត​ចូលទៅ​តំបន់​នានា នៃ ដែនដី ម៉ូ​សំ​ប៊ិក និង បាន​បង្កើត​បន្ទាយ​កង​ទ័ព​ប្រចាំការ និង ទីចាត់ការ​ពាណិជ្ជកម្ម ហើយ​ក៏បាន​ព្យាយាម​ដណ្តើម​កាន់កាប់​ទាំងស្រុង​តែម្នាក់ឯង​ទៅលើ​ជំនួញ​មាស​នៅ​តំបន់​នោះ ។ ​ទោះយ៉ាងណា អំណាច ពិតប្រាកដ​របស់ ព័រទុយហ្កាល់ នៅ​តំបន់​នោះ មិនបាន​សម្រេច​ដូច​បំណង​ទាំងស្រុង​ទេ គឺ​គ្រាន់តែ​អាច​ត្រួតត្រា​បាន​ច្រើន​បំផុត​នៃ​ពាណិជ្ជកម្ម​ចាប់ពី​ឆ្នាំ ១៥០០-១៧០០ ។

​ទាសកម្មករ ត្រូវបាន​គេ​ធ្វើ​ជំនួញ​យ៉ាង​គគ្រឹកគគ្រេង ដោយ​មេកន្ទ្រាញ អាហ្វ្រិក មូ​ស្ល៊ី​ម អារ៉ាប់ ព័រទុយហ្កាល់ និង ពួក អឺរ៉ុប ផ្សេងទៀត រហូតដល់​ចុង​សតវត្សរ៍​ទី ១៩ ទើប​ត្រូវបាន​លប់បំបាត់​ដោយ​ច្បាប់ ។

​អំឡុង​សតវត្សរ៍​ទី ១៩ មហាអំណាច​នានា​នៅ​អឺរ៉ុប ជាពិសេស ចក្រភព អង់គ្លេស ( តាមរយៈ​ក្រុមហ៊ុន British South Africa Company) និង បារាំង ក៏បាន​ចូលខ្លួន​ទៅ​ពាក់ព័ន្ធ​ច្រើនឡើងៗ ក្នុង​វិស័យ​ពាណិជ្ជកម្ម និង នយោបាយ នៅ​តំបន់ East African របស់ ព័រទុយហ្កាល់ ។​

​នៅ​ដើម​សតវត្សរ៍​ទៅ ២០ ព័រទុយហ្កាល់ បាន​លើក​កិច្ចការរដ្ឋបាល​ច្រើនឡើងៗ​ទៅឱ្យ​ក្រុមហ៊ុន​ឯកជន ដូចជា ក្រុមហ៊ុន Mozambique Company, Zambezia Company និង ក្រុមហ៊ុន Niassa Company ជាដើម ដែលជា​ក្រុមហ៊ុន​ក្រោម​ការត្រួតត្រា​របស់ ចក្រភព​អង់គ្លេស ។

​នៅ​ឆ្នាំ ១៩៥១ ព័រទុយហ្កាល់ បានកំណត់​ច្បាប់​ថា ដែនដី​ដែល​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ខ្លួន (​ព័រទុយហ្កាល់​) នៅឯ​នាយ​សមុទ្ទ គឺជា អាណាខេត្ត ឯនាយ​សមុទ្ទ របស់ ព័រទុយហ្កាល់ ។ ប្រការនេះ​បានសេចក្តីថា ដែនដី ម៉ូ​ហ្សាំ​ប៊ិក បាន​ក្លាយជា អាណាខេត្ត ឯនាយ​សមុទ្ទ របស់ ព័រទុយហ្កាល់ ចាប់ពី​ឆ្នាំ ១៩៥១ នោះឯង ។

​សង្គ្រាម​ដើម្បី​ឯករាជ្យ​
​មនុស្ស​ភាគច្រើន​នៅ ម៉ូ​សំ​ប៊ិក ជាពិសេស​ពួក​ស្បែក​ខ្មៅ​ដែលជា​ចំនួន​ភាគច្រើន​នោះ ទទួលបាន​ឱកាស ឬ ធនធាន​តិចតួច​បំផុត​ក្នុង​ការបង្កើន​ជំនាញ និង ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​របស់​ពួកគេ​បើ​ធៀប​ទៅនឹង​ពួក ព័រទុយហ្កាល់ (​នៅ ម៉ូ​សំ​ប៊ិក​) ឬ ពួក​ស្បែក ស ដែលជា​ចំនួន​ភាគតិច ។ គម្លាត​គ្នា ឬ អតុល្យភាព ឬ ភាពអយុត្តិធម៌ ទាំង​នេះឯង បណ្តាលឱ្យមាន ជនជាតិ ម៉ូ​សំ​ប៊ិក ជាច្រើន​កើត​ទោមនស្ស​ខ្លាំង​ឡើងៗ​ចំពោះ​អាណានិគម ព័រទុយហ្កាល់ និង មានគំនិត​ចង់បាន​ឯករាជភាព​របស់​ពួកគេ ។​

​ខណៈដែល​មនោគមវិជ្ជា​កុ​ម្មុយ​និ​ស្ត និង មនោ​គម​វិ​ជ្ចា​ប្រឆាំងនឹង​អាណានិគមនិយម​បាន​រីក​សាយភាយ​ពាសពេញ អាហ្វ្រិក មក មាន​ចលនា​សម្ងាត់ និង ក្រុម​ឧទ្ទាម​សម្ងាត់​ជាច្រើន​ត្រូវបាន​បង្កើតឡើង​ដើម្បី​គាំទ្រ​ដល់​ឯករាជភាព​របស់​ប្រជាពលរដ្ឋ ម៉ូ​សំ​ប៊ិក​។ រណ​សិ​រ្យ ដើម្បី សេរីភាព ម៉ូ​សំ​ប៊ិក ហៅ​កាត់​ថា FRELIMO បាន​បង្កើត​យុទ្ធនាការ​ប្រឆាំងនឹង​ការត្រួតត្រា​របស់ ព័រទុយហ្កាល់ នៅលើ​ទឹកដី ម៉ូ​សំ​ប៊ិក នៅ ខែ តុលា ឆ្នាំ ១៩៦៤ ។ ក្រុម​នេះ បាន​កើតឡើង​ស្របគ្នា​ជាមួយនឹង​ក្រុមប្រឆាំង ព័រទុយហ្កាល់ នៅ អង់​ហ្កូ​ឡា និង ហ្គី​ណេ ដែល​បាន​កើតមាន​តាំងពី​ឆ្នាំ ១៩៦១ មក​ស្រាប់​ហើយ បាន​ក្លាយជា​ផ្នែក​មួយ នៃ សង្គ្រាម អាណានិគម ព័រទុយហ្កាល់ (​ពី​ឆ្នាំ ១៩៦១-១៩៧៤ ) ។​

​នៅក្នុង​យុទ្ធនាការ​ទាំងនេះ អាណានិគម​ព័រទុយហ្កាល់ អាច​ត្រួតត្រា​បាន​ភាគ​ច្រើ​នៅ​ទីប្រជុំជន ចំណែក​ក្រុម​រណ​សិ​រ្យ FRELIMO ត្រួតត្រា​បាន​ភាគច្រើន​នៅ​តំបន់​ជនបទ និង តំបន់​កុលសម្ព័ន្ធ ។​

ទទួលបាន​ឯករាជភាព​
​នៅឯ​ប្រទេស ព័រទុយហ្កាល់ ឯណោះ បាន​កើតមាន​រដ្ឋប្រហា​រ​យោធា​មួយ​នៅ​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ១៩៧៤ បាន​ផ្តួលរំលំ​រដ្ឋាភិបាល ព័រទុយហ្កាល់ ហើយ​ជំនួស​ដោយ​រដ្ឋាភិបាល ឆ្វេងនិយម ។ ការដួលរលំ​អំណាចកណ្តាល នៃ អាណានិគម ព័រទុយហ្កាល់ នោះ គឺជា​ឱកាស​ដែល​ក្រុម​រណ​សិ​រ្យ FRELIMO ដណ្តើម​កាន់កាប់​ដែនដី ម៉ូ​សំ​ប៊ិក បាន​ទាំងស្រុង ហើយ ម៉ូ​សំ​ប៊ិក ក៏​ទទួលបាន​ឯករាជភាព​របស់ខ្លួន​ពី ព័រទុយហ្កាល់ នៅ​ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ១៩៧៥ ។

ប៉ុន្តែ​ប្រទេស ម៉ូ​សំ​ប៊ិក នៅតែ​មិនទាន់បាន​សុខសន្តិភាព​នៅឡើយ ។ ក្រុម​មួយ​ឈ្មោះ​ហៅ​កាត់​ថា RENAMO គាំទ្រ​ដោយ CIA អាមេរិក បាន​ក្រោក​ប្រឆាំងនឹង​រដ្ឋាភិបាល រណ​សិ​រ្យ FRELIMO ក៏​បណ្តាលឱ្យ​កើតជា​សង្គ្រាមស៊ីវិល​ចាប់ពី​ឆ្នាំ ១៩៧៥ រហូតដល់​ឆ្នាំ ១៩៩២ ដែល​អាច​និយាយ​ម្យ៉ាង​ទៀតថា គឺ​អាមេរិក ជា​អ្នក​បញ្ឆេះ​បញ្ឆួល​សង្គ្រាម​នៅ ម៉ូ​សំ​ប៊ិក ។​

ឆ្នាំ ១៩៩៤ ម៉ូ​សំ​ប៊ិក បានរៀបចំ​ការបោះឆ្នោត ហើយ​ក្រុម​រណ​សិ​រ្យ FRELIMO បានឈ្នះ​ឆ្នោត ក្រុម​ចលនា RENAMO ក៏បាន​ក្លាយជា​បក្សប្រឆាំង ៕ ​ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ក្បួនព្យុហយាត្រា​កងទ័ព ម៉ូ​សំ​ប៊ិក នៅ​ទិវា​ឯករាជ្យ​ជាតិ នា​ឆ្នាំ ១៩៧៥ (​ម៉ូ​ហ្សាំ​ប៊ិក ១)
ទីក្រុង​ម៉ា​ពូ​តូ នៃ សាធារណរដ្ឋ ម៉ូ​សំ​ប៊ិក (​ម៉ា​ពូ​តូ​)