ទិវា​ឯករាជ្យ​ជាតិ លី​បង់​

173
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ លី​បង់ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ បញ្ចប់​ការត្រួតត្រា​របស់​បារាំង បន្ទាប់ ប្រទេស​នេះ បាន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ បារាំង អស់​រយៈពេល ២៣ ឆ្នាំ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
សាធារណរដ្ឋ​លី​បង់ មាន​ផ្ទៃដី ១០.៤៥២ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ភាគ​ខាងលិច នៃ ទ្វីបអាស៊ី មាន​ព្រំដែន​ជាប់​ប្រទេស​ស៊ី​រី អ៊ីស្រាអែល ស៊ី​ប និង​សមុទ្ទ​ម៉េ​ឌី​ទែ​រ៉ា​ណេ ។ ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ ជាង ៥ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ។ ភាសាផ្លូវការ គឺ​ភាសា​អារ៉ាប់ រដ្ឋធានី​គឺ​ទីក្រុង​បេ​រូត ។​

ប្រវត្តិសាស្ត្រ​
គិត​ត្រឹម​សតវត្សរ៍​ទី​៤ តំបន់​ដែលជា​ប្រទេស​លី​បង់ បច្ចុប្បន្ននេះ គឺជា​ទឹកដី​របស់​អាណាចក្រ ប៊ី​ហ្សាំ​ង​តាំង ដែលជា​រដ្ឋ​ដ៏​ធំ​មួយ នៃ​ចក្រភព​រ៉ូ​ម៉ាំង ហើយ​ដែនដី​នេះ បាន​ក្លាយជា​មណ្ឌល ដ៏​ធំ​មួយ នៃ​គ្រិស្ត​សាសនិក ។ នៅក្នុង​សម័យ​សង្គ្រាម រ៉ូ​ម៉ាំង​-​ពែ​ក ទឹកដី​នេះ ត្រូវបាន​ត្រួតត្រា ដោយ​ពួក​ជនជាតិ ពែ​ក សា​សានី ( អ៊ីរ៉ង់ ) ពី​ឆ្នាំ ៦១៩ រហូតដល់​ឆ្នាំ ៦២៩ ។

​ឆ្នាំ​៦៣៤ ( ដល់​ឆ្នាំ​៦៣៨ ) ពួក​អារ៉ាប់ មូ​ស្ល៊ី​ម បាន​ឈ្លានពាន​តំបន់ Levant (​បច្ចុប្បន្ន​ប្រទេស ប៉ា​ឡេ​ស្ទី​ន ស៊ី​រី ហ្ស​ក​ដង់ លី​បង់ និង អ៊ីស្រាអែល ) ពី ប៊ី​ហ្សាំ​ង​តាំង ។ ដូច្នេះ សាសនា អ៊ិ​ស្លាម និង ភាសា​អារ៉ាប់ បាន​ត្រូវ​សាបព្រោះ និង មាន​ឥទ្ធិពល​នៅ​តំបន់​នោះ ។​
​ ​
អំឡុង​សតវត្សរ៍​ទី ១១ និកាយ​សាសនា​អ៊ិ​ស្លាម ឈ្មោះ Druze បាន​បង្កើតឡើង ដោយ​ការ បែក​ចេញពី​និកាយ Shia ។ និកាយ Druze ទទួលបាន​អ្នក​ស្មោះស្ម័គ្រ​នៅ​តំបន់​ភាគ​ខាង ត្បូង​ភ្នំ Lebanon ។ ចំណែក​តំបន់​ខាងជើង​ភ្នំ Lebanon ត្រួតត្រា​ដោយ​ពួក​ត្រកូល​សក្តិភូមិ Druze រហូតដល់​សតវត្សរ៍​ទី ១៤ ទើបត្រូវ​បានបញ្ចប់ តាមរយៈ​ការឈ្លានពាន​របស់​ពួក​រាជវង្ស Mamluk ។ ពួក Mamluk ចែក​ទឹកដី​គ្នា​ត្រួតត្រា តំបន់​នោះ​ជាមួយ​ចក្រភព​អូ​តូ​ម៉​ង់ (​តួ​ក​គី​) ។ ចំណែក​រាជធានី​សំខាន់​ចំនួន​ពីរ នៅតាម​ឆ្នេរ​សមុទ្ទ គឺ​ទីក្រុង Acre និង ទីក្រុង​បេ​រូត​ត្រួតត្រា ផ្ទាល់​ដោយ​ព្រះ​ចៅ កាលី​ហ្វ មូស្លីម ហើយ​វប្បធម៌ អារ៉ាប់​បាន​ទាក់ទាញ​មនុស្ស​ច្រើន​ទៅៗ ។ ចាប់ពី​សតវត្សរ៍​ទី ១១ ទៅ មាន​សង្គ្រាម​យ៉ាង​អូសបន្លាយ​រវាង​ពួក មូស្លីម និង គ្រិស្ត រ៉ូ​ម៉ាំង ។

លី​បង់ អូ​តូ​ម៉​ង់
អំឡុង​ពេលនោះ ទឹកដី លី​បង់ ត្រូវបាន​បែងចែក​ទៅជា​ច្រើន​ខេត្ត គឺ ភាគ​ខាងជើង និង ខាងត្បូង ភ្នំ Lebanon គឺ​ខេត្ត Tripoli ខេត្ត Baalbek និង ជ្រលង​ភ្នំ Beqaa និង Jabal Ame ។ នៅ​ភាគខាងត្បូង​ភ្នំ Lebanon លោក Fakhreddine បាន​ឡើង​ស្នង​អំណាច​នៅ​ឆ្នាំ ១៥៩០ ហើយ​បង្កើត​រដ្ឋបាល​ស្វយ័ត នៅ​តំបន់ Lebanon ក្រោម​អំណាច​របស់ ចក្រភព អូ​តូ​ម៉​ង់ ។ គាត់​ត្រូវបាន​អូ​តូ​ម៉​ង់ តែងតាំង​ជា​អភិបាលខេត្ត ជា​ចំណុះ​ច្រើន​របស់​អូ​តូ​ម៉​ង់ ទទួលបន្ទុក ប្រមូល​ពន្ធ ។ គាត់​ក៏បាន​ពង្រីក​ដែន​គ្រប់គ្រង​របស់គាត់​បន្ថែ​ម​ទៀត ទៅ​តំបន់​តូចៗ នៃ តំបន់ភ្នំ Lebanon ទៅ​តំបន់ឆ្នេរ​សមុទ្ទ ថែមទាំង​បាន​បង្កើត​បន្ទាយទ័ព​ទៀតផង ។

​ទង្វើ​របស់លោក Fakhreddine ធ្វើឱ្យ​អូ​តូ​ម៉​ង់ ទោមនស្ស ហើយ​ចោទថា គាត់​កំពុង​រៀបចំ ផែនការ​បំបះបំបោរ​ផ្តាច់ខ្លួន​ចេញពី អូ​តូ​ម៉​ង់ ។ ហេតុនេះ នៅ​ឆ្នាំ ១៦៣៣ អូ​តូ​ម៉​ង់ បាន​បញ្ជូន មនុស្ស​ទៅ​ចាប់ខ្លួន​គាត់ និង កូនប្រុស​ម្នាក់ ទៅ​ដាក់គុក ២ ឆ្នាំ ទើប​កាត់ទោស​ប្រហារជីវិត នៅ​ខែ មេសា ឆ្នាំ ១៦៣៥ ។ សមាជិកគ្រួសារ Fakhreddine ដែល​នៅរស់​រាន ត្រូវបាន​អូ​តូ​ម៉​ង់ អោយ​បន្ត​គ្រប់គ្រង​ការងារ​របស់គាត់ រហូតដល់​ដាច់​សតវត្សរ៍​ទី​១៧ ប៉ុន្តែ​តំបន់​គ្រប់គ្រង ត្រូវបាន​កាត់បន្ថយ​នៅ​តិច​។​

ធ្លាក់​ក្នុង​អាណត្តិ គ្រប់គ្រង​របស់​បារាំង​
កុលសម្ព័ន្ធ Shihab បាន​គ្រប់គ្រង​តំបន់ភ្នំ Lebanon រហូតដល់​ឆ្នាំ ១៨៣០ ។ ពួក​អ្នក​កាន់ សាសនា​អិស្លាម និង​ពួក​អ្នក​កាន់សាសនា​គ្រិស្ត មានទំនាស់​គ្នា​ជាខ្លាំង ឈាន ដល់​កើត​អំពើ ហិង្សា នៅតាម​ឃុំ​នានា នៅ​ឆ្នាំ​១៨៦០ ដោយ​ពួក​គ្រិ​ស្ទា​ន ប្រមាណ ជា ១ ម៉ឺន​នាក់ ត្រូវបាន សម្លាប់ ។ ការកាប់សម្លាប់​នេះ ត្រូវបាន​បញ្ឈប់​ដោយ​កិច្ច​អ​ន្តា​គម​ន៍​របស់​កងទ័ព​បារាំង​។

​គួរ​បញ្ជាក់ថា តាមរយៈ​សន្ធិសញ្ញា កាលពី​ឆ្នាំ​១៥២៣ បារាំង ( និង ពួក​អឺរ៉ុប​ផ្សេងទៀត ) បាន​បង្កើត​តួនាទី​មួយ​ហៅថា “ ការពារ​ជន​គ្រិ​ស្ទា​ន នៅក្នុង​ទឹកដី​ចក្រភព​អូ​តូ​ម៉​ង់ “ ។
​ ​
បន្ទាប់ពី​ការសម្លាប់​រង្គាល ទៅលើ​ជន​គ្រិ​ស្ទា​ន នៅក្នុង​ទឹកដី​ចក្រភព អូ​តូ​ម៉​ង់ កាលពី​ឆ្នាំ ១៨៦០ នោះមក នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​ដដែល​នោះ អូ​តូ​ម៉​ង់ ដោយ​មិនអាច​ប្រកែក​បាន ក៏បាន យល់ព្រម​ឱ្យ បញ្ជូន​កងទ័ព អឺរ៉ុប ១២.០០០ នាក់ ទៅ​តំបន់​កើតហេតុ ដើម្បី​គ្រប់គ្រង ស្ថានភាព ។ កងទ័ព​ទាំងនោះ ជា​របស់​បារាំង ប្រមាណ​ជា​ពាក់ កណ្តាល ទីទៃ​ពី​នោះ ជា​កងទ័ព​របស់ អូទ្រីស អង់គ្លេស ព្រុស និង រុស្ស៊ី ។ កិច្ចព្រម ព្រៀង​នៃ​ការបញ្ជូន​កងទ័ព នោះ ត្រូវបាន​ចុះហត្ថលេខា នាទី​ក្រុងប៉ារីស នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​១៨៦០ ។ លទ្ធផល​ដ៏ សំខាន់​មួយ នៃ​បេសកកម្ម​របស់ បារាំង គឺ​ការបង្កើត​តំបន់ភ្នំ Lebanon នៃ​ពួក​កុលសម្ព័ន្ធ Mutasarrifate ( ជា​ពួក​អ្នក​កាន់​គ្រិស្តសាសនា ) ស្វយ័ត​ដាច់​ពី ស៊ី​រី នៅ​ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ១៨៦១ ។
​ ​
តំបន់ Emirate of Mount Lebanon ដែលមាន​អាយុកាល ៤០០ ឆ្នាំ​មកហើយ ត្រូវបាន​ជំនួស ដោយ Mount Lebanon Mutasarrifate ដែលជា​អ្នក​គ្រិស្ត​និយម​វិញ​ម្តង ។ ចំណែក​ខេត្ត Baalbek និង ជ្រលង​ភ្នំ Beqaa និង Jabal Amel ត្រូវបាន​ត្រួតត្រា​ជា​ដុំៗ ដោយ​គ្រួសារ​សក្តិភូមិ នៃ និកាយ Shia ជាពិសេស​គ្រួសារ Al Ali Alsagheer នៅ​តំបន់ Jabal Amel ដែល​នៅ​កាន់ អំណាច​រហូតដល់​ឆ្នាំ​១៨៦៥ នៅពេលដែល​ចក្រភព អូ​តូ​ម៉​ង់ ចូលទៅ​គ្រប់គ្រង​តំបន់​នោះ ដោយផ្ទាល់ ។ អំឡុង​ពេលនេះ ជនជាតិ​និយម លី​បង់ ម្នាក់​ឈ្មោះ Youssef Bey Karam បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ទាមទារ​ឯកភាព​របស់ លី​បង់ ។

​សង្គ្រាមលោកលើកទី ១ បាន​ផ្ទុះឡើង​នៅ​ឆ្នាំ ១៩១៤ ( ដល់​ឆ្នាំ ១៩១៨ ) គឺជា​សង្គ្រាម​ដែល ដឹកនាំ​ដោយ​ក្រុម​ប្រទេស សម្ព័ន្ធ​មហាអំណាច ( រុស្ស៊ី អង់គ្លេស បារាំង និង អៀក​ឡង់​) ប្រឆាំង មហាអំណាច​កណ្តាល ( អាល្លឺម៉ង់ អូទ្រីស​-​ហុង​គ្រី និង អូ​តូ​ម៉​ង់ ) ។

​បន្ទាប់ពី​បរាជ័យ នៃ​ពួក​មហាអំណាច​កណ្តាល ក៏​នាំឱ្យមាន​សន្ធិសញ្ញា​ជា​បន្តបន្ទាប់​ក្នុងនោះ សន្ធិសញ្ញា​មួយ ឈ្មោះ​សន្ធិសញ្ញា Sèvres ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​១០ ខែ សីហា ឆ្នាំ​១៩២០ នា​ប្រទេស​បារាំង រវាង​មហាអំណាច​កណ្តាល ដែលជា​ភាគី​ចាញ់​សង្គ្រាម លោក​លើក​ទី​១ និ សម្ព័ន្ធ មហាអំណាច ដែលជា​អ្នកឈ្នះ​សង្គ្រាម ។​

​តាមរយៈ​សន្ធិសញ្ញា​មួយ​នេះ រដ្ឋ​មហា​លី​បង់ ត្រូវបាន​ប្រកាស​បង្កើត​ឡើង នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​១៩២០ ដាក់ឱ្យ​នៅក្រោម​ការគ្រប់គ្រង​របស់​សម្ព័ន្ធ​ប្រជាជាតិ ( គឹជា​អង្គការ​ពិភពលោក ប្រហាក់ប្រហែល​នឹង​អង្គការសហប្រជាជាតិ សព្វថ្ងៃ ហើយ​សម្ព័ន្ធ​ប្រជា ជាតិ នោះ​ហើយ ដែលជា​បុ​ព្វា​ធិ​ការី របស់​អង្គការសហប្រជាជាតិ​) ក្រោម​អាណត្តិ​គ្រប់គ្រង​របស់​បារាំង​។ តាមរយៈ​សន្ធិសញ្ញា​នោះឯង​ហើយ ដែល​បាន​ដកហូត លី​បង់ ( និង ស៊ី​រី ) ពី​ដៃ អូ​តូ​ម៉​ង់ ទម្លាក់​ទៅក្នុង​ដៃ​របស់ បារាំង វិញ ។​

​តំបន់ Mutasarrifate បូក​បន្ថែម​ដោយ​តំបន់​មួយចំនួន​នៅ​ជុំវិញ​នោះ ដែល​អ្នករស់នៅ​ទី ទាំងនោះ ភាគច្រើន​ជា​អ្នក​សាសនា​អ៊ិ​ស្លាម​និកាយ Shia និង និ​កា Sunni បាន​ក្លាយជា​ផ្នែក មួយ នៃ​រដ្ឋ​មហា​លី​បង់ គឺ​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​បារាំង​ផងដែរ ។ បន្ទាប់ពីនោះ មិនបាន​ប៉ុន្មាន​ផង ក៏មាន​សង្គ្រាម បារាំង​-​ស៊ី​រី ហើយ​ជោគជ័យ បាន​ធ្លាក់​ទៅខាង បារាំង ។​

​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​១៩២៦ បារាំង ប្រកាស​បង្កើត​សាធារណរដ្ឋ​លី​បង់​។ រដ្ឋធម្មនុញ្ញ ត្រូវបាន​អនុម័ត នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​នោះដែរ ។

អាណា​ពា្យ​បាល​បារាំងដួលរលំ​
សន្ធិសញ្ញា​បារាំង​-​លី​បង់ នា​ឆ្នាំ​១៩៣៦ បាន​សន្យាថា នឹង​ផ្តល់ឱ្យ​លី​បង់​នូវ​ឯករាជ្យភាព ពេញលេញ និង​សមាជិកភាព នៅក្នុង​សម្ព័ន្ធ​ប្រជាជាតិ ក្នុង​រយៈពេល ៣ ឆ្នាំ​ទៀត ។ ប៉ុន្តែ សភាជាតិ អភិរក្សនិយម​របស់​បារាំង មិនបាន​អនុម័ត​លើ​សន្ធិសញ្ញា​នោះទេ បានសេចក្តីថា សន្ធិសញ្ញា​របស់​បារាំង ជា​លាយលក្ខណ៍អក្សរ គឺ​ឥត​បានការ ដែល​ប្រការនេះ​ធ្វើឱ្យ​អ្នក​ជាតិ និយម លី​បង់ អន់ចិត្ត​យ៉ាងខ្លាំង ។

​នៅ​អំឡុង​ឆ្នាំ​១៩៤០ ( ដល់​ឆ្នាំ​១៩៤៤ គឺ​អំឡុង​សង្គ្រាមលោកលើកទី​២) រដ្ឋាភិបាល បារាំង បាន​ដួលរលំ​ក្រោម​កម្លាំង​កងទ័ព​របស់​ណា​ស៊ី​សអា​ល្លី​ម៉​ង់ ដោយមាន​ត្រឹមតែ​រដ្ឋបាល ឈ្មោះថា ឧ​ត្ត​ម​ស្នងការ Vichy ។ ប្រទេស បារាំង ត្រូវបាន​កងទ័ព អាល្លឺម៉ង់ ចូលកាន់​កាប់ ស្ទើរ​ទាំងស្រុង​។ ឧ​ត្ត​ម​សេនីយ ហ្សា​ល ដឺ ហ្គោល បាន​ដឹកនាំ​មន្ត្រី និង​កងទ័ព​បារាំង ទៅ បង្កើត​រដ្ឋាភិបាល​និរទេស នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស (​ដែលជា​សម្ព័ន្ធមិត្ត​រប​ស់ បារាំង​) នៅ​អំឡុង​ខែមិថុនា ឆ្នាំ​១៩៤០ នោះ ដោយ​ឱ្យ​ឈ្មោះថា ” រដ្ឋាភិបាល រំដោះ បារាំង ” ។​

​នៅ​ឆ្នាំ ១៩៤១ អាជ្ញាធរ Vichy ក្រោម​អំណាច អាល្លឺម៉ង់ បានអនុញ្ញាត​ឱ្យ អាល្លឺម៉ង់ ប្រើ​ដែន អាកាស ស៊ី​រី និង អ៊ីរ៉ាក់ សម្រាប់​ប្រឆាំង​កងទ័ព​អង់គ្លេស ។ រដ្ឋាភិបាល អង់គ្លេស បារម្ភ​ខ្លាច លី​បង់ និង ស៊ី​រី របូត​ចូល​កណ្តាប់ដៃ ណា​ស៊ី អាល្លឺម៉ង់ តាមរយៈ​ការដាក់​សម្ពាធ​ទៅលើ រដ្ឋបាល Vichy ដ៏​ទន់ខ្សោយ ទើប​អង់គ្លេស បញ្ជូន​កងទ័ព​ទៅ ស៊ី​រី និង លី​បង់ ។ ការប្រយុទ្ធ​គ្នា ក៏បាន​ផ្ទុះឡើង​នៅ​ទីនោះ ។ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៤១ សន្ធិសញ្ញា​ត្រូវបាន​ចុះ ហត្ថលេខា រវាង​ភាគី​ប្រយុទ្ធ​គ្នា ហើយ​បានបញ្ចប់​ការប្រយុទ្ធ​គ្នា​នៅ​ទីនោះ ។

​ឯករាជ្យភាព​ដ៏​អណ្តឺតអណ្តក់
មើលឃើញ​ឱកាសល្អ​សម្រាប់​ពិភាក្សា អំពី​ទឹកដី និង​ឯករាជ្យភាព ដូច្នេះ​មេដឹកនាំ​ជាតិ សំខាន់ៗ​របស់ លី​បង់ ក៏បាន​ស្នើ​ទៅ​លោក ហ្សា​ល ដឺ ហ្គោល ឱ្យ​បញ្ចប់​អាណត្តិ​ត្រួតត្រា ទៅលើ​លី​បង់ ដោយ​ឥត​លក្ខន្តិកៈ និង​ទទួលស្គាល់​ឯករាជ្យភាព​របស់​លី​បង់​។ ពិតណាស់ ហ្សា​ល ដឺ ហ្គោល ពិតជា​មិន​ព្រម​ព្រលែង លី​បង់ ឡើយ ប៉ុន្តែ​ក្រោម​សម្ពាធ​នយោបាយទាំង​ខាងក្រៅ និង​ខាងក្នុងលី​បង់ ផង លោក ហ្សា​ល ដឺ​ហ្គោល បានទទួល ​ស្គាល់​ឯករាជ្យភាព របស់ លី​បង់ ។ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​១៩៤១ ឧ​ត្ត​ម​សេនីយ ហ្ស​ក កា​តូ​ស៍ បានប្រកាស ឯករាជ្យភាព​របស់ លី​បង់ ។​

​ប្រទេស​ទាំងឡាយ ដូចជា អាមេរិក អង់គ្លេស អារ៉ាប់ រួបរួម សហភាពសូវៀត និង​បណ្តា ប្រទេស នៅ​អាស៊ី​មួយចំនួន បានប្រកាស​ទទួលស្គាល់​ឯករាជ្យភាព​របស់ លី​បង់ហើយ​ថែម ទាំង​ផ្លាស់ប្តូរ​មន្ត្រី​ទូត ជាមួយ​រដ្ឋាភិបាល​ទីក្រុង​បេ​រូត ទៀតផង ។ ទោះយ៉ាងណា បារាំង មិន​គោរព តាម​ពាក្យសម្តី​ឡើយ គឺ​នៅតែ​ត្រួតត្រា​លើ លី​បង់ ជាទូទៅ​នៅឡើយ ។​

​ការបោះឆ្នោត​បង្កើត​រដ្ឋា​ភិ​បាល នៅ​ប្រទេស​លី​បង់ ត្រូវបាន​ប្រារព្ធ​ឡើង នៅ​ឆ្នាំ​១៩៤៣ ។ រដ្ឋាភិបាល​ថ្មី​របស់​លី​បង់ ដែលមាន​លោក ប្រធានាធិបតី បេ​ឆា​រ៉ា អែល ឃួ​រី និង​នាយក រដ្ឋមន្ត្រី រី​អាដ អាល​-​សុល​ហ៍ ជា​ប្រមុខ បានប្រកាស​ជា​ឯកតោភាគី លប់ ចោល​នូវ​អាណត្តិ គ្រប់គ្រង​របស់ បារាំង ទៅលើ​ប្រទេស លី​បង់ នៅ​ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ១៩៤៣ នោះ ។​

​បារាំង ក្តៅក្រហាយ បាន​ចាប់​លោក​ប្រធានាធិបតី បេ​ឆា​រ៉ា អែល ឃួ​រី និង នាយក រដ្ឋមន្ត្រី រី​អាដ អាល​-​សុល​ហ៍ ដាក់គុក និង និរទេស មន្ត្រី​ខុទ្ទកាល័យ​សំខាន់ៗ​ទៀត ។

​គប្បី​រំឭកថា ប្រជាជន លី​បង់ ពេលនោះ មាន​ទាំង​ជន មូស្លីម មាន​ទាំង​ជន​គ្រិស្ត​និយម ហើយ​ពួកគេ​ជា​ញឹកញាប់ មាន​មហាអំណាច​ជា​បង្អែក ដូច​ករណី​សម្លាប់​រង្គាល​នៅ​តំបន់នោះ​កាល​ឆ្នាំ ១៨៦០ នាំឱ្យ​ឈានដល់​ការធ្វើអន្តរាគមន៍ ដោយ​បារាំង​ជាដើម ។

​ទង្វើ​របស់​បារាំង នាពេលនេះ ធ្វើឱ្យ​ទាំង​ជន មូស្លីម ទាំង​ជន​គ្រិស្ត​និយម ក្នុងស្រុក កើត​ទោ មន​ស្ស​យ៉ាងខ្លាំង ។ មហាអំណាច និង ប្រទេស​នានា ទាំង ២ ប៉ូល ( គ្រិស្ត និងមូស្លីម ) ក៏បាន​ដាក់​សម្ពាធ​ទៅលើ បារាំង ។

​ប្រឈមមុខ​នឹង​សម្ពាធ​ពី​ជាតិ និង អន្តរជាតិ បែប​នោះ បារាំង​បាន​ដោះលែង​មន្ត្រី​រដ្ឋាភិបាល ទាំងនោះ​នៅ​ថ្ងៃទី​២២ ខែ​វិ​ច្ឆ​កា ឆ្នាំ​១៩៤៣ ។ ការដោះលែង​មន្ត្រី​ទាំងនេះ ដែល​ពលរដ្ឋ លី​បង់ បានចាត់ទុក​ថា​ជា​អ្នកស្នេហាជាតិ​នោះ មិនអាច​បញ្ចប់​បញ្ហា​ទេ ។ បាតុកម្ម​ទ្រង់ទ្រាយ​ធំ នៅតាម​ដង​វិថី​នានា ត្រូវបានធ្វើ​នៅ​ថ្ងៃ ២២ នោះ​ទៀត ។ ដោយ ហេតុ​នោះ ប្រទេស លី​បង់ ត្រូវបាន ដកហូត​ចេញពី​ដៃ​បារាំង ហើយ​ប្រគល់ឱ្យ​សម្ព័ន្ធ មិត្ត​ជា​អ្នកគ្រប់គ្រង​តំបន់​នោះ​រហូត ដល់​ចប់​សង្គ្រាមលោកលើកទី ២ ( ១៩៤៥ ) ។​
​ ​
រដ្ឋាភិបាល និង ប្រជាពលរដ្ឋ លី​បង់ បានចាត់ទុក​ថ្ងៃទី​២២ ខែវិច្ឆិកា ថា​ជា​ថ្ងៃ​ឯករាជ្យ​ជាតិ របស់​ពួកគេ គឺ​ដោយសារ​ប្រទេស ត្រូវបាន​ដកហូត​ពី​ដៃ​បារាំង នា​ឆ្នាំ ១៩៤៣ នោះឯង ។​

​អង្គការសហប្រជាជាតិ បានកើត​រូបរាង​ចូល​ជា​ធរមាន នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​១៩៤៥ (​ក្រោយ​ចប់​សង្គ្រាមលោកលើកទី​២) អាណត្តិ​របស់​សម្ព័ន្ធមិត្ត ក៏​អស់​សុពលភាព​ក្នុងការ គ្រប់គ្រង​ទៅលើ​ប្រទេស​លី​បង់ ( និង​ស៊ី​រី ) នៅពេល​នោះដែរ ។ ឯករាជ្យភាព​ដ៏​ពេញលេញ របស់ លី​បង់ ក៏បាន​កើតមានឡើង នៅពេលនោះ ។ កងទ័ព​បារាំង ដកចេញ​ពី លី​បង់ ចុងក្រោយ នៅ​ឆ្នាំ ១៩៤៦ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ក្បួន​ដង្ហែ​កងទ័ព លី​បង់ នា​ទិវា​ឯករាជ្យ​ជាតិ
​ទីក្រុង បេ​រូត នៃ សាធារណរដ្ឋ លី​បង់