ទិវា​ឯករាជ្យ​ជាតិ លី​ប៊ី​

158

​ភ្នំពេញ​៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ លី​ប៊ី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី ២៤ ខែ ធ្នូ ដើម្បី​រម្លឹក​ដល់​ថ្ងៃ​ដែល​ពួក​គ​ទទួលបាន​ឯករាជភាព​ពី​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ ១៩៥១ បន្ទាប់ពី​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់ អូ​តូ​ម៉​ង់ (​តួ​ក​គី​) និង ចក្រភព​អង់គ្លេស រាប់រយឆ្នាំ​មក ។ ប៉ុន្តែ​ទិវា​ឯករាជ្យ​ជាតិ​នេះ​ត្រូវបាន​ហាមឃាត់​នៅក្នុង​របប​របស់លោក មូ​អា​ម៉ា ហ្កា​រ​ដា​ហ្វ៊ី ។

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​លី​ប៊ី​មាន​ផ្ទៃដី ១.៧៥៩.៥៤១ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ ទ្វីប អាហ្វ្រិក ខាងជើង មាន​ព្រំដែន​ជាប់​សមុទ្រ ម៉េ​ឌី​ទែ​រ៉ា​ណេ ប្រទេស​អេ​ហ្ស៊ី​ប ស៊ូដង់ ឆាដ នី​ហ្ស៊េ​រី​យ៉ា អាល់​ហ្ស៊េ​រី និង ទុយ​នី​ស៊ី ។ ឆ្នាំ ២០១៧ មាន​ប្រជាពលរដ្ឋ​ជាង ប្រាំមួយ​លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ភាសាផ្លូវការ គឺ​ភ​សា​អារ៉ាប់ លី​ប៊ី រដ្ឋធានី​គឺ​ទីក្រុង ទ្រី​ប៉ូ​លី ។​

​ប្រវត្តិសាស្ត្រ​
​លី​ប៊ី បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់ ចក្រភព អូ​តូ​ម៉​ង់ (​ទួ​ក​គី ) នៅ​ឆ្នាំ ១៥៥១ បន្ទាប់ពី អូ​តូ​ម៉​ង់ បាន​លុកលុយ​កាន់កាប់​តំបន់ ទ្រី​ប៉ូ​លី ដោយ​ជោគជ័យ​កាលពី​ឆ្នាំ ១៥៥០ ។

​សង្គ្រាម អ៊ីតាលី តួ​ក​គី បាន​ផ្ទុះឡើង​ពី ឆ្នាំ ១៩១១ ( ដល់​ឆ្នាំ ១៩១២ ) នាំឱ្យ ល៊ី​ប៊ី របូត​ចេញពី កណ្តាប់ដៃ អូ​តូ​ម៉​ង់ ហើយ​បាន​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ អ៊ីតាលី វិញ​ម្តង ។ អ៊ីតាលី បាន​បំបែក ល៊ី​ប៊ី ជា​បី​តំបន់ ឬ ដែនដី គឺ ល៊ី​ប៊ី ទ្រី​ប៉ូ​លី និង ស៊ី​រ៉េ​ណាយ​កា ។​

​ចលនា​ប្រឆាំង​អ៊ីតាលី​
​ភាព​ផ្សេងគ្នា នៃ សាសនា ពិតជា​ប្រភព និង​មូលហេតុ​ដ៏​សំខាន់បំផុត​មួយ​ក្នុងចំណោម​មូលហេតុ ចម្បងៗ ។ អូ​តូ​ម៉​ង់ (​ទួ​ក​គី ) ក្តោប​ក្តាប់ លី​ប៊ី បាន​សុខសាន្ត​ជាង ក៏​ព្រោះតែ​ប្រជាពលរដ្ឋ ល៊ី​ប៊ី និង ទួ​ក​គី គឺជា ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ដូចគ្នា ។ ចំណែក អ៊ីតាលី គឺជា​អ្នក​ក​សាសនា​គ្រិស្ត ដែល​សាសនិក នៃ សាសនា​ទាំងពីរ​នេះ​តែងតែ​ប្រឆាំងនឹង​គ្នា កាប់សម្លាប់​គ្នា​ជា​រៀង​រហូតមក ក៏​ព្រោះតែ​ភាព​ផ្សេងគ្នា នៃ មនោគមវិជ្ជា​សាសនា​ទាំងពីរ​នេះ ។​

​យ៉ាងណាមិញ តាំងពី​អ៊ីតាលី​ចូល​ឈ្លានពាន លី​ប៊ី , ទ្រូ​ប៉ូ​លី និង ស៊ី​រ៉េ​ណាយ​កា នេះ​មិនបាន​ប៉ុន្មាន​ផង ក៏មាន​ចលនា​ឧទ្ទាម ប្រឆាំងនឹង អាណានិគម អ៊ីតាលី នៅ​គ្រប់ទិសទី ។

​ពួក​កុលសម្ព័ន្ធ Senussi បាន​បង្កើត​ចលនា​ឧទ្ទាម​ប្រឆាំងនឹង​រដ្ឋាភិបាល​អាណានិគម អ៊ីតាលី បានចាប់ផ្តើម​ពីថ្ងៃ​ទី ១២ ខែ មីនា ឆ្នាំ ១៩១២ ។ កងទ័ព​រដ្ឋាភិបាល​អាណានិគម អ៊ីតាលី និង កងទ័ព​ឧទ្ទាម​កុលសម្ព័ន្ធ Senussi បាន​ពើប​ប្រយុទ្ធ​គ្នា​នៅ​ជិត​តំបន់ Ras al-Laban នា​ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ១៩១២ បណ្តាល​ស្លាប់​កងទ័ព អ៊ីតាលី ប្រមាណ ២០០ នាក់ ចំណែក​ខាង​ឧទ្ទាម​ស្លាប់ ជាង ១.២០០ នាក់ ។

​ព្រឹត្តិការណ៍​នេះ​ជម្រុញ​ឱ្យ​តំណាង អ៊ីតាលី និង ទួ​ក​គី ចុះហត្ថលេខា​លើ​សន្ធិសញ្ញា Lausanne បង្ខំ​ឱ្យ ទួ​ក​គី ទទួលស្គាល់​អធិបតេយ្យ​ភាព​របស់ អ៊ីតាលី នៅលើ​ទឹកដី លី​ប៊ី ។ បន្ទាប់មកទៀត រដ្ឋាភិបាល អាណានិគម អ៊ីតាលី បាន​បង្ក្រាប​ទៅលើ​ក្រុម​ឧទ្ទាម អារ៉ាប់ នៅក្នុង​តំបន់ ទ្រី​ប៉ូ​លី នៅ​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ១៩១៣ និង បាន​កាន់កាប់​តំបន់ ទ្រី​ប៉ូ​លី ។​

​រដ្ឋាភិបាល​អាណានិគម អ៊ីតាលី ក៏បាន​បន្ត​យុទ្ធនាការ​វាយប្រហារ​ទៅលើ​កុលសម្ព័ន្ធ Senussi នៅ​ជិត​តំបន់ Banna នា​ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ១៩១៣ បណ្តាលឱ្យ​កងទ័ព​កុលសម្ព័ន្ធ​ស្លាប់​ប្រមាណ ២០០ នាក់ ។ នៅ​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ១៩១៣ កងទ័ព​អ​ណា​និគម​បើក​ការវាយប្រហារ​ទៅលើ កងទ័ព កុលសម្ព័ន្ធ អារ៉ាប់ នៅ​ជិត Sidi ‘Aziz នាំឱ្យ​កងទ័ព អ៊ីតាលី ស្លាប់​ប្រមាណ​ជា ៧០ នាក់ ។​

​នៅ​ឆ្នាំ ១៩១៣ កងទ័ព​កុលសម្ព័ន្ធ អារ៉ាប់ ប្រមាណ​ជា ៣.០០០ នាក់ ដឹកនាំ​ដោយ​លោក Sheikh Suf al-Mahmudi និង លោក Sheikh Harb al-Naili បាន​បង្ខំចិត្ត​ភៀសខ្លួន​ទៅក្នុង​ទឹកដី ទុយ​នី​ស៊ី ដែល​ក្រោម​អាណានិគម​របស់ បារាំង ។ កងទ័ព​កុលសម្ព័ន្ធ អារ៉ាប់ ៦០០ នាក់ ដឹកនាំ​ដោយ​លោក Sheikh Muhammad Abdullah al-Busayfi បាន​ភៀសខ្លួន​ទៅ​ស្រុក Fezzan (​ភាគ​និរតី នៃ ប្រទេស លី​ប៊ី បច្ចុប្បន្ន )​ប៉ុន្តែ​លោក Sheikh al-Busayfi ត្រូវបាន​កងទ័ព​រដ្ឋា​ភិ​បាល​អាណានិគម សម្លាប់​នៅ​ជិត​តំបន់ Mahrugah នា​ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ១៨១៣ ។​

​នៅ​ខែ កុម្ភៈ ឆ្នាំ ១៩១៤ កងទ័ព​រដ្ឋាភិបាល​អាណានិគម អ៊ីតាលី​បាន​ពើប​ប្រយុទ្ធ​ជាមួយ​កងទ័ព ឧទ្ទាម​កុលសម្ព័ន្ធ Senussi បណ្តាលឱ្យ​កងទ័ព អ៊ីតាលី ស្លាប់ ៣៥ នាក់ និង កងទ័ព​ឧទ្ទាម ស្លាប់ ២៨០ នាក់ ។ កងទ័ព អ៊ីតាលី បាន​ចូល​កាន់កាប់​ទីក្រុង ហ្កា​ត់ នៃ ស្រុក Fezzan នៅ​ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ១៩១៤ ។

​ក្រុម​ឧទ្ទាម​អារ៉ាប់ បាន​ងើប​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​អាណានិគម អ៊ីតាលី នៅ​ស្រុក Fezzan និង តំបន់ Jabal បានចាប់ផ្តើម​ចេញពី​ថ្ងៃ​ទី ២៨ ខែ កញ្ញា ឆ្នាំ ១៩១៤ ។ កុលសម្ព័ន្ធ អារ៉ាប់ ដឹកនាំ​ដោយ​លោក Salim Abd al-Nabi al-Zintani បាន​យកឈ្នះ​លើ​កងទ័ព​រដ្ឋាភិបាល​អាណានិគម អ៊ីតាលី នៅ​សមរភូមិ Sabha នា​ថ្ងៃទី ២៧ ខែ វ​ច្ឆិ​កា ឆ្នាំ ១៩១៤ និង ដណ្តើម​កាន់កាប់​ទីក្រុង Murzaq ពី​រដ្ឋាភិបាល​នៅ​ថ្ងៃ ២៣ ខែ ធ្នូ ឆ្នាំ ១៩១៤ ។ កងទ័ព​រដ្ឋាភិបាល បាន​ដកខ្លួន ទៅ​ទីក្រុង Misurata នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩១៤ ។

​កងទ័ព​រដ្ឋាភិបាល​អាណានិគម អ៊ីតាលី ក្រោម​បញ្ជាការ​របស់ វរសេនីយឯក មី​យ៉ា​នី បាន​បរាជ័យ​ក្រោម​ដៃ​កងទ័ព​កុលសម្ព័ន្ធ អារ៉ាប់ នៅ​ជិត​តំបន់ al-Gardabiyya នា​ថ្ងៃទី ២៨-២៩ ខែ មេសា ឆ្នាំ ១៩១៥ បណ្តាលឱ្យ​កងទ័ព អ៊ីតាលី លី​ប៊ី ស្លាប់ ៧៣៥ នាក់ ។ វរសេនីយឯក មី​យ៉ា​នី បាន​កាត់ទោស​ប្រហារជីវិត​ជន​ស៊ីវិល អារ៉ាប់ ៧០០ នាក់​ជាការ​សងសឹក ។​

សន្តិភាព​វិល​មកវិញ
​បន្ទាប់ពី​បរាជ័យ​របស់​កងទ័ព​រដ្ឋាភិបាល អាណានិគម អ៊ីតាលី ពីរលើក​ខាងលើនេះ វរសេនីយឯក មី​ឡូ តា​ល់​បូត នៃ ចក្រភព​អង់គ្លេស បាន​សម្របសម្រួល​ឱ្យមាន​ការចរចា​រវាង​តំណាង អ៊ីតាលី និង តំណាង​កុលសម្ព័ន្ធ Senussi នៅក្នុង​តំបន់ al-Zuwaitina និង តំបន់ Marmarica ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ ខែ កក្កដា ឆ្នាំ ១៩១៦ ។ ជា​លទ្ធផល រដ្ឋាភិបាល អ៊ីតាលី និង កុលសម្ព័ន្ធ Senussi បាន​ផ្តោះ​ប្តូរ អ្នកទោស​ពីគ្នា​ទៅវិញទៅមក​នៅ​ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ១៩១៧ ។ តំណាង រដ្ឋាភិបាល អ៊ីតាលី និង តំណាង​កុលសម្ព័ន្ធ Senussi បាន​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​នៅ​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩១៧ ។ ជា​សរុបទៅ​មាន​មនុស្ស​ស្លាប់ ១៦.០០០ ពី​ក្នុង​សង្គ្រាម​នោះ ដោយ​ក្នុងនោះ កងទ័ព អ៊ីតាលី ប្រមាណ​ជា ៣.០០០ នាក់ ។

​រដ្ឋាភិបាល​អាណានិគម អ៊ីតាលី បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ជាមួយ​កុល​ស​ម្ព័​ន​អារ៉ាប់ ទ្រូ​ប៉ូ​លី នៅ​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ១៩១៩ ។ តំណាង អ៊ីតាលី និង តំណាង កុលសម្ព័ន្ធ Senussi បាន​ចុះ​កិច្ចព្រមព្រៀង​គ្នា​មួយ​ឈ្មោះថា al-Rajma នៅក្នុង​ទីក្រុង រ៉ូម នា​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ១៩២០ ។ កិច្ចព្រមព្រៀង​នេះ ភាគី អ៊ីតាលី ទទួលស្គាល់​លោក សាយ​យី​ដ មូ​ហា​ម៉ា​ដ់ អ៊ី​ឌ្រី​ស នៃ ដែនដី ស៊ី​រ៉េ​ណាយ​កា ថា​ជា​ប្រមុខរដ្ឋ នៃ រដ្ឋបាល​ស្វយ័ត​នៅ​តំបន់ Jaghbub, Aujila, Jalu និង តំបន់ Kufra ។ សន្តិភាព​ក៏បាន​បង្ហាញខ្លួន​នៅក្នុង​ដែនដី​ទាំងបី ។​

ចលនា​ផ្តាច់ខ្លួន​-​សង្គ្រាម​ឆាបឆេះ​ឡើងវិញ​-​ធ្លាក់​ក្នុង​ដៃ​អង់គ្លេស​
​ទោះជា រដ្ឋាភិបាល​អាណានិគម អ៊ីតាលី​ទទួលស្គាល់​នូវ​សេរីភាព​ខ្លះ​ដូចដែល​បានលើកឡើង ខាងលើ​ជាដើម​ក្តី ក៏​ក្រុម​អ្នកស្នេហាជាតិ ទាំងឡាយ នៅ​មិន​សុខចិត្ត រស់នៅ​ក្រោម​នឹម​អាណានិគម អ៊ីតាលី ដែរ ។​

​ឆ្លងកាត់​សង្គ្រាម​ជាច្រើន ដូចដែល​បានលើកឡើង​ខាងលើនេះ​មក ធ្វើឱ្យ​អ៊ីតាលី​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន ជាពិសេស ខាង​សេដ្ឋកិច្ច ។ មេដឹកនាំ​កុលសម្ព័ន្ធ​ជាច្រើន​នៅក្នុង​តំបន់​នោះ បាន​មើលឃើញថា ជា​ឱកាសល្អ​ក្នុងការ​ដណ្តើម​ឯករាជភាព​របស់​ពួកគេ​ពី​អ៊ីតាលី ។​

​ដោយហេតុនេះ នៅ​ឆ្នាំ ១៩១៨ តំបន់ ទ្រី​ប៉ូ​លី បានប្រកាស​ឯករាជភាព​របស់ខ្លួន​ពី អាណានិគម អ៊ីតាលី ហើយ​បង្កើតជា សាធារណរដ្ឋ ទ្រី​ប៉ូ​លី ក្រោម​កិច្ចដឹកនាំ​របស់លោក Ramadan Asswehly ។ ប្រការនេះ​បានធ្វើឱ្យ​រដ្ឋាភិបាល អ៊ីតាលី ចាត់ទុក​សាធារណរដ្ឋ​ថ្មីថ្មោង​មួយ​នេះ ថា​ជា​មុខសញ្ញា​ចាត់ការ ។​
​ជា​អកុសល លោក Ramadan Asswehly បាន​ស្លាប់​នៅក្នុង​ខែ សីហា ឆ្នាំ ១៩២០ នាំឱ្យ​សាធារណរដ្ឋ ទ្រី​ប៉ូ​លី ដ៏​ក្មេងខ្ចី​នេះ ធ្លាក់​ក្នុង​សង្គ្រាម ស៊ីវិល ។ ឃើញ​ដូច្នេះ កងទ័ព អ៊ីតាលី​បាន​ចូល​ឈ្លានពាន កាន់កាប់​ទីក្រុង Misurata នៃ តំបន់ Syrtica នៅ​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៩២២ ។​

​ចេញពី​ក្តីបារម្ភ​ចំពោះ​ការចូល​ឈ្លានពាន​របស់​កងទ័ព អ៊ីតាលី ដូច្នេះ​នៅ​ខែ វិច្ឆិកា ឆ្នាំ ១៩២០ ដដែល​នោះ ពួក​មេដឹកនាំ​កុលសម្ព័ន្ធ​ទាំងឡាយ​បាន​ជួបពិភាក្សា​គ្នា​នៅក្នុង​ទីក្រុង ហ្ការី​យ៉ាន់ និង​បាន​ព្រមព្រៀងគ្នា បញ្ចប់សង្គ្រាម​ស៊ីវិល​នោះ ។ ប៉ុន្តែ​ស្ថានភាព​នៅ ទ្រី​ប៉ូ​លី នៅតែ​គ្មាន​លំ​ហ្នឹង​ទាល់តែសោះ ។

​នៅ​ខែ មករា ឆ្នាំ ១៩២២ ពួកគេ​បាន​ព្រមព្រៀងគ្នា ស្នើឱ្យ​លោក សាយ​យី​ដ មូ​ហា​ម៉ា​ដ់ អ៊ី​ឌ្រី​ស ដែលជា​ប្រមុខ ដែនដី ស៊ី​រ៉េ​ណាយ​កា ពង្រីក​ការគ្រប់គ្រង​គ្របដ​ណ្តើ​ប់​ទៅលើ តំបន់ ទ្រី​ប៉ូ​លី ផង ដើម្បី​ធ្វើឱ្យមាន​ស្ថេរភាព​នៅ​តំបន់​នោះ ។ ពួកគេ​បានដាក់​ឯកសារ​ជា​ផ្លូវ​ការជូន​លោក អ៊ី​ឌ្រី​ស នៅ​ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ១៩២២ ដែល​ប្រការនេះ​បានសេចក្តីថា ពួកគេ​កំពុង​ច្របាច់​បញ្ចូល​គ្នា រវាង​ដែនដី ទ្រី​ប៉ូ​លី និង ដែនដី ស៊ី​រ៉េ​ណាយ​កា ។

​អ៊ីតាលី តែងតែ​ជំទាស់​ជា​រៀង​រហូតមក​មិនឱ្យ​មានការ​រួបរួមគ្នា​ផ្នែក​នយោបាយ​រវាង ទ្រី​ប៉ូ​លី និង ស៊ី​រ៉េ​ណាយ​កា ឡើយ ព្រោះ​ការរួបរួម​គ្នា នៃ ដែនដី​ទាំងពីរ​នេះ​នឹង​ប៉ះពាល់​ដល់​ផលប្រយោជន៍ អ៊ីតាលី ឬ នាំឱ្យ​ដែនដី​ក្រោម​អាណានិគម​នោះ មាន​កម្លាំង​ខ្លាំងក្លា ងាយ​នឹង​រើ​បម្រាស​របូត​ចេញពី​កណ្តាប់ដៃ​ខ្លួន ( អ៊ីតាលី ) ។​

​ទីប្រឹក្សា​របស់លោក អ៊ី​ឌ្រី​ស មាន​ភាពស្ទាក់ស្ទើរ​ថា​តើ​គួរ​ទទួលយក​នូវ​សំណើ​របស់​មេដឹកនាំ​កុលសម្ព័ន្ធ ទ្រី​ប៉ូ​លី នោះ ឬ យ៉ាងណា ។ ដ្បិតថា ប្រសិនបើ​លោក អ៊ី​ឌ្រី​ស ព្រម​ទទួលយក​សំណើ​របស់​មេដឹកនាំ កុលសម្ព័ន្ធ​នៅ ទ្រី​ប៉ូ​លី នោះ គឺជា​ការបំពាន​លើ​ខ្លឹមសារ នៃ កិច្ចព្រមព្រៀង al-Rajma នាទី​ក្រុង រ៉ូម កាលពី​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ១៩២០ ដែល​ប្រការនេះ​គឺជា​ការធ្វើឱ្យ​ខូច​នូវ​ទំនាក់ទំនង ជាមួយ​រដ្ឋាភិបាល អ៊ីតាលី ។ គិតថា​ជាការ​បង្ក្រាប​ជាមុន នឹងមាន​ប្រៀប កងទ័ព អ៊ីតាលី បើក​ការវាយលុក​ទៅលើ​កុលសម្ព័ន្ធ Senussi ដែល​ដឹកនាំ​ដោយ​លោក Sheikh ‘Umar al-Mukhtar នៅ​ភាគ​ខាងលិច លី​ប៊ី នា​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ១៩២២ ។

​ប៉ុន្តែ​ប្រការនេះ​បាន​ជំរុញ​ឱ្យ លោក អ៊ី​ឌ្រី​ស បាន​ព្រម​ទទួលយក​សំណើ​របស់​មេដឹកនាំ​កុលសម្ព័ន្ធ ទ្រី​ប៉ូ​លី ពោលគឺ​លោក អ៊ី​ឌ្រី​ស ហ៊ាន​ចេញមុខ​ប្រឆាំងនឹង អាណានិគម អ៊ីតាលី តាមរយៈ​ការរួបរួម​នយោបាយ នៃ ដែនដី ស៊ី​រ៉េ​ណាយ​កា និង ទ្រី​ប៉ូ​លី នៅក្នុង​ខែ វិច្ឆិកា ឆ្នាំ ១៩២២ ។ លោក សាយ​យី​ដ មូ​ហា​ម៉ា​ដ់ អ៊ី​ឌ្រី​ស ប្រមុខរដ្ឋ​ដែនដី ស៊ី​រ៉េ​ណាយ​កា បាន​ភៀសខ្លួន​ទៅ​ប្រទេស អេ​ហ្ស៊ី​ប នៅ​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ១៩២២ ។​

​កងទ័ព អ៊ីតាលី ចូលកាន់​កាប់ ដែនដី ទ្រី​ប៉ូ​លី ម្តងទៀត នៅ​ឆ្នាំ ១៩២៣ ។ ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ១៩២៣ ឧ​ត្ត​ម​សេនីយ Luigi Bongiovanni របស់ អ៊ីតាលី បានប្រកាស​មោឃភាព នូវ​កិច្ចព្រមព្រៀង ទាំងឡាយ​ជាមួយ Senussi ។ ចាប់ពីពេលនោះ​មក កងទ័ព អ៊ីតាលី​កាប់សម្លាប់​ប្រជាជន​ស៊ីវិល កុលសម្ព័ន្ធ Senussi តាម​ទំនើងចិត្ត ហើយ​គិតពី​ចន្លោះ​ថ្ងៃទី ០៦ ខែ មីនា ដល់​ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ១៩២៣ នោះ ជន​ស៊ីវិល នៃ កុលសម្ព័ន្ធ Senussi ប្រមាណ​ជា ៨០០ នាក់ ត្រូវបាន​កងទ័ព អ៊ីតាលី សម្លាប់​យ៉ាង​ឥត​ត្រ​ប្រណី ។

​ស្តែង​ចេញពី​ការឈឺ​ចាប់ជាតិ​សាសន៍​នេះ កុលសម្ព័ន្ធ Senussi បាន​យកឈ្នះ​លើក​បង​ទ័ព អ៊ីតាលី​នៅ​ជិត​តំបន់ al-Rahaiba នា​ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ១៩២៧ បណ្តាលឱ្យ​កងទ័ព អ៊ីតាលី លី​ប៊ី ស្លាប់ ៣២០ នាក់ ។ នៅ​ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ១៩២៨ កងទ័ព អ៊ីតាលី បាន​បង្ក្រាប​លើ​កងទ័ព កុលសម្ព័ន្ធ Senussi នៅ​ភាគ​ខាងកើត លី​ប៊ី ។ នៅ​ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ១៩២៨ កងទ័ព​ភាគី​ទាំងពីរ ពើប​ប្រយុទ្ធ​គ្នា​នៅ​តំបន់ នៅ​តំបន់ ‘Afiya នា​ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ដដែល​នោះ ។ លុះដល់​ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩២៩ កងទ័ព អ៊ីតាលី បាន​រំលាយ​ចូលគ្នា​នូវ​ដែនដី ទ្រី​ប៉ូ​លី និង ដែនដី ស៊ី​រ៉េ​ណា​កា ។​

​នៅ​ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ១៩៣០ កងទ័ព​កុលសម្ព័ន្ធ Senussi ដឹកនាំ​ដោយ​លោក Sayyid al-Hasan និង កងទ័ព អ៊ីតាលី បាន​ពើប​ប្រយុទ្ធ​គ្នា​ម្តងទៀត បណ្តាលឱ្យ​កងទ័ព​កុល​ស​ម្ព័​ម​ន្ធ​ស្លាប់ ៨០ នាក់ ។ ទោះជា​ត្រូវស្លាប់​ជាច្រើន​រយ​នាក់ ជា​បន្តបន្ទាប់​ក្តី ក៏​កុលសម្ព័ន្ធ Senussi នៅតែ​បន្ត​ការតស៊ូ មិន​ព្រម​ចុះចាញ់​ការកាប់សម្លាប់​ពី​សំណាក់​កងទ័ព​អ៊ីតាលី​ជាដាច់ខាត ។ ហេតុនេះ​ការប្រយុទ្ធ​គ្នា រវាង​ភាគី​ទាំងពី​នៅតែ​បន្ត ។​

​គ្រូបង្រៀន​គម្ពីរ គួរ​អាន់ ( Qur’an ឬ កូ​រ៉ា​ន់ ) លោក Sheikh ‘Umar al-Mukhtar ជា​មេដឹកនាំ របស់​កុល​ម​ស្ព័​ន្ធ Senussi នៅក្នុង​ដែនដី ស៊ី​រ៉េ​ណាយ​កា បន្ទាប់ពី​ការតស៊ូ​អស់​រយៈពេល​ជិត ២០ ឆ្នាំ មក នៅ​ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ១៩៣១ ត្រូវបាន​កងទ័ព អ៊ីតាលី ចាប់ខ្លួនបាន និង កាត់​ទៅ​ប្រហារជីវិត នៅ​ថ្ងៃទី ១៦ ខែ និង ឆ្នាំ ដដែល​នោះ ( គាត់​បានក្លាយ​ជា​វិ​រ​បុរស​ជាតិ លី​ប៊ី ហើយ​ក្រោយមក​រូប របស់គាត់​ត្រូវបាន​ផ្តិត​នៅលើ​ក្រដាសប្រាក់​ជាការ​ទទួល​នូវ​វីរភាព​របស់គាត់​ចំពោះ​ប្រទេសជាតិ )​។ កងទ័ព អ៊ីតាលី បង្ក្រាប កងទ័ព​កុលសម្ព័ន្ធ Senussi ម្តងទៀត​នៅ​ភាគ​ខាងលិច លី​ប៊ី នា​ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៣២ ។

​តាំងពី​មាន​សង្គ្រាម​នឹង​គ្នា​ជា​លើក​ទី​ពីរ​មករ​វាង​ដែនដី​ក្រោម​អាណានិគម និង អាណានិគម​អ៊ីតាលី នេះ មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ប្រាំបី​ម៉ឺន​នាក់ ក្នុងនោះ​កង​ទ័ អ៊ីតាលី ប្រមាណ​ជា ៥.០០០ នាក់ ។
​នៅ​ថ្ងៃទី ០១ ខែ មករា ឆ្នាំ ១៩៣៤ អ៊ីតាលី បាន​បែងចែក​ទឹកដី លី​ប៊ី ទៅជា​បួន​ខេត្ត​គឺ Tripoli, Misurata, Benghazi និង ខេត្ត Derna ។ ប៉ុន្តែ​នៅ​ថ្ងៃទី គិត​ត្រឹម​ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ១៩៤៣ លី​ប៊ី បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ចក្រភព​អង់គ្លេស​វិញ ។

ចលនា​ឯករាជភាព​
​ចលនា​អ្នក​ជាតិនិយម លី​ប៊ី បានកើត​ឡើង​នៅ​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៤៦ ។ ក្រុមប្រឹក្សា សម្ព័ន្ធ រដ្ឋ​អារ៉ាប់ (LAS) បានបង្ហាញ​ការគាំទ្រ​ឯករាជភាព​របស់ លី​ប៊ី នៅ​ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ១៩៤៧ , ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៤៧ និង ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ១៩៤៨ ។ សភា​អង្គការសហប្រជាជាតិ បានអនុម័ត​ដំណោះស្រាយ​នៅ​ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ១៩៤៩ ដោយ​អំពាវនាវ​រក​ឯករាជ​ភាព​សម្រាប់ លី​ប៊ី មិនឱ្យ​ហួស​ពីថ្ងៃ​ទី ០១ ខែ មករា ឆ្នាំ ១៩៥២ ។ នៅ​ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ១៩៥០ លោក សាយ​យី​ដ ម៉ូ​ហា​ម៉ា​ដ់ អ៊ី​ឌ្រី​ស ត្រូវ​បានអនុម័ត​ឱ្យធ្វើជា​ស្តេច​របស់ លី​ប៊ី ។

​ក្រុមប្រឹក្សា សម្ព័ន្ធ រដ្ឋ​អារ៉ាប់ បាន​គាំទ្រ​នូវ​ឯករាជភាព លី​ប៊ី នៅ​ថ្ងៃទី ០២ ខែ កុម្ភៈ​ឆ្នាំ ១៩៥១ និង ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ១៩៥១ ។ សភា​អង្គការសហប្រជាជាតិ បានអនុម័ត​រដ្ឋធម្មនុញ្ញ នៅ​ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ១៩៥១ ។ នៅ​ទីបំផុត លី​ប៊ី ទទួលបាន​ឯករាជភាព​របស់ខ្លួន​ពី​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ១៩៥១ ដោយមាន​លោក សាយ​យី​ដ ម៉ូ​ហា​ម៉ា​ដ់ អ៊ី​ឌ្រី​ស ជា​ក្សត្រ ។​

​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ លី​ប៊ី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន​ដើម្បី​រម្លឹក​នូវ​ថ្ងៃ​ដែល​ពួកគេ​ទទួលបាន​ឯករាជ្យ​នេះឯង ។​
​រដ្ឋប្រហារ ហ្កា​ដា​ហ្វ៊ី នៅ​ឆ្នាំ ១៩៥៩ រ៉ែ​ប្រេងកាត បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ចិញ្ចឹម ជាតិ​សាសន៍ លី​ប៊ី ។ ប៉ុ​ន្ត​ជា​អកុសល នៃ ថ្ងៃទី ០១ ខែ កញ្ញា កញ្ញា ឆ្នាំ ១៩៦៩ មន្ត្រី​យោធា​មួយក្រុម​តូច ដឹកនាំ​ដោយ​លោក មូ​អា​ម៉ា ហ្កា​ដា​ហ្វ៊ី បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស្តេច អ៊ី​ឌ្រី​ស ។ លោក មូ​អា​ម៉ា ហ្កា​ដា​ហ្វ៊ី បាន​ក្តោប​ក្តាប់​អំណាច​នៅ លី​ប៊ី ហើយ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ត្រូវបាន​រដ្ឋាភិបាល​ផ្តាច់ ការ​របស់លោក ហ្កា​ដា​ហ្វ៊ី ហាមឃាត់​ប្រារព្ធ ។​
​ ​
​លុះដល់​ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ សង្គ្រាម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ផ្តាច់ការ ដែល​អន្តរជាតិ ជាពិសេស​ពួកលោក​ខាងលិច​ស្អប់ខ្ពើម​បំផុត ។ ទីបំផុត​លោក ហ្កា​ដា​ហ្វ៊ី​ត្រូវបាន​កងទ័ព​ឧទ្ទាម ដែលមាន​ការគាំទ្រ​ដោយ​អង្គការ NATO បាន​ចូល​កាន់កាប់​ទីក្រុង ទ្រី​ប៉ូ​លី និង បាន​ចាប់ខ្លួន ហើយ​សម្លាប់​លោក ហ្កា​ដា​ហ្វ៊ី ។ ការសម្លាប់​របស់លោក ហ្កា​ដា​ហ្វ៊ី​ត្រូវបាន​ពិភពលោក​ចាត់ទុកថា ជាការ​ស្លាប់​ដ៏​អសោច​បំផុត​មួយ នៃ ប្រវត្តិសាស្ត្រ​អ្នកដឹកនាំ​ក្នុង​លោក ។ ចាប់ពីពេលនោះ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ក៏​ត្រូវបាន​ផ្តើមធ្វើ​ឡើងវិញ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

សាយ​យី​ដ ម៉ូ​ហា​ម៉ា​ដ់ អ៊ី​ឌ្រី​ស ដែល​ត្រូវបាន មូ​អា​ម៉ា ហ្កា​ដា​ហ្វ៊ី ធ្វើ​រដ្ឋប្រហារ​កាល ឆ្នាំ ១៩៦៩ (​សាយ​យី​ដ អ៊ី​ឌ្រី​ស​)
​ទីក្រុង ទ្រី​ប៉ូ​លី នៃ ប្រទេស លី​ប៊ី (​ទ្រី​ប៉ូ​លី​)