ទិវា​ឯករាជ្យ​ជាតិ សេ​ណេ​ហ្គា​ល់​

224
ចែករម្លែក

​ភ្នំពេញៈ ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​សេ​ណេ​ហ្គា​ល់ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួក គេ​នៅ​ថ្ងៃទី​៤ ខែមេសា ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍ ចុះហត្ថលេខា​រវាង​អាណានិគម បារាំង និង សហព័ន្ធ​ម៉ាលី កាលពី​ឆ្នាំ​១៩៦០ ដែល​តាមរយៈ​កិច្ចព្រមព្រៀង​នេះ នាំឱ្យ​សេ​ណេ​ហ្គា​ល់ ( និង ស៊ូដង់ បារាំង ដែល​កាលណោះ រួមគ្នា​បង្កើតបានជា សហព័ន្ធ​ម៉ាលី ) ក្លាយជា​រដ្ឋ​ឯករាជ្យ​ពី​បារាំង ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ សេ​ណេ​ហ្គា​ល់ មាន​ផ្ទៃដី​ប្រមាណ​ជា ១៩៧.០០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ឆ្នេរ​សមុទ្ទ នៃ តំបន់ អាហ្វ្រិក​ខាងលិច មាន​ព្រំដែន​ជាប់​ប្រទេស ម៉ាលី ហ្គី​ណេ និង មហាសាគរ អា​ត្ល​ង់​ទិ​ក ខាងជើង ។ ដើមឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ១៦ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ភាសា​ដែល​ប្រើប្រាស់​ច្រើន​បំផុត គឺ​ភាសា វ៉ូ​ឡូ​ហ្វ និង ភាសា បារាំង រដ្ឋធានី គឺ​ទីក្រុង ដា​កា ។​

​ប្រវត្តិសាស្ត្រ​
​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១៥ ជនជាតិ​ព័រទុយហ្កាល់ បាន​ទៅ​ចត​នាវា​របស់​ពួកគេ នៅ​ឆ្នេរ​សមុទ្ទ សេ​ណេ​ហ្កា​ល់ ដែល​អមដំណើរ​ដោយ​ពាណិជ្ជករ នៃ​ជាតិ​សាសន៍ ផ្សេងៗ ដោយ​រួមទាំង​ពាណិជ្ជករ​បារាំង​ផង ។​

​មហាអំណាច​អឺរ៉ុប មានដូចជា ព័រទុយហ្កាល់ ហុ​ល្លង់ និង ចក្រភព​អង់គ្លេស បាន​ប្រជែង អំណាច​គ្នា​ត្រួតត្រា​វិស័យ​ពាណិជ្ជកម្ម​នៅ​តំបន់ឆ្នេរ​សមុទ្ទ សេ​ណេ​ហ្គា​ល់ នោះ ចាប់ពី សតវត្សរ៍​ទី ១៥ ។ នៅ​ឆ្នាំ ១៦៧៧ ពួកគេ​ដណ្តើមបាន​កាន់កាប់​នៅ​ចំណុច​ចេញដំណើរ នៃ ជំនួញ​ទាសករ អា​ត្ល​ង់​ទិ​ក នៅ Gorée ហើយ​ក្រោយមក​បានក្លាយ​ជាទី​ក្រុង ដា​កា នាពេល​បច្ចុប្បន្ននេះ ប្រើប្រាស់​ជាទី​តាំង​ទិញ​ទាសករ ។

​ពួក​សាសនទូត​អឺរ៉ុប បាន​នាំ​សាសនា​គ្រិស្ត ចូលទៅ​សេ​ណេ​ហ្គា​ល់ និង​តំបន់ Casamance នៅក្នុង​សតវត្សរ៍​ទី​១៩ ។ អំឡុង​ទសវត្សរ៍​ឆ្នាំ ១៨៥០ បារាំង​បានចាប់ផ្តើម ពង្រីក​ឥទ្ធិពល​របស់ខ្លួន​ចូលទៅ​ដែនដី​គោក សេ​ណេ​ហ្គា​ល់ ហើយ​បាន​លប់បំបាត់ នូវ​ទាសភាព និង បាន​លើកកម្ពស់​នូវ​លទ្ធិ​គ្រិស្ត លប់បំបាត់​បន្ថែម​ទាំង អាណាចក្រ​ដើម ដូចជា​អាណាចក្រ Waalo, Cayor, Baol និង​អាណាចក្រ Jolof Empire ។ អាណានិគម ជន​បារាំង បាន ឈ្លា​ន ពាន​យ៉ាង​គឃ្លើន ។ ក្រុម​អ្នកតស៊ូ សេ​ណេ​ហ្គា​ល់ ប្រឆាំងនឹង ការពង្រីក​អំណាច​រប​ស់ បារាំង ដោយ​ប្រការ​ផ្សេងៗ​ជាច្រើន ។

​ឯករាជ្យភាព​
​ដើម្បី​បានជា​កម្លាំង​កាន់តែ​រឹងមាំ ទើប​នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​១៩៥៩ ប្រទេស សេ​ណេ​ហ្គា​ល់ និង ស៊ូដង់ បារាំង បាន​រំលាយ​ចូលគ្នា បង្កើតបានជា សហព័ន្ធ​ម៉ាលី ។ មួយឆ្នាំ​ក្រោយមក គឺ​នៅ​ថ្ងៃទី​៤ ខែ មេសា ឆ្នាំ ១៩៦០ មានការ​ចុះហត្ថលេខារ​វាង អាណានិគម បារាំង និង សហព័ន្ធ ម៉ាលី ។

​គឺ​តាមរយៈ​ការចុះហត្ថលេខា​នេះឯង​ហើយ ដែល​បានធ្វើឱ្យ សហព័ន្ធ ម៉ាលី ក្លាយជា សហព័ន្ធ ឯករាជ្យ យ៉ាង​ពេញលេញ​នៅ​ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ដដែល​នោះ ។ ថ្ងៃទី​៤ ខែ មេសា ឆ្នាំ​១៩៦០ នេះឯង បាន​ក្លាយជា​ទិវា​ប្រវត្តិសាស្ត្រ​របស់ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ សេ​ណេ​ហ្គា​ល់ ។​

​ប៉ុន្តែ​ទំនាស់​ផ្នែក​នយោបាយ បានធ្វើឱ្យ​សហព័ន្ធ​ម៉ាលី បាន​បែកបាក់​គ្នា ហើយ សេ​ណេ​ហ្គា​ល់ និង ស៊ូដង់ បារាំង បានប្រកាស​ឯករាជ្យភាព​រៀងៗ​ខ្លួន នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ ១៩៦០ នោះ ( ស៊ូដង់​បារាំង បានប្រកាស់​ប្តូរ​ឈ្មោះ​របស់ខ្លួន​ទៅជា សាធារណរដ្ឋ ម៉ាលី រហូតមកដល់​សព្វថ្ងៃ )​។​

​លោក Léopold Sédar Senghor ត្រូវបាន​ប្រកាស​ជា​ប្រធានាធិបតី​ដំបូង របស់ សេ​ណេ​ហ្គា​ល់ នៅក្នុង​ខែ កញ្ញា ឆ្នាំ ១៩៦០ ។ លោក Senghor ជា​មនុស្ស​ទទួលបាន អប់រំ​ជ្រះ​ជ្រៅ​នៅ​ប្រទេស​បារាំង ។ គាត់​ជា កវី ជា ទស្សនវិទូ ហើយ​ជា​អ្នកនិពន្ធ​បទ ភ្លេងជាតិ​ដោយ​ខ្លួន​គាត់​ផ្ទាល់ ។

​ឆ្នាំ​១៩៨០ គាត់​បាន​ចូលនិវត្តន៍​ពី​នយោបាយ ហើយ​បានប្រគល់​អំណាច​ទៅអោយ លោក Abdou Diouf ។ អ​តី​យ​នាយករដ្ឋមន្ត្រី លោក Mamadou Dia ដែលជា​គូ ប្រជែង​នយោបាយ​របស់លោក Senghor បានរៀបចំ​ឱ្យមាន​ការបោះឆ្នោត នៅ​ឆ្នាំ​១៩៨៣ ប៉ុន្តែ​គាត់​បាន​បរាជ័យ​ក្នុងការ​បោះឆ្នោត​នោះ ។ លោក Senghor ផ្លាស់​ទៅ​រស់នៅ​ប្រទេស បារាំង រហូត​អស់​ជីវិត​នៅ​អាយុ ៩៦ ឆ្នាំ ។​

​សេ​ណេ​ហ្គា​ល់ បាន​រួបរួម​ជាមួយគ្នា​រដ្ឋ Gambia បង្កើតបានជា សហព័ន្ធ Senegambia នៅ​ថ្ងៃទី ១ ខែ កុម្ភៈ ១៩៨២ ។ ប៉ុន្តែ​សហព័ន្ធ​នេះ​បាន​បែកបាក់​នៅ​ឆ្នាំ ១៩៨៩ ។

ការបែកបាក់​ជាតិ​
​លោក Abdou Diouf ជា​ប្រធានាធិបតី ពី​ឆ្នាំ ១៩៨១-២០០០ ។ គាត់​បាន​លើកទឹកចិត្ត ឱ្យមាន​ការចូលរួម​ម​ក្នុង​ផ្នែក​នយោបាយ​យ៉ាង​ទូលំទូលាយ បាន​កាត់បន្ថយ​ការចូលរួម របស់​រដ្ឋាភិបាល​ក្នុង​វិស័យសេដ្ឋកិច្ច និង ការជាប់​ពាក់ព័ន្ធ​យ៉ាង​ទូលាយ​នូវ​ការទូត​របស់ សេ​ណេ​ហ្គា​ល់ ជាពិសេស​ជាមួយ​ជាតិ​សាសន៍​កំពុង​អភិវឌ្ឍ ។

​នយោបាយ​ក្នុងប្រទេស ជួនកាល​បាន​រីក​រាលដាល​ជា​អំពើហិង្សា​នៅតាម​ដង​វិថី​នានា ភាព​តានតឹង​តាម​ព្រំដែន និង​បង្កើតបានជា​ចលនា​ពួក​អ្នក​ផ្តាច់ខ្លួន នៅ​ភាគខាងត្បូង នៃ​តំបន់ Casamance ។ ទោះជា​មានការ​ចរចា​ស​ន្តិ​ភាពជា​ច្រើនលើកច្រើនសា​រ​ក្តី ក្រុម​ពួក​ផ្តាច់ខ្លួន​នៅ​ភាគខាងត្បូង នៅ​តំបន់ Casamance ក៏​នៅតែមាន​ការប៉ះទង្គិច​គ្នា ជា​ហូរហែ​ជាមួយ​កម្លាំង​រដ្ឋាភិបាល តាំងពី​ឆ្នាំ ១៩៨២ មក ។

​នៅ​ដើម​សតវត្សរ៍​ទី​២១ អំពើហិង្សា​បាន​ស្រាកស្រាន្ត ហើយ​លោក​ប្រធានាធិបតី Macky Sall បានរៀបចំ​ការចរចា​ជាមួយ​ពួក​ឧទ្ទាម​នៅ​ទីក្រុង រ៉ូម ប្រទេស អ៊ីតាលី នៅ​ខែ ធ្នូ ឆ្នាំ ២០១២ ។​

​ទោះយ៉ាងណា ការប្តេជ្ញាចិត្ត​របស់ សេ​ណេ​ហ្គា​ល់ ចំពោះ​លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ត្រូវបាន​ពង្រឹង ។ លោក Abdou Diouf បាន​កាន់តំណែង​ជា​ប្រធានាធិបតី បួន អាណត្តិ ។​

​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នា​ឆ្នាំ​១៩៩៩ មេដឹកនាំ​បក្សប្រឆាំង​លោក Abdoulaye Wade បាន​យកឈ្នះ​លើ​លោក Diouf នៅក្នុង​ការបោះឆ្នោត​ដែល​ត្រូវ បាន​មើលឃើញថា ដោយ​សេរី និង យុត្តិធម៌ ពី​សំណាក់​អ្នក​អង្កេត​ការណ៍​អន្តរជាតិ ។ នេះ​ជា​លើក​ទី ២ ហើយ ដែល សេ​ណេ​ហ្គា​ល់​បាន​ផ្ទេរអំណាច​ពី​បក្ស​មួយ​ទៅ​បក្ស​មួយ ដោយ​សន្តិវិធី ។

​នៅ​ខែធ្នូ ឆ្នាំ​២០០៤ លោក​ប្រធានាធិបតី Wade បានប្រកាសថា​លោក​នឹង​ចុះហត្ថលេខា ជាមួយ​ពួក​អ្នក​ផ្តាច់ខ្លួន​នៅ​តំបន់ Casamance ។ ប៉ុន្តែ​រហូតមកទល់​ពេលនេះ​ការ សន្យា​នេះ មិនទាន់​ត្រូវបាន​អនុវត្ត​នៅឡើយ ។ ឆ្នាំ ២០០៥ មានការ​ចរចា​មួយ​ជុំ​ទៀត ប៉ុន្តែ​លទ្ធផល​នៅ​មិនទាន់​ត្រូវបាន​ប្រកាស​នៅឡើយ ៕