ទិវា​ឯករាជ្យ​ជាតិ ស៊ីម​បា​វ៉េ​

587
ចែករម្លែក

ភ្នំពេញ​៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ស៊ីម​បា​វ៉េ ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ របស់ខ្លួន នៅ​ថ្ងៃទី ១៨ ខែ មេសា ដើម្បី រំឭក​ដល់​ថ្ងៃ​បោះឆ្នោត​កាលពី​ឆ្នាំ ១៩៨០ ដែល​លទ្ធផល នៃ ការបោះឆ្នោត​នោះ​នាំឱ្យ​អាណានិគម​អង់គ្លេស​បង្ខំចិត្ត​ទទួលស្គាល់ នូវ​ឯករាជភាព​រប​ស់ ស៊ីម​បា​វ៉េ ។​
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ ស៊ីម​បា​វ៉េ មាន​ផ្ទៃដី ៣៩០.៧៥៧ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ទ្វីបអាហ្វ្រិក ភាគខាងត្បូង មាន​ព្រំដែន​ជាប់​នឹង​ប្រទេស អាហ្វ្រិក ខាងត្បូង បុ​ត​ស្វា​ណា សាំ​ប៊ី ម៉ូ​សាំ​ប៊ិក ។ ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ ជាង ១៧ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់ គ្រិស្តសាសនា ។ ស៊ីម​បា​វ៉េ មាន​ភាសាផ្លូវការ​ចំនួន ១៦ ប៉ុន្តែ​ភាសា​ដែល​គេ​ប្រើប្រាស់ ច្រើន​បំផុត​គឺ ភាសា​អង់គ្លេស និង ភាសា ហ្សូ​ណា រដ្ឋធានី គឺ​ទីក្រុង ហា​រ៉ា​រ៉េ ។​
​ ​
ប្រវត្តិសាស្ត្រ​
នៅ​អំឡុង​ទសវត្សរ៍ ឆ្នាំ ១៨៨០ ពួក​អាណានិគម​ស្បែក ស បាន​ទៅដល់​តំបន់​អាហ្វ្រិក ខាងត្បូង ដោយមាន​លោក សេ​ស៊ី​ល ច​ន រ៉ូ​ដេ​ស នៃ ក្រុមហ៊ុន អង់គ្លេស អាហ្វ្រិក ខាងត្បូង ( BSAC ) ជា​នាយករដ្ឋមន្ត្រី​ដែនដី​អាណានិគម​អង់គ្លេស​នៅ​អាហ្វ្រិក ខាងត្បូង ។ នៅ​ឆ្នាំ ១៨៨៨ លោក រ៉ូ​ដេ​ស ទទួលបាន​សម្បទាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​រ៉ែ ពី​ស្តេច ឡូ​បេន​ហ្គូ​ឡា នៃ អាណាចក្រ Ndebele ។

​តាមរយៈ​សម្បទាន​នេះ លោក រ៉ូ​ដេ​ស បាន​ប្រើ​ជា​មធ្យោបាយ​ដើម្បី​ត្រួតត្រា​ទៅលើ តំបន់​នានា​នៅ​ជុំវិញ​នោះ ដោយមាន​កងទ័ព​អាជីព​របស់​ក្រុមហ៊ុន អង់គ្លេស អាហ្វ្រិក ខាងត្បូង ឬ BSAC និង បាន​បង្កើត​បន្ទាយ​កង​ទ័ព​នៅ​ទី​តំបន់​ដែលជា​ទីក្រុង ហា​រ៉ា​រ៉េ បច្ចុប្បន្ននេះ​ទៀតផង ។

​ការរីក​សាយ​អំណាច​របស់​ក្រុមហ៊ុន អង់គ្លេស អាហ្វ្រិក​ខាងត្បូង ឬ BSAC មិនយូរ ប៉ុន្មាន ក៏បាន​បំពារបំពាន​លើ​អំណាច​របស់​អាណាចក្រ Ndebele ដែលជា​អ្នក​បានផ្តល់ សិទ្ធិ​ទៅឱ្យ​ក្រុមហ៊ុន BSAC កាលពី​ឆ្នាំ ១៨៨៨ ហើយ​ទីបំផុត​ក៏បាន​ផ្ទុះ​ជា​សង្គ្រាម​រវាង អាណាចក្រ Ndebele និង ក្រុមហ៊ុន BSAC នៅ​ឆ្នាំ ១៨៩៣ ។ អាណាចក្រ Ndebele មាន​កងទ័ព​សរុប​មិនតិចជាង​មួយ​សែន​នាក់​ឡើយ បំពាក់​ទៅដោយ​កំ​ភ្លើង​ធំ​ជាច្រើន ប៉ុន្តែ​ជា​កងទ័ព​ដែល​មិនមាន​ការហ្វឹកហាត់​បាន​ល្អ ខណៈ​ក្រុមហ៊ុន BSAC មាន​កងទ័ព សរុប​ប្រមាណ​ជា ១.៥៥០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ជា​កងទ័ព​ដែលមាន​ការហ្វឹកហាត់ បាន​យ៉ាង​ស្ទាត់​ខាង​សង្គ្រាម ។ ទីបំផុត ជ័យជម្នះ បាន​ធ្លាក់​ទៅលើ​កងទ័ព​របស់ ក្រុមហ៊ុន BSAC នៅ​ឆ្នាំ ១៨៩៤ ។ ប្រការនេះ​បានធ្វើ​ឱ្យអំណាច​របស់​ក្រុមហ៊ុន BSAC រីក​កាន់តែ​ធំ​ថែមទៀត ។​

​នៅ​ឆ្នាំ ១៨៩៥ ក្រុមហ៊ុន BSAC ប្តូរ​ឈ្មោះ​តំបន់​ក្រោម​ការ​ត្រួ​ត្រា​របស់​ក្រុមហ៊ុន​ទៅជា រ៉ូ​ដេ​ស៊ី ( Rhodesia ) ដាក់​តាម​ឈ្មោះ​លោក រ៉ូ​ដេ​ស ជាការ​ផ្តល់​កិត្តិយស​ឱ្យ​លោក រ៉ូ​ដេ​ស ដែលជា​អ្នកដឹកនាំ​ដណ្តើម និង ពង្រីក​តំបន់​អាណា​និគ​នៅ​ទីនោះ ។ នៅ​ឆ្នាំ ១៨៩៨ តំបន់ រ៉ូ​ដេ​ស៊ី ខាងត្បូង ដាក់ឈ្មោះថា សាំ​បេ​ហ្ស៊ី ( បច្ចុប្បន្ន​គឺជា ស៊ីម​បា​វ៉េ ចំណែក​តំបន់ រ៉ូ​ដេ​ស៊ី ខាងជើង​គឺជា ប្រទេស សាំ​ប៊ី បច្ចុប្បន្ន ) ។​

​ពួក​អាណាចក្រ Ndebele បាន​ក្លាយជា​ក្រុម​ឧទ្ទាម​ប្រឆាំងនឹង​ការត្រួតត្រា​របស់ អាណានិគម ក្រុមហ៊ុន BSAC ដឹកនាំ​ដោយ​មេ​ដឹក​នាសា​សនា​ឈ្មោះ Mlimo ។ សង្គ្រាម​ក៏បាន​កើតឡើង ជា​បន្តបន្ទាប់ ។ លុះដល់​ឆ្នាំ ១៨៩៦ លោក Mlimo ត្រូវបាន សម្លាប់​នៅក្នុង​សង្គ្រាម នៅ​តំបន់ Matabeleland ។ ពេលនោះ​ក៏មាន​អ្នកបះបោរ នៅ​តំបន់ Shona ប្រឆាំងនឹង​ការត្រួតត្រា​របស់​ក្រុមហ៊ុន BSAC ទៀត​នៅ អំឡុង​ឆ្នាំ ១៨៩៦ និង ១៨៩៧ ។ ប៉ុន្តែ​ត្រូវបាន​បង្ក្រាប​ទៅវិញ​ដោយ​កងទ័ព អាណានិគម ។ បន្ទាប់មក​តំបន់ ខាងលើ​ក្លាយជា​តំបន់​ប្រមូលផ្តុំ​ទៅដោយ​អំណាច​អឺរ៉ុប​ហើយ​ម្ចាស់ ស្រុក ជាច្រើន​ត្រូវបាន​បណ្តេញចេញ ។

​នៅក្នុង​សង្គ្រាមលោកលើកទី ១ (១៩១៤-១៩១៨ ) ទី ២ ( ១៩៣៩-១៩៤៥) ប្រជាពលរដ្ឋ នៅ​តំបន់ រ៉ូ​ដេ​ស៊ី​ត្រូវបាន​តម្រូវ​ឱ្យចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​បម្រើឱ្យ អាណានិគម​អង់គ្លេស ហើយ​បាន​លះបង់​អ្វីៗ​គ្រប់យ៉ាង​ច្រើនជាង​ជាតិ​សាសន៍ ណាៗ​ទាំងអស់ សូម្បីតែ​ជនជាតិ​អង់គ្លេស ។
​ ​
បន្ទាប់ពី​ចប់​សង្គ្រាមលោកលើកទី ២ ទៅ អាណានិគម​អង់គ្លេស មិនបាន​បន្ធូរបន្ថយ អ្វី​ឡើយ មានតែ​រឹតបន្តឹង​លើ​ប្រជាពលរដ្ឋ​នៅ​តំបន់ រ៉ូ​ដេ​ស៊ី ។ ប្រការនេះ​បាន​បណ្តាល ឱ្យមាន​ការប្រឆាំង​ជាច្រើន ។

​ប្រឈម​នឹង​ការប្រឆាំង​ច្រើនឡើង​នៅ​ទ្វីបអាហ្វ្រិក នៅ​ឆ្នាំ ១៩៥៣ អាណានិគម អង់គ្លេស បាន​បង្រួបបង្រួម​តំបន់ រ៉ូ​ដេ​ស៊ី ជាមួយ Nyasaland (​បច្ចុប្បន្ន គឺ​ប្រទេស ម៉ាឡាវី ) ដាក់​ទៅក្នុង សហព័ន្ធ អាហ្វ្រិក កណ្តាល ។ ប៉ុន្តែ​ចលនា​ប្រឆាំង​តាមរយៈ ចលនា​ជាតិនិយម​ច្រើនឡើងៗ អង់គ្លេស បាន​រំលាយ​សហព័ន្ធ​នេះ​វិញ​នៅ​ឆ្នាំ ១៩៦៣ បង្កើត​ទៅជា​តំបន់​ដាច់ដោយឡែក​ពីគ្នា​ធំៗ​ចំនួន​បី គឺ រ៉ូ​ដេ​ស៊ី ភាគ​ខាងជើង រ៉ូ​ដេ​ស៊ី ខាងត្បូង និង តំបន់ Nyasaland ។​
​ ​
គណបក្ស រណ​សិ​រ្យ រ៉ូ​ដេ​ស៊ី​
កាល​នៅក្នុង​អំឡុង សហព័ន្ធ រ៉ូ​ដេ​ស៊ី និង Nyasaland ខាងលើ​នោះ គណបក្ស នយោបាយ​មួយ​ឈ្មោះថា Dominion Party ត្រូវបាន​បង្កើតឡើង និង ដឹកនាំ​ដោយ លោក វីន​ស្តុ​ន ចូ​សេ​ហ្វ ហ្វ៊ីល​ដ៍ គឺជា​គណបក្សនយោបាយ​របស់​ពួក​ជន​ស្បែក ស បង្កើតឡើង​ក្នុង​បំណង​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​ជន​ស្បែក​ខ្មៅ​ដែលជា​ជន​ម្ចាស់​ទឹកដី និង ជា​ជន​ភាគច្រើន ។​
​ ​
​ប៉ុន្តែ​នៅមុន​ពេលដែល សហព័ន្ធ រ៉ូ​ដេ​ស៊ី និង Nyasaland ត្រូវបាន​រំលាយ​កាលពី​ឆ្នាំ ១៩៦៣ មួយឆ្នាំ គឺ​នៅ​ឆ្នាំ ១៩៦២ គណបក្ស Dominion Party ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា គណបក្ស រណ​សិ​រ្យ រ៉ូ​ដេ​ស៊ី (RF) វិញ ។ នៅ​ឆ្នាំ ១៩៦៤​គណបក្ស រណ​សិ​រ្យ រ៉ូ​ដេ​ស៊ី ជំនួស​ដោយ​លោក អ៊ា​ន ស្ម៊ី​ធ ។ គណបក្ស​នេះ ទទួលបាន​ជោគជ័យ​ខ្លាំងជាងគេ បំផុត​នៅក្នុង​ការបោះឆ្នោត​នានា​នៅ តំបន់ រ៉ូ​ដេ​ស៊ី ខាងត្បូង ។​

​រដ្ឋាភិបាល​ស្វយ័ត​របស់ គណបក្សរ​ណ​សិ​រ្យ រ៉ូ​ដេ​ស៊ី បានជ្រើសរើស​ថ្ងៃ​ទុកជាមុន​ថា នឹង​ប្រកាស​ឯករាជភាព​របស់​ដែនដី រ៉ូ​ដេ​ស៊ី ខាងត្បូង នៅ​ឆ្នាំ ១៩៦៤ ។ ប៉ុន្តែ​ជាក់ស្តែង សេចក្តីប្រកាស​នោះ​ចេញ​មិន​រួច​ឡើយ​ដោយសារ​មានការ​ជំទាស់​ដាច់ខាត​ពី​អាណា និគម​អង់គ្លេស​។

​ទីបំផុត ក៏មាន​សង្គ្រាម​កើតឡើង​ចាប់ពី​ខែ កក្កដា ឆ្នាំ ១៩៦៤ (​ដល់​ខែ ធ្នូ ឆ្នាំ ១៩៧៩ ) ដែល​អង់គ្លេស​ហៅថា សង្គ្រាម​ឧទ្ទាម ប៉ុន្តែ អ្នកដទៃ​ហៅថា សង្គ្រាម​ដើម្បី​សេរីភាព ប្រជាពលរដ្ឋ រ៉ូ​ដេ​ស៊ី ខា​ត្បូង ។

​នៅក្នុង​សង្គ្រាម​នេះ មាន​ភាគី បី គឺ រដ្ឋាភិបាល រ៉ូ​ដេ​ស៊ី ខាងត្បូង របស់លោក ស្ម៊ី​ធ , កង​ទ​ទ័ព​សេរីភាព​ជាតិ ស៊ី​បា​វ៉េ អា​ហ្ច្រិ​ក របស់លោក រ៉ូបឺត មូ​ហ្កា​បេ មេដឹកនាំ សហភាព​ជាតិ ស៊ី​បា​វ៉េ អាហ្វ្រិក និង កងទ័ព​បដិវត្តន៍​ប្រជាជន ស៊ី​បា​វ៉េ របស់លោក ចូ​សូ កូ​ម៉ូ មេដឹកនាំ សហភាព ប្រជាជន ស៊ីម​បា​វ៉េ អាហ្វ្រិក ចូលខ្លួន​ទៅ​ប្រឆាំងនឹង អាណានិគម​អង់គ្លេស ។​

​ក្រុម​ទាំងបី ដែល​ប្រ​ឆាំ​នឹង​ការត្រួតត្រា​របស់​អង់គ្លេស​ខាងលើនេះ ទទួលបាន​ការគាំទ្រ ដោយ​មហាអំណាច​សង្គម​និយម មាន សហភាព សូ​វៀត ( បច្ចុប្បន្ន រុស្ស៊ី ) សាធារណ រដ្ឋ​ប្រជាមានិត ចិន និង ប្រទេស​សង្គមនិយម​ជា​សម្ព័ន្ធមិត្ត ។​

​ប្រកាស​ឯករាជភាព​ ​
​នៅ​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៩៦៥ រដ្ឋាភិបាល​ស្វយ័ត​របស់ គណបក្សរ​ណ​សិ​រ្យ រ៉ូ​ដេ​ស៊ី បានចេញ​ស្តី​ប្រកាស​ជា​ឯកតោភាគី​ថា “ ដែនដី រ៉ូ​ដេ​ស៊ី ខាងត្បូង គឺជា​រដ្ឋ​ឯករាជ្យ “ ហើយ​សេចក្តីប្រកាស​នេះ​ត្រូវបាន​គេ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UDI ( Unilateral Declaration of Independence ) ។

​នេះ​គឺជា​លើក​ទី​ពីរ​ហើយ ចំពោះ​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស​ប្រកាស​អំពី ឯករាជភាព​របស់ខ្លួន​ពី ចក្រភព​អង់គ្លេស ខណៈ​ប្រកាស​មុនគេ​បំផុត គឺ​ការប្រកាស ឯករាជ្យ​របស់​អាមេរិក កាលពី​ឆ្នាំ ១៧៧៦ ។

​អាណានិគម​អង់​ញ​គ្លេ​ស ពិតជា​មិន​អនុញ្ញាត ឬ មិន​ព្រម​របូត​ដែនដី រ៉ូ​ដេ​ស៊ី ខាងត្បូង ចេញពី​ដៃ​របស់ខ្លួន​ឡើយ ប៉ុន្តែ​ក៏​ពិបាក​នឹង​ប្រើ​កម្លាំងយោធា​ដែរ ។ អង់គ្លេស ក៏បាន ចាប់ផ្តើម​ចរចា​ជាមួយ​រដ្ឋបាល​របស់លោក ស្ម៊ី​ធ នៅ​ឆ្នាំ ១៩៦៦ និង ១៩៦៨ ប៉ុន្តែ​មិន បាន​ជោគជ័យ​ឡើយ ។ ដោយហេតុនេះ មានតែ​បញ្ជូន​ញត្តិ​ទៅ​អង្គការសហប្រជាជាតិ ហើយក៏​ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​ដែនដី​នេះ ។​

​ទីបំផុត​ការបោះឆ្នោត​មួយ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ១៩៧៩ ដោយ គណបក្ស ក្រុម​ប្រឹក្សាជាតិ អាហ្វ្រិក រួបរួម ហៅ​កាត់​ថា UANC បានឈ្នះ​កៅអី ភាគច្រើន​នៅ​នៅ​រដ្ឋសភា ។ លោក មូ​ហ្សូ​រ៉េ​វ៉ា មេដឹកនាំ​គណបក្ស UANC បានក្លាយ ជា​នាយករដ្ឋមន្ត្រី ហើយ​ឈ្មោះ​ប្រទេស ក៏​ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា ស៊ីម​បា​វ៉េ រ៉ូ​ដេ​ស៊ី ។ ចាប់ពីពេលនោះ​មក ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើ​ដែនដី អតីត រ៉ូ​ដេ​ស៊ី ខាងត្បូង ក៏ត្រូវ​បាន​ដកចេញ​ជា​បន្តបន្ទាប់ ។​
​ ​
​បន្ទាប់ពី​ជំនួប​ប្រជុំគ្នា នៃ ប្រមុខរដ្ឋ​សហ​ធន ចំនួន ៣៩ ប្រទេស នៅ​ទីក្រុង លូ​សា​កា នៃ ប្រទេស សាំ​ប៊ី ពីថ្ងៃ​ទី ០១ ដល់​ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ១៩៧៩ រដ្ឋាភិបាល អង់គ្លេស បាន​អញ្ជើញលោក មូ​ហ្សូ​រ៉េ​វ៉ា លោក មូ​ហ្កា​បេ និង លោក កូ​ម៉ូ ចូលរួម​នៅ ក្នុង​សន្និសីទ ធម្មនុញ្ញ នៅឯ​វិមាន Lancaster ។​
​ ​
សន្និសីទ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពិភាក្សា ដើម្បី ឈានដល់​កិច្ចព្រមព្រៀង ចំពោះ​លក្ខន្តិកៈ ធម្មនុញ្ញ ដើម្បី រៀបចំ​ការបោះឆ្នោត​ដែល​នឹង​ស្ថិតក្រោម​ការអង្កេត របស់​អង់គ្លេស មុននឹង​អាចឈាន​ទៅរក​ភាពស្របច្បាប់ នៃ ឯករាជភាព របស់ ស៊ីម​បា​វ៉េ រ៉ូ​ដេ​ស៊ី ។ កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ពីថ្ងៃ​ទី ១០ ខែ កញ្ញា ដល់​ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៧៩ ។ នៅ​ថ្ងៃទី ២១ ខែ និង ឆ្នាំ ដដែល តំណាង​មកពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រម​មួយ​ឈ្មោះ Lancaster House Agreement, បានបញ្ចប់​សង្គ្រាម សេរីភាព ឬ សង្គ្រាម​ឧទ្ទាម​នៅ អតីត​ដែនដី រ៉ូ​ដេ​ស៊ី ខាងត្បូង ជា​ស្ថាពរ ។
​ ​
ទោះយ៉ាងណា អង់គ្លេស បាន​ក្តោប​ក្តាប់ ស៊ីម​បា​វ៉េ រ៉ូ​ដេ​ស៊ី ម្តងទៀត​បន្ទាប់ពី​មាន​បញ្ហា មួយចំនួន ដូចជា​កង្វះ​ការគាំទ្រ​ពី​អន្តរជាតិ​ចំពោះ​លទ្ធផល​បោះឆ្នោត​កន្លងទៅ ហើយ ត្រូវបាន​គេ​មើលឃើញថា មូលហេតុ​ដែល​ខ្វះ​ការគាំទ្រ​នេះ​មិនមែន​ដោយសារ​នរណា ក្រៅពី​ការ​រាំងខ្ទប់​ពី​សំណាក់​អង់គ្លេស​ឡើយ ។​

​ដោយហេតុនេះ នៅ​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ១៩៨០ ក៏មាន​ការបោះឆ្នោត​សាជាថ្មី​ទៀត ។ នៅពេលនេះ លោក រ៉ូបឺត មូ​ហ្កា​បេ នៃ គណបក្ស ZANU បានឈ្នះ​សំឡេង ភាគច្រើន និង ក្លាយជា​នាយករដ្ឋមន្ត្រី នៃ ស៊ីម​បា​វ៉េ ។ ពេលនេះ អង់គ្លេស និង បណ្តា​ប្រទេស​បក្សពួក ក៏​មិនដឹងថា រក​ពាក្យ​អ្វី​មក​ជំទាស់​នឹង​ឆន្ទៈ​របស់​មេដឹកនាំ និង ប្រជាពលរដ្ឋ ស៊ី​បា​វ៉េ ចំពោះ​ឯករាជភាព​ទៀត​ដែរ ។​

​ដើម្បី ជាការ​រំឭក​ដល់​ថ្ងៃ​បោះឆ្នោត​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ១៩៨០ ដែលជា​លទ្ធផល នាំឱ្យ​អង់គ្លេស​បាត់មាត់​ចំពោះ​ឯករាជភាព​របស់ ស៊ីម​បា​វ៉េ ផង ដើម្បី ទាក់​ទាញយក ប្រជាប្រិយភាព​ចំពោះ​គណបក្ស​របស់ខ្លួន​ផង ទើប​លោក រ៉ូបឺត មូ​ហ្កា​បេ បាន​ឱ្យគេ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ ស៊ីម​បា​វ៉េ នៅ​ថ្ងៃទី ១៨ ខែ មេសា រៀង​រហូតមក ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​