ទិវា​ឯករាជ្យ​ជាតិ ស្រីលង្កា​

147

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ និង រដ្ឋាភិបាល ស្រីលង្កា ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ​នៅ​ថ្ងៃទី ទី ៤ ខែ កុម្ភៈ ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​អង់គ្លេស​ប្រគល់​ឯ​រាជ​ភាព​ដល់​ពួកគេ​កាលពី​ឆ្នាំ ១៩៧៨ បន្ទាប់ពី​ការតស៊ូ ប្តូរផ្តាច់​អស់​រយៈពេល​រាប់រយឆ្នាំ​មក ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​សង្គមនិយម​ប្រជាធិបតេយ្យ ស្រីលង្កា គឺជា​រដ្ឋ​កោះ​នៃ​សមុទ្ទ​ឥណ្ឌា មាន​ផ្ទៃដី​៦៥.៦១០ គីឡូម៉ែត្រ​ក្រឡា ស្ថិ​នៅ​អាស៊ី​ខាងត្បូង មាន​ព្រំដែន​ជាប់​ប្រទេស ឥណ្ឌា ម៉ាឡេស៊ី និង ប្រទេស ម៉ា​ល់​ឌី​វ ហើយ​ស្រីលង្កា ជា​អាណាចក្រ​ឃ្លាំង​ពុទ្ធសាសនា ដ៏​មាន​វ័យ​ចំណាស់​មួយ​ក្នុង​លោក ។ ដើមឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ២២ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធ​សា​សាន​ថេរវាទ​។ ភាសាផ្លូវការ​គឺ ភាសា ស៊ីន​ហា​ឡា រដ្ឋធានី​គឺ​ទីក្រុង កូឡុំបូ ។​

​ប្រវត្តិសាស្ត្រ​
​កងទ័ព ព័រទុយហ្កាល់ បាន​ទៅដល់​ទឹកដី​ស្រីលង្កា នៅ ឆ្នាំ ១៥០៥ ហើយ​ក៏បាន​ពង្រីក​ឥទ្ធិពល​របស់ ពួកគេ​តាមរយៈ​ពាណិជ្ជកម្ម ដោយ​ការស្ថាបនា​កំពង់ផែ​នៅ​ទីក្រុង កូឡុំបូ នៅ​ឆ្នាំ ១៥១៧ និង​បាន ពង្រីក​អំណាច​រហូត​គ្រប់​ដណ្តប់​តំបន់ឆ្នេរ​សមុទ្ទ ឥណ្ឌា ទាំ​ស្រុង ដែល​ក្នុងនោះ​ក៏មាន​អាណាចក្រ កាន់​ឌី​យ៉ា គឺ​ប្រទេស ស្រីលង្កា ផងដែរ ។

​ដោយសារ​មិនអាច​ទប់ទល់​ទាំងពី​បារាំង​ផង ពី​អង់គ្លេស​ផង នៅ ឆ្នាំ ១៨០២ ហុ​ល្លង់ បានប្រគល់​ការ ត្រួតត្រា​លើ​តំបន់ឆ្នេរ​សមុទ្ទ​ទាំងស្រុង ទៅឱ្យ ក្រុមហ៊ុន អង់គ្លេស ឥណ្ឌា ខាងកើត (​ក្រុមហ៊ុន​នេះ​ទទួល សិទ្ធិ​ពី​រដ្ឋាភិបាល​អង់គ្លេស​ក្នុងការ​ប្រតិបត្តិការ​យោធា​នៅ​អាស៊ី ហើយ​ជា​បន្តបន្ទាប់​បាន​ឈ្លានពាន ធ្វើ​អាណានិគម​លើ​ប្រទេស​នានា​នៅ​អាស៊ី​ស្ទើរតែ​ទាំងអស់​) ប៉ុន្តែ​អាណាចក្រ កាន់​ឌី​យ៉ា គឺ​ប្រទេស ស្រីលង្កា ស្ថិតក្រោម​ការ​ត្រួ​ត្រា​របស់ ហុ​ល្លង់ នៅឡើយ ។​

​អំឡុង​ស​សង្គ្រាម ណាប៉ូឡេអុង បារាំង បាន​ជោគជ័យ​លើ ហុ​ល្លង់ យ៉ាង​ធំធេង ហើយ​អង់គ្លេស​ស បានរ​ម្ភ​ថា​ហុ​ល្លង់​នឹង​ប្រគល់​អាណាចក្រ កាន់​ឌី​យ៉ា ឬ ប្រទេស​ស្រីលង្កា ទៅអោយ​បារាំង ទើប​នៅ​ឆ្នាំ ១៨០៣ អង់គ្លេស ចាប់ផ្តើម​ឈ្លានពាន​ជា​លើក​ទី​១ ទៅលើ​ប្រទេស​ស្រីលង្កា ប៉ុន្តែ​បរាជ័យ ។ អង់គ្លេស​បាន​បើក​ការវាយលុក​ទ្រង់ទ្រាយ​ធំ​ពីរលើក​ទៀត​ក៏បាន​ត្រួតត្រា​ប្រទេស​ស្រីលង្កា​ដោយ​ជោគជ័យ​នៅ​ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ១៨១៥ ។​

ចលនា​ប្រឆាំង​
ឆ្នាំ ១៨១៧ ក៏មាន​ចលនា​ឩ​ទ្ទាម Uva ប្រឆាំងនឹង​អាណានិគម​អង់គ្លេស​នៅលើ​អាណាចក្រ កាន់​ឌី​យ៉ា ។ ប៉ុន្តែ​ត្រូវបាន​កងទ័ព​អាណានិគម​អង់គ្លេស​បង្ក្រាប ។ គ្រាប់ពូជ​ស្នេហា​ជាតិ និង ភ្លើង​ឈឺចាប់​ក្រោម អាណានិគម​អង់គ្លេស ខណៈ​ជីវភាព​របស់​ពលរដ្ឋ​បាន​ធ្លាក់​ក្នុង​សភាព​ក្រីក្រ ទើប​នៅ​ឆ្នាំ ១៨៣០ ក្រុម​ឩ​ទ្ទាម​បាន​ផ្ទុះឡើង​ម្តងទៀត ។ ឆ្នាំ ១៨៣៣ ក៏​ចាប់ផ្តើម​មាន​កំណែទម្រង់​ខ្លះៗ ។
​ ​
​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៨៣០ នេះ មាន​បញ្ហា​ផលិតផល កាហ្វេ​នាំឱ្យមាន​ឱនភាព​សេដ្ឋកិច្ច​អាណានិគម ។ អង់គ្លេស ចាប់ផ្តើម​រឹតបន្តឹង​ការប្រមូល​ពន្ធ​សព្វសារពើ សូម្បីតែ​ឆ្កែ​ក៏​មិន​រួច​ពន្ធ​ផង​បង្កក្តី​ក្តៅក្រហាយ ដល់​មនុស្ស​គ្រប់គ្នា​។ នៅ​ឆ្នាំ​១៨៤៨ ចលនា​ឩ​ទ្ទាម​មួយទៀត​ឈ្មោះ Matale Rebelion បាន​ផ្ទុះឡើង ។

​អង់គ្លេស បាន​ប្រឹងប្រែង​ពង្រីក​ឥទ្ធិពល​គ្រិស្តសាសនា តាមរយៈ​ផ្តល់​អាទិភាព​ដល់​អ្នកណា​កាន់​គ្រិស្តសាសនា ដូចជា​ផ្តល់​ការសិក្សា​ខ្ពស់ តួនាទី​ក្នុងសង្គម និង រដ្ឋាភិបាល និង ក្នុង​វិស័យ​ពាណិជ្ជកម្ម​ជាដើម ហើយ​ដាក់​សម្ពាធ​ទៅលើ​ពួក​អ្នក​កាន់​ពុទ្ធសាសនា ក៏ដូចជា​ហិណ្ឌូ និង មូ​ស្ល៊ី​ម​សាសនិក ។ ឆ្នាំ ១៩៣៥ ពួក​អាណានិគម​អង់គ្លេស​បានប្រកាស​អនុម័ត​ឱ្យ ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​ភាសាផ្លូវការ​របស់​ស្រីលង្កា ប៉ុន្តែ​មិនមាន​ប្រសិទ្ធភាព​ឡើយ (​រហូតដល់​ឆ្នាំ ១៩៥៦) ។​

​នៅ​ចុង​សតវត្សរ៍​ទី​១៩​មាន​មនុស្ស​ជាច្រើន​វណ្ណៈ បាន​ងើប​ប្រឆាំងនឹង​ពួក​គ្រិស្ត​និយម ដែល​ចេះតែ ដាក់​សម្ពាធ​លើ​ពួក​អ្នក​កាន់​ពុទ្ធសាសនា និង ហិណ្ឌូ ក៏​នាំឱ្យ​កើតមាន​ចលនា ទមិឡ និយម បង្កើតបាន ជា​សភាជាតិ Ceylon ដាក់​សម្ពាធ​ឱ្យ​អាណានិគម​អង់គ្លេស ត្រូវតែ​ធ្វើកំណែទម្រង់​ច្បាប់​មួយចំនួន ។​

ចលនា​ដើម្បី​ឯករាជ្យ​
​ទីបំផុត​គណៈបក្សនយោបាយ​មួយ ដែល​បាន​ផ្លាស់​រូបរាង​ចេញពី​សហព័ន្ធ​យុវជន ឈ្មោះ​គណបក្ស The Lanka Sama Samaja Party (LSSP) ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៣៥ ជា​គណបក្ស​ដំបូង​គេ បំផុត​របស់​ស្រីលង្កា ដែល​ប្រកាសថា​គោលបំណង​របស់​ពួកគេ​គឺ​ដើម្បី​ទាមទារ​ឯករាជ​ភាពជា​តិ ទាំងស្រុង និង ធ្វើជា​តូប​និ​យក​ម្ម​ទៅលើ​ផលិតកម្ម​គ្រប់​ទម្រង់ លប់បំបាត់​ការប្រកាន់​ពូជសាសន៍ វណ្ណៈ និង ភេទ ។ បក្ស LSSP មាន​ទំនាក់​ទំនាក់​ភាតរភាព​ជាមួយ​គណបក្ស Congress Socialist Party (CSP) របស់​ឥណ្ឌា ដែល​បាន​បង្កើត​កាលពី​ឆ្នាំ ១៩៣៤ ហើយ​ពួក​បាន​ចាត់ទុកថា​ជា​បក្ស​បង និង ប្អូន ។​

​សម័យ​សង្គ្រាម​
​អំឡុង​សង្គ្រាមលោកលើកទី ២ សមាជិក​ពីររូប​របស់​គណបក្ស​ដែល​កំពុងកាន់​អំណាច​គឺ​លោក Junius Richard Jayawardene និង​លោក Dudley Senanayake បាន​លួច​ពិភាក្សា​ជាមួយ​កងទ័ព ជប៉ុន​ក្នុង​គោលបំណង​ផ្តួលរំលំ​អង់គ្លេស​នៅ​ស្រីលង្កា ដណ្តើម​ឯករាជភាព​ជូន​ស្រីលង្កា ។​

​ចាប់ពី ខែវិច្ឆិកា ឆ្នាំ ១៩៣៩ និង ពាក់កណ្តាល ឆមាស ទីមួយ ឆ្នាំ ១៩៤០ ក៏មាន​ផ្ទុះ​ចលនា​កូដកម្ម នៅ​តំបន់​កសិដ្ឋាន​ដែលមាន​ម្ចាស់​ជា​ជនជាតិ​អង់គ្លេស ។ នៅ​ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ១៩៤០ កម្មករ​ម្នាក់​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់ ។

​កូដកម្ម​នេះ​រីក​ចូលដល់​ទីក្រុង និង ទៅដល់​ភាគខាងត្បូង​ប្រទេស ទីបំផុត​ជំនោរ​កូដកម្ម​ត្រូវបាន​វាយបក​ដោយ​ហិង្សា​ពី​សំណាក់​ប៉ូលិស​។ អាណានិគម​មើលឃើញថា ចលនា​ពួក​អ្នក​ទាមទារ​ម​ឯករាជភាព​មាន​កម្លាំង​ខ្លាំងក្លា​ណាស់ មិនអាច​បណ្តែតបណ្តោយ​បានឡើយ ។​ ​កងទ័ព​អាណានិគម​អង់គ្លេស​ក៏​ចេញ​ប្រតិបត្តិការ ហើយ​បាន​ចាប់ខ្លួន​មេដឹកនាំ​សំខាន់ៗ​មាន​លោក N. M. Perera លោក Philip Gunawardena និង​លោក Colvin R. de Silva ថ្ងៃទី ១៨-១៩ ខែ មិថុនា ឆ្នាំ ។ ទីស្នាក់ការ​បក្ស LSSP ត្រូវបាន​ឆ្មក់​ចូល និង បិទ​ដំណើរការ ។

​នៅពេល​ជប៉ុន​ចូលខ្លួន​ទៅក្នុង​សង្គ្រាម ជាពិសេស​បន្ទាប់ពី​អង់គ្លេស​បាត់បង់​សាំង​ហ្គា​ពួរ ប្រទេស​ស្រីលង្កា បាន​ក្លាយជា​សមរភូមិ​មុខ​របស់​អង់គ្លេស ប្រឆាំង ជប៉ុន ។ នៅ​ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ១៩៤២ ជប៉ុន​បាន​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង កូឡុំបូ ។ មេដឹកនាំ​ជាច្រើន របស់​បក្ស LSSP មានលទ្ធភាព​រត់គេច​ខ្លួន ដោយ​ភាគច្រើន​ភៀសខ្លួន​ទៅ​ប្រទេស​ឥណ្ឌា ហើយ​បាន​ចូលរួម​ក្នុង​ចលនា ទាមទារ​ឯករាជភាព​នៅ​ទីនោះ​ដែល​ដឹកនាំ​ដោយ​លោក គ​ន្ធី ។ នៅ​ឆ្នាំ ១៩៤២ និង ឆ្នាំ ១៩៤៤ បក្ស LSSP ដណ្តើមបាន​តួនាទី​មេដឹកនាំ​សហជីព​កម្មករ​របស់​រដ្ឋាភិបាល​ទីក្រុង កូឡុំបូ ។​

​ជនជាតិ​ស្រីលង្កា ដែល​កំពុង​រស់នៅក្នុង​ប្រទេស​សាំង​ហ្គា​ពួរ និង ប្រទេស​ម៉ាឡេស៊ី បង្កើត​កងទ័ព បាន​មួយ​កងពល នៅក្នុង​កងទ័ព​ជាតិ ឥណ្ឌា ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក Netaji Subhas Chandra Bose ។ គម្រោង​នេះ​ក្នុង​គោលបំណង​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​ស្រីលង្កា ដើម្បី​បះបោរ ទាមទារ ឯករាជភាព ប៉ុន្តែ​បាន​បរាជ័យ​ដោយសារ​អ្នក​បញ្ជូន​ព័ត៌មាន​កងទ័ព​ត្រូវបាន​អង់គ្លេស​ចាប់បាន ដោយសារតែ​ពួកគេ​ចុះ​ខុស​គោលដៅ ។​

​ស្រីលង្កា សេរី​
​សាធារណជន​នៅ​ស្រីលង្កា ចាប់ផ្តើម​ផ្ទុះ​កំហឹង​ចំពោះ​អង់គ្លេស ។ នៅក្នុង ខែ វិច្ឆិកា ឆ្នាំ ១៩៤៤ លោក Susantha de Fonseka សមាជិក​ក្រុមប្រឹក្សារដ្ឋ បាន​អំពាវនាវ​ឱ្យមាន​រដ្ឋធម្មនុញ្ញ​មួយ​ដែល​អោយ ស្រីលង្កា​សេរី ។ នៅ​ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ១៩៤៥ “ ខិតប័ណ្ណ​ស្រីលង្កា សេរី “ ត្រូវបាន​បង្ហាញ នៅក្នុង​ក្រុមប្រឹក្សារដ្ឋ ។ សភា បាន​ព្រាង​រដ្ឋធម្មនុញ្ញ​ស្រីលង្កា​សេរី ប៉ុន្តែ​ទីបំផុត​នៅតែ​ចេញ​មិន​រួច ដោយសារ​អាណានិគម​មិន​ព្រម ។​

​គម្រោង​នានា​ដែលមាន​សហការ​ជាមួយ​ជប៉ុន​ក្នុងការ​ផ្តួលរំលំ​អង់គ្លេស ដើម្បី ឯករាជភាព ស្រីលង្កា បាន​បរាជ័យ​បន្ទាប់ពី​ជប៉ុន ចាញ់​សង្គ្រាម​នៅ​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩៤៥ ហើយ​អង់គ្លេស ក៏បាន​បន្ត​ត្រួតត្រា ស្រីលង្កា ខណៈដែល​ស្រីលង្កា កំពុងស្ថិត​ក្នុង​សភាព​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម ។​
​នៅ​ថ្ងៃទី ៣០ ខែ ឩ​សភា ឆ្នាំ ១៩៤៥ លោក A.P. Jayasuriya បាន​លើកសំណើ​មួយ​នៅក្នុង​ក្រុម ប្រឹក្សា​រដ្ឋ​ថា ពួក​អ្នក​ទាមទារ​ឯករាជ្យ ត្រូវ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ ។ សំណើ​នេះ​ត្រូវបាន​អនុម័ត​ដោយមាន​តែ​សមាជិក​ជាម​ន្ត្រី​តំណាង​អង់គ្លេស​ពីររូប​ប៉ុណ្ណោះ​ជំទាស់ ។ ប៉ុន្តែ​ពួក​សកម្មជន​ទាមទារ​ឯករាជ្យ នៅតែ​មិន​ត្រូវបាន​ដោះលែង ។ នៅ​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ នោះ ក៏មាន​កូដកម្ម​ដ៏​ក្រេវក្រោធ​មួយ​ផ្ទុះឡើង ទើប​អង់គ្លេស​ព្រម​ដោះលែង​ពួក​សកម្មជន​ទាំងនោះ នៅ​ថ្ងៃទី ២៤ ខែ និង ឆ្នាំ ដដែល​នោះ​។

​ចាប់ពី​ខែ កញ្ញា ឆ្នាំ ដដែល​នោះ​ទៅ ក៏មាន​ជំនោរ​កូដកម្ម​ក​ក្រើ​កឡើ​ង​ម្តងទៀត នៅក្នុង​ទីក្រុង កូឡុំបូ ។ នៅ​ខែ វិច្ឆិកា សហជីព All Ceylon United Motor Workers’ Union ដឹកនាំ​ដោយ​បក្ស LSSP បាន​បើក​យុទ្ធនាការ​កូដកម្ម​ទូទាំងប្រទេស​ដោយ​ជោគជ័យ​បើទោះជា​មានការ​ចាប់ខ្លួន​លោក N. M. Perera លោក Philip Gunawardena និង មេដឹកនាំ​ដទៃទៀត​ក៏ដោយ ។​

​កសិករ​ខ្លះ​បាន​បដិសេធ​មិន​ប្រគល់​ស្រូវ​ជូន​រដ្ឋាភិបាល​ឡើយ ហើយក៏​ត្រូវបាន​ចាប់​ដាក់គុក​រាប់រយ​នាក់ ។ នៅ​ឆ្នាំ ១៩៥៦ សភា បានរៀបចំ​ក្បួន​ដង្ហែ​មួយ​ទៅកាន់​ក្រុមប្រឹក្សារដ្ឋ អំពាវនាវ​ឱ្យ​ទម្លាក់ចោល​នូវ​ច្បាប់ ប្រមូល​ពន្ធ​(​ពន្ធ​អារ ក ) ។ ខែ តុលា ឆ្នាំ ១៩៤៦ កម្មករ​រដ្ឋាភិបាល​បាន​ផ្ទុះ​កូដកម្ម​រួមទាំង​កម្មករ​រថភ្លើង កំពង់ផែ ក្រុមហ៊ុន​ថាមពល និង បាន​ក្លាយជា​កូដកម្ម​ទូទៅ​មួយ ។
​បន្ទាប់ពី​ចាប់ខ្លួន​មេដឹកនាំ​ខ្លះមក​ក៏មាន​ការចរចា​ផ្តល់​តាម​ការទាមទារ​រ​ប​ស់កម្មករ ។ ប៉ុន្តែ​អាណានិគម មិនបាន​គោរព​តាម​ការសន្យា​ច្រើន​ឡើយ ទើប​នៅ​ខែ មិថុនា ឆ្នាំ ១៩៤៧ មាន​ផ្ទុះ​កូដកម្ម​សារជាថ្មី ម្តងទៀត ។ ប៉ុន្តែ​ត្រូវបាន​ទប់ស្កាត់​ដោយ​កម្លាំង​កងទ័ព ។​

​ទទួលបាន​ឯករាជ្យ​
​នៅ​ឆ្នាំ ១៩៤៦ លោក D.S. Senanayake បាន​បង្កើត​គណបក្ស​មួយ​ឈ្មោះ គណបក្ស​រួបរួម​ជាតិ ( United National Party =UNP) បានឈ្នះ​កៅអី​ភាគតិច​នៅក្នុង​សភា​ប៉ុន្តែ​បាន​ចងសម្ព័ន្ធភាព​ជាមួយ បក្ស​ពីរ​ផ្សេងទៀត Sinhala Maha Sabha និង​បក្ស Tamil Congress ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ ។

​ការរួម​គ្នា​នេះ​គឺជា​សារ​បង្ហាញ​អោយ​អាណានិគម​អង់គ្លេស​ឃើញច្បាស់​ពី​កម្លាំង​សាមគ្គី​នៅក្នុង​ស្រីលង្កា មាន​គ្រប់​ស្រទាប់ តាំងពី​កម្មករ កសិករ មន្ត្រី​រដ្ឋ និង អ្នកនយោបាយ ។ ប្រការ​នេះឯង​ហើយ ដែល​អាណានិគម​អង់គ្លេស ត្រូវតែ​បង្ខំចិត្ត​រៀបចំ​ប្រគល់​សិទ្ធិអំណាច​ទៅអោយ ស្រីលង្កា ។ ទីបំផុត ពិធី​ប្រគល់​សិទ្ធិអំណាច ឬ ឯករាជភាព​ទៅអោយ​ស្រីលង្កា ត្រូវបានធ្វើ​ឡើងជា​ស្ថាពរ​នៅ​ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ១៩៤៨ ។​

​ជា​សរុបទៅ​តាំងពី​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​អង់គ្លេស​មក ប្រជាជន​ស្រីលង្កា មិនដែល​ព្រម​រស់​ក្រោម ការ ត្រួតត្រា​របស់​អង់គ្លេស​ឡើយ ទើប​មាន​ចលនា​តស៊ូ​រើបម្រះ​តាម​រូបភាព​ផ្សេងៗ​ជា​បន្តបន្ទាប់ រហូត​បាន​ជោគជ័យ​ជា​ស្ថាពរ ដោយសារ​ការរួបរួម​គ្នា​ជា​ធ្លុង​មួយ ៕ ប្រែ​សម្រួល​ចងក្រង​: មេសា​

​ទីក្រុង កូឡុំបូ នៃ ប្រទេស ស្រីលង្កា​

​អង់គ្លេស​ចុះហត្ថលេខា​ប្រគល់​ឯករាជ្យ​ឱ្យ​ស្រីលង្កា​ហើយ​ស្រីលង្កា​ប្រារព្ធ​ទិវា​ឯករាជ្យ​របស់ខ្លួន លើកដំបូង​ឆ្នាំ ១៩៤៨