ទិវា​ឯករាជ្យ​ជាតិ ហ្គ្រើ​ណាដ​

112

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ហ្គ្រើ​ណាដ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ដើម្បី​រំលឹក​ដល់​ថ្ងៃ ដែល​ពួកគេ​ទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស កាលពី​ឆ្នាំ​១៩៧៤ ។ ប៉ុន្តែ​ត​ពី​នោះ​ទៅ ប្រទេស ក៏​មិនទាន់​សូវ​បាន​សុខ​ស្រួល​ប៉ុន្មាន​ឡើយ រហូតដល់​ឆ្នាំ​១៩៨៤ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ហ្គ្រើ​ណាដ គឺជា​រដ្ឋ​កោះ​ដ៏​តូច​ច្រឡឹង​មួយ ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​សមុទ្ទ កា​រិ​ប៊ី​ន មាន ទៅដោយ​កោះ ហ្ក្រ​ង់​ណា​ដា និង​កោះ​ស្រដៀង​គ្នា​នោះ ចំនួន ៦ ទៀត បង្កើតបានជា​ផ្ទៃដី សរុប ៣៤៨,៥ គីឡូម៉ែត្រ​ក្រឡា មាន​ព្រំដែន​ជាប់​ទ្រី​នី​ដា និង​តូ​បា​ហ្គោ​, វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។ ដើមឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ១ សែន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត រដ្ឋ ធានី គឺ​ទីក្រុង​សាំង​ហ្ស៊​ក ។​

​ប្រវត្តិសាស្ត្រ​
​មុន​ការ​ទៅដល់​ទីនោះ នៃ​ជនជាតិ​អឺរ៉ុប ហ្គ្រើ​ណាដ ត្រូវបាន​រស់នៅ​ដោយ​កុលសម្ព័ន្ធ Arawaks ។ អំឡុង​ទសវត្សរ៍​ឆ្នាំ ១៦០០ សង្គ្រាម​រវាង បារាំង ជនជាតិ ការី​បស៍ ( បច្ចុប្បន្ន ជនជាតិ​នៃ​សាធារណ រដ្ឋ​ដូ​មី​និក​) ដណ្តើម​កោះ​ហ្គ្រើ​ណាដ​នេះ​។ បារាំង បាន​កសាង​ទីក្រុង​មួយ ដាក់ឈ្មោះថា ហ្វ​ត រ៉ូយ៉ាល់ Fort Royal ។

​នៅ​ឆ្នាំ​១៦៤៩ បារាំង បាន​បញ្ជូន​បេសកជន ២០៣ នាក់​មកពី​តំបន់​ម៉ា​ទី​និក ដឹកនាំ​ដោយ​លោក ហ្សា​ក ឌូ ប៉ា​កេ​ត៍ បាន​ទៅ​បោះទីតាំង​អចិន្ត្រៃយ៍​នៅលើ​កោះ ហ្គ្រើ​ណាដ​។ ប៉ុន្មាន​ខែក្រោយ​មក ពួក​អ្នក​ចំណូល​ថ្មី ក៏មាន​ទំនាស់​ជាមួយ​អ្នក​ម្ចាស់​កោះ អូសបន្លាយ​រហូតដល់​ឆ្នាំ​១៦៥៤ ជា​ពេលដែល បារាំង​បាន​ចូល បង្ក្រាប និង​ត្រួតត្រា​កោះ​នោះ​ទាំងស្រុង​។ អ្នកស្រុក​ម្ចាស់​កោះ ដែល​នៅ​សេសសល់​ជីវិត​អ្នកខ្លះ បាន​រត់​ចាក​ចេញពី​ទីនោះ អ្នកខ្លះ​ភៀសខ្លួន​ទៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល នៃ​កោះ​នោះ ហើយ​បានក្លាយ ជា​ជនជាតិភាគតិច រសាត់អណ្តែត ហើយ​សហគមន៍​ចុងក្រោយ បាន​សាបសូន្យ​ទៅ​នៅ​អំឡុង ទសវត្សរ៍​ឆ្នាំ​១៧០០​។​

​សង្គ្រាម ៧ ឆ្នាំ ( រវាង​បារាំង និង​អេ​ស្ប៉ា​ញ និង​រដ្ឋ​បរិវារ ប្រឆាំងនឹង​ចក្រភព​អង់គ្លេស និង​រដ្ឋ​បរិវារ ពី​ឆ្នាំ​១៧៥៦ ដល់​ឆ្នាំ​១៧៦៣) កោះ​ហ្ក្រ​ង់​ណា​ដា បាន​ធ្លាក់​ទៅក្នុង​កណ្តាប់ ចក្រភព​អង់គ្លេស ជា​ផ្លូវការ តាមរយៈ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស នា​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​១៧៦៣ ។​

​ដោយមាន​ការជួយ​គាំទ្រ​ពី​បារាំង ដែលជា​សត្រូវ​សួរ​ពូជ​របស់​អង់គ្លេស​ផង ដែនដី​ក្រោម​អាណានិគម អង់គ្លេស នៅ​ទ្វីបអាមេរិក បាន​ក្រោក​ឡើង​ប្រឆាំង​អាណានិគម​អង់គ្លេស​បញ្ឆេះ​ជា​សង្គ្រាម​យ៉ាង សន្ធោសន្ធៅ ចាប់ពី​ឆ្នាំ​១៧៧៥ ដល់​ឆ្នាំ ១៧៨៣ ទើប​បញ្ចប់​ទៅដោយ​ដែនដី​ទាំងនោះ​ប្រកាស​បង្កើត ជា​សហរដ្ឋអាមេរិក​។ ដោយសារ​អង់គ្លេស កំពុង​ជាប់ដៃ​នឹង​សង្គ្រាម ទើប​ដែន​កោះ​ហ្គ្រើ​ណាដ ត្រូវបាន​បារាំង​ដណ្តើមយក​វិញ នៅក្នុង​ខែកក្កដា ឆ្នាំ ១៧៧៩ ។
​ទោះយ៉ាងណា​តាមរយៈ​សន្ធិសញ្ញា​ទីក្រុង​វែក​សៃ នា​ឆ្នាំ​១៧៨៣ ហ្គ្រើ​ណាដ​ត្រូវបាន​ប្រគល់​ទៅឱ្យ ចក្រភព​អង់គ្លេស​។ ប៉ុន្តែ​ក៏មាន​បដិវត្តន៍​ប្រឆាំង​អង់គ្លេស ពី​ចន្លោះ​ឆ្នាំ ១៧៩៥ ដល់​ឆ្នាំ​១៧៩៦ ដែល​ធ្វើឱ្យ​អង់គ្លេស ស្ទើរតែ​មិនអាច​គ្រប់គ្រង​បាន ។​

​លុះដល់​ឆ្នាំ​១៨៧៧ ដែន​កោះ​ហ្គ្រើ​ណាដ ត្រូវបាន​ដាក់បញ្ចូល​ជា រាជា​ណា​និគម​អង់គ្លេស ។ លោក Theophilus A. Marryshow បាន​បង្កើត​សមាគម​រដ្ឋាភិបាល​តំណាង (RGA) នា​ឆ្នាំ​១៩១៧ ក៏​ញ៉ាំងឱ្យមាន​ការតាក់តែង​រដ្ឋធម្មនុញ្ញ សម្រាប់​ប្រជាពលរដ្ឋ នៅ​ហ្គ្រើ​ណាដ ។
​តាមរយៈ​ការ​មានច្បាប់​រដ្ឋធម្មនុញ្ញ​នេះ លុះដល់​ឆ្នាំ​១៩២១-១៩២២ ហ្គ្រើ​ណាដ គឺមាន​លក្ខណៈ អត្តសញ្ញាណ ជា​រដ្ឋាភិបាល​រាជា​ណា​និគម ។ តាមរយៈ​ការកែប្រែ​នេះ​បានផ្តល់​សិទ្ធិ​ដល់​ជន​នៅលើ កោះ​ហ្គ្រើ​ណាដ បោះឆ្នោត​ជ្រើសរើស​សមាជិក ៥​រូប ក្នុងចំណោម​សមាជិក​ទាំង ១៥ រូប នៃ ក្រុមប្រឹក្សាធម្មនុញ្ញ ។​

​ឯករាជភាព ហ្គ្រើ​ណាដ​
​ឆ្នាំ​១៩៥០ លោក អេ​រីក ហ្គេ​រី បាន​បង្កើត​គណបក្សនយោបាយ​មួយ ឈ្មោះថា គណបក្ស​ពលកម្ម ហ្ក្រ​ង់​ណា​ដា​រួបរួម ( Grenada United Labour Party ) ដែល​ពីដំបូង​ឡើយ​វា​គ្រាន់តែ​ជា សហជីព​ពាណិជ្ជកម្ម ដឹកនាំ​ធ្វើបាតុកម្ម​ជាច្រើន នៅក្នុង​ឆ្នាំ​១៩៥១ ដើម្បី​ទាមទារ​លក្ខន្តិកៈ​ការងារ ឱ្យបាន​ប្រសើរ​ជាង​មុន​ប៉ុណ្ណោះ ។​
​ ​
​ប៉ុន្តែ​បាតុកម្ម​ទាំងនោះ បាន​ផ្ទុះ​រាលដាល​ទៅជា​ភាពអនាធិបតេយ្យ​យ៉ាង​មហិមា ដែលនាំឱ្យ​អគារ ជាច្រើន ត្រូវបាន​ដុត​កម្ទេច ហើយ​អាជ្ញាធរ​អង់គ្លេស បង្ខំចិត្ត​ត្រូវ​ប្រើ​កងទ័ព ដើម្បី​គ្រប់គ្រង ស្ថានភាព​ឡើងវិញ ។ ​

​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​១៩៥១ ហ្គ្រើ​ណាដ បានរៀបចំ​ការបោះឆ្នោត​លើកដំបូង​របស់ខ្លួន ដោយ​លោក អេ​រីក ហ្គេ​រី ឈ្នះ​បាន ៦ អាសនៈ​ក្នុងចំណោម​អាសនៈ​សរុប ៨ ។ នៅ​ថ្ងៃទី​៣ ខែ មករា ឆ្នាំ​១៩៥៨ កោះ​នានា​នៅ​តំបន់​សមុទ្ទ​ការី​ប៊ី​ន ក្រោម​អាណានិគម​អង់គ្លេស ដែល​ក្នុងនោះ​ក៏មាន ហ្គ្រើ​ណាដ ផង​នោះ បាន​ប្រមូល​ផ្តុំគ្នា​បង្កើតជា សហព័ន្ធ ឥណ្ឌា ខាងលិច ។ ប៉ុន្តែ សហព័ន្ធ នេះ ត្រូវបាន​សាបរលាប ទៅ​រៀងខ្លួន​វិញ នៅត្រឹម​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ១៩៦២ ។​

​នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​១៩៦៧ ហ្គ្រើ​ណាដ ត្រូវបាន​ផ្តល់ឱ្យ​នូវ​ស្វ័យភាព​យ៉ាង​ពេញលេញ​សម្រាប់​កិច្ចការ ផ្ទៃក្នុង ក្នុងឋានៈ​ជា​រដ្ឋ​រួបរួម ។ លោក Herbert Blaize បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី នៃ រដ្ឋ​រួបរួម ហ្គ្រើ​ណាដ ពី​ខែ មីនា ដល់​ខែ សីហា ឆ្នាំ ១៩៦៧ ។ បន្ទាប់មក គឺ​លោក អេ​រីក ហ្គេ​រី បាន​ឡើងកាន់តំណែង ជា​នាយករដ្ឋមន្ត្រី​បន្ត រហូតដល់​ខែ កុម្ភៈ ឆ្នាំ​១៩៧៤ ។ ក្រោម​ការដឹកនាំ​របស់ លោកនាយក​រដ្ឋមន្ត្រី អេ​រីក ហ្គេ​រី ហ្ក្រ​ង់​ណា​ដា ត្រូវបាន​អង់គ្លេស ប្រគល់​ឯករាជភាព​យ៉ាង​ពេញ លេញ​នៅ​ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ១៩៧៤ ។ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ហ្គ្រើ​ណាដ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ ដើម្បី រំលឹក​ដល់​ថ្ងៃ​នោះឯង ។​
​ ​
​ប៉ុន្តែ​បន្ទាប់ពី​ទទួលបាន​ឯករាជភាព​មក ក៏មាន​ទំនាស់​ផ្ទុះឡើង រវាង​រដ្ឋាភិបាល​រប​ស់លោក អេ​រីក ហ្គេ​រី និង គណបក្សនយោបាយ​ជា​គូប្រជែង​នានា រួមទាំង​គណបក្ស New Jewel Movement (NJM) ដែលជា​បក្សកុម្មុយនិស្ត​របស់លោក Maurice BishopCivil ផង ។ ការបោះឆ្នោត​ឆ្នាំ ១៩៧៦ គណបក្ស​របស់លោក ហ្គេ​រី បានឈ្នះ ប៉ុន្តែ​បក្សប្រឆាំង​មិន​ទទួលយក​ឡើយ​ដោយ​ពួកគេ​បាន​ចោទថា លទ្ធផល នៃ ការបោះឆ្នោត​នោះ គឺជា​ការ​គៃបន្លំ ។​

​ខែមីនា ឆ្នាំ​១៩៧៩ គណបក្ស New Jewel Movement បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក ហ្គេ​រី​, ផ្អាក​សុពលភាព​រដ្ឋធម្មនុញ្ញ និង​បង្កើត​រដ្ឋាភិបាល​បដិវត្ត​ន៍​ប្រជាជន (PRG) ដោយមាន​លោក Maurice Bishop តែងតាំង​ខ្លួនឯង​ថា​ជា​នាយករដ្ឋមន្ត្រី ។ រដ្ឋាភិបាល​នេះ បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ គុយបា​, នី​កា​រ៉ា​ហ្គ័​រ និង បណ្តា​រដ្ឋ​កុ​ម្មុយ​និ​ស្ត​ដទៃ ។ រាល់​គណបក្សនយោបាយ​ទាំងអស់ ត្រូវបាន ហាមឃាត់ លើកលែងតែ​គណបក្ស New Jewel Movement ហើយក៏​គ្មាន​ការបោះឆ្នោត​ដែរ ។​
​ ​
​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​១៩៨៣ ឧបនាយករដ្ឋមន្ត្រី Bernard Coard និង ភរិយា​របស់គាត់ ដោយមាន ការគាំទ្រ​ដោយ​កងទ័ព​អា​ល្លី​ម៉ឺង់ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោក Maurice Bishop ហើយ​ឃុំឃាំង​គាត់​នៅក្នុង​ផ្ទះ ។ បាតុកម្ម​ឱ្យ​ដោះលែង​លោក Bishop ក៏បាន​កើតឡើង​ពាសពេញ​កោះ ហើយ​ទីបំផុត​គាត់​ក៏ត្រូវ​បាន​ដោះលែង ។ ប៉ុន្តែ​នៅពេលដែល​គាត់​ប៉ុង​ប៉ង​ដណ្តើម​អំណាច​ឡើងវិញ​នោះ គាត់​ត្រូវបាន​បាន​កងទ័ព​ចាប់ខ្លួន និង កាត់ទោស​ប្រហារជីវិត​ជាមួយនឹង​សហការី ៦ នាក់​ផ្សេងទៀត ។ បន្ទាប់មក​ប្រទេស​នេះ ត្រូវ​បានដាក់​ក្រោម​ច្បាប់អាជ្ញាសឹក ។

​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​១៩៨៣ កងទ័ព​អាមេរិក បាន​ចូល​ឈ្លានពាន​រដ្ឋ​កោះ ហ្គ្រើ​ណាដ ។ ខែធ្នូ ឆ្នាំ​១៩៨៤ ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ​ត្រូវបាន​ប្រារព្ធ​ឡើង ហើយ​សុខសន្តិភាព​ក៏​កើតមាន​ឡើងវិញ រហូតមក ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ទីក្រុង សាំងហ្ស៊ក នៃ ប្រទេស ហ្គ្រើណាដ ( សាងហ្ស៊ក)
​លោក អេ​រីក ហ្គេ​រី ជា​អ្នកដឹកនាំ​ទាមទារ​បាន​ឯករាជភាព ហ្គ្រើ​ណាដ ពី​អង់គ្លេស ( អេ​រីក ហ្គេ​រី )