ទិវា​ឯករាជ្យ​ជាតិ ហ្វីលីពីន​

524
ចែករម្លែក

​ភ្នំពេញៈ ហ្វីលីពីន បាន​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​អេ​ស្ប៉ា​ញ រាប់រយឆ្នាំ ហើយ​ឆ្លងកាត់ ការតស៊ូ​មួយរយៈ​មក ក៏បាន​ប្រកាស​ឯករាជ្យ​ភាព​ដំបូង នៅ​ឆ្នាំ ១៨៩៨ ប៉ុន្តែ​មិនត្រូវ​បាន ទទួលស្គាល់​ពី​ឆាក​អន្តរជាតិ​ឡើយ ហើយក៏​បន្ត​ស្ថិតក្រោម​ការ​ត្រួ​ត្រា​របស់​អាមេរិក ជាង​បួន​ទសវត្សរ៍​ទៀត ទីបំផុត បានទទួល​ឯករាជ្យភាព​ពី​អាមេរិក នៅ​ឆ្នាំ​១៩៤៦ ដោយ ប្រារព្ធ​ទិវា​ឯករាជ្យ នៅ​ថ្ងៃទី​៤ ខែកក្កដា លុះ​ចាប់ពី​ឆ្នាំ​១៩៦២ មក​ទើប​ប្តូរ​មក​ធ្វើ​នៅ​ថ្ងៃ ទី​១២ ខែមិថុនា ដើម្បី​រំឭក​ដល់​ការប្រកាស​ឯករាជ្យភាព​ដំបូង​បំផុត ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​ហ្វីលីពីន មាន​ទំហំ​ប្រមាណ​ជា ៣០០.០០០ ម៉ែត្រក្រឡា ស្ថិតនៅ​អាស៊ី អាគ្នេយ៍ ជា​ប្រទេស​ប្រជុំ​ទៅដោយ ៧.១០៧ កោះ មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ឥណ្ឌូ ណេ​ស៊ី ជប៉ុន ម៉ាឡេស៊ី វៀតណាម និង តៃវ៉ាន់ មាន​ដែន​សមុទ្ទ​ជាប់​សមុទ្ទ​ចិន និង ស​មុ​ទ្ធ​វៀតណាម ។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ១០៨ លាន​នាក់​ដោយសារ​ស្ថិត ក្រោម​ការត្រួតត្រា​របស់​អេ​ស្ប៉ា​ញ រាប់រយឆ្នាំ នាំឱ្យ​មនុស្ស​ភាគច្រើន គឺជា​អ្នក​កាន់ សាសនា​គ្រិស្ត រ៉ូ​ម៉ាំង​កាតូលិក ហើយក៏​ជា​ប្រទេស ដែលមាន​អ្នក​កាន់សាសនា​គ្រិស្ត ច្រើន​បំផុត​នៅ​អាស៊ី ភាសាផ្លូវការ គឺ​ភាសា​ហ្វីលីពីន ដោយមាន​ភាសា​អង់គ្លេស ជា​ភាសា​លំដាប់​ទី​២ រដ្ឋធានី​គឺ​ទីក្រុង​ម៉ានីល ។​

​ប្រវត្តិសាស្ត្រ​
​ពាក្យ​ថា ហ្វីលីពីន ( Philippines ) ត្រូវបាន​អ្នករុករក​ដែលជា​ជនជាតិ​អេ​ស្ប៉ា​ញ ដាក់​តាម ឈ្មោះ​ស្តេច ហ្វី​លី​ព ទី​២ ( Philip II ) របស់​អេ​ស្ប៉ា​ញ ដែល​កាលណោះ គឺ​ឆ្នាំ​១៥២៤ ជនជាតិ​អេ​ស្ប៉ា​ញ​រូបនោះ ហៅថា Felipinas ហើយ​ក្រោយមក ក៏​ហៅថា Las Islas Filipinas ជា​ភាសា​អេ​ស្ប៉ា​ញ ដែល​សំដៅ​ដល់​ប្រជុំ​កោះ​ជាង ៧.០០០ ស្ថិតនៅ​ខាងលិច មហាសមុទ្ទ ប៉ាស៊ីហ្វិក ដែល​បច្ចុប្បន្ន គឺ​ប្រទេស​ហ្វីលីពីន នេះឯង ។​

​ចាប់ពី​ឆ្នាំ​១៥៦៥ មក ប្រទេស​ហ្វីលីពីន បាន​ស្ថិតក្រោម​អាណានិគម​ម៉ិ​ក​ស៊ិ​ក ( កាល ណោះ ម៉ិ​ក​ស៊ិ​ក គឺជា​ផ្នែក​មួយ នៃ​ប្រទេស​អេ​ស្ប៉ា​ញ ) ។ នៅ​ឆ្នាំ​១៨២១ ប្រទេស​ម៉ិ​ក​ស៊ិ​ក ទទួលបាន​ឯករាជ្យ​ពី​ប្រទេស​អេ​ស្ប៉ា​ញ ហើយ​តពីនោះមក អេ​ស្ប៉ា​ញ បាន​ត្រួតត្រា ហ្វីលីពីន ដោយផ្ទាល់ ពី​ទីក្រុង​ម៉ា​ឌ្រី​ត វិញ​។

​នៅ​ឆ្នាំ​១៨៦៨ បដិវត្តន៍​អេ​ស្ប៉ា​ញ បានបញ្ចប់​រជ្ជកាល​អ​នា​ធិបតេយ្យ​របស់​ក្សត្រិយានី អ៊ី​សា​បែ​ល ទី​២ ហើយ​ជំនួស​ដោយ​រដ្ឋាភិបាល​រំដោះ ដឹកនាំ​ដោយ ឩ​ត្ត​ម​សេនីយ៍ ហ្វ្រា​និ​ស៊ី​ស្កូ ហ្វេ​រ៉ាណូ ។ នៅ​ឆ្នាំ​១៨៦៩ ឩ​ត្ត​ម​សេនីយ៍ ហ្វ្រា​និ​ស៊ី​ស្កូ ហ្វេ​រ៉ាណូ​បាន​តែង តាំង ឩ​ត្ត​ម​សេនីយ៍ កា​ឡូ​ស ម៉ា​រី​យ៉ា ដឺ ឡា តូ​រ៉េ ធ្វើជា​អ្នកត្រួតត្រា​ប្រទេស​ហ្វីលីពីន ។ នៅ​ឆ្នាំ​១៨៧២ ត្រូវបាន​ជំនួស ដោយ​រដ្ឋាភិបាល​របស់​លោក​ឩ​ត្ត​ម​សេនីយ៍ Rafael de Izquierdo ដែល​គ្រប់គ្រង​គាបសង្កត់ ធ្វើឱ្យមាន​ចលនា​កងទ័ព​របស់​ជ​ន​ជាតិ ហ្វីលីពីន នៅឯ​តំបន់ Fort San Felipe ដោយមាន​ការផ្គត់ផ្គង់​អាវុធ​ពី​តំបន់ Cavite el Viejo ប្រឆាំងនឹង​អេ​ស្ប៉ា​ញ​។

​ចលនា​បះបោរ​នេះ ងើបឡើង​បានត្រឹមតែ ៧ ថ្ងៃ មាន​មនុស្ស​ជាច្រើន ត្រូវបាន​ចាប់ខ្លួន និង​កាត់​ឱ្យមាន​ទោស ក្នុងនោះ​ក៏មាន​បព្វជិត​ជា​បញ្ញវ័ន្ត ៣ រូប​ផងដែរ ដែល​ត្រូវបាន រដ្ឋាភិបាល​អាណានិគម អេ​ស្ប៉ា​ញ កាត់ទោស​ព្យួរ ក សម្លាប់ បាន​បញ្ឆេះ​ដល់​ទឹកចិត្ត របស់​ប្រជាជន​ហ្វីលីពីន ឱ្យ​ឈឺចាប់​យ៉ាងខ្លាំង ។

​ជនជាតិ​ហ្វីលីពីន​ជាច្រើន ដែល​ត្រូវបាន​ចាប់ខ្លួន អាច​ពីបទ​ធ្វើ​ឩ​ទ្ទាម​កម្ម​ត្រូវបាន​បញ្ជូន ទៅ​អាណានិគម​អេ​ស្ប៉ា​ញ​។ ចំណែក​អ្នកខ្លះ បាន​ភៀសខ្លួន​ទៅ ហុងកុង យូ​កូ​ហា​ម៉ា សាំង​ហ្គា​ពួរ ប៉ារីស ឡុង​ដ៍ ប៊ែ​រ​ឡាំង និង អ្នក​ខ្លះទៅ​តំបន់​ផ្សេងៗ នៃ​ប្រទេស​អេ​ស្ប៉ា​ញ ។​

​ពួក​អ្នករត់​គេចខ្លួន​ទាំងនោះ បាន​ជួប​ជាមួយ​និស្សិត​ជនជាតិ ហ្វីលីពីន និង​អ្នក​និរទេស ដទៃទៀត ដែល​បាន​រត់គេច​ពី​ការចាប់ខ្លួន​របស់​អាណា​និគម​អេ​ស្ប៉ា​ញ បាន​បង្កើត អង្គការ​មួយ​ដែលមាន​ឈ្មោះថា “ ចលនា​ឃោសនា “ ហើយ​បាន​ប្រើ​សំណេរ​របស់​ពួកគេ ថ្កោលទោស ការរំលោភបំពាន​រប​ស់​អេ​ស្ប៉ា​ញ ផ្នែក​សិទ្ធិ​នយោបាយ​សង្គម និង​សាសនា ទៅលើ​ជនជាតិ​ហ្វីលីពីន និង​ស្វែងរក​ការធ្វើកំណែទម្រង់​រដ្ឋាភិបាល​អាណានិគម អេ​ស្ប៉ា​ញ ។

​បន្ទាប់ពី​បាន​ត្រឡប់​មកពី​អាមេរិក នៅ​ឆ្នាំ​១៨៩២ មក ជនជាតិ​ហ្វីលីពីន ម្នាក់​គឺ​លោក ចូ​សេ រី​ស្ហា​ល់ បាន​បង្កើត​សមាគម​មួយ​ឈ្មោះថា “ សម្ព័ន្ធ​ជនជាតិ​ហ្វីលីពីន “ ដើម្បី​ស្វែង រក​ការធ្វើកំណែទម្រង់​រដ្ឋាភិបាល​អាណានិគម​អេ​ស្ប៉ា​ញ ។ ប៉ុន្តែ​លោក រី​ស្ហា​ល់​បាន​រស់ នៅលើ​ទឹកដី ហ្វីលីពីន បានតែ​ពីរ បី​ថ្ងៃ​ប៉ុណ្ណោះ រដ្ឋាភិបាល​អាណានិគម​អេ​ស្ប៉ា​ញ បានដឹង​ក៏​ចាប់​និរទេស​គាត់​ភ្លាម ។ សម្ព័ន្ធ​ជនជាតិ​ហ្វីលីពីន ក៏បាន​ដល់​នូវ​ទី​អវសាន ។ ការស្វែងរក​កំណែទម្រង់​ដោយ​សន្តិវិធី ត្រូវបាន​បញ្ចប់ ប៉ុន្តែ​បែរជា​ត្រូវបាន​ជំនួស ដោយ​ការទាមទារ ប្រកបដោយ​ភាព​គឃ្លើន​ជាង​មុន​ទៅវិញ ។​

​បដិវត្តន៍​ហ្វីលីពីន​
​សមាជិក​ម្នាក់​របស់​អតីត​សម្ព័ន្ធ​ជនជាតិ​ហ្វីលីពីន ដែល​បាន​រលាយ​រលត់​ទៅហើយ លោក Andrés Bonifacio បាន​បង្កើត​អង្គការ​សម្ងាត់​មួយ ឱ្យ​ឈ្មោះថា Katipunan នៅ​ទីក្រុង ម៉ានីល ។ ប៉ុន្តែ​អង្គការ​នេះ ទាក់ទាញ​បានតែ​មនុស្ស​មិនសូវមាន​ឥទ្ធិពល ឋានៈ​តូច​ទាប ។ នៅ​ខែមិថុនា ឆ្នាំ​១៨៩៦ លោក Bonifacio​បាន​បញ្ជូន​បេសកជន​ឱ្យទៅ ជួប​លោក រី​ស្ហា​ល់ ដែល​កំពុង​នៅ​និរទេស​ខ្លួន ដើម្បី​ស្វែងរក​ការគាំទ្រ ។ ប៉ុន្តែ​លោក រី​ស្ហា​ល់ បាន​បដិសេធ​ដោយ​គាត់​មិន​ព្រម​ចូលរួម ក្នុង​បដិវត្តន៍​ប្រដាប់អាវុធ​ឡើយ ។ នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​១៨៩៦ អង្គការ Katipunan បាន​បែកការណ៍​នាំឱ្យមាន​ចំណាត់ ការ​ក្តៅ ពី​អាណានិគម​អេ​ស្ប៉ា​ញ ហើយ​ក៏បាន​ជម្រុល​ឱ្យមាន​ជា​បដិវត្តន៍ ហ្វីលីពីន ជា​ចំហរ​តែម្តង ។​

​បដិវត្តន៍​នោះ បានចាប់ផ្តើម​ផ្ទុះ​ចេញពី​ខេត្ត​ចំនួន ៨ នៅ​តំបន់ Central Luzon ហើយ​ទី បំផុត​ការតស៊ូ​ប្រដាប់អាវុធ​បាន​រីក​រាលដាល​ពាសពេញ​តំបន់ Taglog ភាគខាងត្បូង ។ នៅក្នុង​អំឡុង​ឆ្នាំ ១៨៩៦ និង ១៨៩៧ មាន​សន្និបាត​ដ៏​ជោគជ័យ​ជា​បន្តបន្ទាប់​នៅ​តំបន់ Imus និង Tejeros ក៏បាន​សម្រេច​នូវ​ជោគវាសនា​សា​ធាណរ​រដ្ឋ​ថ្មី​មួយ ។ នៅ​ខែវិច្ឆិកា ឆ្នាំ​១៨៩៧ សាធារណរដ្ឋ Biak-na-Bato ត្រូវបាន​បង្កើតឡើង ហើយ​រដ្ឋធម្មនុញ្ញ​ត្រូវ បានប្រកាស​ឱ្យប្រើ​ប្រាស់ ដោយ​រដ្ឋាភិបាល​បដិវត្ត​ន៍​របស់​ជនជាតិ ហ្វីលីពីន ។

​នា​អំឡុង​ពេលនោះ សង្គ្រាម​រវាង អេ​ស្ប៉ា​ញ និង អាមេរិក ក៏បាន​ផ្ទុះឡើង ។ ឩ​ត្ត​មនា​វី អាមេរិក​ម្នាក់​ឈ្មោះ George Dewey បាន​ដឹកនាំ​កងទ័ពជើងទឹក​របស់​គាត់ ចេញពី​ទី ក្រុង​ហុងកុង ឆ្ពោះទៅ​កំពង់ផែ Manila Bay នៃ​ប្រទេស​ហ្វីលីពីន ។​

​ថ្ងៃទី​១ ខែ​ឩ​សភា ឆ្នាំ​១៨៩៨ ការប្រយុទ្ធ​គ្នា​នៅ​កំពង់ផែ Manila Bay បាន​ឆាបឆេះ​ឡើង រវាង​អេ​ស្ប៉ា​ញ និង អាមេរិក ដែលជា​ផ្នែក​មួយ នៃ​សង្គ្រាម អេ​ស្ប៉ា​ញ​-​អាមេរិក ។ កងទ័ព របស់​ឩ​ត្ត​មនា​វី Dewey នៃ​កងទ័ព​អាមេរិក បានឈ្នះ​លើ​កងទ័ព​អេ​ស្ប៉ា​ញ​នៅ​ទីនោះ ហើយ​បាន​ត្រួតត្រា​លើ​រដ្ឋាភិបាល​អាណា​និគ​អេ​ស្ប៉ា​ញ នៅ​ហ្វីលីពីន ដោយ​ជោគជ័យ ។

​នៅ​ចុងខែ​ឩ​សភា ឆ្នាំ​១៨៩៨ នោះ កងទ័ពជើងទឹក​អាមេរិក បាន​នាំយក​អតីត​អ្នកតស៊ូ ជនជាតិ​ហ្វីលីពីន​ម្នាក់ គឺ​លោក អេ​មី​លី​អូន អាគី​ណា​ល់​ដូ ដែល​កំពុង​នៅ​និរទេស​ខ្លួន (​ដោយសារ​ប្រឆាំង​អេ​ស្ប៉ា​ញ​) នៅ ហុងកុង ត្រឡប់​ទៅ​ហ្វីលីពីន វិញ ។ អាគី​ណា​ល់​ដូ បាន​ទៅដល់​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​១៩ ខែ​ឩ​សភា ឆ្នាំ​១៨៩៨ នោះ​ហើយ​បាន​ប្រមែ ប្រមូល​បង្រួបបង្រួម​ក​ម្លាំ​ង​បដិវត្តន៍ ឱ្យ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក ។​

​ប្រកាស​ឯករាជ្យ​ហ្វីលីពីន
​ចូលដល់​ខែមិថុនា ឆ្នាំ ១៨៩៨ នោះ អាគី​ណា​ល់​ដូ មាន​ទស្សនៈ​ថា ការប្រកាស​ឯករាជ្យ ភាព​របស់​ហ្វីលីពីន នឹង​ជា​កត្តា​ជំរុញ​ទឹកចិត្ត​ជនជាតិ​ហ្វីលីពីន ឱ្យ​ក្រោកឈរ​ប្រយុទ្ធ តតាំង នឹង​ជនជាតិ​អេ​ស្ប៉ា​ញ នៅ​លើក​ទឹកដី ហ្វីលីពីន និង​អាច​នាំ​ទៅឱ្យ​ជាតិ​សាសន៍ ដទៃ ទទួលស្គាល់​នូវ​ឯករាជ​ជ្យ​ភាព របស់​ហ្វីលីពីន ។​

​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​១៨៩៨ នោះ អាគី​ណា​ល់​ដូ បានចេញ​ក្រឹត្យ​មួយ​ដោយ​ជ្រើស រើស យក​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ១៨៩៨ ថា​ជា​ថ្ងៃ​ប្រកាស​ឯករាជ្យភាព​របស់​ហ្វីលីពីន ។ អាគី​ណា​ល់​ដូ ក៏បាន​ដឹកនាំ​ធ្វើ​ពិធី​ប្រកាស​ឯករាជ្យភាព ហ្វីលីពីន នោះ​នៅឯ​គេហដ្ឋាន របស់គាត់ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​១៨៩៨ តាម​ការគ្រោងទុក​មែន ។

​នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៨៩៨ នោះ អាគី​ណា​ល់​ដូ បានប្រកាស​បង្កើត​រដ្ឋា​ភិ​បាល ផ្តាច់ការ​មួយ ដែល​ដឹកនាំ​ដោយ​រូ​បគ​តា​ត់​ផ្ទាល់ ។ ប៉ុន្តែ​នៅ​ថ្ងៃទី​២៣ ខែ ឆ្នាំ ដដែល​នោះ អាគី​ណា​ល់​ដូ បែរជា​ប្រកាស​បង្កើត​រដ្ឋាភិបាល​ប​ដិ​វត្ត​ន៍ ជា​ជំនួស​ទៅវិញ ។​

​ចន្លោះ​ពី​ខែមិថុនា ទៅដល់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​១៨៩៨ នោះ សភាព​ធម្មនុញ្ញ​មួយ ឈ្មោះ Malolos របស់​រដ្ឋាភិបាល​បដិវត្ត​ន៍​ហ្វីលីពីន ហើយក៏​ជាស​ភា​ដំបូង​គេ នៃ សាធារណរដ្ឋ ហ្វីលីពីន ត្រូវបាន​បោះឆ្នោត​បង្កើតឡើង ហើយ​ជា​លទ្ធផល លោក អេ​មី​លី​អូ អាគី ណា​ល់​ដូ ត្រូវបាន​បោះឆ្នោត ឱ្យធ្វើជា​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហ្វីលីពីន នោះ ។​

​ពិធី​ប្រកាស​ឯករាជ្យភាព​របស់​ហ្វីលីពីន ត្រូវ​បានឱ្យ​សច្ចាប័ន​លើក​ទី​១ នៅ​ខែសីហា ឆ្នាំ ១៨៩៨ ដោយ​មន្ត្រី ១៩០ រូប មកពី​ខេត្ត​ចំនួន​១៦ ដែល​ត្រួតត្រា​ដោយ​កងទ័ព​បដិវត្តន៍ ហ្វីលីពីន ហើយ​ត្រូវ​បានឱ្យ​សច្ចាប័ន​ម្តងទៀត នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​១៨៩៨ ដោយ​សភា Malolos ។

​ប៉ុន្តែ​ការតស៊ូ​របស់​ជនជាតិ​ហ្វីលីពីន ទាំងនោះ ពុំ​ទទួលបាន​ការទទួលស្គាល់​ឯករាជ្យភាព ពី​សំណាក់​អន្តរជាតិ​ឡើយ ហើយក៏​មិនបាន​ទទួលស្គាល់​ពី​សំណាក់ អេ​ស្ប៉ា​ញ ឬ ពី​អាមេរិក ដែល​កំពុង​ប្រជែង​គ្នា​ត្រួតត្រា ហ្វីលីពីន នាពេល​នោះដែរ ។

​នៅក្នុង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស នា​ឆ្នាំ​១៨៩៨ អេ​ស្ប៉ា​ញ បាន​ព្រម​ចុះចាញ់​អាមេរិក ហើយ​បានប្រគល់​ប្រទេស​ហ្វីលីពីន (​និង ទឹកដី​មួយចំនួនទៀត ដោយ​រួមទាំង​គុយបា និង ឥណ្ឌា​ភាគ​ខាងលិច​ផង​) ទៅឱ្យ​អាមេរិក ។ ប៉ុន្តែ​រដ្ឋាភិបាល​បដិវត្ត​ន៍​របស់​ហ្វីលីពីន មិន​ទទួល ស្គាល់​នូវ​សន្ធិសញ្ញា​របស់​ភាគី​ទាំងពីរ (​អេ​ស្ប៉ា​ញ និង អាមេរិក​) ឡើយ ។​

​ឥឡូវនេះ អាមេរិក ដែលជា​អ្នកត្រួតត្រា​ប្រទេស​ហ្វីលីពីន បន្ត​ពី​អេ​ស្ប៉ា​ញ មិន​ទទួល ស្គាល់ ឯករាជភាព​របស់​ហ្វីលីពីន ចំណែក​រដ្ឋាភិបាល​បដិវត្ត​ហ្វីលីពីន មិន​ទទួលស្គាល់ អាមេរិក ថា​ជា​អ្នក​ត្រួ​ត្រា​របស់ខ្លួន​បន្ត​ពី​អេ​ស្ប៉ា​ញ ដែរ ។ ប្រការនេះ​បាន​បណ្តាលឱ្យ ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ​១៨៩៩ មានការ​ផ្ទុះ​សង្គ្រាម​រវាង​កងទ័ព​អាមេរិក (​ដែល​កំពុង​ត្រួ​ត្រា ហ្វីលីពីន បន្ត​ពី​អេ​ស្ប៉ា​ញ​) និង កងទ័ព​បដិវត្ត​វ​ហ្វីលីពីន ។

​នៅក្នុង​ប្រតិបត្តិការ​ពី​ចន្លោះ​ថ្ងៃទី​១៥ ខែកញ្ញា ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​១៨៩៩ សភា Malolos ត្រូវ​បានអនុម័ត​ទទួលស្គាល់ ហើយ​បង្កើតបានជា​សាធារណរដ្ឋ ហ្វីលីពីន លើកដំបូង​ឡើង ដោយមាន​លោក អេ​មី​លី​អូ អាគី​ណា​ល់​ដូ ជា​ប្រធានាធិបតី ។​

​នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​១៨៩៩ លោក អាគី​ណា​ល់​ដូ បានប្រកាស​សង្គ្រាម​ប្រឆាំង នឹង​កងទ័ព​អាមេរិក នៅលើ​ទឹកដី​ហ្វីលីពីន ក៏​បង្កើតឱ្យមាន​ជា​សង្គ្រាម​រវាង​កងទ័ព ហ្វីលីពីន​-​អាមេរិក ។ នៅ​ទីបំផុត កងទ័ព​អាមេរិក​បាន​ឡោម​ព័​ទ​ចាប់ខ្លួន​លោក​ប្រ​ធានា ធិបតី អាគី​ណា​ល់​ដូ បាន​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​១៩០១ ហើយ​បង្ខំ​ឱ្យ​លោក អាគី​ណា​ល់​ដូ ស្បថ​ឈប់​ប្រឆាំង អាមេរិក នៅ​ថ្ងៃទី ១ ខែ មេសា ឆ្នាំ​ដដែល​នោះ ។

​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​១៩០២ ប្រធានាធិបតី​អា​មេ​រិ​លោក Theodore Roosevelt បានប្រកាស លើកលែងទោស​ទាំងស្រុង ដល់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​សង្គ្រាម ហ្វីលីពីន -​អាមេរិក ហើយ​សង្គ្រាម​នោះ ក៏បាន​បញ្ចប់​ដោយ​ប្រសិទ្ធភាព ដោយ​លទ្ធផល​គឺ ហ្វីលីពីន ស្ថិតនៅក្រោម​ការត្រួតត្រា​របស់ អាមេរិក បន្ត​ពី អេ​ស្ប៉ា​ញ ។

​ជាង​បួន​ទសវត្សរ៍ ក្រោយមក ដោយមាន​ការតស៊ូ​ជា​បន្តបន្ទាប់ របស់​អ្នកស្នេហាជាតិ ហ្វីលីពីន ស្របពេល​ស្ថានភាព​ពិភពលោក ប្រែប្រួល​ផង បន្ទាប់ពី​ការចរចា​ជា​ហូរហែ​មក នៅក្នុង​សន្ធិសញ្ញា​ទីក្រុង​ម៉ានីល នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​១៩៤៦ អាមេរិក​បានប្រគល់ ឯករាជ្យភាព ឱ្យ ហ្វីលីពីន ដោយ​ប្រទេស​ទាំងពីរ នៅ​រក្សា​ទំនាក់ទំនង​ក្នុងឋានៈ​ជា មិត្តភាព​នឹង​គ្នា ។​

​អាមេរិក បានជ្រើសរើស​យក ថ្ងៃទី​៤ ខែកក្កដា ធ្វើជា​ទិវា​ឯករាជ្យ​ជាតិ​ហ្វីលីពីន ដើម្បីឱ្យ​ស្របគ្នា​ជាមួយ​ទិវា​ឯករាជ្យ​ជាតិ អាមេរិក​ដែរ ហើយ ទិវា​ឯករាជ្យ​ជាតិ​ហ្វីលីពីន ត្រូវបាន​ប្រារព្ធ​នៅ​ថ្ងៃទី​៤ ខែកក្កដា រហូតដល់​ឆ្នាំ ១៩៦២ ។

​នៅ​ទី​១២ ខែឧសភា ឆ្នាំ ១៩៦២ ប្រធានាធិបតី ហ្វីលីពីន លោក Diosdado Macapagal បានចេញ​ច្បាប់​ឱ្យ​យក​ថ្ងៃទី ១២ ខែមិថុនា ថា​ជា​ថ្ងៃ​សម្រាក​ទូទាំងប្រទេស ដើម្បី​រំឭក ដល់​ថ្ងៃ​ដែល​អ្នកស្នេហាជាតិ​ហ្វីលីពីន ដោយមាន​លោក អេ​មី​លី​អូ អាគី​ណា​ល់​ដូ ជា​ប្រមុខ ប្រកាស​ឯករាជ្យភាព​ហ្វីលីពីន នៅឯ​គេហដ្ឋាន​របស់គាត់ កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ ១៨៩៨ ។​

​ពីរ​ឆ្នាំ​ក្រោយមក គឺ​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​១៩៦៤ ហ្វីលីពីន បានប្រកាស​ផ្លាស់ប្តូរ ដោយ​យក​ថ្ងៃទី​៤ ខែកក្កដា ធ្វើជា​ទិវា​សាធារណៈ ហ្វីលីពីន ហើយ​យក​ថ្ងៃទី​១២ ខែមិថុនា ធ្វើជា​ទិវា​ឯករាជ្យ​ជាតិ ហ្វីលីពីន រៀង​រហូតមក ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​