ទិវា​ឯករាជ្យ​ជាតិ អាមេរិកាំង​

2082
ចែករម្លែក
  • 2
    Shares

(​ភ្នំពេញ​): រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​អាមេរិក ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន​នៅ​ថ្ងៃទី ៤ ខែ កក្កដា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស​ទាំង ១៣ នៅ​អាមេរិក​ខាងជើង រួបរួម​បញ្ចូល​គ្នា​ប្រកាស​ឯករាជភាព​របស់​ខ្លួន ពី​អាណានិគម​អង់គ្លេស កាលពី​ឆ្នាំ ១៧៧៦ ហើយ​បានដាក់​ឈ្មោះ​ខ្លួនឯង​ថា “ សហរដ្ឋអាមេរិក (United States of America = USA ) បញ្ឆេះ​ឱ្យមាន​ភ្លើ​សង្គ្រាម​យ៉ាង​សន្ធោសន្ធៅ​រវាង​ជនជាតិ​អាមេរិក ប្រឆាំង​អាណានិគម​អង់គ្លេស រហូតដល់​ឆ្នាំ​១៧៨៣ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សហរដ្ឋអាមេរិក មាន​ផ្ទៃដី ៩.៨៥៧.៣០៦ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​តំបន់ អាមេរិក​ខាងជើង បង្កើតឡើង​ដោយ​ការរួបរួម​បញ្ចូល​គ្នា នៃ រដ្ឋ​ចំនួន​៥០ ស្រុក​សហព័ន្ធ ០១ និង ដែនដី​ចំនួន ០៥ ។ អាមេរិក​គឺជា​មហាអំណាច​កំពូល របស់​ពិភពលោក ល្បី​រន្ទឺ​ដោយសារ​ឥទ្ធិពល​ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វប្បធម៌ កងទ័ព នយោបាយ និង បច្ចេកវិជ្ជា ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ៣២៩ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ​គឺ​ភាសា​អង់គ្លេស រដ្ឋធានី​គឺ​ទីក្រុង វ៉ាស៊ីនតោន​។​

​ប្រវត្តិសាស្ត្រ​
​ចក្រភព​អង់គ្លេស បានចាប់ផ្តើម​ធ្វើ​អាណានិគម​ទៅលើ​ដែនដី​អាមេរិក​ខាងជើង​នៅ​សតវត្សរ៍​ទី ១៧ ។ បន្ទាប់ពី​សង្គ្រាម​រយៈពេល ០៧ ឆ្នាំ រវាង​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស និង ដែនដី​ក្រោម អាណានិគម​បារាំង ដែល​ពេលខ្លះ​ត្រូវគេ​ហៅថា សង្គ្រាម អង់គ្លេស​-​បារាំង មក នៅ​ឆ្នាំ ១៧៦៣ សង្គ្រាម​នេះ​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​ធ្លាក់​ទៅលើ​ខាង​អង់គ្លេស ហើយ​អង់គ្លេស​ចូល ត្រួតត្រា​ទឹកដី​បារាំង កាណាដា ។​ ​ប៉ុន្តែ​សង្គ្រាម​នោះបាន​បន្សល់ទុក​នូវ​បំណុល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​អង់គ្លេស​ញ៉ាំងឱ្យ​អង់គ្លេស រិះរក​វិធី​ប្រមូលប្រាក់​ឱ្យបាន​ច្រើន​បន្ថែមទៀត​ពី​ដែនដី​អាណានិគម​របស់ខ្លួន​នៅ​អាមេរិក​ខាងជើង ទើប​នៅ​ឆ្នាំ ១៧៦៤ សភា​អង់គ្លេស​បានអនុម័ត​ច្បាប់​ពន្ធដារ​ដាក់​ទៅលើ​ដែនដី​អាណានិគម របស់ខ្លួន​នៅ​ទីនោះ​។​

​ប៉ុន្តែ​អ្នក​ក្រោម​អាណានិគម​បាន​បដិសេធ​នឹង​កាតព្វកិច្ច​ទាំងនោះ​ដោយ​លើក​ហេតុផល​ថា​ពួកគេ​មិនត្រូវ​បង់ពន្ធ​ដូច្នោះ​ឡើយ​ដ្បិត​ពួកគេ​គ្មាន​តំណាង​នៅក្នុង​សភា​អង់គ្លេស​ហើយ​ថា​ជនជាតិ​អាមេរិក​ទាំងឡាយ​បាន​បូជា​យ៉ាងធ្ងន់ធ្ងរ​ណាស់​ទៅហើយ​ដើម្បី​ការពារ​អាណាចក្រ​អង់គ្លេស​បូជា​អាយុជីវិត នៅក្នុង​សង្គ្រាម​ជាមួយ​បារាំង​ជាដើម​និង​បាន​ចំណាយ​ជាច្រើន​លាន​ទៀត​ពី​រតនាគារ​អាមេរិក​នៅ​ក្នុងអំឡុង​សង្គ្រាម​អង់គ្លេស​-​បារាំង ដែល​កាលណោះ គឺជា កាតព្វកិច្ច ធ្ងន់ធ្ងរ​ណាស់​ទៅហើយ ។​

​នៅ​ឆ្នាំ ១៧៦៥ អង្គការ​សង្គម​ជនជាតិ​អាមេរិកាំង​មួយ​ឈ្មោះ Sons of Liberty (​កុលបុត្រ នៃ សេរីភាព​) ត្រូវបាន​បង្កើតឡើង ដើម្បី ការពារ​សិទ្ធិ​របស់​ជនជាតិ​អាមេរិកាំង និង​តស៊ូ​ប្រឆាំងនឹង ច្បាប់​ពន្ធដារ​របស់​អា​ណា​និគម​អង់គ្លេស ។ ពួកគេ​បានធ្វើ​បាតុកម្ម​នៅតាម​ទីសាធារណៈ​នានា ធ្វើពហិកា ចំពោះ​ទំនិញ​អង់គ្លេស បង្កើត​អំពើហិង្សា​ហើយ​ព្រមាន​ថា​នឹងមាន​អំពើហិង្សា កាន់តែច្រើន​ទៀត ដើម្បី ធានាថា​ច្បាប់​ពន្ធដារ​របស់​អង់គ្លេស​មិនត្រូវ​បាន​បង្ខំ​ឱ្យ​ជនជាតិ អាមេរិកាំង​អនុវត្ត​ឡើយ ។

​នៅ បូ​ស្តុ​ន សមាជិក​អង្គការ Sons of Liberty បាន​ដុត​អាគារ​តុលាការ និង​ចូល​យក​ទ្រព្យ សម្បត្តិ​នៅក្នុង​ផ្ទះ​ប្រធាន​តុលាការ ។ អង្គនីតិបញ្ញត្តិ​នានា​របស់​អាមេរិកាំង​បាន​អំពាវនាវ​រក​វិធាន ការរួម​មួយ ។ នៅ​ខែ តុលា ឆ្នាំ ១៧៦៥ នោះ ពួកគេ​បាន​បញ្ជូន​ប្រតិភូ​ទៅកាន់​សភា​នៅឯ​ទីក្រុង ញូ​វ យ៉​ក ។ មជ្ឈន្តិក​ម្ម ដឹកនាំ​ដោយ​លោក John Dickinson បាន​ព្រៀង​នូវ​សេចក្តីប្រកាស​មួយ ស្តីអំពី​សិទ្ធិ និង​សារទុក្ខ​ដោយ​ថ្លែង​សង្កត់​ថា​ច្បាប់​ស្តីពី​ពន្ធដារ​ដែល​សភា​អង់គ្លេស​បានដាក់​ចេញ នោះ បានអនុម័ត​ដោយ​ពុំមាន​តំណាង​របស់​អាមេរិកាំង និង​បាន​បំពាន​លើ​សិទ្ធិ​របស់​ពលរដ្ឋ អាមេរិកាំង ។​

​ទោះ​យ៉ាង​នៅពេល​ជាមួយគ្នា​នោះ ពួកគេ​ក៏បាន​បដិសេធ​មិន​ឱ្យមាន​តំណាង​របស់​ពួកគេ​នៅ ក្នុង​សភា​អង់គ្លេស​ឡើយ ហើយ​ពួកគេ​បានបញ្ជាក់​អំពី​ការសម្រេចចិត្ត​របស់​ពួកគេ​តាមរយៈ ការធ្វើ​ពហិកា​ចំពោះ​ទំនិញ​នាំចូល​ពី​អង់គ្លេស ។ រដ្ឋាភិបាល​ទីក្រុង​ឡុង​ដ៍ ពិចារណា​ថា តើ​គប្បី​ដក ច្បាប់​ពន្ធដារ​នោះ​ចេញ​វិញ ឬ ក៏ត្រូវ​បញ្ជូន​កងទ័ព​ទៅ​បង្ខំ​ឱ្យ​អនុវត្ត​ច្បាប់​នោះ ។ ទីបំផុត​នៅ​ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ១៧៦៦ សភា​អង់គ្លេស បានសម្រេច​លុប​ច្បាប់​ពន្ធដារ​នោះ​ទៅវិញ ។

​គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ រដ្ឋ​អាមេរិក មិនទាន់​ត្រូវបាន​ស្រមើស្រមៃ ឬ​មាននៅ​ក្នុង​ចិត្ត របស់​ជនជាតិ​អាមេរិក នៅឡើយ ។ ច្បាប់​បង់ពន្ធ​ទំនិញ​ឆ្នាំ ១៧៦៧ សភា​អង់គ្លេស​បានអនុម័ត ច្បាប់​កាតព្វកិច្ច​លើ​ផលិតផល​មួយចំនួន​របស់​ជនជាតិ​អាមេរិក ដូចជា ក្រដាស កែវ និង តែ ហើយ​បង្កើត​ក្រុមប្រឹក្សា​ពន្ធដារ នៅ បូ​ស្តុ​ន ។

​ជនជាតិ​អាមេរិកាំង​ជំទាស់​ម្តងទៀត​ដោយ​ពួកគេ​យល់ថា ច្បាប់​កាតព្វកិច្ច​នេះ មានបំណង​ប្រមូល ចំណូល​ជាជាង​ធ្វើ​និយតកម្ម​ពាណិជ្ជកម្ម ។ ជនជាតិ​អាមេរិកាំង ក៏បាន​ឆ្លើយតប​ដោយ​ការធ្វើ ពហិការ ចំពោះ​ទំនិញ​នាំចូល​ពី​អង់គ្លេស​ម្តងទៀត ។ ជាការ​ឆ្លើយតប​ចំពោះ​ច្បាប់​ខាង លើ​នេះ នៅ​ខែ កុម្ភៈ ឆ្នាំ ១៧៦៨ សភា ម៉ាស្សា​ឈូ​សិត បានចេញ​លិខិត​មួយច្បាប់​ផ្ញើ​ទៅ​ដែនដី​អាណានិគម ផ្សេងទៀត​ជំរុញ​ឱ្យ​ពួកគេ​សម្របសម្រួល​ការតស៊ូ​នឹង​ច្បាប់​កាតព្វកិច្ច​នោះ ។​

​នៅ​ខែ មិថុនា ឆ្នាំ ១៧៦៨ អាជ្ញាធរ​អង់គ្លេស បាន​រឹបអូស​ទូក​ក្តា​មួយគ្រឿង​របស់ អង្គការ Sons of Liberty ដោយ​ចោទថា​ជា​ទូក​ចោរ ។ ប្រការនេះ​បាន​បញ្ឆេះ​ឱ្យមាន​កុប្បកម្ម​នៅ បូ​ស្តុ​ន មន្ត្រី​ពន្ធដារ ត្រូវបាន​បង្ខំ​ឱ្យ​ភៀសខ្លួន ហើយ​អង់គ្លេស​ក៏បាន​ដាក់ពង្រាយ​កងទ័ព​របស់ខ្លួន ដើម្បី
​គ្រប់គ្រង​ស្ថានការណ៍​នៅ​ទីនោះ ។​

​នៅ​ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ១៧៧០ មនុស្ស​មួយក្រុម​បាន​ឡោមព័ទ្ធ​ទាហាន​អង់គ្លេស​មួយក្រុម ។ ក្រុមមនុស្ស​នោះ បាន​កើន​ច្រើនឡើងៗ គប់​ដុំ​ព្រិល ដុំថ្ម និង បំណែក​ផ្សេងៗ​ទៅលើ​កងទ័ព​ទាំងនោះ ។ ទាហាន​ក៏បាន​បាញ់កាំភ្លើង​សំដៅទៅ​ហ្វូងមនុស្ស​ទាំងនោះ វាយ​ធ្វើបាប​មនុស្ស​១១​នាក់ សម្លាប់ ជន​ស៊ីវិល ៥​នាក់ ធ្វើ​ឱ្យឮ​សុះសាយ​ហៅថា ការសម្លាប់​រង្គាល​នៅ​បូ​ស្តុ​ន​ហើយ​បានធ្វើ ឱ្យ​ចិត្ត មនុស្ស​នៅក្រោម​អាណានិគម​នៅ​ទីនោះ​ស្អប់ខ្ពើម​អង់គ្លេស ។​

​នៅ​ឆ្នាំ ១៧៧០ សភា​អង់គ្លេស បាន​ដក​ទៅវិញ​នូវ​ច្បាប់​កាតព្វកិច្ច​ចំពោះ​ទំនិញ​ខាងលើ ដោយ​ទុក តែ​ពន្ធ​លើ​ផលិតផល តែ មួយ​មុខ​ប៉ុណ្ណោះ ដែល​ទង្វើ​នេះ​អាច​ដោះស្រាយ​វិបត្តិ និង ពហិការ នៅ​ម៉ាស្សា​ឈូ​សិត បាន​មួយកម្រិត ។ ប៉ុន្តែ​ក្តី​ស្អប់ខ្ពើម​របស់​ជនជាតិ​អាមេរិកាំង ចំពោះ​អង់គ្លេស បាន​ដៅ​ជាប់​ក្នុង​ក្រអៅបេះដូង​ជនជាតិ អាមេរិក នៅឡើយ ។ ខែ មិថុនា ឆ្នាំ ១៧៧២ ពួក​អ្នក​ជាតិនិយម​មួយក្រុម បាន​ដុតបំផ្លាញ​កា​ប៉ាល់​ចម្បាំង​អង់គ្លេស​មួយគ្រឿង ។​

​គណៈកម្មការ​ឆ្លើយឆ្លង​-​ផ្ទុះ​សង្គ្រាម
​នៅ​ឆ្នាំ ១៧៧២ អ្នកនយោបាយ​ដ៏​លេចធ្លោ​ម្នា​ក់នៅ បូ​ស្តុ​ន លោក សា​មូ​អែល អាដាម​ស៍ ( Samuel Adams ) បាន​បង្កើត​គណៈកម្មកា​រ​ឆ្លើយឆ្លង​មួយ​ឈ្មោះថា Committees of Correspondence ដែល​បាន​ភ្ជាប់​អ្នកស្នេហាជាតិ​ទាំងឡាយ​នៅក្នុង​ដែនដី​អាណានិគម​ទាំង​១៣ ហើយ​ថែមទាំង​បានផ្តល់​នូវ​ទម្រង់​ផែនការ​សម្រាប់​រដ្ឋាភិបាល​ឩ​ទ្ទាម​ទៀតផង ។ នៅ​ដើមឆ្នាំ ១៧៧៣ តំបន់ Virginia គឺជា​ដែនដី​អាណានិគម​ធំជាងគេ​បំផុត​ដែល​បាន​បង្កើត​គណៈកម្មការ Committee of Correspondence ។

​ពេលនោះ អ្នកស្នេហាជាតិ​ប្រមាណ​ជា ៧.០០០-៨.០០០ នាក់​បានធ្វើការ​នៅក្នុង គណៈកម្មការ Committees of Correspondence ហើយ​គណៈកម្មការ​នេះ បាន​ក្លាយជា​ក្រុម​អ្នកដឹកនាំ របស់​ក្រុម​អ្នកតស៊ូ​អាមេរិកាំង ប្រឆាំងនឹង​វិធានការ​នានា​របស់​អង់គ្លេស ហើយ​បាន​ផ្តើមគំនិត យ៉ាង​ទូលំទូលាយ នៃ ភាព​អាចធ្វើ​សង្គ្រាម​នៅ​កម្រិត​រដ្ឋ និង មូលដ្ឋាន ។​

​នៅ​ឆ្នាំ ១៧៧៣ សភា អង់គ្លេស បានអនុម័ត​ច្បាប់​កាត់បន្ថយ​ពន្ធ តែ នាំចេញ​ទៅកាន់​តំបន់ ដែនដី​អាណានិគម ដើម្បី ជួយ​ដល់​ក្រុមហ៊ុន East India Company របស់​អង់គ្លេស​ដែល លក់​មិន​ឈ្នះ តែ គេចពន្ធ​ហុ​ល្លង់ ។ វិធានការ​នេះ​នាំឱ្យ​អ្នកជំនួញ​អាមេរិកកាំង​ជំទាស់ ព្រោះ​វា​ធ្វើឱ្យ​ខូចប្រយោជន៍​ពាណិជ្ជកម្ម​របស់​ពួកគេ ។ នៅ​ខែ ធ្នូ ឆ្នាំ នោះ បុរស​មួយក្រុម​ដឹកនាំ ដោយ លោក Samuel Adams បាន​ចូលទៅក្នុង​កប៉ាល់​របស់​ក្រុមហ៊ុន British East India Company​នៅ​កំពង់ផែ ក្រុង បូ​ស្តុ​ន ហើយ​បាន​រើ​បោះចោល​នូវ ស្លឹក​តែ ដែល​តម្លៃ ១០.០០០ ផោន (​បើ​ធៀប​នៅ​ឆ្នាំ ២០០៨ តម្លៃ​នេះ ប្រហែល​ជាមួយ​សែន​ដុល្លារ​អាមេរិក ) ។​

​រដ្ឋាភិបាល​អង់គ្លេស ឆ្លើយតប​ដោយ​ការអនុម័ត​ច្បាប់​ជាច្រើន​ដែល​ត្រូវគេ​ស្គាល់​ថា Intolerable Acts, Massachusetts Government Act , Administration of Justice Act, Boston Port Act និង Quartering Act of 1774 ធ្វើឱ្យ​ចុះខ្សោយ​នូវ​ជន​ក្រោម​អាណានិគម​នៅ​ចំពោះ មុខ​អង់គ្លេស ។​

​ជាការ​ឆ្លើយតប​ចំពោះ​ច្បាប់​ទាំងនេះ អ្នកស្នេហាជាតិ នៅ ម៉ាស្សា​ឈូ​សិត នៅ​ថ្ងៃទី ៩ ខែ កញ្ញា បានចេញ​ផ្សាយ​សេចក្តីប្រកាស​មួយ​ឈ្មោះ Suffolk Resolves មិន​ទទួលយក​វិធាន​ច្បាប់ នានា​ខាងលើ ហើយ​ថែម​បង្កើត​រដ្ឋាភិបាល​ស្រមោល​មួយ​ដែល​គេ​ស្គាល់​ថា “ សភា ថ្នាក់​ខេត្ត “ ហើយ​បានចាប់ផ្តើម​បង្វឹក​កងជីវពល​នៅក្រៅ​ក្រុង បូ​ស្តុ​ន ដែល​បានសេចក្តីថា ពេលនេះ​ជនជាតិ អាមេរិកាំង​បាន​កំពុង​ហ្វឹកហាត់​ត្រៀម​ធ្វើសង្គ្រាម​ហើយ លើកលែងតែ​អង់គ្លេស​លុបចោល​ច្បាប់ ទាំងឡាយ​ខាងលើ ។​

​នៅ​ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ១៧៧៥ ពួក​មេដឹកនាំ​កងកម្លាំង​ជន​ក្រោម​អាណានិគម បានដឹងថា អង់គ្លេស​កំពុង​ដាក់​ផែនការ​បញ្ជូន​កងទ័ព​ចេញ​ក្រៅ​ក្រុង​ទៅកាន់​ភ្នំ​ចំនួន​៤៥ នៅ​ជុំវិញ​ទីក្រុង ដែល​ពួកគេ​មិនទាន់បាន​កាន់កាប់ ។ ឆ្លៀត​ពេក​នោះ​ពួក​អ្នកស្នេហាជាតិ​ចូលកាន់​កាប់​កំពង់ផែ បូ​ស្តុ​ន ។ កងទ័ព​ជន​ក្នុង​អាណានិគម​ចំនួន ១.២០០ នាក់ ក្រោម​បញ្ជាការ​របស់លោក William Prescott បាន​ចូល​កាន់កាប់​ភ្នំ Bunker និង ភ្នំ Breed យ៉ាងរឹងមាំ ថែមទាំង​បាន​បង្ហាត់​ក្រុម​តូចៗ​ទូទាំង កោះ​ភ្លោះ Charlestown ទៀតផង ។​

​នៅ​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ១៧៧៥ មានការ​ប្រយុទ្ធ​គ្នា​មួយ​រវាង​ក្រុម​អ្នកស្នេហាជាតិ​អាមេរិកាំង នៅ បូ​ស្តុ​ន ហើយ​ការប្រយុទ្ធ​នោះ​មាន​ឈ្មោះថា ការប្រយុទ្ធ​នៅ​ភ្នំ Bunker ដែល​ក្រុម​អ្នក​ស្នេហា ជាតិ​អាមេរិក បាន​កាន់កាប់​តំបន់​ក្រៅ​ក្រុង បូ​ស្តុ​ន ។​

​ថ្ងៃទី ៥ ខែ មករា ឆ្នាំ ១៧៧៦ រដ្ឋ New Hampshire បានឱ្យ​សច្ចាប័ន​រដ្ឋធម្មនុញ្ញរ​ដ្ឋ ដំបូង​គេ ។ នៅ​ខែ ឩ​សភា ឆ្នាំ ១៧៧៦ សភា ប្រជាជន​បាន​បោះឆ្នោត​បញ្ជាក់ថា រាល់​អាជ្ញាធរ​ស្តេច​ទាំងអស់ ត្រូវ​ជំនួស​ដោយ​អាជ្ញាធរ​ក្នុងស្រុក​ដែល​ទើប​បង្កើត​ថ្មី ។ រដ្ឋ Virginia, South Carolina, New Jersey , Rhode Island,Connecticut និង រដ្ឋ​ដទៃទៀត​ក៏​ធ្វើ​ប្រហាក់ប្រហែលគ្នា​នេះ ដែល​បង្ហាញ​ពី​ភាព​លែង​ចំណុះ​អង់គ្លេស​ជា​បន្តបន្ទាប់ ។​

​នៅ​ខែ មីនា ឆ្នាំ ១៧៧៦ ក្រោម​បញ្ជាការ​របស់លោក ច​ច វ៉ាស៊ីនតោន ( George Washington ) កងទ័ព Continental Army បាន​បណ្តេញ​កងទ័ព​អង់គ្លេស ចេញពី បូ​ស្តុ​ន ។ ឥឡូវនេះ បដិវត្តន៍​មាននៅ​គ្រប់​ទីកន្លែង នៃ តំបន់​អាណានិគម​ទាំង ១៣ នៅ​តំបន់​អាមេរិក​ខាងជើង ។​

បង្កើត​សហរដ្ឋអាមេរិក​
​នៅក្នុង​តំបន់​អាណានិគម​ទាំង​១៣ ពួក​អ្នកស្នេហាជាតិ បាន​ទម្លាក់​នូវ​រដ្ឋាភិបាល​ដែលមាន​ស្រាប់ បិទ​តុលាការ និង បណ្តេញ​ពួក​មន្ត្រី​អង់គ្លេស​ចេញ ។ នៅ​ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ១៧៧៦ សភា​ថ្នាក់​ខេត្ត របស់ North Carolina បានចេញ​លិខិត​មួយច្បាប់​ឈ្មោះ Halifax Resolves ជា​លិខិត​អំពាវនាវ​រក​ឯករាជ​ភាព​ពី អង់គ្លេស សម្រាប់​ដែនដី​អាណានិគម​ទាំង​១៣ នៅ​អាមេរិក ខាងជើង ។ នៅ​ខែ ឩ​សភា ឆ្នាំ​ដដែល​នោះ សភា​នេះ បាន​អំពាវនាវ​ឱ្យ​រដ្ឋ​ទាំងអស់ តាក់តែង ធម្មនុញ្ញ​របស់ខ្លួន ហើយ​ឱ្យ​លុបចោល​នូវ​ច្បាប់​ចាស់​របស់​អង់គ្លេស ។

គិត​ត្រឹម​ខែ មិថុនា ឆ្នាំ ១៧៧៦ នោះ មាន​រដ្ឋ​ចំនួន ប្រាំបួន បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ប្រកាស​ឯករាជភាព​ចំណែក​រដ្ឋ បួន​ទៀត​ក៏បាន​សម្រេច​ការងារ​ជា​បន្តបន្ទាប់​គ្នា​ដែរ ។ សភា​បានប្រកាស​ឱ្យ​បោះឆ្នោត ដើម្បី​ឯករាជភាព នៅ​ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ។ សេចក្តីប្រកាស​ឯករាជ ត្រូវបាន សភា ទាំងមូល​ទទួលយក​ជា​ឯកច្ឆន្ទ​នៅ​ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ១៧៧៦ នោះ​ពោលគឺ​ជាការ​បង្កើត​ដែនដី ជាតិ​សាសន៍​ថ្មី​មួយ​ដែលមាន​អធិបតេយ្យភាព ហើយ​ដាក់ឈ្មោះ​ខ្លួនឯង​ថា “ សហរដ្ឋអាមេរិក (United States of America = USA ) ។ គឺ​ថ្ងៃនោះ​ឯ​ហើយ ដែល​បាន​ក្លាយជា​ទិវា ឯករាជ្យ​ជ​តិ អាមេរិក រហូតមកដល់​សព្វថ្ងៃ ។​

​ទីក្រុង​ឡុង​ដុង បាន​បញ្ជូន​កងទ័ព​ក្នុង​ចំនួន​ដ៏​ច្រើន​មួយ​ដើម្បី​បង្ក្រាប​ចលនា​ឯករាជ្យ​របស់​ជនជាតិ​អាមេរិកាំង និង ដើម្បី​បង្ខំ​ពួក​អ្នក​ទាំងនោះ​ឱ្យមាន​ភក្តីភាព​ចំពោះ​អង់គ្លេស​ឡើងវិញ ។ នៅ​ខែ កក្កដា ឆ្នាំ ១៧៧៦ កងទ័ព​អង់គ្លេស​ដ៏​ច្រើន​បាន​ទៅ​ឈប់​សំចត​នៅ ញូ​វ យ៉​ក ហើយ​នៅ​ខែ សីហា ឆ្នាំ នោះ ពួកគេ​បាន​យកជ័យ​ជម្នះ​លើ​កងទ័ព​របស់លោក​មេ​បញ្ជាការ ច​ច វ៉ាស៊ីនតោន នៅ បូ​ស្តុ​ន ហើយ​បាន​សុំ​ជួបចរចា​ជាមួយ​តំណាង​មកពី សភា​អាមេរិកាំង​ដែល​ទើបតែ​បានប្រកាស ឯករាជ​ថ្មីៗ​នេះ ។​

​ជំនួប​នោះបាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ១៧៧៦ នោះ ប៉ុន្តែ​បាន​បរាជ័យ​ដោយ​ខាង អាមេរិកាំង មិន​ព្រម​តាម​សំណើ​របស់​អង់គ្លេស​ដែល​ស្នើឱ្យ​ដក​ពាក្យ​ប្រកាស​ឯករាជភាព ចេញ ។ រំពេច​នោះ កងទ័ព​អង់គ្លេស​បាន​ចូល​ត្រួតត្រា​ទីក្រុង ញូ​វ យ៉​ក​ហើយ​ស្ទើរតែ​បាន​ចាប់ខ្លួន​កងទ័ព របស់លោក ច​ច វ៉ាស៊ីនតោន ទៀតផង ។

​អង់គ្លេស​បាន​យក​ទីក្រុង ញូ​វ យ៉​ក ធ្វើជា​ទីតាំង​សំខាន់​ផ្នែក​យោធា និង​នយោបាយ​សម្រាប់​កិច្ច ប្រតិបត្តិការ​នៅ​អាមេរិក​ខាងជើង រហូតដល់ ខែ វិច្ឆិកា ឆ្នាំ ១៧៨៣ ។ កងទ័ព​អង់គ្លេស ក៏បាន​ចាប់យក រដ្ឋ New Jersey ផងដែរ ហើយ​បង្ខំ​ឱ្យ​កងទ័ព​របស់លោក​មេបញ្ជាកា​រ វ៉ាស៊ីនតោន គេច​ចេញទៅ Pennsylvania ។ ប៉ុន្តែ​ការប្រយុទ្ធ​នៅ​ចុង ខែ ធ្នូ ឆ្នាំ ១៧៧៦ នោះ កងទ័ព​របស់ វ៉ាស៊ីនតោន បាន​ឆ្លងទន្លេ ត្រឡប់​ចូលទៅ​រដ្ឋ New Jersey​ហើយ​បាន​យកជ័យ​ជម្នះ​លើ​កងទ័ព អង់គ្លេស នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន​ស្ទើរតែ​ត្រួតត្រា​បាន បូ​ស្តុ​ន ទាំងស្រុង​វិញ ។ ជោគជ័យ​នេះ បាន​ជំរុញ​ទឹកចិត្ត​ដល់​ពួក​អ្នកស្នេហាជាតិ​ជាខ្លាំង ។ សង្គ្រាម​រវាង​អាណានិគម​អង់គ្លេស និង កងទ័ព​អ្នកស្នេហាជាតិ​អាមេរិក ក្រោម​បំណង​ដ៏​ពិសិដ្ឋ គឺ ឯការ​ជ​ភាព​ចេះតែ​បន្ត​ចាញ់ឈ្នះ​គ្នា ជា​ហូរហែ ។​

​នៅ​ថ្ងៃទី ៦ ខែ កុម្ភៈ ១៧៧៨ អាមេរិក បាន​បង្កើត​សម្ព័ន្ធភាព​យោធា​ជាមួយ​បារាំង ដែលជា​អតីត សត្រូវ​របស់​អង់គ្លេស ។ ឆ្លៀតឱកាស​នោះ ដើម្បី សងសឹក​អង់គ្លេស​ផង​បារាំង​បានប្រកាស ទទួលស្គាល់​ឯករាជភាព​របស់​អាមេរិក​មុនគេ ហើយ​បាន​ចូលខ្លួន​ទៅ​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​អាមេរិក ប្រឆាំង​អាណានិគម​អង់គ្លេស​នោះ ។​

​នៅ​ឆ្នាំ ១៧៧៩ អេ​ស្ប៉ា​ញ និង ហុ​ល្លង់ បាន​ក្លាយជា​សម្ព័ន្ធមិត្ត​ជាមួយ​បារាំង​ញ៉ាំ​ឱ្យ​ចក្រភព​អង់គ្លេស ក្លាយ ជា​ភាគី​គ្មាន​សម្ព័ន្ធមិត្ត​ធំដុំ​នៅក្នុង​សង្គ្រាម​នោះ​ទើប​កងទ័ព​អង់គ្លេស​ជាច្រើន​ត្រូវបាន​បង្ខំចិត្ត​ឱ្យ ដកថយ​ចេញពី​អាមេរិក ប៉ុន្តែ​សង្គ្រាម​ដើម្បី​ការពារ​ឯករាជភាពរ​បស់​អា​មេ​កាំ​ង​ប្រឆាំង​អង់គ្លេស នៅតែ​បន្ត​នៅឡើយ ហើយ​អង់គ្លេស​ងាក​ទៅ​ដណ្តើម​កាន់កាប់​ដែនដី​អាមេរិក​ភាគ​ខាង ត្បូង​វិញ ។​ ​តំបន់​ដែល​អង់គ្លេស​ដណ្តើម​កាន់​កាប់​ពេលនោះ​មាន Savannah , Georgia coastline Charleston ហើយ​បាន​កាន់កាប់​រដ្ឋ Georgia និង Carolina ស្ទើរតែ​ទាំងស្រុង ។ បន្ទាប់មក ក៏​វាយ​បើកផ្លូវ​ឆ្ពោះទៅ Carolina ខាងជើង និង Virginia ប៉ុន្តែ​ដែនដី​ដែល​ពួកគេ​ដណ្តើមបាន កន្លងមក​នោះ មាន​ភាពចលាចល មាន​សង្គ្រាម​ឩ​ទ្ទាម​ប្រឆាំង​អង់គ្លេស​យ៉ាង​ច្របូកច្របល់ ។

សន្ធិសញ្ញា​បញ្ចប់សង្គ្រាម​
​នៅឯ​ប្រទេស​អង់គ្លេស​ឯណោះ ពួក​អ្នកគាំទ្រ​សង្គ្រាម​នៅ​អាមេរិក បាន​បាត់បង់​ការគ្រប់គ្រង​សភា ។ ប៉ុន្តែ បារាំង ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អាម​រិ​ក ក៏បាន​ចែកផ្លូវ​ពី​អាមេរិក​ដែរ​នៅ​ឆ្នាំ ១៧៨២ ដូច្នេះ អាមេរិក ក៏ត្រូវ​ពឹង​លើ​តែ​កម្លាំង​ខ្លួនឯង​ដែរ ហើយ ក៏​គ្មាន​លុយ​នៅក្នុង​រតនាគារជាតិ គ្មាន​ប្រាក់ខែ បើក​ឱ្យ​កងទ័ព និង មន្ត្រី ស៊ីវិល បង្កើតបានជា​ភាពច្របូកច្របល់ ពិបាក​ត្រួតត្រា​ស្ថានការណ៍ ។ ទើប​ទីបំផុត​ទាំង​ខាង​អង់គ្លេស និង អាមេរិក ងាក​ទៅរក​ការចរចា​បញ្ចប់សង្គ្រាម ។​

​នៅ​ទីបំផុត​នៅ​ថ្ងៃទី ៣ ខែកញ្ញា សន្ធិសញ្ញា​សន្តិភាព មួយ​រវាង​ចក្រភព​អង់គ្លេស និង អាមេរិក ឈ្មោះ Treaty of Paris ត្រូវបាន​ចុះហត្ថលេខា​ង​នៅ​ទីក្រុង ប៉ារីស ប្រទេស​បារាំង ដែល​បាន បញ្ចប់សង្គ្រាម​បដិវត្តន៍ អាមេរិកាំង​ជា​ស្ថាពរ ។ ក្នុង​សន្ធិសញ្ញា​នោះ បានប្រគល់​ឱ្យ​សហរដ្ឋ អាមេរិក​នូវ​ទឹកដី​ទាំងអស់​ខាងកើត​ទន្លេ Mississippi និង ខាងត្បូង Great Lakes ប៉ុន្តែ​មិន​បញ្ចូល Florida ឡើយ​គឺ អង់គ្លេស ត្រូវប្រគល់ Florida ទៅឱ្យ អេ​ស្ប៉ា​ញ វិញ ។​

​លោក​មេបញ្ជាការ កងទ័ព​អាមេរិក ច​ច វ៉ាស៊ីនតោន បាន​លាលែង​ពី​តំណែង ត្រឡប់​ទៅ​រស់នៅ ជា​កសិករ​ឯ​ស្រុ​កំណើត​របស់គាត់ ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៧៨៩ លោក ច​ច វ៉ាស៊ីនតោន​ត្រូវបាន​បោះឆ្នោត ឱ្យធ្វើជា​ប្រធាន​ធិបតី​ដំបូង​គេ​បំផុត​របស់​សហរដ្ឋអាមេរិក ៕

​ផ្ទាំងគំនូរ​ពណ៌នា​អំពី​សង្គ្រាម​បដិវត្តន៍​អាមេរិកាំង​ទាមទារ​ឯករាជ្យ​ពី​អង់គ្លេស (USA 1)
ផ្ទាំងគំនូរ​រូបលោក ច​ច វ៉ាស៊ីនតោន ប្រធានាធិបតី​ដំបូង​របស់​សហរដ្ឋអាមេរិក (USA)
​ទីក្រុង វ៉ាស៊ីនតោន រដ្ឋធានី នៃ សហរដ្ឋអាមេរិក (USA 3)