ទិវា​ឯករាជ្យ​ជាតិ អាមេរិកាំង​

2030
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អាមេរិក ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន​នៅ​ថ្ងៃទី ៤ ខែកក្កដា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស​ទាំង ១៣ នៅ​អាមេរិក​ខាងជើង រួបរួម​បញ្ចូល​គ្នា ប្រកាស​ឯករាជ្យភាពរ​បស់​ខ្លួន ពី​អាណានិគម​អង់គ្លេស កាលពី​ឆ្នាំ ១៧៧៦ ហើយ​បានដាក់​ឈ្មោះ​ខ្លួនឯង​ថា “ សហរដ្ឋអាមេរិក (United States of America = USA ) បញ្ឆេះ​ឱ្យមាន​ភ្លើងសង្គ្រាម យ៉ាង​សន្ធោសន្ធៅ រវាង​ជនជាតិ​អាមេរិក ប្រឆាំង​អាណានិគម​អង់គ្លេស រហូតដល់​ឆ្នាំ​១៧៨៣ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សហរដ្ឋអាមេរិក មាន​ផ្ទៃដី ៩.៨៥៧.៣០៦ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​តំបន់ អាមេរិក​ខាងជើង បង្កើតឡើង​ដោយ​ការរួបរួម​បញ្ចូល​គ្នា នៃ​រដ្ឋ​ចំនួន ៥០ ស្រុក​សហព័ន្ធ ១ និង ដែនដី​ចំនួន​៥​។ អាមេរិក គឺជា​មហាអំណាច​កំពូល​របស់​ពិភពលោក ល្បី​រន្ទឺ​ដោយសារ​ឥទ្ធិពល​ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វប្បធម៌ កងទ័ព នយោបាយ និង​បច្ចេកវិជ្ជា ។ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ ជាង ៣២៩ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្តភាសា ផ្លូវការ​គឺ​ភាសា​អង់គ្លេស រដ្ឋធានី គឺ​ទីក្រុង​វ៉ាស៊ីនតោន​។​

​ប្រវត្តិសាស្ត្រ​
​ចក្រភព​អង់គ្លេស បានចាប់ផ្តើម​ធ្វើ​អាណានិគម ទៅលើ​ដែនដី​អាមេរិក​ខាងជើង នៅ​សតវត្សរ៍​ទី​១៧ ។ បន្ទាប់ពី​សង្គ្រាម រយៈពេល ៧​ឆ្នាំ រវាង​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស និង​ដែនដី​ក្រោម​អាណានិគម​បារាំង ដែល​ពេលខ្លះ ត្រូវគេ​ហៅថា សង្គ្រាម អង់គ្លេស​-​បារាំង មក នៅ​ឆ្នាំ​១៧៦៣ សង្គ្រាម​នេះ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ ធ្លាក់​ទៅលើ​ខាង​អង់គ្លេស ហើយ​អង់គ្លេស ចូល​ត្រួតត្រា​ទឹកដី​បារាំង កាណាដា ។​

​ប៉ុន្តែ​សង្គ្រាម​នោះ បាន​បន្សល់ទុក នូវ​បំណុល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដល់​អង់គ្លេស ញ៉ាំងឱ្យ​អង់គ្លេស រិះរក​វិធី​ប្រមូលប្រាក់​ឱ្យបាន​ច្រើន​បន្ថែមទៀត ពី​ដែនដី​អាណានិគម​របស់ខ្លួន នៅ​អាមេរិក​ខាងជើង ទើប​នៅ​ឆ្នាំ​១៧៦៤ សភា​អង់គ្លេស​បានអនុម័ត​ច្បាប់​ពន្ធដារ​ដាក់​ទៅលើ​ដែនដី​អាណានិគម​របស់ខ្លួន​នៅ​ទីនោះ​។​
​ ​
​ប៉ុន្តែ​អ្នក​ក្រោម​អាណានិគម បាន​បដិសេធ នឹង​កាតព្វកិច្ច​ទាំងនោះ ដោយ​លើក​ហេតុផល​ថា ពួកគេ​មិនត្រូវ​បង់ពន្ធ​ដូច្នោះ​ឡើយ ដ្បិត​ពួកគេ​គ្មាន​តំណាង នៅក្នុង​សភា​អង់គ្លេស​ហើយ​ថា ជនជាតិ​អាមេរិក​ទាំងឡាយ បាន​បូជា​យ៉ាងធ្ងន់ធ្ងរ​ណាស់ ទៅហើយ ដើម្បី​ការពារ​អាណាចក្រ​អង់គ្លេស បូជា​អាយុជីវិត​នៅក្នុង​សង្គ្រាម​ជាមួយ​បារាំង​ជាដើម​និង​បាន​ចំណាយ​ជាច្រើន​លាន​ទៀត ពី​រតនាគារ​អាមេរិក នៅក្នុង​អំឡុង​សង្គ្រាម​អង់គ្លេស​-​បារាំង ដែល​កាលណោះ គឺជា​កាតព្វកិច្ច​ធ្ងន់ធ្ងរ​ណាស់​ទៅហើយ​។​

​នៅ​ឆ្នាំ​១៧៦៥ អង្គការ​សង្គម​ជនជាតិ​អាមេរិកាំង​មួយ​ឈ្មោះ Sons of Liberty (​កុលបុត្រ នៃ​សេរីភាព​) ត្រូវបាន​បង្កើតឡើង ដើម្បី​ការពារ​សិទ្ធិ​របស់​ជនជាតិ​អាមេរិកាំង និង​តស៊ូ​ប្រឆាំងនឹង​ច្បាប់​ពន្ធដារ​របស់​អាណា​និគម​អង់គ្លេស​។

​ពួកគេ​បានធ្វើ​បាតុកម្ម​នៅតាម​ទីសាធារណៈ​នានា ធ្វើពហិកា ចំពោះ​ទំនិញ​អង់គ្លេស បង្កើត​អំពើហិង្សា ហើយ​ព្រមាន​ថា នឹងមាន​អំពើហិង្សា​កាន់តែច្រើន​ទៀត ដើម្បី​ធានាថា ច្បាប់​ពន្ធដារ​របស់​អង់គ្លេស​មិនត្រូវ​បាន​បង្ខំ​ឱ្យ​ជនជាតិ​អាមេរិកាំង អនុវត្ត​ឡើយ ។​
​នៅ​បូ​ស្តុ​ន សមាជិក​អង្គការ Sons of Liberty បាន​ដុត​អគារ​តុលាការ និង​ចូល​យក​ទ្រព្យសម្បត្តិ នៅក្នុង​ផ្ទះ​ប្រធាន​តុលាការ​។

​អង្គនីតិបញ្ញត្តិ​នានា​របស់​អាមេរិកាំង បាន​អំពាវនាវ​រក​វិធានការ​រួមមួយ ។ នៅ​ខែតុលា ឆ្នាំ​១៧៦៥ នោះ ពួកគេ​បាន​បញ្ជូន​ប្រតិភូ​ទៅកាន់​សភា​នៅឯ​ទីក្រុង​ញូវយ៉ក ។ មជ្ឈន្តិក​ម្ម ដឹកនាំ​ដោយ​លោក John Dickinson បាន​ព្រាង​នូវ​សេចក្តីប្រកាស​មួយ ស្តីអំពី​សិទ្ធិ និង​សារទុក្ខ​ដោយ​ថ្លែង​សង្កត់​ថា ច្បាប់​ស្តីពី​ពន្ធដារ ដែល​សភា​អង់គ្លេស បានដាក់​ចេញ​នោះ បានអនុម័ត​ដោយ​ពុំមាន​តំណាង​របស់​អាមេរិកាំង និង​បាន​បំពាន​លើ​សិទ្ធិ​របស់​ពលរដ្ឋ​អាមេរិកាំង ។​

​ទោះយ៉ាងណា នៅពេល​ជាមួយគ្នា​នោះ ពួកគេ​ក៏បាន​បដិសេធ​មិន​ឱ្យមាន​តំណាង​របស់​ពួកគេ នៅក្នុង​សភា​អង់គ្លេស​ឡើយ ហើយ​ពួកគេ​បានបញ្ជាក់ អំពី​ការសម្រេចចិត្ត​របស់​ពួកគេ តាមរយៈ​ការធ្វើ​ពហិកា ចំពោះ​ទំនិញ​នាំចូល​ពី​អង់គ្លេស ។​

​រដ្ឋាភិបាល​ទីក្រុង​ឡុង​ដ៍ ពិចារណា​ថា តើ​គប្បី​ដក​ច្បាប់​ពន្ធដារ​នោះ​ចេញ​វិញ ឬក៏​ត្រូវបញ្ជូន​កងទ័ព​ទៅ​បង្ខំ​ឱ្យ​អនុវត្ត​ច្បាប់​នោះ​។ ទីបំផុត​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​១៧៦៦ សភា​អង់គ្លេស បានសម្រេច​លុប​ច្បាប់​ពន្ធដារ​នោះ​ទៅវិញ​។ គួរ​បញ្ជាក់ថារហូតមក ដល់​ពេលនេះ រដ្ឋ​អាមេរិក មិនទាន់​ត្រូវបាន​ស្រមើស្រមៃ ឬ​មាននៅ​ក្នុង​ចិត្ត​របស់​ជនជាតិ​អាមេរិក​នៅឡើយ​។​

​ច្បាប់​បង់ពន្ធ​ទំនិញ​
​ឆ្នាំ​១៧៦៧ សភា​អង់គ្លេស បានអនុម័ត​ច្បាប់​កាតព្វកិច្ច លើ​ផលិតផល​មួយចំនួន​របស់​ជនជាតិ​អាមេរិក ដូចជា ក្រដាស កែវ និង តែ ហើយ​បង្កើត​ក្រុមប្រឹក្សា​ពន្ធដារ នៅ បូ​ស្តុ​ន ។ ជនជាតិ​អាមេរិកាំង ជំទាស់​ម្តងទៀត ដោយ​ពួកគេ​យល់ថា ច្បាប់​កាតព្វកិច្ច​នេះ មានបំណង​ប្រមូល​ចំណូល ជាជាង​ធ្វើ​និយតកម្ម​ពាណិជ្ជកម្ម ។ ជនជាតិ​អាមេរិកាំង ក៏បាន​ឆ្លើយតប​ដោយ​ការធ្វើ​ពហិការ ចំពោះ​ទំនិញ​នាំចូល​ពី​អង់គ្លេស​ម្តងទៀត ។​

​ជាការ​ឆ្លើយតប​ចំពោះ​ច្បាប់​ខាងលើនេះ នៅ​ខែកុម្ភៈ ឆ្នាំ​១៧៦៨ សភា ម៉ាស្សា​ឈូ​សិត បានចេញ​លិខិត​មួយច្បាប់ ផ្ញើ​ទៅ​ដែនដី​អាណានិគម​ផ្សេងទៀត ជំរុញ​ឱ្យ​ពួកគេ សម្របសម្រួល​ការតស៊ូ​នឹង​ច្បាប់​កាតព្វកិច្ច​នោះ ។​

​នៅ​ខែមិថុនា ឆ្នាំ​១៧៦៨ អាជ្ញាធរ​អង់គ្លេស បាន​រឹបអូស​ទូក​ក្តា​មួយគ្រឿង​របស់ អង្គការ Sons of Liberty ដោយ​ចោទថា ជា​ទូក​ចោរ ។ ប្រការនេះ​បាន​បញ្ឆេះ​ឱ្យមាន​កុប្បកម្ម​នៅ បូ​ស្តុ​ន មន្ត្រី​ពន្ធដារ ត្រូវបាន​បង្ខំ​ឱ្យ​ភៀសខ្លួន ហើយ​អង់គ្លេស​ក៏បាន​ដាក់ពង្រាយ​កងទ័ព​របស់ខ្លួន ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នៅ​ទីនោះ ។​

​នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​១៧៧០ មនុស្ស​មួយក្រុម បាន​ឡោមព័ទ្ធ​ទាហាន​អង់គ្លេស​មួយក្រុម ។ ក្រុមមនុស្ស​នោះ បាន​កើន​ច្រើនឡើងៗ គប់​ដុំ​ព្រិល ដុំថ្ម និង​បំណែក​ផ្សេងៗ ទៅលើ​កងទ័ព​ទាំងនោះ ។ ទាហាន ក៏បាន​បាញ់កាំភ្លើង សំដៅទៅ​ហ្វូងមនុស្ស​ទាំងនោះ វាយ​ធ្វើបាប​មនុស្ស ១១ នាក់ សម្លាប់​ជន​ស៊ីវិល ៥ នាក់ ធ្វើ​ឱ្យឮ​សុះសាយ ហៅថា ការសម្លាប់​រង្គាល​នៅ​បូ​ស្តុ​ន ហើយ​បានធ្វើឱ្យ​ចិត្ត​មនុស្ស នៅក្រោមអាណា និគម នៅ​ទីនោះ ស្អប់ខ្ពើម​អង់គ្លេស ។​

​នៅ​ឆ្នាំ​១៧៧០ សភា​អង់គ្លេស បាន​ដក​ទៅវិញ​នូវ​ច្បាប់​កាតព្វកិច្ច​ចំពោះ​ទំនិញ​ខាងលើ ដោយ​ទុក​តែ​ពន្ធ​លើ​ផលិតផល តែមួយ​មុខ​ប៉ុណ្ណោះ ដែល​ទង្វើ​នេះ​អាច​ដោះស្រាយ​វិបត្តិ និង ពហិការ នៅ​ម៉ាស្សា​ឈូ​សិត បាន​មួយកម្រិត ។ ប៉ុន្តែ​ក្តី​ស្អប់ខ្ពើម​របស់​ជនជាតិ​អាមេរិកាំង ចំពោះ​អង់គ្លេស បាន​ដៅ​ជាប់​ក្នុង​ក្រអៅបេះដូង​ជនជាតិ​អាមេរិក នៅឡើយ ។ ខែមិថុនា ឆ្នាំ ១៧៧២ ពួក​អ្នក​ជាតិនិយម​មួយក្រុម បាន​ដុតបំផ្លាញ​កា​ប៉ាល់​ចម្បាំង អង់គ្លេស​មួយគ្រឿង ។​

​គណៈកម្មការ​ឆ្លើយឆ្លង​-​ផ្ទុះ​សង្គ្រាម​
​នៅ​ឆ្នាំ​១៧៧២ អ្នកនយោបាយ​ដ៏​លេចធ្លោ​ម្នា​ក់នៅ បូ​ស្តុ​ន លោក សា​មូ​អែល អាដាម​ស៍ ( Samuel Adams ) បាន​បង្កើត​គណៈកម្មកា​រ​ឆ្លើយឆ្លង​មួយ​ឈ្មោះថា Committees of Correspondence ដែល​បាន​ភ្ជាប់​អ្នកស្នេហាជាតិ​ទាំងឡាយ នៅក្នុង​ដែនដី​អាណានិគម​ទាំង ១៣ ហើយ​ថែមទាំង​បានផ្តល់​នូវ​ទម្រង់​ផែនការ សម្រាប់​រដ្ឋាភិបាល​ឩ​ទ្ទាមទៀត ផង ។ នៅ​ដើមឆ្នាំ​១៧៧៣ តំបន់ Virginia គឺជា​ដែនដី​អាណានិគម​ធំជាងគេ​បំផុត ដែល​បាន​បង្កើត​គណៈកម្មការ Committee of Correspondence ។

​ពេលនោះ អ្នកស្នេហាជាតិ​ប្រមាណ​ជា ៧.០០០-៨.០០០ នាក់ បានធ្វើការ នៅក្នុង គណៈកម្មការ Committees of Correspondence ហើយ​គណៈកម្មការ​នេះ បាន​ក្លាយជា​ក្រុម​អ្នកដឹកនាំ​របស់​ក្រុម​អ្នកតស៊ូ​អាមេរិកាំង ប្រឆាំងនឹង​វិធានការ​នានា​របស់​អង់គ្លេស ហើយ​បាន​ផ្តើមគំនិត​យ៉ាង​ទូលំទូលាយ នៃ​ភាព​អាចធ្វើ​សង្គ្រាម នៅ​កម្រិត​រដ្ឋ និង មូលដ្ឋាន ។​

​នៅ​ឆ្នាំ​១៧៧៣ សភា​អង់គ្លេស បានអនុម័ត​ច្បាប់​កាត់បន្ថយ​ពន្ធ​តែ នាំចេញ​ទៅកាន់​តំបន់​ដែនដី​អាណានិគម ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន East India Company របស់​អង់គ្លេស​ដែល​លក់​មិន​ឈ្នះ​តែ គេចពន្ធ​ហុ​ល្លង់ ។ វិធានការ​នេះ នាំឱ្យ​អ្នកជំនួញ​អាមេរិកាំង​ជំទាស់ ព្រោះ​វា​ធ្វើឱ្យ​ខូចប្រយោជន៍​ពាណិជ្ជកម្ម​របស់​ពួកគេ ។ នៅ​ខែធ្នូ ឆ្នាំ​នោះ បុរស​មួយក្រុម ដឹកនាំ​ដោយ​លោក Samuel Adams បាន​ចូលទៅក្នុង​កប៉ាល់​របស់​ក្រុមហ៊ុន British East India Company នៅ​កំពង់ផែ ក្រុង​បូ​ស្តុ​ន ហើយ​បាន​រើ​បោះចោល​នូវ​ស្លឹក​តែ ដែលមាន​តម្លៃ ១០.០០០ ផោន (​បើ​ធៀប​នៅ​ឆ្នាំ​២០០៨ តម្លៃ​នេះ ប្រហែល​ជាមួយ​សែន​ដុល្លារ​អាមេរិក )​។​

​រដ្ឋាភិបាល​អង់គ្លេស ឆ្លើយតប​ដោយ​ការអនុម័ត​ច្បាប់​ជាច្រើន ដែល​ត្រូវគេ​ស្គាល់​ថា Intolerable Acts, Massachusetts Government Act , Administration of Justice Act, Boston Port Act និង Quartering Act of 1774 ធ្វើឱ្យ​ចុះខ្សោយ​នូវ​ជន​ក្រោម​អាណានិគម​នៅ​ចំពោះមុខ​អង់គ្លេស ។​

​ជាការ​ឆ្លើយតប​ចំពោះ​ច្បាប់​ទាំងនេះ អ្នកស្នេហាជាតិ នៅ​ម៉ាស្សា​ឈូ​សិត នៅ​ថ្ងៃទី ៩ ខែកញ្ញា បានចេញ​ផ្សាយ​សេចក្តីប្រកាស​មួយ​ឈ្មោះ Suffolk Resolves​មិន​ទទួលយក​វិធាន​ច្បាប់​នានា​ខាងលើ ហើយ​ថែម​បង្កើត​រដ្ឋាភិបាល​ស្រមោល​មួយ ដែល​គេ​ស្គាល់​ថា “ សភា ថ្នាក់​ខេត្ត “​ហើយ​បានចាប់ផ្តើម​បង្វឹក​កងជីវពល នៅក្រៅ​ក្រុង​បូ​ស្តុ​ន ដែល​បានសេចក្តីថា ពេលនេះ​ជនជាតិ​អាមេរិកាំង បាន​កំពុង​ហ្វឹកហាត់​ត្រៀម​ធ្វើសង្គ្រាម​ហើយ លើកលែងតែ​អង់គ្លេស លុបចោល​ច្បាប់​ទាំងឡាយ​ខាងលើ ។​

​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​១៧៧៥ ពួក​មេដឹកនាំ​កងកម្លាំង​ជន​ក្រោម​អាណានិគម បានដឹងថា អង់គ្លេស កំពុង​ដាក់​ផែនការ​បញ្ជូន​កងទ័ព ចេញ​ក្រៅ​ក្រុង ទៅកាន់​ភ្នំ ចំនួន​៤៥ នៅ​ជុំវិញ​ទីក្រុង ដែល​ពួកគេ​មិនទាន់បាន​កាន់កាប់ ។ ឆ្លៀត​ពេលនោះ ពួក​អ្នកស្នេហាជាតិ ចូលកាន់​កាប់​កំពង់ផែ​បូ​ស្តុ​ន ។ កងទ័ព​ជន​ក្នុង​អាណានិគម​ចំនួន ១.២០០ នាក់ ក្រោម​បញ្ជាការ​របស់លោក William Prescott បាន​ចូល​កាន់កាប់​ភ្នំ Bunker និង​ភ្នំ Breed យ៉ាងរឹងមាំ ថែមទាំង​បាន​បង្ហាត់​ក្រុម​តូចៗ ទូទាំង​កោះ​ភ្លោះ Charlestown ទៀតផង ។​

​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​១៧៧៥ មានការ​ប្រយុទ្ធ​គ្នា​មួយ រវាង​ក្រុម​អ្នកស្នេហាជាតិ​អាមេរិកាំង នៅ​បូ​ស្តុ​ន ហើយ​ការប្រយុទ្ធ​នោះ មាន​ឈ្មោះថា ការប្រយុទ្ធ​នៅ​ភ្នំ Bunker ដែល​ក្រុម​អ្នកស្នេហាជាតិ​អាមេរិក បាន​កាន់កាប់​តំបន់​ក្រៅ​ក្រុង​បូ​ស្តុ​ន ។​

​ថ្ងៃទី​៥ ខែមករា ឆ្នាំ​១៧៧៦ រដ្ឋ New Hampshire បានឱ្យ​សច្ចាប័ន​លើ​ធម្មនុញ្ញ​រដ្ឋ ដំបូង​គេ ។ នៅ​ខែ​ឩ​សភា ឆ្នាំ​១៧៧៦ សភា​ប្រជាជន បាន​បោះឆ្នោត​បញ្ជាក់ថា រាល់​អាជ្ញាធរ​ស្តេច​ទាំងអស់ ត្រូវ​ជំនួស​ដោយ​អាជ្ញាធរ ក្នុងស្រុក ដែល​ទើប​បង្កើត​ថ្មី​។ រដ្ឋ Virginia, South Carolina, New Jersey , Rhode Island,Connecticut និង​រដ្ឋ​ដទៃទៀត ក៏​ធ្វើ​ប្រហាក់ប្រហែលគ្នា​នេះ ដែល​បង្ហាញ​ពី​ភាព​លែង​ចំណុះ​អង់គ្លេស​ជា​បន្តបន្ទាប់ ។​

​នៅ​ខែមីនា ឆ្នាំ​១៧៧៦ ក្រោម​បញ្ជាការ​របស់លោក ច​ច វ៉ាស៊ីនតោន ( George Washington ) កងទ័ព Continental Army បាន​បណ្តេញ​កងទ័ព​អង់គ្លេស ចេញពី បូ​ស្តុ​ន ។ ឥឡូវនេះ បដិវត្តន៍ មាននៅ​គ្រប់​ទីកន្លែង នៃ​តំបន់​អាណានិគម​ទាំង ១៣ នៅ​តំបន់​អាមេរិក​ខាងជើង​។​
​បង្កើត​សហរដ្ឋអាមេរិក​

​នៅក្នុង​តំបន់​អាណានិគម​ទាំង​១៣ ពួក​អ្នកស្នេហាជាតិ បាន​ទម្លាក់​នូវ​រដ្ឋាភិបាលដែល មាន​ស្រាប់ បិទ​តុលាការ និង​បណ្តេញ​ពួក​មន្ត្រី​អង់គ្លេស​ចេញ ។ នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ ១៧៧៦ សភា​ថ្នាក់​ខេត្ត របស់ North Carolina បានចេញ​លិខិត​មួយច្បាប់​ឈ្មោះ​Halifax Resolves ជា​លិខិត​អំពាវនាវ​រក​ឯករាជ្យ​ភាព​ពី​អង់គ្លេស សម្រាប់​ដែនដី​អាណានិគម​ទាំង​១៣ នៅ​អាមេរិក​ខាងជើង ។ នៅ​ខែ​ឩ​សភា ឆ្នាំ​ដដែល​នោះ សភា​នេះ បាន​អំពាវនាវ​ឱ្យ​រដ្ឋ​ទាំងអស់​តាក់តែង​ធម្មនុញ្ញ​របស់ខ្លួន ហើយ​ឱ្យ​លុបចោល នូវ​ច្បាប់​ចាស់​របស់​អង់គ្លេស ។​

​គិត​ត្រឹម​ខែមិថុនា ឆ្នាំ​១៧៧៦ នោះ មាន​រដ្ឋ​ចំនួន ប្រាំបួន បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ប្រកាស​ឯករាជ្យភាព ចំណែក​រដ្ឋ​បួន​ទៀត ក៏បាន​សម្រេច​ការងារ​ជា​បន្តបន្ទាប់​គ្នា​ដែរ ។ សភា បានប្រកាស​ឱ្យ​បោះឆ្នោត ដើម្បី​ឯករាជ្យភាព នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​នោះ ។ សេចក្តីប្រកាស​ឯករាជ្យ ត្រូវបាន​សភា​ទាំងមូល ទទួលយក​ជា​ឯកច្ឆន្ទ នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​១៧៧៦ នោះ ពោលគឺ​ជាការ​បង្កើត​ដែនដី​ជាតិ​សាសន៍​ថ្មី​មួយ ដែលមាន​អធិបតេយ្យភាព ហើយ​ដាក់ឈ្មោះ​ខ្លួនឯង​ថា “ សហរដ្ឋអាមេរិក (United States of America = USA ) ។ គឺ​ថ្ងៃ​នោះឯង​ហើយ ដែល​បាន​ក្លាយជា​ទិវា​ឯករាជ្យ​ជាតិ​អាមេរិក រហូតមកដល់​សព្វថ្ងៃ ។​

​ទីក្រុង​ឡុង​ដ៍ បាន​បញ្ជូន​កងទ័ព ក្នុង​ចំនួន​ដ៏​ច្រើន​មួយ ដើម្បី​បង្ក្រាប​ចលនា​ឯករាជ្យ​របស់​ជនជាតិ​អាមេរិកាំង និង​ដើម្បី​បង្ខំ​ពួក​អ្នក​ទាំងនោះ ឱ្យមាន​ភក្តីភាព ចំពោះ​អង់គ្លេស​ឡើងវិញ ។ នៅ​ខែកក្កដា ឆ្នាំ​១៧៧៦ កងទ័ព​អង់គ្លេស​ដ៏​ច្រើន បាន​ទៅ​ឈប់​សំចត​នៅ ញូ​វ យ៉​ក ហើយ​នៅ​ខែសីហា ឆ្នាំ​នោះ ពួកគេ​បាន​យកជ័យ​ជម្នះ លើ​កងទ័ព​របស់លោក​មេបញ្ជាការ ច​ច វ៉ាស៊ីនតោន នៅ​បូ​ស្តុ​ន ហើយ​បាន​សុំ​ជួបចរចា ជាមួយ​តំណាង​មកពី សភា អាមេរិកាំង ដែល​ទើបតែ​បានប្រកាស​ឯករាជ្យ​ថ្មីៗ​នេះ ។​

​ជំនួប​នោះ បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​១៧៧៦ នោះ ប៉ុន្តែ​បាន​បរាជ័យ ដោយ​ខាង​អាមេរិកាំង មិន​ព្រម​តាម​សំណើ​របស់​អង់គ្លេស ដែល​ស្នើឱ្យ​ដក​ពាក្យ​ប្រកាស​ឯករាជ្យភាព​ចេញ ។ រំពេច​នោះ កងទ័ព​អង់គ្លេស បាន​ចូល​ត្រួតត្រា​ទីក្រុង​ញូវយ៉ក ហើយ​ស្ទើរតែ​បាន​ចាប់ខ្លួន​កងទ័ព​របស់​លោក ច​ច វ៉ាស៊ីនតោន ទៀតផង ។ អង់គ្លេស បាន​យក​ទីក្រុង ញូវយ៉ក ធ្វើជា​ទីតាំង​សំខាន់​ផ្នែក​យោធា និង​នយោបាយ​សម្រាប់​កិច្ចប្រតិបត្តិការ​នៅ​អាមេរិក​ខាងជើង រហូតដល់​ខែវិច្ឆិកា ឆ្នាំ​១៧៨៣ ។​

​កងទ័ព​អង់គ្លេស ក៏បាន​ចាប់យក​រដ្ឋ New Jersey ផងដែរ ហើយ​បង្ខំ​ឱ្យ​កងទ័ពរបស់ លោក​មេបញ្ជាកា​រ វ៉ាស៊ីនតោន គេច​ចេញទៅ Pennsylvania ។ ប៉ុន្តែ​ការប្រយុទ្ធ នៅ​ចុងខែ​ធ្នូ ឆ្នាំ​១៧៧៦ នោះ កងទ័ព​របស់​វ៉ាស៊ីនតោន បាន​ឆ្លងទន្លេ​ត្រឡប់​ចូលទៅ​រដ្ឋ New Jersey ហើយ​បាន​យកជ័យ​ជម្នះ​លើ​កងទ័ព​អង់គ្លេស នៅ​ទីតាំង​សំខាន់​មួយ ចំនួន ស្ទើរតែ​ត្រួតត្រា​បាន បូ​ស្តុ​ន ទាំងស្រុង​វិញ​។ ជោគជ័យ​នេះ បាន​ជំរុញ​ទឹកចិត្ត​ដល់​ពួក​អ្នកស្នេហាជាតិ​ជាខ្លាំង ។ សង្គ្រាម​រវាង​អាណានិគម​អង់គ្លេស និង​កងទ័ព​អ្នកស្នេហា ជាតិ​អាមេរិក ក្រោម​បំណង​ដ៏​ពិសិដ្ឋ គឺ​ឯករាជ្យភាព ចេះតែ​បន្ត​ចាញ់ឈ្នះ​គ្នា ជា​ហូរហែ ។​

​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​១៧៧៨ អាមេរិក បាន​បង្កើត​សម្ព័ន្ធភាព​យោធា​ជាមួយ​បារាំង​ដែលជា​អតីត​សត្រូវ​របស់​អង់គ្លេស ។ ឆ្លៀតឱកាស​នោះ ដើម្បី​សងសឹក​អង់គ្លេស​ផង បារាំង​បានប្រកាស​ទទួលស្គាល់​ឯករាជ្យភាព​របស់​អាមេរិក​មុនគេ ហើយ​បាន​ចូលខ្លួន​ទៅ​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​អាមេរិក ប្រឆាំង​អាណានិគម​អង់គ្លេស​នោះ​។​

​នៅ​ឆ្នាំ​១៧៧៩ អេ​ស្ប៉ា​ញ និង ហុ​ល្លង់ បាន​ក្លាយជា​សម្ព័ន្ធមិត្ត​ជាមួយ​បារាំង ញ៉ាំងឱ្យ​ចក្រភព​អង់គ្លេស ក្លាយជា​ភាគី​គ្មាន​សម្ព័ន្ធមិត្ត​ធំដុំ នៅក្នុង​សង្គ្រាម​នោះ ទើប​កងទ័ព​អង់គ្លេស​ជាច្រើន ត្រូវបាន​បង្ខំចិត្ត​ឱ្យ​ដកថយ​ចេញពី​អាមេរិក ប៉ុន្តែ​សង្គ្រាម​ដើម្បី​ការពារ​ឯករាជ្យភាពរ​បស់​អា​មេ​កាំ​ង ប្រឆាំង​អង់គ្លេស នៅតែ​បន្ត​នៅឡើយ ហើយ​អង់គ្លេស ងាក​ទៅ​ដណ្តើម​កាន់កាប់​ដែនដី​អាមេរិក​ភាគខាងត្បូង​វិញ​។​

​តំបន់​ដែល​អង់គ្លេស​ដណ្តើម​កាន់​កាប់​ពេលនោះ មាន Savannah, Georgia coastline Charleston ហើយ​បាន​កាន់កាប់​រដ្ឋ Georgia និង Carolina ស្ទើរតែ​ទាំងស្រុង ។ បន្ទាប់មក​ក៏​វាយ​បើកផ្លូវ​ឆ្ពោះទៅ Carolina ខាងជើង និង Virginia ប៉ុន្តែ​ដែនដី​ដែល​ពួកគេ​ដណ្តើមបាន​កន្លងមក​នោះ មាន​ភាពចលាចល មាន​សង្គ្រាម​ឩ​ទ្ទាម​ប្រឆាំង​អង់គ្លេស​យ៉ាង​ច្របូកច្របល់ ។​
​សន្ធិសញ្ញា​បញ្ចប់សង្គ្រាម​

​នៅឯ​ប្រទេស​អង់គ្លេស​ឯណោះ ពួក​អ្នកគាំទ្រ​សង្គ្រាម​នៅ​អាមេរិក បាន​បាត់បង​ការគ្រប់ គ្រង​សភា ។ ប៉ុន្តែ បារាំង ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អាម​រិ​ក ក៏បាន​ចែកផ្លូវ​ពី​អាមេរិក​ដែរ​នៅ​ឆ្នាំ ១៧៨២ ដូច្នេះ អាមេរិក ក៏ត្រូវ​ពឹង​លើ​តែ​កម្លាំង​ខ្លួនឯង​ដែរ ហើយ ក៏​គ្មាន​លុយ​នៅក្នុង​រតនាគារជាតិ គ្មាន​ប្រាក់ខែ​បើក​ឱ្យ​កងទ័ព និង​មន្ត្រី​ស៊ីវិលបង្កើតបាន ជា​ភាពច្របូកច្របល់ ពិបាក​ត្រួតត្រា​ស្ថានការណ៍ ។ ទើប​ទីបំផុត​ទាំង​ខាង​អង់គ្លេស និង អាមេរិក ងាក​ទៅរក​ការចរចា​បញ្ចប់សង្គ្រាម ។​

​នៅ​ទីបំផុត នៅ​ថ្ងៃទី​៣ ខែកញ្ញា សន្ធិសញ្ញា​សន្តិភាព មួយ​រវាង​ចក្រភព​អង់គ្លេស និង អាមេរិក​ឈ្មោះ Treaty of Paris ត្រូវបាន​ចុះហត្ថលេខា នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​បានបញ្ចប់​សង្គ្រាម​បដិវត្តន៍ អាមេរិកាំង​ជា​ស្ថាពរ ។ ក្នុង​សន្ធិសញ្ញា​នោះបាន ប្រគល់​ឱ្យ​សហរដ្ឋអាមេរិក នូវ​ទឹកដី​ទាំងអស់​ខាងកើត​ទន្លេ Mississippi និង​ខាងត្បូង Great Lakes ប៉ុន្តែ​មិន​បញ្ចូល Florida ឡើយ​គឺ អង់គ្លេស ត្រូវប្រគល់ Florida ទៅឱ្យ​អេ​ស្ប៉ា​ញ វិញ​។​

​លោក​មេបញ្ជាការ កងទ័ព​អាមេរិក ច​ច វ៉ាស៊ីនតោន បាន​លាលែង​ពី​តំណែង ត្រឡប់​ទៅ​រស់នៅ​ជា​កសិករ ឯ​ស្រុ​កំណើត​របស់គាត់ ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៧៨៩ លោក ច​ច វ៉ាស៊ីនតោន ត្រូវបាន​បោះឆ្នោត ឱ្យធ្វើជា​ប្រធាន​ធិបតី​ដំបូង​គេ​បំផុត របស់សហរដ្ឋ អាមេរិក ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​