ទិវា​ឯករាជ្យ​ជាតិ អា​ស៊ែ​បៃ​ហ្ស​ង់​

1209
ចែករម្លែក

​(ភ្នំពេញ)​៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អា​ស៊ែ​បៃ​ហ្ស​ង់ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី​១៨ ខែតុលា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ ប្រកា​សឯក រាជ្យ​ភាព ពី​សហភាពសូវៀត កាលពី​ឆ្នាំ ១៩៩១ ។​
​ ​
ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ មាន​ផ្ទៃដី ៨៦.៦០០ គីឡូម៉ែត្រ​ក្រឡា ស្ថិត​ចំណុច​បំបែក​គ្នា នៃ​ទ្វីបអាស៊ី និរតី និង​ទ្វីបអឺរ៉ុប អាគ្នេយ៍ មាន​ព្រំដែន​ជាប់​ប្រទេស រុស្ស៊ី​, ច​ច​ជា , អា​ម៉េ​នី , អ៊ីរ៉ង់ និង សមុទ្ទ កា​ស្ពី ។ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ៩ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ។ ភាសាផ្លូវការ គឺ​ភាសា អា​ស៊ែ​បៃ​ហ្ស​ង់ រដ្ឋធានី​គឺ​ទីក្រុង​បា​គូ ។​

ប្រវត្តិសាស្ត្រ
​ទឹកដី​ដែលជា​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ បច្ចុប្បន្ននេះ បាន​ក្លាយជា​រដ្ឋ​ឯករាជ្យ មួយ​តាំងពី​អំឡុង​សតវត្សរ៍​ទី​៤ មុន​គ្រិស្តសករាជ​មកម្ល៉េះ ដែល​គ្រប់គ្រង​ដោយ​ពួក​ជនជាតិ​កូ​កាស អាល់​បា​នី ។ នៅ​ឆ្នាំ​២៥២ ចក្រភព​សា​សាន (​នៃ​ជនជាតិ​ពែ​ក បច្ចុប្បន្ន​គឺ អ៊ីរ៉ង់​) បាន​យក កូ​កាស អាល់​បា​នី ធ្វើជា​រដ្ឋ​បរិវារ នៅពេលដែល​ស្តេច អួ​ណា​យ៉ឺ​រ៍ នៃ​រាជវង្ស អាសា​ស៊ី បាន​ទទួលយក​សាសនា​គ្រិស្ត ធ្វើជា​សាសនា​របស់​រដ្ឋ ។​
​ ​
​បើទោះជា​ត្រូវបាន​ត្រួតត្រា ដោយ​រាជវង្ស សា​សានី​ដ​ក្តី ក៏​អាល់​បា​នី នៅតែ​រក្សាបាន​នូវ​របបរាជានិយមរ​បស់​ខ្លួន ហើយ​ដណ្តើមបាន​នូវ​ឋានៈ ជា​ប្រធាន​លើ​ពពួក​រដ្ឋ​ជា​បរិវារ​ទាំងពួង​ទៀតផង​។ នៅ​ដើម​សតវត្សរ៍​ទី​៦ ជនជាតិ​អារ៉ាប់ បាន​ឈ្លានពាន​តំបន់​ជនជាតិ​ពែ​ក ហើយ​កូ​កាស អាល់​បា​នី ( នៅ​ឋានៈ​ជា​បរិវារ របស់ ចក្រភព សា​សាន នៅឡើយ ) ក៏មាន​អ្នក​កាន់សាសនា អ៊ិ​ស្លាម វិញ​ខ្លះ ។​
​ ​
​ស្តេច ចា​វ៉ាន​ហ្សៀ​រ នៃ​អាណាចក្រ កូ​កាស អាល់​បា​នី ដែលជា​អ្នក​កាន់​គ្រិស្តសាសនា បានធ្វើ​សង្គ្រាម​តតាំង​នឹង​ពួក​អារ៉ាប់ ប៉ុន្តែ​ត្រូវបាន​បង្ក្រាប​នៅ​ឆ្នាំ​៦៦៧ និង​បាន​រុញច្រាន បណ្តេញ​ពួក​រាជវង្ស សា​សានី​ដ និង​ពួក​ប៊ី​ហ្សាំ​ង​តាំង ( ជា​អតីត​រដ្ឋ​ដ៏​ធំ​មួយ នៃ​ចក្រភព​អាល្លឺម៉ង់​) ចេញពី​តំបន់ ត្រង់​កូ​កាស ឬ កូ​កាស ខាងត្បូង ហើយ​បាន​ដណ្តើម​អាណាចក្រ កូ​កាស អាល់​បា​នី ទៅជា​រដ្ឋ​បរិវារ ។ នៅ​ដើម​សតវត្សរ៍​ទី​១១ ទឹកដី​នេះ ត្រូវបាន​ដណ្តើម​កាន់កាប់​ដោយ​ពួក អូ​ហ្គូ​ស តួ​ក​គី (​តួ​ក​គី ភាគ​ខាងលិច នាពេល​បច្ចុប្បន្ន​) ។ ពួក​ជនជាតិ​តួ​ក​គី​ទាំងនោះ បាន​បង្កើត ចក្រភព​ដំបូង​ឈ្មោះថា សែ​ល​ជូ​ក នៅលើ​ទឹកដី ដែលជា​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ នាពេល​បច្ចុប្បន្ននេះ នៅ​ឆ្នាំ​១០៦៧ ។

​នៅ​អំឡុង​សតវត្សរ៍​ទី​១៤ ទឹកដី​នេះ បាន​ត្រូវ​ឈ្លានពាន និង​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​ជន​ជាតិ​ម៉ុង​ហ្គោល ហើយ​បង្កើតបានជា​ចក្រភព​ទី​មួរ និង​មានការ​ផ្លាស់ប្តូរ​ម្ចាស់ តាមរយៈ​សង្គ្រាម​ជា​បន្ត​បន្ទាប់មក ដោយមាន​ទាំង​ពួក​រាជ​វង​ស្ស របស់ អ៊ីរ៉ង់ ផង ។​
​ ​
​ធ្លាក់​ក្នុង​ដៃ​រុស្ស៊ី​-​សូ​វៀត​
​​នៅ​អំឡុង​សតវត្សរ៍​ទី​១៨ ចក្រភព​រុស្ស៊ី បាន​ក្លាយជា​ចក្រភព​ដ៏​ខ្លាំងក្លា ហើយ​ក្លាយជា​អ្នក​ឈ្លានពាន​ទៅលើ​ចក្រភព ២ ផ្សេងទៀត ដែល​នៅ​ជិត​ខ្លួន​នៅ​ភាគខាងត្បូង ដែលជា​គូប្រជែង​គឺ ចក្រភព​អូ​តូ​ម៉​ង់ (​តួ​ក​គី​) និង អ៊ីរ៉ង់ ។ ចក្រភព រុស្ស៊ី បាន​ព្យាយាម​យ៉ាងសកម្ម​ក្នុងការ​ដណ្តើម​កាន់កាប់​តំបន់ កូ​កាស ដែល​ពេលនោះ ភាគច្រើនបំផុត ស្ថិតក្នុង​ដៃ អ៊ីរ៉ង់ ។

​នៅ​ឆ្នាំ​១៨០៤ រុស្ស៊ី បាន​ចូល​ឈ្លានពាន និង​កាន់កាប់​ទីក្រុង​អ៊ីរ៉ង់ បាន​បញ្ឆេះ​សង្គ្រាម រុស្ស៊ី​-​ពែ​ក ចាប់ពី​ឆ្នាំ​១៨០៤ (​ដល់​ឆ្នាំ​១៨១៣) ហើយ​សង្គ្រាម​នេះ បានបញ្ចប់​ទៅដោយ​ជោគជ័យ ធ្លាក់​ទៅខាង​រុស្ស៊ី ដែលមាន​កងទ័ព​ដ៏​ខ្លាំង​មហិមា ។ ចក្រភព​រុស្ស៊ី ក៏បាន​បង្ខំ​ឱ្យ​រដ្ឋ​ជាច្រើន​ទៀត ចុះ​ញ៉ម​ផងដែរ ដូចជា​រដ្ឋ ច​ច​ជា និង​ដា​ហ្កេ​ស្តង់ អា​ម៉េ​នី ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ ចក្រភព​រុស្ស៊ី តាមរយៈ​សន្ធិសញ្ញា ហ្គូ​លី​ស្តង់ នា​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​១៨១៣ ។

​ប្រមាណ​ជា ១ ទសវត្សរ៍​ក្រោយមក ចក្រភព​រុស្ស៊ី បាន​ឈ្លានពាន អ៊ីរ៉ង់ ម្តងទៀត ហើយ​សង្គ្រាម​រវាង​ប្រទេស​គូប្រជែង​ជាប់​របង​គ្នា​ទាំង ២ ក៏បាន​ឆាបឆេះ​ឡើង​ម្តងទៀត ចាប់ពី​ឆ្នាំ​១៨២៦ ដល់​ឆ្នាំ​១៨២៨ ដោយ​ជោគជ័យ បាន​ធ្លាក់​ទៅខាង​រុស្ស៊ី​ទៀត នាំឱ្យ​ទឹកដី​ដែលជា​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ ទាំង​ប៉ុន្មាន ដែល​នៅ​សេសសល់​ក្នុង​ដៃ​របស់​អ៊ីរ៉ង់ របូត​ចូលក្នុង​ដៃ​រុស្ស៊ី​ទាំងអស់ ដោយ​រួមទាំង​ទឹកដី​តំបន់ កូ​កាស ទាំងមូល ក៏​ធ្លាក់​ទៅក្នុង​ដៃ​រុស្ស៊ី​ដែរ ។​

​សា​ធាណ​រដ្ឋ ប្រជាធិបតេយ្យ អា​ស៊ែ​បៃ​ហ្ស​ង់​
​ការ​ប្រជែង​គ្នា​នៃ​ពួក​មហាអំណាច ក៏បាន​អូសទាញ​ឱ្យ​ប្រទេស​តូចតាច​ក្រោម​អំណាច​របស់​ពួកគេ ធ្លាក់​ក្នុង​ភ្នក់ភ្លើង​សង្គ្រាមលោកលើកទី​១ ( ២៨ កក្កដា ១៩១៤ – ១១ វិច្ឆិកា ១៩១៨) ។ សង្គ្រាម​នេះ បានធ្វើឱ្យ​ចក្រភព​រុស្ស៊ី (​ក៏ដូចជា​ប្រទេស​ដទៃ ភាគច្រើនបំផុត​ក្នុង​លោក​) ដែល​ធ្លាប់តែ​សម្បូរ​រុងរឿង ក្លាយជា​ប្រទេស​ខ្វះខាត សូម្បីតែ​ស្បៀងអាហារ ក៏​ត្បិតត្បៀត​ដែរ​។ ទីបំផុត ក៏បាន​ផ្ទុះឡើង​នូវ​បដិវត្តន៍ ខែកុម្ភៈ ឆ្នាំ​១៩១៧ បាន​ផ្តួលរំលំ​របបរាជានិយម នៃ​ចក្រភព រុស្ស៊ី ជំនួស​ដោយ​រដ្ឋាភិបាល​បណ្តោះអាសន្ន (​ក្រោយមក គឺ​សាធារណរដ្ឋ​រុស្ស៊ី​) នាំឱ្យ​ប្រទេស​នេះ រវល់​វក់វីរ​តែ​នឹង​រឿង​ផ្ទៃក្នុង ដែល​បានសេចក្តីថា អំណាចកណ្តាល​នៅរ​ស្ស៊ី មាន​ភាព​រង្គោះរង្គើ​យ៉ាងច្រើន ។​
​ ​
​ខណៈនោះ សាធារណរដ្ឋ​សហព័ន្ធ ប្រជាធិបតេយ្យ ត្រង់​កូ​កាស (​តំបន់​ដែល​បច្ចុប្បន្ន​ជា​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ ច​ច​ជា និង​អា​ម៉េ​នី ដែល​កាលណោះ កំពុង​ត្រូវបាន​ដណ្តើម​កាន់កាប់​ដោយ​ចក្រភព​រុស្ស៊ី​) ឬ សហព័ន្ធ​ត្រង់​កូ​កាស ត្រូវបាន​ប្រកាស​បង្កើត​ឡើង នៅ​ថ្ងៃទី​២២ ខែមេសា (​ដល់​ថ្ងៃទី​២៨ ខែឧសភា​) ឆ្នាំ ១៩១៨ ។​
​ ​
​គណបក្ស​បុល​សេ​វិក (​រុស្ស៊ី​) ដោយមាន​ការគាំទ្រ​ដោយ សហព័ន្ធ​បដិវត្តន៍ អា​ម៉េ​នី បាន​បើក​ការកាប់សម្លាប់​គ្នា យ៉ាង​រង្គាល​ទៅលើ​ពួក​មូ​ស្ល៊ិ​ម បះបោរ ដោយមាន​គណបក្ស​មូ​សាវ៉ាត ជា​ប្រមុខ នៅក្នុង​ទីក្រុង​បា​គូ និង​តំបន់​ជិតៗ​នោះ ចាប់ពី​ថ្ងៃទី​៣០ ខែមីនា ដល់​ថ្ងៃទី​២ ខែមេសា ឆ្នាំ​១៩១៨ ដែល​គេ​ហៅថា ព្រឹត្តិការណ៍ ខែ មីនា នោះ បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ប្រមាណ​ជា ១២.០០០ នាក់ ។
​ ​
​ពេលនោះ គណបក្ស​មូ​សាវ៉ាត បានប្រកាស​ឯករាជ្យភាព ថា​ជា សាធារណរដ្ឋ​ប្រជាធិបតេយ្យ អា​ស៊ែ​បៃ​ហ្ស​ង់​។ សាធារណរដ្ឋ ប្រជាធិបតេយ្យ អា​ស៊ែ​បៃ​ហ្ស​ង់ គឺជា​រដ្ឋ​ទី​១ ក្នុង​ពិភព​មូ​ស្ល៊ី​ម ដែលមាន​សភា​ទំនើប និង​ផ្តល់​សិទ្ធិ​ឱ្យ​ស្ត្រី​ស្មើនឹង​បុរស​។ មួយទៀត គឺ​បាន​បង្កើត​សកល​វិទ្យាល័យ​រដ្ឋ​បា​គូ ដែលជា​សកល​វិទ្យាល័យ​ទំនើប​មុនគេ ក្នុង​ពិភព​មូ​ស្ល៊ី​ម នៅ​បូព៌ា ។​

​ប៉ុន្តែ​ឯករាជ្យភាព​របស់​អា​ស៊ែ​បៃ​ហ្ស​ង់ មាន​អាយុកាល​ត្រឹមតែ ២៣ ខែ ប៉ុណ្ណោះ ដោយសារ​ត្រូវបាន​កងទ័ព​ក្រហម របស់​សូ​វៀត ចូល​ឈ្លានពាន​ម្តងទៀត ហើយ​បង្កើតជា អា​ស៊ែ​បៃ​ហ្ស​ង់ សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត នៅ​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​១៩២០ ។ សាធារណរដ្ឋ​ប្រជាធិបតេយ្យ អា​ស៊ែ​បៃ​ហ្ស​ង់ ក៏បាន​ដល់ទី​អវសាន ។​
​ ​
​សម័យ​សង្គ្រាមលោកលើកទី​២
​នៅ​អំឡុង​សម័យ​សង្គ្រាមលោកលើកទី​២ (១៩៣៩-១៩៤៥) អា​ស៊ែ​បៃ​ហ្ស​ង់ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​គោលនយោបាយ ថាមពល​យុទ្ធសាស្ត្រ របស់ សហភាពសូវៀត ព្រោះ​ប្រេងឥន្ធនៈ ៨០ ភាគរយ របស់​សហភាពសូវៀត នៅ​សមរភូមិ​មុខ ភាគ​ខាងកើត ត្រូវបាន​ផ្គត់ផ្គង់ ដោយ​ទីក្រុង​បា​គូ ។

​អំឡុង​ពេលនោះ ប្រជាពលរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ មាន ៣,៤ លាន​នាក់ ។ ពួកគេ​ប្រមាណ​ជា ៦៨១.០០០ នាក់ ដែល​ក្នុងនោះ​ប្រមាណ​ជា ១០០.០០០ នាក់ គឺជា​ស្ត្រី បាន​ចេញទៅ​សមរភូមិ​មុខ​។ ប្រជាពលរដ្ឋ ប្រមាណ​ជា ២៥០.០០០ នាក់ បាន​ស្លាប់​នៅក្នុង​សមរភូមិ ។​
​ខែមករា ដ៏​ខ្មៅ​ង​ងិ​ត​
​ ​
​ក្រោយពេល​សង្គ្រាមលោកលើកទី​២ បាន​បញ្ចប់ទៅ ក៏​ជា​ពេល​ចាប់កំណើត នៃ​សង្គ្រាមត្រជាក់ រវាង​ក្រុម​ពួក​មហាអំណាច ឈ្នះ​សង្គ្រាមលោក​ដែរ ដោយសារតែ​លទ្ធិ​នយោបាយ​ផ្សេងគ្នា​របស់​ពួកគេ គឺ​ម្ខាង​ជា​សង្គមនិយម ឬ កុ​ម្មុយ​និ​ស្ត​និយម ដោយមាន​សហភាពសូវៀត​ជា​បិតា​ស្ថាបនិក ចំណែក​ម្ខាង​ទៀត គឺជា​ពួក​អ្នក​សេរីនិយម ដែលមាន​សហរដ្ឋអាមេរិក ជា​ប្រមុខ ។​

​បន្ទាប់ពី​ការរត់​ប្រណាំង នៅក្នុង​សង្គ្រាមត្រជាក់ ជាមួយ​អាមេរិក និង​គូកន ប៉ុន្មាន​ទសវត្សរ៍​មក សហភាពសូវៀត បាន​ខ្សោះ​ស្ទើរ​អស់​ថាមពល​ពី​ខ្លួន នាំឱ្យមាន​ភាពច្របូកច្របល់​ជាច្រើន បាន​លេចឡើង ដែល​ចាំបាច់​ត្រូវតែ​ធ្វើកំណែទម្រង់ ។ មី​ខា​អែល ហ្គោ​បារ​ឆូវ បាន​ឡើងកាន់​អំណាច នៅ​សហភាពសូវៀត នៅ​ឆ្នាំ​១៩៨៨ (​ដល់​ឆ្នាំ​១៩៩១ ជាទី​អវសាន នៃ​សហភាពសូវៀត ជំនួស​ដោយ សហព័ន្ធរុស្ស៊ី​) ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ ហ្ល្គា​ស្នូ​ស (glasnost) ឬ គោលនយោបាយ​បើកចំហ ។

​គោលនយោបាយ glasnost នេះ បានធ្វើ​ឱ្យមាន​ភាពច្របូកច្របល់​ជាច្រើន ទាំង​ក្នុងចំណោម​កម្មាភិបាលរ​បស់​សហភាពសូវៀត ទាំង​ក្នុង​ផ្នែក​ស៊ីវិល និង ការវិវាទ​ទាស់ទែង​ខ្វែងគំនិត​គ្នា រីក​រាលដាល​ពាសពេញ​តំបន់​នានា នៃ​ទឹកដី​ក្រោម​អំណាច​របស់​សហភាព​សូ​វៀត ។​

​នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​១៩៩០ អា​ម៉េ​នី នៃ​សហភាពសូវៀត បាន​បោះឆ្នោត​ដាក់បញ្ចូល​ដែនដី ណា​ហ្គោ​ណូ កា​រ៉ា​បាក់ (Nagorno-Karabakh) ដែលជា​តំបន់​ស្វយ័ត នៅក្នុង​អា​ស៊ែ​បៃ​ហ្ស​ង់ របស់​សូ​វៀត នៅក្នុង​កញ្ចប់​ថវិការ​បស់​ខ្លួន និង អនុញ្ញាតឱ្យ​អ្នករស់នៅ​ក្នុង​តំបន់​នោះ បោះឆ្នោត នៅក្នុង​ការបោះឆ្នោត​នានា នៅ អា​ម៉េ​នី​។ ប្រការ​នោះ បាន​បណ្តាលឱ្យមាន​កំហឹង ផ្ទុះឡើង​ពាសពេញ អា​ស៊ែ​បៃ​ហ្ស​ង់ គឺ​ពួកគេ​គិតថា អា​ម៉េ​នី បាន​អូស​ទាញយក​ទឹកដី Nagorno-Karabakh របស់​ពួកគេ​ទាំង​ស្រស់ ឬថា សហភាពសូវៀត ជា​អ្នក​បណ្តោយឱ្យ អា​ម៉េ​នី យក​ទឹកដី Nagorno-Karabakh របស់​ពួកគេ ។ ដោយហេតុ​នោះ ពួកគេ​បាននាំគ្នា​ធ្វើបាតុកម្ម ទាមទារ​ឱ្យ​បណ្តេញ​មន្ត្រី​កុ​ម្មុយ​និ​ស្ត ចេញពី​អា​ស៊ែ​បៃ​ហ្ស​ង់ ហើយ​អំពាវនាវ​រក​ឯករាជ្យ​ភាព អា​ស៊ែ​បៃ​ហ្ស​ង់ ពី​សហភាពសូវៀត ។​

​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​នោះ រណ​សិ​រ្យ​ប្រជាជន បានរៀបចំ​គណៈកម្មាធិកា​រ​ការពារជាតិ ដោយមាន​សាខា​នៅតាម​រោងចក្រ និង​ការិយាល័យ​នានា នៅក្នុង​ទីក្រុង​បា​គូ ដើម្បី​ប្រមូលផ្តុំ​មនុស្ស សម្រាប់​ប្រយុទ្ធ​តទល់​នឹង​ជនជាតិ​អា​ម៉េ​នី ។

​អាជ្ញាធរ​មូលដ្ឋាន​រប​ស់អា​ស៊ែ​បៃ​ហ្ស​ង់ មិនមាន​លទ្ធភាព​ស្តារ​សណ្តាប់ធ្នាប់​ឡើយ ដោយសារតែ​ជម្លោះ និង​បែកបាក់​។ អាជ្ញាធរ​អា​ស៊ែ​បៃ​ហ្ស​ង់ ថែមទាំង បានចេញ​បញ្ជា​ឱ្យ​កងទ័ព​ដ៏​ខ្លាំងក្លា ១២.០០០ នាក់ នៃ​ក្រសួងមហាផ្ទៃ មិន​ឱ្យធ្វើ​អន្តរាគមន៍​ចំពោះ​កុបកម្ម​ទៀតផង​។ ចំណែក​កងទ័ព​សូ​វៀត ដែល​នៅក្នុង​តំបន់​នោះ ក៏​មិនបាន​ចាត់វិធានការ​អ្វី​ដែរ ដោយ​អះអាងថា គ្មាន​បទបញ្ជា​ពី​ក្រុង​មូ​ស្គូ​។

​នៅ​ថ្ងៃទី​១៣ ខែមករា ក៏មាន​កុបកម្ម​ទ្រង់ទ្រាយ​ធំ ទាំង​កម្រោល​ប្រឆាំងនឹង​ជនជាតិ​អា​ម៉េ​នី បាន​ផ្ទុះឡើង បណ្តាលឱ្យ​មនុស្ស​ប្រមាណ​ជា ៩០ នាក់ ស្លាប់ ខណៈ​មនុស្ស​រាប់ពាន់នាក់ បាន​ភៀសខ្លួន ឬ​ត្រូវបាន​ជម្លៀស ដោយ​កងទ័ព សូ​វៀត ។
​ ​
​នៅ​ថ្ងៃទី​១៥ មករា អាជ្ញាធរ​នានា បានប្រកាស គ្រាអាសន្ន​របស់​រដ្ឋ នៅ​តំបន់​ផ្សេងទៀត ប៉ុន្តែ​មិនមែន​នៅ​ទីក្រុង​បា​គូ​ឡើយ​។ នៅពេលនោះ ដោយ​ក្តីបារម្ភ​អំពី​ការអន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរកណ្តាល​សូ​វៀត ទើប​ពួក​សកម្មជន រណ​សិ​រ្យ​ប្រជាជន បានចាប់ផ្តើម​បិទផ្លូវ​កងទ័ព​។

​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​ដដែល​នោះ ពួករ​ណ​សិ​រ្យ​ប្រជាជន បាន​បញ្ជា​ឱ្យ​អ្នកគាំទ្រ​របស់ខ្លួន រារាំង​នូវ​ផ្លូវ​សំខាន់ៗ ចូលទៅ​ទីក្រុង​បា​គូ ដោយ​ប្រើ​រថយន្ត​តូចធំ រាប់រយ​គ្រឿង​ដាក់​បិទផ្លូវ ។

​នៅ​ថ្ងៃ​បន្ទាប់ អាជ្ញាធរ​សូ​វៀត បាន​ជម្លៀស​តំណាង និង​មន្ត្រី​មូលដ្ឋាន ទៅ​ដា​ក់នៅ​ទីតាំង​មួយ​នៅ​ជាយក្រុង ជាទី​ដែល​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សូ​វៀត លោក ឌី​មី​ទ្រី យ៉ា​ហ្សូ​វ និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក យ៉ា​ឌី​ម បា​កា​ទីន កំពុង​នៅ​។ នៅ​ថ្ងៃទី​១៩ ក្រុមប្រឹក្សា​កំពូល​របស់​សហភាពសូវៀត ដោយមាន​ការចុះហត្ថលេខា ដោយ​លោក មី​ខា​អែល ហ្គោ​បារ​ឆូវ បានដាក់​ច្បាប់​គ្រាអាសន្ន​ទៅលើ​ទីក្រុង​បា​គូ និង​កន្លែង​ផ្សេងៗ​ខ្លះទៀត នៃ អា​ស៊ៃ​បៃ​ហ្ស​ង់ ។​

​រំលង​អ​ធ្រា​ត ថ្ងៃទី​១៩ ឈានចូល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​១៩៩០ កម្លាំង​ពិសេស​របស់​សូ​វៀត បាន​កម្ទេច​ស្ថានីយទូរទស្សន៍​កណ្តាល កាត់ផ្តាច់​ខ្សែ​ទូរស័ព្ទ និង​វិទ្យុ​ទាំងអស់​។ បន្ទាប់មក កងទ័ព​សូ​វៀត ២៦.០០០ នាក់ បាន​ចូល​ទីក្រុង បា​គូ កម្ទេច​នូវ​រាល់​របាំង​នានា ដើម្បី​ចូលទៅ​កម្ទេចរ​ណ​សិ​រ្យ​ប្រជាជន​។ ពួក​មនុស្ស​ប្រដាប់អាវុធ បាន​បើក​ការបាញ់រះ ទៅលើ​កងទ័ព​សូ​វៀត​ទាំងនោះ ។​

​អង្គការ ខែល ឯករាជ្យ ដែលមាន​ទៅដោយ​មេធាវី​មួយក្រុម និង មន្ត្រី​ជាច្រើន​នាក់ ត្រៀម​ជាស្រេច បាន​អង្កេត​មើល​ការបំពាន​សិទ្ធិមនុស្ស នៅក្នុង​ប្រតិបត្តិការ​នានា​របស់​ក​ង​ទ័ព ហើយ​បាន​សរុប​ថា កងទ័ព បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​ប្រជាពលរដ្ឋ​ស៊ីវិល​របស់ខ្លួន ហើយ​បានទាមទារ​ឱ្យ​បើក​ការស៊ើបអង្កេត​បទ​ឧក្រឹដ្ឋ​ប្រឆាំង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សូ​វៀត លោក ឌី​មី​ទ្រី យ៉ា​ហ្សូ​វ ដែល​បាន​ដឹកនាំ​ប្រតិបត្តិការ​នេះ​ដោយ​ខ្លួនឯង ។

​មន្ត្រី​ក្រសួងមហាផ្ទៃ អា​ស៊ែ​បៃ​ហ្ស​ង់ បាន​ជួយ​ដល់​ពួក​សកម្មជនរ​ណ​សិ​រ្យ ប្រជាជន ក្នុងការ​ធ្វើឱ្យមាន​ភាព​ច្របូកច្របល់ ដោយ​ការផ្តល់ឱ្យ​ពួកគេ​នូវ​សព្វាវុធ សម្ភារ​បច្ចេកទេស និង​ផ្តល់ដំណឹង​អំពី​សកម្មភាព​កងទ័ព ។

​កងទ័ព បាន​វាយប្រហារ​ទៅលើ​បាតុករ ដោយ​ការបាញ់​សំដៅ​ទៅលើ​ហ្វូងមនុស្ស​។ ការបាញ់ប្រហារ​ទាំង​ស្រស់ យ៉ាង​គ្មាន​ញញើត​ដៃ​នេះ បានអូសបន្លាយ អស់​រយៈពេល ៣ ថ្ងៃ ។ ពួកគេ​បាន​បន្ត​អនុវត្ត​ច្បាប់ គ្រាអាសន្ន ជា​បទបញ្ជា​របស់​ក្រុមប្រឹក្សា​កំពូល ដែល​ចុះហត្ថលេខា ដោយ​លោក មី​ខា​អែល ហ្គោ​បា​ឆូវ អស់​រយៈពេល​ជាង ៤ ខែ បន្ត​ពី​នោះ​ទៅទៀត ។ ទោះយ៉ាងណា​បទបញ្ជា​នោះ ត្រូវបាន​បង្ហាញ​ជា​សាធារណៈ នៅ​អា​ស៊ែ​បៃ​ហ្ស​ង់ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​មានការ​អាក់អន់ចិត្ត បានចាប់ផ្តើម​កើតមានឡើង នៅពេលដែល​សាកសព និង មនុស្ស​របួស​ពាសពេញ​ផ្លូវ ក្នុង​មន្ទីរពេទ្យ និង​កន្លែង​ដាក់​សព នៃ​ទីក្រុង​បា​គូ ។

​ថ្ងៃទី​៣ នៃ​ការបាញ់ប្រហារ ពោលគឺ​ថ្ងៃទី​២២ ខែមករា មនុស្ស​ស្ទើរតែ​គ្រប់រូប នៃ​ទីក្រុង​បា​គូ បាននាំគ្នា​ចេញទៅ​ប្រមូល​សាកសព​កប់​ចោល​។ រយៈពេល ៤០ ថ្ងៃ​ក្រោយមក គ្រឹះស្ថាន និង​ស្ថាប័ន​នានា​ទូទាំងប្រទេស មិនមាន​អ្នកណា​ចូលធ្វើការ​ឡើយ ដោយ​យក​លេស​ថា ជាការ​កាន់ទុក្ខ ដែល​តាមពិត គឺជា​សញ្ញា នៃ ការជំទាស់​តវ៉ា​ជា​ដុំ ។​

​ចំនួន​មនុស្ស​ស្លាប់ និង​របួស នៅក្នុង​ព្រឹត្តិការណ៍​នេះ មិន​ចុះសម្រុង​គ្នា​ទេ ដោយ​របាយការណ៍​ខ្លះ អះអាងថា កងទ័ព​អា​ស៊ែ​បៃ​ហ្ស​ង់ ៩៣ និង កងទ័ព​សូ​វៀត ២៩ នាក់ បាន​ស្លាប់ ។ របាយការណ៍​ខ្លះ​ទៀតថា កងទ័ព ២១ នាក់ ស្លាប់ និង រងរបួស ៩០ នាក់ ។

​ចំណែក​ការវាយតម្លៃ​ខ្លះ​ទៀតថា ជន​ស៊ីវិល ពី ១៣៣ ទៅ ១៣៧ បាន​ស្លាប់ ដោយ​តួលេខ​ក្រៅផ្លូវការ​ថា ឡើងដល់​ទៅ ៣០០ នាក់​ឯណោះ ហើយ​មាន​មនុស្ស ៨០០ នាក់ រងរបួស និង​បាត់​ខ្លួន ៥ នាក់ ។

​ក្រុមប្រឹក្សា​ជាន់ខ្ពស់ នៃ​សាធារណ​ដ្ឋ​សង្គមនិយម អា​ស៊ែ​បៃ​ហ្ស​ង់ សូ​វៀត បាន​ទម្លាក់​ពាក្យ​ថា “​សង្គមនិយម​សូ​វៀត​” ពី​បាវចនា​ជាតិ​របស់ខ្លួន ហើយ​អនុម័ត​នូវ​សេចក្តីប្រកាស​អធិបតេយ្យភាព​ទឹកដី នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ និង បាន​លើក​ទង់​សាធារណរដ្ឋ ប្រជាធិបតេយ្យ អា​ស៊ែ​បៃ​ហ្ស​ង់ ថា​ជា​ទង់​របស់​ជាតិ វិញ ។

​ព្រឹត្តិការណ៍​ដ៏​អាប់អួរ​ជា​បន្តបន្ទាប់ ដែល​កើតឡើង នៅ​អំឡុង​ខែមករា ឆ្នាំ ១៩៩០ នេះ ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា ” ខែមករា ដ៏​ខ្មៅ​ងងឹត ” ។​

​លោក មី​ខា​អែល ហ្គោ​បារ​ឆូវ ត្រូវបាន​បន្ទរ​ដោយ​មន្ត្រី​ដទៃទៀត បាន​និយាយថា វា​ជាការ​ចាំបាច់​ត្រូវ​បញ្ឈប់​នូវ​កុបកម្ម និង​អំពើហិង្សា​ប្រឆាំងនឹង​ពលរដ្ឋ​អា​ម៉េ​នី និង​ត្រូវតែ​ទប់ស្កាត់​នូវ​ជន​ជ្រុលនិយម ដែលមាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល អា​ស៊ែ​បៃ​ហ្ស​ង់ នៃ​ពួក​កុ​ម្មុយ​និ​ស្ត ។​

​ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ​សូ​វៀត លោក ឌី​មី​ទ្រី យ៉ា​ហ្សូ​វ ពួក​អ្នក​ជាតិនិយម​ទាំងឡាយ​នេះ មាន​គម្រោង​ធ្វើ​រដ្ឋប្រហារ នៅ​អា​ស៊ែ​បៃ​ហ្ស​ង់ ។​

​ប្រកាស​ឯករាជ​ភព​អា​ស៊ែ​បៃ​ហ្ស​ង់
​​អាជ្ញាធរ​សហភាពសូវៀត បាន​ទប់ស្កាត់​នូវ​រាល់​ការព្យាយាម​ទាំងឡាយណា​ដែល​ចង់​ផ្សព្វផ្សាយ​ព័ត៌មាន​ពី អា​ស៊ែ​បៃ​ហ្ស​ង់ ចេញទៅ​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន និង​ទៅ​សហគមន៍​អន្តរជាតិ អំពី​ការបង្ក្រាប​នៅ​អំឡុង​ខែមករា​។ ផ្ទុយទៅវិញ ទូរទស្សន៍ និង​វិទ្យុជាតិ អា​ស៊ែ​បៃ​ហ្ស​ង់ បាន​ព្យាយាម​ផ្សាយ​បំប៉ោង​នូវ​ការផ្គត់ផ្គង់​ថាមពល​ទៅ អា​ស៊ែ​បៃ​ហ្ស​ង់ ទៅវិញ ។ ចំណែក​ព័ត៌មាន​បោះពុម្ព ត្រូវបាន​ហាមឃាត់ ។​

​ប៉ុន្តែ​វិទ្យុ​អឺរ៉ុប​សេរី ឬ វិទ្យុ​សេរីភាព ខំ​ជម្នះ​រហូត​ផ្សព្វផ្សាយ អំពី​ស្ថានភាព​នៅ បា​គូ ជាប្រចាំ​ថ្ងៃ បាន​ក្លាយជា​ប្រភពព័ត៌មាន​តែមួយគត់​នៅ​អា​ស៊ែ​បៃ​ហ្ស​ង់ អស់​រយៈពេល​ជាច្រើន​ថ្ងៃ​។ រដ្ឋាភិបាល​ក្រឹម​ឡាំង (​សូ​វៀត​) បាន​ព្យាយាម​បិទបាំង​មិនឱ្យ​ប្រជាពលរដ្ឋនៅក្នុង​អា​ស៊ែ​បៃ​ហ្ស​ង់ និង​សហគមន៍​អន្តរជាតិ ដឹង​អំពី​ទង្វើ​ឃោរឃៅ​ព្រៃផ្សៃ​របស់​កងទ័ព​ខ្លួន​ឡើយ ប៉ុន្តែ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​វិទ្យុ សេរីភាព បានធ្វើឱ្យ​បំណង​របស់​វិមាន​ក្រឹម​ឡាំង បរាជ័យ ហើយ​ប្រជាពលរដ្ឋ ក៏បាន​រៀបចំ​បាតុកម្ម​តវ៉ា ។
​ ​
​តាម​ការទាមទារ និង​ស្នើសុំ​របស់​សាធារណជន និង​ក្រុម​ពាក់ព័ន្ធ កិច្ចប្រជុំ​បន្ទាន់​មួយ​របស់ អា​ស៊ែ​បៃ​ហ្ស​ង់ ត្រូវបាន​ប្រារព្ធ​ឡើង នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ ១៩៩០ ដើម្បី​វាយតម្លៃ​ទៅលើ​ព្រឹត្តិការណ៍​ថ្ងៃទី​២០ ខែមករា កន្លងទៅ និង​ដើម្បី អនុម័ត​ឯកសារ​នានា ថ្កោលទោស​នូវ​ប្រតិបត្តិ​ការបង្ក្រាប ដោយ​កងទ័ព​សូ​វៀត ។​

​ព័ត៌មាន​អំពី​ទង្វើ​របស់​កងទ័ព​សូ​វៀត នៅលើ​ទឹកដី​អា​ស៊ែ​បៃ​ហ្ស​ង់ បាន​លេចឮ​ចេញទៅ​ក្រៅ ហើយក៏​កាន់តែ​ខ្ទរខ្ទារ ពាសពេញ​ពិភពលោក ហើយក៏​ត្រូវបាន​ថ្កោលទោស​ពី​ឆាក​អន្តរជាតិ យ៉ាង​រន្ទឺ​ផងដែរ ។

​ពួក​មន្ត្រី​សហភាពសូវៀត បាន​បកស្រាយ​ថា គោលបំណង នៃ អន្តរាគមន៍​យោធា​សូ​វៀត នៅ​អា​ស៊ែ​បៃ​ហ្ស​ង់ គ្រាន់តែ​មានបំណង​ការពារ​ការកម្ទេច​រដ្ឋា​ភិ​បាល​អា​ស៊ែ​បៃ​ហ្ស​ង់ ដែល​ដឹកនាំ​ដោយ​ពួក​កុ​ម្មុយ​និ​ស្ត ពី​សំណាក់ ពួក​អ្នក​ជាតិនិយម​ប៉ុណ្ណោះ ហើយ​ថា គោលដៅ​នេះ មិនមែន​គ្រាន់តែ​សម្រាប់​នៅ អា​ស៊ែ​បៃ​ហ្ស​ង់ ប៉ុន្តែ​ក៏​ជា​សារ​ព្រមាន​ដល់​សាធារណ​ដ្ឋ​ផ្សេងៗ​ទៀត ក្រោម​អំណាច​របស់ សហភាពសូវៀត ផងដែរ ។

​នៅក្នុង​ចំណោម​សមាជិក​កម្មាភិបាលមជ្ឈិម​បក្សកុម្មុយនិស្ត​សូ​វៀត ឯណោះ តាំងពី​ប្រធានាធិបតី និង​អគ្គលេខាធិការ​មជ្ឈិមបក្ស មី​ខា​អែល ហ្គោ​បារ​ឆូវ ដាក់ចេញ​នូវ​គោលនយោបាយ glasnost ហើយ​ជា​លទ្ធផល​នាំឱ្យមាន​ភាព​រំជើបរំជួល​បែបនេះ​មក ពួកគេ​មិន​ពេញចិត្ត​ទាល់តែសោះ​រហូតដល់​រៀបចំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ មី​ខា​អែល ហ្គោ​បារ​ឆូវ ទៀតផង ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ ១៩៩១ ។ ប៉ុន្តែ​ជា​អកុសល គោលបំណង​របស់​ពួកគេ​បាន​បរាជ័យ ។ អំណាចកណ្តាល​របស់ សហភាពសូវៀត ដែលជា​អាណាព្យាបាល​របស់​រដ្ឋ​ជាច្រើន​នោះ បាន​ដល់​នូវ​ភាព​រង្គោះរង្គើ​ខ្លាំង​ទៅៗ​ហើយ ។​

​បន្ទាប់ពី​មានការ​ជជែក​ដេញដោល​ជាច្រើន​មក ហើយ​ស្រប​ពេលដែល​អំណាចកណ្តាល​រង្គោះរង្គើ​បែបនេះ នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​១៩៩១ សភា អា​ស៊ែ​បៃ​ហ្ស​ង់ បានប្រកាស​ស្តារ​ឯករាជ្យភាព​របស់​ប្រទេស​ឡើងវិញ ។ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ ដើម្បី​ដល់​ព្រឹត្តិការណ៍ ថ្ងៃ​នេះឯង ។​

​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​១៩៩១ សហភាពសូវៀត បាន​ដល់ទី​អវសាន ហើយ​ជំនួស​ដោយ​សហព័ន្ធរុស្ស៊ី ។ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​ដដែល​នោះ អា​ស៊ែ​បៃ​ហ្ស​ង់ បានរៀបចំ​ការបោះឆ្នោត​ធ្វើ​ប្រជាមតិ ។ លទ្ធផល​គឺ ៩៩,៨ ភាគរយ បាន​បោះឆ្នោត​គាំទ្រ​ចាកចេញ​ពី សហភាពសូវៀត (​ដែល​ពេលនោះ គឺ​ក្លាយជា រុស្ស៊ី បាន ៣ ថ្ងៃ​) ។ ដោយហេតុ​នោះ រុស្ស៊ី ដែលជា​អ្នក​បន្ត​មរតក​ពី សហភាពសូវៀត ក៏បាន​ទ​ទូល​ស្គាល់​ឯករាជ្យភាព​របស់ អា​ស៊ែ​បៃ​ហ្ស​ង់ ដែរ ។​

​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​១៩៩២ ការិយាល័យ​របស់ អគ្គ​រដ្ឋអាជ្ញា អា​ស៊ែ​បៃ​ហ្ស​ង់ បាន​បង្កើត​បណ្តឹង​ផ្នែក​ច្បាប់ មាន​គោលដៅ​ទៅលើ​បុគ្គល​ទាំងឡាយណា ដែល​បាន​ពាក់ព័ន្ធ​នឹង​ការសម្លាប់​រង្គាល​កន្លង​ទៅ ។

​ចាប់ពី​ឆ្នាំ​១៩៩៤ មក ជនរងគ្រោះ​ទាំងអស់ នៃ​ព្រឹត្តិការណ៍​ខែ មករា ដ៏​ខ្មៅ​ងងឹត​នោះ ត្រូវបាន​ចាត់ទុកថា ជន​ទុក្ខរ​ជន ។ ថ្ងៃទី​២០ ខែមករា បាន​ក្លាយជា​ទិវា មរណទុក្ខ​ជាតិ ។​

នៅ​ឆ្នាំ​១៩៩៥ លោក មី​ខា​អែល ហ្គោ​បារ​ឆូវ បាន​សុំទោស​ជនជាតិ អា​ស៊ែ​បៃ​ហ្ស​ង់ ដោយ​ថ្លែងថា “​ការប្រកាស​ដាក់​គ្រាអាសន្ន​រដ្ឋ នៅក្នុង​ទីក្រុង​បា​គូ គឺជា​កំហុស​ដ៏​ធំ​បំផុត ក្នុង​អាជីព​នយោបាយ​របស់ខ្ញុំ ” ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​

ទីក្រុង បា​គូ នៃ សាធារណរដ្ឋ អា​ស៊ែ​បៃ​ហ្ស​ង់ អា​ស៊ែ​បៃ​ហ្ស​ង់ ២)​
សោកនាដកម្ម នៃការបង្ក្រាប​នៅក្នុង​ព្រឹត្តិការណ៍ ខែ មករា ដ៏​ខ្មៅ​ងងឹត ទៅលើ​បាតុករ​នៅ អា​ស៊ែ​បៃ​ហ្ស​ង់ (​អា​ស៊ែ​បៃ​ហ្ស​ង់ ១)