ទិវា​ឯករាជ្យ​ជាតិ អា​ហ្ស​ង់​ទីន​

1970
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អា​ហ្ស​ង់​ទីន ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី ៩ ខែ កក្កដា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជភាព​ពី អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ ១៨១៦ បន្ទាប់ពី​មហាអំណាច អេ​ស្ប៉ា​ញ ធ្លាក់ខ្លួន​ទន់ខ្សោយ និង បែកបាក់ ដោយសារតែ​ការ​លុកលុយ របស់ ណាប៉ូឡេអុង បារាំង ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​សាធារណរដ្ឋ អា​ហ្ស​ង់​ទីន មាន​ផ្ទៃដី ២.៧៨០.៤០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ភាគ​អាគ្នេយ៍ នៃ អាមេរិក ខាងត្បូង មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស បូ​លិ​វី ប៉ា​រ៉ា​ហ្កា​យ ប្រេ​ស៊ី​ល និង អ៊ុយ​រុយ​ហ្កា សមុទ្ទ អា​ត្ល​ង់​ទិ​ក ឈី​លី និង ខ្សែ​កំណត់​ដែនទឹក Drake Passage ឆ្នាំ ២០១៨ អា​ហ្ស​ង់​ទីន មាន​ប្រជាពលរដ្ឋ​ជាង ៤៤ លាន​នាក់​ភាគច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ​គឺ ភាសា​អេ​ស្ប៉ា​ញ រដ្ឋធានី គឺ​ទីក្រុង ប៊ុ​យ​ណូ​ស៊ែរ ។​

​ប្រវត្តិសាស្ត្រ​
​គិត​ត្រឹម​ឆ្នាំ ១៥៣០ ទឹកដី​ដែលជា​ប្រទេស អា​ហ្ស​ង់​ទីន សព្វថ្ងៃនេះ គឺជា​ដែនដី​ក្រោម​អាណា និគម​របស់ អេ​ស្ប៉ា​ញ ។ នៅ​ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ១៧៧៦ សហរដ្ឋអាមេរិក​ប្រកាស​ឯករាជ្យ ពី​ចក្រភព​អង់គ្លេស ធ្វើឱ្យ​លោក គ្រី​អូ​ឡូ​ស (​ជនជាតិ​អេ​ស្ប៉ា​ញ កើត​នៅ​អាមេរិក ) មានជំនឿថា បដិវត្តន៍ និង ឯករាជភាព ពី អេ​ស្ប៉ា​ញ ពិតជា​អាចទៅរួច ។ គំនិត នៃ បដិវត្តន៍ បារាំង ឆ្នាំ ១៧៨៩ (​ដល់ ១៧៩៩ ដឹកនាំ​ដោយ ណាប៉ូឡេអុង ផ្តួលរំលំ​របបរាជានិយម ) បាន​រីក​រាល​ដា​សុះសាយ ពាសពេញ​ទ្វីប អឺរ៉ុប និង អាមេរិក ។ មនោ​គ​វិជ្ជា សេរីភាព វិស័យ​នយោបាយ និង សេដ្ឋកិច្ច បាន​រីក​រាលដាល​នាំឱ្យមាន​បដិវត្តន៍​នៅ​អា​ត្ល​ង់​ទិ​ក ជ្រួតជ្រាប​ដល់​ភាគច្រើនបំផុត នៃ ប​ច្ចិ​ម​លោក ។

​ប៉ុន្តែ​គំនិត​ទាំងនេះ​ត្រូវបាន​ហាមឃាត់​នៅក្នុង​ទឹកដី​ក្រោម​ការត្រួតត្រា​របស់ អេ​ស្ប៉ា​ញ សូម្បីតែ​សៀវភៅ ស្តីអំពី​បដិវត្តន៍​នៅ​បារាំង ក៏​មិន​ត្រូវបាន​អនុ​ញ្ញា​ត្ត​ឱ្យ​បោះពុម្ពផ្សាយ​ដែរ ។ ប៉ុន្តែ​មិនអាច​បិទ​ខ្ទប់​បានឡើយ គឺ​វា​បាន​ត្រូវគេ​ពង្រីក​ពាសពេញ​ទឹកដី ហើយ​សៀវភៅ​ស្តីពី បដិវត្តន៍ នៅ​សហរដ្ឋ អាមេរិក ក៏បាន​ជ្រៀតចូល​ទឹកដី​របស់ អេ​ស្ប៉ា​ញ ដែរ ។​

​បដិវត្តន៍ ឧស្សាហកម្ម​នៅ​អង់គ្លេស អំឡុង​ទសវត្សរ៍ ១៧០០ ធ្វើឱ្យ​ផលិតផល អង់គ្លេស កើនឡើង​យ៉ាងគំហុក ដែល​តម្រូវឱ្យ​អង់គ្លេស​ត្រូវតែ​ស្វះ​ស្វែងរក​ទីផ្សារ​សម្រាប់​លក់​ផលិតផល ទាំងនោះ ។ សង្គ្រាម ណាប៉ូឡេអុង បាន​ហាមឃាត់​មិនឱ្យ​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់ បារាំង ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អង់គ្លេស​ឡើយ ។ ដោយហេតុនេះ អង់គ្លេស​ត្រូវតែ​រក​ទីផ្សារ នៅក្នុង​ដែនដី ក្រោម​អាណានិគម អេ​ស្ប៉ា​ញ ។ ប៉ុន្តែ​ដែនដី​ទាំងនោះ​មិនត្រូវ​បាន អេ​ស្ប៉ា​ញ អនុ​ញ្ញា​ត្ត​ឱ្យធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ណា​ផ្សេង​ពី​ប្រទេស អាណ​ព្យាបាល របស់​ពួកគេ​គឺ អេ​ស្ប៉ា​ញ ឡើយ ។

​ដើម្បី​សម្រេច​បំណង​ក្នុងការ​ស្វែងរក​ទីផ្សារ​របស់ខ្លួន ទើប​ពីដំបូង អង់គ្លេស ចាប់ផ្តើម​ឈ្លានពាន ចូលទៅ​តំបន់ រី​អូ ដឺ ឡា ផ្លា​តា ដែលជា​ដែនដី​ក្រោម​អាណា​និគ អេ​ស្ប៉ា​ញ និង​បាន​ឈ្លានពាន យក​ទីក្រុង​សំខាន់ៗ​ផ្សេងទៀត​នៅ​តំបន់ អាមេរិក អេ​ស្ប៉ា​ញ​។ ប៉ុន្តែ​គោលដៅ​របស់​អង់គ្លេស មិនបាន​ជោគជ័យ ទើប​អង់គ្លេស ងាក​ទៅ​ផ្សព្វផ្សាយ​បំផុល​បំផុសគំនិត ជនជាតិ អាមេរិក​-​អេ​ស្ប៉ា​ញ ឱ្យ​រើបម្រះ​ពី អាណានិគម អេ​ស្ប៉ា​ញ ។​

​ការ​ងើប​បោះ​បោរ​នៅ​ឆ្នាំ ១៨០៨ ដោយមាន ណាប៉ូឡេអុង ជា​បង្គោល បាន​បង្ខំ​ឱ្យ​ស្តេច ឆា​លស៍ ទី ៤ របស់ អេ​ស្ប៉ា​ញ ដាក់រាជ្យ ដែល​បានសេចក្តីថា អេ​ស្ប៉ា​ញ បាន​ទន់ខ្សោយ​ហើយ ។ ស្តេច ឆា​លស៍ បានស្នើ​ឱ្យ ណាប៉ូឡេអុង លើក​បុត្រា​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ ហ្វើ​រ៍ណា​ន់​ដូ ទី ៧ ឱ្យ​ជា​អ្នក​ស្នងរាជ្យ​ព្រះអង្គ ។ ប៉ុន្តែ ណាប៉ូឡេអុង បែរជា​បាន​លើក​ប្អូនប្រុស​របស់ខ្លួន ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ ជា​ស្តេច​គ្រងរាជ្យ នៅ​អេ​ស្ប៉ា​ញ ទៅវិញ ។

​ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ដែលជា​ក្រុមប្រឹក្សា ដ៏​មានអំណាច នៃ អាណាចក្រ អេ​ស្ប៉ា​ញ ជំទាស់​យ៉ាង​ដាច់ខាត​ចំពោះ​ការលើក​ស្តេច ចូ​សេ​ហ្វ ហើយ​បាន​ដឹកនាំ​ការតស៊ូ​ប្រឆាំង នឹង រាជការ​របស់​ស្តេច ចូសេព បូ​ណា​បាត៍ និង ការកាន់កាប់​របស់​បារាំង​ទៅលើ អេ​ស្ប៉ា​ញ ដោយ ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា បាន​កាន់កាប់​អំណាច​ក្នុងនាម​រាជា​នុ​សិទ្ធិ​ខណៈពេល​ពុំទាន់ មាន​ស្តេច និង ផ្តាច់ចំណង​ភក្តីភាព​របស់ខ្លួន​ពី បារាំង ទៅ​ប្រគល់ឱ្យ ចក្រភព​អង់គ្លេស វិញ ។​

​បារាំង​ក្តៅក្រហាយ នៅ​ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ១៨១០ កងទ័ព​បារាំង​បាន​ចូលលុកលុយ​កាន់កាប់ ទីក្រុង សេ​វីឡា និង កាន់កាប់ ក្រុមប្រឹក្សា រា​ជានុ​សិទ្ធិ អេ​ស្ប៉ា​ញ នៅ​ទីក្រុង ខា​ឌី​ហ្ស ហើយ​ឱ្យ ក្រុមប្រឹក្សា​នេះ ដើរតួ​ជំនួស ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ដែល​ប្រឆាំងនឹង បារាំង វិញ ។​

មួយ​សប្តាហ៍ នៃ ខែ ឩ​សភា​
​នៅ​ថ្ងៃទី ១៤ ខែ ឩ​សភា ឆ្នាំ ១៨១០ ទូក​ចម្បាំង មួយគ្រឿង​របស់​អង់គ្លេស បាន​ទៅដល់​ទីក្រុង ប៊ុ​យ​ណូ​ស៊ែរ នៃ រាជាណាចក្រ Viceroyalty of the Río de la Plata ដែល​ស្ថិតក្រោម អាណានិគម អេ​ស្ប៉ា​ញ ជាមួយនឹង​កាសែត​មួយចំនួន​ដែល​ចុះផ្សាយ​អំពី​ការរំលាយ​ឩ​ត្ត​ម​ក្រុម ប្រឹក្សា​កណ្តាល ជុន​តា និង ទីក្រុង សេ​វីឡា ត្រូវបាន​លុកលុយ​កាន់កាប់​ដោយ កងទ័ព បារាំង ដែល​បាន​ត្រួតត្រា ភាគច្រើនបំផុត​រួចទៅហើយ​លើ​តំបន់ ឧបទ្វីប អ៊ី​បេ​រាន ហើយ​ថា អតីត សមាជិក ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា មួយចំនួន​បាន​រត់​ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅ​ទី​ផ្សេងៗ ។ ដំណឹង​នោះ ធ្វើឱ្យ​រង្គោះរង្គើ​នៅ​តំបន់ ប៊ុ​យ​ណូ​ស៊ែរ ប៉ុន្តែ​ពួកគេ​មិនទាន់​សម្រេចចិត្ត​យ៉ាងណា នៅឡើយ ។

​នៅ​ថ្ងៃទី ១៧ ខែ ឩ​សភា ឆ្នាំ ១៨១០ នោះ នាវាចម្បាំង​អង់គ្លេស មួយគ្រឿង​ទៀត បាន​ទៅដល់ ម៉​ង់​តេ​វិ​ដេ​អូ (​បច្ចុប្បន្ន​ក្លាយជា​ទីក្រុង​របស់​ប្រទេស អ៊ុយ​រុយ​ហ្កា​យ ) បាន​យក​កាសែត​ដែល​ទើប តែ​ចេញផ្សាយ​ថ្មីៗ​បំផុត​ដែល​ផ្សាយ​ថា សមាជិក ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ត្រូវបាន បណ្តេញ ។

​ក្រុមប្រឹក្សា​រាជា​នុ​សិទ្ធិ នៃ ទីក្រុង ខា​ឌី​ហ្ស (​ជា​ស្ថាប័ន​អំណាច នៃ រាជាណាចក្រ Viceroyalty of the Río de la Plata ដែល​ស្ថិតក្រោម​អាណានិគម អេ​ស្ប៉ា​ញ​) មិនត្រូវ​បាន​គេ​មើលឃើញថា ជា​អ្នក​បន្តវេន​ពី ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ក្នុងឋានៈ​ជា​អ្នកតស៊ូ អេ​ស្ប៉ា​ញ ឡើយ ប៉ុន្តែ​បែរជា​មានបំណង​ស្តារឡើងវិញ​នូវ​របប​ផ្តាច់ការ​នៅក្នុង​ទឹកដី​អេ​ស្ប៉ា​ញ ទៅវិញ ។ ពេលនោះ កេ​រ្ត៍​ឈ្មោះ​របស់ ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ត្រូវបាន​គេ​ចងចាំ​ទុក​ក្នុង​ចិត្ត ។ ក្រុម​ដែល​អះ អាង ថា​ជា​អ្នកស្នេហាជាតិ (​របស់​អេ​ស្ប៉ា​ញ​) នៅ​អាមេរិក ខាងត្បូង បារម្ភ​ខ្លាចក្រែង​ថា តំបន់ ឧបទ្វីប នៃ រាជាណាចក្រ អេ​ស្ប៉ា​ញ នឹងត្រូវ​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​បារាំង​ទាំងស្រុង ហើយក៏​ខ្លាច ការបង្កើតឡើងវិញ​នូវ​របប​ផ្តាច់កា​រដែរ ។

​ថ្ងៃ សុក្រ​-​សៅរ៍ ទី ១៨-១៩ ឩ​សភា ឆ្នាំ ១៨១០ តៀម​កាហ្វេ និង ទី​ផ្សេងៗ នៃ រាជាណាចក្រ Viceroyalty of the Río de la Plata បាន​ក្លាយជា​កន្លែង​ពិភាក្សា​រឿង​នយោបាយ ។ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស បានស្នើ​គំនិត បង្កើត​អង្គការ​រដ្ឋាភិបាល មួយ​ដែល​នឹង​គ្រប់គ្រង​អំណាច​តំណាង ឱ្យ​ព្រះអង្គម្ចាស់ ហ្វ៊ែ​រ​ឌី​ណង់ ទី ៧ ដែល​អង្គ​រដ្ឋាភិបាល​នោះ​បង្កើត​រួមគ្នា​ជាមួយនឹង​ឩ​បរាជ​របស់ ប៉េ​រូ ចូ​សេ ហ្វ៊ែ​រណង់​ដូ ដឺ អា​បាស្កា​លី ជា​អភិបាល នៃ តំបន់ ប៉ូ​តូ​ស៊ី (​បច្ចុប្បន្ន​ប្រទេស​បូ​លី​វ៉ា )​និង ប្រធាន Royal Audiencia of Charcas Vicente Nieto ។​

​ពួក​អ្នក​វណ្ណៈ​សង្គម មួយចំនួន​បាន​ទៅ​ជួ​ប្រជុំគ្នា​នៅក្នុង​ភូមិ​គ្រះ​របស់លោក នី​កូ​ឡាស រ៉ូ​ឌ្រី​ហ្កេ​ស ប៉េ​ណា ដែលជា​អ្នកជំនួញ​ដ៏​ធំ​ម្នា​ក់នៅ ប៊ុ​យ​ណូ​ស៊ែរ និង លោក ម៉ា​ទីន រ៉ូ​ឌ្រី​ហ្កេ​ស៍ ដែលជា មេ​ទា​ហ៊ាន​ដ៏​មាន​ឥទ្ធិពល​ម្នា​ក់នៅ ប៊ុ​យ​ណូ​ស៊ែរ ។ ពួកគេ​បាន​លើកឡើងថា អេ​ស្ប៉ា​ញ បច្ចុប្បន្ន​ស្ទើរតែ​ក្រោម​ការគ្រប់គ្រង​របស់ ណាប៉ូឡេអុង បូ​ណា​ប៉ាត៍ ទាំងស្រុង​ទៅហើយ អេ​ស្ប៉ា​ញ ពុំមាន​លទ្ធភាព​ត្រួតត្រា​ខ្លួនឯង និង Viceroyalty of the Río de la Plata ទៀតឡើយ ពោលគឺ​ដល់ពេល​ដែល Viceroyalty of the Río de la Plata រើបម្រះ​ហើយ ។​

​នៅ​អំឡុង​យប់​ថ្ងៃទី ១៩ ខែ ឩ​សភា ឆ្នាំ ១៨១០ នោះ មានការ​ពិភាក្សា គ្នា​បន្ថែមទៀត​នៅក្នុង ភូមិគ្រឹះ​លោក រ៉ូ​ឌ្រី​ហ្កេ​ស ប៉េ​ណា ដើម្បី​បែងចែក​ការងារ គ្នា​ធ្វើ ក្នុងនោះ​មាន​ទាំង​លោក ឩ​ត្ត​ម​សេនីយ៍ សា​វ៉េ​ដ្រា នៃ អាណាចក្រ Viceroyalty of the Río de la Plata និង លោក ឩ​ត្ត​មនា​វី ម៉ា​នូ​អែន ប៊ែ​ល​ហ្ក្រា​ណូ ផងដែរ ។
​ ​
​ល្ងាច​ថ្ងៃ អាទិត្យ ទី ២០ ខែ ឩ​សភា ឆ្នាំ ១៨១០ ដដែល​នោះ លោក​ព្រះរាជអាជ្ញា ហ្សួ​ន ចូ​សេ កា​ស្តេ​លិ ដែលជា​សមាជិក​អង្គប្រជុំ​កាលពី​យប់​ថ្ងៃទី ១៩ ដែរនោះ បានស្នើ​សុំឱ្យ​លោក​ឩ​ត្ត​មនា​វី (​ឩ​បរាជ​) បាល់​តា ហ៊ី​ដាល់​ហ្កូ ដឺ ស៊ី​ស​ណេ​រ៉ូ​ស បើកទ្វារ​វិមាន កាប៊ី​ល​ដូ (​នៃ អាណាចក្រ Viceroyalty of the Río de la Plata ) ។ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស បាន​កោះប្រជុំ​មេទ័ព ទាំងឡាយ ដើម្បី​សុំ​ការគាំទ្រ ប៉ុន្តែ​មាន​ពាក្យ​ច​ចាម​អារាម​ថា តាមពិត​គឺ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស ប្រើ​ឩ​បាយ​កល​ដើម្បី​ចាប់ខ្លួន​ពួក​មេទ័ព​ទាំ​នោះ​ដើម្បី​គ្រប់គ្រង​ការបះបោរ ។ ប៉ុន្តែ​ឩ​បាយ​កល​នោះ ពុំបាន​សម្រេច​ឡើយ ។

​យប់នោះ មាន​ហេតុការណ៍​ប្រទាញប្រទង់​គ្នា​ជាច្រើន​បានកើត​ឡើង​រវាង​ពួក​អ្នក​ចង់​ធ្វើ​បដិវត្តន៍ បង្កើត​ឯករាជ្យ និង​ពួក​មានអំណាច​មួយក្រុម​តូច​ដែល​ចង់​រក្សា​អំណាច​របស់ខ្លួន​ក្រោម​ការ ត្រួតត្រា​របស់ អេ​ស្ប៉ា​ញ ដែល​ពេលនោះ អេ​ស្ប៉ា​ញ ស្ទើរតែ​ក្លាយជា​ដែនដី​អាណានិគម​ទាំងស្រុង របស់ បា​រ៉ាំ​ង ទៅហើយ ។ ទីបំផុត ពួក​អ្នក​បដិវត្តន៍​បាន​ដកថយ​ទៅវិញ ដើម្បី​រៀបចំ​ធ្វើបាតុកម្ម នៅ​ថ្ងៃ​បន្ទាប់ ។

​នៅ​ថ្ងៃ ចន្ទ ទី ២១​ខែ ឩ​សភា ឆ្នាំ ដដែល​នោះ មានការ​ដាក់​លិខិត​ឱ្យ​បើក​វិមាន កាប៊ី​ល​ដូ ។ ហ្វូង​បាតុករ បាន​ដើរ​ឆ្ពោះទៅ​វិមាន​រាជការ កាប៊ី​ល​ដូ បាន​ស្រែក ឡើង​ខ្លាំងៗ ទាម​ទាម​បើក វិមាន កាប៊ី​ល​ដូ និង ទាមទារ​ឱ្យ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស លាលែង​ពី​តំណែង ។ ប៉ុន្តែ​ពួក​អ្នក​ទាំងនោះ​ត្រូវ បាន​ទប់ស្កាត់​ដោយ​កងទ័ព ៦០០ នាក់ ដែល​កាន់កាប់ រាជវាំង ផ្លា​ហ្សា ។ ។
​ ​
​នៅ​ថ្ងៃទី អង្គា​រ៍ ទី ២២ ខែ ឩ​សភា ឆ្នាំ ១៨១០ ខណៈ​ស្ថានភាព​ឡើងក​ម្តៅ​ខ្លាំង​ឡើងៗ ពេលនោះ មានការ​ពិភាក្សាគ្នា​មួយ​ផ្តោតលើ​ការទាមទារ​ឱ្យ​បើក​វិមាន កាប៊ី​ល​ដូ ឱ្យ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ លាលែង​ពី​តំណែង និង បង្កើតឱ្យមាន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​ជា​ជំនួស​វិញ ។ ការជួប​ជុំនោះ តាំងពីព្រឹក​រហូតដល់​កណ្តាល​អា​ធ្រា​ត ដែល​ផ្តោត​សំខាន់​លើ​ធម្ម​នុ​ញ្ញា​ភាព (​ភាពស្របច្បាប់​) នៃ រដ្ឋាភិបាល​មួយ និង អំណាច​របស់ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស ។

​ថ្ងៃទី ពុធ ទី ២៣ ខែ ឩ​សភា ឆ្នាំ ១៨១០ បាន​ចូល​មកដល់ ដោយនៅ​ទីបំផុត ពួកគេ​សម្រេចចិត្ត បោះឆ្នោត ហើយ​លទ្ធផល​គឺ ១៥៥ សំឡេង​ប្រឆាំងនឹង​ការ​មាន​ឩ​បរាជ ទល់នឹង ៦៩ សំឡេងគាំទ្រ ។ ដូច្នេះ នៅ​ព្រឹក​ព្រ​ហ៊ា​ម នៃ ថ្ងៃទី ២៣ ខែ ឩ​សភា ឆ្នាំ ១៨១០ ខែ ឩ​សភា នោះ វិមាន កាប៊ី​ល​ដូ បានប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ថា ឩ​បរាជ បានបញ្ចប់​យុគ​របស់គាត់​ហើយ ។​

​ថ្ងៃ​ព្រហស្បតិ៍ ទី ២៤ ខែ ឩ​សភា ឆ្នាំ ១៨១០ អំណាច​ខ្ពស់បំផុត​ពេលនេះ​ត្រូវបាន​ប្រគល់ឱ្យ អ្នកគ្រប់គ្រង កាប៊ី​ល​ដូ គឺ លោក ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស ដ​ដែលជា​បណ្តោះអាសន្នរ​ហូត​ដល់ មានការ តែងតាំង​រដ្ឋាភិបាល​គ្រប់គ្រង​មួយ ។ ដំណឹង​នេះ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល ដល់​ពួក​អ្នក បដិវត្តន៍ ញ៉ាំងឱ្យ​ពួកគេ​បារម្ភ​ថា​ពួកគេ​នឹង​អាច​ត្រូវ លោក ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស កាប៊ី​ល​ដូ ដាក់ទោស ទើប​អ្នកខ្លះ​បិទទ្វារ​មិន​ចាក​ចេញពីផ្ទះ ។ ប៉ុន្តែ​អ្នកខ្លះ​បាន​ទៅ​ជួបប្រជុំគ្នា​នៅ ឯ​ភូមិគ្រឹះ​របស់លោក រ៉ូ​ឌ្រី​ហ្កេ​ស ប៉េ​ណា ហើយ​បាន​យល់ឃើញថា នឹង​ពុំមាន​ការដាក់ទោស ទណ្ឌ​លើ​បុគ្គល​ណាមួយ​ឡើយ​ប្រសិនបើ​គ្មាន​ការយល់ព្រម​ពី​លោក ឩ​ត្ត​ម​សេនីយ៍ សា​វ៉េ​ដ្រា ដែលជា​អ្នក​ឈរ​នៅ​ខាង​ពួក​អ្នក​បដិវត្តន៍​ដែរ ។

​រំពេច​នោះ ក៏​ស្រាប់​តែមាន​ហ្វូងមនុស្ស​ឥត​សណ្តាប់ធ្នាប់​ដឹកនាំ​ដោយ ដូ​មីង​ហ្គោ បារាំង បាន​ចូលលុកលុយ​ពាសពេញ រាជវាំង ផ្លា​ហ្សា ដើម្បី​ពង្រឹង​អំ​ណា ឩ​បា​រាជ ស៊ី​ស​ណេ​រ៉ូ ។​

​ដំណើរ​ផ្ទុយគ្នា​នៅ​យប់នោះ ឩ​ត្ត​ម​សេនីយ៍ សា​វ៉េ​ដ្រា បាន​ជូនដំណឹង​ទៅ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ ថា​គាត់ (​សា​វ៉េ​ដ្រា​) បាន​លាលែង​ពី​តំណែង​ហើយ ដូច្នេះ លោក ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស ក៏​ត្រូវតែ​លាលែង​ពី​តំណែង​ដែរ ហើយ ព្រមាន​ថា​នឹង​ជិត​មាន​បដិវត្តន៍ ហិង្សា​ពី​សំណាក់​ប្រជា ពលរដ្ឋ​កើតឡើង​ហើយ​ប្រសិនបើ គាត់ (​ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​) មិន​លាលែង​ពី​តំណែង​ដែរ ហើយ​ថា​ពេលនោះ​គាត់​(​សា​វ៉េ​ដ្រា​) នឹងមិន​មានអំណាច​កា​រពារ​គាត់ (​ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​) ឡើយ ។ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ បាន​ឆ្លើយតប​វិញ​ថា គាត់​ចង់​រង់ចាំ​ពីរ​បី​ថ្ងៃ​ទៀត​ទើប​ប្រកាស​លាលែង ពី​តំណែង ប៉ុន្តែ សា​វ៉េ​ដ្រា ប្រាប់ថា គ្មាន​ពេល​សម្រាប់​ពន្យារ​ទៀតឡើយ ទើប ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ ដាក់ពាក្យ​លា​ល​លែង​ពី​តំណែង ប៉ុន្តែ​ត្រូវ​វិមាន កាប៊ី​ល​ដូ បដិសេធ ។

​នៅ​ព្រឹក​ថ្ងៃ សុក្រ ទី ២៥ ខែ ឩ​សភា ឆ្នាំ ១៨១០ ដដែល​នោះ បើទោះជា​អាកាសធាតុ​មិនល្អ​ក្តី ក៏មាន​ហ្វូ​មនុស្ស​ជាច្រើន​កកកុញ​បាន​ទៅ​ជួបជុំគ្នា​នៅ​ពីមុខ​រាជវាំង Plaza de la Victoria ស្រែក​សុំឱ្យ​ជ្រើសតាំង រដ្ឋាភិបាល ជុន​តា ថ្មី​មួយ ដែល​មិន​រួមបញ្ចូល​សមាសភាព ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ ។

​វិមាន កាប៊ី​ល​ដូ បាន​ជួបប្រជុំ​នៅ​ម៉ោង ៩.០០ ព្រឹក​នោះ ហើយ ចាត់ទុកថា ហ្វូង​មហាជន​គ្មាន សិទ្ធិ​ជះឥទ្ធិពល​លើ​អ្វីដែល​វិមាន កាប៊ី​ល​ដូ សម្រេច​ឡើយ ហើយ​ថា ពួក​បាតុករ​ទាំងនោះ​គួរ ត្រូវបាន​ប​ង្ក្រា​ដោយ​កងកម្លាំង និង ចាប់​មេដឹកនាំ​មក​ផ្តន្ទាទោស ។ ពួកគេ​បានស្នើ​សុំឱ្យ​មេទ័ព ធ្វើ​បែប​នោះ ប៉ុន្តែ​ពួក​មេទ័ព​មិន​គោរព​បញ្ជា​បែប​នោះឡើយ ។ ហ្វូង​បាតុករ កាន់តែ​កើន​ច្រើនឡើង ស្ថានភាព​កាន់តែ​កោលាហល​ឡើងៗ ធ្វើឱ្យ​អ្នកពាក់ព័ន្ធ​ទាំងឡាយ​កាន់តែ​មាន​ភាព​តានតឹង​ឡើងៗ​។​

​រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា ត្រូវបាន​ប្រសូត
​បន្ទាប់ពី​អស់​រយៈពេល​យ៉ាងយូរ​មក ឯកសារ​មួយ ដែលមាន​ហត្ថលេខា​ចំនួន ៤១១ របស់​មេបញ្ជាការ​កង​ទ័ព​ដ៏​មានអំណាច និង មនុស្ស​ដ៏​មាន​ឥទ្ធិពល ត្រូវបាន​ប្រគល់​ទៅឱ្យ វិមាន កាប៊ី​ល​ដូ ស្នើឱ្យ​តាក់តែង​រដ្ឋាភិបាល ជុន​តា គ្រប់គ្រង​ថ្មី​មួយ ។

​ស្ថានភាព​រវាង​អ្នក​ចង់​ផ្លាស់ប្តូរ និង អ្នកគាំទ្រ រក្សារ​អំណាច ឩ​បរាជ កាន់តែ​តានតឹង​ឡើងៗ ទៀប​នឹង​ដល់​ការផ្ទុះ​ហិង្សា ។ ប្រឈម​នឹង​ស្ថានភាព​ដ៏​ពុះកញ្ជ្រោល​នោះ សំណើ​ដ៏​មាន​ប្រជា ប្រិ​យ​មួយ ត្រូវបាន​អាន​ប្រកាស ឮៗ និង ត្រូវបាន​អនុម័ត​ភ្លាមៗ​ដោយ​អ្នក​ដែលមាន​វត្តមាន នៅ​ទីនោះ ។ នោះ​គឺ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​មួយ​តាក់តែង​ដោយ​លោក ខូ​ណែ​លី​អូ សា​វ៉េ​ដ្រា ពោលគឺ​ការបង្កើត រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា ។ នៅក្នុង​រចនាសម្ព័ន្ធរ​ដ្ឋា​ភិ​បាល ព្រី​ម៉េ​រ៉ា ជុន​តា នោះ មាន​លោក ខូ​ណែ​លី​អូ សា​វ៉េ​ដ្រា ជា​ប្រធាន មាន​អគ្គលេខា ពីររូប សមាជិក​គណៈកម្មការ ប្រាំ​មួយរូប និង មាន​មនុស្ស​សំខាន់ ៥០០ នាក់ ជា​ជំនួយ​នៅតាម​បណ្តា​ខេត្ត​នានា ។ ប៉ុន្តែ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ ខឹងសម្បា​យ៉ាងខ្លាំង ក៏បាន​ដើរចេញ ហើយ​ស្នើ​ឱ្យមាន​វិធានការ​យោធា​ប្រឆាំងនឹង រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា នោះ ។

​រដ្ឋា​ភិ​វាក ព្រី​ម៉េ​រ៉ា ជុន​តា នោះ គឺជា​រដ្ឋាភិបាល​ទី​១ ក៏ត្រូវ​បាន​គេ​ហៅថា សភា​ដំបូង ផងដែរ ។ ប៉ុន្តែ​បន្ទាប់ពី​បង្កើតឡើង​ដោយ​ជោគជ័យ​ហើយ រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា នោះ​មានទំនាស់​ផ្ទៃក្នុង ជា​ហូរហែ​ដោយ​កង្វះ​អ្នកដឹកនាំ​ដ៏​មាន​ប្រសិទ្ធភាព ។​

​ទោះយ៉ាងណា បន្ទាប់ពី​ឆ្លងកាត់​សង្គ្រាម​ជាច្រើនលើក​ច្រើនសា​មក រដ្ឋាភិបាល ព្រី​ម៉េ​រា ជុន​តា ឬ សភា​ដំបូង បានប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​ពី​ប្រទេស​អេ​ស្ប៉ា​ញ នៅ​ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ១៨១៦ ហើយ​ឱ្យ​ឈ្មោះថា ប្រទេស អា​ហ្ស​ង់​ទីន (Argentina) រហូតមក ។​

​ប្រជាជន អា​ហ្ស​ង់​ទីន ប្រារព្ធ ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ ដើម្បី រំឭក​ដល់​ថ្ងៃ​ប្រកាស​ឯករាជ្យ គឺ​ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ១៨១៦ ផងដែរ ៕ ប្រែ​សម្រួល​ចងក្រង​: ខឿន សា​ឃាង​

​ទីក្រុង ប៊ុ​យ​ណូ​ស៊ែ​រ៍ នៃ ប្រទេស​អា​ហ្ស​ង់​ទីន (​អា​ហ្ស​ង់​ទីន ២)
ក្បួនព្យុហយាត្រា​កងទ័ព​អា​ហ្ស​ង់​ទីន​នៅ​ទិវា​ឯក រាជ្យ ជាតិ (​អា​ហ្ស​ង់​ទីន ១)