ទិវា​ឯករាជ្យ​ជាតិ អា​ហ្ស​ង់​ទីន​

679
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អា​ហ្ស​ង់​ទីន ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី​៩ ខែកក្កដា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ពួកគេ​ប្រកាស​ឯករាជ្យភាព​ពី​អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ​១៨១៦ បន្ទាប់ពី​មហាអំណាច អេ​ស្ប៉ា​ញ ធ្លាក់ខ្លួន​ទន់ខ្សោយ និង បែកបាក់ ដោយសារតែ​ការ​លុកលុយ​របស់ ណាប៉ូឡេអុង បារាំង ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​អា​ហ្ស​ង់​ទីន មាន​ផ្ទៃដី ២.៧៨០.៤០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ភាគ អាគ្នេយ៍ នៃ​អាមេរិក​ខាងត្បូង មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​បូ​លិ​វី ប៉ា​រ៉ា​ហ្កា​យ ប្រេ​ស៊ី​ល អ៊ុយ​រុយ​ហ្កា សមុទ្ទ​អា​ត្ល​ង់​ទិ​ក ឈី​លី និង​ខ្សែ​កំណត់​ដែនទឹក Drake Passage​។ ឆ្នាំ​២០១៩ អា​ហ្ស​ង់​ទីន មាន​ប្រជាពលរដ្ឋ ជាង ៤៥ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ គឺ​ភាសា​អេ​ស្ប៉ា​ញ រដ្ឋធានី គឺ​ទីក្រុង​ប៊ុ​យ ណូ​ស៊ែរ ។​

ប្រវត្តិសាស្ត្រ​
គិត​ត្រឹម​ឆ្នាំ ១៥៣០ ទឹកដី​ដែលជា​ប្រទេស អា​ហ្ស​ង់​ទីន សព្វថ្ងៃនេះ គឺជា​ដែនដី​ក្រោម អាណា​ម​និគម​របស់​អេ​ស្ប៉ា​ញ ។ នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​១៧៧៦ សហរដ្ឋអាមេរិក ប្រកាស​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេសធ្វើឱ្យ​លោក គ្រី​អូ​ឡូ​ស (​ជនជាតិ​អេ​ស្ប៉ា​ញ កើត​នៅ​អាមេរិក ) មានជំនឿថា បដិវត្តន៍ និង ឯករាជ្យភាព ពី​អេ​ស្ប៉ា​ញ​ពិតជា​អាច ទៅរួច ។

​គំនិត​នៃ​បដិវត្តន៍​បារាំង ឆ្នាំ​១៧៨៩ (​ដល់ ១៧៩៩ ដឹកនាំ​ដោយ ណាប៉ូឡេអុង ផ្តួលរំលំ របបរាជានិយម ) បាន​រីក​រាលដាល​សុះសាយ​ពាសពេញ​ទ្វីបអឺរ៉ុប និង​អាមេរិក ។ មនោគមន៍វិជ្ជា សេរីភាព វិស័យ​នយោបាយ និង សេដ្ឋកិច្ច បាន​រីក​រាលដាល​នាំឱ្យមាន បដិវត្តន៍​នៅ​អា​ត្ល​ង់​ទិ​ក ជ្រួតជ្រាប​ដល់​ភាគច្រើនបំផុត នៃ​ប​ស្ចឹ​ម​លោក ។​

​ប៉ុន្តែ​គំនិត​ទាំងនេះ ត្រូវបាន​ហាមឃាត់​នៅក្នុង​ទឹកដី​ក្រោម​ការត្រួតត្រា​របស់ អេ​ស្ប៉ា​ញ សូម្បីតែ​សៀវភៅ ស្តីអំពី​បដិវត្តន៍​នៅ​បារាំង ក៏​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​បោះពុម្ព ផ្សាយ​ដែរ ។ ប៉ុន្តែ​មិនអាច​បិទ​ខ្ទប់​បានឡើយ គឺ​វា​បាន​ត្រូវគេ​ពង្រីក​ពាសពេញ​ទឹកដី ហើយ​សៀវភៅ​ស្តីពី បដិវត្តន៍ នៅ​សហរដ្ឋ អាមេរិក ក៏បាន​ជ្រៀតចូល​ទឹកដី​របស់ អេ​ស្ប៉ា​ញ​ដែរ ។​

​បដិវត្តន៍ ឧស្សាហកម្ម នៅ​អង់គ្លេស អំឡុង​ទសវត្សរ៍ ១៧០០ ធ្វើឱ្យ​ផលិតផល អង់គ្លេស កើនឡើង​យ៉ាងគំហុក ដែល​តម្រូវឱ្យ​អង់គ្លេស ត្រូវតែ​ស្វះ​ស្វែងរក​ទីផ្សារ​សម្រាប់​លក់ ផលិតផល​ទាំងនោះ ។ សង្គ្រាម ណាប៉ូឡេអុង បាន​ហាមឃាត់​មិនឱ្យ​បណ្តា​ប្រទេស​ជា សម្ព័ន្ធមិត្ត​របស់​បារាំង ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អង់គ្លេស​ឡើយ ។ ដោយហេតុនេះ អង់គ្លេស ត្រូវតែ​រក​ទីផ្សារ​នៅក្នុង​ដែនដី​ក្រោម​អាណានិគម​អេ​ស្ប៉ា​ញ ។ ប៉ុន្តែ​ដែនដី ទាំងនោះ​មិនត្រូវ​បាន អេ​ស្ប៉ា​ញ អនុ​ញ្ញា​ត្ត​ឱ្យធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ណា​ផ្សេង ពី​ប្រទេស អាណ​ព្យាបាល​របស់​ពួកគេ​គឺ អេ​ស្ប៉ា​ញ​ឡើយ ។

​ដើម្បី​សម្រេច​បំណង​ក្នុងការ​ស្វែងរក​ទីផ្សារ​របស់ខ្លួន ទើប​ពីដំបូង អង់គ្លេស ចាប់ផ្តើម ឈ្លានពាន​ចូលទៅ​តំបន់ រី​អូ ដឺ ឡា ផ្លា​តា ដែលជា​ដែនដី​ក្រោម​អាណា​និគ អេ​ស្ប៉ា​ញ និង បាន​ឈ្លានពាន​យក​ទីក្រុង​សំខាន់ៗ​ផ្សេងទៀត នៅ​តំបន់​អាមេរិក អេ​ស្ប៉ា​ញ ។ ប៉ុន្តែ​គោលដៅ​របស់​អង់គ្លេស មិនបាន​ជោគជ័យ ទើប​អង់គ្លេស​ងាក​ទៅ​ផ្សព្វផ្សាយ បំផុល​បំផុសគំនិត ជនជាតិ អាមេរិក​-​អេ​ស្ប៉ា​ញ ឱ្យ​រើបម្រះ​ពី​អាណានិគម អេ​ស្ប៉ា​ញ ។​

​ការ​ងើប​បោះ​បោរ នៅ​ឆ្នាំ​១៨០៨ ដោយមាន ណាប៉ូឡេអុង ជា​បង្គោល បាន​បង្ខំ​ឱ្យ​ស្តេច ឆា​លស៍ ទី​៤ របស់​អេ​ស្ប៉ា​ញ ដាក់រាជ្យ ដែល​បានសេចក្តីថា អេ​ស្ប៉ា​ញ​បាន​ទន់ខ្សោយ ហើយ ពោលគឺ​ឋិត​ក្រោម​អំណាច​បារាំង របស់​ណាប៉ូឡេអុង ។ ស្តេច ឆាល​ស៍បាន ស្នើឱ្យ ណាប៉ូឡេអុង លើក​បុត្រា​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ ហ្វើ​រ៍ណា​ន់​ដូ ទី​៧ ឱ្យ​ជា​អ្នក​ស្នងរាជ្យ​ព្រះអង្គ ។ ប៉ុន្តែ ណាប៉ូឡេអុង បែរជា​បាន​លើក​ប្អូនប្រុស​របស់ខ្លួន ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ ជា​ស្តេច​គ្រងរាជ្យ នៅ​អេ​ស្ប៉ា​ញ ទៅវិញ ។​

​ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ដែលជា​ក្រុមប្រឹក្សា ដ៏​មានអំណាច នៃ អាណាចក្រ អេ​ស្ប៉ា​ញ ជំទាស់​យ៉ាង​ដាច់ខាត ចំពោះ​ការលើក​ស្តេច ចូ​សេ​ហ្វ ហើយ​បាន​ដឹកនាំ ការតស៊ូ​ប្រឆាំងនឹង​រាជការ​របស់​ស្តេច ចូ​សេ​ហ្វ បូ​ណា​បាត៍ និង​ការកាន់កាប់​របស់ បារាំង​ទៅលើ​អេ​ស្ប៉ា​ញ ដោយ​ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា បាន​កាន់កាប់​អំណាច ក្នុងនាម​រាជា​នុ​សិទ្ធិ ខណៈ​ពុំទាន់​មាន​ស្តេច និង​ផ្តាច់ចំណង​ភក្តីភាព​របស់ខ្លួន ពី​បារាំង​ទៅ​ប្រគល់ឱ្យ​ចក្រភព​អង់គ្លេស ដែល​ធ្លាប់ជា​សត្រូវ​របស់ខ្លួន​វិញ ។​

​បារាំង ក្តៅក្រហាយ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​១៨១០ កងទ័ព​បារាំង បាន​ចូលលុកលុយ កាន់កាប់​ទីក្រុង​សេ​វីឡា និង​កាន់កាប់ ក្រុមប្រឹក្សា​រាជា​នុ​សិទ្ធិ​អេ​ស្ប៉ា​ញ នៅ​ទីក្រុង ខា​ឌី​ហ្ស ហើយ​ឱ្យ​ក្រុមប្រឹក្សា​នេះ ដើរតួ​ជំនួស​ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ដែល​ប្រឆាំងនឹង​បារាំង​វិញ ។​

មួយ​សប្តាហ៍ នៃ​ខែ​ឩ​សភា
នៅ​ថ្ងៃទី​១៤ ខែ​ឩ​សភា ឆ្នាំ​១៨១០ ទូក​ចម្បាំង​មួយគ្រឿង​របស់​អង់គ្លេស បាន​ទៅដល់ ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ នៃ​រាជាណាចក្រ Viceroyalty of the Río de la Plata ដែល​ស្ថិត ក្រោម​អាណានិគម​អេ​ស្ប៉ា​ញ ជាមួយនឹង​កាសែត​មួយចំនួន ដែល​ចុះផ្សាយ​អំពី​ការ រំលាយ ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា និង​ទីក្រុង​សេ​វីឡា ត្រូវបាន​លុកលុយ​កាន់ កាប់ ដោយ​កងទ័ព បារាំង ដែល​បាន​ត្រួតត្រា ភាគច្រើនបំផុត​រួចទៅហើយ​លើ​តំបន់ ឧបទ្វីប​អ៊ី​បេ​រាន ហើយ​ថា អតីត​សមាជិក​ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា​មួយចំនួន បាន​រត់​ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅ​ទី​ផ្សេងៗ ។ ដំណឹង​នោះ ធ្វើឱ្យ​រង្គោះរង្គើ​នៅ​តំបន់ ប៊ុ​យ​ណូ​ស៊ែរ ប៉ុន្តែ​ពួកគេ​មិនទាន់​សម្រេចចិត្ត​យ៉ាងណា​នៅឡើយ ។

​នៅ​ថ្ងៃទី​១៧ ខែ​ឩ​សភា ឆ្នាំ​១៨១០ នោះ នាវាចម្បាំង​អង់គ្លេស មួយគ្រឿង​ទៀត បាន​ទៅដល់​ម៉​ង់​តេ​វិ​ដេ​អូ (​បច្ចុប្បន្ន​ក្លាយជា​ទីក្រុង​របស់​ប្រទេស អ៊ុយ​រុយ​ហ្កា​យ ) បាន​យក​កាសែត​ដែល​ទើបតែ​ចេញផ្សាយ​ថ្មីៗ​បំផុត ដែល​ផ្សាយ​ថា សមាជិក ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ត្រូវបាន​បណ្តេញ ។

​ក្រុមប្រឹក្សា​រាជា​នុ​សិទ្ធិ នៃ​ទីក្រុង​ខា​ឌី​ហ្ស (​ជា​ស្ថាប័ន​អំណាច នៃ រាជាណាចក្រ Viceroyalty of the Río de la Plata ដែល​ស្ថិតក្រោម​អាណានិគម អេ​ស្ប៉ា​ញ​) មិនត្រូវ បាន​គេ​មើលឃើញថា ជា​អ្នក​បន្តវេន​ពី ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ក្នុងឋានៈ ជា​អ្នកតស៊ូ​អេ​ស្ប៉ា​ញ​ឡើយ ប៉ុន្តែ​បែរជា​មានបំណង​ស្តារឡើងវិញ​នូវ​របប​ផ្តាច់ការ​នៅ ក្នុង​ទឹកដី​អេ​ស្ប៉ា​ញ ទៅវិញ ។ ពេលនោះ កេ​រ្ត៍​ឈ្មោះ​របស់ ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ត្រូវបាន​គេ​ចងចាំ​ទុក​ក្នុង​ចិត្ត ។ ក្រុម​ដែល​អះអាងថា ជា​អ្នកស្នេហាជាតិ (​របស់​អេ​ស្ប៉ា​ញ​) នៅ​អាមេរិក​ខាងត្បូង បារម្ភ​ខ្លាចក្រែង​ថា តំបន់​ឧបទ្វីប នៃ​រា​ជាណា ចក្រ​អេ​ស្ប៉ា​ញ នឹងត្រូវ​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​បារាំង​ទាំងស្រុង ហើយក៏​ខ្លាច​ការបង្កើត ឡើងវិញ នូវ​របប​ផ្តាច់កា​រដែរ ។​

​ថ្ងៃ​សុក្រ​-​សៅរ៍ ទី​១៨-១៩ ឩ​សភា ឆ្នាំ​១៨១០ តៀម​កាហ្វេ និង​ទី​ផ្សេងៗ នៃ​រាជាណា ចក្រ Viceroyalty of the Río de la Plata បាន​ក្លាយជា​កន្លែង​ពិភាក្សា​រឿង​នយោបាយ​។

ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស បានស្នើ​គំនិត​បង្កើត​អង្គការ​រដ្ឋាភិបាល​មួយ​ដែល​នឹង​គ្រប់គ្រង អំណាច​តំណាងឱ្យ​ព្រះអង្គម្ចាស់​ហ្វ៊ែ​រ​ឌី​ណង់​ទី​៧ ដែល​អង្គ​រដ្ឋាភិបាល​នោះ បង្កើត​រួមគ្នា ជាមួយនឹង​ឩ​បរាជ​របស់​ប៉េ​រូ ចូ​សេ ហ្វ៊ែ​រណង់​ដូ ដឺ​អា​បាស្កា​លី ជា​អភិបាល​នៃ​តំបន់ ប៉ូ​តូ​ស៊ី (​បច្ចុប្បន្ន​ប្រទេស​បូ​លី​វ៉ា )​និង​ប្រធាន Royal Audiencia of CharcasVicente Nieto​។​

​ពួក​អ្នក​វណ្ណៈ​សង្គម មួយចំនួន បាន​ទៅ​ជួបប្រជុំគ្នា នៅក្នុង​ភូមិគ្រឹះ​របស់លោក នី​កូ​ឡាស រ៉ូ​ឌ្រី​ហ្កេ​ស ប៉េ​ណា ដែលជា​អ្នកជំនួញ​ដ៏​ធំ​ម្នាក់ នៅ​ប៊ុ​យ​ណូ​ស៊ែរ និង លោក ម៉ា​ទីន រ៉ូ​ឌ្រី​ហ្កេ​ស៍ ដែលជា​មេ​ទា​ហ៊ាន ដ៏​មាន​ឥទ្ធិពល​ម្នាក់ នៅ​ប៊ុ​យ​ណូ​ស៊ែរ ។ ពួកគេ បាន​លើកឡើងថា អេ​ស្ប៉ា​ញ បច្ចុប្បន្ន ស្ទើរតែ​ក្រោម​ការគ្រប់គ្រង​របស់ ណាប៉ូឡេអុង បូ​ណា​ប៉ាត៍ ទាំងស្រុង​ទៅហើយ អេ​ស្ប៉ា​ញ ពុំមាន​លទ្ធភាព​ត្រួតត្រា​ខ្លួនឯង និង Viceroyalty of the Río de la Plata ទៀតឡើយ ពោលគឺ​ដល់ពេល​ដែល Viceroyalty of the Río de la Plata រើបម្រះ​ហើយ ។​

​នៅ​អំឡុង​យប់​ថ្ងៃទី​១៩ ខែ​ឩ​សភា ឆ្នាំ​១៨១០ នោះ មានការ​ពិភាក្សាគ្នា​បន្ថែ​ម​ទៀត​នៅ ក្នុងភូមិ​គ្រឹះ​លោក រ៉ូ​ឌ្រី​ហ្កេ​ស ប៉េ​ណា ដើម្បី​បែងចែក​ការងារ​គ្នា​ធ្វើ​ក្នុងនោះ​មាន​ទាំង លោក​ឩ​ត្ត​ម​សេនីយ៍ សា​វ៉េ​ដ្រា នៃ អាណាចក្រ Viceroyalty of the Río de la Plata​និង លោក ឩ​ត្ត​មនា​វី ម៉ា​នូ​អែន ប៊ែ​ល​ហ្ក្រា​ណូ ផងដែរ ។​
​ ​
ល្ងាច​ថ្ងៃអាទិត្យ​ទី​២០ ខែ​ឩ​សភា ឆ្នាំ​១៨១០ ដដែល​នោះ លោក​ព្រះរាជអាជ្ញា​ហ្សួ​ន ចូ​សេ​កា​ស្តេ​លិ ដែលជា​សមាជិក​អង្គប្រជុំ កាលពី​យប់​ថ្ងៃទី​១៩​ដែរ​នោះបាន​ស្នើសុំ ឱ្យ​លោក​ឩ​ត្ត​មនា​វី (​ឩ​បរាជ​) បាល់​តា​ហ៊ី​ដាល់​ហ្កូ​ដឺ​ស៊ី​ស​ណេ​រ៉ូ​ស បើកទ្វារ​វិមាន​កាប៊ី​ល​ដូ (​នៃ​អាណាចក្រ Viceroyalty of the Río de la Plata ) ។​ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ​សបាន​កោះ ប្រជុំ​មេទ័ព​ទាំងឡាយ ដើម្បី​សុំ​ការគាំទ្រ ប៉ុន្តែ​មាន​ពាក្យ​ច​ចាម​អារាម​ថា តាមពិត គឺ​ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស ប្រើ​ឩ​បាយ​កល ដើម្បី​ចាប់ខ្លួន​ពួក​មេទ័ព​ទាំងនោះ ដើម្បី គ្រប់គ្រង​ការបះបោរ​។ ប៉ុន្តែ​ឩ​បាយ​កល​នោះ ពុំបាន​សម្រេច​ឡើយ​។​

​យប់នោះ មាន​ហេតុការណ៍​ប្រទាញប្រទង់​គ្នា​ជាច្រើន បានកើត​ឡើង​រវាង​ពួក​អ្នក ចង់​ធ្វើ​បដិវត្តន៍​បង្កើត​ឯករាជ្យ​និង​ពួក​អ្នកមានអំណាច​មួយក្រុម​តូច​ដែល​ចង់​រក្សា​អំណាច​របស់ខ្លួន​ក្រោម​ការត្រួតត្រា​របស់​អេ​ស្ប៉ា​ញ ដែល​ពេលនោះ​អេ​ស្ប៉ា​ញ​ស្ទើរតែ​ក្លាយ ជា​ដែនដី​អាណានិគម​ទាំងស្រុង​របស់​បារាំង​ទៅហើយ​។ ទីបំផុត ពួក​អ្នក​បដិវត្តន៍ បាន​ដកថយ​ទៅវិញ​ដើម្បី​រៀបចំ​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​បន្ទាប់​។​

​នៅ​ថ្ងៃ​ចន្ទ ទី​២១​ខែ​ឩ​សភា​ឆ្នាំ​ដដែល​នោះ មានការ​ដាក់​លិខិត​ឱ្យ​បើក​វិមាន​កាប៊ី​ល​ដូ​។ ហ្វូង​បាតុករ បាន​ដើរ​ឆ្ពោះទៅ​វិមាន​រាជការ​កាប៊ី​ល​ដូ បាន​ស្រែក​ឡើង​ខ្លាំងៗ​ទាមទារ បើក​វិមាន​កាប៊ី​ល​ដូ និង​ទាមទារ​ឱ្យ​ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស លាលែង​ពី​តំណែង​។ ប៉ុន្តែ​ពួក​អ្នក​ទាំងនោះ ត្រូវបាន​ទប់ស្កាត់ ដោយ​កងទ័ព ៦០០ នាក់​ដែល​កាន់កាប់ រាជវាំង​ផ្លា​ហ្សា​។​។​
​ ​
នៅ​ថ្ងៃទី​អង្គា​រ៍ ទី​២២​ខែ​ឩ​សភា ឆ្នាំ​១៨១០ ខណៈ​ស្ថានភាព​ឡើងក​ម្តៅ​ខ្លាំង​ឡើងៗ ពេលនោះ មានការ​ពិភាក្សាគ្នា​មួយ ផ្តោតលើ​ការទាមទារ​ឱ្យ​បើក​វិមាន​កាប៊ី​ល​ដូ ឱ្យ​ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ លាលែង​ពី​តំណែង និង​បង្កើតឱ្យមាន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ ជា​ជំនួស​វិញ​។​

​ការជួប​ជុំនោះ តាំងពីព្រឹក​រហូតដល់​កណ្តាល​អា​ធ្រា​ត ដែល​ផ្តោត​សំខាន់​លើ​ធម្មនុញ្ញ ភាព (​ភាពស្របច្បាប់​) នៃ រដ្ឋាភិបាល​មួយ និង អំណាច​របស់ ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ​ស ។​
​ថ្ងៃទី​ពុធ ទី​២៣ ខែ​ឩ​សភា ឆ្នាំ​១៨១០ បាន​ចូល​មកដល់ ដោយនៅ​ទីបំផុត ពួកគេ សម្រេចចិត្ត​បោះឆ្នោត ហើយ​លទ្ធផល​គឺ ១៥៥ សំឡេង​ប្រឆាំងនឹង​ការ​មាន​ឩ​បរាជ ទល់នឹង ៦៩ សំឡេងគាំទ្រ​។ ដូច្នេះ នៅ​ព្រឹក​ព្រហាម នៃ​ថ្ងៃទី ២៣ ខែ ឩ​សភា ឆ្នាំ ១៨១០ ខែ​ឩ​សភា នោះ វិមាន​កាប៊ី​ល​ដូ បានប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ថា ឩ​បរាជ បានបញ្ចប់​យុគ​របស់គាត់​ហើយ ។​

​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​ឩ​សភា ឆ្នាំ​១៨១០ អំណាច​ខ្ពស់បំផុត​ពេលនេះ​ត្រូវបាន​ប្រគល់ ឱ្យ​អ្នកគ្រប់គ្រង កាប៊ី​ល​ដូ គឺ លោក ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ​សដ​ដែលជា​បណ្តោះអាសន្ន រហូតដល់​មានការ​តែងតាំង​រដ្ឋាភិបាល​គ្រប់គ្រង​មួយ ។ ដំណឹង​នេះ​ធ្វើឱ្យ​មានការ​ភ្ញាក់ ផ្អើល​ដល់​ពួក​អ្នក​បដិវត្តន៍ ញ៉ាំងឱ្យ​ពួកគេ​បារម្ភ​ថា​ពួកគេ​នឹង​អាច​ត្រូវ លោក​ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស កាប៊ី​ល​ដូ ដាក់ទោស ទើប​អ្នកខ្លះ​បិទទ្វារ​មិន​ចាក​ចេញពីផ្ទះ ។ ប៉ុន្តែ​អ្នក ខ្លះ​បាន​ទៅ​ជួបប្រជុំគ្នា​នៅឯ​ភូមិគ្រឹះ​របស់លោក រ៉ូ​ឌ្រី​ហ្កេ​ស ប៉េ​ណា​ហើយ​បាន​យល់ ឃើញ ថា នឹង​ពុំមាន​ការដាក់ទោសទណ្ឌ​លើ​បុគ្គល​ណាមួយ​ឡើយ​ប្រសិនបើ​គ្មាន​ការ យល់ ព្រម​ពី​លោក ឩ​ត្ត​ម​សេនីយ៍ សា​វ៉េ​ដ្រា ដែលជា​អ្នក​ឈរ​នៅ​ខាង​ពួក​អ្នក​បដិវត្តន៍​ដែរ ។​

​រំពេច​នោះ ក៏​ស្រាប់​តែមាន​ហ្វូងមនុស្ស​ឥត​សណ្តាប់ធ្នាប់​ដឹកនាំ​ដោយ ដូ​មីង​ហ្គោ បារាំង បាន​ចូលលុកលុយ​ពាសពេញ រាជវាំង ផ្លា​ហ្សា ដើម្បី​ពង្រឹង​អំ​ណា ឩ​បា​រាជ ស៊ី​ស​ណេ​រ៉ូ ។​

​ដំណើរ​ផ្ទុយគ្នា​នៅ​យប់នោះ ឩ​ត្ត​ម​សេនីយ៍ សា​វ៉េ​ដ្រា បាន​ជូនដំណឹង​ទៅ ឩ​បរាជ​ស៊ី​ស ណេ​រ៉ូ ថា​គាត់ (​សា​វ៉េ​ដ្រា​) បាន​លាលែង​ពី​តំណែង​ហើយ ដូច្នេះ លោក ឩ​បរាជ​ស៊ី​ស ណេ​រ៉ូ​ស ក៏​ត្រូវតែ​លាលែង​ពី​តំណែង​ដែរ ហើយ ព្រមាន​ថា​នឹង​ជិត​មាន​បដិវត្តន៍ ហិង្សា​ពី​សំណាក់​ប្រជាពលរដ្ឋ​កើតឡើង​ហើយ​ប្រសិនបើ គាត់ (​ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ​) មិន​លា លែង​ពី​តំណែង​ដែរ ហើយ​ថា​ពេលនោះ​គាត់​(​សា​វ៉េ​ដ្រា​) នឹងមិន​មានអំណាច ការពារ​គាត់ (​ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ​) ឡើយ​។​ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ បាន​ឆ្លើយតប​វិញ​ថា គាត់​ចង់​រង់ចាំ​ពីរ​បី​ថ្ងៃ​ទៀត​ទើប​ប្រកាស​លាលែង​ពី​តំណែង ប៉ុន្តែ សា​វ៉េ​ដ្រា ប្រាប់ថា គ្មាន​ពេល​សម្រាប់​ពន្យារ​ទៀតឡើយ ទើប ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ ដាក់ពាក្យ​លា​ល​លែងពី​តំណែង ប៉ុន្តែ​ត្រូវ​វិមាន កាប៊ី​ល​ដូ បដិសេធ ។

​នៅ​ព្រឹក​ថ្ងៃ សុក្រ ទី ២៥ ខែ ឩ​សភា ឆ្នាំ ១៨១០ ដដែល​នោះ បើទោះជា​អាកាសធាតុ មិនល្អ​ក្តី ក៏មាន​ហ្វូងមនុស្ស​ជាច្រើន​កកកុញ​បាន​ទៅ​ជួបជុំគ្នា​នៅ​ពីមុខ​រាជវាំង Plaza de la Victoria ស្រែក​សុំឱ្យ​ជ្រើសតាំង រដ្ឋាភិបាល ជុន​តា ថ្មី​មួយ ដែល​មិន​រួមបញ្ចូល សមាសភាព ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ ។​

​វិមាន កាប៊ី​ល​ដូ បាន​ជួបប្រជុំ​នៅ​ម៉ោង ៩.០០ ព្រឹក​នោះ ហើយ​ចាត់ទុកថា​ហ្វូង​មហា ជន​គ្មាន​សិទ្ធិ​ជះឥទ្ធិពល​លើ​អ្វីដែល​វិមាន កាប៊ី​ល​ដូ សម្រេច​ឡើយ ហើយ​ថា ពួក​បាតុករ ទាំងនោះ​គួរ​ត្រូវបាន​ប​ង្ក្រា​ដោយ​កងកម្លាំង និង ចាប់​មេដឹកនាំ​មក​ផ្តន្ទាទោស ។ ពួកគេ បានស្នើ​សុំឱ្យ​មេទ័ព​ធ្វើ​បែប​នោះ ប៉ុន្តែ​ពួក​មេទ័ព​មិន​គោរព​បញ្ជា​បែប​នោះឡើយ ។ ហ្វូង​បាតុករ កាន់តែ​កើន​ច្រើនឡើង ស្ថានភាព​កាន់តែ​កោលាហល​ឡើងៗ ធ្វើឱ្យ​អ្នក ពាក់ព័ន្ធ​ទាំងឡាយ​កាន់តែ​មាន​ភាព​តានតឹង​ឡើងៗ​។​

​រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា ត្រូវបាន​ប្រសូត បន្ទាប់ពី​អស់​រយៈពេល​យ៉ាងយូរ​មក ឯកសារ​មួយ ដែលមាន​ហត្ថលេខា ចំនួន ៤១១ របស់​មេបញ្ជាការ​កង​ទ័ព​ដ៏​មានអំណាច និង​មនុស្ស​ដ៏​មាន​ឥទ្ធិពល ត្រូវបាន​ប្រគល់​ទៅឱ្យ វិមាន កាប៊ី​ល​ដូ​ស្នើឱ្យ​តាក់តែង រដ្ឋាភិបាល ជុន​តា គ្រប់គ្រង​ថ្មី​មួយ ។​

​ស្ថានភាព​រវាង​អ្នក​ចង់​ផ្លាស់ប្តូរ និង អ្នកគាំទ្រ រក្សារ​អំណាច ឩ​បរាជ កាន់តែ​តានតឹង ឡើងៗ ទៀប​នឹង​ដល់​ការផ្ទុះ​ហិង្សា ។ ប្រឈម​នឹង​ស្ថានភាព​ដ៏​ពុះកញ្ជ្រោល​នោះ សំណើ​ដ៏​មាន​ប្រជាប្រិយ​មួយ​ត្រូវបាន​អាន​ប្រកាស ឮៗ និង ត្រូវបាន​អនុម័ត​ភ្លាមៗ ដោយ​អ្នក​ដែលមាន​វត្ត​មាននៅ​ទីនោះ ។ នោះ​គឺ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​មួយ​តាក់តែង ដោយ​លោក ខូ​ណែ​លី​អូ សា​វ៉េ​ដ្រា ពោលគឺ​ការបង្កើត រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា ។ នៅក្នុង​រចនាសម្ព័ន្ធរ​ដ្ឋា​ភិ​បាល ព្រី​ម៉េ​រ៉ា ជុន​តា នោះ មាន​លោក​ខូ​ណែ​លី​អូ សា​វ៉េ​ដ្រា ជា​ប្រធាន មាន​អគ្គលេខា ពីររូប សមាជិក​គណៈកម្មការ ប្រាំ​មួយរូប និង មាន​មនុស្ស សំខាន់ ៥០០ នាក់ ជា​ជំនួយ​នៅតាម​បណ្តា​ខេត្ត​នានា ។ ប៉ុន្តែ ឩ​បរាជ​ស៊ី​ស​ណេ​រ៉ូ ខឹងសម្បា​យ៉ាងខ្លាំង ក៏បាន​ដើរចេញ ហើយ​ស្នើ​ឱ្យមាន​វិធានការ​យោធា​ប្រឆាំងនឹង រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា នោះ ។​

​រដ្ឋា​ភិ​វាក​ព្រី​ម៉េ​រ៉ា ជុន​តា នោះ គឺជា​រដ្ឋាភិបាល​ទី​១ ក៏ត្រូវ​បាន​គេ​ហៅថា សភា​ដំបូង ផងដែរ ។ ប៉ុន្តែ​បន្ទាប់ពី​បង្កើតឡើង​ដោយ​ជោគជ័យ​ហើយ រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា នោះ មានទំនាស់​ផ្ទៃក្នុង​ជា​ហូរហែ​ដោយ​កង្វះ​អ្នកដឹកនាំ​ដ៏​មាន​ប្រសិទ្ធភាព ។​

​ទោះយ៉ាងណា បន្ទាប់ពី​ឆ្លងកាត់​សង្គ្រាម​ជាច្រើនលើក​ច្រើនសា​មក រដ្ឋាភិបាល ព្រី​ម៉េ​រា ជុន​តា ឬ សភា​ដំបូង​បានប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​ពី​ប្រទេស​អេ​ស្ប៉ា​ញ នៅ​ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ១៨១៦ ហើយ​ឱ្យ​ឈ្មោះថា ប្រទេស អា​ហ្ស​ង់​ទីន (Argentina) រហូតមក ។​
​ប្រជាជន អា​ហ្ស​ង់​ទីន ប្រារព្ធ ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​ដើម្បី រំឭក​ដល់​ថ្ងៃ​ប្រកាស ឯករាជ្យ គឺ​ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ១៨១៦ ផងដែរ ៕