ទិវា​ឯករាជ្យ​ជាតិ អេក្វាទ័រ​

2346
ចែករម្លែក

(​ភ្នំពេញ)​៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អេក្វាទ័រ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី ១០ ខែ សីហា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​រើបម្រះ និង ប្រកាស​ឯករាជភាពរ​បស់​ខ្លួន​ជា លើកដំបូង នៅ​ទីក្រុង គី​តូ កាលពី​ឆ្នាំ ១៨០៩ ។ ទោះយ៉ាងណា ឯករាជភាព​កាលណោះ​មិនបាន​ប៉ុន្មាន​ផង ក៏​ត្រូវបាន​អាណានិគម អេ​ស្ប៉ា​ញ កម្ទេច ហើយ​ចលនា​តស៊ូ​ដែល​ដណ្តើមបាន​ឯករាជ្យ​ពិតប្រាកដ​ឱ្យ អេក្វាទ័រ គឺ​ជ័យជម្នះ​នៅ​ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ១៨២២ ដោយមាន​ការជួយ​ពី កូ​ឡុំ​ប៊ី ឯណោះ​ទេ ។

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ អេក្វាទ័រ មាន​ផ្ទៃដី​២៨៣.៥៦០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​ទ្វីបអាមេរិក ភាគខាងត្បូង មាន​ព្រំដែន​ជាប់​ប្រទេស កូ​ឡុំ​ប៊ី ប៉េ​រូ និង មហាសាគរ ប៉ា​ស៊ី​ហ្វ៊ិ​ច ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ១៦ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត ។ រដ្ឋធានី​គឺ​ទីក្រុង គី​តូ ភាសាផ្លូវការ​គឺ​ភាសា អេ​ស្ប៉ា​ញ ។​

ប្រវត្តិសាស្ត្រ​
​នៅ​សតវត្សរ៍​ទី ១៣ តំបន់​ចំនួន ៤ នៅ​ជុំវិញ​ព្រៃ អា​ម៉ា​ហ្សូ​ន គឺ​តំបន់ Chinchaysuyu (​ខាង​ជើ​) តំបន់ Antisuyu (​ខាងកើត​) តំបន់ Qullasuyu (​ខាងត្បូង​) និង តំបន់ Kuntisuyu (​ខាងលិច​) រួបរួម​បញ្ចូល​គ្នា​បង្កើតបានជា​អាណាចក្រ​ដ៏​ធំ និង មាន​ឥទ្ធិ​ពាល​មួយ​ឈ្មោះថា Tawantinsuyu ដែលជា​អាណាចក្រ​របស់​ជនជាតិ អ៊ិន​កា ដោយមាន​រាជធានី​ឈ្មោះ គូ​ស្កូ ជា​តំបន់​ប្រទេស ប៉េ​រូ សព្វថ្ងៃនេះ ។​

​មហាអំណាច អេ​ស្ប៉ា​ញ បាន​លុកលុយ​កាន់កាប់​ត្រួតត្រា​លើ​តំប​នា់នា​នា​នៅ​ទ្វី​អាមេរិក ហើយ​បាន​ឈ្លានពាន​អាណាចក្រ Tawantinsuyu នៅ​ឆ្នាំ ១៥៧២ ។​

​ឆ្នាំ ១៨០៧ (​ដល់​ឆ្នាំ ១៨១៤) សង្គ្រាម​ឧបទ្វីប អ៊ី​ប៊េ​រី រវាង​បារាំង របស់ ណាប៉ូឡេអុង និង សម្ព័ន្ធមិត្ត​មហាអំណាច អេ​ស្ប៉ា​ញ ចក្រភព​អង់គ្លេស និង ព័រទុយហ្កាល់ បាន​ផ្ទុះឡើង បានធ្វើឱ្យ មហាអំណាច អេ​ស្ប៉ា​ញ ថមថយ​ឥទ្ធិពល​យ៉ាងខ្លាំង ។​

​ដោយមាន​កងទ័ព​បារាំង របស់ ណាប៉ូឡេអុង នៅ​ពី​ក្រោយខ្នង ស្តេច ឆា​លស៍ ទី ៤ របស់ អេ​ស្ប៉ា​ញ ត្រូវបាន​បង្ខំ​ឱ្យ​ដាក់រាជ្យ នៅ​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ១៨០៨ ។ ស្តេច ឆា​លស៍ បាន​សំណូមពរ ណាប៉ូឡេអុង ឱ្យ​លើក​ព្រះអង្គម្ចាស់ ហ្វឺ​ណាន់​ដូ ទី ៧ (​ដែលជា​បុត្រ​របស់​ព្រះអង្គ​) ឱ្យ​ស្នងរាជ្យ ។ ប៉ុន្តែ ណាប៉ូឡេអុង បែរជា​លើក​ប្អូនប្រុស​របស់ខ្លួន ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ ឱ្យធ្វើជា​ស្តេច​គ្រងរាជ្យ នៅ​ប្រទេស អេ​ស្ប៉ា​ញ ទៅវិញ បណ្តាលឱ្យ​មានការ ប្រឆាំងនឹង​រាជបល្ល័ង្ក និង រាជការ​របស់​ស្តេច ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ កាន់តែ​រាលដាល​ទៅៗ ។

​ថ្ងៃទី ខែ ឧសភា ឆ្នាំ ១៩០៨ បាន​ផ្ទុះ​បដិវត្តន៍​ប្រឆាំងនឹង​ស្តេច ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ ហើយ​បង្កើតបានជា​រដ្ឋាភិបាល ជុន​តា កំពូល នៅ​ទីក្រុង សេ​វីឡា ( ហើយ​នៅមាន​សង្គ្រាម​អូសបន្លាយ​ជាច្រើន​ទៀត​ប្រឆាំងនឹង​ការត្រួតត្រា​របស់ បារាំង ទៅលើ អេ​ស្ប៉ា​ញ រហូតដល់​ឆ្នាំ ១៨១៤ ) ដែល​បានសេចក្តីថា អំណាចកណ្តាល​របស់ អេ​ស្ប៉ា​ញ បែកបាក់​រាយប៉ាយ​ហើយ ។​

​ឯករាជ្យ​អេក្វាទ័រ​លើក​ទី​១
​បាន​ឱកាសល្អ​ដូច្នោះ គឺ​បន្ទាប់ពី​បាន​ទ្រាំ​រស់​ក្រោម​អំណាច​អាណានិគម​របស់​មហាអំណាច អេ​ស្ប៉ា​ញ អស់​រយៈពេល​ជិត ៣០០ ឆ្នាំ​មក សម្រែក នៃ ការទាមទារ​រក ឯករាជភាព បាន​ផ្ទុះឡើង នៅ​ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ១៨០៩ នាទី​ក្រុង គី​តូ ជាទី​ក្រុង​ដ៏​តូច​មួយ នៃ រាជាណាចក្រ ប៉េ​រូ ដែល​ស្ថិតក្រោម អាណានិគម អេ​ស្ប៉ា​ញ បានប្រកាស​ឯករាជ្យរ​បស់​ខ្លួន​ថា ជា​រដ្ឋ​ឯករាជ្យ អេក្វាទ័រ ។ ចលនា​នេះ​ដឹកនាំ​ដោយ​ឥស្សរជន​សំខាន់ៗ ៣ រូប​គឺ កា​ឡូ​ស ម៉ុង​ទូ​ហ្វា , អ​ចេ​នី​អូ អេ​ស្ប៉េ​ចូ និង កេ​រូ សាយ​សេ​ដូ ។​

​ដែនដី​ដទៃទៀត​នៅ​ទ្វីបអាមេរិក ដែល​បាន​ស្ថិតក្រោម​អាណានិគម​អេ​ស្ប៉ា​ញ​រាប់រយឆ្នាំ​មកហើយ​ដែរ ក៏​ចាប់ផ្តើម​នាំគ្នា​ងើប​បះបោរ​ជា​បន្តបន្ទាប់​ក្នុងនោះ​ចាប់​ផ្តើមចេញពី អា​ហ្ស​ង់​ទីន ឈី​លី ម៉ិចស៊ិក វេ​ណេ​ស៊ុយ​អេ​ឡា ប៉េ​រូ និង ដែនដី​ក្រោម​អាណានិគម​ជាច្រើន​ទៀត​ងើប​បះបោរ​ព្រមៗ​គ្នា​បង្កើត បានជា​សង្គ្រាម​ដែល​ហៅថា សង្គ្រាម​ដើម្បី​ឯករាជ្យ​នៅ​ទ្វីបអាមេរិក ។​

​ស្ប៉ា​ញ បាន​ចំណាយ​កម្លាំង និង ធនធាន​ជាច្រើន​ដើម្បី​បង្ក្រាប​ការបះបោរ ប៉ុន្តែ​មិនអាច​ទៅរួច ព្រោះ​ពេលនោះ អេ​ស្ប៉ា​ញ ក៏ត្រូវ​តទល់​នឹង​សង្គ្រាម​ដ៏​មហិមា​ដែរ គឺ​កងទ័ព បារាំង រហូត​ត្រូវ​កងទ័ព បារាំង របស់ ណាប៉ូឡេអុង ចូលលុកលុយ អេ​ស្ប៉ា​ញ នៅ​ឆ្នាំ ១៨១០ ។

​នៅ​ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ១៨២០ ទីក្រុង វ៉ា​យ៉ា​គី​ល ដែលជា​ទីក្រុង​កំពង់ផែ បានធ្វើ​បដិវត្តន៍​ប្រឆាំង នឹង​មូលដ្ឋាន​កងទ័ព​នៅក្នុង​តំបន់​នោះបាន​យ៉ាង​ងាយ និង សិង​តែ​គ្មាន​ការ​បង្ហូរឈាម ហើយ​បាន ប្រកាស​ឯករាជភាពរ​បស់​ខ្លួន​ពី អេ​ស្ប៉ា​ញ ។​

​មេដឹកនាំ​ចលនា​ឯករាជ្យ​នេះ​មាន ជនជាតិ វ៉េ​ណេ​ស៊ុយ​អេ​ឡា អេក្វាទ័រ និង ប៉េ​រូ គឺជា​មន្ត្រី​គាំទ្រ ចលនា ឯករាជភាព មកពី​កងទ័ព​អាណានិគម រួម​ជាមួយនឹង​បញ្ញវ័ន្ត និង ពួក​អ្នកស្នេហាជាតិ អេក្វាទ័រ បាន​បង្កើត​រដ្ឋបាល ជុន​តា របស់​ពួកគេ ហើយ​បង្កើត​កងទ័ព​ក្នុង​បំណង​ការពារ​ទីក្រុង​នេះ កុំឱ្យ​ធ្លាក់​ក្នុង​កណ្តា​ម​ដៃ អេ​ស្ប៉ា​ញ វិញ និង​អនុវត្ត​ចលនា​ឯករាជភាព​ទៅ​ខេត្ត​ផ្សេងៗ​ទៀត ទូទាំងប្រទេស ។

​ស្របពេល​ជាមួយគ្នា​នោះ ជំនោរ​សង្គ្រាម​ដើម្បី​ឯករាជ្យ​នៅ​អាមេរិក​ខាងត្បូង​ដឹកនាំ​ដោយ​លោក ស៊ី​ម៉ុ​ន បូ​លី​វ៉ា បាន​ជោគជ័យ​លើ​កងទ័ព អេ​ស្ប៉ា​ញ យ៉ាង​ដាច់ខាត​នៅក្នុង​ការប្រយុទ្ធ​នៅឯ​តំបន់ Boyaca នៃ ប្រទេស កូ​ឡុំ​ប៊ី (​ថ្ងៃទី ៧ ខេ សីហា ឆ្នាំ ១៨១៩ ) បានប្រកាស​ឯករាជភាព​របស់ កូ​ឡុំ​ប៊ី ពី អេ​ស្ប៉ា​ញ ខណៈដែល​លោក អាន់​តូ​នី​ញ៉ូ ចូ​សេ ដឺ សាន់ ម៉ា​ទីន (​មេដឹកនាំ​ដើម្បី​ឯករាជ្យ វ៉េ​ណេ​ស៊ុយ​អេ​ឡា និង កូ​ឡុំ​ប៊ី​) ក៏បាន​បោះជំរុំ​កងទ័ព​របស់គាត់​នៅ​ឆ្នេរ ប៉េ​រូ នា​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ១៩២០ កំពុង​ត្រៀមខ្លួន​បើក​យុទ្ធនាការ​កងទ័ព​ដើម្បី​ដណ្តើម​ឯករាជភាព​ជូន ប៉េ​រូ ផងដែរ ។

​ចលនា​ឯករាជភាព របស់ ទីក្រុង វ៉ា​យ៉ា​គី​ល បាន​រីក​សាយភាយ​ទៅ​ដល់ទី​ខេត្ត និង​ក្រុង​ដទៃទៀត យ៉ាង​ឆាប់រហ័ស ។ ខេត្ត Portoviejo បានប្រកាស​ឯ​រាជ​ភាព​របស់ខ្លួន​នៅ​ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ១៨២០ ចំណែក​ខេត្ត Cuenca ដែលជា​មណ្ឌល​សេដ្ឋកិច្ច​នៅ​ដែនដី​ភាគខាងត្បូង​នោះ បានប្រកាស ឯករាជ្យ​របស់ខ្លួន​នៅ​ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ១៨២០ នោះដែរ ។ ខេត្ត Latacunga និង ខេត្ត Riobamba បានប្រកាស​ឯករាជ្យរ​បស់​ខ្លួន​នៅ​ថ្ងៃទី ១១ ខែ វិច្ឆិកា ហើយ​ខេត្ត Ambato បានប្រកាស​ឯករាជ្យ​នៅ​ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ១៨២០ ។ ទិដ្ឋភាព​ទាំងនេះ​គឺ​ត្រូវបាន​រៀបចំឡើង សម្រាប់​សេរីភាព នៃ ទីក្រុង គី​តូ ។​

​កងទ័ព​ដែល​នៅ​ការពារ​ទីក្រុង គី​តូ មាន​បេសកកម្ម អូសទាញ ទីក្រុង Guaranda និង​ទីក្រុង Ambato ឱ្យ​ចូលរួម​ក្នុង​ចលនា​ដើម្បី​ឯករាជភាព ដើម្បី​កាត់ផ្តាច់​ផ្លូវ​ទំនាក់ទំនង​រវាង​ទីក្រុង គី​តូ និង ទីក្រុង វ៉ា​យ៉ា​គី​ល និង ខេត្ត Cuenca ដើម្បី​បង្កា​ចលនា​រាជានិយម (​ដែល​ចំណុះ អាណានិគម អេ​ស្ប៉ា​ញ ) ណាមួយ​មកពី​ទិស​ខាងជើង ។​

​ដូច្នេះ​គិត​ត្រឹម​ពាក់​កណ្តាលខែ វិច្ឆិកា ឆ្នាំ ១៨២០ នោះ អំណាច ឬ ការត្រួតត្រា​របស់ អេ​ស្ប៉ា​ញ ទៅលើ​ទីក្រុង គី​តូ និង តំបន់​ជុំវិញ​នោះ ត្រូវបាន​កាត់បន្ថយ​យ៉ាងច្រើន ដែល​ប្រការ​នោះ​មើលទៅ ហាក់ដូចជា​ថា សេរីភាព នៃ ទឹកដី​ទាំងមូល​ទំនង​អាចនឹងទទួល​បាន​ដោយ​ស្រួល​ជាង​ការ​គិតទុក ។

ឯករាជភាព អេក្វាទ័រ​រលត់​
​មិនយូរប៉ុន្មាន​ផង កងទ័ព អេ​ស្ប៉ា​ញ ៥.០០០ នាក់ បានដាក់​ពង្រាយ​តទល់​នឹង​កងទ័ព​អ្នក ស្នេហា​ជាតិ ២.០០០ នាក់ នៅ​ខេត្ត Ambato ។ ការប្រយុទ្ធ​នៅ​តំបន់ Huachi នា​ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ១៨២០ កងទ័ព​រាជានិយម (​ក្រោម​អំណាច អេ​ស្ប៉ា​ញ ) បាន​បំបាក់​កងទ័ព​ចលនា ឯករាជ្យ​យ៉ាងដំណំ ។ កងទ័ព អេ​ស្ប៉ា​ញ បាន​បន្ត​រុលទៅមុខ​ឆ្ពោះទៅ​ទិស​ខាងត្បូង​ដណ្តើម​កាន់កាប់ យក​វិញ​នូវ​ទីក្រុង និង ខេត្ត សំខាន់ៗ​នៅតាម​ផ្លូវ ហើយ​ខេត្ត Cuenca ត្រូវបាន​កងទ័ព អេ​ស្ប៉ា​ញ ដណ្តើម​កាន់កាប់​យកបាន​វិញ​នៅ​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ១៨២០ ។

​កងទ័ព​នៅ​ទីក្រុង វ៉ា​យ៉ា​គី​ល បាន​បញ្ចូល​គ្នា​ជាមួយ​កងទ័ព​ដែល​នៅ​សេសសល់​ពី​តំបន់ Huachi ហើយ​បង្កើតជា​ចលនា​ឧទ្ទាម​ប្រឆាំង​កងទ័ព​រាជានិយម ប៉ុន្តែ​ពួក​ឧទ្ទាម​នោះបាន​រង​បរាជ័យ យ៉ាងដំណំ និង ត្រូវបាន​ពួនស្ទាក់​សម្លាប់​យ៉ាង​រង្គាល​នៅ​ឆ្នាំ ថ្ងៃទី ៤ ខែ មករា ឆ្នាំ ១៨២១ នៅ​តំបន់ Tanizagua ។ មេបញ្ជាការ​ឧទ្ទាម​ត្រូវបាន​កាត់​ក្បាល​បញ្ជូនទៅ​ទីក្រុង គី​តូ បង្ហាញ​មហាជន ជាការ​ព្រមាន​ដល់​ការបះបោរ ។ ចលនា​ដើម្បី​ឯករាជ្យ ត្រូវបាន​កម្ទេច ។​

​ការប្រយុទ្ធ​នៅ Huachi លើក​ទី ២
​នៅ​ខែ កុម្ភៈ ឆ្នាំ ១៨២១ នោះ ជំនួយ​ពីរ​បរទេស​ដែល​ហាក់ដូចជា​យឺត​ពេល​បន្តិច​ទៅហើយនោះ ប្រធាន​ធិបតី កូ​ឡុំ​ប៊ី ស៊ី​ម៉ុ​ន បូ​លី​វ៉ា បាន​បញ្ជូន​ឧ​ត្ត​ម​សេនីយ៍ José Mires និង អាវុធ​រាប់ពាន់ ដើម​ទៅ​ជួយ​ចលនា​ឯករាជ្យ​នៅ​ទីក្រុង គី​តូ ។ ឧ​ត្ត​ម​សេនីយ៍ José Mires បាន​បង្ហាត់​ដល់​ពួក អ្នក​ទាមទារ​ឯករាជ្យ និង បាន​ជូនដំណឹង​ទៅ​ក្រុង វ៉ា​យ៉ា​គី​ល ថា លោក ស៊ី​ម៉ុ​ន បូ​លី​វ៉ា នឹង​បើក យុទ្ធនាការ​កងទ័ព​ពី​ទិស​ខាងជើង​ក្នុងពេល​ដំណាលគ្នា​ផងដែរ ។ ពេលនោះ​ក៏មាន​ចលនា​សំខាន់​ជា ច្រើន​ទៀត​ដែល​ប្រាថ្នា​ឯករាជ្យ មាន​លោក ស៊ូ​ក្រេ និង លោក អាយ​ម៉េ​រិច ជាដើម ។​

​កងទ័ព​របស់លោក ស៊ូ​ក្រេ បាន​ដណ្តើម​កាន់កាប់​បាន​ខេត្ត Guaranda នៅ​ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៨២១ ។ នៅ​ថ្ងៃទី ១២ កញ្ញា ឆ្នាំ ១៨២១ ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ដើម្បី​ឯករាជ្យ អេក្វាទ័រ និង កងទ័ព​ចលនា​ផ្សងៗ​មាន​កងទ័ព​លោក ស៊ី​ម៉ុ​ន បូ​លី​វ៉ា និង លោក ស៊ូ​ក្រេ ជាដើម ទីបំផុត បាន​ផ្តួលរំលំ​កងទ័ព​រាជានិយម គាំទ្រ​ដោយ​កងទ័ព អាណានិគម អេ​ស្ប៉ា​ញ និង​បានបញ្ចប់ សង្គ្រាម​នៅ​ទីក្រុង គូ​តូ នៅ​ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ១៨២២ ហើយ​ប្រកាស​ឯករាជភាព​របស់ អេក្វាទ័រ ដោយ​ជោគជ័យ​ជា​ស្ថាពរ ។​

​ទោះយ៉ាងណា រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អេក្វាទ័រ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី ១០ ខែ សីហា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​រើបម្រះ និង​ប្រកាស​ឯករាជភាព​របស់​ពួកគេ ជា​លើកដំបូង​នៅ​ទីក្រុង គី​តូ កាលពី​ឆ្នាំ ១៨០៩ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ទីក្រុង គី​តូ នៃ ប្រទេស អេក្វាទ័រ (​អេក្វាទ័រ​២)​
គំនូរ​បរិ​យា​អំពី​សង្គ្រាម​ដើម្បី​ឯករាជ្យ អេក្វាទ័រ ពី អេ​ស្ប៉ា​ញ (​អេក្វាទ័រ​១)