ទិវា​ឯករាជ្យ​ជាតិ អេក្វាទ័រ​

209
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អេក្វាទ័រ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី​១០ ខែសីហា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ពួកគេ​រើបម្រះ និង​ប្រកាស​ឯករាជ្យភាព របស់ខ្លួន​ជា​លើកដំបូង នៅ​ទីក្រុង​គី​តូ កាលពី​ឆ្នាំ​១៨០៩ ។ ទោះយ៉ាងណា ឯករាជ្យភាព កាលណោះ មិនបាន​ប៉ុន្មាន​ផង ក៏​ត្រូវបាន​អាណានិគម​អេ​ស្ប៉ា​ញ កម្ទេច ហើយ​ចលនា តស៊ូ ដែល​ដណ្តើមបាន​ឯករាជ្យ​ពិតប្រាកដ​ឱ្យ អេក្វាទ័រ គឺ​ជ័យជម្នះ នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​១៨២២ ដោយមាន​ការជួយ​ពី កូ​ឡុំ​ប៊ី ឯណោះ​ទេ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​អេក្វាទ័រ មាន​ផ្ទៃដី​២៨៣.៥៦០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​ទ្វីបអាមេរិក ភាគខាងត្បូង មាន​ព្រំដែន​ជាប់​ប្រទេស​កូ​ឡុំ​ប៊ី ប៉េ​រូ និង​មហាសាគរ ប៉ាស៊ីហ្វិក ។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ ជាង ១៧ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត ។ រដ្ឋធានី គឺ​ទីក្រុង​គី​តូ ភាសាផ្លូវការ គឺ​ភាសា​អេ​ស្ប៉ា​ញ ។​

​ប្រវត្តិសាស្ត្រ​
នៅ​សតវត្សរ៍​ទី​១៣ តំបន់​ចំនួន ៤ នៅ​ជុំវិញ​ព្រៃ​អា​ម៉ា​ហ្សូ​ន គឺ​តំបន់ Chinchaysuyu (​ខាង​ជើ​) តំបន់ Antisuyu (​ខាងកើត​) តំបន់ Qullasuyu (​ខាងត្បូង​) និង​តំបន់ Kuntisuyu (​ខាងលិច​) រួបរួម​បញ្ចូល​គ្នា បង្កើតបានជា​អាណាចក្រ​ដ៏​ធំ និង​មាន​ឥទ្ធិពល​មួយ​ឈ្មោះ ថា Tawantinsuyu ដែលជា​អាណាចក្រ​របស់​ជនជាតិ​អ៊ិន​កា ដោយមាន​រាជធានី​ឈ្មោះ គូ​ស្កូ ជា​តំបន់​ប្រទេស​ប៉េ​រូ សព្វថ្ងៃនេះ​។​

​មហាអំណាច​អេ​ស្ប៉ា​ញ បាន​លុកលុយ កាន់កាប់ ត្រួតត្រា​លើ​តំបន់​នានា នៅ​ទ្វីប អាមេរិក ហើយ​បាន​ឈ្លានពាន​អាណាចក្រ Tawantinsuyu នៅ​ឆ្នាំ​១៥៧២ ។​

​ឆ្នាំ​១៨០៧ (​ដល់​ឆ្នាំ​១៨១៤) សង្គ្រាម​ឧបទ្វីប​អ៊ី​ប៊េ​រី រវាង​បារាំង របស់​ណាប៉ូឡេអុង និង សម្ព័ន្ធមិត្ត​មហាអំណាច​អេ​ស្ប៉ា​ញ ចក្រភព​អង់គ្លេស និង​ព័រទុយហ្កាល់ បាន​ផ្ទុះឡើង បានធ្វើឱ្យ​មហាអំណាច​អេ​ស្ប៉ា​ញ ថមថយ​ឥទ្ធិពល​យ៉ាងខ្លាំង ។​

​ដោយមាន​កងទ័ព​បារាំង របស់​ណាប៉ូឡេអុង នៅ​ពី​ក្រោយខ្នង ស្តេច​ឆា​លស៍​ទី​៤ របស់​អេ​ស្ប៉ា​ញ ត្រូវបាន​បង្ខំ​ឱ្យ​ដាក់រាជ្យ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​១៨០៨ ។ ស្តេច ឆា​លស៍ បាន​សំណូមពរ ណាប៉ូឡេអុង ឱ្យ​លើក​ព្រះអង្គម្ចាស់ ហ្វឺ​ណាន់​ដូ​ទី​៧ (​ដែលជា​បុត្រ​របស់​ព្រះអង្គ​) ឱ្យ​ស្នងរាជ្យ ។ ប៉ុន្តែ ណាប៉ូឡេអុង​បែរជា​លើក​ប្អូនប្រុស របស់ខ្លួន ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ ឱ្យធ្វើជា​ស្តេច​គ្រងរាជ្យ នៅ​ប្រទេស​អេ​ស្ប៉ា​ញ ទៅវិញ បណ្តាលឱ្យមាន​ការប្រឆាំង​នឹង​រាជបល្ល័ង្ក និង​រាជការ​របស់​ស្តេច ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ កាន់តែ​រាលដាល​ទៅៗ ។

​នៅ​ខែឧសភា ឆ្នាំ​១៩០៨ បាន​ផ្ទុះ​បដិវត្តន៍​ប្រឆាំងនឹង​ស្តេច​ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ ហើយ​បង្កើតបានជា​រដ្ឋាភិបាល ជុន​តា កំពូល នៅ​ទីក្រុង​សេ​វីឡា (​ហើយ​នៅមាន សង្គ្រាម​អូសបន្លាយ​ជាច្រើន​ទៀត ប្រឆាំងនឹង​ការត្រួតត្រា​របស់​បារាំង ទៅលើ​អេ​ស្ប៉ា​ញ រហូតដល់​ឆ្នាំ ១៨១៤ ) ធ្វើឱ្យ​អំណាចកណ្តាល​រប​ស់ អេ​ស្ប៉ា​ញ​បែកបាក់​រាយប៉ាយ ហើយ​។​

​ឯករាជ្យ​អេក្វាទ័រ​លើក​ទី​១
បាន​ឱកាសល្អ​ដូច្នោះ គឺ​បន្ទាប់ពី​បាន​ទ្រាំ​រស់​ក្រោម​អំណាច​អាណានិគម​របស់​មហា អំណាច​អេ​ស្ប៉ា​ញ អស់​រយៈពេល​ជិត ៣០០ ឆ្នាំ​មក​សម្រែក​នៃ​ការទាមទារ​រក​ឯក រាជ្យ​ភាព បាន​ផ្ទុះឡើង នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​១៨០៩ នាទី​ក្រុង​គី​តូ​ជាទី​ក្រុង​ដ៏​តូច មួយ នៃ​រាជាណាចក្រ​ប៉េ​រូ ដែល​ស្ថិតក្រោម​អាណានិគម​អេ​ស្ប៉ា​ញ​បានប្រកាស​ឯករាជ្យ របស់ខ្លួន​ថា ជា​រដ្ឋ​ឯករាជ្យ​អេក្វាទ័រ ។ ចលនា​នេះ​ដឹកនាំ​ដោយ​ឥស្សរជន​សំខាន់ៗ ៣ រូប​គឺ កា​ឡូ​ស ម៉ុង​ទូ​ហ្វា , អ​ចេ​នី​អូ អេ​ស្ប៉េ​ចូ និង កេ​រូ សាយ​សេ​ដូ ។​

​ដែនដី​ដទៃទៀត នៅ​ទ្វីបអាមេរិក ដែល​បាន​ស្ថិតក្រោម​អាណានិគម​អេ​ស្ប៉ា​ញ​រាប់រយ ឆ្នាំ​មកហើយ​ដែរ ក៏​ចាប់ផ្តើម​នាំគ្នា​ងើប​បះបោរ ជា​បន្តបន្ទាប់ ក្នុងនោះ​ចាប់​ផ្តើមចេញពី អា​ហ្ស​ង់​ទីន ឈី​លី ម៉ិចស៊ិក វេ​ណេ​ស៊ុយ​អេ​ឡា ប៉េ​រូ និង​ដែនដី​ក្រោម​អាណានិគម ជាច្រើន​ទៀត ងើប​បះបោរ​ព្រមៗ​គ្នា បង្កើតបានជា​សង្គ្រាម ដែល​ហៅថា​សង្គ្រាម​ដើម្បី ឯករាជ្យ នៅ​ទ្វីបអាមេរិក ។​

​អេ​ស្ប៉ា​ញ បាន​ចំណាយ​កម្លាំង និង​ធនធាន​ជាច្រើន ដើម្បី​បង្ក្រាប​ការបះបោរ ប៉ុន្តែ​មិន អាចទៅរួច ព្រោះ​ពេលនោះ អេ​ស្ប៉ា​ញ ក៏ត្រូវ​តទល់​នឹង​សង្គ្រាម​ដ៏​មហិមា​ដែរ គឺ​កងទ័ព បារាំង រហូត​ត្រូវ​កងទ័ព​បារាំង របស់​ណាប៉ូឡេអុង ចូលលុកលុយ​អេ​ស្ប៉ា​ញ​នៅ​ឆ្នាំ ១៨១០ ។​

​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​១៨២០ ទីក្រុង​វ៉ា​យ៉ា​គី​ល ដែលជា​ទីក្រុង​កំពង់ផែ​បានធ្វើ​បដិវត្តន៍ ប្រឆាំងនឹង​មូលដ្ឋាន​កងទ័ព នៅក្នុង​តំបន់​នោះ បាន​យ៉ាង​ងាយ និង​សឹងតែ​គ្មាន​ការ បង្ហូរឈាម ហើយ​បានប្រកាស​ឯករាជ្យភាព​របស់ខ្លួន ពី​អេ​ស្ប៉ា​ញ ។​

​មេដឹកនាំ​ចលនា​ឯករាជ្យ​នេះ មាន​ជនជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា អេក្វាទ័រ និង ប៉េ​រូ​គឺជា​មន្ត្រី គាំទ្រ​ចលនា​ឯករាជ្យភាព មកពី​កងទ័ព​អាណានិគម រួម​ជាមួយនឹង​បញ្ញវ័ន្ត និង​ពួក​អ្នក ស្នេហា​ជាតិ​អេក្វាទ័រ បាន​បង្កើត​រដ្ឋបាល​ជុន​តា របស់​ពួកគេ ហើយ​បង្កើត​កងទ័ព ក្នុង​បំណង​ការពារ​ទីក្រុង​នេះ កុំឱ្យ​ធ្លាក់​ក្នុង​កណ្តា​ម​ដៃ​អេ​ស្ប៉ា​ញ​វិញ និង​អនុវត្ត​ចលនា ឯករាជ្យភាព​ទៅ​ខេត្ត​ផ្សេងៗ​ទៀត ទូទាំងប្រទេស ។

​ស្របពេល​ជាមួយគ្នា​នោះ ជំនោរ​សង្គ្រាម ដើម្បី​ឯករាជ្យ​នៅ​អាមេរិក​ខាងត្បូង​ដឹកនាំ ដោយ​លោក ស៊ី​ម៉ុ​ន បូ​លី​វ៉ា បាន​ជោគជ័យ​លើ​កងទ័ព​អេ​ស្ប៉ា​ញ យ៉ាង​ដាច់ខាត​នៅក្នុង ការប្រយុទ្ធ​នៅឯ​តំបន់ Boyaca នៃ​ប្រទេស​កូ​ឡុំ​ប៊ី (​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​១៨១៩ )​បាន ប្រកាស​ឯករាជ្យភាពរ​បស់ កូ​ឡុំ​ប៊ី ពី​អេ​ស្ប៉ា​ញ ខណៈដែល​លោក អាន់​តូ​នី​ញ៉ូ ចូ​សេ ដឺ សាន់ ម៉ា​ទីន (​មេដឹកនាំ​ដើម្បី​ឯករាជ្យ វ៉េ​ណេ​ស៊ុយ​អេ​ឡា និង កូ​ឡុំ​ប៊ី​) ក៏បាន​បោះជំរុំ កងទ័ព​របស់គាត់​នៅ​ឆ្នេរ​ប៉េ​រូ នា​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​១៩២០​កំពុង​ត្រៀមខ្លួន​បើក យុទ្ធនាការ​កងទ័ព ដើម្បី​ដណ្តើម​ឯករាជ្យភាព​ជូន ប៉េ​រូ ផងដែរ ។

​ចលនា​ឯករាជ្យភាព របស់​ទីក្រុង​វ៉ា​យ៉ា​គី​ល បាន​រីក​សាយភាយ​ទៅ​ដល់ទី​ខេត្ត និង ក្រុង​ដទៃទៀត​យ៉ាង​ឆាប់រហ័ស ។ ខេត្ត Portoviejo បានប្រកាស​ឯ​រាជ្យ​ភាព​របស់ខ្លួន នៅ​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ​១៨២០ ចំណែក​ខេត្ត Cuenca ដែលជា​មណ្ឌល​សេដ្ឋកិច្ច នៅ​ដែនដី​ភាគខាងត្បូង​នោះ បានប្រកាស​ឯករាជ្យរ​បស់​ខ្លួន នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​១៨២០ នោះដែរ ។ ខេត្ត Latacunga និង​ខេត្ត Riobamba បានប្រកាស​ឯករាជ្យ របស់ខ្លួន នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ហើយ​ខេត្ត Ambato បានប្រកាស​ឯករាជ្យ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​១៨២០ ។ ទិដ្ឋភាព​ទាំងនេះ គឺ​ត្រូវបាន​រៀបចំឡើង សម្រាប់​សេរីភាព នៃ​ទីក្រុង​គី​តូ ។​

​កងទ័ព​ដែល​នៅ​ការពារ​ទីក្រុង​គី​តូ មាន​បេសកកម្ម អូសទាញ ទីក្រុង Guaranda និង​ទីក្រុង Ambato ឱ្យ​ចូលរួម​ក្នុង​ចលនា​ដើម្បី​ឯករាជ្យភាព​ដើម្បី​កាត់ផ្តាច់​ផ្លូវ​ទំនាក់ ទំនង​រវាង​ទីក្រុង​គី​តូ និង​ទីក្រុង​វ៉ា​យ៉ា​គី​ល និង​ខេត្ត Cuenca ដើម្បី​បង្កា​ចលនា​រាជានិយម (​ដែល​ចំណុះ អាណានិគម​អេ​ស្ប៉ា​ញ ) ណាមួយ មកពី​ទិស​ខាងជើង ។​

​ដូច្នេះ​គិត​ត្រឹម​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​១៨២០ នោះ អំណាច ឬ ការត្រួតត្រា​របស់ អេ​ស្ប៉ា​ញ ទៅលើ​ទីក្រុង​គី​តូ និង​តំបន់​ជុំវិញ​នោះ ត្រូវបាន​កាត់បន្ថយ​យ៉ាងច្រើន ដែល​ប្រការ​នោះ មើលទៅ​ហាក់ដូចជា​ថា សេរីភាព នៃ​ទឹកដី​ទាំងមូល​ទំនង​អាច​នឹង ទទួលបាន ដោយ​ស្រួល​ជាង​ការ​គិតទុក ។

ឯករាជ្យភាព​អេក្វាទ័រ រលត់​
មិនយូរប៉ុន្មាន​ផង កងទ័ព​អេ​ស្ប៉ា​ញ ៥.០០០ នាក់ បានដាក់​ពង្រាយ​តទល់​នឹង​កងទ័ព អ្នកស្នេហាជាតិ ២.០០០ នាក់ នៅ​ខេត្ត Ambato ។ ការប្រយុទ្ធ​នៅ​តំបន់ Huachi នា​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​១៨២០ កងទ័ព​រាជានិយម (​ក្រោម​អំណាច​អេ​ស្ប៉ា​ញ​)​បាន​បំបាក់ កងទ័ព​ចលនា​ឯករាជ្យ​យ៉ាងដំណំ ។ កងទ័ព​អេ​ស្ប៉ា​ញ បាន​បន្ត​រុលទៅមុខ​ឆ្ពោះទៅ​ទិស ខាងត្បូង ដណ្តើម​កាន់កាប់​យក​វិញ​នូវ​ទីក្រុង និង​ខេត្ត​សំខាន់ៗ នៅតាម​ផ្លូវ ហើយ​ខេត្ត Cuenca ត្រូវបាន​កងទ័ព​អេ​ស្ប៉ា​ញ ដណ្តើម​កាន់កាប់​យកបាន​វិញ នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ ១៨២០ ។

​កងទ័ព​នៅ​ទីក្រុង​វ៉ា​យ៉ា​គី​ល បាន​បញ្ចូល​គ្នា​ជាមួយ​កងទ័ព​ដែល​នៅ​សេសសល់​ពី​តំបន់ Huachi ហើយ​បង្កើតជា​ចលនា​ឧទ្ទាម ប្រឆាំង​កងទ័ព​រាជានិយម ប៉ុន្តែ​ពួក​ឧទ្ទាម​នោះ បាន​រង​បរាជ័យ​យ៉ាងដំណំ និង​ត្រូវបាន​ពួនស្ទាក់​សម្លាប់ យ៉ាង​រង្គាល​នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​១៨២១ នៅ​តំបន់ Tanizagua​។ មេបញ្ជាការ​ឧទ្ទាម ត្រូវបាន​កាត់​ក្បាល​បញ្ជូនទៅ​ទី ក្រុង​គី​តូ បង្ហាញ​មហាជន ជាការ​ព្រមាន​ដល់​ការបះបោរ ។ ចលនា​ដើម្បី​ឯករាជ្យ ត្រូវបាន​កម្ទេច ។​

ការប្រយុទ្ធ នៅ Huachi លើក​ទី ២
នៅ​ខែកុម្ភៈ ឆ្នាំ​១៨២១ នោះ ជំនួយ​ពីរ​បរទេស ដែល​ហាក់ដូចជា​យឺត​ពេល​បន្តិច​ទៅ ហើយ​នោះ ប្រធាន​ធិបតី​កូ​ឡុំ​ប៊ី ស៊ី​ម៉ុ​ន បូ​លី​វ៉ា បាន​បញ្ជូន​ឧ​ត្ត​ម​សេនីយ៍ José Mires និង អាវុធ​រាប់ពាន់​ដើម ទៅ​ជួយ​ចលនា​ឯករាជ្យ នៅ​ទីក្រុង​គី​តូ ។ ឧ​ត្ត​ម​សេនីយ៍ José Mires បាន​បង្ហាត់​ដល់​ពួក​អ្នក​ទាមទារ​ឯករាជ្យ និង​បាន​ជូនដំណឹង​ទៅ​ក្រុង​វ៉ា​យ៉ា​គី​ល​ថា លោក ស៊ី​ម៉ុ​ន បូ​លី​វ៉ា នឹង​បើក​យុទ្ធនាការ​កងទ័ព ពី​ទិស​ខាងជើង ក្នុងពេល​ដំណាលគ្នា​ផងដែរ ។ ពេលនោះ​ក៏មាន​ចលនា​សំខាន់​ជាច្រើន​ទៀត ដែល​ប្រាថ្នា​ឯករាជ្យ មាន​លោក ស៊ូ​ក្រេ និង លោក អាយ​ម៉េ​រិច ជាដើម ។​

​កងទ័ព​របស់លោក ស៊ូ​ក្រេ បាន​ដណ្តើម​កាន់កាប់​បាន​ខេត្ត Guaranda នៅ​ថ្ងៃទី​២ ខែ កញ្ញា ឆ្នាំ​១៨២១ ។ នៅ​ថ្ងៃទី​១២ កញ្ញា ឆ្នាំ​១៨២១ ការប្រយុទ្ធ​គ្នា រវាង​កងទ័ព​ដើម្បី ឯករាជ្យ អេក្វាទ័រ និង​កងទ័ព​ចលនា​ផ្សងៗ មាន​កងទ័ព​លោក ស៊ី​ម៉ុ​ន បូ​លី​វ៉ា និង​លោក ស៊ូ​ក្រេ ជាដើម ទីបំផុត បាន​ផ្តួលរំលំ​កងទ័ព​រាជានិយម​គាំទ្រ​ដោយ​កងទ័ព​អាណា និគម​អេ​ស្ប៉ា​ញ និង បានបញ្ចប់​សង្គ្រាម នៅ​ទីក្រុង​គូ​តូ នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​១៨២២ ហើយ​ប្រកាស​ឯករាជ្យភាព​របស់​អេក្វាទ័រ ដោយ​ជោគជ័យ​ជា​ស្ថាពរ ។​

​ទោះយ៉ាងណា រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អេក្វាទ័រ ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ ពួកគេ នៅ​ថ្ងៃទី​១០ ខែសីហា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​រើបម្រះ និង​ប្រកាស​ឯករាជ្យ ភាព​របស់​ពួកគេ ជា​លើកដំបូង នៅ​ទីក្រុង​គី​តូ កាលពី​ឆ្នាំ​១៨០៩ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​