ទិវា​ឯករាជ្យ​ជាតិ អ៊ុយ​រូ​ហ្កា​យ​

299

(​ភ្នំពេញ)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អ៊ុយ​រូ​ហ្កា​យ ប្រារព្ធ ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី ២៥ ខែ សីហា ដើម្បី​រំលឹក ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជ្យ​ពី​ប្រេ​ស៊ី​ល កាលពី​ឆ្នាំ ១៨២៥ ។

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ អ៊ុយ​រូ​ហ្កា​យ មាន​ផ្ទៃដី ១៧៦.០០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ទ្វីបអាមេរិក ខាងត្បូង មាន​ព្រំដែន​ជាប់​នឹង​ប្រទេស អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល និង មហាសាគរ អា​ត្ល​ង់​ទិ​ក ។ ឆ្នាំ ២០១៦ មាន​ប្រជាពលរដ្ឋ​ជាង បី លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត រដ្ឋធានី គឺ​ទីក្រុង ម៉ុង​តេ​វីដេអូ ភាសាផ្លូវការ​គឺ​ភាសា អេ​ស្ប៉ា​ញ ។​

​ប្រវត្តិសាស្ត្រ
​ជនជាតិ ព័រទុយហ្កាល់ បាន​រកឃើញ​តំបន់​ដែលជា​ប្រទេស អ៊ុយ​រូ​ហ្កា​យ បច្ចុប្បន្ន នៅ​ឆ្នាំ ១៥១២ ។ បន្ទាប់មក​នៅ​ឆ្នាំ ១៥១៦ ពួក អេ​ស្ប៉ា​ញ ក៏បាន​ទៅដល់​តំបន់​នោះដែរ ក្នុង​គោលបំណង ពង្រីក ដែន​ពាណិជ្ជកម្ម និង ផ្សព្វផ្សាយ​សាសនា​គ្រិស្ត និកាយ កាតូលិក ។​

​កុលសម្ព័ន្ធ Charrúa ដែលជា​អ្នកស្រុក​នៅ​តំបន់​នោះ បាន​តស៊ូ​យ៉ាង​ប្តូរផ្តាច់​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ពួក មហាអំណាច​អឺរ៉ុប​ទាំងពីរ គឺ ព័រទុយហ្កាល់ និង អេ​ស្ប៉ា​ញ ប៉ុន្តែ​មិនអាច​ទប់ទល់​បានឡើយ ។ ទោះយ៉ាងណា គោលបំណង​ធំ នៃ​ការឈ្លានពាន​នោះ គឺ​ដើម្បី​រុករ​កមាស និង ប្រាក់ ។ ដូច្នេះ​ខណៈដែល​ពួកគេ​រក​មិនឃើញ វត្តមាន រ៉ែ មាស និង រ៉ែ ប្រាក់ ទើប​ពួក​ឈ្លានពាន​បាន​បោះទីតាំង នៅ​ទីនោះ​មិនសូវ មាំទាំ​ឡើយ​នៅ​អំឡុង សតវត្សរ៍​ទី ១៦ និង ទី ១៧ ។

​ឆ្នាំ ១៦០៣ អេ​ស្ប៉ា​ញ បានចាប់ផ្តើម​នាំចូល​ទៅ​តំបន់​នោះ​នូវ​បសុសត្វ (​គោ ក្របី និង ចៀម ជាដើម ) ហើយ​បសុសត្វ​ទាំងនោះ ក៏បាន​ក្លាយជា​ប្រភព នៃ ទ្រព្យសម្បត្តិ​ដ៏​សំខាន់​នៅ​តំបន់​នោះ ។ ជនជាតិ អេ​ស្ប៉ា​ញ បាន​បោះទីតាំង​អចិន្ត្រៃយ៍ គឺ​នៅ​ឆ្នាំ ១៦៤២ នៅ​តំបន់ Soriano នា​ដង​ទន្លេ Río Negro ។
​បន្ទាប់ពី​បាន​ចូល​ត្រួតត្រា​ប្រទេស ប្រេ​ស៊ី​ល នៅ​ឆ្នាំ ១៦៦៩-១៦៧១ ជនជាតិ ព័រទុយហ្កាល់ បាន​សាងសង់​បន្ទាយ​កងទ័ព​នៅ​តំបន់ Colonia del Sacramento ។​ប្រការនេះ​ធ្វើឱ្យ អេ​ស្ប៉ា​ញ មាន​ក្តីបារម្ភ ទើប អេ​ស្ប៉ា​ញ បន្ថែម​តំបន់​ត្រួតត្រា​របស់ខ្លួន ដើម្បី​ទប់​ការរីក​សាយ នៃ អំណាច ព័រទុយហ្កាល់ ពី​ព្រំប្រទល់​របស់ ប្រេ​ស៊ី​ល ។ ទំនាស់ អេ​ស្ប៉ា​ញ និង ព័រទុយហ្កាល់ បាន​រីក​កាន់តែ​ធំ​ឡើង​ជុំវិញ​តំបន់​ល្អាង ផ្លា​ទីន ។ ជា​យុទ្ធសាស្ត្រ​កងទ័ព អេ​ស្ប៉ា​ញ បាន​កសាង​ទីក្រុង ម៉ុង​តេ​វីដេអូ សម្រាប់​ធ្វើជា​ទីបញ្ជាការ​កងទ័ព នៅ​តំបន់​នោះ ។

​រង្គោះរង្គើ​អំណាចកណ្តាល​
​ការដណ្តើម​គ្នា​កាន់កាប់ កោះ Ibrian បាន​ផ្ទុះ​ជា​សង្គ្រាម​ឧបទ្វីប ឬ សង្គ្រាម ណាប៉ូឡេអុង (១៨០៧-១៨១៤) រវាង អេ​ស្ប៉ា​ញ ព័រទុយហ្កាល់ អង់គ្លេស និង បារាំង ។ នៅ​ឆ្នាំ ១៨០៦ និង ១៨០៧ កងទ័ព អង់គ្លេស ប៉ុនប៉ង​កាន់កាប់​ទីក្រុង ប៊ុ​យ​ណូ​ស៊ែ​រ៍ របស់​អេ​ស្ប៉ា​ញ និង ទីក្រុង ម៉ុង​តេ​វីដេអូ ហើយ​ទីក្រុង ម៉ុង​តេ​វីដេអូ ត្រូវបាន​កងទ័ព​អង់គ្លេស​កាន់កាប់​នៅ​ខែ កុម្ភៈ ឆ្នាំ ១៨០៧ នោះឯង ។

​កងទ័ព បារាំង របស់ ណាប៉ូឡេអុង បាន​ចូល​លុយ​កលុយ មហាអំណាច អេ​ស្ប៉ា​ញ ហើយ ស្តេច ឆា​លស៍ ទី ៤ របស់ អេ​ស្ប៉ា​ញ ត្រូវបាន​បង្ខំ​ឱ្យ​ដាក់រាជ្យ នៅ​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ១៨០៨ ។ ស្តេច ឆា​លស៍ បាន​សំណូមពរ​ឱ្យ​លើក​ព្រះអង្គម្ចាស់ ហ្វឺ​ណាន់​ដូ ទី ៧ (​ដែលជា​បុត្រ​របស់​ព្រះអង្គ​) ឱ្យ​ស្នងរាជ្យ ។ ប៉ុន្តែ ណាប៉ូឡេអុង បែរជា​លើក​ប្អូនប្រុស​របស់ខ្លួន ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ ឱ្យធ្វើជា​ស្តេច​គ្រងរាជ្យ​នៅ​ប្រទេស អេ​ស្ប៉ា​ញ ទៅវិញ បណ្តាលឱ្យមាន​ការប្រឆាំង​តវ៉ា​ជា​បន្តបន្ទាប់ ។

​ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ១៨១០ ក៏មាន​បដិវត្តន៍​ប្រឆាំងនឹង​រាជការ​របស់​ស្តេច ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ ហើយ​បង្កើតបានជា​រដ្ឋាភិបាល ជុន​តា កំពូល នៅ​ទីក្រុង ប៊ុ​យ​ណូ​ស៊ែ​រ៍ តាមរយៈ​ការផ្តួលរំលំ​របប អនុ​រាជ្យ (​ស្តេច​ចំណុះ​) Baltasar Hidalgo de Cisneros ដែល​ក្រោម​អំណាច​របស់​ស្តេច ចូ​សេ​ហ្វ បូ​ណា​ប៉ាត៍ ។ ប្រការនេះ​បានសេចក្តីថា អំណាចកណ្តាល​របស់ អេ​ស្ប៉ា​ញ បាន​រាយប៉ាយ ឬ បែកបាក់ មិន​រឹងមាំ​ដូច​ពីមុន​ទៀតឡើយ ។​

​ចលនា​ឯករាជ្យ​
​ឆ្នាំ ១៨១១ ជនជាតិ អ៊ុយ​រូ​ហ្កា​យ ម្នាក់ លោក ចូ​សេ ហ្សឺ​វា​ស្យូ អាទិ​កាស​បាន​បើក​យុទ្ធ​នាយ​ការ​កងទ័ព ប្រឆាំងនឹង​ការ​ត្រួ​ត្រា​របស់ អេ​ស្ប៉ា​ញ ហើយ​ទីបំផុត​បាន​យកឈ្នះ​កងទ័ព អេ​ស្ប៉ា​ញ នៅ​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ១៨១១ នោះ ។ នៅ​ឆ្នាំ ១៨១៣ រដ្ឋាភិបាល​ថ្មី នៃ ទីក្រុង ប៊ុ​យ​ណូ​ស៊ែ​រ៍ របស់ អេ​ស្ប៉ា​ញ បាន​កោះប្រជុំ​សភា ធម្មនុញ្ញ ដែល​នៅ​ទីនោះ លោក អាទិ​កាស បានក្លាយ​ជា​វិ​រ​ជន ហើយ​បានទាមទារ​រក​សិទ្ធិ​ស្វ័យភាព ផ្នែក​នយោបាយ និង សេដ្ឋកិច្ច នៃ តំបន់​នានា ជាពិសេស Banda Oriental នៃ អ៊ុយ​រូ​ហ្កា​យ ។ ប៉ុន្តែ សភា ប៊ុ​យ​ណូ​ស៊ែ​រ៍ បដិសេធ ។ ដោយហេតុ​នោះ លោក អាទិ​កាស បាន​បំបែក​ខ្លួន​ចេញពី​រដ្ឋាភិបាល ប៊ុ​យ​ណូ​ស៊ែ​រ៍ ហើយ​បាន​ទៅ​ឡោម​ព័​ទ​ទីក្រុង ម៉ុង​តេ​វីដេអូ និង បាន​កាន់កាប់​ទីក្រុង​នោះ​នៅ​ដើមឆ្នាំ ១៨១៥ ។ កងទ័ព រដ្ឋាភិបាល ប៊ុ​យ​ណូ​ស៊ែ​រ៍ បាន​ដក​ចេញពី​ទីក្រុង​នោះ ហើយ​តំបន់ Banda Oriental បាន​បង្កើត​រដ្ឋាភិបាល ស្វយ័ត​របស់ខ្លួន​ជា​លើកដំបូង ។ លោក អាទិ​កាស បាន​បង្កើត សហព័ន្ធ មួយ​ក្រោម​កិច្ចការពារ​របស់គាត់ ដែលមាន​ខេត្ត​ចំនួន ៦ (​ក្រោយមក​មាន​ខេត្ត ៤ បាន​ក្លាយជា​ទឹកដី អា​ហ្ស​ង់​ទីន​) ។​

ធ្លាក់ចូល​ដៃ​ព័រទុយហ្កាល់​
​នៅ​ឆ្នាំ ១៨១៦ កងទ័ព ព័រទុយហ្កាល់ ដែល​កំពុង​ត្រួ​ត្រា​ប្រទេស ប្រេ​ស៊ី​ល បាន​ចូល​ឈ្លានពាន​តំបន់ Banda Oriental របស់លោក អាទិ​កាស ហើយ​បាន​កាន់កាប់​ទីក្រុង ម៉ុង​តេ​វីដេអូ នៅ​ខែ មករា ឆ្នាំ ១៨១៧ ។ សង្គ្រាម​នៅតែ​បន្ត​រហូត​បួន​ឆ្នាំ​ទៀត ទើប ប្រេ​ស៊ី​ល របស់ ព័រទុយហ្កាល់ បានដាក់​បញ្ចូល អ៊ុយ​រូ​ហ្កា​យ ថា​ជា​ផ្នែក​មួយ នៃ ទឹកដី​របស់ខ្លួន ដែល​បញ្ចូល​ក្នុង​ខេត្ត Cisplatina របស់ ប្រេ​ស៊ី​ល ។ នៅ​ឆ្នាំ ១៨២២ ប្រេ​ស៊ី​ល ទទួលបាន​ឯករាជ្យ ពី ព័រទុយហ្កាល់ ។ រដ្ឋាភិបាល Banda Oriental ដឹកនាំ​ដោយ​លោក ហ្សួ​ន អាន់​តូ​នី​ញ៉ូ ឡា​វ៉ា​ឡេ​ចា បានប្រកាស​ឯករាជភាព​របស់ខ្លួន​ពី ប្រេ​ស៊ី​ល នៅ​ថ្ងៃទី ២៥ ខែ ឆ្នាំ ១៨២៥ ដែរ​ដោយមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ខេត្ត​រួបរួម រី​អូ ដឺ ឡា ផ្លា​តា (​បច្ចុប្បន្ន គឺ​ប្រទេស អា​ហ្ស​ង់​ទីន ) ។ ប្រការនេះ​បណ្តាលឱ្យមាន​សង្គ្រាម​ផ្ទុះឡើង​រវាង ប្រេ​ស៊ី​ល និង ពី​រដ្ឋាភិបាល​ខេត្ត​រួបរួម រី​អូ ដឺ ឡា ផ្លា​តា ។ សង្គ្រាម​នេះ​មាន​អាយុកាល​ប្រាំ​រយ​ថ្ងៃ​គត់ ក៏​នៅតែ​មិនទាន់​ឃើញ​ភាគី​ណា​មានប្រៀប​ជាង​ភាគី​ណា ឡើយ ។ ​ចក្រភព​អង់គ្លេស ដែលជា​មហាអំណាច​មួយ​ដែរនោះ បាន​ផ្តួចផ្តើម​សម្រុះសម្រួល​ឱ្យមាន​សន្ធិសញ្ញា មួយ​នៅ​ទីក្រុង ម៉ុង​តេ​វីដេអូ នៅ​ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ១៨២៨ ក៏បាន​ទទួលស្គាល់​នូវ​ឯករាជភាព អ៊ុយ​រូ​ហ្កា​យ ។

​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អ៊ុយ​រុយ​ហ្កា​យ នៅតែ​ចាត់ទុកថា ថ្ងៃទី ២៥ ខែ ឆ្នាំ ១៨២៥ ដែល​ពួកគេ​បាន ប្រកាស​ឯករាជ្យ​ពី ប្រេ​ស៊ី​ល នោះ​ថា​ជា​ថ្ងៃ​ឯករាជ្យ​របស់​ពួកគេ​ទើប​ពួកគេ​ប្រារព្ធ ទិវា​ឯករាជ្យ​ជាតិ​នៅ​ថ្ងៃទី ២៥ ខែ សីហា រហូតមក ៕ ​ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

​រូបសំណាក​លោក ហ្សួ​ន អាន់​តូ​នី​ញ៉ូ ឡា​វ៉ា​ឡេ​ចា អ្នកដឹកនាំ​ឯករាជ្យ អ៊ុយ​រូ​ហ្កា​យ ពី ប្រេ​ស៊ី​ល (​អ៊ុយ​រូ​ហ្កា​យ ១)
​ទីក្រុង ម៉ុង​តេ​វីដេអូ​ន នៃ ប្រទេស អ៊ុយ​រូ​ហ្កា​យ (​អ៊ុយ​រូ​ហ្កា​យ ២)