ទិវា​ឯករាជ្យ​ជាតិ អ៊ុយ​ក្រែ​ន​

2545
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី​២៤ ខែសីហា ដើម្បី​រំឭក​ដល់​ថ្ងែ​ដែល​រដ្ឋសភា​របស់​ពួកគេ អនុម័ត​ច្បាប់​ប្រកាស​ឯករាជ្យភាព​របស់​ខ្លួន ពី​រុស្ស៊ី កាលពី​ឆ្នាំ​១៩៩១ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ប្រទេស​អ៊ុយ​ក្រែ​ន មាន​ផ្ទៃដី ៦០៣.៦២៨ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អឺរ៉ុប​ខាងកើត មាន​ព្រំដែន ជាប់​ប្រទេស​រុស្ស៊ី ប៉ូឡូញ បេឡា​រូស រ៉ូ​ម៉ា​នី ម៉ុ​ល​ដូ​វី ហុង​គ្រី និង ស្លូ​វ៉ា​គី ។ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ៤៤ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ គឺ​ភាសា​អ៊ុយ​ក្រែ​ន រដ្ឋធានី គឺ​ទីក្រុង​គៀវ ។

​ប្រវត្តិសាស្ត្រ​
​នៅ​អំឡុង​ទសវត្សរ៍ ៣៧០ ទឹកដី​អ៊ុយ​ក្រែ​ន ស្ថិតក្រោម​ការត្រួតត្រារ​បស់​កុលសម្ព័ន្ធ​ជនជាតិ ហ៊ុន (Huns= ហុង​គ្រី​)​។ លុះដល់​សតវត្សរ៍​ទី​៧ ទឹកដី​នេះ​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់ មហា​អាណាចក្រ​ប៊ុលហ្គារី​។ នៅ​ចុង​សតវត្សរ៍​នោះ ទឹកដី​នេះ ស្ថិតក្រោម​ការត្រួតត្រារ​បស់ ពួក​ជនជាតិ ខា​ហ្សា (​ពាក់កណ្តាល​ជនជាតិ តួ​ក​គី បុរាណ​) ។​

​សហព័ន្ធ​គៀវ រុស្ស ( Kievan Rus’) ត្រូវបាន​បង្កើត​ដោយ​ពួក​ជនជាតិ​រុស្ស នៅ​អំឡុង​ឆ្នាំ ៨៨០ ។ នៅ​អំឡុង​សតវត្សរ៍​ទី​១០-១១ សហព័ន្ធ​គៀវ រុស្ស (​បច្ចុប្បន្ន​គឺ​ជនជាតិ​បេឡា​រូស អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​) បាន​ក្លាយជា​រដ្ឋ​ដ៏​ធំ​បំផុត និង​មានអំណាច​បំផុត​នៅ​អឺរ៉ុប​។ ចាប់ពី​ឆ្នាំ ៩៨០-១០១៥ គឺជា​យុគមាស នៃ​សហព័ន្ធ​គៀវ រុស្ស ។ នៅ​ឆ្នាំ​១២៤០ សហព័ន្ធ​គៀវ រុស្ស ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង ដោយសារ​ការឈ្លានពាន​របស់​ជនជាតិ​ម៉ុង​ហ្គោល ។ នៅ​ឆ្នាំ ១៥៦៩ ទឹកដី​នេះ បាន​ក្លាយជា​ទឹកដី នៃ​អាណាចក្រ​ប៉ូឡូញ និង​ដោយសារ​អំណាច​របស់ ប៉ូឡូញ​។​

​ចាប់ពី​១៦៥៧-១៦៨៦ ពួក​ជនជាតិ​រុស្ស៊ី ជនជាតិ​ប៉ូឡូញ ជនជាតិ​តួ​ក​គី និង​ពួក​កូ​ស្សាកស៍ បាន​ច្បាំង​គ្នា​ដណ្តើម​ត្រួតត្រា​ទឹកដី​អ៊ុយ​ក្រែ​ន ដែល​ទីបំផុត សង្គ្រាម​បានបញ្ចប់ ដោយ​ពួក​ជនជាតិ រុស្ស៊ី និង​ជនជាតិ​ប៉ូឡូញ ពុះ​ចែកគ្នា​នូវ​ទឹកដី​អ៊ុយ​ក្រែ​ន​។ នៅ​ឆ្នាំ​១៧៧៥ រុស្ស៊ី ដណ្តើម​ត្រួតត្រា ទាំងស្រុង លើ​ទឹកដី​អ៊ុយ​ក្រែ​ន ។ ពី​ឆ្នាំ​១៧៩៥ ទឹកដី​អ៊ុយ​ក្រែ​ន ត្រូវបាន រុស្ស៊ី និង អូទ្រីស ពុះ​ចែកគ្នា ។​

​សតវត្សរ៍​ទី​១៩ ទឹកដី អ៊ុយ​ក្រែ​ន បាន​ក្លាយជា​តំបន់​ជនបទ​ដ៏​ខ្សត់​ក្រ ដែល​ត្រូវបាន រុស្ស៊ី និង អូទ្រីស ទុកចោល​យ៉ាង​ឥត​អើពើ ។ ពេលនោះ​ពួក​វណ្ណៈ​ស​ង្គ​ជាតិនិយម អ៊ុយ​ក្រែ​ន បាន​ប្តេជ្ញា​បង្កើត​ប្រទេស​របស់​ពួកគេ​ឡើងវិញ​។ នៅក្នុង​សង្គ្រាមលោកលើកទី​១ ជនជាតិ​អ៊ុយ​ក្រែ​ន ៣,៥ លាន​នាក់ បាន​ចូល​ប្រយុទ្ធ​ក្នុង​សង្គ្រាម​នោះ ឈរ​ខាង​ប្រទេស​រុស្ស៊ី ហើយ​២៥០.០០០ នាក់ ចូល​ប្រយុទ្ធ​នៅ​ខាង​អូទ្រីស​។ ចាប់ពីពេលនោះ​មក អ៊ុយ​ក្រែ​ន បាន​ក្លាយជា​តំបន់​គ្រឹះស្ថានវិទ្យាសាស្ត្រ និង​ផលិត​សព្វាវុធ​ដ៏​សំខាន់​របស់​រុស្ស៊ី ។​

​នៅ​ឆ្នាំ​១៨៦៧ (​ដល់​ឆ្នាំ​១៩១៨) អាជ្ញាធរ​កងទ័ព​ចម្រុះ អូទ្រីស​-​ហុង​គ្រី ត្រូវបាន​បង្កើតឡើង សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​អាណាចក្រ​រុស្ស៊ី ។ ប៉ុន្តែ​ដោយសារ​អំណាចកណ្តាល​របស់​អូទ្រីស និង​ហុង​គ្រី បាន​ដួលរលំ​ទៅ នៅ​ឆ្នាំ​១៩១៩ (​ដល់​ឆ្នាំ​១៩២៣) អាជ្ញាធរ​កងទ័ព​ចម្រុះ អូទ្រីស​-​ហុង​គ្រី នេះ ក៏បាន​ក្លាយជា​កងទ័ព​អ៊ុយ​ក្រែ​ន ហ្កា​លី​ស៊ី ឬ​កងទ័ព​សាធារណរដ្ឋ ជាតិ​អ៊ុយ​ក្រែ​ន​ខាងលិច ។ កងទ័ព​ទាំងនេះ​បានធ្វើ​សង្គ្រាម​ប្រឆាំង​ពួក​ប៊ុល​សេ​វិក សូ​វៀត និង​ប៉ូឡូញ ដើម្បី​ដណ្តើម​កាន់កាប់​តំបន់ Eastern Galicia ដែលជា​អតីត​ទឹកដី​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ពួក​គ​បាន​បរាជ័យ ។​

ការលេចឡើង នៃ​រដ្ឋ​អ៊ុយ​ក្រែ​ន​នានា
​សង្គ្រាមលោកលើកទី​១ (១៩១៤-១៩១៨) បានធ្វើឱ្យ​ភាគី​ទាំងសងខាង ខ្ទេចខ្ទាំ​យ៉ាងខ្លាំង​។ បដិវត្តន៍​រុស្ស៊ី បាន​ផ្ទុះឡើង ចាប់ពី​ថ្ងៃទី​៨ ខែមីនា ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩១៧ បាន​ផ្តួលរំលំ របបរាជានិយម នៅ​រុស្ស៊ី ហើយ​បង្កើតបានជា​សហភាពសូវៀត​របស់​ពួក​បុល​សេ​វិក ហើយ​បន្ត ដោយ​សង្គ្រាមស៊ីវិល​រុស្ស៊ី ពី​ខែវិច្ឆិកា ឆ្នាំ​១៩១៧ ដល់​ខែតុលា ឆ្នាំ​១៩២២ ដែល​ប្រការនេះ ធ្វើឱ្យ​រុស្ស៊ី ខ្សោះ​ខ្សោយ និង​រវល់​វក់វី​រយ៉ា​ង​ខ្លាំង ។​

​ពេលនោះ ចលនា​ជាតិនិយម របស់​អ៊ុយ​ក្រែ​ន ដើម្បី​សម្រេច​វាសនា​ខ្លួន ក៏បាន​លេចមុខ​ឡើង វិញទៀត ជាមួយនឹង​ឥទ្ធិពល​យ៉ាងខ្លាំង​ក្លា ពី​ពួក​កុ​ម្មុយ​និ​ស្ត និង​ពួក​សង្គមនិយម ។ ពេលនោះ ក៏មាន​លេចឡើង​នូវ​រដ្ឋ​អ៊ុយ​ក្រែ​ន​ជាច្រើន ប៉ុន្តែ​ត្រូវបាន​ទទួលស្គាល់​ពី​អន្តរជាតិ​តែ​អ៊ុយ​ក្រែ​ន មួយគត់​នោះ​គឺ សាធារណរដ្ឋ​ប្រជាមានិត​អ៊ុយ​ក្រែ​ន (​ដែលជា​បុ​ព្វា​ធិ​ការី នៃ អ៊ុយ​ក្រែ​ន​ទំនើប ប​ច្ចុ​ប​ប្បន្ន​នេះ​) ត្រូវបាន​ប្រកាស​បង្កើត​ឡើង នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ ១៩១៧ ដែល​កាលណោះ ប្រកាសថា ជា​ផ្នែក​មួយ នៃ​សាធារណរដ្ឋ​រុស្ស៊ី ។

​ប៉ុន្តែ​បន្ទាប់ពី​បដិវត្តន៍​របស់​ពួក​ប៊ុល​សេ​វិក នៅ​ឆ្នាំ​១៩១៧ មក សាធារណរដ្ឋ​ប្រជាមានិត អ៊ុយ​ក្រែ​ន បានប្រកាស​ឯករាជ្យភាព​របស់ខ្លួន នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​១៩១៨ (​សាធារណរដ្ឋ សង្គមនិយម​សូ​វៀត អ៊ុយ​ក្រែ​ន ដែល​គាំទ្រ​ពួក​បុល​សេ​វិក ឬ អ៊ុយ​ក្រែ​ន សូ​វៀត​) ត្រូវបាន បង្កើតឡើង ដោយ​ជោគជ័យ នៅលើ​ទឹកដី​អតីត​អាណាចក្រ​រុស្ស៊ី ខណៈ​សាធារណរដ្ឋ ប្រជាមានិត​អ៊ុយ​ក្រែ​ន ខាងលិច កើតឡើង​បាន​មួយ​ខណៈពេល​ខ្លី នៅលើ​ទឹកដី​អតីត អូទ្រីស​-​ហុង​គ្រី ។

​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​១៩១៩ កិច្ចព្រមព្រៀង​មួយ ត្រូវបាន​ចុះហត្ថលេខា នៅ​ទីក្រុង គៀវ រួបរួម អ៊ុយ​ក្រែ​ន​ទាំងពីរ បង្កើតបានជា​អ៊ុយ​ក្រែ​ន​តែមួយ ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩២២ អ៊ុយ​ក្រែ​ន បាន​ក្លាយជា​ផ្នែក​មួយ​នៃ​សហភាព នៃ​សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត ខណៈ​ទឹកដី​មួយផ្នែក ធ្លាក់​ទៅក្នុង​ទឹកដី ប៉ូឡូញ ។​

​ឆ្នាំ​១៩២៩ អង្គការ​នយោបាយ (​ដែលមាន​កងទ័ព​) ឈ្មោះ​អង្គការ​អ្នក​ជាតិនិយម អ៊ុយ​ក្រែ​ន ត្រូវបាន​បង្កើតឡើង ដើម្បី​គាំទ្រ​ដល់​ឯករាជ្យភាព​រដ្ឋ អ៊ុយ​ក្រែ​ន ។​

​ស្តា​លីន ដ៏​មហិមា​នៃ​សហភាពសូវៀត បាន​ស្លាប់​នៅ​ឆ្នាំ​១៩៥៣ ហើយ នី​គិ​តា គ្រូ​ឆេវ បានក្លាយ ជា​អ្នកដឹកនាំ​ថ្មី រប​ស់ហភាពសូវៀត បាន​បង្កើត​មិត្តភាព​ជាមួយ អ៊ុយ​ក្រែ​ន ។ នៅ​ឆ្នាំ ១៩៥៤ តំបន់​គ្រី​មា ត្រូវបាន​ផ្ទេរ​ពី​រុស្ស៊ី​សូ​វៀត ទៅឱ្យ អ៊ុយ​ក្រែ​ន សូ​វៀត វិញ ។

​ចាប់ពី​ឆ្នាំ​១៩៥០ មក អ៊ុយ​ក្រែ​ន សូ​វៀត បាន​ក្លាយជា​ប្រទេស ឈានមុខ​គេ ក្នុង​វិស័យ​ផលិតផល ឧស្សាហកម្ម និង​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់ នៃ ឩ​ស្សា​ហ​កម្ម​សព្វាវុធ និង​ការស្រាវជ្រាវ​បច្ចេកវិជ្ជា ជាន់ខ្ពស់ នៅ​អឺរ៉ុប ។​

​ប្រកាស​ឯករាជ្យភាព អ៊ុយ​ក្រែ​ន
​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​១៩៩១ (​ជា​ឆ្នាំ​នៃ​ការដួលរលំ របស់​សហភាពសូវៀត ដោយសារតែ​ខ្សោះ​ខ្សោយ បន្ទាប់ពី​ចាញ់​សង្គ្រាមត្រជាក់ តទល់​នឹង​សហរដ្ឋអាមេរិក តាំងពី​ឆ្នាំ​១៩៤៥ មក ) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ឡេ​អូ​និ​ដ ក្រាវ​ឈុ​ក ( Leonid Kravchuk ) និង ប្រធានាធិបតី​សហព័ន្ធរុស្ស៊ី បូរី​ស យ៉ែ​ល​ស៊ីន ( Boris Yeltsin ) បាន​ចុះហត្ថលេខា​បំបែក​រដ្ឋ អ៊ុយ​ក្រែ​ន ចេញពី​សហព័ន្ធរុស្ស៊ី ។​

​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​១៩៩០ សភា​បានទទួល​ស្គាល់​នូវ​ការប្រកាស​អធិបតេយ្យភាព ដែនដី របស់​រដ្ឋ​អ៊ុយ​ក្រែ​ន ដែល​ប្រការនេះ បាន​បង្កើត​នូវ​សិទ្ធិ​ស្វ័យភាព ប្រជាធិបតេយ្យ និង សិទ្ធិ​អាទិភាព​របស់​ច្បាប់​អ៊ុយ​ក្រែ​ន លើ​ច្បាប់​របស់​សូ​វៀត ។ មួយខែ​មុននេះ សេចក្តីប្រកាស ស្រដៀង​គ្នា​នេះ ត្រូវបាន​ទទួលស្គាល់ ដោយ​សភា​សហព័ន្ធរុស្ស៊ី ដែល​ប្រការនេះ បានចាប់ផ្តើម នូវ​ការប្រឈមមុខ​ដាក់គ្នា នៅក្នុង​អាជ្ញាធរកណ្តាល​របស់​សូ​វៀត​។ នៅ​ខែសីហា ឆ្នាំ ១៩៩១ នៅក្នុង​បក្សកុម្មុយនិស្ត​សូ​វៀត មានបំណង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ លោក មី​ខាល ហ្គោ​បា​ឆូវ ចេញពី​តំណែង ប៉ុន្តែ​បាន​បរាជ័យ ។ ដោយហេតុ​នោះ នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ ១៩៩១ ដដែល​នោះ សភា​អ៊ុយ​ក្រែ​ន បានអនុម័ត​សេចក្តីប្រកាស​ឯករាជ្យភាព​របស់ខ្លួន​។ គឺ​ថ្ងៃ​នោះឯង ហើយ ដែល​បាន​ក្លាយជា​ទិវា​ឯករាជ្យ​ជាតិ របស់​អ៊ុយ​ក្រែ​ន រហូតមកដល់​សព្វថ្ងៃ ។​

​ការបោះឆ្នោត​ប្រជាមតិ និង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​១៩៩១ ។ សំឡេងឆ្នោត​ជាង ៩០ ភាគរយ បាន​គាំទ្រ​នូវ​ច្បាប់​ប្រកាស​ឯករាជ្យភាព ដែល​សភា​អ៊ុយ​ក្រែ​ន ទើបតែ​បានសម្រេច កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​១៩៩១ មុននេះ ហើយ​ប្រធានសភា អ៊ុយ​ក្រែ​ន លោក ឡេ​អូ​នី​ដ ក្រា​ឈូ​វ បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី អ៊ុយ​ក្រែ​ន ។

​ជំនួប​ប្រជុំ​នៅ​ទីក្រុង​ប្រេ​ស​ត៍ ប្រទេស​បេឡា​រូស នៅ​ថ្ងៃទី​៨ ខែធ្នូ បន្ទាប់មក​មាន​ជំនួប​ប្រជុំ មួយទៀត នៅ​ទីក្រុង​អាល់​ម៉ា អា​តា នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​១៩៩១ ដដែល​នោះ​មេដឹកនាំ បេឡា​រូស រុស្ស៊ី និង អ៊ុយ​ក្រែ​ន បាន​ព្រមព្រៀងគ្នា​បំបែក សហភាពសូវៀត​ហើយ​បង្កើត​ទៅ ជា​រដ្ឋ​សហ​ធន​ឯករាជ្យ ដែល​ហៅ​កាត់​ថា ( CIS ) ។​

​នៅ​ឆ្នាំ​២០០៤ លោក វិក​ទ័​រ យ៉ា​នូ​កូ​វិច បានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី ប៉ុន្តែ​ពួក​អ្នក​បដិបក្ខ បាន​ផ្ទុះ​ការតវ៉ា រហូត​ឈានដល់​បដិវត្តន៍ ពណ៌​ទឹកក្រូច ដោយ​សន្តិភាព ហើយ​បាន​នាំ​លោក វិក​ទ័​រ យូ​ស​ឆេន​កូ ដែលជា​គូបដិបក្ខ​របស់គាត់ មកកាន់​តំណែង ដោយ​លោក វិក​ទ័​រ យ៉ា​នូ​កូ​វិច ជា​អ្នកប្រឆាំង​វិញ ។

​ទោះយ៉ាងណា រយៈពេល​ប៉ុន្មាន​ទស​ស​ត្ស​រ៍​ចុង​ក្រោយនេះ អ៊ុយ​ក្រែ​ន នៅតែ​បន្ត​មាន​ភាព​រកាំ រ​កូ​ស​ជាមួយ​រុស្ស៊ី មិនសូវ​ដាច់ ហើយ​បច្ចុប្បន្ន ទំនាស់​នៃ​ប្រទេស​ទាំងពីរ​ហាក់​បាន​កើនឡើង កម្តៅ​ខ្លាំង​គួរឱ្យ​បារម្ភ ។ បច្ចុប្បន្ន អ៊ុយ​ក្រែ​ន មាន​អង្គការ​អូតង់ ឬ ណា​តូ ដែលមាន សហរដ្ឋអាមេរិក ជា​មេក្លោង ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ហើយ​ពួក​អ្នក​ទាំងនេះ ពិតជា​ចង់បាន អ៊ុយ​ក្រែ​ន សម្រាប់​ធ្វើជា​យុទ្ធសាស្ត្រ ចូលទៅ​ឱ្យ​កៀក ឬ​ដើម្បី​ឡោមព័ទ្ធ​សហ​ព័​ន្ឌ​រុស្ស៊ី ។​

​តាមពិតទៅ ឥទ្ធិពល​នៃ​សព្វាវុធ និង​កងទ័ព​អ៊ុយ​ក្រែ​ន ពិតជា​មិន​ខ្សោយ​ជាដាច់ខាត ប៉ុន្តែ​មិនទាន់ អាច​ធៀប​ទៅនឹង​មហាអំណាច​រុស្ស៊ី ដ៏​មហិមា​បានឡើយ ដែល​រហូត​ម​ដល់​សព្វថ្ងៃ​សូម្បីតែ សហរដ្ឋអាមេរិក ដែលជា​មហាអំណាច​ផុត​លេខ ក្នុង​លោក ក៏​នៅតែ​ស្រៀវ​ខ្នង​ចំពោះ​រុស្ស៊ី នៅឡើយ​ដែរ ៕ ស្រាវជ្រាវ ប្រែ​សម្រួល​: មេសា​

​ទីក្រុង គៀវ នៃ ប្រទេស អ៊ុយ​ក្រែ​ន ((unkrain 3)
​ក្បួនព្យុហយាត្រា​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​ទិវា​ឯករាជ្យ​ជាតិ (unkrain 1, ukrain 2)
​ក្បួនព្យុហយាត្រា​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​ទិវា​ឯករាជ្យ​ជាតិ (unkrain 1, ukrain 2)