ទិវា​ឯករាជ្យ​ជាតិ ឥណ្ឌា បំបែក​រដ្ឋ ប៉ា​គី​ស្ថាន​

302

​ភ្នំពេញៈ បន្ទាប់ពី​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​អង់គ្លេស ប្រមាណ​ជា​១០០​ឆ្នាំ មក នៅ ថ្ងៃទី ១៥ ខែ សីហា​ឆ្នាំ ១៩៤៧ ឥណ្ឌា ទទួលបាន​ឯករាជភាព​របស់ខ្លួន ប៉ុន្តែ​ស្របពេល​ជាមួយគ្នា​នោះ ក៏​ជា​ពេលដែល​ឥណ្ឌា បាន​បាត់បង់​ទឹកដី និង សមាជិក​ប្រជាពលរដ្ឋ​របស់ខ្លួន​យ៉ាងច្រើន​សន្ធឹក សន្ធាប់​ណាស់ដែរ ដោយសារ​ពួក​ជន មូ​ស្ល៊ី​ម ឥណ្ឌា បាន​បំបែក​រដ្ឋ​បង្កើតជា​ប្រទេស ប៉ា​គី​ស្ថាន រហូតមកដល់​សព្វថ្ងៃ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ឥណ្ឌា មាន​ផ្ទៃដី​ជាង ៣.២៨៨ លាន​ម៉​ត្រ​ក្រឡា ស្ថិតនៅ​អាស៊ី​ខាងត្បូង ជា​ប្រទេស ធំ​លំដាប់​លេខ ៧ របស់​ពិភពលោក ឆ្នាំ ២០១៧ មាន​ប្រជាជន ជាង ១.៣៥៣ លាន​នាក់ ជា​ចំនួន​ច្រើន​បំផុត​លំដាប់​លេខ ២ ក្នុង​លោក (​លេខ​១ ចិន ) ព្រំដែន​ភាគខាងត្បូង​ជាប់​នឹង​មហា សមុទ្ទ​ឥណ្ឌា ភាគ​ពាយ័ព្យ ជាប់​នឹង​សមុទ្ទ អារ៉ាប់ ភាគ​អាគ្នេយ៍​ជាប់ បេ​យ៍ បេង​ហ្កា​ល់ ខាងលិច ជាប់​ប្រទេស ប៉ា​គី​ស្ថាន ភាគ​ឥសាន ជាប់​ប្រទេស ចិន នេ​ប៉ាល់ និង ប៊ូ​តាន់ ខាងកើត​ជាប់​នឹង​ប្រទេស មី​យ៉ាន់​ម៉ា និង បង់​ក្លា​ដេ​ស ភាសាផ្លូវការ​គឺ​ភាសា ហិណ្ឌូ និង ភាសា អង់គ្លេស ចំណែក​រដ្ឋធានី គឺ​ទីក្រុង ញូ​វ​ដេលី ។​

​ប្រទេស​ឥណ្ឌា គឺជា​ទឹកដី​កំណើត​សាសនា​ធំៗ​ក្នុង​លោក និង ជា​ដែនដី​កំណើត នៃ​ទស្សនវិជ្ជា របស់​ពិភពលោក ហើយ​ត្រូវបាន​ទទួលស្គាល់ថា ជា​ដែនដី​កំណើត​លទ្ធិប្រជាធិបតេយ្យ​ចាស់ទុំ បំផុត​ក្នុង​លោក តាមរយៈ​ព្រះពុទ្ធសាសនា ប៉ុន្តែ​ប្រជាជន​ឥណ្ឌា​ពុំ​សូវ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ឡើយ ដោយ​ប្រជា​ជល​រដ្ឋ ជាង ៧៨ ភាគរយ​ជា​អ្នក​កាន់សាសនា ហិណ្ឌូ ជាង ១៤ ភាគរយ​កាន់សាសនា អ៊ិ​ស្លាម ផ្សេង​ពី​នោះ កាន់​ព្រះពុទ្ធសាសនា គ្រិស្តសាសនា និង សាសនា​ដទៃៗ​ទៀ ។​

​ប្រវត្តិសាស្ត្រ​
​គិត​ត្រឹម​សត្ត​វត្សរ៍​ទី ១៧ ពួក​ឈ្មួញ​អឺរ៉ុប បាន​បង្កើត​ប៉ុស្តិ៍​ពាណិជ្ជកម្ម ឯនាយ​ប្រទេស​របស់​ពួកគេ​បាន ដោយ​ជោគជ័យ​នៅ​អនុ​ទ្វីប ឥណ្ឌា (​អាស៊ី​ខាងត្បូង បច្ចុប្បន្ន មាន​ឥណ្ឌា ប៉ា​គី​ស្ថាន បង់​ក្លា​ដេ​ស ស្រីលង្កា នេ​ប៉ាល់ ម៉ា​ល់​ឌី​វ និង ប៊ូ​តាន់ )​។ តាមរយៈ​ការ​សន្ធាប់​ដោយ​កម្លាំងយោធា ក្រុមហ៊ុន អង់គ្លេស ឥណ្ឌា ខាងកើត ( British East India Company ) បាន​បង្ក្រាប អាណាចក្រ​ទាំងឡាយ​នៅក្នុង​តំបន់​នោះ ហើយ​លើក​ខ្លួនឯង​ជា​អ្នកមានអំណាច​ជាងគេ​បំផុត​នៅ​ទីនោះ ត្រឹម​សត្ត​វត្សរ៍​ទី ១៨ ។​

​នៅ​ខែ ឩ​សភា ឆ្នាំ ១៨៥៧ មាន​ចលនា​ឩ​ទ្ទាម​កម្ម​កើតឡើង និង រីក​រាលដាល​ពាសពេញ​ប្រទេស​ឥណ្ឌា ប្រឆាំងនឹង​ការត្រួតត្រា​របស់​ក្រុមហ៊ុន British East India Company ដែល គេ​ហៅ​ជាទូទៅ​ថា ឩ​ទ្ទាម ឆ្នាំ ១៨៥៧ ឬ សង្គ្រាម​លើក​ទី​១ របស់​ឥណ្ឌា ដើម្បី​ឯករាជភាព មហា​ឩ​ទ្ទាម​ឥណ្ឌា ការបះបោរ​ឥណ្ឌា បដិវត្តន៍ ឆ្នាំ ១៨៥៧ ការបះបោរ ឆ្នាំ ១៨៥៧ ជាដើម ហើយ​ត្រូវបាន​កងទ័ព​អង់គ្លេស បង្ក្រាប​ទៅវិញ​នៅ​ឆ្នាំ ១៨៥៨ ដោយ​មេដឹកនាំ​មួយចំនួន ត្រូវ បានសម្លាប់ ឬ​រត់គេចខ្លួន​ពួន​អាត្មា រហូតដល់​ថ្ងៃ​ស្លាប់ ។​

​ចលនា​ឩ​ទ្ទាម​នេះ​នាំឱ្យ​មានការ​បំបែក​របស់​ក្រុមហ៊ុន East India Company នៅ​ឆ្នាំ ១៨៥៨ ។ ចក្រភព​អង់គ្លេស បានរៀបចំ​ឡើងវិញ​នូវ​ប្រព័ន្ធ កងទ័ព ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ប្រព័ន្ធ​រដ្ឋបាល នៅក្នុង​ប្រទេស​ឥណ្ឌា ។ ច្បាប់​របស់​រដ្ឋាភិបាល​ឥណ្ឌា នៅ​ឆ្នាំ ១៨៥៨ បាន ប្រគល់​ការគ្រប់គ្រង​ទៅឱ្យ ចក្រភព​អង់គ្លេស ដោយមាន​ឈ្មោះថា “ ការគ្រប់គ្រង របស់ ចក្រភព​អង់គ្លេស “ ( British Raj ) ។​ ជាច្រើន​ទសវត្សរ៍​ក្រោយមក​មាន​គណបក្សនយោបាយ​ជាច្រើន​បានកើត​ឡើង ហើយ​គណបក្ស ដែល​គួរឱ្យកត់សម្គាល់​បំផុត​គឺ គណបក្ស​សមាជជាតិ​ឥណ្ឌា ( Indian National Congress Party ) បង្កើត​នៅ​ឆ្នាំ ១៨៨៥ ។ ក៏មាន​កំណែទម្រង់​មួយចំនួន​ដែរ ប៉ុន្តែ​នៅតែមាន​ទោមនស្ស​ជាច្រើន ពី​សំណាក់​សង្គម​ឥណ្ឌា​ចំពោះ​អាណានិគម​អង់គ្លេស​ត្រូវបាន​ពង្រីក​ពាសពេញ​ប្រទេស​តាមរយៈ ចលនា​អហិង្សា នៃ “ ចលនា​មិន​សហការ “ ដែល​ដឹកនាំ​ដោយ​លោក ម៉ូ​ហាន​ដាស កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មៈ គ​ន្ធី ) ។

​នៅ​ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ១៩០៦ ពួក​មូស្លីម ឥណ្ឌា បាន​បង្កើត​គណបក្សនយោបាយ​មួយ ឈ្មោះថា គណៈបក្ស សម្ព័ន្ធ មូ​ស្ល៊ី​ម ឥណ្ឌា ទាំងអស់ ( All India Muslim League ) ប៉ុន្តែ​វា​គ្រាន់តែ ជា​គណបក្សនយោបាយ​ដ៏​ទន់ខ្សោយ​មួយ ហើយ​បាន​ចាញ់​ដាច់​ក្នុងការ​បោះឆ្នោត សកល​នៅ​ឥណ្ឌា នា​ឆ្នាំ ១៩៣៦ (​ប៉ុន្តែ​ក្រោយមក​គឺ​គណបក្ស​នេះហើយ​ដែលជា​ចលនា​បំបែក​រដ្ឋ ចេញពី​ឥណ្ឌា ) ។​
​នៅ​ឆ្នាំ ១៩៣៩ សង្គ្រាមលោកលើកទី ២ ផ្ទុះឡើង នាយករដ្ឋមន្ត្រី​អង់គ្លេស លោក វីន​ស្តុ​ន ឈឺ​ឈី​ល (Winston Churchill ) បាន​ស្នើសុំ​ការជួយ​គាំទ្រ​ពី​ឥណ្ឌា ប៉ុន្តែ​គណបក្សនយោបាយ​ទាំងអស់ របស់​ឥណ្ឌា​មិន​គាំទ្រ​ឡើយ ។ ផ្ទុយទៅវិញ All India Muslim League បាន​គាំទ្រ និង ជួយ​សំណើ​របស់លោក វីន​ស្តុ​ន ឈឺ​ឈី​ល ។

ចលនា​ដើម្បី​ឯករាជភាព ឥណ្ឌា​
​ក្នុងការ​ជួបជុំគ្នា​មួយ​នៅ​ឆ្នាំ ១៩២៩ នាទី​ក្រុង ឡា​ហ័​រ របស់​គណបក្ស Indian National Congress បានចេញ​សេចក្តីប្រកាស​ឱ្យមាន​ចលនា “ ការមិន​គោរព​របស់​ពលរដ្ឋ “ គឺជា​ចលនា​បំផុស​ឱ្យ​សង្គម ឥណ្ឌា​ទាំងមូល​មិន​គោរព​ច្បាប់ ឬ បទបញ្ជា​ជាក់លាក់​មួយចំនួន​រប​ស់​រដ្ឋាភិបាល​ដែល​ក្រោម ការបញ្ជា​របស់​អង់គ្លេស ហើយ​ចលនា​នេះ​ពេលខ្លះ​ត្រូវបាន​ហៅថា “ ចលនា​តស៊ូ អហិ​ហ្សា​រ “ ដឹកនាំ​ដោយ​លោក ម៉ូ​ហាន​ដាស កា​រ៉ា​មចាន់ គ​ន្ធី ហើយ​បានប្រកាស​យក​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៩២៩ នោះ​ថា​ជា ថ្ងៃ​ឯករាជភាព ឥណ្ឌា ។

​តាមរយៈ​ចលនា “ ការមិន​គោរព​របស់​ពលរដ្ឋ “ នោះ គណបក្ស Indian National Congress បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ឥណ្ឌា​ទាំងអស់​ឱ្យ​អនុវត្ត​នូវ​វិធីសាស្ត្រ​ដែល​ចេញ​ដោយ​គណបក្ស​ជា​បន្តបន្ទាប់​រហូតដល់​ឥណ្ឌា​ទទួលបាន​ឯករាជភាព​របស់ខ្លួន​ពេញលេញ ។ ចលនា​នេះ​ត្រូវបាន​ទទួលយក​ដោយ ប្រជាពលរដ្ឋ​ឥណ្ឌា​ជាច្រើន​បង្ខំ​ឱ្យ​អង់គ្លេស​ពិចារណា​នូវ​ការផ្តល់​ឯករាជភាព​ទៅឱ្យ​ឥណ្ឌា ។​

​ដោយហេតុ​នោះ គណបក្ស Indian National Congress បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ ឥណ្ឌា នៅ​ថ្ងៃទី ២៦ ឆ្នាំ ១៩៣០ (​តាមពិត​កាលណោះ​ឥណ្ឌា​មិនទាន់​ទទួលបាន​ឯករាជភាព​របស់ខ្លួន​នៅឡើយ ប៉ុន្តែ​ពួកគេ​គ្រាន់តែ​ប្រារព្ធ​ការប្តេជ្ញា​ដើម្បី​ឯករាជភាព​) រហូតដល់​ឆ្នាំ ១៩៥៦ ។ ពួកគេ​ជួបជុំគ្នា​យ៉ាង ឱឡារិក ពោល​គឺមាន​មនុស្ស​ចូលរួម​យ៉ាងច្រើន​កុះក ប៉ុន្តែ​ជាការ​ជួបជុំគ្នា​យ៉ាង​ស្ងៀមស្ងាត់ គ្មាន​ការ​ថ្លែង​សារ ឬ សុន្ទរកថា​អ្វី​ឡើយ ហើយក៏​ថែមទាំង​ការ​ស្មឹង​ស្មាធិ៍​ជាដើម​ផងដែរ ។
​បន្ទាប់ពី​ចប់​សង្គ្រាមលោកលើកទី ២ មក នៅ​ឆ្នាំ ១៩៤៦ ប្រទេស​អង់គ្លេស បាន​ជួបប្រទះ​បញ្ហា ច្រើនឡើងៗ គឺ​ខ្សោះ​ធនធាន កម្លាំង​កងទ័ព​ខ្វះមុខខ្វះក្រោយ បាត់បង់​ការគាំទ្រ​ផ្ទៃក្នុង និង ការ​ងើប​បះបោរ​គ្រប់ទិសទី នៃ ដែនដី​អាណានិគម​របស់ខ្លួន​នៅ​អាស៊ី​ខាងត្បូង ប្រការនេះ​ជាស​ញ្ញា​ថា អង់គ្លេស​លែងមាន​សម​ត្ថ​ភាព​គ្រប់គ្រង​អាស៊ី​ខាងត្បូង​ទៀតហើយ ។ ដូច្នេះ រដ្ឋាភិបាល​អង់គ្លេស សម្រេចចិត្ត បញ្ចប់​ការត្រួតត្រា ឥណ្ឌា ។​

​ថ្ងៃ​ឯករាជ្យ និង ថ្ងៃ​បំបែក​រដ្ឋ​
​ខណៈ​ចលនា​ដើម្បី​ទាមទារ​ឯករាជភាពរ​បស់​ឥណ្ឌា កើន​កម្លាំង​កាន់តែខ្លាំង​ទៅៗ​នោះ ពួក​មូ​ស្ល៊ី​ម ឥណ្ឌា នៅ​ភាគ​ពាយ័ព្យ នៃ ប្រទេស ដឹកនាំ​ដោយ​គណបក្ស All India Muslim League ក៏​បង្កើន​ការ ទាមទារ​បំបែក​ខ្លួន​ចេញពី ឥណ្ឌា ណាស់ដែរ ហើយ​ពួកគេ​បាន​ជួបជុំគ្នា​ពីថ្ងៃ​ទី ២២-២៤ ខែ មីនា ឆ្នាំ ១៩៤០ នៅឯ​ឩ​ទ្យា​ន Iqbal នាទី​ក្រុ ឡា​ហ័​រ ខេត្ត ពុន​ចាប​ចេញ​សេចក្តីប្រកាស​មិន​ទទួលយក ធម្មនុញ្ញ​របស់​ឥណ្ឌា​ដែលមាន​ទំនោរ​ទៅរក​ហិណ្ឌូ ។ សេចក្តីថ្លែងការណ៍​នោះ គឺជា​ការប្រកាស​ស្វែងរក ការបង្កើត​រដ្ឋ​មូ​ស្ល៊ី​ម​ឥណ្ឌា ឬ ប្រកាស​បំបែក​រដ្ឋ​របស់​ពួក មូ​ស្ល៊ី​ម ចេញពី​ឥណ្ឌា​ហើយ​ការជួប​ជុំនោះ ត្រូ​បាន​គេ​ហៅថា បដិវត្តន៍ ទីក្រុង ឡា​ហ័​រ ។​ឆ្នាំ ១៩៤៦ សភា ឥណ្ឌា បាន​ទទូច​ទាមទារ​ថា “ ឥណ្ឌា មានតែ​មួយ គឺ​គ្មាន​ការ​បំបែក​រដ្ឋ​ឡើយ “ ។ ប៉ុន្តែ​ពួក​មូ​ស្ល៊ី​ម​បាន​បដិសេធ​ដាច់ខាត​មិន​ព្រម​នៅ​រួមរស់ ជាមួយ​ឥណ្ឌា ដែល​លើកតម្កើង​តែ​ពួក​ហិណ្ឌូ​ឡើយ ។ ពេលនោះ​មានការ​ចរចា មួយ​រវាង​រដ្ឋាភិបាល ឥណ្ឌា និង ពួក​មេដឹកនាំ នយោបាយ មូ​ស្ល៊ី​ម ឥណ្ឌា​ដោយ​ការចរចា​នោះ​ផ្តួចផ្តើម រៀបចំ និង ដឹកនាំ​ដោយ អាណានិគម អង់គ្លេស ដោយបាន​លើកសំណើ​ថា​នឹងធ្វើ​វិមជ្ឈការ គឺ​ផ្តល់​អំណាច​ច្រើនជាង​មុន ទៅឱ្យ​រដ្ឋាភិបាល​មូលដ្ឋាន ពោលគឺ​ឱ្យ​ពួក មូ​ស្ល៊ី​ម ឥណ្ឌា ។ ប៉ុន្តែ ការចរចា​នេះ បាន​បរាជ័យ​ដោយសារ សំណើ​នោះ​ត្រូវបាន​បដិសេធ​ទាំង​ខាង​រដ្ឋាភិបាល​ឥណ្ឌា​ពោលគឺ​រដ្ឋាភិបាល​មិន​ព្រម​ផ្តល់​អំណាច ឱ្យ​ពួក​មូ​ស្ល៊ី​ម ចំណែក​ពួក​មេដឹកនាំ​នយោបាយ មូ​ស្ល៊ី​ម ក៏​មិន​ព្រម​ទទួលយក​សំណើ​នោះ​ដូចគ្នា គឺ​ពួកគេ​ត្រូវការ​តែ​ការ​បំបែក​រដ្ឋ​ចេញពី​ឥណ្ឌា​ជាដាច់ខាត ជាហេតុ​នាំឱ្យមាន​កូដកម្ម​នានា​ជាច្រើន ដែល​ពួក​ហិណ្ឌូ ធ្វើ​កូដកម្ម​ប្រឆាំងនឹង​ការ​បំបែក​រដ្ឋ ចំណែក​ពួក មូ​ស្ល៊ី​ម ធ្វើ​កូដកម្ម​ទាមទារ​បំបែក​រដ្ឋ ។

​នៅ​ខែ កុម្ភៈ ឆ្នាំ ១៩៤៧ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Clement Attlee បានប្រកាស​ជា​ផ្លូវការ​ថា រដ្ឋាភិបាល​អង់គ្លេស នឹង​ផ្តល់​សិទ្ធិ​គ្រប់គ្រង​យ៉ាង​ពេញលេញ​ទៅឱ្យ ឥណ្ឌា វិញ មិន​ហួស​ពី​ខែ មិថុនា ឆ្នាំ ១៩៤៨ ។ នៅ​ថ្ងៃ​តី ៣ ខែ មិថុនា ឆ្នាំ ១៩៤៧ រដ្ឋាភិបាល អង់គ្លេស បានប្រកាសថា គោលការណ៍ នែ ការបង្កើត​រដ្ឋ ឯករាជ្យ​ពីរ នៃ ឥណ្ឌា អង់គ្លេស ត្រូវបាន​ទទួលយក ពោលគឺ​អង់គ្លេស​គាំទ្រ​ការ​បំបែក​រដ្ឋ ។​​តំណាង​ស្តេច​អង់គ្លេស លោក Mountbatten បាន​ជ្រើស​រើ​សុ​យក​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៩៤៧ ជា​ខួប​ឆ្នាំ ទី ២ ដែល​ជប៉ុន​ព្រម​ចុះចាញ់​សង្គ្រាមលោកលើកទី ២ ធ្វើជា​ថ្ងៃ​សម្រាប់​ប្រគល់​អំណាច ឬ ឯករាជភាព ទៅឱ្យ​ឥណ្ឌា ។ ចាប់ពី​ឆ្នាំ ១៩៥០ មក ថ្ងៃទី ២៦ ខែ មករា ត្រូវបាន​ប្រារព្ធ​ជា​ទិវា សាធារណៈ ។​

​ប៉ុន្តែ​ខណៈពេលដែល​អង់គ្លេស ប្រគល់​សិទ្ធិ​គ្រប់គ្រង​ទាំងស្រុង ឬ ប្រគល់​ឯការ​ជ​ភាព​ទៅឱ្យ ឥណ្ឌា វិញ​នោះ អង់គ្លេស ក៏បាន​ព្រម​ទទួលយក​សំណើសុំ​បំបែក​រដ្ឋ​របស់​ពួក មូ​ស្ល៊ី​ម ឥណ្ឌា ដែរ ដោយ​មន្ត្រី​តំណាង​អង់គ្លេស បានជ្រើសរើស​យក​ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៤៧ ធ្វើជា​ថ្ងៃ​ប្រគល់​អំណាច​ទៅឱ្យ​ប្រទេស ប៉ា​គី​ស្ថាន ឬ និយាយ​ម្យ៉ាង​ទៀតថា ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៤៧ គឺជា​ទិវា​បង្កើត​រដ្ឋ ប៉ា​គី​ស្ថាន គឺជារ​ដ្ខ​ឯករាជ្យ​មួយ​របស់​ពួក​មូ​ស្ល៊ី​ម ឥណ្ឌា ៕ ស្រាវជ្រាវ ប្រែ​សម្រួល​: មេសា​

​រដ្ឋធានី​ញូ​វ​ដេលី នៃ ប្រទេស ឥណ្ឌា ( ញូ​វ​ដេលី​)
ចលនា​តស៊ូ​អហិ​ហ្សា​រ ដឹកនាំ​ដោយ​លោក ម៉ូ​ហាន​ដាស កា​រ៉ា​មចាន់ គ​ន្ធី ដើម្បី​ឯករាជភាព ឥណ្ឌា (india 1)
ក្បួនព្យុហយាត្រា​កងទ័ព​ឥណ្ឌា​នៅ​ទិវា​ឯករាជ្យ​ជាតិ (india 2)