ទិវា​ឯករាជ្យ​ជាតិ ឥណ្ឌា បំបែក​រដ្ឋ ប៉ា​គី​ស្ថាន​

283
ចែករម្លែក

​ភ្នំពេញៈ បន្ទាប់ពី​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​អង់គ្លេស ប្រមាណ​ជា ១០០ ឆ្នាំ​មក នៅ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៤៧ ឥណ្ឌា ទទួលបាន​ឯករាជ្យភាព​របស់ខ្លួន ប៉ុន្តែ​ស្របពេល ជាមួយគ្នា​នោះ ក៏​ជា​ពេលដែល​ឥណ្ឌា បាន​បាត់បង់​ទឹកដី និង​សមាជិក​ប្រជាពលរដ្ឋ របស់ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ណាស់ដែរ ដោយសារ​ពួក​ជន​មូស្លីម​ឥណ្ឌា​បាន បំបែក​រដ្ឋ​បង្កើត ជា​ប្រទេស​ប៉ា​គី​ស្ថាន រហូតមកដល់​សព្វថ្ងៃ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​ឥណ្ឌា មាន​ផ្ទៃដី​ជាង ៣.២៨៧.២៦៣ គីឡូម៉ែត្រ​ក្រឡា​ស្ថិតនៅ​អាស៊ី ខាងត្បូង ជា​ប្រទេស​ធំ​លំដាប់​លេខ​៧ របស់​ពិភពលោក​មាន​ព្រំដែន​ជាប់​នឹង​មហា សមុទ្ទ ឥណ្ឌា សមុទ្ទ​អារ៉ាប់ បេ​យ៍ បេង​ហ្កា​ល់ ប៉ា​គី​ស្ថាន ចិន នេ​ប៉ាល់ ប៊ូ​តាន់ មី​យ៉ាន់​ម៉ា និងបង់​ក្លា​ដេ​ស​។ ឆ្នាំ​២០១៩ មាន​ប្រជាជន ជាង ១.៣៧០ លាន​នាក់​ជា​ចំនួន​ច្រើន​បំផុតលំដាប់​លេខ​២ ក្នុង​លោក (​លេខ​១ ចិន ១.៤២០ លាន​នាក់ ) ភាសាផ្លូវការ គឺ​ភាសា ហិណ្ឌូ និង​ភាសា អង់គ្លេស រដ្ឋធានី គឺ​ទីក្រុង​ញូ​វ​ដេលី ។​

​ប្រទេស​ឥណ្ឌា គឺជា​ទឹកដី​កំណើត​សាសនា​ធំៗ ក្នុង​លោក និង​ជា​ដែនដី​កំណើត នៃ ទស្សនវិជ្ជា​របស់​ពិភពលោក ហើយ​ត្រូវបាន​ទទួលស្គាល់ថា ជា​ដែនដី​កំណើត​លទ្ធិ ប្រជាធិបតេយ្យ​ចាស់ទុំ​បំផុត ក្នុង​លោក តាមរយៈ​ព្រះពុទ្ធសាសនា ប៉ុន្តែ​ប្រជាជន​ឥណ្ឌា ពុំ​សូវ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ឡើយ ដោយ​ប្រជាពលរដ្ឋ ជាង ៧៨ ភាគរយ ជា​អ្នក កាន់សាសនា​ហិណ្ឌូ ជាង ១៤ ភាគរយ កាន់សាសនា​អ៊ិ​ស្លាម ផ្សេង​ពី​នោះ​កាន់​ព្រះពុទ្ធ សាសនា គ្រិស្តសាសនា និង​សាសនា​ដទៃៗ​ទៀត ។​

​ប្រវត្តិសាស្ត្រ​
គិត​ត្រឹម​សតវត្សរ៍​ទី​១៧ ពួក​ឈ្មួញ​អឺរ៉ុប បាន​បង្កើត​ប៉ុស្តិ៍​ពាណិជ្ជកម្ម​ឯនាយ​ប្រទេស​របស់ ពួកគេ បាន​ដោយ​ជោគជ័យ នៅ​អនុ​ទ្វីប​ឥណ្ឌា (​អាស៊ី​ខាងត្បូង បច្ចុប្បន្ន មាន​ឥណ្ឌា ប៉ា​គី​ស្ថាន បង់​ក្លា​ដេ​ស ស្រីលង្កា នេ​ប៉ាល់ ម៉ា​ល់​ឌី​វ និង ប៊ូ​តាន់​)​។ តាមរយៈ​ការ​សន្ធាប់ ដោយ​កម្លាំងយោធា​មក ក្រុមហ៊ុន​អង់គ្លេស ឥណ្ឌា ខាងកើត ( British East India Company ) បាន​បង្ក្រាប អាណាចក្រ​ទាំងឡាយ​នៅក្នុង​តំបន់​នោះ​ហើយ​លើក​ខ្លួនឯង ជា​អ្នកមានអំណាច​ជាងគេ​បំផុត​នៅ​ទីនោះ ត្រឹម​សតវត្សរ៍​ទី​១៨ ។​

​នៅ​ខែឧសភា ឆ្នាំ​១៨៥៧ មាន​ចលនា​ឩ​ទ្ទាម​កម្ម​កើតឡើង​និង​រីក​រាលដាល​ពាសពេញ ប្រទេស​ឥណ្ឌា ប្រឆាំងនឹង​ការត្រួតត្រា​របស់​ក្រុមហ៊ុន British East India Company ដែល​គេ​ហៅ​ជាទូទៅ​ថា ឧទ្ទាម ឆ្នាំ​១៨៥៧ ឬ​សង្គ្រាម​លើក​ទី​១ របស់​ឥណ្ឌា ដើម្បី ឯករាជ្យភាព​, មហា​ឧទ្ទាម​ឥណ្ឌា​, ការបះបោរ​ឥណ្ឌា បដិវត្តន៍​ឆ្នាំ​១៨៥៧, ការបះបោរ ឆ្នាំ​១៨៥៧ ជាដើម ហើយ​ត្រូវបាន​កងទ័ព​អង់គ្លេស បង្ក្រាប​ទៅវិញ​នៅ​ឆ្នាំ​១៨៥៨ ដោយ​មេដឹកនាំ​មួយចំនួន ត្រូវបាន​សម្លាប់ ឬ​រត់គេចខ្លួន​ពួន​អាត្មា រហូតដល់​ថ្ងៃ​ស្លាប់ ។​

​ចលនា​ឧទ្ទាម​នេះ នាំឱ្យ​មានការ​បំបែក​របស់​ក្រុមហ៊ុន East India Company នៅ​ឆ្នាំ ១៨៥៨ ។ ចក្រភព​អង់គ្លេស បានរៀបចំ​ឡើងវិញ​នូវ​ប្រព័ន្ធ​កងទ័ព ប្រព័ន្ធ​ហិរញ្ញវត្ថុ និង ប្រព័ន្ធ​រដ្ឋបាល នៅក្នុង​ប្រទេស​ឥណ្ឌា ។ ច្បាប់​របស់​រដ្ឋាភិបាល​ឥណ្ឌា នៅ​ឆ្នាំ​១៨៥៨ បាន ប្រគល់​ការគ្រប់គ្រង​ទៅឱ្យ​ចក្រភព​អង់គ្លេស ដោយមាន​ឈ្មោះថា “​ការគ្រប់គ្រង របស់​ចក្រភព​អង់គ្លេស “ ( British Raj ) ។​

​ជាច្រើន​ទសវត្សរ៍ ក្រោយមក មាន​គណបក្សនយោបាយ​ជាច្រើន បានកើត​ឡើង ហើយ​គណបក្ស​ដែល​គួរឱ្យកត់សម្គាល់​បំផុត​គឺ គណបក្ស​សមាជជាតិ​ឥណ្ឌា ( Indian National Congress Party ) បង្កើត​នៅ​ឆ្នាំ​១៨៨៥ ។ ក៏មាន​កំណែទម្រង់​មួយចំនួន​ដែរ ប៉ុន្តែ​នៅតែមាន​ទោមនស្ស​ជាច្រើន​ពី​សំណាក់​សង្គម​ឥណ្ឌា​ចំពោះ​អាណានិគម​អង់គ្លេស ត្រូវបាន​ពង្រីក​ពាសពេញ​ប្រទេស តាមរយៈ​ចលនា​អហិង្សា នៃ “ ចលនា​មិន​សហការ “ ដែល​ដឹកនាំ​ដោយ​លោក ម៉ូ​ហាន​ដាស កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មៈ គ​ន្ធី ) ។

​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​១៩០៦ ពួក​មូស្លីម​ឥណ្ឌា បាន​បង្កើត​គណបក្សនយោបាយ​មួយ ឈ្មោះថា គណបក្ស​សម្ព័ន្ធ​មូ​ស្ល៊ី​ម​ឥណ្ឌា ទាំងអស់ ( All India Muslim League ) ប៉ុន្តែ​វា គ្រាន់តែ​ជា​គណបក្សនយោបាយ​ដ៏​ទន់ខ្សោយ​មួយ ហើយ​បាន​ចាញ់​ដាច់​ក្នុង​ការបោះ ឆ្នោត​សកល​នៅ​ឥណ្ឌា នា​ឆ្នាំ​១៩៣៦ (​ប៉ុន្តែ​ក្រោយមក គឺ​គណបក្ស​នេះហើយ​ដែលជា ចលនា​បំបែក​រដ្ឋ ចេញពី​ឥណ្ឌា ) ។​

​នៅ​ឆ្នាំ​១៩៣៩ សង្គ្រាមលោកលើកទី​២ ផ្ទុះឡើង នាយករដ្ឋមន្ត្រី​អង់គ្លេស លោក វីន​ស្តុ​ន ឈឺ​ឈី​ល (Winston Churchill ) បាន​ស្នើសុំ​ការជួយ​គាំទ្រ​ពី​ឥណ្ឌា ប៉ុន្តែ​គណបក្ស នយោបាយ​ទាំងអស់​របស់​ឥណ្ឌា មិន​គាំទ្រ​ឡើយ ។ ផ្ទុយទៅវិញ All India Muslim League បាន​គាំទ្រ និង​ជួយ​សំណើ​របស់លោក វីន​ស្តុ​ន ឈឺ​ឈី​ល ។

​ចលនា​ដើម្បី​ឯករាជ្យភាព​ឥណ្ឌា​
ក្នុងការ​ជួបជុំគ្នា​មួយ នៅ​ឆ្នាំ​១៩២៩ នាទី​ក្រុង​ឡា​ហ័​រ របស់​គណបក្ស Indian National Congress បានចេញ​សេចក្តីប្រកាស​ឱ្យមាន​ចលនា “ ការមិន​គោរព​របស់​ពលរដ្ឋ “ គឺជា​ចលនា​បំផុស​ឱ្យ​សង្គម​ឥណ្ឌា​ទាំងមូល មិន​គោរព​ច្បាប់ ឬ​បទបញ្ជា​ជាក់លាក់​មួយ ចំនួន​របស់​រដ្ឋាភិបាល ដែល​ក្រោម​ការបញ្ជា​របស់​អង់គ្លេស ហើយ​ចលនា​នេះ ពេលខ្លះ ត្រូវបាន​ហៅថា “ ចលនា​តស៊ូ​អហិង្សា “ ដឹកនាំ​ដោយ​លោក ម៉ូ​ហាន​ដាស កា​រ៉ា​មចាន់ គ​ន្ធី ហើយ​បានប្រកាស​យក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​១៩២៩ នោះ​ថា​ជា​ថ្ងៃ​ឯករាជ្យភាព ឥណ្ឌា ។

​តាមរយៈ​ចលនា “​ការមិន​គោរព​របស់​ពលរដ្ឋ​” នោះ គណបក្ស Indian National Congress បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ឥណ្ឌា​ទាំងអស់ ឱ្យ​អនុវត្ត​នូវ​វិធីសាស្ត្រ ដែល​ចេញ​ដោយ​គណបក្ស​ជា​បន្តបន្ទាប់​រហូតដល់​ឥណ្ឌា​ទទួលបាន​ឯករាជ្យភាព​របស់ខ្លួន​ពេញលេញ ។ ចលនា​នេះ ត្រូវបាន​ទទួលយក​ដោយ​ប្រជាពលរដ្ឋ​ឥណ្ឌា​ជាច្រើន បង្ខំ​ឱ្យ​អង់គ្លេស ពិចារណា​នូវ​ការផ្តល់​ឯករាជ្យភាព​ទៅឱ្យ​ឥណ្ឌា ។​

​ដោយហេតុ​នោះ គណបក្ស Indian National Congress បាន​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ ឥណ្ឌា នៅ​ថ្ងៃទី​២៦ ឆ្នាំ​១៩៣០ (​តាមពិត កាលណោះ​ឥណ្ឌា​មិនទាន់​ទទួលបាន​ឯករាជ្យ ភាព​របស់ខ្លួន​នៅឡើយ ប៉ុន្តែ​ពួកគេ​គ្រាន់តែ​ប្រារព្ធ​ការប្តេជ្ញា​ដើម្បី​ឯករាជ្យភាព​) រហូត ដល់​ឆ្នាំ ១៩៥៦ ។ ពួកគេ​ជួបជុំគ្នា​យ៉ាង​ឱឡារិក ពោល​គឺមាន​មនុស្ស​ចូលរួម​យ៉ាង ច្រើន​កុះក ប៉ុន្តែ​ជាការ​ជួបជុំគ្នា​យ៉ាង​ស្ងៀមស្ងាត់ គ្មាន​ការ​ថ្លែង​សារ ឬ សុន្ទរកថា​អ្វី​ឡើយ ហើយក៏​ថែមទាំង​ការ​ស្មឹង​ស្មាធិ៍​ជាដើម​ផងដែរ ។

​បន្ទាប់ពី​ចប់​សង្គ្រាមលោកលើកទី​២ មក នៅ​ឆ្នាំ​១៩៤៦ ប្រទេស​អង់គ្លេស​បាន​ជួបប្រទះ បញ្ហា​ច្រើនឡើងៗ គឺ​ខ្សោះ​ធនធាន កម្លាំង​កងទ័ព ខ្វះមុខខ្វះក្រោយ​បាត់បង់​ការគាំទ្រ ផ្ទៃក្នុង និង​ការ​ងើប​បះបោរ​គ្រប់ទិសទី នៃ​ដែនដី​អាណានិគម​របស់ខ្លួន​នៅ​អាស៊ី​ខាង ត្បូង ប្រការនេះ ជា​សញ្ញា​ថា អង់គ្លេស​លែងមាន​សម​ត្ថ​ភាព​គ្រប់គ្រង​អាស៊ី​ខាងត្បូង ទៀតហើយ ។ ដូច្នេះ រដ្ឋាភិបាល​អង់គ្លេស សម្រេចចិត្ត​បញ្ចប់​ការត្រួតត្រា​ឥណ្ឌា ។​

ថ្ងៃ​ឯករាជ្យ និងថ្ងៃ​បំបែក​រដ្ឋ​
ខណៈ​ចលនា​ដើម្បី​ទាមទារ​ឯករាជ្យភាពរ​បស់​ឥណ្ឌា កើន​កម្លាំង​កាន់តែខ្លាំង​ទៅៗ​នោះ ពួក​មូស្លីម​ឥណ្ឌា នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស ដឹកនាំ​ដោយ​គណបក្ស All India Muslim League ក៏​បង្កើន​ការទាមទារ​បំបែក​ខ្លួន​ចេញពី ឥណ្ឌា ណាស់ដែរ​ហើយ​ពួកគេ​បាន​ជួបជុំ គ្នា​ពីថ្ងៃ​ទី​២២-២៤ ខែមីនា ឆ្នាំ​១៩៤០ នៅឯ​ឧទ្យាន Iqbal នាទី​ក្រុ​ឡា​ហ័​រ ខេត្ត​ពុន​ចាប ចេញ​សេចក្តីប្រកាស​មិន​ទទួលយក​ធម្មនុញ្ញ​រប​ស់​ឥណ្ឌា ដែលមាន​ទំនោរ​ទៅរក​ហិណ្ឌូ​។ សេចក្តីថ្លែងការណ៍​នោះ គឺជា​ការប្រកាស​ស្វែងរក​ការបង្កើត​រដ្ឋ​មូស្លីម​ឥណ្ឌា ឬ​ប្រកាស បំបែក​រដ្ឋ​របស់​ពួក​មូស្លីម ចេញពី​ឥណ្ឌា ហើយ​ការជួប​ជុំនោះ ត្រូ​បាន​គេ​ហៅថា បដិវត្តន៍​ទីក្រុង​ឡា​ហ័​រ ។ ឆ្នាំ ១៩៤៦ សភា​ឥណ្ឌា បាន​ទទូច​ទាមទារ​ថា “ ឥណ្ឌា មានតែ​មួយ គឺ​គ្មាន​ការ​បំបែក​រដ្ឋ​ឡើយ “ ។ ​

​ប៉ុន្តែ​ពួក​មូស្លីម បាន​បដិសេធ​ដាច់ខាត មិន​ព្រម​នៅ​រួមរស់​ជាមួយ​ឥណ្ឌា​ដែល​លើក តម្កើង តែ​ពួក​ហិណ្ឌូ​ឡើយ ។

​ពេលនោះ មានការ​ចរចា​មួយ រវាង​រដ្ឋាភិបាល​ឥណ្ឌា និង​ពួក​មេដឹកនាំ​នយោបាយ មូស្លីម​ឥណ្ឌា ដោយ​ការចរចា​នោះ ផ្តួចផ្តើម​រៀបចំ និង​ដឹកនាំ​ដោយ​អាណានិគម អង់គ្លេស ដោយបាន​លើកសំណើ​ថា នឹងធ្វើ​វិមជ្ឈការ គឺ​ផ្តល់​អំណាច​ច្រើនជាង​មុន ទៅឱ្យ​រដ្ឋាភិបាល​មូលដ្ឋាន ពោលគឺ​ឱ្យ​ពួក​មូស្លីម​ឥណ្ឌា ។ ប៉ុន្តែ​ការចរចា​នេះ​បាន បរាជ័យ​ដោយសារ​សំណើ​នោះ ត្រូវបាន​បដិសេធ​ទាំង​ខាង​រដ្ឋាភិបាល​ឥណ្ឌា​ពោល គឺ​រដ្ឋាភិបាល​មិន​ព្រម​ផ្តល់​អំណាច​ឱ្យ​ពួក​មូស្លីម ចំណែក​ពួក​មេដឹកនាំ​នយោបាយ​មូស្លីម ក៏​មិន​ព្រម​ទទួលយក​សំណើ​នោះ​ដូចគ្នា គឺ​ពួកគេ​ត្រូវការ​តែ​ការ​បំបែក​រដ្ឋ​ចេញពី​ឥណ្ឌា ជាដាច់ខាត ជាហេតុ​នាំឱ្យមាន​កូដកម្ម​នានា​ជាច្រើន ដែល​ពួក​ហិណ្ឌូ​ធ្វើ​កូដកម្ម​ប្រឆាំង នឹង​ការ​បំបែក​រដ្ឋ ចំណែក​ពួក​មូស្លីម ធ្វើ​កូដកម្ម​ទាមទារ​បំបែក​រដ្ឋ ។

​នៅ​ខែកុម្ភៈ ឆ្នាំ​១៩៤៧ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Clement Attlee បានប្រកាស ជា​ផ្លូវការ​ថា រដ្ឋាភិបាល​អង់គ្លេស នឹង​ផ្តល់​សិទ្ធិ​គ្រប់គ្រង​យ៉ាង​ពេញលេញ​ទៅឱ្យ ឥណ្ឌា​វិញ មិន​ហួស​ពី​ខែមិថុនា ឆ្នាំ​១៩៤៨ ។ នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​១៩៤៧ រដ្ឋាភិបាល​អង់គ្លេស បានប្រកាសថា គោលការណ៍​នែ​ការបង្កើត​រដ្ឋ​ឯករាជ្យ​ចំនួន ២ នៃ​ឥណ្ឌា អង់គ្លេស ត្រូវបាន​ទទួលយក ពោលគឺ​អង់គ្លេស គាំទ្រ​ការ​បំបែក​រដ្ឋ ។​

​តំណាង​ស្តេច​អង់គ្លេស លោក Mountbatten បានជ្រើសរើស​យក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៤៧ ជា​ខួប​ឆ្នាំ​ទី​២ ដែល​ជប៉ុន ព្រម​ចុះចាញ់​សង្គ្រាមលោកលើកទី​២ ធ្វើជា​ថ្ងៃ សម្រាប់​ប្រគល់​អំណាច ឬ​ឯករាជ្យភាព​ទៅឱ្យ​ឥណ្ឌា ។ ចាប់ពី​ឆ្នាំ​១៩៥០ មក ថ្ងៃទី​២៦ ខែមករា ត្រូវបាន​ប្រារព្ធ​ជា​ទិវា​សាធារណៈ ។​

​ប៉ុន្តែ​ខណៈពេលដែល​អង់គ្លេស ប្រគល់​សិទ្ធិ​គ្រប់គ្រង​ទាំងស្រុង ឬ​ប្រគល់​ឯករាជ្យភាព ទៅឱ្យ​ឥណ្ឌា​វិញ​នោះ អង់គ្លេស​ក៏បាន​ព្រម​ទទួលយក​សំណើសុំ​បំបែក​រដ្ឋ​របស់ ពួក​មូស្លីម ឥណ្ឌា​ដែរ ដោយ​មន្ត្រី​តំណាង​អង់គ្លេស បានជ្រើសរើស​យក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​១៩៤៧ ធ្វើជា​ថ្ងៃ​ប្រគល់​អំណាច ទៅឱ្យ​ប្រទេស​ប៉ា​គី​ស្ថាន​ឬ​និយាយ​ម្យ៉ាង ទៀតថា ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​១៩៤៧ គឺជា​ទិវា​បង្កើត​រដ្ឋ​ប៉ា​គី​ស្ថាន គឺជា​រដ្ឋ​ឯករាជ្យ​មួយ របស់​ពួក​មូស្លីម​ឥណ្ឌា ៕ ស្រាវជ្រាវ ប្រែ​សម្រួល​៖ មេសា​

#