ទិវា​ឯករាជ្យ​នៃ​រដ្ឋ​អារ៉ាប់​រួបរួម​

204

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​នៃ​រដ្ឋ​អារ៉ាប​រួបរួម​ប្រារឰ ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី​២ ខែធ្នូ ដើម្បី​រំលឹក​ដល់​ថ្ងៃ ដែល​រដ្ឋ សន្ធិសញ្ញា​តូចៗ​ចំនួន​ប្រាំពីរ​រួបរួមគ្នា បង្កើតជា​រដ្ឋ​សហព័ន្ធ​រដ្ឋ​អារ៉ាប់​រួបរួម កាលពី​ឆ្នាំ​១៩៧១ បន្ទាប់ពី​អាណានិគម អង់គ្លេស ត្រូវបាន​អន្តរជាតិ​បង្ខំ​ឱ្យ​ដក ចេញពី​តំបន់​មជ្ឈិមបូព៌ា ។​
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​រដ្ឋ អារ៉ាប់ រួបរួម (United Arab Emirates= UAE) មាន​ផ្ទៃដី ៨៣.៦០០​គីឡូម៉ែត្រ​ក្រឡា​។ គឺជា​រដ្ឋ សហព័ន្ធ ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍ នៅ​ចុង​ឧបទ្វីប​អារ៉ាប់​នៅតាម​បណ្តោយ ឈូង​សមុទ្រ ពែ​ក្ស កើតចេញពី​ការ រួបរួមគ្នា​នៃ​រដ្ឋ (Emirate) តូចៗ ចំនួន ប្រាំពីរ គឺ​រដ្ឋ Abu Dhabi (​ដែលជា​ទីតាំង នៃ​រដ្ឋធានី )Ajman, Dubai, Fujairah, Ras al-Khaimah, Sharjah and Umm al-Quwain មាន​ព្រំដែន ជាប់​នឹង​ប្រទេស អូ​ម៉​ង់ អា​រ៉ា​ប៊ី សា​អ៊ូ​ឌី កាតា និង អ៊ីរ៉ង់ ។ ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ជាង ប្រាំបួន លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់ សាសនា​អ៊ិ​ស្លាម ភាសាផ្លូវការ​គឺ​ភាសា អារ៉ាប់​ទំនើប រដ្ឋធានី​គឺ​ទីក្រុង អា​ប៊ុ​យ ដា​ប៊ី ប៉ុន្តែ​ទីក្រុង​ដែល​ធំជាងគេ​បំផុត គឺ​ទីក្រុង ឌុយ​បៃ ។​
​ ​
​ប្រវត្តិសាស្ត្រ​
​គិត​ចាប់ពី​ចុង​សតវត្សរ៍​ទី​៧ កុលសម្ព័ន្ធ Carmathians បាន​បង្កើត នូវ​អាណាចក្រ​ដ៏​ខ្លាំងពូកែ​មួយ​។ ពួក​អឺរ៉ុប មាន​ព័រទុយហ្កាល់ អង់គ្លេស និង​ហូ​ឡង់​បាន​ទៅដល់​តំបន់​ឈូង​សមុទ្រ ពែ​ក្ស នៅ​អំឡុង​សតវត្សរ៍ ទី​១៦ ។ នៅ ដើម​សតវត្សរ៍​ទី​១៦​ឧ​ត្ត​ម​សេនីយ៍​កងទ័ព ព័រទុយហ្កាល់ Afonso de Albuquerque បាន​ច្បាំង​ឈ្នះ​កុលសម្ព័ន្ធ និង​សហគមន៍ នានា​នៅតាម​ឈូង​សមុទ្រ​ពែ​ក្ស​ហើយ បាន​កសាង​បន្ទាយ ទ័ព​នៅតាម​តំបន់ ទាំងនោះ ជាពិសេស​នៅ​តំបន់ Muscat, Sohar និង KhorFakkan​។
​ ​
​នៅ​អំឡុង​សតវត្សរ៍​ទី​១៧ សហព័ន្ធ Bani Yas គឺជា​សម្ព័ន្ធ​ដែលមាន កម្លាំង​ទ័ព​ខ្លាំងក្លា​ជាងគេ​នៅ​តំបន់ អា​ប៊ុ​យ ដា​ប៊ី ។ លុះដល់​ចុង​សតវត្សរ៍ ទី​១៩ អាណាចក្រ Carmathians បាន បែកខ្ញែក​គ្នា​ទៅជា “ រដ្ឋ “ តូចៗ ( Emirate ) ដោយ​ក្រុមខ្លះ​នៅ​ភាគខាងត្បូង នៃ ឈូង​សមុទ្រ ពែ​ក្ស ក្លាយជា​ចោរ​សមុទ្រ ដែល​គំរាមកំហែង ស៊ុ​លត​ង់ (​ស្តេច ឬ ប្រមុខ​នគរ ) Muscat និង អូ​ម៉​ង់ ។​

​ក្លាយជា​អាណានិគម​អង់គ្លេស​
​កប៉ាល់​ពាណិជ្ជកម្ម អង់គ្លេស របស់​ក្រុមហ៊ុន អង់គ្លេស ឥណ្ឌា​ខាង កើត (British East India) ដែលមាន ទីតាំងនៅ​ប្រទេស​ឥណ្ឌា​នៅពេល ឆ្លងកាត់​តំបន់​ឈូង​សមុទ្រ ពែ​ក្ស ក៏​ធ្លាប់ បាន​រង​ការ​ប្លន់​ពី​ពួក ចោរ​សមុទ្រ​ដែរ ។

​គួររំលឹកថា ក្រុមហ៊ុន British East India នេះ​ថ្វី​ដ្បិត​ជា​ក្រុមហ៊ុន​ក៏​ពិត មែន ប៉ុន្តែ​ជា​ក្រុមហ៊ុន​ដែល ទទួលបាន សិទ្ធិ​ពី​រដ្ឋាភិបាល​អង់គ្លេស​ក្នុងការ បង្កើត​កងទ័ព​នៅក្រៅ​ប្រទេស ដែលមាន​សិទ្ធិ​ដូចជា​កងទ័ព របស់​រដ្ឋាភិបាល អង់គ្លេស ។​
​ ​
​អង់គ្លេស​បាន​ហៅ​ភាគ​ខាង ត្បូង​នៃ​ឈូង​សមុទ្រ​ពែ​ក្ស ថា​ជា “​ឆ្នេរ ចោរ​សមុទ្រ “​ព្រោះ​អង់គ្លេស​បាន​ចាត់ ទុក​ចុ​ល្លរ​ដ្ឋ ទាំងនោះ​ថា “​រដ្ឋ​ចោរ សមុទ្រ​“​។ កងទ័ពជើងទឹក​អង់គ្លេស របស់​ក្រុមហ៊ុន អង់គ្លេស ឥណ្ឌា ខាង កើត មាន​បេសកកម្ម​ការពារ​កប៉ាល់ ជំនួញ​របស់ខ្លួន​ពី​ការ​វាយឆ្មក់ និង​ប្លន់ ពី​សំណាក់​ពួកចោរ សមុទ្រ​នៅ​តំបន់ Ras al-Khaimah ក៏​នាំឱ្យមាន​យុទ្ធនាការ ប្រឆាំង​ទីតាំង និង​កំពង់ផែ​នានា​ជា​បន្ត បន្ទាប់​នៅ​ឆ្នាំ​១៨០៩ និង​១៨១៩ ។​

​នៅ​ឆ្នាំ​១៨២០ កងទ័ព​អង់គ្លេស បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ជាមួយ អ្នកគ្រប់គ្រង​ចុ​ល្លរ​ដ្ឋ (​រដ្ឋ​តូច​) នានា ចំនួន​ប្រាំបួន​នៅតាម​ឈូង​សមុទ្រ​ពែ​ក្ស​។ តាមរយៈ​សន្ធិសញ្ញា​នេះ អង់គ្លេស បាន​ប្តូរ​ឈ្មោះ ចុ​ល្ល​រដ្ឋ​ទាំង​នៅ​ពី “​រដ្ឋ ចោរ​សមុទ្រ “ ទៅជា “ រដ្ឋ​សន្ធិសញ្ញា “ វិញ ។ ទោះយ៉ាងណា អង់គ្លេស​មិនបាន បង្កើត​ប្រព័ន្ធ​រដ្ឋបាល​គ្រប់គ្រង​រដ្ឋ​ទាំងនេះ ជា​លក្ខណៈ​អាណានិគម​នៅឡើយ ។​
​ ​
​នៅពេលដែល​ក្រុម​រដ្ឋ​តូចៗ ទាំង​ប្រាំបួន ផ្លាស់ប្តូរ​ពី​ភាពជា​ចោរ សមុទ្រ​ក្លាយទៅជា​រដ្ឋ​សន្ធិសញ្ញា​បែប នេះ ពួកគេ​ក៏​នៅតែ​រង​ការ​គំរាម​-​កំហែង​ពី​ពួក​មហាអំណាច​អឺរ៉ុប គឺ បារាំង និង​រុស្ស៊ី ដែលមាន​មហិច្ឆតា​ចង់ លុកលុយ​តំបន់​ចុ​ល្ល​រដ្ឋ​នៅ​តំបន់​ឈូង សមុទ្រ ពែ​ក្ស នោះដែរ ។ ដើម្បី​រក​ខ្នង បង្អែក​ពី​ការ​បៀតបៀន​នេះ ពួកគេ​បាន ចុះហត្ថលេខា​បី​ទៀត ជាមួយ​អង់គ្លេស នៅ​ឆ្នាំ​១៨៤៣ ឆ្នាំ​១៨៥៣ និង ឆ្នាំ ១៨៩២​។
​ ​
​នៅក្នុង​កិច្ចសន្យា​ទាំងនោះ ពួក ចុ​ល្ល​រាជ្យ (​ស្តេច​នៃ​រដ្ឋ​តូច​) ទាំងឡាយ ព្រមព្រៀង​ថា នឹងមិន​ប្រគល់ ទឹកដី​របស់ ខ្លួន​ទៅឱ្យ​ប្រទេស​ណា​ផ្សេង​ចូល ឬ ប្រើប្រាស់​ឡើយ លើកលែងតែ អង់គ្លេស មួយ​ចេញ ហើយក៏​នឹងមិន​បង្កើត​ទំនាក់​-​ទំនង​ជាមួយ​រដ្ឋាភិបាល​បរទេស​ណា មួយ​ដែរ លើកលែង​តែមាន​ការយ​ល់ ព្រម​ពី​អង់គ្លេស ។

​ជាការ​តបស្នង កងទ័ព​អង់គ្លេស សន្យាថា​នឹង​ការពារ​តំបន់​ឈូង​សមុទ្រ ពី​ការវាយប្រហារ​គ្រប់​ប្រភេទ​ទៅលើ រដ្ឋ​ទាំងនោះ​ពី​តាម​សមុទ្រ ហើយនឹង ជួយ​រដ្ឋ​ឈូង​សមុទ្រ​ទាំងនោះ​ពី​ការ វាយប្រហារ​ណាមួយ​ពី​តាម ផ្លូ​គោក​ផង ដែរ ។ កិច្ចសន្យា​ទាំងនេះ​ត្រូវបាន​ចុះ ហត្ថលេខា​ដោយ​ចុ​ល្ល​រាជ្យ​នៃ​តំបន់ Abu Dhabi, Dubai, Sharjah, Ajman, Ras Al Khaimah,Umm Al Quwain, ពី​ចន្លោះ​ថ្ងៃ ទី​៦ និង ថ្ងៃទី​៨ ខែមីនា ឆ្នាំ​១៨៩២ ។ ក្រោយមក ក៏មាន​រដ្ឋ Bahrain និង​រដ្ឋ Oman ទៀត ។ ចំណែក Qatar ដែល​ធ្លាប់​ស្ថិតក្រោម កិច្ចការពារ​របស់​ម​ហា​អំណាច​មូស្លីម​អូ​តូ​ម៉​ង់ (​តួ​ក​គី​) បានក្លាយ ជា​រដ្ឋ​ក្រោម​កិច្ច ការពារ​របស់ អង់គ្លេស នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​១៩១៦ បន្ទាប់ពី អូ​តូ​ម៉​ង់​បាន​ធ្លាក់​អានុភាព​។​
​ ​
​មើល​ពីមួយ​ជ្រុង​ឃើញថា កិច្ចសន្យា​នេះ​ដើម្បីឱ្យ​អង់គ្លេស​ជា​អ្នក ការពារ​រដ្ឋ​ឈូង​សមុទ្រ​ទាំងនោះ​។ ប៉ុន្តែ​មើល​ពី​ជ្រុង​ផ្សេងទៀត គឺ​អង់គ្លេស គឺជា​អាណានិគម ។ រដ្ឋ​ទាំង​នោះបាន ធ្លាក់​ក្រោម​ការត្រួតត្រា ឬ​អាណានិគម របស់​អង់គ្លេស ដោយ​ប្រការ​នេះឯង​។​

​ឯករាជ្យ​បង្កើត​រដ្ឋ​អារ៉ាប់​រួបរួម​
​ប្រេងកាត​ត្រូវបាន​រកឃើញ មុនដំបូង​នៅ​តំបន់​រដ្ឋ​ទាំងនេះ នា​អំឡុង ឆ្នាំ​១៩៣៩ ធ្វើឱ្យ​តំបន់​នៃ​រដ្ឋ​សន្ធិសញ្ញា ក្លាយជា​សាច់​មួយ​ដុំ​ដ៏​កាន់តែ​ជាទី​ស្រេក ឃ្លាន​នៃ​ពួក​មហាអំណាច​អឺរ៉ុប ។ មិន​តែ ប៉ុណ្ណោះ អ៊ីរ៉ង់ ដែលជា​រដ្ឋ​ដ៏​មាន​ឥទ្ធិពល មួយ​នៅ​ជិតខាង​តំបន់​រដ្ឋ​សន្ធិសញ្ញា នោះ ក៏​តែងតែ​ប៉ុនប៉ង​លេប​ត្របាក់​តំបន់ រដ្ឋ​សន្ធិ​សញ្ញោ​នាះ​ដែរ ។​
​ ​
​ទោះយ៉ាងណា ប្រេងកាត មិន ត្រូវបាន​ទាញយក​ផលប្រយោជន៍​ឡើយ ដោយសារ​សង្គ្រាមលោកលើកទី​២ ផ្ទុះ ឡើង (​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​១៩៣៩-​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ​១៩៤៥) ។ អង់គ្លេស (​និង​អាមេរិក និង​សម្ព័ន្ធមិត្ត​) ជា​អ្ន​សង្គ្រាម លោក​លើក​ទី​២ ប៉ុន្តែ​ប៉ូល នៃ​អំណាច​របស់​អង់គ្លេស ក៏បាន​ធ្លាក់ ចុះ​យ៉ាងខ្លាំង​នៅក្រោយ​សង្គ្រាម​នោះ ជាពិសេស​បន្ទាប់ពី​ឯករាជភាព (​ពី អង់គ្លេស​) របស់​ឥណ្ឌា និង​ប៉ា​គី​ស្ថាន នៅ​ឆ្នាំ​១៩៤៧ ។​
​ ​
​សង្គ្រាមត្រជាក់ (​រវាង អាមេរិក និង​សូ​វៀត​) បានបង្ហាញ​ខ្លួន ឡើង នៅ​ឆ្នាំ​១៩៤៧ ធ្វើឱ្យ​តម្រូវការ នៃ​ការ​ថ្លឹង​អំណាច​នៅ​មជ្ឈិមបូព៌ា រវាង​មហាអំណាច​កុ​ម្មុយ​និ​ស្ត (​សូ​វៀត​) និង​មហាអំណាច​សេរី (​អាមេរិក​) ត្រូវ បានទាមទារ​ឱ្យមាន​តុល្យភាព ។ វត្តមាន របស់​អង់គ្លេស​នៅ​មជ្ឈិមបូព៌ា គឺជា សូចនាករ​មួយ​មិនមាន​តុល្យភាព​គ្នា ។ ដោយហេតុនេះ នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ មាន​សម្ពាធ​ពី អន្តរជាតិ​កាន់តែ ខ្លាំង​ទៅៗ បង្ខំ​ឱ្យ​អង់គ្លេស ដកចេញ​ពី ឈូងសមុទ្ទ​ពែ​ក ។ ទីបំផុត​នៅ​ថ្ងៃទី​១៦ (២៤?) ខែមករា ឆ្នាំ​១៩៦៩ នាយក រដ្ឋមន្ត្រី​អង់គ្លេស លោក Harold Wilson នៃ​រដ្ឋាភិបាល​អង់គ្លេស របស់​គណបក្ស ពលកម្ម បានប្រកាសថា “​អង់គ្លេស នឹង ដក​កងទ័ព​ចេញពី​ឈូងសមុទ្ទ​ពែ​ក នៅ មុន​ដំណាច់ឆ្នាំ​១៩៧១“ ។​
​ ​
​ស្ថានការណ៍​ម​ជ្ឈឹ​ម​បូព៌ា​នា គ្រានោះ​នៅ​ផុយស្រួយ​នៅឡើយ ជា ពិសេស​មហិច្ឆតា​របស់​អ៊ីរ៉ង់ ដ៏​មាន អំណាច​ក្នុងការ​លេប​ត្របាក់​រដ្ឋ សន្ធិសញ្ញា​ទាំង​ប្រាំបួន ។ ដោយ​ក្តីបារម្ភ អំពី​ស្ថិរភាព​នៃ​រដ្ឋ​តូច​នៅតាម​ឈូង សមុទ្ទ​នោះ អ្នកគ្រប់គ្រង​រដ្ឋ Abu Dhabi លោក Sheikh Zayed bin Sultan Al Nahyan បាន​សុំឱ្យ​កងទ័ព​អង់គ្លេស បន្ត វត្ត​មាននៅ​ទីនោះ​តទៅទៀត ដោយ ធានា​នូវ​ការចំណាយ​ទាំងស្រុង​សម្រាប់ កងទ័ព​ទាំងនោះ ។ ប៉ុន្តែ​អង់គ្លេស ដែល រង​គំនាប​ពី​អន្តរជាតិ​ច្រើនពេក បាន បដិសេធ ។​
​ ​
​បន្ទាប់ពី​ការប្រកាស​របស់ នាយករដ្ឋមន្ត្រី​អង់គ្លេស អំពី​ការដក កងទ័ព​ចេញពី​ម​ជ្ឈឹ​ម​បូ​ព៌ោ​នាះ រដ្ឋ សន្ធិសញ្ញា​ទាំង​ប្រាំបួន បានចាប់ផ្តើម គិតគូរ​គ្នា ដើម្បី​បង្រួបបង្រួម​បញ្ចូល​គ្នា ដើម្បី​ចៀសវាង​នូវ ការគំរាមកំហែង​ពី ខាងក្រៅ ជាពិសេស​ពី​សំណាក់​អ៊ីរ៉ង់ និង​ចលនា​ប្រឆាំង​ខាងក្នុង ។ ប៉ុន្តែ​រហូត ដល់​ពាក់កណ្តាល​ឆ្នាំ​១៩៧១ ក៏​បំណង របស់​ពួកគេ​នៅតែ​មិនអាច​ទៅរួច ។​
​ ​
​ការប្រកាស​ដកទ័ព​ចេញពី តំបន់​មជ្ឈិមបូព៌ា (​តាម​គំនាប​ពី​អន្តរជាតិ​) របស់​អង់គ្លេស គឺជា​សំឡេង ខ្លែងស្រាក គំរាម​អាយុសង្ខារ​របស់​រដ្ឋ​សន្ធិសញ្ញា ដែលមាន​កម្លាំង​ទ័ព​ទន់ខ្សោយ ប៉ុន្តែ​គឺជា ដំណឹង​ល្អ ដ៏​សែន​រីករាយ​របស់​អ៊ីរ៉ង់ ។ ពេលនោះ​កងទ័ពជើងទឹក​របស់​អ៊ីរ៉ង់ បាន​ចាក​ចេញពី​ប្រជុំ​កោះ Tund ជា​កោះ ដែល​អ៊ីរ៉ង់ ដណ្តើម​ពីរ​ដ្ឋ​សន្ធិសញ្ញា ដោយ​កម្លាំង​កងទ័ព រំកិល​ចូលដល់ កោះ Abu Musa កៀក​នឹង​រដ្ឋ សន្ធិសញ្ញា មែនទែន ។ អ្នកគ្រប់គ្រង​រដ្ឋ​បានធ្វើ កិច្ចសន្យាជួល​កោះ​នោះ​ទៅឱ្យ​អ៊ីរ៉ង់​ក្នុងតម្លៃ​បី​លាន ដុល្លារ​ក្នុង​មួយឆ្នាំ គឺ ដោយសារ​ដឹង​ច្បាស់​ថា មិនអាច​ទប់ នឹង​កម្លាំង​ទ័ព​អ៊ីរ៉ង់ បាន ។ ចំ​ណែ​តំបន់ ជុំវិញ​កោះ​នោះ បានប្រកាស​ខ្លួន​ថា ជា ផ្នែក​មួយ​នៃ​រដ្ឋ Abu Dhabi គឺ​ដើម្បី គេច​ពី​ការប៉ង​យាយី​របស់​អ៊ីរ៉ង់ ។
​ ​
​កិច្ចសន្យា​រវាង​រដ្ឋ​សន្ធិសញ្ញា ជាមួយ​អង់គ្លេស បាន​ផុត​សុពលភាព នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​១៩៧១ ។
​ ​
​ស្ថិតក្រោម​ការ​គំរាម​ពី​អ៊ីរ៉ង់ ដ៏ មានអំណាច អ្នកគ្រប់គ្រង​រដ្ឋ (emirates) Abu Dhabi និង​រដ្ឋ Dubai បានសម្រេច ចិត្ត​បង្កើត​សហគមន៍​មួយ​រវាង​រដ្ឋ​របស់ ពួកគេ​ទាំងពីរ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ ១៩៧១ ។ នៅ​ថ្ងៃ​ដដែល​នោះ រដ្ឋ​បួន ផ្សេងទៀត​ដែល​កំពុង​ភ័យ​បារម្ភ​អំពី​ការ បៀតបៀន​ពី​សំណាក់​អ៊ីរ៉ង់ នោះ ក៏បាន ព្រមព្រៀង​ចូលរួម​ជា​ហគ​មន៍​នោះដែរ ដោយ​ហៅថា “​រដ្ឋ​អារ៉ាប់​រួបរួម (United Arab Emirates) ដោយមាន​រដ្ឋ​សន្ធិ សញ្ញា​ចំនួន​ប្រាំមួយ ។ ចំណែក​រដ្ឋ Ras al-Khaimah បាន​ទៅ​រួបរួម​ជាមួយ​រដ្ឋ ទាំង​ប្រាំមួយ នៅក្នុង​ខែកុម្ភៈ ឆ្នាំ​១៩៧២ នាំឱ្យ​រដ្ឋ​អារ៉ាប់​រួបរួម មាន​សមាជិក​ចំនួន ប្រាំពីរ ។ រដ្ឋ​អារ៉ាប់​រួបរួម ឬ United Arab Emirates ក៏បាន​កើតឡើង​ចាប់ ពី​ពេល​នោះមក​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
​ ​
​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ សហព័ន្ធ នៃ​រដ្ឋ​អារ៉ាប់​រួបរួម ប្រារឰ ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ ដើម្បី រំលឹក​ដល់​ព្រឹត្តិការណ៍​នេះឯង ។​
​ ​
​ប៉ុន្តែ​រដ្ឋ​ចំនួន​ពីរ គឺ​រដ្ឋ Bahrain និង​រដ្ឋ Qatar (​កាតា​) បានសម្រេច​ចិត្ត មិន​រួបរួម​នឹង​គេ​ឡើយ ក៏បាន​បង្កើតជា រដ្ឋ​ឯករាជ្យ​រៀងៗ​ខ្លួន​នៅ​អំឡុង​ខែ សីហា និង​ខែកញ្ញា ឆ្នាំ​១៩៧១ នោះ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

​ទិ​ដ្ឋ​ទីក្រុង អា​ប៊ុ​យ ដា​ប៊ី នៃ​រដ្ឋ អារ៉ាប់​រួបរួម (​អា​ប៊ុ​យ ដា​ប៊ី ១,​អា​ប៊ុ​យ ដា​ប៊ី ២ )
​ទិ​ដ្ឋ​ទីក្រុង អា​ប៊ុ​យ ដា​ប៊ី នៃ​រដ្ឋ អារ៉ាប់​រួបរួម (​អា​ប៊ុ​យ ដា​ប៊ី ១,​អា​ប៊ុ​យ ដា​ប៊ី ២ )