ទិវា​ឯករាជ្យ នៃរដ្ឋអារ៉ាប់​រួបរួម​

1422
ចែករម្លែក

​ភ្នំពេញ​៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ នៃ រដ្ឋ អារ៉ាប់ រូប​រួម ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី ០២ ខែ ធ្នូ ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​រដ្ឋ​សន្ធិសញ្ញា​តូចៗ​ចំនួន ០៧ រួបរួមគ្នា​បង្កើតជា រដ្ឋ​សហព័ន្ធ រដ្ឋ អារ៉ាប់ រួបរួម កាលពី​ឆ្នាំ ១៩៧១ បន្ទាប់ពី​អាណានិគម អង់គ្លេស ត្រូវបាន​អន្តរជាតិ​បង្ខំ​ឱ្យ​ដក​ចេញពី​តំបន់​មជ្ឈិមបូព៌ា ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​រដ្ឋ អារ៉ាប់ រួបរួម ( United Arab Emirates = UAE ) មាន​ផ្ទៃដី ៨៣.៦០០ គីឡូម៉ែត្រ​ក្រឡា គឺជា​រដ្ឋ​សហព័ន្ធ ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍ នៅ​ចុង​ឧបទ្វីប​អារ៉ាប់ នៅតាម​បណ្តោយ​ឈូងសមុទ្ទ ពែ​ក កើតចេញពី​ការរួបរួម​គ្នា នៃ រដ្ឋ (Emirate ) តូចៗ ចំនួន ០៧ គី​រដ្ឋ Abu Dhabi (​ដែលជា​ទីតាំង នៃ រដ្ឋធានី ) Ajman, Dubai, Fujairah, Ras al-Khaimah, Sharjah and Umm al-Quwain មាន​ព្រំដែន​ជាប់​នឹង​ប្រទេស អូ​ម៉​ង់ អា​រ៉ា​ប៊ី សា​អ៊ូ​ឌី កាតា និង អ៊ីរ៉ង់ ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ ជាង ៩ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ភាសាផ្លូវការ​គឺ​ភាសា​អារ៉ាប់​ទំនើប រដ្ឋធានី​គឺ​ទីក្រុង អា​ប៊ុ​យ ដា​ប៊ី ប៉ុន្តែ​ទីក្រុង​ដែល​ធំជាងគេ​បំផុត​គឺ​ទីក្រុង ឌុយ​បៃ ។​

ប្រវត្តិសាស្ត្រ​
​គិត​ចាប់ពី​ចុង​សតវត្សរ៍​ទី ៧ កុលសម្ព័ន្ធ Carmathians បាន​បង្កើត​នូវ​អាណាចក្រ ដ៏​ខ្លាំងពូកែ​មួយ ។ ពួក​អឺរ៉ុប មាន ព័រទុយហ្កាល់ អង់គ្លេស និង ហុ​ល្លង់ បាន​ទៅដល់​តំបន់ ឈូង សមុទ្ទ ពែ​ក នៅ​អំឡុង​សតវត្សរ៍​ទី ១៦ ។ នៅ​ដើម​សតវត្សរ៍​ទី ១៦ ឧ​ត្ត​ម​សេនី កងទ័ព​ព័រទុយហ្កាល់ Afonso de Albuquerque បាន​ច្បាំង​ឈ្នះ​កុលសម្ព័ន្ធ និង សហគមន៍ នានា​នៅតាម​ឈូងសមុទ្ទ ពែ​ក ហើយ​បាន​កសាង​បន្ទាយទ័ព​នៅតាម​តំបន់​ទាំងនោះ ជាពិសេស​នៅ​តំបន់ Muscat, Sohar និង Khor Fakkan ។

​នៅ​អំឡុង​សតវត្សរ៍​ទី ១៧ សហព័ន្ធ Bani Yas គឺជា​សម្ព័ន្ធ​ដែលមាន​កម្លាំង​ទ័ព​ខ្លាំងក្លា ជាងគេ​នៅ​តំបន់ អា​ប៊ុ​យ ដា​ប៊ី ។ លុះដល់​ចុង​សតវត្សរ៍​ទី ១៩ អាណាចក្រ Carmathians បាន​បែកខ្ញែក​គ្នា​ទៅជា “ រដ្ឋ “ តូចៗ ( Emirate ) ដោយ​ក្រុមខ្លះ​នៅ​ភាគខាងត្បូង នៃ ឈូង សមុទ្ទ ពែ​ក ក្លាយជា​ចោរ​សមុទ្ទ ដែល​គំរាមកំហែង ស៊ុ​លត​ង់ (​ស្តេច ឬ ប្រមុខ​នគរ ) Muscat និង អូ​ម៉​ង់ ។​

ក្លាយជា​អាណានិគម​អង់គ្លេស​
កប៉ាល់​ពាណិជ្ជកម្ម អង់គ្លេស របស់ ក្រុមហ៊ុន អង់គ្លេស ឥណ្ឌា ខាងកើត ( British East India ) ដែលមាន​ទីតាំងនៅ​ប្រទេស​ឥណ្ឌា នៅពេល​ឆ្លងកាត់​តំបន់​ឈូងសមុទ្ទ ពែ​ក ក៏​ធ្លាប់បាន​រង​ការ ប្លន់ ពី​ពួកចោរ​សមុទ្ទ​ដែរ ។ គួររំឭកថា​ក្រុមហ៊ុន British East India នេះ​ថ្វី​ដ្បិត​ជា​ក្រុមហ៊ុន​ក៏ពិតមែន ប៉ុន្តែ​ជា​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​ពី​រដ្ឋាភិបាល​អង់គ្លេស ក្នុងការ​បង្កើត​កងទ័ព​នៅក្រៅ​ប្រទេស ដែលមាន​សិទ្ធិ​ដូចជា​កងទ័ព​របស់រ​ដ្ឋា​ភិ​បាល​អង់គ្លេស ។​
​អង់គ្លេស បាន​ហៅ​ភាគខាងត្បូង នៃ ឈូងសមុទ្ទ ពែ​ក ថា​ជា “ ឆ្នេរ​ចោរ​សមុទ្ទ “ ព្រោះ​អង់គ្លេស បានចាត់ទុក​ចុ​ល្លរ​ដ្ឋ ទាំងនោះ​ថា “ រដ្ឋ​ចោរ​សមុទ្ទ “ ។ កងទ័ព​ជើង ទឹក​អង់គ្លេស របស់ ក្រុមហ៊ុន អង់គ្លេស ឥណ្ឌា ខាងកើត មាន​បេសកកម្ម​ការពារ​កប៉ាល់ ជំនួញ​របស់ខ្លួន ពី​ការ​វាយឆ្មក់ និង ប្លន់ ពី​ពួកចោរ​សមុទ្ទ នៅ​តំបន់ Ras al-Khaimah ក៏​នាំឱ្យមាន​យុទ្ធនាការ​ប្រឆាំង​ទីតាំង និង កំពង់ផែ​នានា​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ ១៨០៩ និង ១៨១៩ ។​

​នៅ​ឆ្នាំ ១៨២០ កងទ័ព​អង់គ្លេស បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ជាមួយ​អ្នកគ្រប់គ្រង​ចុ​ល្លរ​ដ្ឋ (​រដ្ឋ​តូច​) នានា​ចំនួន ០៩ នៅតាម​ឈូងសមុទ្ទ ពែ​ក ។ តាមរយៈ​សន្ធិសញ្ញា​នេះ អង់គ្លេស បាន​ប្តូរ​ឈ្មោះ​ចុ​ល្ល​រដ្ឋ​ទាំងនោះ​ពី “ រដ្ឋ​ចោរ​សមុទ្ទ “ ទៅជា “ រដ្ឋ​សន្ធិសញ្ញា “ វិញ ។ ទោះយ៉ាងណា​អង់គ្លេស​មិនបាន​បង្កើត​ប្រព័ន្ធ​រដ្ឋបាល​គ្រប់គ្រង​រដ្ឋ​ទាំ​នេះ​ជា​លក្ខណៈ​អាណានិគម​នៅឡើយ ។​

​នៅពេល​ក្រុម​រដ្ឋ​តូចៗ​ទាំង ០៩ ផ្លាស់ប្តូរ​ពី​ភាពជា​ចោរ​សមុទ្ទ​ក្លាយទៅជា​រដ្ឋ​សន្ធិសញ្ញា បែបនេះ ពួកគេ​ក៏​នៅតែ​រង​ការគំរាមកំហែង​ពី​ពួក​មហាអំណាច​អឺរ៉ុប​គឺ បារាំង និង រុស្ស៊ី ដែលមាន​មហិច្ឆតា ចង់​លុកលុយ​តំបន់​ចុ​ល្ល​រដ្ឋ​នៅ​តំបន់​ឈូងសមុទ្ទ ពែ​ក នោះដែរ ។ ដើម្បី​រក​ខ្នងបង្អែក​ពី​ការ​បៀតបៀន​នេះ ពួកគេ​បាន​ចុះហត្ថលេខា ៣ ទៀត​ជាមួយ​អង់គ្លេស នៅ​ឆ្នាំ ១៨៤៣ ឆ្នាំ ១៨៥៣ និង ឆ្នាំ ១៨៩២​។

​នៅក្នុង​កិច្ចសន្យា​ទាំងនោះ​ពួក ចុ​ល្ល​រាជ្យ (​ស្តេច នៃ រដ្ឋ​តូច​) ទាំងឡាយ​ព្រមព្រៀង​ថា នឹងមិន​ប្រគល់​ទឹកដី​របស់ខ្លួន​ទៅឱ្យ​ប្រទេស​ណា​ផ្សេង​ចូល ឬ ប្រើប្រាស់​ឡើយ លើកលែងតែ អង់គ្លេស​មួយ​ចេញ ហើយក៏​នឹងមិន​បង្កើត​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​បរទេស​ណាមួយ​ដែរ លើកលែង​តែមាន​ការយ​ល់​ព្រម​ពី​អង់គ្លេស ។

​ជាការ​តបស្នង កងទ័ព អង់គ្លេស សន្យាថា​នឹង​ការពារ​តំបន់​ឈូងសមុទ្ទ ពី​ការវាយប្រហារ គ្រប់​ប្រភេទ​ទៅលើ​រដ្ឋ​ទាំងនោះ​ពី​តាម​សមុទ្ទ ហើយនឹង​ជួយ​រដ្ឋ​ឈូងសមុទ្ទ​ទាំងនោះ​ពី​ការ យ​វា​ប្រហារ​ណាមួយ​ពី​តាម​ផ្លូ​គោក​ផងដែរ ។ កិច្ចសន្យា​ទាំងនេះ​ត្រូវបាន​ចុះហត្ថលេខា ដោយ​ចុ​ល្ល​រាជ្យ នៃ តំបន់ Abu Dhabi, Dubai, Sharjah, Ajman, Ras Al Khaimah , Umm Al Quwain , ពី​ចន្លោះ​ថ្ងៃទី ៦ និង ថ្ងៃទី ៨ ខែ មីនា ឆ្នាំ ១៨៩២ ។ ក្រោយមក ក៏មាន​រដ្ឋ Bahrain និង រដ្ឋ Oman ទៀត ។ ចំណែក Qatar ដែល​ធ្លាប់​ស្ថិតក្រោម កិច្ចការពារ​របស់​ម​ហា​អំណាច មូ​ស្ល៊ី​ម អូ​តូ​ម៉​ង់ (​តួ​ក​គី ) បាន​ក្លាយជា​រដ្ឋ​ក្រោម​កិច្ច ការពារ​របស់ អង់គ្លេស នៅ​ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ១៩១៦ បន្ទាប់ពី​អូ​តូ​ម៉​ង់ បាន​ធ្លាក់​អនុភាព​។​ មើល​ពីមួយ​ជ្រុង ឃើញថា កិច្ចសន្យា​នេះ​ដើម្បីឱ្យ អង់គ្លេស ជា​អ្នកការពារ​រដ្ឋ​ឈូង សមុទ្ទ​ទាំងនោះ ។ ប៉ុន្តែ​មើល​ពី​ជ្រុង​ផ្សេងទៀត គឺ​អង់គ្លេស គឺជា​អាណានិគម ។ រដ្ឋ​ទាំងនោះ បាន​ធ្លាក់​ក្រោម​ការត្រួតត្រា ឬ អាណានិគម របស់​អង់គ្លេស ដោយ​ប្រការ​បែប​នោះឯង ។​

​ឯករាជ្យ​បង្កើត​រដ្ឋ​អារ៉ាប់​រួបរួម
​ប្រេងកាត​ត្រូវបាន​រកឃើញ​មុនដំបូង​នៅ​តំបន់​រដ្ឋ​ទាំងនេះ​នា​អំឡុង​ឆ្នាំ ១៩៣៩ ធ្វើឱ្យ​តំបន់ នៃ រដ្ឋ​សន្ធិសញ្ញា​ក្លាយជា​សាច់​មួយ​ដុំ​ដ៏​កាន់តែ​ជាទី​ស្រេកឃ្លាន នៃ ពួក​មហាអំណាច អឺរ៉ុប ។ មិនតែប៉ុណ្ណោះ អ៊ីរ៉ង់ ដែលជា​រដ្ឋ​ដ៏​មាន​ឥទ្ធិពល​មួយ នៅ ជិតខាង​តំបន់ រដ្ឋ​សន្ធិសញ្ញា នោះ ក៏​តែងតែ​ប៉ុនប៉ង​លេប​ត្របាក់​តំបន់ រដ្ឋ​សន្ធិ​ស​ញ្ញ នោះដែរ ។

​ទោះយ៉ាងណា ប្រេងកាត មិនត្រូវ​បាន​ទាញយក​ផលប្រយោជន៍​ឡើយ ដោយសារ​សង្គ្រាម លោក​លើក​ទី ២ ផ្ទុះឡើង (​ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩៣៩-​ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ១៩៤៥) ។ អង់គ្លេស ( និង អាមេរិក និង សម្ព័ន្ធមិត្ត ) ជា​អ្ន​សង្គ្រាមលោកលើកទី ២ ប៉ុន្តែ ប៉ូល នៃ អំណាច​របស់​អង់គ្លេស ក៏បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅក្រោយ​សង្គ្រាម​នោះ ជាពិសេស​បន្ទាប់ពី ឯករាជភាព ( ពី អង់គ្លេស ) របស់ ឥណ្ឌា និង ប៉ា​គី​ស្ថាន នៅ​ឆ្នាំ ១៩៤៧ ។​

​សង្គ្រាមត្រជាក់ (​រវាង អាមេរិក និង សូ​វៀត ) បានបង្ហាញ​ខ្លួន​ឡើង​នៅ​ឆ្នាំ ១៩៤៧ ធ្វើឱ្យ​តម្រូវការ នៃ ការ​ថ្លឹង​អំណាច​នៅ​មជ្ឈិមបូព៌ា​បរ​វាង​មហាអំណាច​កុ​ម្មុយ​និ​ស្ត (​សូ​វៀត​) និង មហាអំណាច​សេរី ( អាមេរិក ) ត្រូវបាន​ទាមទារ​ឱ្យមាន​តុល្យភាព ។ វត្តមាន​របស់ អង់គ្លេស​នៅ​មជ្ឈិមបូព៌ា គឺជា​សូចនាករ​មួយ​មិនមាន​តុល្យភាព​គ្នា ។ ដោយហេតុនេះ នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ មាន​សម្ពាធ​ពី​អន្តរជាតិ​កាន់តែខ្លាំង​ទៅៗ​បង្ខំ​ឱ្យ​អង់គ្លេស ដកចេញ​ពី ឈូងសមុទ្ទ ពែ​ក ។ ទីបំផុត​នៅ​ថ្ងៃទី ១៦ ( ២៤ ? ) ខែ មករា ឆ្នាំ ១៩៦៩ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Harold Wilson នៃ​រដ្ឋាភិបាល​អង់គ្លេស​របស់​គណបក្ស ពលកម្ម បានប្រកាសថា “ អង់គ្លេស​នឹង​ដក​កងទ័ព​ចេញពី​ឈូងសមុទ្ទ ពែ​ក នៅមុន​ដំណាច់ឆ្នាំ ១៩៧១ “ ។

​ស្ថានការណ៍​ម​ជ្ឈឹ​ម​បូព៌ា​នា​គ្រានោះ​នៅ​ផុយ​ស្រួល​នៅឡើយ ជាពិសេស​មហិច្ឆតា របស់ អ៊ីរ៉ង់ ដ៏​មានអំណាច​ក្នុងការ​លេប​ត្របាក់​រដ្ឋ​សន្ធិសញ្ញា​ទាំង ០៩ ។ ដោយ​ក្តីបារម្ភ​អំពី​ស្ថិរភាព នៃ រដ្ឋ​តូច​នៅតាម​ឈូងសមុទ្ទ​នោះ អ្នកគ្រប់គ្រង​រដ្ឋ Abu Dhabi លោក Sheikh Zayed bin Sultan Al Nahyan បាន​សុំឱ្យ​កងទ័ព​អង់គ្លេស​បន្ត​វត្ត​មាននៅ​ទីនោះ​តទៅទៀត ដោយ​ធានា នូវ​ការចំណាយ​ទាំងស្រុង​សម្រាប់​កងទ័ព​ទាំងនោះ ។ ប៉ុន្តែ​អង់គ្លេស​ដែល​រង​គំនាប ពី​អន្តរជាតិ​ច្រើនពេក បាន​បដិសេធ ។​

​បន្ទាប់ពី​ការប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស អំពី​ការដក​កងទ័ព​ចេញពី​ម​ជ្ឈឹ​ម​បូព៌ា​នោះ រដ្ឋ​សន្ធិសញ្ញា​ទាំង ០៩ បានចាប់ផ្តើម​គិតគូរ​គ្នា​ដើម្បី​បង្រួបបង្រួម​បញ្ចូល​គ្នា ដើម្បី​ចៀស វាង​នូវ​ការគំរាមកំហែង​ពី​ខា​ក្រៅ ជាពិសេស​ពី អ៊ីរ៉ង់ និង ចលនា​ប្រឆាំង​ខាងក្នុង ។ ប៉ុន្តែ​រហូតដល់​ពាក់កណ្តាល​ឆ្នាំ ១៩៧១ ក៏​បំណង​របស់​ពួកគេ​នៅតែ​មិនអាច​ទៅរួច ។​

ការប្រកាស​ដកទ័ព​ចេញពី​តំបន់​មជ្ឈិមបូព៌ា ( តាម​គំនាប​ពី​អន្តរជាតិ ) របស់​អង់គ្លេស គឺជា​សំឡេង​ខ្លែងស្រាក​គំរាម​អាយុសង្ខារ​របស់ រដ្ឋ​សន្ធិសញ្ញា ដែលមាន​កម្លាំង​ទ័ព​ទន់ខ្សោយ ប៉ុន្តែ​គឺជា​ដំណឹង​ល្អ​ដ៏​សែន​រីករាយ​របស់ អ៊ីរ៉ង់ ។ ពេលនោះ​កងទ័ពជើងទឹក​របស់ អ៊ីរ៉ង់ បាន​ចាក​ចេញពី​ប្រជុំ​កោះ Tund ជា​កោះ​ដែល អ៊ីរ៉ង់ ដណ្តើម​ពីរ​ដ្ឋ​សន្ធិសញ្ញា ដោយ​កម្លាំង​កងទ័ព រំកិល​ចូលដល់​កោះ Abu Musa កៀក​នឹង​រដ្ឋ​សន្ធិសញ្ញា​មែនទែន ។ អ្នកគ្រប់គ្រង​រដ្ឋ​បានធ្វើ​កិច្ចសន្យាជួល​កោះ​នោះ​ទៅឱ្យ អ៊ីរ៉ង់ ក្នុងតម្លៃ ៣ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ គឺ​ដោយសារ​ដឹង​ច្បាស់​ថា​មិនអាច​ទប់​នឹង​កម្លាំង​ទ័ព​អ៊ីរ៉ង់​បាន ។ ចំណែក​តំបន់​ជុំវិញ​កោះ​នោះ បានប្រកាស​ខ្លួន​ថា​ជា​ផ្នែក​មួយ នៃ រដ្ឋ Abu Dhabi គឺ​ដើម្បី​គេច​ពី​ការប៉ង​យាយី​របស់ អ៊ីរ៉ង់ ។ ​កិច្ចសន្យា​រវាង​រដ្ឋ​សន្ធិសញ្ញា ជាមួយ​អង់គ្លេស បាន​ផុត​សុពលភាព​នៅ​ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ១៩៧១ ។

​ស្ថិតក្រោម​ការ​គំរាម​ពី​អ៊ីរ៉ង់ ដ៏​មានអំណាច អ្នកគ្រប់គ្រង រដ្ឋ ( emirates ) Abu Dhabi និង រដ្ឋ Dubai បានសម្រេច​ចិត្ត​បង្កើត​សហគមន៍​មួយ​រវាង​រដ្ឋ​របស់​ពួកគេ​ទាំង ២ នៅ​ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៧១ ។ នៅ​ថ្ងៃ​ដដែល​នោះ រដ្ឋ ៤​ផ្សេងទៀត​ដែល​កំពុង​ភ័យ​បារម្ភ​អំពី​ការ បៀតបៀន​ពី អ៊ីរ៉ង់ នោះ ក៏បាន​ព្រមព្រៀង​ចូលរួម​ជា​សហគមន៍​នោះដែរ ដោយ​ហៅថា “ រដ្ឋ អារ៉ាប់ រួបរួម ( United Arab Emirates ) ដោយមាន​រដ្ឋ​សន្ធិសញ្ញា​ចំនួន ០៦ ។ ចំណែក​រដ្ឋ Ras al-Khaimah បាន​ទៅ​រួបរួម​ជាមួយ​រដ្ឋ​ទាំង ០៦ នៅក្នុង​ខែ កុម្ភៈ ឆ្នាំ ១៩៧២ នាំឱ្យ​រដ្ឋ អារ៉ាប់ រួបរួម មាន​សមាជិក ចំនួន ០៧ ។ រដ្ឋ អារ៉ាប់ រួបរួម ឬ United Arab Emirates ក៏បាន​កើតឡើង​ក្នុង​លោក​ចាប់ពីពេលនោះ​មក ដោយ​ប្រការ​ដូច្នោះ​ឯង ។​

​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ សហព័ន្ធ នៃ រដ្ឋ អារ៉ាប់ រួបរួម ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ ដើម្បី រំឭក​ដល់​ព្រឹត្តិការណ៍​នោះឯង ។ ប៉ុន្តែ​រដ្ឋ​ចំនួន ២ គឺ រដ្ឋ Bahrain និង រដ្ឋ Qatar (​កាតា​) បានសម្រេច​ចិត្ត​មិន​រួបរួម​នឹង​គេ​ឡើយ ក៏បាន​បង្កើតជា​រដ្ឋ​ឯករាជ្យ រៀងៗ​ខ្លួន​នៅ​អំឡុង​ខែ សីហា និង ខែ កញ្ញា ឆ្នាំ ១៩៧១ នោះ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ទីក្រុង អា​ប៊ុ​យ ដា​ប៊ី នៃ រដ្ឋ អារ៉ាប់ រួបរួម (​អា​ប៊ុ​យ ដា​ប៊ី ១,​អា​ប៊ុ​យ ដា​ប៊ី ២ )
ទីក្រុង អា​ប៊ុ​យ ដា​ប៊ី នៃ រដ្ឋ អារ៉ាប់ រួបរួម (​អា​ប៊ុ​យ ដា​ប៊ី ១,​អា​ប៊ុ​យ ដា​ប៊ី ២ )
​ពិធី​ចុះហត្ថលេខា​រវាង​រដ្ឋ​សន្ធិសញ្ញា បង្កើតបានជា រដ្ឋ​អារ៉ាប់ រួបរួម នា​ឆ្នាំ ១៩៧១ ( អារ៉ាប់​រួម​)