ទិវា​ឯករាជ្យ នៃ​សាធារណរដ្ឋ សង្គមនិយមវៀតណាម​

830
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់ខ្លួន​នៅ ថ្ងៃទី​២ ខែកញ្ញា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ដឹកនាំ ដោយ ហូ ជី មិញ​ប្រកាស​ឯករាជ្យ ភាព​របស់​ពួកគេ ពី​អាណានិគម​បារាំង កាលពី​ឆ្នាំ​១៩៤៥ នៅ​ទីក្រុង​ហាណូយ ខណៈ ប្រទេស​មិនទាន់​ឯកភាពគ្នា​នៅឡើយ ហើយ​សន្និសីទ​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ ១៩៥៤ បាន​បំបែក​វៀតណាម ទៅជា ២ គឺ​វៀតណាម​ខាងជើង និង​វៀតណាម​ខាងត្បូង រហូតដល់​ឆ្នាំ​១៩៧៥ ទើប​វៀតណាម​ទាំង​២ រួបរួមគ្នា បន្ទាប់ពី​វៀតណាម​ខាងត្បូង ចាញ់​សង្គ្រាម​ដោយសារ​កងទ័ព​អាមេរិក ដកចេញ ។​

ភូមិសាស្ត្រ​-​ប្រជា​សស្ត្រ​
សាធារណរដ្ឋ សង្គមនិយម វៀតណាម ចាត់ទុកថា ជា​ប្រទេស​កុ​ម្មុយ​និ​ស្ត​កំណែទម្រង់ មួយ មាន​ផ្ទៃដី ៣៣១.២១០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​តំបន់ អាស៊ីអាគ្នេយ៍ ជា​ប្រទេស ១ ក្នុងចំណោម​ប្រទេស​ទាំង ៣ នៅ​ឥណ្ឌូចិន បារាំង និង​ជា​សមាជិក ១ ក្នុងចំណោម​សមាជិក ទាំង ១១ នៃ​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ (ASEAN) មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​កម្ពុជា ឡាវ ឈូងសមុទ្ទ​ថៃ ឈូងសមុទ្ទ​តុងកឹង និង ចិន ។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ ជាង ៩៦ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់​ព្រះពុទ្ធ សាសនា​មហាយាន ខុង​ជឺ និង តាវ រដ្ឋធានី គឺ​ទីក្រុង​ហាណូយ ភាសាផ្លូវការ គឺ​ភាសា វៀតណាម ។​

​ប្រវត្តិសាស្ត្រ​
ឆ្នាំរកា ចុល្លសករាជ ឆ្នាំ រកា ព​.​ស ២១៦៥ គ​.​ស ១៦២១ ម​.​ស ១៥៤៣ ច​.​ស ៩៨៣ ព្រះ​ចៅ​អណ្ណាម​កុក​បុរី (​រាជវង្ស Nguyễn ង្វៀន ឬ យួន ។ នេះហើយ​ជា​ប្រភព​ដែល​ខ្មែរ ហៅ​ជនជាតិ​វៀតណាម ថា យួន ) ដែលមាន ទំនាស់​ជាមួយ​ស្តេច​ចិន បាន​សរសេរ លិខិត​សុំ​ខ្ចី​ខេត្ត​កោះក្របី ព្រៃនគរ ពី​ស្តេច​ខ្មែរ ព្រះបាទ​ជ័យ​ចេស្តា​ដែល​ទើបតែ​បាន រៀប​អភិសេក ជាមួយ​ព្រះអង្គ​ចូ​វ បុត្រី​ស្តេច​អណ្ណាម​កុក ។ តាមរយៈ​ព្រះអង្គ​ចូ​វ នេះ ព្រះបាទ​ជ័យ​ចេស្តា ក៏​ព្រមឱ្យ​ស្តេច អណ្ណាម ខ្ចី​ខេត្ត​កោះក្របី ព្រៃនគរ​(​តាំងពី​ពេលនោះ មក ដី​នេះ មិនដែល​បាន​ត្រឡប់មក​ខ្មែរ​វិញ​ឡើយ ហើយ​តំបន់​ទាំងនោះ​ក្រោយមក ហៅថា Cochinchina គឺ​ដាក់​តាម​ឈ្មោះ​ព្រះអង្គ​ចូ​វ ដែលមាន​គុណសម្បត្តិ​យក​ទឹកដី នេះ​ពី​ខ្មែរ​ដាក់​ជា​ចំណុះ​យួន ។ ហើយ​ហៅ​តាម​សូរសៀង បារាំង ថា កូសាំងស៊ីន គឺ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម បច្ចុប្បន្ននេះ​) សម្រាប់​ហ្វឹកហាត់​កងទ័ព ដោយ​សន្យាថា ខ្ចី​តែ ៥ ឆ្នាំ ប៉ុណ្ណោះ ។​

​នៅ​ឆ្នាំ​១៧៨៤ អំឡុងពេល​ទំនាស់​គ្នា រវាង​ព្រះ​ចៅ​អ​ធិ​រាជ្យ ង្វៀន អា​ញ (​ឬ យួន អាន​) ( Nguyễn Ánh ) និង​ត្រកូល តា​យ សឺ​ន ( Tây Sơn ) មន្ត្រី​សង្ឃ រ៉ូ​ម៉ាំង កាតូលិក Pigneaux de Behaine បាន​ចាក​ចេញពី​វៀតណាម ទៅ​ប្រទេស​បារាំង ដើម្បី​ស្វែងរក ជំនួយ​យោធា​ដល់​ព្រះ​ចៅ ង្វៀន អា​ញ ។ បព្វជិត Pigneaux បាន​សម្របសម្រួល ឱ្យមាន​កិច្ចសន្យា​មួយចំនួន ដែលថា​នឹង​ផ្តល់ជំនួយ​យោធា​ដល់​វៀតណាម​ជា​កិច្ច​តប ស្នង​ទៅនឹង​សម្បទាន​របស់​វៀតណាម ។ ប៉ុន្តែ​ដោយសារ​ពេលនោះ បារាំង កំពុង​ជាប់ដៃ​នឹង​រឿង​បដិវត្តន៍​ខែកក្កដា ទើប​កិច្ចសន្យា​របស់​បព្វជិត Pigneaux មិន​ត្រូវបាន​អនុវត្ត​ឡើយ ។​

​ដោយហេតុ​នោះ បព្វជិត Pigneaux បានធ្វើ​ដំណើរ​ទៅ​តំបន់ Pondichéry ជា​ទឹកដី បារាំង នៅ​ឥណ្ឌា ហើយ​នៅ​ទីនោះ លោក​ប្រមែ​ប្រមូលបាន​កប៉ាល់ចម្បាំង ២ គ្រឿង កងវរសេនាធំ​ឥណ្ឌា ១ កង និង​ពួកកងទ័ព​ស្ម័គ្រចិត្ត​មួយចំនួន​ហើយ​ត្រឡប់​ទៅ ប្រទេស​វៀតណាម​វិញ នៅ​ឆ្នាំ​១៧៨៨ ។

​អ្នកស្ម័គ្រចិត្ត​ម្នាក់​របស់​បព្វជិត Pigneaux ឈ្មោះ Jean-Marie Dayot បាន​ជួសជុល​កង ទ័ពជើងទឹក​របស់​ព្រះ​ចៅ ង្វៀន អា​ញ ឡើងវិញ តាមរបៀប​របស់​ពួក​អឺរ៉ុប ហើយក៏ បាន​កម្ទេច​កងទ័ពរ​បស់​ត្រកូល តា​យ សឺ​ន នៅ​ឆ្នាំ​១៧៩២ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ង្វៀន អា​ញ ក៏បាន​កាន់កាប់ សាយ​ហ្ក​ន (​ព្រៃនគរ​) ទៀត ហើយ​បាន​បង្កើត​រាជវង្ស ង្វៀន (​ឬ យួន ) នៅ​ឆ្នាំ​១៨០២ ហើយ​ព្រះ​ចៅ ង្វៀន អា​ញ បាន​រាប់អាន​ចំពោះ​ពួក​អ្នក​កាតូលិក និយម ដោយបាន​ប្រគល់​ឋានៈ​មួយចំនួន ជាទី​ប្រឹក្សា​នៅក្នុង​រាជការ​របស់​ព្រះអង្គ ទៀតផង ។​

​ប៉ុន្តែ​អ្នក​ឡើង​ស្នងរាជ្យ​បន្ត​ពី​ព្រះ​ចៅ ង្វៀន អា​ញ ជា​អ្នក​ខុង​ជឺ​និយម ហើយ​មិនសូវ​អត់ ឱន​ដល់​ពួក​កាតូលិក​និយម​ឡើយ ហើយ​ទីបំផុត ក៏​បិទទ្វារ​ទាំងស្រុង​ចំពោះ​កាតូលិក និយម បន្ទាប់ពី​ពួក​កាតូលិក បំបះបំបោរ​គ្នា ប្រឆាំង​រាជការ​ក្នុង​បំណង​បង្កើត​អ​ធិ​រាជ្យ កាតូលិក​វិញ ហើយ​បំណង​នោះ បាន​បរាជ័យ ហើយ​ពួក​កាតូលិក​ទាំង​ជនជាតិដើម វៀតណាម និង​ជនបរទេស ត្រូវបាន​កាត់ទោស ។ ពាណិជ្ជកម្ម ជាមួយ​ប​ស្ចឹ​ម​លោក បាន​ថយចុះ​នៅ​អំឡុង​ពេលនេះ​។

​នៅក្នុង​ដើម​រជ្ជកាល នៃ​រាជវង្ស ង្វៀន នេះ វៀតណាម មមាញឹក​នឹង​កិច្ចការ​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ​នានា ដោយ​រួមទាំង​ការបញ្ជ្រាប​ឥទ្ធិពល​របស់ខ្លួន​មកលើ​កម្ពុជា និង ឡាវ ផង ។​

​ដោយសារ​មានទំនាស់​ជាមួយ​ពួក​កាតូលិក ជា​ញឹកញាប់ នោះឯង​ហើយ ដែល​បានជា លេស​ដល់ បារាំង ប្រើ​ជា​មូលហេតុ បង្ក​អមិត្ត​ជាមួយ​វៀតណាម ហើយ​ទីបំផុត បារាំង បាន​បើក​ការវាយលុក ទៅលើ​កំពង់ផែ ដា​ណាំង នៅ​ឆ្នាំ ១៨៥៨ បណ្តាលឱ្យ​ខូចខាត ជា​ដំណំ ។ ប៉ុន្តែ​មិនអាច​ដណ្តើម​បានឡើយ ទើប​បារាំង ទៅ​ដណ្តើម​កាន់កាប់​ទីក្រុង Gia Định (​បច្ចុប្បន្ន​ទីក្រុង​ហូជីមិញ គឺ​អតីត ព្រៃនគរ​របស់​ខ្មែរ ) វិញ ។ ដើម្បី​បម្រើ ប្រយោជន៍ ជាទី​តាំង​កងទ័ព ចាប់ពី​ឆ្នាំ ១៨៥៩-១៨៦៧ កងទ័ព​បារាំង បាន​ពង្រីក​តំបន់ កាន់កាប់​របស់ខ្លួន នៅតាម​ខេត្ត​ទាំង ៦ នៅតាម​តំបន់​សណ្តរ​ទន្លេមេគង្គ ហើយ​បង្កើត ជា​តំបន់​អាណានិគម ដែល​គេ​ហៅថា កូ​សាំង​ស៊ី ( Cochinchina គឺ​តំបន់​កម្ពុជា ក្រោម​បច្ចុប្បន្ន ) ។​

២-៣ ឆ្នាំក្រោយ​ទៀត កងទ័ព​បារាំង បាន​ទៅ​ចត​នៅ​វៀតណាម​ខាងជើង​ហើយ​នៅ ទីនោះ ពួកគេ​បាន​ហៅថា តុងកឹង និង​បាន​ដណ្តើម​កាន់កាប់​ទីក្រុង ហាណូយ ២ ដង គឺ​នៅ​ឆ្នាំ ១៨៧៣ និង ឆ្នាំ ១៨៨២ ។

​បារាំង បាន​បើក​យុទ្ធនាការ​កងទ័ព​ដ៏​ធំ​ឱ្យ​ឈ្មោះថា យុទ្ធនាការ តុង កឹង ចាប់ពី​ឆ្នាំ ១៨៨៣-១៨៨៦ បាន​ត្រួតត្រា​វៀតណាម​ទាំងស្រុង ។ តំបន់​ឥណ្ឌូចិន បារាំង ត្រូវបាន បង្កើត​នៅក្នុង​ខែតុលា ឆ្នាំ​១៨៨៧ ចាប់ពី​តំបន់​អាណ្ណា​ម (​វៀតណាម​កណ្តាល​) តុងកឹង ( វៀតណាម​ខាងជើង ) កូសាំងស៊ីន (​វៀតណាម​ខាងត្បូង ឬ កម្ពុជា​ក្រោម​) កម្ពុជា និង ឡាវ គិត​ត្រឹម​ឆ្នាំ ១៨៩៣ ) ។ នៅក្នុង​តំបន់ ឥណ្ឌូចិន បារាំង នេះ នៅ​កូសាំងស៊ីន មាន​លក្ខណៈ​ជា​អាណានិគម​សុទ្ធសាធ ខណៈ​តំបន់​នោះ​នៅ​ជា​តំបន់​ប្រទាញប្រទង់ គ្នា​ជាមួយ​កម្ពុជា​នៅឡើយ បន្ទាប់ពី​វៀត​ណា​បាន​ខ្ចី​កម្ពុជា ហើយ​មិន​ព្រម​សង​មក ខ្មែរ​វិញ ។ តំបន់​អាណ្ណា​ម មាន​លក្ខណៈ​ជា​តំបន់​ការពារ​របស់ បារាំង ដោយ​រាជវង្ស ង្វៀន នៅតែ​ជា​អ្នកគ្រប់គ្រង​នៅឡើយ ចំណែក តុងកឹង ជា​តំបន់​ដែលមាន​ទេ​សា ភិ​បាល​បារាំង ដោយមាន​រដ្ឋាភិបាល​មូលដ្ឋាន ដំណើរការ​ដោយ​មន្ត្រី​វៀតណាម ។​

​ចលនា​បោះ​បោរ​ប្រឆាំង​បារាំង
តាំងពី​ទីក្រុង Gia Định ធ្លាក់ចូល​ក្រោម​ការគ្រប់គ្រង​របស់​ក​ង​ទ័ពបារាំង​ក៏មាន​ចលនា តស៊ូ​ជាច្រើន បាន​ផ្ទុះឡើង នៅក្នុង​បណ្តា​តំបន់​កាន់កាប់​របស់​បារាំង ដូ​ជា​នៅ​ឆ្នាំ​១៨៨៥ យុវ​ធិ​រាជ្យ Hàm Nghi បាន​ចាក​ចេញពី​រាជវាំង​ទៅ​បង្កើត​ចលនា Cần Vương (​សង្គ្រោះ ព្រះរាជា ) ហើយ​ត្រូវបាន​បារាំង​ចាប់ខ្លួន និង​និរទេស​ទៅ​ប្រទេស​អាល់​ហ្សេ​រី ដែលជា ដែនដី​អាណានិគម​បារាំង នៅ​ឆ្នាំ​១៨៨៨​។ នៅ​វៀតណាម​ខាងជើង​ចលនា​ដឹកនាំ ដោយ​អតីតមន្ត្រី​វៀតណាម​លោក Phan Đình Phùng នៅ​ឆ្នាំ​១៨៩៥ ជាដើម ។ ប៉ុន្មាន ទសវត្សរ៍​ក្រោយមក ក៏មាន​ស្តេច​រាជវង្ស ង្វៀន ពី​អង្គ​ទៀត​គឺ​ព្រះអង្គ Thành Thái និង ស្តេច Duy Tân ត្រូវបាន​បារាំង និរទេស​ខ្លួន​ទៅ​អាហ្វ្រិក​ខាងត្បូង​ពីបទ​មាន​និ​ន្ន​ការ ប្រឆាំង​បារាំង ។

​គិត​ចាប់ពី​ឆ្នាំ​១៩០០ មក​គេ​ឃើញ​មាន​ពួក​យុវជន​វៀតណាម​ដែលជា​អ្នក​ពុំ​ធ្លាប់​រស់នៅ ក្នុងប្រទេស​ក្រោម​អាណានិគម​បារាំង​នោះ បានចេញ​មុខ​ហើយ​ពួកគេ​ស្រេកឃ្លាន នូវ​ឯករាជ្យភាព​វៀតណាម ដូច​ដូនតា និង ឳ​ពុក​ម្តាយ​ពួកគេ​ដែរ ប៉ុន្តែ​ពួកគេ​មិន​ចង់ បាន​របបរាជានិយម​ទៀត​ទេ គឺ​ពួកគេ​យល់ថា វៀតណាម​ត្រូវការ​ប្រព័ន្ធ​រដ្ឋាភិបាល ទំនើប ដោយ​ពួកគេ​ចង់បាន​រប​បស​ង្គ​ម​និយម ហើយ​មាន​អ្នកខ្លះ​បាន​បង្កើត​សមាគម ឯករាជ្យភាព​វៀតណាម នៅក្នុង​ប្រទេស​ជប៉ុន​។​

​ឆ្នាំ​១៩០៥ មាន​ចលនា​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ជប៉ុន ដោយ​ពួកគេ​រំពឹងថា នៅពេល​អនាគត ពួកគេ​ចេះ​ពី​វិធី​ទំនើប​ក្នុង​ការដឹកនាំ​បដិវត្តន៍​ប្រដាប់អាវុធ​ប្រឆាំង បារាំង ឱ្យបាន​ជោគជ័យ​។ ក្នុងចំណោម​អ្នក​ទាំងនោះ ក៏មាន​ព្រះអង្គម្ចាស់ Cường Để ផងដែរ ដោយបាន​រៀបចំ​អង្គការ​ចាត់តាំង​ចំនួន​ពីរ​នៅ​ប្រទេស​ជប៉ុន ។ ប៉ុន្តែ​បារាំង បានដាក់​សម្ពាធ​ការទូត​ចំពោះ​ជប៉ុន ដែល​ទីបំផុត ជប៉ុន​ត្រូវ​បង្ខំចិត្ត​បណ្តេញ​មេក​ដឹក នាំ​អង្គការ​ចាត់តាំង​ម្នាក់​ឈ្មោះ Châu ហើយ​ជំនួស​ដោយ​លោក Phan Châu Trinh ដែលមាន​និន្នាការ​តស៊ូ​ដោយ​សន្តិភាព​ដើម្បី​ទាមទារ​ឯករាជ្យភាព​ពី​បារាំង​វិញ ។

​ប៉ុន្តែ​បន្ទាប់ពី​មាន​បដិវត្តន៍​នៅ​ចិន និង​នៅ​រុស្ស៊ី មក ចលនា​បដិវត្តន៍ វៀតណាម ក៏​ចាប់ ផ្តើម​កម្រើក​ឡើងវិញ​នូវ​ចលនា​ផ្តាច់ការ ។ លោក Phan Bội Châu បាន​បង្កើត​អង្គការ ចាត់តាំង​មួយ​ឈ្មោះ Việt Nam Quang Phục Hội ដោយមាន​បំណង​បង្កើត​ចលនា​តស៊ូ ប្រដាប់អាវុធ​ប្រឆាំង​អាណានិគម​បារាំង ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៥២ គាត់​ត្រូវបាន​បារាំង ចាប់ខ្លួន នៅ​សៀង​ហៃ ហើយ​បញ្ជូនទៅ​វៀតណាម ។ ជា​កុសល ដោយសារ​ប្រជា ប្រិយភាព​របស់គាត់ ទើប​គាត់​ត្រូវបាន​លើកលែង​ជីវិត ដោយ​ឃុំឃាំង​ទុក​ក្នុងផ្ទះ​រហូត គាត់​ស្លាប់ ។​

​នៅ​ឆ្នាំ​១៩២៧ គណៈ​អ្នក​ជាតិនិយម​វៀតណាម ឈ្មោះ Việt Nam Quốc Dân Đảng ត្រូវបាន​ស្ថាបនា​ឡើង តាមបែប​បក្ស កូ​មីង​តាំង នៅ​ចិន ។ គណបក្ស នេះ បាន​ចាប់ ផ្តើម​ចលនា​ប្រដាប់អាវុធ នៅ​ឆ្នាំ​១៩៣០ នៅ​តុងកឹង ហើ​ជា​លទ្ធផល បារាំង បាន​ចាប់ មេដឹកនាំ​គណបក្ស​នេះ និង​អ្នកដឹកនាំ​មួយចំនួនទៀត កាត់ទោស​ត្រង់ៗ ។​

ហូ ជី មិញ លេចមុខ​
លទ្ធិ​ម៉ាក្ស៍​និយម ត្រូវបាន​នាំចូល​ទៅ​ប្រទេស​វៀតណាម​ផងដែរ តាមរយៈ​គណៈបក្ស កុ​ម្មុយ​និ​ស្ត​ចំនួន​បី ដែល​ក្នុងនោះ​សកម្មជន​ដែល​ត្រូវបាន​កត់ត្រា​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ នោះ គឺ​លោក ង្វៀន អាយ គួ​ក ( Nguyễn Ái Quốc = ដែល​ក្រោយមក​គាត់​ប្តូរ​ឈ្មោះថា ហូ ជី មិញ )​។ នៅ​ឆ្នាំ​១៩៣០ គណ​បក្សកុម្មុយនិស្ត អន្តរជាតិ បាន​បញ្ជូន​លោក ង្វៀន អាយ គួ​ក ទៅ​ហុងកុង ដើម្បី​សម្របសម្រួល​បង្រួបបង្រួម​គណបក្ស​ក​ម្មុយ​និ​ស្ត វៀតណាម​ទាំងអស់ ឱ្យទៅជា​គណ​បក្សកុម្មុយនិស្ត​វៀតណាម (CPV) តែមួយ ។ ក្រោយមក គណបក្ស​នេះ បាន​ប្តូរ​ឈ្មោះ​ទៅជា​គណ​បក្សកុម្មុយនិស្ត​ឥណ្ឌូចិន វិញ ។​

​ក្នុងនាម​ជា​អ្នក​បដិវត្តន៍​ឆ្វេងនិយម​ម្នាក់ ដែល​រស់នៅ​ក្នុងប្រទេស​បារាំង តាំងពី​ឆ្នាំ​១៩១១ មក​លោក ង្វៀន អាយ គួ​ក បាន​ចូលរួម​បង្កើត​បក្សកុម្មុយនិស្ត​បា​រាំង ហើយ​ចាប់ពី​ឆ្នាំ ១៩២៤ គាត់​បានធ្វើ​ដំណើរ​ទៅ​ចូលរួម​ជាមួយ​បក្សកុម្មុយនិស្ត​សូ​វៀត ។ ពេញ​ទស វត្សរ៍​ឆ្នាំ​១៩២០ គាត់​បាន​បំពេញ​តួនាទី​ជា​ភ្នាក់ងារ​បក្សកុម្មុយនិស្ត ដើម្បី​បង្កើត​ចលនា កុ​ម្មុយ​និ​ស្ត នៅ​អា​អាស៊ីអាគ្នេយ៍ ។ នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ គណបក្ស CPV វៀតណាម ស្ទើរតែ​សាបសូន្យ​ដោយសារ​ត្រូវ​បារាំង ចាប់​កាត់ទោស​មេដឹកនាំ​សំខាន់ៗ របស់​បក្ស​នេះ ក្នុងនោះ​រួមទាំង​លោក ង្វៀន អាយ គួ​ក ផងដែរ​។​

​ជា​យុទ្ធសាស្ត្រ នៃ​សង្គ្រាមលោកលើកទី​២ នៅ​ឆ្នាំ​១៩៤០ ជប៉ុន បាន​ចូលលុកលុយ ឥណ្ឌូចិន បាន​ចាប់ខ្លួន​តំណាង​បារាំង នៅ​ឥណ្ឌូចិន​ទុក​មួយ​ឡែក​។ ពេលនោះ លោក ង្វៀន អាយ គួ​ក ក៏ត្រូវ​បាន​មាន​សេរីភាព​ឡើងវិញ ។​

ចលនា​វៀត​មិញ​-​ប្រកាស​ឯករាជ្យ​
នៅ​ឆ្នាំ​១៩៤១ លោក ង្វៀន អាយ គួ​ក បានបង្ហាញ​ខ្លួន នៅ​វៀតណាម​ខាងជើង ដោយ ប្រើ​ឈ្មោះថា ហូ ជី មិញ ( Hồ Chí Minh ) ដើម្បី​បង្កើត​រណ​សិ​រ្យ​វៀត មិញ ( Việt Minh ) ដោយ​រំពឹងថា រណ​សិ​រ្យ​នេះ នឹង​បាន​ក្លាយជា​បណ្តុំ នៃ​បក្សពួក​ទាំងឡាយ​របស់ វៀតណាម សម្រាប់​ប្រយុទ្ធ ដើម្បី​ទាមទារ​ឯករាជ្យភាពរ​បស់​វៀតណាម ។​ប៉ុន្តែ រណ​សិ​រ្យ​នេះ ត្រូវបាន​បង្ក្រាប ដោយ​បក្សកុម្មុយនិស្ត ។​

រណ​សិ​រ្យ​វៀត​មិញ មាន​កងទ័ព​មិនសូវ​ហំហែង​ឡើយ ហើយ​អំឡុង​សង្គ្រាម​នោះ ពួកគេ​បានធ្វើការ​ជាមួយ​ភ្នាក់ងារ​អាមេរិក ដើម្បី​ប្រមូលផ្តុំ​បញ្ញវ័ន្ត ប្រឆាំង​ជប៉ុន ។ នៅ​ឆ្នាំ​១៩៤៥ ជប៉ុន​បាន​ចុះចាញ់​សង្គ្រាមលោកលើកទី​២ ហើយ​ពួក​សម្ព័ន្ធមិត្ត បាន​បង្កើត​អំណាច​គ្មាន​អ្នកត្រួតត្រា (​អធិបតេយ្យភាព​)​សម្រាប់​ពួក​អ្នក​ជាតិនិយម វៀតណាម គ្រប់​គណបក្សនយោបាយ​ទាំងអស់ ។​

​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​១៩៤៥ ពួករ​ណ​សិ​រ្យ​វៀត​មិញ បាន​ដឹកនាំ​បដិវត្តន៍​ប្រឆាំង អាណានិគម​បារាំង នៅ​វៀតណាម ហើយ​បដិវត្តន៍ ត្រូវបាន​គេ​ហៅថា បដិវត្តន៍​សីហា ឬ​ការ​ងើប​បះបោរ​ទូទៅ​ខែសីហា ។ ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ពួកវៀ​ត​មិញ ដណ្តើម កាន់កាប់​បាន​ភូមិ ឃុំ នៅតាម​ជនបទ និង​ទីក្រុង​នានា​នៅ​វៀតណាម​ខាងជើង វៀតណាម​កណ្តាល និង​វៀតណាម​ខាងត្បូង ដោយ​រួមទាំង​ទីក្រុង​ហាណូយ ផង ។ ប៉ុន្តែ​នៅ​តំបន់​ខ្លះ មិនទាន់​ដណ្តើមបាន​នៅឡើយ ដូចជា​តំបន់ Móng Cái, Vĩnh Yên, Hà Giang, Lào Cai និង Lai Châu ។

​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​១៩៤៥ នៅ​ទីក្រុង​ហាណូយ លោក​ប្រធាន ហូ ជី មិញ បានប្រកាស ឯករាជ្យភាព​របស់​វៀ​ត​ណា​ម បង្កើតជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម (DRV) ក៏បាន​បង្ខំ​ឱ្យ​ព្រះ​ចៅ បាវ ដាយ (Bảo Đại) ដាក់រាជ្យ បញ្ចប់​រាជវង្ស ង្វៀន នា​គ្រានោះ ហោង ។

​ឆ្នាំ​១៩៤៦ វៀតណាម បាន​ប្រារព្ធ​ការបោះឆ្នោត​ជ្រើ​សើ​រើស សមាជិកសភា លើក ដំបូង​របស់ខ្លួន (​ជ័យជម្នះ​បាន​លើ វៀត​មិញ​) ហើយក៏​បាន​ព្រាង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ។ ប៉ុន្តែ​ស្ថានភាព នៅ​ទូទាំងប្រទេស កំពុងស្ថិត​ក្នុង​សភាព​វឹកវរ​នៅឡើយ គឺ​បារាំង ព្យាយាម​កាន់កាប់​ឡើងវិញ ដោយ​កម្លាំង​ទ័ព ។ អ្នកនយោបាយ​ខ្លះ នៅ​តំបន់​កូ​សាំង ស៊ីន បង្កើត​រដ្ឋាភិបាល​កូសាំងស៊ីន​ខ្លួនគេ ខណៈ​ពួក​កុ​ម្មុយ​និ​ស្ត និង​អ្នក​មិនមែន កុ​ម្មុយ​និ​ស្ត វក់វីរ​នឹង​ការប្រយុទ្ធ​គ្នា រីឯ​ពួក​តស៊ូ​នានា បង្កើត​កងទ័ព​រៀងៗ​ខ្លួន ។​

​សង្គ្រាម​ពេញបន្ទុក រវាង​វៀត​មិញ និង​អាណានិគម​បារាំង ឬ​សង្គ្រាម​លើក​ទី​១ នៅ​ឥណ្ឌូចិន បាន​ផ្ទុះ​ឡើងជា​ផ្លូវការ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​១៩៤៦​។ ដោយ​ដឹងថា អាណានិគមនិយម បាន​ចូល​ដល់ទី​អវសាន ទូទាំង​ពិភពលោក​ទៅហើយ បារាំង បាន​រចនា​ប្រទេស​វៀតណាម ជា​រដ្ឋ​ពាក់កណ្តាល​ឯករាជ្យ ដោយមាន​ព្រះ​ចៅ បាវ ដាយ (​ដែល​ពួក​វៀត​មិញ បង្ខំ​ឱ្យ​ដាក់រាជ្យ​ទៅហើយ​) ជា​ប្រមុខរដ្ឋ ។

​បំបែក​វៀតណាម​ជា​ពីរ​
ប៉ុន្តែ​ទីបំផុត បារាំង​បាន​ត្រូវ​បញ្ចុះបញ្ចូល​ឱ្យ​លះបង់​អាណានិគម​របស់ខ្លួន នៅ​តំបន់ ឥណ្ឌូចិន បន្ទាប់ពី​កងទ័ព​វៀត​មិញ យកឈ្នះ​លើ​កងទ័ពរ​បារាំង នៅ​ឌៀ​ន​បៀ​ន ភូ (Dien Bien Phu) នា​ខែសីហា ឆ្នាំ​១៩៥៤​។

​ឋានៈ​ជា​អ្នកឈ្នះ​សង្គ្រាមលោកលើកទី​២ ហើយ​កំពុង​បន្ត​សង្គ្រាមត្រជាក់​ផង អាមេរិក ពិតជា​មានបំណង​ចង់​ត្រួតត្រា​វៀតណាម​ខ្លាំងណាស់ ព្រោះ​ជា​យុទ្ធសាស្ត្រ​កងទ័ព និង​នយោបាយ​ផង ។ ដើម្បី​បញ្ចៀស​ការប្រឈមមុខ​ដា​ក់​គ្នា​ត្រង់ៗ រវាង​អាមេរិក និង​សូ​វៀត ទើប​សន្និសីទ​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៥៤ នោះ បាន​បំបែក​វៀតណាម ជា​ពីរ​ផ្នែក ដោយ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្តរ​បស់ ហូ ជី​មិញ (​វៀតណាម​ខាងជើង​) ចាប់ពី ទីក្រុង​ហាណូយ ហើយ​សាធារណរដ្ឋ​វៀតណាម របស់លោក ង៉ូ ឌិ​ញ ឌៀ​ម ( វៀតណាម​ខាងត្បូង​) ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក គ្រប់គ្រង​ផ្នែក​ខាងត្បូង ចាប់ពី​ទីក្រុង​សាយ​ហ្ក​ន (​ព្រៃនគរ​) ។​

​នៅ​ផ្នែក​ខាងជើង រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត បានចាប់ផ្តើម​ធ្វើកំណែទម្រង់​ដីធ្លី​បណ្តាល ឱ្យ​មនុស្ស​ប្រមាណ​ជា ៥០.០០០ នាក់ បាន​វិនាស និង​ស្លាប់ ។ នៅ​ខាងត្បូង​ឯណោះ វិញ រដ្ឋាភិបាល​របស់លោក ឌៀ​ម បាន​កម្ទេច​គូប​ដិ​បក្ស​ផ្នែក​នយោបាយ និង​សាសនា ក៏បាន​ចាប់​ដាក់គុក ឬ សម្លាប់​រាប់ម៉ឺន​នាក់​ដែរ ។

​ភាពមិន​សាន្តត្រាណ​នៃ​វៀតណាម​ទាំងពីរ​នេះ នាំឱ្យ​ផ្ទុះ​ស​ង្គ្រា​ឥណ្ឌូចិន លើក​ទី​២ ដែល​ពេលខ្លះ គេ​ហៅថា សង្គ្រាម​វៀតណាម​, សង្គ្រាម​វៀតណាម ប្រឆាំង​អាមេរិក ឬ​សង្គ្រាម​អាមេរិក បាន​ផ្ទុះឡើង​នៅ​វៀតណាម (​ជះឥទ្ធិពល​ដល់​កម្ពុជា និង ឡាវ យ៉ាងធ្ងន់ធ្ងរ ) ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​១៩៥៥ ដោយ​វៀតណាម​ខាងជើង​គាំទ្រ ដោយ​សហភាពសូវៀត ចិន និង​សម្ព័ន្ធ​កុ​ម្មុយ​និ​ស្ត ចំណែក​វៀត​ណា​ខាងត្បូង គាំទ្រ​ដោយ​អាមេរិក ហ្វីលីពីន និង​សម្ព័ន្ធមិត្ត​ដែល​ប្រឆាំង​កុ​ម្មុយ​និ​ស្ត ។

​វៀត​កុង (Viet Cong= រណ​សិ​រ្យ រំដោះជាតិ NLF គឺជា​អង្គការ​នយោបាយ​និង​កងទ័ព របស់​ពួក​កុ​ម្មុយ​និ​ស្ត នៅ​វៀតណាម​ខាងត្បូង ប្រឆាំង​របប​គ្រប់គ្រង​វៀតណាម​ខាងត្បូង ដែល​តាមពិត​វៀត​ខាងត្បូង​ជា​ទឹកដី​សេរី​ដោយមាន​អាមេរិក​ជា​អ្នក​ញាក់​) ជំនួយ​ដោយ វៀតណាម​ខាងជើង បានធ្វើ​សង្គ្រាម​ឩ​ទ្ទាម​ប្រឆាំង​ពួក​សេរី​នៅក្នុង​តំបន់​នេះ ខណៈ កងទ័ព​ប្រជាជន វៀតណាម (PAVN)​ប្រយុទ្ធ​ប្រឆាំងនឹង​វត្តមាន​កងទ័ព​អាមេរិក នៅលើ​ទឹក​វៀតណាម (​ខាងត្បូង​) ឬ ដើម្បី​ឯករាជ្យភាព​វៀតណាម​ខាងត្បូង​ពី​ការបញ្ជា របស់​អាមេរិក ។

​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៧៣ បាន​ព្រមព្រៀងគ្នា​ថា ផ្សះផ្សារ​បញ្ចប់សង្គ្រាម ដោយ​សន្តិភាព តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី​នៅ​វៀតណាម​ខាងត្បូង​និង​បង្រួប បង្រួម​ជាតិ​ដោយ​សន្តិវិធី ។ ប៉ុន្តែ​វៀតណាម​ខាងជើង​មិនបាន​គោរព​កិច្ចព្រមព្រៀង នោះឡើយ ទើប​សង្គ្រាម​នៅតែ​បន្ត​ទូទាំង​ឥណ្ឌូចិន​។​ដោយ​ស្ថានភាព​ក្នុងប្រទេស មានការ​ប្រែប្រួល​ផង កងទ័ព​អាមេរិក​បាន​ដក​ចេញពី​វៀតណាម​ខាងត្បូង នៅ​ឆ្នាំ ១៩៧៣ ដែល​បានសេចក្តីថា វៀតណាម​ខាងត្បូង​បាន​បាត់បង់​ចៅហ្វាយនាយ ឬ​ចៅហ្វាយនាយ​របស់​វៀតណាម​ខាងត្បូង គឺ​អាមេរិក​បាន​បោះបង់ចោល​វៀតណាម ខាងត្បូង ( ធី​វ គី ) ដើម្បី​សេចក្តីសុខ​របស់​អាមេរិក (​ស្រដៀង លន់ នល់ និង សេរី​មតៈ ដែរ ដែល​ត្រូវ​អាមេរិក បោះបង់ចោល​) ។

​ដោយហេតុ​នោះ ទីក្រុង​សាយ​ហ្ក​ន ឬ ទីក្រុង​ព្រៃនគរ​ដែលជា​រដ្ឋធានី​របស់​វៀតណាម ខាងត្បូង បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​វៀត​ណា​ម​ខាងជើង ឬ វៀតណាម​កុ​ម្មុយ និ​ស្ត ហើយ​ទាហាន​វៀតណាម​ខាងត្បូង ក៏បាន​ចុះចាញ់​វៀតណាម​កុ​ម្មុយ​និ​ស្ត នៅ​ថ្ងៃ ទី​៣០ ខែមេសា ឆ្នាំ​១៩៧៥ ហើយ​សង្គ្រាម​បានបញ្ចប់​ដោយ​វៀតណាម​ទាំងស្រុង ស្ថិតក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​កុ​ម្មុយ​និ​ស្ត​។

​ដើម្បី​ផ្តល់​កិត្តិយស​ដល់​លោក ហូ ជី មិញ រដ្ឋាភិបាល​វៀតណាម​រួបរួម បាន​ប្តូរ​ទីក្រុង សាយ​ហ្ក​ន (​អ​តី​តី​ព្រៃនគរ​) ទៅជា​ទីក្រុង ហូ ជី មិញ រហូតមកដល់​សព្វថ្ងៃ ។ ហូ ជី មិញ ដែលជា​មហា​បុរស នៃ ជនជាតិ​វៀតណាម បាន​ស្លាប់​នៅ​ឆ្នាំ ១៩៧៦ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​