ទិវា​ឯករាជ្យ នៃ រដ្ឋ អារ៉ាប់​រួបរួម

335
ចែករម្លែក

ភ្នំពេញៈ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ នៃ​រដ្ឋ​អារ៉ាប់​រូប​រួម ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ ថ្ងៃទី​២ ខែធ្នូ ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​រដ្ឋ​សន្ធិសញ្ញា​តូចៗ​ចំនួន ៧ រួបរួមគ្នា​បង្កើតជា​ស​ហ​ព័ន្ធ រដ្ឋ​អារ៉ាប់​រួបរួម កាលពី​ឆ្នាំ ១៩៧១ បន្ទាប់ពី​អាណានិគម​អង់គ្លេស​ត្រូវបាន​អន្តរជាតិ​បង្ខំ​ឱ្យ​ដក ចេញពី​តំបន់​មជ្ឈិមបូព៌ា ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​រដ្ឋ​អារ៉ាប់​រួបរួម ( United Arab Emirates= UAE ) មាន​ផ្ទៃដី ៨៣.៦០០​គីឡូម៉ែត្រ​ក្រឡា​គឺជា​រដ្ឋ សហព័ន្ធ ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍ នៅ​ចុង​ឧបទ្វីប​អារ៉ាប់ នៅតាម​បណ្តោយ​ឈូងសមុទ្ទ​ពែ​ក កើតចេញពី​ការរួបរួម​គ្នា​នៃ​រដ្ឋ (Emirate) តូចៗ ចំនួន​៧ គី​រដ្ឋ Abu Dhabi (​ដែលជា​ទីតាំង​នៃ រដ្ឋធានី​) Ajman, Dubai, Fujairah, Ras al-Khaimah, Sharjah និង Umm al-Quwain​មាន​ព្រំដែន ជាប់​នឹង​ប្រទេស អូ​ម៉​ង់ អា​រ៉ា​ប៊ី សា​អ៊ូ​ឌី កាតា និង អ៊ីរ៉ង់ ។ ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ ជិត ១០ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ភាសាផ្លូវការ គឺ​ភាសា​អារ៉ាប់​ទំនើប រដ្ឋធានី គឺ​ទីក្រុង អា​ប៊ុ​យ ដា​ប៊ី ប៉ុន្តែ​ទីក្រុង​ដែល​ធំជាងគេ​បំផុត គឺ​ទីក្រុង​ឌុយ​បៃ ។​

​ប្រវត្តិសាស្ត្រ នៃ​រដ្ឋ​អារ៉ាប់​រួបរួម​
​គិត​ចាប់ពី​ចុង​សតវត្សរ៍​ទី​៧ កុលសម្ព័ន្ធ Carmathians បាន​បង្កើត​នូវ​អាណាចក្រ​ដ៏​ខ្លាំងពូកែ​មួយ ។ ពួក​អឺរ៉ុប មាន​ព័រទុយហ្កាល់ អង់គ្លេស និង​ហុ​ល្លង់ បាន​ទៅដល់​តំបន់​ឈូងសមុទ្ទ ពែ​ក នៅ​អំឡុង​សតវត្សរ៍​ទី​១៦ ។ នៅ​ដើម​សតវត្សរ៍​ទី​១៦ ឧ​ត្ត​ម​សេនីយ៍​កងទ័ព ព័រទុយហ្កាល់ Afonso de Albuquerque បាន​ច្បាំង​ឈ្នះ​កុលសម្ព័ន្ធ និង​សហគមន៍​នានា នៅតាម​ឈូងសមុទ្ទ​ពែ​ក ហើយ​បាន​កសាង​បន្ទាយទ័ព នៅតាម​តំបន់​ទាំងនោះ ជាពិសេស​នៅ​តំបន់ Muscat, Sohar​និង KhorFakkan​។

​នៅ​អំឡុង​សតវត្សរ៍​ទី​១៧ សហព័ន្ធ BaniYas គឺជា​សម្ព័ន្ធ​ដែលមាន​កម្លាំង​ទ័ព​ខ្លាំងក្លា​ជាងគេ នៅ​តំបន់​អា​ប៊ុ​យ ដា​ប៊ី ។ លុះដល់​ចុង​សតវត្សរ៍​ទី​១៩ អាណាចក្រ Carmathians បាន​បែកខ្ញែក គ្នា​ទៅជា “ រដ្ឋ “ តូចៗ ( Emirate ) ដោយ​ក្រុមខ្លះ នៅ​ភាគខាងត្បូង នៃ​ឈូងសមុទ្ទ ពែ​ក ក្លាយជា​ចោរ​សមុទ្ទ ដែល​គំរាមកំហែង ស៊ុ​លត​ង់ (​ស្តេច ឬ ប្រមុខ​នគរ ) Muscat និង អូ​ម៉​ង់ ។​

​ក្លាយជា​អាណានិគម​អង់គ្លេស​
​កប៉ាល់​ពាណិជ្ជកម្ម​អង់គ្លេស​របស់​ក្រុមហ៊ុន អង់គ្លេស ឥណ្ឌា ខាងកើត (British East India) ដែលមាន​ទីតាំងនៅ​ប្រទេស​ឥណ្ឌា នៅពេល​ឆ្លងកាត់​តំបន់​ឈូងសមុទ្ទ​ពែ​ក​ក៏​ធ្លាប់បាន​រង​ការ ប្លន់ ពី​ពួកចោរ​សមុទ្ទ នៅ​តំបន់​នោះដែរ​។ គួររំឭកថា ក្រុមហ៊ុន British East India​ថ្វី​ដ្បិត​ជា ក្រុមហ៊ុន​ក៏ពិតមែន ប៉ុន្តែ​ជា​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​ពី​រដ្ឋាភិបាល​អង់គ្លេស​ក្នុងការ បង្កើត​កងទ័ព​នៅក្រៅ​ប្រទេស ដែលមាន​សិទ្ធិ​ដូចជា​កងទ័ព​របស់រ​ដ្ឋា​ភិ​បាល​អង់គ្លេស​ដែរ ។​

​អង់គ្លេស បាន​ហៅ​ភាគខាងត្បូង នៃ​ឈូងសមុទ្ទ​ពែ​ក ថា​ជា “ ឆ្នេរ​ចោរ​សមុទ្ទ “ ព្រោះ​អង់គ្លេស បានចាត់ទុក​ចុ​ល្ល​រដ្ឋ​ទាំងនោះ​ថា “ រដ្ឋ​ចោរ​សមុទ្ទ “ ។ កងទ័ពជើងទឹក​អង់គ្លេស​របស់​ក្រុមហ៊ុន អង់គ្លេស ឥណ្ឌា​ខាងកើត មាន​បេសកកម្ម​ការពារ​កប៉ាល់​ជំនួញ​របស់ខ្លួន ពី​ការ​វាយឆ្មក់ និង​ប្លន់​ពី​ពួកចោរ​សមុទ្ទ នៅ​តំបន់ Ras al-Khaimah ក៏​នាំឱ្យមាន​យុទ្ធនាការ​ប្រឆាំង​ទីតាំង និង​កំពង់ផែ​នានា​ជា​បន្តបន្ទាប់ នៅ​ឆ្នាំ​១៨០៩ និង ១៨១៩ ។​

​នៅ​ឆ្នាំ​១៨២០ កងទ័ព​អង់គ្លេស បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា ជាមួយ​អ្នកគ្រប់គ្រង​ចុ​ល្ល​រដ្ឋ (​រដ្ឋ​តូច​) នានា​ចំនួន ៩ នៅតាម​ឈូងសមុទ្ទ​ពែ​ក ។ តាមរយៈ​សន្ធិសញ្ញា​នេះ អង់គ្លេស បាន​ប្តូរ​ឈ្មោះ​ចុ​ល្ល​រដ្ឋ​ទាំងនោះ​ពី “ រដ្ឋ​ចោរ​សមុទ្ទ “ ទៅជា “ រដ្ឋ​សន្ធិសញ្ញា “ វិញ ។ ទោះ​យ៉ាង ណា​អង់គ្លេស មិនបាន​បង្កើត​ប្រព័ន្ធ​រដ្ឋបាល​គ្រប់គ្រង​រដ្ឋ​ទាំងនេះ​ជា​លក្ខណៈ​អាណានិគម នៅឡើយ ។​

​នៅពេល​ក្រុម​រដ្ឋ​តូចៗ​ទាំង ៩ ផ្លាស់ប្តូរ​ពី​ភាពជា​ចោរ​សមុទ្ទ ក្លាយទៅជា​រដ្ឋ​សន្ធិសញ្ញា​បែប​នោះ ពួកគេ​ក៏​នៅតែ​រង​ការគំរាមកំហែង​ពី​ពួក​មហាអំណាច​អឺរ៉ុប​គឺ បារាំង និង​រុស្ស៊ី ដែលមាន​មហិច្ឆតា ចង់​លុកលុយ​តំបន់​ចុ​ល្លរ​ដ្ឋ នៅ​តំបន់​ឈូងសមុទ្ទ​ពែ​ក​នោះដែរ​។ ដើម្បី​រក​ខ្នងបង្អែក​ពី​ការ​បៀត បៀ​ន​នេះ ពួកគេ​បាន​ចុះហត្ថលេខា ៣ ទៀត ជាមួយ​អង់គ្លេស នៅ​ឆ្នាំ ១៨៤៣ ឆ្នាំ ១៨៥៣ និង ឆ្នាំ ១៨៩២​។

​នៅក្នុង​កិច្ចសន្យា​ទាំងនោះ ពួក​ចុ​ល្ល​រាជ្យ (​ស្តេច​នៃ​រដ្ឋ​តូច​) ទាំងឡាយ ព្រមព្រៀង​ថា​នឹងមិន ប្រគល់​ទឹកដី​របស់ខ្លួន ទៅឱ្យ​ប្រទេស​ណា​ផ្សេង ចូល​ឬ​ប្រើប្រាស់​ឡើយ លើកលែងតែ អង់គ្លេស​មួយ​ចេញ ហើយក៏​នឹងមិន​បង្កើត​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​បរទេស​ណាមួយ​ដែរ លើកលែង​តែមាន​ការយ​ល់​ព្រម​ពី​អង់គ្លេស ។

​ជាការ​តបស្នង កងទ័ព​អង់គ្លេស សន្យាថា​នឹង​ការពារ​តំបន់​ឈូងសមុទ្ទ​ពី​ការវាយប្រហារ​គ្រប់ ប្រភេទ ទៅលើ​រដ្ឋ​ទាំងនោះ ពី​តាម​សមុទ្ទ​ហើយនឹង​ជួយ​រដ្ឋ​ឈូងសមុទ្ទ​ទាំងនោះ​ពី​ការយ​វា ប្រហារ​ណាមួយ ពី​តាម​ផ្លូវគោក​ផងដែរ​។ កិច្ចសន្យា​ទាំងនេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ ចុ​ល្ល​រាជ្យ​នៃ​តំបន់ Abu Dhabi, Dubai, Sharjah, Ajman, Ras Al Khaimah,Umm Al Quwain ពី​ចន្លោះ​ថ្ងៃទី​៦ និង​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​១៨៩២ ។ ក្រោយមក ក៏មាន​រដ្ឋ Bahrain និង រដ្ឋ Oman ទៀត ។ ចំណែក Qatar ដែល​ធ្លាប់​ស្ថិតក្រោម​កិច្ចការពារ​របស់​មហា​អំណាច​មូ​ស្ល៊ី​ម​អូ​តូ​ម៉​ង់ (​តួ​ក​គី​) បាន​ក្លាយជា​រដ្ឋ​ក្រោម​កិច្ចការពារ​របស់​អង់គ្លេស នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ ១៩១៦ បន្ទាប់ពី​អូ​តូ​ម៉​ង់ បាន​ធ្លាក់​អនុភាព​។​

​មើល​ពីមួយ​ជ្រុង ឃើញថា កិច្ចសន្យា​នេះ ដើម្បីឱ្យ​អង់គ្លេស ជា​អ្នកការពារ​រដ្ឋ​ឈូងសមុទ្ទ ទាំងនោះ​។ ប៉ុន្តែ​មើល​ពី​ជ្រុង​ផ្សេងទៀត គឺ​អង់គ្លេស​គឺជា​អាណានិគម​។ រដ្ឋ​ទាំង​នោះបាន​ធ្លាក់ ក្រោម​ការត្រួតត្រា ឬ អាណានិគម របស់​អង់គ្លេស ដោយ​ប្រការ​បែប​នោះឯង ។​

​ឯករាជ្យ​បង្កើត​រដ្ឋ​អារ៉ាប់​រួបរួម​
​ប្រេងកាត ត្រូវបាន​រកឃើញ​មុនដំបូង នៅ​តំបន់​រដ្ឋ​ទាំងនេះ នា​អំឡុង​ឆ្នាំ​១៩៣៩​ធ្វើឱ្យ​តំបន់​នៃ​រដ្ឋ សន្ធិសញ្ញា ក្លាយជា​សាច់​មួយ​ដុំ​ដ៏​កាន់តែ​ជាទី​ស្រេកឃ្លាន​នៃ​ពួក​មហាអំណាច​អឺរ៉ុប​។ មិន​តែ ប៉ុណ្ណោះ អ៊ីរ៉ង់​ដែលជា​រដ្ឋ​ដ៏​មាន​ឥទ្ធិពល​មួយ នៅ​ជិតខាង​តំបន់​រដ្ឋ​សន្ធិសញ្ញា​នោះ​ក៏​តែងតែ​ប៉ុន ប៉ង​លេប​ត្របាក់​តំបន់​រដ្ឋ​សន្ធិ​ស​ញ្ញ​នោះដែរ​។​

​ទោះយ៉ាងណា ប្រេងកាត មិនត្រូវ​បាន​ទាញយក​ផលប្រយោជន៍​ឡើយ​ដោយសារ​សង្គ្រាម លោក​លើក​ទី​២ ផ្ទុះឡើង (​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​១៩៣៩ -​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​១៩៤៥) ។ អង់គ្លេស ( និង អាមេរិក និង​សម្ព័ន្ធមិត្ត ) ជា​អ្នកឈ្នះ​សង្គ្រាមលោកលើកទី​២ ប៉ុន្តែ ប៉ូល នៃ​អំណាច របស់​អង់គ្លេស ក៏បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅក្រោយ​សង្គ្រាម​នោះ ជាពិសេស​បន្ទាប់ពី ឯករាជ្យភាព ( ពី​អង់គ្លេស​) របស់ ឥណ្ឌា និង ប៉ា​គី​ស្ថាន នៅ​ឆ្នាំ​១៩៤៧ ។​

​សង្គ្រាមត្រជាក់ (​រវាង អាមេរិក និង សូ​វៀត ) បានបង្ហាញ​ខ្លួន​ឡើង​នៅ​ឆ្នាំ ១៩៤៧ ធ្វើឱ្យ​តម្រូវ ការ​នៃ​ការ​ថ្លឹង​អំណាច​នៅ​មជ្ឈិមបូព៌ា​បរ​វាង​មហាអំណាច​កុ​ម្មុយ​និ​ស្ត (​សូ​វៀត​) និង មហា អំណាច​សេរី (​អាមេរិក​) ត្រូវបាន​ទាមទារ​ឱ្យមាន​តុល្យភាព ។ វត្តមាន​របស់​អង់គ្លេស​នៅ​មជ្ឈិម បូព៌ា គឺជា​សូចនាករ​មួយ​មិនមាន​តុល្យភាព​គ្នា ។ ដោយហេតុនេះ​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ មាន​សម្ពាធ​ពី​អន្តរជាតិ​កាន់តែខ្លាំង​ទៅៗ​បង្ខំ​ឱ្យ​អង់គ្លេស​ដកចេញ​ពី ឈូងសមុទ្ទ ពែ​ក ។ ទីបំផុត​នៅ​ថ្ងៃទី ១៦ ( ២៤ ? ) ខែ មករា ឆ្នាំ ១៩៦៩ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Harold Wilson នៃ រដ្ឋាភិបាល​អង់គ្លេសរ​បស់​គណបក្ស​ពលកម្ម បានប្រកាសថា “​អង់គ្លេស​នឹង​ដក​កង ទ័ព​ចេញពី​ឈូងសមុទ្ទ ពែ​ក នៅមុន​ដំណាច់ឆ្នាំ ១៩៧១ “ ។​

​ស្ថានការណ៍​ម​ជ្ឈឹ​ម​បូព៌ា​នា​គ្រានោះ​នៅ​ផុយ​ស្រួល​នៅឡើយ ជាពិសេស​មហិច្ឆតា របស់ អ៊ីរ៉ង់ ដ៏​មានអំណាច​ក្នុងការ​លេប​ត្របាក់​រដ្ឋ​សន្ធិសញ្ញា​ទាំង ៩ ។ ដោយ​ក្តីបារម្ភ​អំពី​ស្ថិរភាព នៃ រដ្ឋ​តូច​នៅតាម​ឈូងសមុទ្ទ​នោះ អ្នកគ្រប់គ្រង​រដ្ឋ Abu Dhabi លោក Sheikh Zayed bin Sultan Al Nahyan បាន​សុំឱ្យ​កងទ័ព​អង់គ្លេស​បន្ត​វត្ត​មាននៅ​ទីនោះ​តទៅទៀត ដោយ​ធានា​នូវ​ការ ចំណាយ​ទាំងស្រុង​សម្រាប់​កងទ័ព​ទាំងនោះ ។ ប៉ុន្តែ​អង់គ្លេស​ដែល​រង​គំនាប​ពី​អន្តរជាតិ ច្រើនពេក បាន​បដិសេធ ។​

​បន្ទាប់ពី​ការប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស អំពី​ការដក​កងទ័ព​ចេញពី​មជ្ឈិមបូព៌ា រដ្ឋ​សន្ធិសញ្ញា​ទាំង ៩ បានចាប់ផ្តើម​គិតគូរ​គ្នា ដើម្បី​បង្រួបបង្រួម​បញ្ចូល​គ្នា ដើម្បី​ចៀសវាង នូវ​ការគំរាមកំហែង​ពី​ខា​ក្រៅ ជាពិសេស​ពី អ៊ីរ៉ង់ និង​ចលនា​ប្រឆាំង​ខាងក្នុង​។ ប៉ុន្តែ​រហូតដល់ ពាក់កណ្តាល​ឆ្នាំ​១៩៧១ ក៏​បំណង​របស់​ពួកគេ នៅតែ​មិនអាច​ទៅរួច ។​

​ការប្រកាស​ដកទ័ព​ចេញពី​តំបន់​មជ្ឈិមបូព៌ា (​តាម​គំនាប​ពី​អន្តរជាតិ​) របស់​អង់គ្លេស គឺជា​សំឡេង ខ្លែងស្រាក​គំរាម​អាយុសង្ខារ​របស់​រដ្ឋ​សន្ធិសញ្ញា ដែលមាន​កម្លាំង​ទ័ព​ទន់ខ្សោយ​ប៉ុន្តែ​គឺជា​ដំណឹង ល្អ​ដ៏​សែន​រីករាយ​របស់​អ៊ីរ៉ង់ ។ ពេលនោះ កងទ័ពជើងទឹក​រប​ស់ អ៊ីរ៉ង់ បាន​ចាក​ចេញពី​ប្រជុំ​កោះ Tund ជា​កោះ​ដែល អ៊ីរ៉ង់ ដណ្តើម​ពីរ​ដ្ឋ​សន្ធិសញ្ញា ដោយ​កម្លាំង​កងទ័ព រំកិល​ចូលដល់​កោះ Abu Musa កៀក​នឹង​រដ្ឋ​សន្ធិសញ្ញា​មែនទែន ។ អ្នកគ្រប់គ្រង​រដ្ឋ​បានធ្វើ​កិច្ចសន្យាជួល​កោះ​នោះ ទៅឱ្យ អ៊ីរ៉ង់ ក្នុងតម្លៃ ៣ លាន​ដុល្លារ ក្នុង​មួយឆ្នាំ គឺ​ដោយសារ​ដឹង​ច្បាស់​ថា មិនអាច​ទប់​នឹង​កម្លាំង ទ័ព​អ៊ីរ៉ង់​បាន ។ ចំណែក​តំបន់​ជុំវិញ​កោះ​នោះ បានប្រកាស​ខ្លួន ថា​ជា​ផ្នែក​មួយ នៃ​រដ្ឋ Abu Dhabi គឺ​ដើម្បី​គេច​ពី​ការប៉ង​យាយី​របស់ អ៊ីរ៉ង់ ។

​កិច្ចសន្យា​រវាង​រដ្ឋ​សន្ធិសញ្ញា ជាមួយ​អង់គ្លេស បាន​ផុត​សុពលភាព នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ ១៩៧១ ។

​ស្ថិតក្រោម​ការ​គំរាម​ពី​អ៊ីរ៉ង់ ដ៏​មានអំណាច អ្នកគ្រប់គ្រង​រដ្ឋ ( emirates ) Abu Dhabi និង​រដ្ឋ Dubai បានសម្រេច​ចិត្ត​បង្កើត​សហគមន៍​មួយ រវាង​រដ្ឋ​របស់​ពួកគេ​ទាំង ២ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧១ ។ នៅ​ថ្ងៃ​ដដែល​នោះ រដ្ឋ ៤ ផ្សេងទៀត ដែល​កំពុង​ភ័យ​បារម្ភ អំពី​ការ​បៀតបៀន​ពី អ៊ីរ៉ង់ ក៏បាន​ព្រមព្រៀង​ចូលរួម​ជា​សហគមន៍​នោះដែរ ដោយ​ហៅថា “ រដ្ឋ​អារ៉ាប់​រួបរួម ( United Arab Emirates ) ដោយមាន​រដ្ឋ​សន្ធិសញ្ញា​ចំនួន ៦ ។ ចំណែក​រដ្ឋ Ras al-Khaimah បាន​ទៅ រួបរួម​ជាមួយ​រដ្ឋ​ទាំង ៦ នៅក្នុង​ខែកុម្ភៈ ឆ្នាំ​១៩៧២ នាំឱ្យ​រដ្ឋ​អារ៉ាប់ រួបរួម មាន​សមាជិក​ចំនួន​៧ ។ រដ្ឋ​អារ៉ាប់ រួបរួម ឬ United Arab Emirates ក៏បាន​កើតឡើង​ក្នុង​លោក ចាប់ពីពេលនោះ​មក ដោយ​ប្រការ​ដូច្នោះ​ឯង ។​

​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ សហព័ន្ធ​នៃ​រដ្ឋ​អារ៉ាប់ រួបរួម ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​នោះឯង ។​

​ប៉ុន្តែ​រដ្ឋ​ចំនួន ២ គឺ រដ្ឋ Bahrain ( បា​រ៉ែ​ន ) និង រដ្ឋ Qatar (​កាតា​) បានសម្រេច​ចិត្ត​មិន​រួបរួម​នឹង​គេ ឡើយ ក៏បាន​បង្កើតជា​រដ្ឋ​ឯករាជ្យ​រៀងៗ​ខ្លួន នៅ​អំឡុង​ខែសីហា និង​ខែកញ្ញា ឆ្នាំ ១៩៧១ នោះ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

​ទីក្រុង អា​ប៊ុ​យ ដា​ប៊ី នៃ រដ្ឋ អារ៉ាប់ រួបរួម
ពិធី​ចុះហត្ថលេខា​រវាង​រដ្ឋ​សន្ធិសញ្ញា បង្កើតបានជា រដ្ឋ​អារ៉ាប់ រួបរួម នា​ឆ្នាំ ១៩៧១