ទិវា​ឯ​រក​រាជ្យ​ជាតិ ហុង​ឌូ​រ៉ា​ស​

1837
ចែករម្លែក

​ភ្នំ​ពេ​ញ៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ហុង​ឌូ​រ៉ា​ស ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ដើម្បី​រំឭក​ដល់​ថ្ងៃ ហុង​ឌូ​រ៉ា​ស ដែលជា​ផ្នែក​មួយ នៃ​អាណាខេត្ត​រួបរួម នៃ​អាមេរិក​កណ្តាល ប្រកាស​ឯករាជ្យភាព​ពី​អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ ១៨២១ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​ហុង​ឌូ​រ៉ា​ស មាន​ផ្ទៃដី ១១២.៤៩២ គីឡូម៉ែត្រ ស្ថិតនៅក្នុង​តំបន់ អាមេរិក​កណ្តាល មាន​ព្រំដែន​ជាប់​ប្រទេស ក្វា​តេ​ម៉ា​ឡា អែល​សាល​វ៉ា​ឌ័​រ នី​កា​រ៉ា​ហ្គ័​រ ឈូងសមុទ្ទ​ហ្វុ​ង​សេ​កា ឈូងសមុទ្ទ​ហុង​ឌូ​រ៉ា​ស និង​សមុទ្ទ​កា​រ៉ា​ប៊ី​ន​។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ ជាង ៩ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​រ៉ូ​ម៉ាំង កាតូលិក ភាសាផ្លូវការ គឺ​ភាសា​អេ​ស្ប៉ា​ញ រដ្ឋធានី​គឺ​ទីក្រុង តេ​ហ្គូ​ស៊ី​ហ្គា​ល់​ប៉ា​។​

​ប្រវត្តិសាស្ត្រ​
​តាមន័យ ក្នុង​អក្សរសាស្ត្រ ពាក្យ​ថា Honduras (​ហុង​ឌូ​រ៉ា​ស​) ជា​ភាសា អេ​ស្ប៉ា​ញ ភាសា​អង់គ្លេស​ថា Depth ដែលមាន​ន័យ ជា​ខេមរភាសា​ថា ជម្រៅ​។ មុន​សម័យកាល កូ​ឡុំ​ប៊ឹ​ស តំបន់​ដែលជា​ប្រទេស​ហុង​ឌូ​រ៉ា​ស បច្ចុប្បន្ននេះ គឺជា​ដែនដី​នៃ​វប្បធម៌ ម៉េ​សូ អាមេរិក​។ ជនជាតិ​ម៉ា​យ៉ាន់ បាន​បោះ​តាំង​លំនៅឋាន​នៅ​តំបន់​នោះ រាប់រយឆ្នាំ​មកហើយ ។

​ការឈ្លានពាន​របស់​អេ​ស្ប៉ា​ញ
​ក្នុងការ​ចេញដំណើរ​លើ​ក​ទី​៤ និង​ជាការ​ចេញដំណើរ​ចុងក្រោយ​បំផុត​របស់លោក គ្រិ​ស្តូ​ហ្វឺ កូ​ឡុ​ម​ប៍ ( អ្នករុករក​នៃ​ជនជាតិ​អេ​ស្ប៉ា​ញ ) ទៅកាន់​ពិភពលោក​ថ្មី (​ពាក្យ​ថា ពិភពលោក​ថ្មី​ត្រូវបាន​ជនជាតិ អេ​ស្ប៉ា​ញ ដែលជា​មហា​ប្រទេស នា​សម័យ​កាលនោះ ប្រើ​សំដៅ​ដល់​អឌ្ឍគោល ឬ​ភាគ​ខាងលិច នៃ​ភពផែនដី ដូចជា សមុទ្ទ​កា​រ៉ា​អ៊ី​ប និង Bermuda គឺ​តំបន់​មហាសាគរ​អា​ត្ល​ង់​ទិ​ក​ខាងជើង​) នៅ​ឆ្នាំ ១៥០២ នោះ គាត់ (​គ្រិ​ស្តូ​ហ្វឺ កូ​ឡុ​ម​ប៍ ) បាន​ចតកប៉ាល់​របស់គាត់​នៅក្បែរ ទីក្រុង ទ្រូ​ជី​ឡូ (​ទីក្រុង​មួយ នៃ​ប្រទេស​ហុង​ឌូ​រ៉ា​ស​) នាពេល​បច្ចុប្បន្ននេះ ហើយ​គាត់ គឺជា​ជនជាតិ​អឺរ៉ុប លើកដំបូង ដែល​បាន​ទៅដល់​តំបន់​ប្រជុំ​កោះ​កណ្តាល​សមុទ្ទ ហុង​ឌូ​រ៉ា​ស ។

​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​១៥០២ នោះ លោក កូ​ឡុ​ម​ប៍ បាន​បញ្ជូន​ប្អូនប្រុស​របស់គាត់​ឈ្មោះ Bartholomew ដើម្បី​ទៅ​ស្រាវជ្រាវ​លើ​កម្រង​កោះ​ទាំងនោះ ហើយ​ក៏បាន​ពើបប្រទះ​កប៉ាល់ ជំនួញ​របស់​ជនជាតិ​ម៉ា​យ៉ាន់ មកពី Yucatán (​បច្ចុប្បន្ន គឹជា​រដ្ឋ​មួយ​របស់​ម៉ិ​ក​ស៊ិ​ក​)​។ មនុស្ស​របស់លោក Bartholomew បាន​លួច​ឥ​វាន់​ដែល​ពួកគេ​ចង់បាន ហើយ​បាន​ចាប់​កា​ពី​ទែន កប៉ាល់ ជនជាតិ​ម៉ា​យ៉ាន់ នោះ ធ្វើជា​អ្នកបកប្រែ ហើយ​នោះ​ក៏បាន​ក្លាយជា​ជំនួប​លើកដំបូង រវាង​ជនជាតិ ម៉ា​យ៉ាន់ និង ជនជាតិ អេ​ស្ប៉ា​ញ ។

​នៅ​ខែមីនា ឆ្នាំ​១៥២៤ លោក ហ្គី​ល ហ្កូ​ន​ហ្សា​ឡេស ដាវី​ឡា បាន​ក្លាយជា​អ្នក​ចម្បាំង​ផ្សងព្រេង អេ​ស្ប៉ា​ញ លើក​ទី​១ ដែល​បាន​ទៅ​ជាន់​ទឹកដី ហុង​ឌូ​រ៉ា​ស គឺ​ក្នុងឋានៈ​ជា​អ្នក​ចម្បាំង​ផ្សងព្រេង ឬ​អ្នក​ផ្សងព្រេង​ឈ្លានពាន​ដណ្តើម​គេ​។ ចាប់ពីពេលនោះ​មក ការឈ្លានពាន ភាគច្រើនបំផុត កើតឡើង​អំឡុងពេល ២ ទសវត្សរ៍​ក្រោយពី​នោះមក​។ បន្ទាប់ពី​ត្រូវបាន​ឈ្លានពាន​មក ហុង​ឌូ​រ៉ា​ស បាន​ក្លាយជា​ផ្នែក​មួយ នៃ​ចក្រភព​ដ៏​ធំ​ទូលាយ​របស់​អេ​ស្ប៉ា​ញ នៅក្នុង​ពិភពលោក​ថ្មី ឈ្មោះថា អាណាចក្រ ក្វា​តេ​ម៉ា​ឡា (​បច្ចុប្បន្ន គឺ​ប្រទេស​កូ​ស្តា​រិ​កា នី​ហ្កា​រ៉ា​ហ្គ័​រ ហុង​ឌូ​រ៉ា​ស អែល​សាល​វ៉ា​ឌ័​រ បាលី​ស ក្វា​តេ​ម៉ា​ឡា និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​) ហើយ​បាន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ អេ​ស្ប៉ា​ញ ប្រមាណ​ជា ៣ សតវត្សរ៍ ។​

ហុង​ឌូ​រ៉ា​ស របស់​អេ​ស្ប៉ា​ញ
​ការរុករក​រ៉ែ​ប្រាក់ គឺជា​កត្តា​ចម្បង នៃ​ការឈ្លានពាន​របស់ អេ​ស្ប៉ា​ញ និង​ការតាំង​ទីលំនៅ​របស់ ជនជាតិ​ហុង​ឌូ​រ៉ា​ស​។ ពីដំបូង ការជីក​រ៉ែ​ប្រាក់ ត្រូវបាន​ធ្វើឡើង​ដោយ​មនុស្ស​ក្នុង​តំបន់ ក្នុង​ក្របខណ្ឌ ប្រពន្ធ ទាសករ​ពលកម្ម (​ប្រព័ន្ធ​នេះ​ត្រូវបាន​បង្កើត​ដោយ​ជនជាតិ​អេ​ស្ប៉ា​ញ ដែល​ឈ្លានពាន ប្រទេស​ណា​ហើយ ក៏​ចាប់យក​ជនជាតិ​អម្បូរ​ណាខ្លះ ក្នុងប្រទេស​ទាំងនោះ ធ្វើជា​ទាសករ ប៉ុន្តែ​គឺ​ទាសករ​ពលកម្ម ពោលគឺ​ធ្វើ​ពលកម្ម ដោយ​មិនបាន​ទទួលផល​កម្រៃ​អ្វី​ក្រៅតែពី​របប​អាហារ ប៉ុណ្ណោះ ឬក៏​ទទួលបាន​ផល​កម្រៃ​តិចតួច​ប៉ុណ្ណោះ គឺ​មិន​សម​នឹង​កម្លាំង​ពលកម្ម​ដែល​ពួកគេ​បានធ្វើ ) ។

​ប៉ុន្តែ​ក្រោយមក ដោយសារ​មាន​ជំងឺ​រុករាន​រាតត្បាត និង​មាន​ការតស៊ូ​ប្រឆាំង​ផង​នោះ ធ្វើឱ្យ​ប្រព័ន្ធ ទាសករ​ពលកម្ម មិនអាច​បង្គ្រប់​តាម​តម្រូវការ​ក្នុង​ការជីក​រក​រ៉ែ​ប្រាក់​ឡើយ​។ ដោយហេតុនេះ ទាសករ​មកពី​តំបន់​ផ្សេងៗ នៃ​អាមេរិក​កណ្តាល ត្រូវបាន​នាំយកមក​ធ្វើ​ពលកម្ម​នៅទីនេះ​។ លុះដល់​ជំនួញ​ទាសករ​ក្នុង​តំបន់ ត្រូវបាន​បញ្ចប់​នៅ​អំ​ឡុងចុង​សតវត្សរ៍​ទី​១៦ ទាសករ​ជា​ជនជាតិ អាហ្វ្រិក ភាគច្រើន មកពី​អង់​ហ្កូ​ឡា ត្រូវបាន​នាំចូល​មក​តំបន់​នេះ​។ លុះដល់​ក្រោយពី​ឆ្នាំ​១៦៥០ មាន​ទាសករ​ឬ​កម្មករ មកពី​តំបន់​ផ្សេង​តិចតួច​ប៉ុណ្ណោះ ដែល​បាន​ទៅដល់​ហុង​ឌូ​រ៉ា​ស​។
​ ​
​បើទោះបីជា អេ​ស្ប៉ា​ញ បាន​ឈ្លានពាន ភាគខាងត្បូង ឬក៏​ផ្នែក​មហាសាគរ ប៉ាស៊ីហ្វិក នៃ​ប្រទេស ហុង​ឌូ​រ៉ា​ស បាន​ដោយ​ងាយ និង​ដោយ​ឆាប់រហ័ស​ក្តី ប៉ុន្តែ​ការ​លុកលុយ​ភាគ​ខាងជើង ឬ​តំបន់ អា​ត្ល​ង់​ទិ​ក ពួក​អេ​ស្ប៉ា​ញ ឈ្លានពាន​មិនបាន​ជោគជ័យ​ទេ ដោយសារ​បណ្តា​ប្រទេស​ទាំងនោះ ទទួលបាន​ការជួយឧបត្ថម្ភ​ពី​បណ្តា​កងទ័ព​ស្ម័គ្រចិត្ត​អឺរ៉ុប​ខាងជើង ប្រទេស​ខ្លះ​ទទួលបាន​ការជួយ ពី​ពួកចោរ​សមុទ្ទ និង ជាពិសេស ជំនួយ​ពី​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស​។​

ឯករាជ្យភាព​ពី​អេ​ស្ប៉ា​ញ​
​សង្គ្រាម​ឯករាជ្យភាព​អាមេរិក ( ១៧៧៥ – ១៧៨៣ ) ពី​ចក្រភព​អង់គ្លេស និង​មនោគមន៍វិជ្ជា របស់​បដិវត្តន៍​បារាំង (១៧៨៩-១៧៩៩) បាន​រីក​សាយភាយ​ចូលទៅ​គ្រប់ទិសទី​នៃ​ទ្វីបអឺរ៉ុប បាន​ជំរុញឱ្យមាន​ចលនា​ទាមទារ​ឯករាជ្យភាព ពី​អេ​ស្ប៉ា​ញ ទាំង​តាម​សន្តិវិធី និង​តាមរយៈ សង្គ្រាម​។ ការដណ្តើម​គ្នា​កាន់កាប់​ឧ​ប​ទ្វី​អ៊ី​ប្រ៊ា​ន (​នៅ​ចន្លោះ​ប្រទេស​អេ​ស្ប៉ា​ញ និង ព័រទុយហ្កាល់​) បាន​នាំឱ្យមាន​សង្គ្រាម​ណាប៉ូឡេអុង គឺជា​សង្គ្រាម​រវាង បារាំង របស់​ណាប៉ូឡេអុង និង​សម្ព័ន្ធ មហាអំណាច​នៅ​អឺរ៉ុប គឺ អេ​ស្ប៉ា​ញ អង់គ្លេស និង ព័រទុយហ្កាល់ ( ១៨០៣-១៨១៥ ) ។​
​អេ​ស្ប៉ា​ញ ត្រូវបាន​លុកលុយ ដោយ​កងទ័ព​ចក្រភព​អង់គ្លេស ចាប់ពី​ឆ្នាំ ១៨០៧​។ កងទ័ព​បារាំង បាន​វាយ​បណ្តេញ​កងទ័ព​អង់គ្លេស និង ដណ្តើម​កាន់កាប់​ទឹកដី​អេ​ស្ប៉ា​ញ ពី​អង់គ្លេស​ដោយមាន​ការ ជួយ​ជ្រោមជ្រែង​ពី​មន្ត្រី​សំខាន់ៗ​របស់ អេ​ស្ប៉ា​ញ មួយចំនួន ( ព្រោះ​ពួកគេ​គិតថា នឹង​បាន​ឯករាជ្យ ពី​អង់គ្លេស ) ។ ប៉ុន្តែ​ធ្វើឱ្យ​រាជបល្ល័ង្គ​របស់​ស្តេច ឆា​លស៍ ទី​៦ នៃ​អាណាចក្រ​អេ​ស្ប៉ា​ញ រង្គោះរង្គើ​រហូត​ស្តេច​អង្គ​នេះ មិនអាច​គង់​លើ​ប​ល្ល័​ង្គ​នេះ​ទៀត​បាន គឺ​ត្រូវបាន​បង្ខំ​ឱ្យ​ដាក់រាជ្យ ។​

​មុននឹង​ដាក់រាជ្យ នៅ​ឆ្នាំ​១៨០៨ ស្តេច​ឆា​លស៍ ទី​៦ នៃ​អាណាចក្រ អេ​ស្ប៉ា​ញ (​ដែល​កំពុងស្ថិត ក្រោម​ត្រួតត្រា​របស់​ព្រះ​ចៅ ណាប់​ប៉ូ​ឡេ​អុង បូ​ណា​ប៉ាត៍ បារាំង​) បាន​សុំឱ្យ ព្រះ​ចៅ​អ​ធិ​រាជ្យ ណាប៉ូឡេអុង លើក​ព្រះអង្គម្ចាស់ ហ្វ៊ែ​រ​ឌី​ណង់ ទី​៧ ដែលជា​បុត្រា​របស់​ព្រះអង្គ​ឱ្យ​ឡើង​សោយរាជ្យ បន្ត​។ ប៉ុន្តែ​ព្រះ​ចៅ​អ​ធិ​រាជ្យ ណាប៉ូឡេអុង បែរជា​លើក​អនុជ (​ប្អូនប្រុស​) របស់​ព្រះអង្គ គឺ​ព្រះ អង្គ​ម្ចាស់ ចូសេព បូ​ណា​ប៉ាត៍ ឱ្យ​ឡើង​សោយរាជ្យ ជា​ស្តេច នៃ​អាណាចក្រ​អេ​ស្ប៉ា​ញ ទៅវិញ ។

​ព្រះអង្គម្ចាស់ ហ្វ៊ែ​រ​ឌី​ណង់ ទី​៧ បាន​និរទេស ហើយ​បង្កើត​កងទ័ព និង ក្រុម​ចលនា​តស៊ូ​ប្រឆាំង នឹង​ការគ្រប់គ្រង អេ​ស្ប៉ា​ញ ដោយ​ស្តេច ចូសេព បូ​ណា​ប៉ាត៍ ។ ពន្ធដារ​ត្រូវបាន​បង្កើន​ទៅលើ​បណ្តា ប្រទេស​នៅ​តំបន់​អេ​ស្ប៉ា​ញ​ថ្មី ដើម្បី​យក​ធនធាន​ទៅ​ទ្រទ្រង់​ដល់​ចលនា​តស៊ូ​ទាំងនេះ​របស់ អេ​ស្ប៉ា​ញ​។

​ប្រការនេះ​បាន​បង្កើន​ភាព​ក្តៅក្រហាយ​មួយកម្រិត​ទៀត​ពី​សំណាក់​ប្រជាពលរដ្ឋ នៅក្នុង​ពិភព អេ​ស្ប៉ា​ញ ថ្មី ចំពោះ អេ​ស្ប៉ា​ញ​។ ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ដែលជា ក្រុមប្រឹក្សា នៃ​អាណាចក្រ​អេ​ស្ប៉ា​ញ ជំទាស់​យ៉ាង​ដាច់ខាត ចំពោះ​ការលើក​ស្តេច ចូសេព នោះ ហើយ​បាន ដឹកនាំ​ការតស៊ូ​ប្រឆាំងនឹង​រាជការ​របស់​ស្តេច ចូសេព បូ​ណា​ប៉ាត៍ និង​ការកាន់កាប់ របស់​បារាំង ទៅលើ​អេ​ស្ប៉ា​ញ ដោយ​ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា បាន​កាន់កាប់​អំណាច ក្នុងខណៈពេល ពុំទាន់​មាន​ស្តេច និង​ផ្តាច់ចំណង​ភក្តីភាព​របស់ខ្លួន​ពី​បារាំង ទៅ​ប្រគល់ឱ្យ ចក្រភព​អង់គ្លេស​វិញ ។​

​បារាំង​ក្តៅក្រហាយ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​១៨១០ កងទ័ព​បារាំង បាន​ចូលលុកលុយ​កាន់កាប់ ទីក្រុង​សេ​វីឡា និង​កាន់កាប់​ក្រុមប្រឹក្សា​រាជា​នុ​សិទ្ធិ​អេ​ស្ប៉ា​ញ នៅ​ទីក្រុង​ខា​ឌី​ហ្ស ហើយ​ឱ្យ​ក្រុម ប្រឹក្សា​នេះ ដើរតួ​ជំនួស​ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ដែល​ប្រឆាំងនឹង​បារាំង​វិញ​។ ប្រការ ទាំងនេះ ជា​ទឡ្ហីករណ៍​ថា អំណាចកណ្តាល​របស់​អេ​ស្ប៉ា​ញ មាន​ភាព​រង្គោះរង្គើ​រប៉ាត់រប៉ាយ ឬ មិនមែនជា​មហាអំណាច​ដែលមាន​លទ្ធភាព​ត្រួតត្រា​លើទឹក​ដី នៅឯ​នាយ​សមុទ្ទ ដូច​ពីមុន​ទៀត​ទេ គឺ​សូម្បីតែ​ខ្លួនឯង ក៏​គ្រប់គ្រង​មិនបាន​ផង ។​

​ទោះយ៉ាងណា ទីបំផុត ព្រះអង្គម្ចាស់ ហ្វ៊ែ​រ​ឌី​ណង់ ទី​៧ បាន​ឡើង​សោយរាជ្យ ជា​ស្តេច​អេ​ស្ប៉ា​ញ នៅ​ឆ្នាំ​១៨១៣ ប៉ុន្តែ​ប្រទេស​អេ​ស្ប៉ា​ញ ទាំងមូល​មានការ​បែកបាក់​គ្នា យ៉ាងហោចណាស់​ជា ២ ក្រុម​ធំៗ ដែល​ប្រឆាំងនឹង​គ្នាឯង​ជាជាង​ប្រឆាំងនឹង​បារាំង ចាប់តាំងពី​ឆ្នាំ ១៨១២ មក ។​

​ខណៈ​អំណាចកណ្តាល​របស់​អេ​ស្ប៉ា​ញ ច្របូកច្របល់ ធ្លាក់ខ្លួន​វឹកវរ​ដូច្នេះ រដ្ឋ​ជា​ចំណុះ​នានា ក៏​ឆ្លៀតឱកាស​ងើប​បះបោរ ទាមទារ​ឯករាជ្យភាព ពី​អេ​ស្ប៉ា​ញ ទាំង​តាម​សន្តិវិធី និង​តាមរយៈ សង្គ្រាម​។ អាណាខេត្ត​រួបរួម នៃ​អាមេរិក កណ្តាល (​ជា​ឈ្មោះ​រួម នៃ​រដ្ឋ​នានា ក្រោម​អាណានិគម អេ​ស្ប៉ា​ញ នៅ​ពិភព​អេ​ស្ប៉ា​ញ​ថ្មី ឬ នៅ​ទ្វីបអាមេរិក​ឡាទីន​) ដែល​ក្នុងនោះ​ក៏មាន​ហុង​ឌូ​រ៉ា​ស ផង​នោះ បាន​ក្រោក ប្រកាស​ឯករាជ្យ​របស់​ខ្លួន នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​១៨២១ នោះឯង ហើយ​រួបរួមគ្នា បង្កើតបានជា​អាណាចក្រ​ម៉ិ​ក​ស៊ិ​ក លើក​ទី​១ នៅ​ដើមឆ្នាំ​១៨២២​។ ដើមឆ្នាំ ១៨២២ ហុង​ឌូ​រ៉ា​ស គឺជា​ផ្នែក​មួយ នៃ​អាណាចក្រ​ម៉ិ​ក​ស៊ិ​ក ។​

​គួររំឭកថា នៅក្នុង​របបរាជានិយម នៅ​អឺរ៉ុប ដែលជា​ប្រទេស​កាន់សាសនា​គ្រិស្ត រ៉ូ​មាំ​ង កាតូលិក មាន​ប៉ូល ៣ ដែលមាន​អំណាច​ប្រហាក់ប្រហែលគ្នា គឺ​ទី ១. អំណាច​ស្តេច ឬ​អំណាច​អាជ្ញាធរ​, ទី ២. អំណាច​បព្វជិត គឺ​ស្ថាប័ន​សាសនា និង ទី ៣. គឺ​អំណាច​ម្ចាស់​ដី ឬ​អំណាច​គហបតី ឬ ពួក​អភិជន ។

​លោក​ឧ​ត្ត​ម​សេនីយ៍ Agustín de Iturbide ក៏បាន​ប្រកាស​ខ្លួន​ថា ជា ព្រះ​ចៅ​អ​ធិ​រាជ្យ នៃ​អាណាចក្រ​ម៉ិ​ក​ស៊ិ​ក​។ ប៉ុន្តែ​មិនយូរប៉ុន្មាន ក៏មាន​ការទាស់ទែង​ខ្វែងគំនិត​គ្នា រវាង​ពួក​អ្នក សេរីនិយម និង​ពួក​អ្នក​អភិរក្សនិយម ។ ពួក​អ្នក​សេរីនិយម ពេញចិត្ត​នឹង​របប​សាធារណ​រដ្ឋនិយម ព្រោះ​របប​បែបនេះ ផ្តល់​សេរីភាព​ច្រើន​ក្នុង​ធ្វើ​ពាណិជ្ជកម្ម ហើយ​មាន​អន្តរាគមន៍ ឬ​ជ្រៀតជ្រែក តិចតួច​ពី​រដ្ឋាភិបាល និង លប់បំបាត់​អំណាច​របស់​បព្វជិត​។ ចំណែក​ពួក​អ្នក​អភិរក្សនិយម គាំទ្រ​អំណាច​បព្វជិត ហើយ​ជា​មូលដ្ឋាន គឺ​ពួកគេ​មាន​ទំនោរ ទៅរក​ការគ្រប់គ្រង​របស់​អេ​ស្ប៉ា​ញ ដូច​ពី​អតីតកាល​។​

​ទីបំផុត នៅ​ខែមីនា ឆ្នាំ​១៨២៣ ក៏មាន​បដិវត្តន៍​មួយ បាន​ផ្ទុះឡើង​បាន​ផ្តួលរំលំ​របប​រាជា​និ​រម​របស់ អ​ធិ​រាជ្យ Agustín de Iturbide ហើយ​របប​សាធារណ​រដ្ឋនិយម ត្រូវបាន​ជំនួស គឺ​បង្កើតបាន ជា​សហរដ្ឋ​ម៉ិ​ក​ស៊ិ​ក ដោយមាន​លោក Guadalupe Victoria ជា​ប្រធានាធិបតី ដំបូង​បំផុត​របស់ ម៉ិ​ក​ស៊ិ​ក ។​

​បន្ទាប់ពី​ការពិភាក្សា​តិចតួច​មក រដ្ឋ​ចំណុះ​ទាំងអស់ នៃ​អាណាខេត្ត​រួបរួម នៃ អាមេរិក​កណ្តាល ដែលជា​សមាសភាព នៃ​អតីត​អាណាចក្រ​ម៉ិ​ក​ស៊ិ​ក ទី​១ ដោយមាន​ទាំង​ហុង​ឌូ​រ៉ា​ស​ផង​នោះ ក៏​នាំគ្នា​ប្រកាស​ឯករាជភាព ពោលគឺ​បំបែក​រដ្ឋ​រៀងៗ​ខ្លួន រហូតមកដល់​សព្វថ្ងៃ​។ អ្នកប្រវត្តិសាស្ត្រ ឬ​ប្រទេស​ខ្លះ បានចាត់ទុក​ព្រឹត្តិការណ៍​នេះ​ថា ជា​ឯករាជ្យភាព​ពី​ម៉ិ​ក​ស៊ិ​ក ។​

​ទោះយ៉ាងណា រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ហុង​ឌូ​រ៉ា​ស នៅតែ​ចាត់ទុក ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ​១៨២១ ដែល​ពួក​អាណាខេត្ត​រួបរួម​នៃ​អាមេរិក​កណ្តាល ប្រកាស​ឯករាជ្យភាព ពី​អេ​ស្ប៉ា​ញ ថា​ជា​ថ្ងៃ ឯករាជ្យ​ជាតិ​របស់​ពួកគេ​។ ដូច្នេះ​ទើប​ពួកគេ​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី ១៥ ខែកញ្ញា រហូតមក ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

​ទីក្រុង តេ​ហ្គូ​ស៊ី​ហ្គា​ល់​ប៉ា នៃ សាធារណរដ្ឋ ហុង​ឌូ​រ៉ា​ស ( តេ​ហ្គូ​ស៊ី​ហ្គា​ល់​ប៉ា​)
​ក្បួន​ហែ​កងទ័ព ហុង​ឌូ​រ៉ា​ស នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ( ហុង​ឌូ​រ៉ា​ស​)
#