ទិវា តស៊ូ​ដើម្បី​ឯករាជភាព​ជាតិ ម៉ា​រ៉ុ​ក​

245

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ា​រ៉ុ​ក ប្រារព្ធ ទិវា ប្រកាស​ឯករាជភាព នៃ ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក ឬ ទិវា តស៊ូ​ដើម្បី​ឯករាជភាព នៃ ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក នៅ​ថ្ងៃទី ១១ ខែ មករា ដើម្បី​រំលឹក ដល់​ថ្ងៃ​ដែល ស៊ុ​លត​ង់ មហា​ម៉េ​ដ ទី ៥ ដាក់សំណើ​ទៅ បារាំង អង់គ្លេស និង អាមេរិក ដើម្បី​ស្នើសុំ ឯករាជភាព​របស់ ម៉ា​រ៉ុ​ក ពី​បារាំង និង អេ​ស្ប៉ា​ញ កាលពី​ឆ្នាំ​១៩៤៤ ប៉ុន្តែ​ពួកគេ​មិន ទទួល​បានការ ឆ្លើយតប​ឡើយ រហូតដល់​ឆ្នាំ ១៩៥៦ ទើប​ពួកគេ​ទទួលបាន​ឯករាជភាព បន្ទាប់ពី​បាន​តស៊ូ និង ឆ្លងកាត់​ការឈឺចាប់​យ៉ាងច្រើន ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក គឺជា​ប្រទេស​រាជាធិបតេយ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ មាន​ផ្ទៃដី ៤៤៦.៥៥០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាហ្វ្រិក​ខាងជើង មាន​ព្រំដែន​ជាប់​វាល​ខ្សាច់ សាហា​រ៉ា ប្រទេស អាល់​ហ្ស៊េ​រី និង ប្រទេស អេ​ស្ប៉ា​ញ ។ ឆ្នាំ ២០១៧ មាន​ប្រជា ពលរដ្ឋ​ជាង ៣៥ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ី​ស្លា ។ រដ្ឋធានី គឺ​ទីក្រុង រ៉ា​បា ភាសាផ្លូវការ​របស់​ប្រទេស គឺ​ភាសា អារ៉ាប់ ទំនើប និង ភាសា ប៊ឺ​ប៊ឺ ។​
​ព្រះមហាក្សត្រ គឺជា​ព្រះប្រមុខរដ្ឋ ដែល​កាន់អំណាច​នីតិបញ្ញត្តិ និង នីតិប្រតិបត្តិ​យ៉ាង​ទូលំទូលាយ ដោយ​រួមទាំង​អំណាច​យោធា​ផង ។ រាជក្រឹត្យ​របស់​ព្រះអង្គ​មាន​អនុ​ភាពជា​ច្បាប់ ព្រះមហាក្សត្រ​មាន សិទ្ធិ​រំលាយ​រដ្ឋសភា ដោយ​គ្រាន់តែ​ត្រូវ​ប្រឹក្សា​ជាមួយ​នាយករដ្ឋមន្ត្រី និង ប្រធាន​តុលាការ​ធម្មនុញ្ញ​។​

ប្រវត្តិសាស្ត្រ​-​អាច​ណា​ចក្រ​សាច់​ខ្លាញ់​
​ខណៈ អឺរ៉ុប បានធ្វើ ឩ​ស្សា​ហូប​និ​យក​ម្ម អាហ្វ្រិក​ខាងជើង ក៏​កាន់តែ​មានតម្លៃ​ឡើងៗ ចំពោះ​សក្តានុពល របស់ខ្លួន​សម្រាប់​ការធ្វើ​អាណានិគម ។ នា​អំឡុង​ដើម​ទសវត្សរ៍ ១៨៣០ បារាំង បានបង្ហាញ​នូវ​ចំណាប់ អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ប្រទេស ម៉ា​រ៉ុ​ក គឺ​ដើម្បី​ជា​របង​ការពារ​ព្រំដែន​ប្រទេស អាល់​ហ្ស៊េ​រី (​ដែល​បារាំង​កំពុង​ត្រួតត្រា​) ផង និង ជាទី​តាំង​យុទ្ធសាស្ត្រ​សម្រាប់​ឆ្លងកាត់​ទៅមក​ពី​មហាសាគរ ប៉ា​ហ្វ៊ិ​ក និង មហាសាគរ ម៉េ​ឌី​ទែ​រ៉ា​ណេ ផង ។​

​ទំនាស់​ដែនដី​ជុំវិញ​តំបន់ Ceuta ក្រោម​អាណានិគម អេ​ស្ប៉ា​ញ បាន​រីក​កាន់តែ​ក្តៅ​ទៅៗ រហូត​ទីបំផុត នៅ​ឆ្នាំ ១៨៦០ អេ​ស្ប៉ា​ញ ប្រកាសសង្គ្រាម ប្រឆាំង​បារាំង ហើយ​ទីបំផុត នៃ សង្គ្រាម​នោះ អេ​ស្ប៉ា​ញ ចំណេញ​បាន​ដី​មួយចំនួនទៀត សម្រាប់​ពង្រីក​តំបន់ ដែនដី​អាណានិគម​របស់ខ្លួន ។ នៅ​ឆ្នាំ ១៨៨៤ អេ​ស្ប៉ា​ញ បាន​បង្កើត​រដ្ឋការ​អា​ណា​ព្យាបាល​ទៅលើ​តំបន់ឆ្នេរ​នានា នៃ ម៉ា​រ៉ុ​ក ។

​នៅ​ឆ្នាំ ១៩០៤ បារាំង និង អេ​ស្ប៉ា​ញ បាន​ត្រួស​ត្រាយផ្លូវ​ចេញពី​តំបន់​នោះ គឺ​បារាំង មានបំណង​បង្កើត​រដ្ឋ ការ​អាណាព្យាបាល នៅ​តំបន់ ម៉ា​រ៉ុ​ក ប៉ុន្តែ​ត្រូវបាន អាល្លឺម៉ង់ ជំទាស់ ដោយបាន​បញ្ចេញ​ប្រតិកម្ម យ៉ាងខ្លាំង​ក្លា ហើយ​វិបត្តិ​ក៏បាន​កើតឡើង​នៅ​ឆ្នាំ ១៩០៥ រវាង​មហាអំណាច អឺរ៉ុប ទាំងពីរ​នេះ ។
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សន្និសីទ​មួយ​ត្រូវបាន​រៀបចំឡើង​នៅ​ទីក្រុង​កំពង់ផែ Algeciras នៃ ប្រទេស អេ​ស្ប៉ា​ញ ពី​ចន្លោះ​ទី ថ្ងៃទី ១៦ ខែ មករា ដល់​ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩០៦ ដែល​បាន​ដោះស្រាយ​វិបត្តិ នៃ មហិច្ឆតា របស់​បារាំង ទៅលើ ម៉ូ​រ៉ូ​កូ បាន​មួយគ្រា ។​

​ប៉ុន្តែ​ដោយសារ ម៉ា​រ៉ុ​ក គឺជា​ទីតាំង​យុទ្ធសាស្ត្រ​នោះ បារាំង ចាំបាច់​ត្រូវតែ​យក អាណាចក្រ អ៊ីស្លាម មួយ​នេះ​ត្រួតត្រារ​ឱ្យ​ទាល់តែ​បាន ទើប​នៅ​ខែ មេសា ឆ្នាំ ១៩១១ បារាំង បាន​បញ្ជូន និង​ដាក់ពង្រាយ​កងទ័ព របស់ខ្លួន​នៅក្នុង​ទឹកដី ម៉ូ​រ៉ូ​កូ ។ អាល្លឺម៉ង់ ឆ្លើយតប​ដោយ​ការបញ្ជូន​នាវាចម្បាំង​ទៅកាន់​ទីក្រុង​កំពង់ផែ Agadir ម៉ូ​រ៉ូ​កូ នៅ​ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ១៩១១ នោះដែរ បញ្ឆេះ​ឱ្យមាន​ភាព​តានតឹង​ផ្ទុះឡើង​ម្តងទៀត រវាង​មហាអំណាច​អឺរ៉ុប ទាំងពីរ​នេះ ដែល​អង់គ្លេស ក៏​ជា​ផ្នែក​មួយ​នៅ​ពីក្រោយ​ទំនាស់​នោះដែរ ។​
​ដើម្បី​ដោះស្រាយ​វិបត្តិ​ដ៏​រីក​រាលដាល​នេះ ស៊ុ​លត​ង់ ( ស្តេច ) ម៉ា​រ៉ុ​ក អាប់​ដែល​ហា​ហ្វ៊ី​ដ ត្រូវបាន​បង្ខំ​ឱ្យ ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយនា​ទីក្រុង ហ្វេ​ស នៃ ប្រទេស ម៉ា​រ៉ុ​ក នៅ​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ១៩១២ ដាក់ ម៉ូ​រ៉ូ​កូ ឱ្យ​ស្ថិតក្រោម​អាណាព្យាបាល​របស់​បារាំង ដោយ​បារាំង​បាន​ដោះដូរ​ទឹកដី​អាណានិគម របស់ខ្លួន​នៅ​តំបន់ កុង​ហ្គោ កណ្តាល (​បច្ចុប្បន្ន​សាធារណរដ្ឋ កុង​ហ្គោ​) ទៅឱ្យ អាល្លឺម៉ង់ ជា​អ្នកត្រួតត្រា​វិញ ។ ចំណែក អេ​ស្ប៉ា​ញ នៅ​បន្ត​ត្រួតត្រា​លើ​តំបន់ឆ្នេរ​ខ្សាច់ សាហា​រ៉ា ខាងជើង និង ខាងត្បូង ដដែល ។ សន្ធិសញ្ញា​នេះ​ត្រូវបាន​ប្រជាជន​ម៉ូ​រ៉ូ​កូ​ថ្កោលទោស​ថា​ជាការ​ហែក​ទឹកដី ម៉ា​រ៉ុ​ក ទៅឱ្យ​បរទេស ។

​ផលប្រយោជន៍​ដ៏​ច្រើន​មហិមា បាន​កើតឡើង​នៅក្នុង​ដែនដី ម៉ា​រ៉ុ​ក ញ៉ាំងឱ្យ​បារាំង​រិត​បន្តឹង​ការត្រួតត្រា ដែលជា​ហេតុ​នាំទៅរក​ការបង្កើត​ឩ​ទ្ទាម​កម្ម​របស់​ជនជាតិ ម៉ា​រ៉ុ​ក ប្រឆាំងនឹង​អាណានិគម​បារាំង និង​ស៊ុ​លត​ង់ អាប់​ដែល​ហា​ហ្វ៊ី​ដ ដែល​ក្រោម​ការបង្គាប់បញ្ជា​របស់​បារាំង​។

​នៅ​ឆ្នាំ ១៩២១ ជនជាតិ ប៊ឺ​ប៊ឺ (​ដែលជា​អម្បូរ​ដ៏​ធំ​បំផុត​មួយ​របស់ ម៉ូ​រ៉ូ​កូ​) នៅ​តំបន់ភ្នំ រី​ហ្វ បាន​ងើប​បះបោរ​ប្រឆាំង ហើយ​បង្កើតជា​សាធារណរដ្ឋ រី​ហ្វ ។ ប៉ុន្តែ​ត្រូវបាន កងទ័ព​បារាំង និង អេ​ស្ប៉ា​ញ ព្រួត​គ្នា​វាយកម្ទេច​ទៅវិញ​នៅ​ឆ្នាំ ១៩២៦ ។

ចលនា​ឯករាជភាព
​នៅពេល​ឃើញ​បារាំង និង អេ​ស្ប៉ា​ញ ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​នៅ​តំបន់ ម៉ា​រ៉ុ​ក នោះ អាមេរិក មិនអាច​នៅ​ស្ងៀម​ឡើយ ក៏​លួច​ញោះ​ញ​ង់​ឱ្យមាន​គណបក្សនយោបាយ​នៅ ម៉ា​រ៉ុ​ក ។ ដោយមាន​ការគាំទ្រ ជាសម្ងាត់​ពី​សហរដ្ឋអាមេរិក នៅ​ឆ្នាំ ១៩៤៣ គណៈបក្ស Istiqlal Party (​គណបក្ស​ឯករាជភាព​) ត្រូវបាន​បង្កើតឡើង ដោយបាន​ផ្តល់​ជាសំខាន់​នូវ​ភាពជា​អ្នកដឹកនាំ និង ចលនា​ជាតិនិយម ។​
​គណបក្ស​នេះ បានដាក់​គំនាប​ទៅលើ ស៊ុ​លត​ង់ ម៉ូ​ហា​ម៉ា​ដ់ ទី ៥ ទាមទារ​ឯករាជភាព​របស់ ម៉ា​រ៉ុ​ក ពី​បារាំង និង អេ​ស្ប៉ា​ញ ។ ជា​បំណង​របស់​ព្រះអង្គ​តាំងពី​យូរ​មកហើយ​ស្រាប់​ផង នៅ​ថ្ងៃទី ១១ ខែ មករា ឆ្នាំ ១៩៤៤ ស៊ុ​លត​ង់ ម៉ូ​ហា​ម៉ា​ដ់ ទី ៥ បានដាក់​ឯកសារ​ស្នើសុំ​ឯករាជភាព ម៉ា​រ៉ុ​ក ទៅកាន់ បារាំង សហរដ្ឋ អាមេរិក និង មហា​ចក្រភព អង់គ្លេស ។ ដូច្នេះ គណៈបក្ស Istiqlal Party ទៅជា​ការគាំទ្រ​ដ៏​សំខាន់ សម្រាប់ ស៊ុ​លត​ង់​ម៉ូ​ហា​ម៉ា​ដ់ ទី ៥ ទៅវិញ ។​

​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ចារ​ក្នុង​ប្រវត្តិសាស្ត្រ ម៉ា​រ៉ុ​ក ថា​ជាការ​ប្រកាស​ឯករាជភាព ម៉ា​រ៉ុ​ក ផង​ហើយ​ត្រូវ បានចាត់ទុក​ថា​ជា​តំណាង​ឬ​ជា​បណ្តុំ​នៃ​ការតស៊ូ​ដើម្បី​ឯករាជ្យ​ជាតិ​ផង ។​

​គួរ​បញ្ជាក់ថា ស៊ុ​លត​ង់ ម៉ូ​ហា​ម៉ា​ដ់​ទី ៥ ទទួលបាន​ការគាំទ្រ​ពី​ប្រជាព​រល​ដ្ឋ ម៉ា​រ៉ុ​ក ច្រើន​បំផុត ក៏​ព្រោះតែ ស៊ុ​លត​ង់ អង្គ​នេះ តែងតែមាន​គោលជំហរ​ប្រឆាំង ជំទាស់​ដាច់ខាត​ចំពោះ បារាំង ក្នុង​ការចូល​ត្រួតត្រា ម៉ា​រ៉ុ​ក ។ ដោយហេតុនេះ បារាំង បានចាត់ទុក ស៊ុ​លត​ង់ ម៉ូ​ហា​ម៉ា​ដ់​ទី ៥ ជា​ឧបសគ្គ​ដ៏​គួរឱ្យ​ស្អប់ ។ នៅ​ទីបំផុត បារាំង​ចាប់​និរទេស ស៊ុ​លត​ង់ អង្គ​នេះ​ទៅ ម៉ា​ដា​ហ្កា​ស្កា នៅ​ឆ្នាំ ១៩៥៣ ហើយ​បារាំង​ដាក់ ជំនួស​ដោយ ស៊ុ​លត​ង់ ម៉ូ​ហា​ម៉ា​ដ់ បេន អា​រ៉ា​ហ្វា ជា​បុគ្គល​ដែល​ប្រជាពលរដ្ឋ ម៉ា​រ៉ុ​ក​មិន​ពេញចិត្ត ទាល់តែសោះ ព្រោះ បុគ្គល​រូបនេះ​ជា​ញឹកញាប់​មាន​ទំនោរ​ទៅរក បារាំង​ដែល​ភាសា​អ្នកស្រុក​ហៅថា ជា​អ្នក​រណប​បារាំង​ដើម្បី​អំណាច ។
​ប្រការនេះ​បណ្តាលឱ្យមាន​ការប្រឆាំង​ជំទាស់​យ៉ាង​ស្រួចស្រាល់​ពី​សំណាក់​ប្រជាពលរដ្ឋ ម៉ា​រ៉ុ​ក នៅក្នុង​តំបន់ បារាំង និង អេ​ស្ប៉ា​ញ ។ ពី​ក្រៅប្រទេស​មក នៅ​ឆ្នាំ ១៩៥៣ នោះ អតីត ស៊ុ​លត​ង់ មហា​ម៉ា​ដ់​ទី ៥ បាន​បញ្ចេញ​សកម្មភាព​ប្រឆាំង​ទៅនឹង​ការធ្វើ​អាណានិគម​លើទឹក​ដី ម៉ា​រ៉ុ​ក ពី​សំណាក់ បារាំង និង អេ​ស្ប៉ា​ញ សាជាថ្មី​ទៀត ដែលនាំឱ្យ​ចលនា​តស៊ូ​ជាតិនិយម​ក្នុងប្រទេស​កាន់តែ​មាន​ឥទ្ធិពល ខ្លាំង​ទៅៗ​នៅក្នុង​ចិត្តគំនិត និង សង្គម ម៉ា​រ៉ុ​ក រហូត​ឈានទៅដល់​អំពើរ​ហិង្សា​នានា​ប្រឆាំង បារាំង និង អេ​ស្ប៉ា​ញ ហើយក៏​ត្រូវបាន​វាយ​បង្ក្រាប​យ៉ាង​ឥត​ញញើត​ដៃ​ពី​សំណាក់ មហាអំណាច​ទាំងពីរ​នោះដែរ ។
​គិតថា ដើម្បី​លួង​ចិត្ត​ពលរដ្ឋ ម៉ា​រ៉ុ​ក ដែល​ទាមទារ​ឱ្យ មហា​ម៉ា​ដ់​ទី​៥ វិល​មកវិញ​នោះ បារាំង បាន​អនុ​ញ្ញ​ត្ត​ឱ្យ អតីត ស៊ុ​លត​ង់ មហា​ម៉ា​ដ់ ទី ៥ ត្រឡប់​ចូល ម៉ា​រ៉ុ​ក វិញ​នៅ​ឆ្នាំ ១៩៥៥ ។ ប៉ុន្តែ បារាំង ស្មាន​ខុស​ទទេ ដ្បិត វត្តមាន​របស់​អតីត ស៊ុ​លត​ង់ មហា​ម៉ា​ដ់ ទី ៥ គឺជា​ប្រទីប ឬ ជា​ដងទង់ នៃ គំនិត​តស៊ូ​ដើម្បី​ឯករាជភាព​របស់​ជន​ជាតិ ម៉ា​រ៉ុ​ក ទៅវិញ ដែល​ញ៉ាំ​ឱ្យកម្លាំង​ជាតិនិយម​កាន់តែ​មាន​ភា​ព ពុះកញ្ជ្រោល​ឡើង ទីបំផុត​ក៏មាន​ការផ្តួចផ្តើម​គំនិត​ចរចា​ដើម្បី​ឯករាជភាព ម៉ូ​រ៉ូ​កូ ត្រូវបានធ្វើ​នៅ​ឆ្នាំ ១៩៥៦ ។​

​នៅ​ខែ មីនា ឆ្នាំ ១៩៥៦ អាណាព្យាបាល​បារាំង ទៅលើ ម៉ា​រ៉ុ​ក ត្រូវបាន​ញ្ច​ប់ ហើយ ម៉ា​រ៉ុ​ក ទទួលបាន ឯករាជភាព​របស់ខ្លួន​ពី​បារាំង ក្នុងឋានៈ​ជា​ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក យ៉ាង​ពេញលេញ ។​មួយខែ​ក្រោយ អេ​ស្ប៉ា​ញ ក៏បាន​ប្រគល់​ទឹកដី​អាណានិគម​ភាគច្រើនបំផុត​របស់ខ្លួន​នៅ ម៉ា​រ៉ុ​ក ខាងជើង​ឱ្យ ម៉ា​រ៉ុ​ក វិញ ( ប៉ុន្តែ​បាន​បន្ត​រក្សា​ទឹកដី​មួយចំនួន​នៅ ឆ្នេរ​សមុទ្ទ ម៉េ​ឌី​ទែ​រ៉ា​ណេ ) ។ ងារ​ជា ស៊ុ​លត​ង់ ត្រូវបាន​ជំនួស ដោយ ព្រះរាជា ឬ ព្រះមហាក្សត្រ ។ អតីត ស៊ុ​លត​ង់ មហា​ម៉េ​ដ ទី ៥ បាន​ឡើង​សោយរាជ្យ នៅ​ឆ្នាំ ១៩៥៧ ។ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ម៉ូ​រ៉ូ​កូ បានចាត់ទុក​លទ្ធផល​ដ៏​ត្រចះត្រចង់ ដែល​ពួក​ទទួលបាន​ទាំង នេះ កើតចេញពី​ការតស៊ូ​យ៉ាង​ស្វិតស្វាញ ហើយ​រាល់​ការតស៊ូ​ទាំងឡាយ ត្រូវបាន​តំណាង​ដោយ ស៊ុ​លត​ង់ ម៉ូ​ហា​ម៉េ​ដ ទី ៥ ដាក់សំណើ​ទៅ បារាំង អាមេរិក និង អង់គ្លេស ដើម្បី​ស្នើសុំ​ឯករាជភាព របស់ ម៉ា​រ៉ុ​ក ។ ដូច្នេះ​ពួក​បាន​ប្រារព្ធ​ទិវា តស៊ូ​ដើម្បី​ឯករាជ្យ​ជាតិ នៅ​ថ្ងៃទី ១១ ខែ មករា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល ស៊ុ​លត​ង់ ម៉ូ​ហា​ម៉េ​ដ ទី ៥ ដាក់សំណើ​ទៅ បារាំង អាមេរិក និង អង់គ្លេស ដើម្បី​ស្នើសុំ​ឯករាជភាព របស់ ម៉ា​រ៉ុ​ក កាលពី ថ្ងៃទី ១១ ខែ មករា ឆ្នាំ ១៩៤៤ ដោយ​ពួកគេ​ចាត់ទុក​ថ្ងៃនេះ​ថា​ជា​ថ្ងៃ​ប្រកាស​ឯករាជភាព ម៉ា​រ៉ុ​ក ៕

ព្រះបាទ មហា​ម៉ា​ដ់​ទី ៥ មហា​បុរស នៃ ព្រះរាជាណាចក្រ ម៉ា​រ៉ុ​ក (moroco 2)
គំ​នរូ​ពណ៌នា​អំពី​សង្គ្រាម​ដែល​កងទ័ព​សាធារណរដ្ឋ រី​ហ្វ ជនជាតិ ម៉ា​រ៉ុ​ក ប្រឆាំងនឹង បារាំង និង អេ​ស្ប៉ា​ញ (moroco 1)