ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ លីប៊ី ប្រារព្ធ ទិវា នៃ ការចាកចេញរបស់កងទ័ព អាម៉េរិក ពី លីប៊ី នៅថ្ងៃទី ១១ ខែ មិថុនា ដើម្បី រំឮកដល់ថ្ងៃដែល កងទ័ពអាមេរិក ប្រគល់ មូលដ្ឋានទ័ពអាកាស Wheelus Air Base នៅក្នុងប្រទេស លីប៊ី ទៅឱ្យ លីប៊ី វិញ ហើយ ចាកចេញពីប្រទេស លីប៊ី កាល ឆ្នាំ ១៩៧០ បន្ទាប់ពីពួកគេបានកាន់កាប់មូលដ្ឋានទ័ព ដ៏សំខាន់នេះតាំងពីឆ្នាំ ១៩៤៣ ហើយពួកគេបានក្រាញមិនព្រមចង់ចាកចេញឡើយ ។ ទោះយ៉ាងណា បន្ទាប់ពីនោះមក ប្រទេស លីប៊ី បានពើការប្រឆាំង និងសង្គ្រាមផ្ទៃក្នុង ជាហូរហែ ហើយត្រូវបានមើលឃើញថា ដោយសារហ្គាដាហ្វ៊ីមិនរណបមហាអំណាច លោកខាងលិច ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
រដ្ឋ លីប៊ី មានផ្ទៃដី ១.៧៥៩.៥៤១ គីឡូម៉ែត្រក្រឡា ជាប្រទេសស្ថិតនៅក្នុងតំបន់ ម៉ាហ្ក្រេប នៃ អាហ្វ្រិក ខាងជើង មានព្រំដែនជាប់ប្រទេស អេហ្ស៊ីព , ស៊ូដង់ , ឆាដ , នីហ្សេ , អាល់ហ្ស៊េរី , ទុយនេស៊ី និង សមុទ្ទម៉េឌីទែរ៉ាណេ ។ ឆ្នាំ ២០១៩ មានប្រជាពល រដ្ឋជាង ៦ លាននាក់ ភាគ ច្រើន ជាអ្នកកាន់សាសនា អ៊ីស្លាម និកាយ ស៊ុននី, ភាសា ផ្លូវការ គឺភាសា អារ៉ាប់ រដ្ឋធានី គឺទីក្រុង ទ្រីប៉ូលី ។
ប្រវត្តិសាស្ត្រ
គិតត្រឹមឆ្នាំ ១៥១០ ទឹកដី លីប៊ី បានធ្លាក់ក្នុងដៃ អេស្ប៉ាញ និង បានធ្លាក់ទៅក្នុងដៃ អូតូម៉ង់ ( ទួកគី ) នៅឆ្នាំ ១៥៥១ ហើយ អូតូម៉ង់ បានតែងតាំងតំណាងរបស់ខ្លួនជាអ្នក គ្រប់គ្រង ដោយហៅថា ទ្រីប៉ូលី អូតូម៉ង់ ។ ដោយសារខ្វះភាពដិតដល់ពី អូតូម៉ង់ បណ្តាលឱ្យមានរដ្ឋប្រហារជាហូរហែនៅតំបន់នោះ ។ ក្រោមកិច្ចដឹកនាំរបស់លោក Yusuf បានបង្កើតឯករាជភាព ទ្រីប៉ូលី នៅឆ្នាំ ១៧៩៥ ។
ឆ្នាំ ១៨០១ ដល់ឆ្នាំ ១៨០៥ នៅ ទ្រូប៉ូលី បានផ្ទុះឡើងនូវសង្គ្រាមរវាង រដ្ឋចំនួនបួន នៅ អាហ្វ្រិក ខាងជើង ប្រឆាំងនឹង សហរដ្ឋ អាមេរិក និង ស៊ុយអែត ហៅថា សង្គ្រាម Barbary លើកទី ១ និង សង្គ្រាម Barbary លើកទី ២ នៃ ភាគីដដៃលនេះនៅឆ្នាំ ១៨១៥ បូកបន្ថែម ដោយសង្គ្រាម ណាប៉ូឡេអុង ផង គិតត្រឹមឆ្នាំ ១៨១៩ បានធ្វើឱ្យរាជវង្ស Yusuf បានចុះ ខ្សោយ ។ ស៊ុលតង់ អូតូម៉ង់ ម៉ាហមូដ ទី ២ បានបញ្ជូនកងទ័ពទៅស្តារសណ្តាប់ធ្នាប់ នៅទីនោះ និង បានបញ្ចប់នូវឯករាជភាពរបស់ តំបន់ ទ្រីប៉ូលី នៅឆ្នាំ ១៨៥៨ ។
លីប៊ី ធ្លាក់ចូលក្នុងដៃ អ៊ីតាលី
សង្គ្រាម អ៊ីតាលី-តួកគី ពីឆ្នាំ ១៩១១-១៩១២ ទឹកដី ទ្រីប៉ូលី បានធ្លាក់ទៅក្នុងដៃរបស់ អ៊ីតាលី ហើយ អ៊ីតាលី ដាក់ឈ្មោះទឹកដីដែលជាប្រទេស លីប៊ី បច្ចុប្បន្ននេះថា អាហ្វ្រិក ខាងជើង អ៊ីតាលី ។ នៅឆ្នាំ ១៩៣៤ អ៊ីតាលី បានទទួលយកឈ្មោះ លីប៊ី (ដែលប្រើ ដោយពួក ក្រិក និង រ៉ូម៉ាំង សំដៅដល់រាល់ទឹកដី អាហ្វ្រិកខាងជើងទាំងអស់ លើកលែង តែ អេហ្ស៊ីព ) ជំនួសឱ្យតំបន់ ទ្រីប៉ូលី ឬ អាហ្វ្រិក ខាងជើង អ៊ីតាលី នោះ ។
លោក Omar Mukhtar គឺជាមេដឹកនាំប្រឆាំងនឹងអាណានិគម អ៊ីតាលី ត្រូវបាន អ៊ីតាលី ចាប់ខ្លួន និង សម្លាប់ចោលនៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ១៩៣១ ។ គាត់ត្រូវបានចាត់ទុក ថាជាវិរបុរសជាតិ ។ បន្តពីនោះមក ក៏មានចលនាតស៊ូប្រឆាំងនឹងអាណានិគម អ៊ីតាលី ជាបន្តបន្ទាប់ទៀត ក្នុងនោះក៏មានចលនាដឹកនាំដោយព្រះអង្គម្ចាស់ អ៊ីឌ្រីស ផងដែរ ប៉ុន្តែសុទ្ធតែត្រូវបាន អ៊ីតាលី បង្ក្រាប ហើយមានមនុស្សប្រមាណ៥០.០០០នាក់ត្រូវបាន សម្លាប់ពីការបង្ក្រាបទាំងនោះ ។
ចាប់ពីឆ្នាំ ១៩៣៤ តំបន់ ទ្រីប៉ូលី ត្រូវបានធ្វើជា រដ្ឋធានី នៃ ប្រទេស លីប៊ី ។ ចាប់ពីឆ្នាំ ១៩៣៤ ដល់ឆ្នាំ ១៩៤០ អាណានិគម អ៊ីតាលី បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅ លីប៊ី ដូចជាផ្លូវជាតិរាប់រយគឡូម៉ែត្រ និង ផ្លូវរថភ្លើងផង បានជំរុញឱ្យមានសម្ទុះខ្លាំងនូវ ឧស្សាហកម្ម និង ភូមិកសិកម្ម ។
ឆ្នាំ ១៩៤០ អ៊ីតាលី បានចូលខ្លួនទៅក្នុងសង្គ្រាមលោកលើកទី ២ ( ខាង ជប៉ុន និង អាល្លឺម៉ង់ ) ប្រឆាំងនឹងសម្ព័ន្ធមិត្ត ( ដែលមាន អង់គ្លេស និង អាម៉េរិក ជាប្រមុខ ) លីប៊ី បានក្លាយជាសមរភូមិមុខដ៏ក្តៅគគុក ។
ក្នុងឆ្នាំ ១៩៤៣ អ៊ីតាលី បានចាញ់សង្គ្រាម អង់គ្លេស នៅ លីប៊ី ហើយបានបាត់បង់មូល ដ្ឋានកងទ័ពជើងអាកាស Mellaha Air Base របស់ខ្លួន ( អ៊ីតាលី ) ទៅក្នុងដៃចក្រភព អង់គ្លេស ហើយអង់គ្លេស បានប្រគល់មូលដ្ឋានកងទ័ពនោះទៅឱ្យ សហរដ្ឋ អាម៉េរិក ហើយ អាម៉េរិក បានប្តូរឈ្មោះទៅជា Wheelus Air Base វិញ ។ ចាប់ពីពេល នោះមក ( ដល់ឆ្នាំ ១៩៥១ ) លីប៊ី ស្ថិតក្រោមការត្រួតត្រារបស់សម្ព័ន្ធមិត្ត ដោយ អង់គ្លេសជាអ្នក ត្រួតត្រាខេត្ត Tripolitana និង ខេត្ត Cyrenaïca ចំណែក បារាំង ត្រួតត្រាខេត្ត Fezzan ។
បន្ទាប់ពីចាញ់សង្គ្រាមលោកលើកទី ២ មក នៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ១៩៤៧ អ៊ីតាលី បានចុះសន្ធិសញ្ញាសន្តិភាព ហើយបានបោះបង់នូវរាល់សិទ្ធិអំណាចទាំងអស់របស់ខ្លួន នៅលើទឹកដី លីប៊ី ប្រគល់ទៅឱ្យ លីប៊ី វិញ ។ ទោះយ៉ាងណា លីប៊ី នៅតែស្ថិតក្រោម ការគ្រប់គ្រងរបស់ មហាអំណាចឈ្នះសង្គ្រាមទាំង ២ ខាងលើនេះដដែល ។ ព្រះអង្គ ម្ចាស់ អ៊ីឌ្រីស បានយាងមពីនិរទេសទៅទីក្រុង កៃរ៉ូ ប្រទេស អេហ្ស៊ីព វិញ ប៉ុន្តែមិនទទួល យកការផ្តល់ឱ្យនូវភាពអចិន្ត្រៃយ៍ នៅក្នុងប្រទេស ឡើយ លុះណាតែបរទេសលះបង់ សិទ្ធិអំណាចរបស់ពួកគេលើទឹកដឹង លីប៊ី ជាច្រើនទៀត ។
ឯករាជ្យ-របប ហ្គាដាហ្វ៊ី-ទ័ពអាម៉េរិក និង អង់គ្លេស ចាកចេញ លីប៊ី បានប្រកាសឯក រាជភាព របស់ខ្លួននៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ១៩៥១ ដោយឱ្យឈ្មោះប្រទេសថា ព្រះរាជា ណាចក្រ រួបរួម លីប៊ី ដោយមានព្រះអង្គម្ចាស់ អ៊ីឌ្រីស ជាក្សត្រ តាមរដ្ឋធម្មនុញ្ញ ។
ការរកឃើញរ៉ែប្រេងកាតនៅឆ្នាំ ១៩៥៩ បានកែប្រែ លីប៊ី ពីជាតិសាសន៍ដ៏ក្រីក្របំផុត មួយក្នុងលោក ទៅជារដ្ឋមហាសេដ្ឋី ។ ប៉ុន្តែការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេស សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ យឺតយ៉ាវ ព្រោះលុយកាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់ជាតិ ស្ថិតនៅ ក្នុងដៃរបស់ស្តេច អ៊ីឌ្រីស ទាំងស្រុង ធ្វើអ្នកក្រ កាន់តែក្រចុះ រីឯអ្នកមានក៏កាន់តែមាន ឡើង ។
បាតុកម្មតវ៉ារបស់ពួកនិស្សិត ក៏បានកើតឡើង ហើយត្រូវបាន ប៉ូលីស បង្ក្រាប និងបាញ់រះ ទៅលើហ្វូងបាតុករទាំងនោះ បណ្តាឱ្យស្លាប់និស្សិតជាច្រើននាក់ ។ ហេតុការណ៍នោះ ភ្ញាក់ផ្អើលពាសពេញផ្ទៃប្រទេស ហើយបាតុកម្មតវ៉ា ក៏រីកឡើងកាន់តែធំឡើង ។
ទ្រាំមិនបាននឹងភាពអយុត្តិធម៌ជាច្រើនឆ្នាំមកហើយផង និង ឃើញភាពព្រៃផ្សៃបែប នោះផង មន្ត្រីយោធាម្នាក់ គឺលោក មូអាម៉ា ហ្គាដាហ្វ៊ី ក៏បានដឹកនាំ រដ្ឋប្រហារទម្លាក់ ស្តេច អ៊ីឌ្រីស ដោយជោគជ័យ នៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៩៦៩ ហើយគាត់ក៏ឡើងកាន់ អំណាចជាប្រធានាធិបតី លីប៊ី ។ រាជានិយមនៅ លីប៊ី ក៏បានដល់ទីអវសាននាគ្រា នោះឯង ។
របប ហ្គាដាហ្វ៊ី មានទន់ មានរឹង ហើយបានកែប្រែនូវការរឹតបន្តឹងចំពោះស្ត្រី គឺរបបរបស់ គាត់ផ្តល់សិទ្ធិច្រើនដល់ស្ត្រី ថែមទាំងបានបង្កើតស្ថាប័នមួយចំនួនសម្រាប់ស្ត្រី ។ ប៉ុន្តែគាត់បានរឹតបន្តឹងផ្នែកនយោបាយ គឺរាល់នយោបាយប្រឆាំង ត្រូវបានចាត់ទុកថាជា អំពើខុសច្បាប់ ព្រោះគាត់មើលឃើញថា អ្នកនយោបាយប្រឆាំងទាំងនោះ គឺជាអ្នកមាន ទំនោរទៅរកពួកមហាអំណាចលោកខាងលិច ដែលពួកទាំងនោះតែងតែចាត់ទុកគាត់ជា អមិត្តរបស់ពួកគេ ។
ដូចដែលបានលើកឡើងខាងដើមមកហើយថា តាំងពី អង់គ្លេស ឈ្នះ អ៊ីតាលី នៅក្នុង សង្គ្រាម លើទឹកដី លីប៊ី កាលពីឆ្នាំ ១៩៤៣ ដែលជាផ្នែកមួយ នៃ សង្គ្រាមលោកលើកទី ២ មក ចក្រភព អង់គ្លេស និង អាមេរិក បានកាន់កាប់មូលដ្ឋានទ័ពអាកាស Wheelus Air Base ហើយវត្តមានកងទ័ពអង់គ្លេស និង ទ័ព អាមេរិក បានបោះទីតាំងនៅ លីប៊ី តាំងពី សម័យសង្គ្រាមនោះ ។ នៅក្នុងរបប ហ្គាដាហ្វ៊ី បានទាមទារឱ្យកងទ័ពទាំងនោះដកចេញ ពី លីប៊ី ។
ដោយសារទីតាំង លីប៊ី មានភាពសំខាន់សម្រាប់ភូមិសាស្ត្រកងទ័ព ទើបទាំង អង់គ្លេស និង អាមេរិក បានក្រាញននៀល មិនព្រមចាកចេញពីទឹកដី លីប៊ី ឡើយហើយថែមទាំង បានប្រើវិធីជាច្រើន ដើម្បី ពួគេបានរក្សាទីតាំងនៅ លីប៊ី នោះបន្តទៅទៀត ។ ទោះយ៉ាង ណា ដោយសារគោលជំហរ យ៉ាងច្បាស់របស់របប ហ្គាដាហ្វ៊ី និង ដោយមានការចរចា យ៉ាងតឹងតែងមក កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើង ដើម្បី ដកកងទ័ព និងរុះរើមូល ដ្ឋានទ័ព អង់គ្លេស និង ទ័ពអាម៉េរិក នៅ Almalla និង Tobruk ។ ទីបំផុត ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ១៩៧០ អាមេរិក បានប្រគល់មូលដ្ឋានទ័ពអាកាស Wheelus Air Base ទៅឱ្យ លីប៊ី វិញ ហើយចាកចេញពីប្រទេស លីប៊ី ជាស្ថាពរ ។
រដ្ឋាភិបាល និង ប្រជាពលរដ្ឋ លីប៊ី ជ្រើសរើសយកថ្ងៃបិទមូលដ្ឋានកងទ័ពអាមេរិក Wheelus ថាជាថ្ងៃ នៃ ការចាកចេញរបស់ អាមេរិក ហើយយកថ្ងៃនោះប្រារព្ធជាទិវាជាតិ ហៅថា ទិវា នៃ ការចាកចេញរបស់ កងទ័ព អាម៉េរិក ពី លីប៊ី ។
ក្រោយការដកកងទ័ព អាម៉េរិក និង អង់គ្លេស-សង្គ្រាមស៊ីវិល
ជាការពិតណាស់ ហ្គាដាហ្វី ត្រូវបានពួកលោកខាងលិច ជាពិសេស អាម៉េរិក និង អង់គ្លេស ចាត់ទុកថា ជាឆ្អឺងទទឹង ក របស់ពួកគេ ដោយសារគោលជំហរនយោបាយ របស់គាត់ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់ អាម៉េរិក និង អង់គ្លេស ទាំងយុទ្ធ សាស្ត្រកងទ័ព ទាំងសេដ្ឋកិច្ច គឺប្រេងកាត ។ប្រការទាំងនេះ ត្រូវបានមើលឃើញថា ជាមូលហេតុដ៏សំខាន់ដែលក្រោយមក គាត់ត្រូវបានទម្លាក់ពីអំណាចដោយសង្គ្រាម និង ត្រូវបានសម្លាប់យ៉ាងអាម៉ាស បំផុត។
ក្នុងគោលបំណងកាត់បន្ថយឥទ្ធិពលរបស់ អ៊ីតាលី នៅទឹកដី លីប៊ី នៅខែ តុលា ឆ្នាំ ១៩៧០ រាល់ទ្រព្យសម្បត្តិទាំងអស់ដែលជាកម្មសិទ្ធិរបស់ ជនជាតិ អ៊ីតាលីត្រូវបានដក ហូត ហើយសហគមន៍ជនជាតិ អ៊ីតាលី ដ៏ខ្លាំងក្លា ដែលមានមនុស្សប្រមាណ ១២.០០០ នាក់ ត្រូវបានបណ្តេញចេញពី លីប៊ី ជាមួយនឹងក្រុមតូចៗ នៃ ជនជាតិ ជ្វីស លីប៊ី ផង ។
ក្នុងរបប ហ្គាដាហ្វ៊ី សេដ្ឋកិច្ចប្រជាពលរដ្ឋ និង វិស័យអប់រំ គឺជារយៈកាលដែលខ្លាំង បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសនេះ ។ ចាប់ពីឆ្នាំ ១៩៧៧ មក ចំណូលប្រចាំឆ្នាំរបស់ ប្រជាពលរដ្ឋម្នាក់គិតជាមធ្យ ១១.០០០ ដុល្លារអាមេរិក គឺជាចំណូលខ្ពស់ជាងគេបំផុត ៥ ដង បើធៀបទៅនឹងបណ្តាប្រជាជាតិនៅ អាហ្វ្រិក ចំណែកគុណភាពធនធានមនុស្សវិញ ខ្ពស់ជាងគេបំផុតដែរ នៅ អហ្វ្រិក ហើយខ្លាំងជាង សាអ៊ូឌី អារ៉ាប់ ទៅទៀត។ ពិសេស បំផុតនោះ គឺការសម្រេចបានទាំងនេះ គឺដោយគ្មានជំពាក់បំណុលបរទេសឡើយ ដែលស្ថានភាពបែបនេះ សូម្បី តែមហាអំណាច ក៏ធ្វើមិនបានផង ។
ទោះយ៉ាងណា ក៏នៅតែមានអ្នកប្រឆាំងផ្នែកនយោបាយច្រើនណាស់ដែរដែលអ្នកទាំង នោះភាគច្រើនជាអ្នកមានទំនោរទៅរកលោកខាងលិច ។ ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ១៩៧៥ មន្ត្រីយោធាប្រមាណ ២០ នាក់បានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់ ហ្គាដាហ្វ៊ី ប៉ុន្តែត្រូវបាន មនុស្សរបស់ ហ្គាដាហ្វ៊ី ចាប់កាត់ទោស ។
ជាការពិតណាស់ អាម៉េរិក តែងតែមានបំណងដក ហ្គាដាហ្វី ចេញពីអំណាចហើយចង់ បានអ្នកណាក៏ដោយដែលមានទំនោរទៅខាងខ្លួន ( អាមេរិក ) ឱ្យកាន់អំណាចនៅ លីប៊ី ។ ហេតុនេះ អាមេរិក និង របប ហ្គាដាហ្វី មិនដែលត្រូវគ្នាឡើយ ។ នៅឆ្នាំ ១៩៨៦ កងទ័ពអាកាស អាមេរិក បានព្យាយាមវាយប្រហារសម្លាប់ ហ្គាដាហ្វ៊ី ប៉ុន្តែមិនបាន សម្រេចឡើយ ។
សង្គ្រាម ស៊ីវិល បានផ្ទុះឡើងចាប់ពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១១ ហើយក្រុមឧទ្ទាម ត្រូវបានមើលឃើញថា គាំទ្រ ដោយពួកលោកខាងលិច ដូចជាអាម៉េរិក អង់គ្លេស និង បារាំង ។
ទីបំផុត ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១១ ការប្រយុទ្ធរវាងរដ្ឋាភិបាល ហ្គាដាហ្វ៊ី និង ក្រុមឧទ្ទាម គាំទ្រ ដោយ អាម៉េរិក និង អង្គការ NATO បានដណ្តើមកាន់កាប់ទីក្រុង Sirte និង បានចាប់ខ្លួន ហ្គាដាហ្វ៊ី ហើយសម្លាប់យ៉ាងប្រមាថ ។ ចាប់ពីនោះមក ប្រទេស លីប៊ី ក៏នៅតែមានសង្គ្រាមជាបន្តបន្ទាប់ ហើយក្លាយជាប្រទេសដ៏ក្រីក្រមួយ ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា
មូលដ្ឋានទ័ពអាកាស Wheelus Air Base ដែល អាមេរិក ប្រគល់ទៅឱ្យ លីប៊ី វិញ ហើយចាកចេញពីប្រទេស លីប៊ី ទាំងមិនអស់ចិត្ត
ទីក្រុង ទ្រីប៉ូលី នៃ រដ្ឋ លីប៊ី ( ទ្រីប៉ូលី )
មូលដ្ឋានទ័ពអាកាស Wheelus Air Base ដែល អាមេរិក ប្រគល់ទៅឱ្យ លីប៊ី វិញ ហើយចាកចេញពីប្រទេស លីប៊ី ទាំងមិនអស់ចិត្ត