ទិវា បដិវត្តន៍ និង យុវជន ទុយ​នី​ស៊ី​

926
ចែករម្លែក

ភ្នំពេញ​៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ទុយ​នី​ស៊ី ប្រារព្ធ ទិវា បដិវត្តន៍ និង យុវជន ទុយ​នី​ស៊ី នៅ​ថ្ងៃទី ១៤ ខែ មករា ដើម្បី​រំ​ឮ​ក​ដល់​ព្រឹត្តិការណ៍​បាតុកម្ម​តវ៉ា បដិវត្តន៍​នានា ដែល​ទីបំផុត បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ផ្តាច់ការ​របស់លោក​ប្រធានាធិបតី Zine El Abidine Ben Ali កាលពី​ឆ្នាំ ២០១១ ដែល​បាន​កាន់អំណាច​អស់​រយៈពេល ២៤ មកហើយ ។

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ ទុយ​នី​ស៊ី មាន​ផ្ទី​ដី ១៦៥.០០០ គីឡូម៉ែត្រ​ក្រឡា ស្ថិត​តំបន់ Maghreb នៃ អាហ្វ្រិក​ខាងជើង មាន​ព្រំដែន​ជាប់​ប្រទេស អាល់​ហ្ស៊េ​រី លី​ប៊ី និង សមុទ្ទ​ម៉េ​ឌី​ទែ​រ៉ា​ណេ ។ ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ១១ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ីស្លាម ភាសាផ្លូវការ​គឺ​ភ​សា អារ៉ាប់ រដ្ឋធានី គឺ​ទីក្រុង ទុយ​នី​ស ។

ប្រវត្តិសាស្ត្រ​
គិត​ត្រឹម​ឆ្នាំ ១៥៣៤ ប្រទេស ទុយ​នី​ស៊ី ត្រូវបាន​ដណ្តើម​គ្នា​ដោយ អេ​ស្ប៉ា​ញ និង អូ​តូ​ម៉​ង់ ( ទួ​ក​គី ) ហើយ​ក៏បាន​ធ្លាក់​ទៅក្នុង​ដៃ អូ​តូ​ម៉​ង់ នៅ​ឆ្នាំ ១៥៧៤ ។ ប្រទេស ទុយ​នី​ស៊ី បាន​ធ្លាក់ខ្លួន ក្រីក្រ​យ៉ាងខ្លាំង ហើយ​បានប្រកាស​ដោយ​ខ្លួនឯង​ថា ខ្ស័យធន នៅ​ឆ្នាំ ១៨៦៩ ហើយ​បេសកកម្ម ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​ចូល​កាន់កាប់​សេដ្ឋកិច្ចរ​បស់​ប្រទេស​នេះ ។​

​នៅ​ឆ្នាំ ១៨៨១ ដោយ​ប្រើ​លេស​ថា ជនជាតិ ទុយ​នី​ស៊ី បាន​ចូលទៅ​ក្នុងប្រទេស អាល់​ហ្ស៊េ​រី ( ដែលជា​ទឹកដី​អាណានិគម​បារាំង ) បារាំង បាន​ប្រើ​កងទ័ព ៣៦.០០០ នាក់​វាយលុក​ចូល​ប្រទេស ទុយ​នី​ស៊ី ហើយ​បង្ខំ​ឱ្យ ទុយ​នី​ស៊ី​ចុះហត្ថលេខា​លើក​កិច្ចព្រមព្រៀង​ស្ថិតនៅក្រោម​កិច្ចការពារ របស់​បារាំង ពោលគឺ ទុយ​នី​ស៊ី ធ្លាក់​ក្រោម​អាណានិគម​បារាំង នៅ​ឆ្នាំ ១៨៨១ ដោយ​ប្រការ​នោះឯង ។

​អំឡុង​សង្គ្រាមលោកលើកទី ២ ទឹកដី ទុយ​នី​ស៊ី ត្រូវបាន​ត្រួតត្រា​ដោយ​រដ្ឋាភិបាល Vichy បារាំង ។ ចាប់ពី​ឆ្នាំ ១៩៤២-១៩៤៣ ទឹកដី ទុយ​នី​ស៊ី គឺជា​សមរភូមិ​ដ៏​ក្តៅគគុក​រវាង​សម្ព័ន្ធ Axis ( សម្ព័ន្ធ​សង្គ្រាមលោកលើកទី ២ ដែលមាន អាល្លឺម៉ង់​-​ជប៉ុន​-​អ៊ីតាលី ) និង កងទ័ព​សម្ព័ន្ធមិត្ត ( ដែលមាន​អង់គ្លេស និង អាមេរិក ជា​ប្រមុខ ) ដែល​ពេល​ចាប់ផ្តើម​ពីដំបូង​ជោគជ័យ​ធ្លាក់ ទៅលើ​ខាង Axis ។ ប៉ុន្តែ​ទីបំផុត សម្ព័ន្ធ Axis បាន​ចុះចាញ់​នៅ​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ១៩៤៣ ហើយ ទុយ​នី​ស៊ី ក៏​បន្ត​ស្ថិតនៅក្នុង​កណ្តាដ់ បារាំង តទៅទៀត ។​

ទុយ​នី​ស៊ី ក្រោយពី​បាន​ឯករាជភាព​
ទី​បំ​ផុ ទុយ​នី​ស៊ី ទទួលបាន​ឯករាជភាព​របស់ខ្លួន​ពី បារាំង នៅ​ឆ្នាំ ១៩៥៦ ដោយមាន​លោក Habib Bourguiba ជា​ប្រធានាធិបតី ។ ១ ឆ្នាំ ក្រោយមក ទុយ​នី​ស៊ី ត្រូវបាន​ប្រកាសថា​ជា សាធារណរដ្ឋ ដោយមាន​លោក Bourguiba ជា​ប្រធានាធិបតី ។

​ចាប់ពីពេលនោះ​មក គណបក្ស Constitutional Democratic Rally (RCD) ដែល​ពីដំបូង​គឺជា​គណបក្ស Neo Destour ហើយ​ក្រោយមក​ឈ្មោះថា គណបក្ស the Socialist Destourian Party គឺជា​គណបក្ស​តែមួយគត់​ដែល​បាន​កាន់អំណាច​នៅ ទុយ​នី​ស៊ី ហើយ​ត្រូវបាន​អង្គការ Amnesty International ហៅថា ទុយ​នី​ស៊ី គឺជា​ប្រទេស​ដ៏​ទំនើប បំផុត​មួយ​នៅ ពិភព​អារ៉ាប់ ប៉ុន្តែ​គឺជា​ប្រទេស​ដែលមាន​ការបង្ក្រាប​បំផុត​ដែរ ។​

​នៅ​ឆ្នាំ ១៩៨៧ ពួក​វេជ្ជបណ្ឌិត​ជាច្រើន បានប្រកាសថា លោក​ប្រធានាធិបតី Bourguiba មាន​បញ្ហា​សុខភាព មិន​សម​នឹង​ដឹកនាំ​ប្រទេស​ឡើយ ។ ពេលនោះ លោកនាយក​ដ្ឋ​មន្ត្រី Zine El Abidine Ben Ali បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​យោធា​ដោយ​គ្មាន​ការបង្ហូរ​ឈាម​មួយ នៅ​ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ នោះ និង បាន​ក្តោប​ក្តាប់​អំណាច​ជា​ប្រធានាធិបតី ស្របតាម​រដ្ឋធម្មនុញ្ញ​របស់ ទុយ​នី​ស៊ី ហើយ ទុយ​នី​ស៊ី គឺជា​ប្រទេស​ឯក​បក្ស ។ ក្រោម​អំណាច​របស់គាត់ ថ្ងៃទី ៧ ខែ វិច្ឆិកា បាន​ក្លាយជា​ថ្ងៃ​សម្រាក​សាធារណៈ ។​

​រៀងរាល់ ៥ ឆ្នាំ​ម្តង គាត់​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ជា​បន្តបន្ទាប់​ដោយមាន​សំឡេង ភាគច្រើន លើសលប់ គឺ មិនដែល​តិចជាង ៨០ ភាគរយ​ឡើយ ។ លោក​ប្រធានាធិបតី Ben Ali និង គ្រួសារ​របស់គាត់ រង​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង លួច​ប្លន់ លុយ​ជាតិ ។ ការធ្វើ​សេរី​កម្ម​សេដ្ឋកិច្ច គឺជា​ឱកាស​មួយ​ដ៏​ពិសិដ្ឋ​ផ្សេងទៀត​ធ្វើឱ្យមាន​ការគ្រប់គ្រង​ហិរញ្ញវត្ថុ មិនបាន​ត្រឹមត្រូវ ខណៈ​សមាជិក នៃ អ្នក​ពុករលួយ នៃ គ្រួសារ Trabelsi របស់លោក​ប្រ​ធានា ធិបតី ក្នុងនោះ​គ្រួសារ​ដែល​លេចធ្លោ​ជាងគេ​គឺ​គ្រួសារ Imed Trabelsi និង​គ្រួសារ Belhassen Trabelsi បាន​ត្រូ​ត​ត្រា​វិស័យ​ពាណិជ្ជកម្ម​ច្រើ​បំផុត​របស់​ប្រទេស ។

​ជំទាវ​ទី ១ របស់លោក​ប្រធានាធិបតី Leila Ben Ali ត្រូវបាន​គេ​ផ្តល់​រហស្សនាម​ថា ” អ្នកញៀន​ផ្សារ ” ហើយ​ជា​ញឹកញាប់ គាត់​បាន​ប្រើ​យន្តហោះ​របស់​រដ្ឋ​ជិះ​ទៅ​ដើរ​ទិញ​ទំនិញ នៅ​ហាង​ល្បីៗ​នៅ​អឺរ៉ុប ។ រដ្ឋាភិបាល ទុយ​នី​ស៊ី បដិសេធ​នូវ​ការធ្វើ​បត្យាប័ន ក្មួយប្រុស​របស់ ប្រធានាធិបតី ដែល​ត្រូវបាន​ព្រះរាជអាជ្ញា បារាំង ចោទថា​បាន​លួច​កប៉ាល់ ២ គ្រឿង​ពី​កង ទ័ពបារាំង ។ កូនប្រសារ​ប្រុស របស់លោក Ben Ali ឈ្មោះ Sakher El Materi ត្រូវបាន​គេ​និយាយថា បានរៀបចំ​គម្រោង​គ្រប់គ្រង​ប្រទេស​ទាំងស្រុង ។​

​ក្រុម​អង្គការសិទ្ធិមនុស្ស​ឯក​រាជ្យ​នានា​ដូចជា​Amnesty International, Freedom House និង Protection International ជាដើម បាន​ចងក្រង​ឯកសារ​ថា សិទ្ធិមនុស្ស និង សិទ្ធិ​នយោបាយ មិនត្រូវ​បាន​គោរព​ឡើយ​នៅក្នុង​របប​នេះ ។ របប​នេះ បាន​រារាំង​នូវ​រាល់​លទ្ធភាព ការងារ​ទាំងឡាយ​រប​ស់កា​រងារ​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក ។ ឆ្នាំ ២០០៨ សេរីភាព សារព័ត៌​មាននៅ ទុយ​នី​ស៊ី ត្រូវបាន​ចាត់ថ្នាក់ ១៤៣ ក្នុងចំណោម ១៧៣ ប្រទេស​ក្នុង​លោក ។​ នៅក្នុង​ប្រទេស ទុយ​ណេ​ស៊ី និង ពិភព អារ៉ាប់ ការធ្វើ​បាតុកម្ម និង ផ្លាស់ប្តូរ​រដ្ឋាភិបាល ត្រូវបាន​គេ​ហៅថា ប​ដិត​វត្ត​ន៍ ហើយ​ចលនា​នោះ​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​លោកខាងលិច ហៅថា បដិវត្តន៍​ផ្កាម្លិះ ។​

​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Zine El Abidine Ben Ali ត្រូវបាន​គេ​ស្គាល់​ចា​រិត​ថា ជា​រដ្ឋាភិបាល​អភិវឌ្ឍ​ន៍​វិស័យ​ឯកជន ដោយមាន​ទំនោរ​តាម​បំណង​របស់​វិនិយោគិន​បរទេស និង ការដាក់​សម្ពោធ​ទៅលើ​គណបក្សនយោបាយ​ប្រឆាំង ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន បរទេស និង អង្គការក្រៅរដ្ឋាភិបាល ដែល​ទទួលបាន​ការគាំទ្រ​ពី សហរដ្ឋអាមេរិក និង បារាំង បាន​រិះ​គ ន់​រដ្ឋាភិបាល​របស់លោក Ben Ali ។ ទោះយ៉ាងណា ពីដំបូង​ឡើយ​កំហុស​ទាំងឡាយ របស់​ត្រូវ បាន​មហាអំណាច និង ជា​បិតា​ប្រជាធិបតេយ្យ​ទាំង ២ នេះ ធ្វើ គ ធ្វើ​ថ្លង់ ចំពោះ​បាតុកម្ម​ទាមទារ ទាំងឡាយ​ក្នុងប្រទេស ។​

​កុប្បកម្ម គឺជា​រឿង​កម្រ និង គួរឱ្យកត់សម្គាល់ ជាពិសេស​តាំងពី​ប្រទេស​នេះ ត្រូវបាន​ចាត់ទុក ជាទូទៅ​ថា ជា​ប្រទេស​អ្នកមាន និង មាន​ស្ថេរភាព បើ​ធៀប​ទៅ​ប្រទេស​ដទៃ​ក្នុង​តំបន់ ។ ​រាល់​ទម្រង់ នៃ ការតវ៉ា នៅក្នុង​ប្រទេស ត្រូវបាន​បង្ក្រាប​ដោយ​ជោគជ័យ និង រក្សា​ជាសម្ងាត់ ហើយ​បាតុករ​រាប់រយ​នាក់ ត្រូវបាន​ចាប់​ដាក់គុក ដោយសារតែ​ការតវ៉ា​ទាំងនោះ​ជាក់ស្តែង​ការតវ៉ា នានា​ក្នុង​ឆ្នាំ ២០០៨ ជាដើម ។​

​ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១០ WikiLeaks និង កាសែត​ធំៗ ៥ ទៀត គឺ El País របស់​អេ​ស្ប៉ា​ញ Le Monde, របស់ បារាំង Der Spiegel របស់​អាល្លឺម៉ង់ The Guardian និង The New York Times របស់​អាមេរិក បានចេញ​ផ្សាយ​ព្រមៗ​គ្នា​ជា​លើ​ដំបូង​នូវ​ឯកសារ ពុករលួយ និង ការបង្ក្រាប នៃ របប ទុយ​នី​ស៊ី ហើយ​ប្រការនេះ ត្រូវបាន​ពួក​អ្នកតាមដាន​ស្ថាន ភាព​នៅ ទុយ​នី​ស៊ី ចាត់ទុកថា​បានរួម​ជា​បច្ច័យ​នាំឱ្យមាន​បាតុកម្ម​នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយ រហូត​ផ្តួលរំលំ​រដ្ឋាភិបាល​បាន ។​

ករី​ណី Mohamed Bouazizi និង បាតុកម្ម​ចេញពី Sidi Bouzid
លោក Mohamed Bouazizi វ័យ ២៦ ឆ្នាំ គឺជា​អ្នកលក់​បន្លែ​ផ្លែឈើ​ដោយ​រទេះ​នៅតាម​ផ្លូវ អស់​រយៈពេល ៧ ឆ្នាំ​មកហើយ ដើម្បី ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​គ្រួសារ ដែលមាន​មនុស្ស ៨ នាក់​។ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១០ ប៉ូលីស ស្រី​ម្នាក់ បាន​រឹបអូស​រទេះ និង បន្លែបង្កា របស់គាត់ ។ ដូចដែល​គាត់​ធ្លាប់ធ្វើ​រាល់​លើក​កន្លងមក គាត់​បាន​បង់ប្រាក់​ស្មើនឹង ៧ ដុល្លារ ទៅឱ្យ​ប៉ូលីស ។ ជាការ​ឆ្លើយតប ប៉ូលីស ស្រី​នោះ បាន​ជេរប្រមាថ​ឪពុក​របស់គាត់​ដែល​បាន​ស្លាប់​ទៅហើយ និង ទះកំផ្លៀង​គាត់ ក៏​កើតជា​ការប៉ះទង្គិច​ប្រតាយប្រតប់​គ្នា ។​

​បន្ទាប់មក​លោក Bouazizi បាន​ទៅ​សាលាក្រុង ដើម្បី ប្តឹង​មន្ត្រី​ប៉ូលីស​ស្រី រូបនោះ និង ដើម្បី​ទាមទារ​រទេះ​របស់គាត់​មកវិញ ។ ប៉ុន្តែ​គាត់​ត្រូវបាន​បដិសេធ ។ ដោយ​ការ​តូចចិត្ត​ពេក លោក Bouazizi បាន​ចាក់​សាំង​ដុត​ខ្លួន​គាត់ ។ រំពេច​នោះ ពាក្យ​តៗ​គ្នា ពី​ម្នាក់​ទៅ​ម្នាក់ បាន​រីក​រាលដាល​យ៉ាង​លឿន អំពី​ព្រឹត្តិការណ៍​នោះ ក៏​នាំឱ្យមាន​បាតុកម្ម​កើតឡើង ។ ពួក​បាតុករ បាននាំគ្នា​ទៅ​ជួបជុំគ្នា​តវ៉ា​នៅ​ពីមុខ​សាលាក្រុង ប្រឆាំងនឹង​ការប្រព្រឹត្ត​នានា​ចំពោះ​លោក Mohamed Bouazizi ។ ប៉ូលីស បាន​រារាំង និង ប្រើ​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​ទៅលើ​បាតុករ វ័យក្មេង​រាប់រយ​នាក់​នៅ​ទីក្រុង Sidi Bouzid ។ ដូច​ទម្លាប់​ជា​ហូ​ហែ​របស់​អាជ្ញាធរ​រដ្ឋាភិបាល លោក Zine el Abidine Ben Ali ធ្លាប់​បានធ្វើ​កន្លងមក​ដែរ នៅ​ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១០ នោះ ប៉ូលីស​កាន់តែច្រើន បានបង្ហាញ​ខ្លួ​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង ។ ស្អែក​ឡើយ​ង​ក៏មាន​កុប្បកម្ម ផ្ទុះឡើង នៅក្នុង​ទីក្រុង Sidi Bouzid ដោយ​ពួក​យុវជន​ក្មេងៗ នាំគ្នា​វាយ​បំបែក​កញ្ចក់​ហាង​ទំនិញ និង វាយ​រថយន្ត​ជាដើម ។​

​បន្ទាប់មក លោក Bouazizi ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ។ ក្នុង​បំណង​រម្ងាប់​ចិត្ត​បាតុករ និង កុប្បករ​ទាំងឡាយ នៅ​ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១០ លោក ប្រធានាធិបតី Zine el Abidine Ben Ali បាន​ទៅសួរសុខទុក្ខ​លោក Bouazizi ដល់​មន្ទីរពេទ្យ ( លោក Bouazizi បាន​ស្លាប់​នៅ​ថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១១ ) ។​

​ថ្ងៃទី ២២ ខែ ធ្នូ លោក Lahseen Naji គឺជា​បាតុករ​ម្នាក់ បាន​ឆ្លើយតប​ចំពោះ ” កំហឹង និង ភាព​គ្មាន​ការងារ​ធ្វើ ” ដោយ​ការ​សម្លាបខ្លួន​ដោយ​ប្រើ​អគ្គិសនី ។ ថ្ងៃទី ២៤ ខែ ធ្នូ នោះ បាតុករ​ម្នាក់​ឈ្មោះ Mohamed Ammari ត្រូវបាន​ប៉ូលិស បាញ់​ចំ​កណ្តាល​ទ្រូង​ក្នុង​ទីក្រុង Bouziane ខណៈ​បាតុករ​ដទៃទៀត ក៏បាន​រងរបួស​ដែរ ដោយ​រួមទាំង​លោក Chawki Belhoussine El Hadri ផង ដែល​បាន​ស្លាប់​នៅ​ថ្ងៃទី ៣០ ខែ ធ្នូ នោះ ដោយសារ​របួស ធ្ងន់​ពេក​។ ប៉ូលីស បាន​បកស្រាយ​ថា ពួកគេ​បាញ់ បាតុករ​ទាំងនោះ ដើម្បី ការពារ​ខ្លួន ។ បន្ទាប់មក ប៉ូលីស បានដាក់​បទបញ្ជា​ពាក់កណ្តាល​បម្រាម​គោចរ​នៅក្នុង​ទីក្រុង ។

​ក្រោយមក​អំពើហិង្សា​បាន​កើនឡើង ខណៈ អាជ្ញាធរ ទុយ​នី​ស៊ី និង អ្នកស្រុក​នៅ​ទីក្រុង​
Sidi Bouzid Governorate បាន​ប្រឈមមុខ​តទល់​គ្នា​ម្តងទៀត ។ ការតវ៉ា បាន​រីក​រាលដាល ទៅដល់​ទីក្រុង ទុយ​នី​ស នៅ​ថ្ងៃទី ២៧ ខែ ធ្នូ នោះ ដោយ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១.០០០ នាក់ បានរួម​រួមជាមួយ​អ្នកស្រុក Sidi Bouzid និង អំពាវនាវ​រក​ការងារ​ធ្វើ ។

​ការជួប​ជុំគ្នា​មួយ ដែល​ត្រូវបាន​អំពាវនាវ​ឱ្យ​កើតឡើង​ដោយ​សកម្មជន ពាណិជ្ជកម្ម​ឯករាជ្យ ត្រួវបាន​កងសន្តិសុខ​រារាំង ។ ប៉ុន្តែ​ការតវ៉ា​ផ្សេងទៀត បាន​រីក​រាលដាល​ទៅ​តំបន់ Sousse, តំបន់ Sfax និង តំបន់ Meknassy ។ នៅ​ថ្ងៃ​បន្ទាប់​សហជីព​ការងារ បានរៀបចំ​ការជួបជុំ​មួយទៀត​នៅ Gafsa ហើយក៏​ត្រូវបាន​កម្លាំង​សន្តិសុខ​ទប់ស្កាត់​ទៀត ។ ក្នុងពេល​ជាមួយគ្នា​នោះ មេធាវី ប្រមាណ​ជា ៣០០ នាក់​បានរៀបចំ​ការជួប​ជុំគ្នា​មួយ នៅ​ជិត ការិយាល័យ​រដ្ឋាភិបាល​ក្នុង​ទីក្រុង ទុយ​នី​ស ។ ការតវ៉ា បន្ត​កើតឡើង​ម្តងទៀត​នៅ​ថ្ងៃទី ២៩ ខែ ធ្នូ នោះ ។​

​ថ្ងៃទី ៣០ ខែ ធ្នូ ប៉ូលីស បាន​បំបែក​ក្រុម​តវ៉ា​ដោយ​សន្តិភាព​នៅ​ទីក្រុង Monastir ខណៈ​ប្រើ កម្លាំង​រំខាន​ដល់​បាតុកម្ម​ផ្សេងទៀត​នៅ Sbikha និង Chebba ។ ប៉ុន្តែ​ទីក្រុង Momentum ក៏​នៅតែមាន​ការតវ៉ា​កើតឡើង​ទៀត​នៅ​ថ្ងៃទី ៣១ ខែ ធ្នូ នោះ ហើយ​ការប្រមូលផ្តុំ​ជា​សាធារណៈ ដោយ​ពួក​មេធាវី ក្នុង​ទីក្រុង ទុយ​នី​ស និង ទីក្រុង​ដទៃទៀត ត្រូវបាន​អំពាវនាវ​ឡើង​ដោយ ក្រុម​មេធា​វិជាតិ ។ លោក Mokhtar Trifi ប្រធាន​សម្ព័ន្ធ​សិទ្ធិមនុស្ស ទុយ​នី​ស៊ី ( LTDH ) បាន​និយាយថា ពួក​មេធាវី​ទូទាំងប្រទេស ទុយ​នី​ស៊ី បាន​រង​ការវាយដំ​ឱ្យ​របួស​ជា​ដំណំ ។​

ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១១ ក្រុមអ្នកតវ៉ា​នៅ Thala ជុំវិញ​បញ្ហា​គ្មាន​ការងារ​ធ្វើ និង តម្លៃ​រស់នៅ​ឡើងថ្លៃ​ខ្ពស់ បាន​ប្រែក្លាយជា​អំពើហិង្សា ។ ប៉ូលីស បាន​បង្ក្រាប​ដោយ​ការបាញ់ ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ។ ជាការ​ឆ្លើយតប បាតុករ បាននាំគ្នា​ដុត​កង់ឡាន និង​វាយប្រហារ ទៅលើ​ទីស្នាក់ការ​គណបក្ស Constitutional Democratic Rally ដែលជា​បក្ស​កាន់ អំណាច​យ៉ាង​ដុះ​ស្លែ ។ អាជ្ញាធរ ទុយ​នី​ស៊ី បាន​ចាត់វិធានការ​ជាច្រើន ដោយ​រួមទាំង​គ្រប់គ្រង សារ និង ប្រព័ន្ធ​អេឡេចត្រូនិក ទាំង​រដ្ឋ និង ឯកជន ។​

​ថ្ងៃទី ៦ មករា ឆ្នាំ ២០១១ មេធាវី ទុយ​នី​ស៊ី ប្រមាណ​ជា ៨.០០០ ស្មើនឹង​ប្រមាណ​ជា ៩៥ ភាគរយ នៃ មេធាវី​ទាំងអស់​ក្នុងប្រទេស​បានធ្វើ​កូដកម្ម​ប្រឆាំងនឹង​ការប្រើ​អំពើហិង្សា ទៅលើ​ពួក​មេធាវី​កាលពី​ប៉ុន្មាន​ថ្ងៃមុន ។ ថ្ងៃ​បន្ទាប់មក ក៏មាន​គ្រួ​បង្រៀន​ចូលរួម​កូដកម្ម​នោះដែរ ។ ថ្ងៃទី ១១ ខែ ឆ្នាំ ដដែល​នោះ ប៉ូលីស បង្ក្រាប​កូដកម្ម បាន​ប្រើ​ឧ​ស្ម័យ​បង្ហូរទឹកភ្នែក​ដើម្បី បំបែកហ្វូង​កូដ​ករ​ទាំងនោះ ។ រថពាសដែក​របស់​ក​ង​ទ័ព ក៏ត្រូវ​បានដាក់​ពង្រាយ​ដែរ ។ ប៉ុន្តែ​ពួក​កូដ​ករ​ស្រែក​ឡើង​ថា ” ពួកយើង​មិន​ខ្លាច​ទេ ! ពួកយើង​មិន​ខ្លាច​ទេ ! ពួកយើង​ខ្លាច​តែ​ព្រះ ជា​ម្ចាស់​ប៉ុណ្ណោះ ! ” ។ អង្គការ​នយោបាយ អ៊ីស្លាម Hizb ut-Tahrir ក៏បាន​រៀបចំ​ការតវ៉ា មួយ​ដែរ​នៅ​ថ្ងៃទី ១៤ ខែ មករា នោះ ។ នៅ​ថ្ងៃ​បន្ទាប់ ពួកគេ​បានធ្វើ​ដំណើរ​ទៅ​គុក ៩ មេសា ដើម្បី ទាមទារ​ឱ្យ​ដោះលែង​អ្នកទោសនយោបាយ ។

អវសាន នៃ អំណាច​របស់លោក Ben Ali
សូម​ត្រឡប់​ទៅក្រោយ​ប​ន្តិ គឺ​កាលពី ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១០ លោក​ប្រធានាធិបតី President Zine El Abidine Ben Ali បាន​ថ្លែង​តាម​ទូរទស្សន៍​ជាតិ រិះគន់​បាតុករ​ទាំងអស់ ហើយ​បាន ហៅ​ពួក​បាតុករ​ទាំងអស់​ថា ” ពួក​ជ្រុលនិយម និង ពួក​ស៊ីឈ្នួល​ធ្វើបាតុកម្ម ” និង ព្រមាន​ថា នឹងដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ចំពោះ​អ្នកពាក់ព័ន្ធ​។ គាត់​ក៏បាន​ស្តី​បន្ទោ​ស្ថាប័ន​ទូរទស្សន៍​បរទេស មួយចំនួន​ថា បាន​ផ្សាយ​បង្ខូច​រដ្ឋាភិបាល​របស់​គាត់ ។ ទោះយ៉ាងណា ការ​ថ្លែង​របស់គាត់ មិនត្រូវ​បាន​អើពើ​ឡើយ ហើ​បាតុកម្ម​នៅតែ​បន្ត ។​

​ថ្ងៃទី ២៩ ខែ ធ្នូ លោក​ប្រធានាធិបតី Zine El Abidine Ben Ali បាន​ប្រាប់​ខុទ្ទកាល័យ របស់គាត់​ឱ្យ​ដក​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ចេញពី​តំណែង ។ ថ្ងៃ​បន្ទាប់មក គាត់​បានប្រកាសថា នឹង​ដកតំណែង​អភិបាលក្រុង Sidi Bouzid ក្រុង Jendouba និង អភិបាលក្រុង Zaghouan ។ ក្នុង​ខែ មករា ឆ្នាំ ២០១១ គាត់​បានប្រកាសថា នឹង​បង្កើត​ការងារ​ចំនួន ៣០០.០០០ កន្លែង ដែល​តាមពិតទៅ គាត់​ក៏​មិនដឹងថា ការងារ​នោះ​ជា​អ្វី​ពិតប្រាកដ​ផង ពោលគឺ​គាត់​គ្រាន់តែ​និយាយ ដើម្បី​រម្ងាប់​ចិត្ត​បាតុករ​នៅ​គ្រាន​មាន​អាសន្ន​តែប៉ុណ្ណោះ ។​

​ថ្ងៃទី ១០ ខែ មករា រដ្ឋាភិបាល​ប្រកាស​បិទទ្វារ​សាលារៀន​ទាំងអស់​ដោយ​គ្មាន​កាលកំណត់ ជាក់លាក់ ដោយ​លើក​ហេតុផល​ថា ដើម្បី គ្រប់គ្រង​ភាព​ឥត​សណ្តាប់ធ្នាប់​នេះ ។ ទីបំផុត នៅ​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១១ នោះ លោក​ប្រធានាធិបតី BenAli បាន​រំលាយ​រដ្ឋាភិបាល ហើយ​បានប្រកាស​គ្រាអាសន្ន​រដ្ឋ ។ លោក Ben Ali ក៏បាន​អំពាវនាវ​ឱ្យមាន​ការបោះឆ្នោត នៅក្នុង​រយៈពេល ៦ ខែ ទៀត ។

​នៅ​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១១ នោះ លោក​ប្រធានាធិបតី Ben Ali ក៏បាន​ភៀសខ្លួន​ចេញ ពី​ប្រទេស ដោយបាន​សុំ​ការ​ជ្រកកោន​នៅ​ប្រទេស បារាំង ដែលជា​អ្នក​ធ្លាប់ជា​បង្អែក​របស់ គាត់​ជាច្រើន​ឆ្នាំ​មកហើយ ។ ប៉ុន្តែ​ពេលនេះ បារាំង បាន​បដិសេធ សូម្បីតែ​យន្តហោះ​របស់គាត់ ក៏​បារាំង មិន​អនុ​ញ្ញា​ត្ត​ឱ្យ​ចុះចត​លើ​ទឹកដី​បារាំង​ដែរ ។​

​ហេតុនេះ​ប្រធានាធិបតី អស់បុណ្យ Ben Ali ក៏បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស ម៉ា​ល់ត៍ ក្រោម កិច្ចការពារ​របស់ លី​ប៊ី ដោយបាន​ទៅ​ចុះចត​នៅ​ព្រលានយន្តហោះ Jeddah នៃ អា​រ៉ា​ប៊ី សា​អ៊ូ​ឌី ។​

​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Zine El Abidine Ben Ali ដែល​បាន​ក្តោប​អំណាច​នៅ ទុយ​នី​ស៊ី អស់​រយៈពេល ២៤ ឆ្នាំ ក៏បាន​ដល់ទី​អវសាន​នៅពេលនោះ និង ដោយ​ប្រការ​នោះ​ហោង ។​

​បន្ទាប់មក រដ្ឋាភិបាល​ក្រោយ​របស់ ទុយ​នី​ស៊ី បាន​យក​ថ្ងៃទី ១៤ ខែ មករា ធ្វើជា ទិវា​បដិវត្តន៍ និង យុវជន ទុយ​នី​ស៊ី រហូតមក ។ បន្ទាប់ពី​ការចាកចេញ​ពី​ប្រទេស​របស់លោក Ben Ali គ្រាអាសន្ន​របស់​រដ្ឋ​ត្រូវបាន​ប្រកាស​ដាក់ចេញ ហើយ​មេបញ្ជាការ​កងទ័ព​បាន​ងាក​ទៅ​ការពារ បដិវត្តន៍​នោះ​វិញ ។ នាយករដ្ឋមន្ត្រី Mohamed Ghannouchi បាន​ឡើងកាន់តំណែង​ជា ប្រធានាធិបតី​ស្តីទី ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ប្រធានាធិបតី Zine el Abidine Ben Ali និង ជំទាវ​ទី ១ របស់គាត់ កាល​នៅលើ​អំណាច ( Ben Ali )
ការបង្ក្រាប​របស់​កម្លាំង​រដ្ឋាភិបាល​លោក Ben Ali
ការបង្ក្រាប​របស់​កម្លាំង​រដ្ឋាភិបាល​លោក Ben Ali
រដ្ឋធានី ទុយ​នី​ស នៃ ប្រទេស ទុយ​នី​ស៊ី ( ទីក្រុង​ទុយ​នី​ស​)
រដ្ឋធានី ទុយ​នី​ស នៃ ប្រទេស ទុយ​នី​ស៊ី ( ទីក្រុង​ទុយ​នី​ស​)