ទិវា រស់​ឡើងវិញ នៃ អូ​ម៉​ង់​

189
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អូ​ម៉​ង់ ប្រារព្ធ​ទិវា រស់​ឡើងវិញ របស់​ពួកគេ នៅ​ថ្ងៃទី ២៣ ខែ កក្កដា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល លោក កា​ប៊ូ​ស ប៊ី​ន សា​អ៊ី​ដ អាល់ សា​អ៊ី​ដ ឡើងកាន់​អំណាច​ជា ស៊ុ​លត​ង់ នៃ រដ្ឋ អូ​ម៉​ង់ ដែល​បានធ្វើ​ទំនើបកម្ម​គ្រប់​វិស័យ និង បានបញ្ចប់​សង្គ្រាម​រប​ស់​ប្រទេស ។

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​រដ្ឋ ស៊ុ​លត​ង់ អូ​ម៉​ង់ មាន​ផ្ទៃដី ៣០៩.៥០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អាស៊ី បូព៌ា មាន ព្រំដែន​ជាប់​នឹង​ប្រទេស អារ៉ាប់ រួបរួម អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត យ៉េ​មែន អ៊ីរ៉ង់ និង ប៉ា​គី​ស្ថាន ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ប្រាំ​លាន​នាក់ ភាគច្រើនបំផុត​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម រដ្ឋធានី​គឺ​ទីក្រុង ម៉ា​ស្កាត់ ភាសាផ្លូវការ​គឺ​ភាសា អារ៉ាប់ ។​

ប្រវត្តិសាស្ត្រ​
​ទឹកដី អូ​ម៉​ង់ បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់ ព័រទុយហ្កាល់ នៅត្រឹម​ឆ្នាំ ១៥០៧ រហូត ដល់​ឆ្នាំ ១៦៥០ គឺ​រយៈពេល ១៤៣ ឆ្នាំ ។ នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៦៩០ ស៊ុ​លត​ង់ (​អ្នកគ្រប់គ្រង និង ដឹកនាំ ប្រទេស ឬ ស្តេច ដែលជា​ទូទៅ​នៅក្នុង​ពិភព មូ​ស្ល៊ី​ម​) សា​អ៊ី​ហ្វ ប៊ី​ន ដែលជា អ៊ី​ម៉ា​ម ( មេដឹកនាំ សាសនា អ៊ិ​ស្លាម ) របស់ អូ​ម៉​ង់​បាន​ពង្រីក​អំណាច របស់ខ្លួន​ទៅលើ​តំបន់ឆ្នេរ​សមុទ្ទ Swahili ។ ឧបសគ្គ​របស់គាត់​គឺ​ទីតាំង​កងទ័ព​របស់​ពួក ព័រ​ទុ​ហ្កា​ល់ ដែល​បោះ​ទីតាំងនៅ​តំបន់ Mombasa ។ បន្ទាប់ពី​បាន​ឡោម​ព័​ទ​អស់​រយៈ ពេល​ពីរ​ឆ្នាំ​មក បន្ទាយ​ទាំង​នោះបាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់ ស៊ុ​លត​ង់ ប៊ី​ន នៅ​ឆ្នាំ ១៦៩៨ ។

​ចាប់ពីពេលនោះ​ទៅ ពួក អូ​ម៉​ង់ បាន​បណ្តេញ​ពួក ព័រទុយហ្កាល់ ចេញពី​តំបន់ Zanzibar និង តំបន់​ផ្សេងទៀត​ភាគ​ខាងជើង នៃ ម៉ូ​សាំ​ប៊ិក យ៉ាង​ងាយស្រួល ដោយ មាន​ការជួយ ពី​សំណាក់ សុ​ម៉ាលី ។ ពួក​ជនជាតិ ពែ​ក ( អ៊ីរ៉ង់ ) បាន​ចូល​ឈ្លានពាន អូ​ម៉​ង់ នៅ​ឆ្នាំ ១៧៣៧ ប៉ុន្តែ​ត្រូវបាន​បណ្តេញចេញ​វិញ នៅ​ឆ្នាំ ១៧៤៩ នៅពេលដែល ស៊ុ​លត​ង់ វង្ស អាល់ សា​អ៊ី​ដ ឡើងកាន់​អំណាច ។​

​នៅ​ឆ្នាំ ១៩១៣ ការគ្រប់គ្រង​ប្រទេស​ត្រូវបាន​បំបែក​ជា​ពីរ​ផ្នែក គឺ​ផ្នែក​ខាងក្នុង​គ្រប់គ្រង ដោយ អ៊ី​ម៉ា​ម ហើយ​ផ្នែក​ខាងក្រៅ​គ្រប់គ្រង​ដោយ ស៊ុ​លត​ង់ ។ នៅក្នុង​រជ្ជកាល នៃ ស៊ុ​លត​ង់ សា​អ៊ី​ដ ប៊ី​ន តា​យ​មួរ បានបង្ហាញ​ឱ្យឃើញ​អំពី លក្ខណៈ​សក្តិភូមិ និង​បំបែក និយម ។ អ៊ី​ម៉ា​ម ហ្កា​លី​ប អាល់ ហ៊ី​ណាយ ត្រូវបាន​ជ្រើសរើស ជា អ៊ី​ម៉ា​ម របស់ អូ​ម៉​ង់ នៅ​ឆ្នាំ ឧសភា ឆ្នាំ ១៩៥៤ ។ ទំនាក់ទំនង​រវាង ស៊ុ​លត​ង់ នៅ​រាជធានី ម៉ា​ស្កាត សា​អ៊ី​ដ ប៊ី​ន តា​យ​មួរ និង អ៊ី​ម៉ា​ម ហ្កា​លី​ប អាល់ ហ៊ី​ណាយ នៃ តំបន់ អូ​ម៉​ង់ បាន​ប្រេះស្រាំ ដោយសារ​ជម្លោះ​ជុំវិញ​សិទ្ធិ​ប​ទាន​កម្ម​ប្រេងកាត ។

​នៅក្នុង​សន្ធិសញ្ញា​ឆ្នាំ ១៩២០ ស៊ុ​លត​ង់ បាន​ក្តោប​យក​រាល់​អំណាច​នៃ​ការទិញ​លក់ ប្រេងកាត​ទាំងអស់ ។ ចំណែក អ៊ី​ម៉ា​ម​វិញ​ក៏​អះអាង​យក​រាល់​អណ្តូងរ៉ែ​ប្រេងកាត ទាំងអស់ ដែលមាន​នៅក្នុង​ទឹកដី​របស់ខ្លួន​ថា​ជា​កម្មសិទ្ធិ​របស់ខ្លួន​ដែរ ។

សង្គ្រាម​ស៊ុ​លត​ង់​-​អ៊ី​ម៉ា​ម
ដោយសារតែ​ការដណ្តើម​កាន់កាប់ អណ្តូងរ៉ែ​ប្រេងកាត ទើប​នៅ ខែ ធ្នូ ឆ្នាំ ១៩៥៥ ស៊ុ​លត​ង់ សា​អ៊ី​ដ ប៊ី​ន ហ្ស៊ូ​បាយ​អ៊ែ​រ៍ បាន​បញ្ជូន​កងទ័ព​ទៅកាន់​កាប់​មជ្ឈមណ្ឌល សំខាន់ៗ​នៅក្នុង អូ​ម៉​ង់ ដោយ​រួមទាំង​រាជធានី នី​ស​វ៉ា នៃ អាណាចក្រ អូ​ម៉​ង់ ផងដែរ ។ អ៊ី​ម៉ា​ម ហ្កា​លី​ប អាល់ ហ៊ី​ណាយ និង ប្អូនប្រុស​គឺ តា​លី​ប ប៊ី​ន អា​លី អាល់ ហ៊ី​ណាយ បាន​ដឹកនាំ​កងទ័ព​ប្រឆាំងនឹង​ការកាន់កាប់​នោះ ក៏បាន​កើតជា​សង្គ្រាម​ឡើង ។​

​នៅ​ខែ កក្កដា ឆ្នាំ ១៩៥៧ ស៊ុ​លត​ង់ បាន​ដក​កងទ័ព​របស់ខ្លួន​ចេញទៅ​វិញ ប៉ុន្តែ​នៅតែ លួច​វាយឆ្មក់​ជា​បន្តបន្ទាប់ ។ ដោយ​មើលឃើញ​ផលប្រយោជន៍​ប្រេងកាត​ដ៏​សន្ធឹក សន្ធាប់ កងទ័ព​អង់គ្លេស បាន​ចូល​អន្តរាគមន៍​ជួយ​ខាង ស៊ុ​លត​ង់ សា​អ៊ី​ដ ប៊ី​ន តា​យ​មួរ មាន​ទាំង កងទ័ព ថ្មើ​ជើង កង​រដ្ឋ​ក្រោ​ស និង កងទ័ពអាកាស​ផង ធ្វើឱ្យ ស៊ុ​លត​ង់ អាច​បង្ក្រាប​ឧទ្ទាម​កម្ម បាន ដោយ​ជោគជ័យ ។

​នៅ​សរទរដូវ ឆ្នាំ ១៩៥៨ វរសេនីយ៍ឯក Smiley នៃ កងទ័ព​អង់គ្លេស បានរៀបចំ​បំបែក តំបន់ភ្នំ ហើយ​ត្រួស​ត្រាយផ្លូវ​ទៅ​តំបន់​ខ្ពង់រាប ពី Wadi Bani Kharu ។ នៅ​ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ១៩៥៩ កងទ័ព ស៊ុ​លត​ង់ ដោយមាន​ការចូលរួម​ដោយ​កងទ័ព​អង់គ្លេស បាន​បើក​ការ​វាយ លុក​យ៉ាងខ្លាំង​ទៅលើ​តំបន់ភ្នំ​ដែលជា​ជម្រក​របស់ អ៊ី​ម៉ា​ម ហ្កា​លី​ប ។ អ៊ី​ម៉ា​ម ហ្កា​លី​ប និង ប្អូនប្រុស តា​លី​ប បាន​ភៀសខ្លួន​ទៅកាន់ អា​រ៉ា​ប៊ី សា​អ៊ូ​ឌី ។​

​រដ្ឋប្រហារ​ផ្លាស់ប្តូរ​មុខមាត់
​អណ្តូងរ៉ែ​ប្រេងកាត ត្រូវបាន​រកឃើញ​នៅ​ឆ្នាំ ១៩៦៤​ហើយ​ការ​បូម​ប្រេង​បានចាប់ផ្តើម នៅ​ឆ្នាំ ១៩៦៧ ។ ប៉ុន្តែ​កាលពី​ឆ្នាំ ១៩៦៥ នៅ​ខេត្ត ដូ​ហា​បាន​ផ្ទុះ​ចលនា​ឧទ្ទាម​កម្ម​យ៉ាង ខ្លាំង ក្លា​ប្រឆាំងនឹង​រដ្ឋាភិបាល​របស់ ស៊ុ​លត​ង់ សា​អ៊ី​ដ ប៊ី​ន តា​យ​មួរ​ដែលមាន​អង់គ្លេស នៅ​ពី​ក្រោយខ្នង ។​ចលនា​ឧទ្ទាម​នេះ​មាន​សភាព​ខ្លាំងក្លា​រហូត​គំរាម​ផ្តួលរំលំ​ការគ្រប់គ្រង របស់ ស៊ុ​លត​ង់ នៅ ខេត្ត ដូ​ហា នោះ​ទៀតផង ។​

​ប្រឈម​នឹង​ស្ថានភាព​បែប​នោះ កូនប្រុស​របស់ ស៊ុ​លត​ង់ សា​អ៊ី​ដ ប៊ី​ន តា​យ​មួរ គឺ​លោក កា​ប៊ូ​ស ប៊ី​ន សា​អ៊ី​ដ អាល់ សា​អ៊ី​ដ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ឪពុក​របស់ខ្លួន​គឺ ស៊ុ​លត​ង់ សា​អ៊ី​ដ ប៊ី​ន តា​យ​មួរ ដោយ​គ្មាន​ការបង្ហូរ​ឈាម នៅ​ឆ្នាំ ១៩៧០ ។ នៅ​ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ១៩៧០ លោក កា​ប៊ូ​ស បាន​ឡើងកាន់​អំណាច​ជា ស៊ុ​លត​ង់ នៃ ម៉ា​ស្កាត់ ។​

​ប្រជាពលរដ្ឋ និង រដ្ឋាភិបាល អូ​ម៉​ង់ បានចាត់ទុក​ថ្ងៃ​ដែល កា​ប៊ូ​ស ឡើងកាន់​អំណាច​ជា ស៊ុ​លត​ង់ នោះ ថា​ជា​ថ្ងៃ​រស់​ឡើងវិញ នៃ អូ​ម៉​ង់ ។ ដោយ​ហ​តុ​នោះ​ទើប​ពួកគេ​បាន​ជ្រើស រើសយក​ថ្ងៃទី ២៣ ខែ កក្កដា ថា​ជា​ទិវា​ចាប់បដិសន្ធិ​ឡើងវិញ នៃ ជាតិ អូ​ម៉​ង់ ។ ទោះយ៉ាងណា ចលនា​ឧទ្ទាម នៅ​ខេត្ត ដូ​ហា នៅតែ​បន្ត​យ៉ាងខ្លាំង​ក្លា​នៅឡើយ ។​

​ស៊ុ​លត​ង់ កា​ប៊ូ​ស បានធ្វើ​ទំនើបកម្ម​ប្រទេស អូ​ម៉​ង់ និង ធ្វើកំណែទម្រង់​រដ្ឋបាល សេដ្ឋកិច្ច អប់រំ កងទ័ព សុខាភិបាល ពាណិជ្ជកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ​នានា និង សង្គម ធ្វើឱ្យ អូ​ម៉​ង់ ក្រីក្រ​ទៅជា អូ​ម៉​ង់ ទំនើប​និង ជឿនលឿន ។

​ក្រុម​បះបោរ របស់ អូ​ម៉​ង់ ត្រូវបាន​បង្ក្រាប​នៅ​ឆ្នាំ ១៩៧៥ ដោយមាន​ការជួយ​ជ្រោ​ម ជ្រែង​ពី​កងទ័ព អ៊ីរ៉ង់ ហ្សុ​ក​ដង់ ប៉ា​គី​ស្ថាន និង អង់គ្លេស ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​