ទិវា រ៉ូ​ម៉ា​នី រួច​ពី​ការត្រួតត្រា​របស់ ហ្វា​ស៊ី​ស​

1486
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ រ៉ូ​ម៉ា​នី ប្រារព្ធ​ទិវា រ៉ូ​ម៉ា​នី រួច​ផុតពី​ការត្រួតត្រា​របស់ ហ្វា​ស៊ី​ស នៅ​ថ្ងៃទី ២៣ ខែ សីហា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះមហាក្សត្រ ម៉ា​យ​ឃើ​ល ដឹកនាំ​ចលនា​ទាំងឡាយ​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រដ្ឋាភិបាលរ​ប​ស់លោក ឡុ​ន អាន់​តូ​ណេ​ស្គូ ដែល​ក្រោម​អំណាច​របស់​ក្រុម​សម្ព័ន្ធ AXIS កាលពី​ឆ្នាំ ១៩៤៤ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
សាធារណរដ្ឋ រ៉ូ​ម៉ា​នី មាន​ផ្ទៃដី ២៣៨.៣៩១ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ទ្វីប អឺរ៉ុប ភាគ អាគ្នេយ៍ មាន​ព្រំដែន​ជាប់​នឹង​ប្រទេស អ៊ុយ​ក្រែ​ន ប៊ុលហ្គារី ម៉ុ​ល​ដូ​វី ហុង​គ្រី និង ស៊ើប ។ ឆ្នាំ ២០១៧ មាន​ប្រជាពលរដ្ឋ ជាង ១៩ លាន​នាក់ ភាគច្រើន​ជា​អ្ន​កាន់សាសនា គ្រិស្ត រដ្ឋធានី​គឺ​ទីក្រុង ប៊ុ​យ​ការ៉េ​ស ភាសាផ្លូវការ​គឹ​ភាសា រ៉ូ​ម៉ា​នី ។​

​ប្រវត្តិសាស្ត្រ​
​រហូតដល់​ខែ កញ្ញា ឆ្នាំ ១៩៣៩ (​មុន​សង្គ្រាមលោកលើកទី ២ ផ្ទុះឡើង​) ព្រះរាជាណាចក្រ ផ្តាច់ការ រ៉ូ​ម៉ា​នី ស្ថិតនៅ​ជា​ប្រទេស អព្យាក្រឹត នៅឡើយ ក្រោម​រាជបល្ល័ង្ក របស់​ស្តេច ខា​រ៉ុល ទី ២​។ ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ១៩៣៩ បារាំង និង ចក្រភព អង់គ្លេស បាន​សន្យាថា​នឹង​ធានា​ឯករាជភាព របស់ រ៉​ម៉ា​នី ពោលគឺ​នឹងមិន បៀតបៀន ថែមទាំង​នឹង​ការពារ​នូវ​រាល់​ការ​បៀតបៀន រ៉ូ​ម៉ា​នី ។

​ប៉ុន្តែ អ​ព្យា​ក្រិត​ភាព របស់ រ៉ូ​ម៉ា​នី ត្រូវបាន ណា​ស៊ី អាល្លឺម៉ង់ និង សហភាព សូ​វៀត លួច​បំពាន​ដោយ​ស្ងាត់ៗ រួ​ទៅហើយ ដោយ​មហាអំណាច​ទាំងពីរ​នេះ បាន​ចុះ​កតិកាសញ្ញា ជាមួយគ្នា​មួយ​កាលពី​ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ១៩៣៩ នាទី​ក្រុង ម៉ូស្គូ ឈ្មោះថា កតិកាសញ្ញា Molotov–Ribbentrop ។ កតិកាសញ្ញា នេះ មហាអំណាច​ទាំងពីរ​បាន​សន្យាថា មិន​បៀតបៀន​គ្នា​ទៅវិញទៅមក មិន​ចូលបក្ស​សម្ព័ន្ធ​ណាមួយ ទាំង​មិន​ផ្តល់ជំនួយ​ទៅ​បក្សសម្ព័ន្ធ​ណាមួយ ។​

​នៅក្នុង​កតិកា​នេះ សហភាព សូ​វៀត បានប្រគល់​ទឹកដី​ប្រទេស រ៉ូ​ម៉ា​នី ប៉ូឡូញ លី​ទុយ​អា​នី ឡេ​តូ​នី អេ​ស្តូ​នី និង ហ្វាំ​ង​ឡង់ ទៅឱ្យ អាល្លឺម៉ង់ ហើយ សូ​វៀត ទទួលបាន​ផលប្រយោជន៍ វប្បធម៌ សេដ្ឋកិច្ច កងទ័ព និង នយោបាយ​នៅក្នុង​ទឹកដី​ប្រទេស​ទាំងនេះ ពោលគឺ​មហាអំណាច​ទាំងពីរ បាន​យក​ទឹកដី​ប្រទេស​ទាំងនេះ ចែកគ្នា​រួចរាល់​ហើយ ។​

​ដោយហេតុ​នោះ នៅ​ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៩៣៩ ណា​ស៊ី អាល្លឺម៉ង់ បាន​ចូល​ឈ្លានពាន ប៉ូឡូញ ។​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៤០ សហភាព សូ​វៀត បានដាក់​ឱ​សា​នុ​វាទ ដល់ រ៉ូ​ម៉ា​នី ឱ្យ​ប្រគល់ តំបន់ Bessarabia និង តំបន់ Bukovina ទៅឱ្យ​ខ្លួន (​សូ​វៀត​) ពុំ​នោះទេ​នឹងត្រូវ​ចូលលុកលុយ​ប្រទេស រ៉ូ​ម៉ា​នី ទាំងស្រុង​។
​ដោយ​មិន​ចង់​បង្ហូរឈាម ព្រោះ​ដឹងថា​មិនអាច​ទប់ទល់​នឹង​កង​ទ័ព​សូ​វៀត ដ៏​ដូច​ដំរីចុះប្រេង រ៉ូ​ម៉ា​នី ក៏​សុខចិត្ត​ដកទ័ព​ចេញពី​តំបន់​នោះ ហើយ​កងទ័ព​ក្រហម របស់ សហភាព សូ​វៀត បាន​ចូល​កាន់កាប់ តំបន់​ខាងលើ​នៅ​ថ្ងៃទី ២៨ ខែ និង ឆ្នាំ ដដែល ហើយ​ក្រោយមក​បានដាក់​បញ្ចូល​តំបន់ ទាំងនេះ​បង្កើតជា សាធារណរដ្ឋ សង្គមនិយម សូ​វៀត នៅ​ថ្ងៃទី ២ ខែ សីហា ឆ្នាំ ១៩៤០ ។ ពេលនោះ បារាំង និង អង់គ្លេស ដែលជា​អ្នកធានា​ឯកា​រាជ្យ និង អព្យាក្រឹតភាព​របស់ រ៉ូ​ម៉ា​នី កាលពី​ឆ្នាំ ១៩៣៩ នោះ ពេលនេះ​មិនបាន​ធ្វើ​អ្វី តាម​ការសន្យា​របស់​ពួកគេ​ឡើយ ។

​ថ្ងៃទី ៣០ ខែ និង ឆ្នាំ​ដដែល​នេះ អាល្លឺម៉ង់ និង អ៊ីតាលី បាន​យក​តំបន់ Transylvania នៃ ប្រទេស រ៉ូ​ម៉ា​នី (​តំបន់​នេះ រ៉ូ​ម៉ា​នី ដណ្តើមបាន​ពី ហុង​គ្រី កាលពី​សង្គ្រាមលោកលើកទី ១) ពុះ​ជា​ពីរ​ប្រគល់​ផ្នែក​ខាងជើង​ឱ្យទៅ ហុង​គ្រី និង ផ្នែក​ខាងត្បូង​ទុកឱ្យ រ៉ូ​ម៉ា​នី ដដែល ។ ចំណែក​តំបន់ Dobruja (​ដែល រ៉ូ​ម៉ា​នី ដណ្តើមបាន​ពី ប៊ុលហ្គារី កាលពី​សង្គ្រាមលោកលើកទី ១) ត្រូវបាន អាល្លឺម៉ង់ ដកហូត​ប្រគល់​ទៅឱ្យ ហុង​គ្រី វិញ (​ដែល​តាមពិតទៅ ក៏​ជា​រឿង​យុត្តិធម៌​ម្យ៉ាងដែរ ) ។​

​អាន់​តូ​ណេ​ស្គូ ឡើងកាន់​អំណាច​
​ដោយមាន​កំហឹង​នឹង​ការបាត់បង់​ទឹកដី​នេះ នៅ​ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ១៩៤០ ចលនា សេនា ដែក របស់លោក ហូ​រី​យ៉ា ស៊ី​ម៉ា និង ឧ​ត្ត​ម​សេនីយ៍ ឡុ​ន អាន់​តូ​ណេ​ស្គូ បាន​រួប​រូ​ម​គ្នា​បង្កើតជា​រដ្ឋាភិបាល​ជាតិនិយម​មួយ បង្ខំ​ឱ្យ​ស្តេច ខា​រ៉ុល ទី ២ ចុះ​ចេញពី​រាជបល្ល័ង្ក ដោយ​ផ្ទេរ​រាជបល្ល័ង្គ​ទៅឱ្យ​បុត្រ​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ ម៉ា​យ​ឃើ​ល វ័យ ១៩ ព្រះវស្សា ជា​អ្នក​ស្នងរាជ្យ​វិញ ។ អតីត​ព្រះរាជា ខា​រ៉ុល ត្រូវបាន​និរទេស ។
​បើទោះបីជា​មិន​សប្បាយចិត្ត​ទាល់តែសោះ​ចំពោះ​ការបាត់បង់​ទឹកដី រ៉ូ​ម៉ា​នី នាពេល​ថ្មីៗ​នេះ ដោយសារតែ អាល្លឺម៉ង់ និង អ៊ីតាលី (​និង សូ​វៀត​) ដែលជា​សម្ព័ន្ធ AXIS (​ប្រទេស​សម្ព័ន្ធ​នៅក្នុង​សង្គ្រាមលោកលើកទី ២ មាន ជប៉ុន អាល្លឺម៉ង់ និង អ៊ីតាលី ) ក្តី ក៏​រដ្ឋាភិបាល​របស់លោក ឡុ​ន អាន់​តូ​ណេ​ស្គូ មាន​ទំនោរ​យ៉ាងខ្លាំង​ទៅរក​ខាង​សម្ព័ន្ធ AXIS ។

​រដ្ឋាភិបាល​របស់លោក ឡុ​ន អាន់​តូ​ណេ​ស្គូ បា​នប​បង្ក្រាប និង កម្ទេច​នូវ​បុគ្គល ឬ​ចលនា​ទាំង​ឡា​ណា ដែល​មិន​រណប​ខ្លួន (​រដ្ឋាភិបាល​) គឺមាន​រូបភាព​ប្រហាក់ប្រហែល​នឹង ពួក ណា​ស៊ី អាល្លឺម៉ង់ ដែរ ។ នៅ​ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ១៩៤០ កងទ័ព អាល្លឺម៉ង់ ត្រូវបាន​បើក​ឱ្យចូល រ៉ូ​ម៉ា​នី ។ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ១៩៤០ រ៉ូ​ម៉ា​នី បាន​ចូលរួម​ជាមួយ​ក្រុម​មហាអំណាច Axis ។​

​ពួក​អ្នក​ជាតិនិយម​ទាំងឡាយ​បាន​ចាត់ទុកថា ប្រទេស រ៉ូ​ម៉ា​នី ក្រោម​អំណាច​របស់លោក ឡុ​ន អាន់​តូ​ណេ​ស្គូ បាន​ស្ថិតក្រោម​ការត្រួតត្រា​បង្គា​ប់​បញ្ចា​របស់​ពួក AXIS យ៉ាង​ជ្រាលជ្រៅ ដែល​ពួកគេ​ទាំងឡាយ ដោយ​រួមទាំង ក្សត្រ ម៉ា​យ​ឃើ​ល ផង មិនអាច​ឈរ​អោបដៃ​មើល​បន្តទៀត​បានឡើយ ។​
​រដ្ឋាភិបាល​របស់លោក ឡុ​ន អាន់​តូ​ណេ​ស្គូ បានចាប់ផ្តើម​ប្រេះស្រាំ​ជាមួយ ចលនា សេនា​ដែក របស់ លោក ស៊ី​ម៉ា ។ ថ្ងៃទី ២០ ខែ មករា ឆ្នាំ ១៩៤១ សេនា​ដែក របស់ លោក ស៊ី​ម៉ា បានរៀបចំ​ប៉ុន​ប៉ុង​ធ្វើ​រដ្ឋប្រហារ ទម្លាក់​លោក ឡុ​ន អាន់​តូ​ណេ​ស្គូ ប៉ុន្តែ​ត្រូវបាន លោក ឡុ​ន អាន់​តូ​ណេ​ស្គូ​ង្ក្រា​ប​ក្នុង​រយៈពេល​បួន​ថ្ងៃ ។ សេនា​ដែក ត្រូវបាន​បណ្តេញ​ចេញពី​រដ្ឋាភិបាល ហើយ​លោក ស៊ី​ម៉ា និង​មនុស្ស​សំខាន់ៗ​មួយចំនួន​រត់គេចខ្លួន ទៅ​ជ្រកកោន​ប្រទេស អាល្លឺម៉ង់ ខណៈ​អ្នកខ្លះ​ត្រូវ​ជាប់គុក ។

​ទីបំផុត អាល្លឺម៉ង់ បាន​រំលោភ​កតិកាសញ្ញា ជាមួយ​សូ​វៀត កាលពី​ឆ្នាំ​១៩៣៩ ហើយ​បើក​ការវាយលុក​ទៅលើ សូ​វៀត​នៅ ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩៤១ ។ ក្នុងនាម​ជា​សម្ព័ន្ធមិត្ត ដែល​តូច​ជាង​ដៃគូ​ផង និង​ដោយសារ គំនុំ​ចំពោះ សូ​វៀត ផង រ៉ូ​ម៉ា​នី ក៏បាន​ចូលរួម​ជួយ​អាល្លឺម៉ង់ យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម ទាំង​ផ្នែក​កងទ័ព សម្ភារៈ ប្រេងឥន្ធនៈ និង ស្បៀងអាហារ រហូត​សេដ្ឋកិច្ច​ក្នុងប្រទេស​ស្ទើរ​ដួលរលំ (​ពីដំបូង​ពួកគេ​ជោគជ័យ យ៉ាងខ្លាំង ប៉ុន្តែ​ទីបំផុត​បាន​បរាជ័យ​ក្រោម​ដៃ សូ​វៀត របស់ ស្តា​លីន នៅ​ឆ្នាំ ១៩៤៣)​។ ហើយ​នៅ​ឆ្នាំ ១៩៤៤ សូ​វៀត បានដាក់​ទឹកដី រ៉ូ​ម៉ា​នី ជា​មុខសឹក ហើយ​បាន​ដណ្តើមយក​សមរភូមិ​ន​នៅ រ៉ូ​ម៉ា​នី ជាច្រើន​

​រាជ​រដ្ឋប្រហារ​
​ពេល​ឃើញថា ព្រះមហាក្សត្រ ក៏​កំពុង​រក​ច្រក​ចេញពី​អំណាច​របស់ AXIS ដូច្នេះ​ពួក​បក្សកុម្មុយនិស្ត ក្នុងប្រទេស រ៉ូ​ម៉ា​នី បាន​ជួប​តំណាង​ព្រះមហាក្សត្រ​ដោយ​លួចលាក់​នៅ​ថ្ងៃទី ១៣-១៤ ខែ មិថុនា ឆ្នាំ ១៩៤៤ ដើម្បី​ពិភាក្សា និង រៀបចំ​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក ឡុ​ន អាន់​តូ​ណេ​ស្គូ ។ តំណាង​បក្សកុម្មុយនិស្ត បានបង្ហាញ​ផែនការ​ដ៏​ម៉ឺងម៉ាត់​មួយ​ថា ព្រះមហាក្សត្រ នឹង​កាន់តំណែង​ជា​អគ្គមេបញ្ជាការ​កងទ័ព ដឹកនាំ​កងទ័ព និង ចលនា​ទាំងឡាយ​បក​ប្រឆាំងនឹង ណា​ស៊ី អាល្លឺម៉ង់ និង លោក ឡុ​ន អាន់​តូ​ណេ​ស្គូ​នឹងត្រូវ​ដាក់​បង្ខំ ឱ្យ​មហាក្សត្រ​ចុះហត្ថលេខា​ជាមួយ​ខាង សម្ព័ន្ធមិត្ត ( ក្រុម​ប្រជាជាតិ​ដែលមាន​អង់គ្លេស និង អាមេរិក ជា​ប្រមុខ ប្រឆាំងនឹង ជប៉ុន អាល្លឺម៉ង់ និង អ៊ីតាលី ឬ AXIS ) ហើយ​ថា ប្រសិនបើ​ព្រះអង្គ​បដិសេធ នឹងត្រូវ​ឃាត់​ព្រះកាយ​នៅនឹងកន្លែង ហើយ​ថា បន្ទាប់​ពីនេះ​ទៅ​រដ្ឋាភិបាល ប្លុក ប្រជាធិបតេយ្យ​ជាតិ ដែលមាន​បក្ស កសិករ​ជាតិ បក្ស សេរីភាព​ជាតិ​និង បក្សកុម្មុយនិស្ត​នឹង​ក្តោប​អំណាច ។ ផែនការ​នេះ ត្រូវបាន​តំណាង​កងទ័ព រ៉ូ​ម៉ា​នី និង ទីប្រឹក្សា​ព្រះមហាក្សត្រ​បានទទួល​យក​ហើយ​បាន​បញ្ចុះបញ្ចូល ព្រះមហាក្សត្រ​ថា នេះ​ទើប​ជា​ដំណោះស្រាយ​ដ៏​ប្រសើរ​បំផុត ។

​ដោយហេតុនេះ នៅ​ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ១៩៤៤ ព្រះមហាក្សត្រ ម៉ា​យ​ឃើ​ល ដែល​កន្លងមក ជា​ពិ​សេល លោក ឡុ​ន អាន់​តូ​ណេ​ស្គូ តែងតែ​ចាត់ទុកថា​ជា​ក្សត្រ​គ្មាន​បានការ​នោះ ពេលនេះ ដោយមាន​ការគាំទ្រ​ពី​កងទ័ព និង អ្នកនយោបាយ​ប្រឆាំងនឹង​ពួក ណា​ស៊ី​ផង ព្រះអង្គ​បាន​ដឹកនាំ​ចលនា​ទាំងឡាយ​ដែល​បាន​ព្រមព្រៀងគ្នា ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ មេដឹកនាំ​ផ្តាច់ការ លោក ឡុ​ន អាន់​តូ​ណេ​ស្គូ បាន​ដោយ​ជោគជ័យ ។ អាល្លឺម៉ង់ បាន​បើក ការវាយប្រហារ​ទៅលើ​កងទ័ព រ៉ូ​ម៉ា​នី របស់​ក្សត្រ ម៉ា​យ​ឃើ​ល ប៉ុន្តែ សាមគ្គីភាព នៃ កងទ័ព​គ្រប់ផ្នែក និង បក្សនយោបាយ​នានា​ផង ធ្វើឱ្យ​បំណង​របស់ ណា​ស៊ី អាល្លឺម៉ង មិនបាន​ជោគជ័យ​ឡើយ ។ បន្ទាប់មក​ព្រះមហាក្សត្រ ម៉ា​យ​ឃើ​ល បាន​បញ្ជា​ឱ្យ​ដាក់​កងទ័ព រ៉ូ​ម៉ា​នី ឱ្យ​ឈរ​នៅ​ខាង សម្ព័ន្ធមិត្ត ដែលមាន អង់គ្លេស និង អាមេរិក ជា​ប្រមុខ ។

​ក្រោយ​រដ្ឋប្រហារ​
​ជាការ​ឆ្លើយតប ចូ​សេ​ហ្វ ស្តា​លីន នៃ សហភាព សូ​វៀត បានទទួល​ស្គាល់ និង​ស្តារឡើងវិញ​នូវ​របប​រាជា និយម​នៅ​ប្រទេស រ៉ូ​ម៉ា​នី ។ ទោះយ៉ាងណា​ប្រទេសជាតិ​នៅ​មិនទាន់​ទទួលបាន​ភាព​សាន្តត្រាណ​នៅឡើយ គឺ​នៅតែ​រង​ការបោក​បក់​ដោយ​ជំនោរ នៃ អំណាច និង មរតក​សង្គ្រាមលោកលើកទី ២ តទៅទៀត រហូតដល់​ឆ្នាំ ១៩៩២ ទើប​ប្រទេសជាតិ​បាន​សុខសាន្ត​រហូតមក ។ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ រ៉ូ​ម៉ា​នី បានចាត់ទុក​រដ្ឋប្រហា​រ​ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ១៩៤៤ ដឹកនាំ​ដោយ​ព្រះមហាក្សត្រ ម៉ា​យ​ឃើ​ល ផ្តួលរំលំ​រដ្ឋាភិបាល​លោក ឡុ​ន អាន់​តូ​ណេ​ស្គូ ដែល​នៅក្រោម​រំ​ណ​បរ​បស់ ណា​ស៊ី អាល្លឺម៉ង់ នោះ​ថា​ជា​ថ្ងៃ​ដែល​ពួកគេ​រួច​ផុតពី​ក្រញាំ របស់​ពួក ហ្វា​ស៊ី​ស ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

​យុវ​រាជ្យ ម៉ា​យ​ឃើ​ល ទី ១ នៃ រ៉ូ​ម៉ា​នី ដែលជា​អ្នកដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​របប ហ្វា​ស៊ី​ស នៅ​រ៉ូ​ម៉ា​នី (២៣ សីហា​១)
​ក្បួន​ដង្ហែ​ដើម្បី​រំលឹក​ដល់​ថ្ងៃ ២៣ សីហា ១៩៤៤ (២៣ សីហា​២)