ទិវា សេរី​ភា រ​វ៉ាន់ដា​

1900
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ រ​វ៉ាន់ដា ប្រារព្ធ​ទិវា សេរីភាព របស់​ពួកគេ​នៅ​ថ្ងៃទី ៤ ខែ កក្កដា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​កងទ័ព​របស់​ជន​ជាតិ ទូ​ស៊ី និង ហ៊ូ​ទូ បានឈ្នះ​សង្គ្រាម ចូលកាន់ កាប់​ប្រទេស រ​វ៉ាន់ដា កាលពី​ឆ្នាំ ១៩៩៤ ហើយក៏​ជា​ថ្ងៃ​ដែល​ជនជាតិ ទូ​ស៊ី និង ជនជាតិ ហ៊ូ​ទូ បាន​រស់​រានមាន​សេរីភាព​រួចផុត​ពី​ការសម្លាប់​ផ្តាច់​ពូជ​ប្រល័យពូជសាសន៍ ពី​សំណាក់ កងទ័ព​រដ្ឋាភិបាល រ​វ៉ាន់ដា ដែរ ។​
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​សាធារណរដ្ឋ រ​វ៉ាន់ដា មាន​ផ្ទៃដី ២៦.៣៣៨ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាហ្វ្រិក ខាងកើត មាន​ព្រំដែន ជាប់​ប្រទេស​អ៊ូ​ហ្ក​ង់​ដា តង់​ហ្សា​នី ប៊ូ​រុន​ឌី និង កុង​ហ្គោ ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ ជាង ១២ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា គ្រិស្ត ភាសាផ្លូវការ គឺ​ភាសា កេ​ន​យ៉ា រ​វ៉ាន់ដា អង់គ្លេស និង បារាំង រដ្ឋធានី​គឺ​ទីក្រុង គី​ហ្គា​លី ។​

ប្រវត្តិសាស្ត្រ
​ជនជាតិដើម នៃ ប្រទេស រ​វ៉ាន់ដា គឺ​ជនជាតិ ទូ​ស៊ី និង ហ៊ូ​ទូ ។ ដែនដី រ​វ៉ាន់ដា ត្រូវបាន​កាន់កាប់ ដោយ​ស្តេច​ជនជាតិ ទូ​ស៊ី រហូតដល់​ពួក​អឺរ៉ុប បាន​ចូល​ទៅដល់​តំបន់​អាហ្វ្រិក​នៅ​ឆ្នាំ ១៨៩៤ ។ រ​វ៉ាន់ដា បាន​ធ្លាក់​ក្រោម​អាណានិគម អាល្លឺម៉ង់ នៅ​ឆ្នាំ ១៨៩៩ ។ លុះដល់​ឆ្នាំ ១៩១៥ កងទ័ព​មកពី ហ្សា​យ​រ៉េ (​កុង​ហ្គោ​) របស់ បែ​ល​ស៊ិ​ក បាន​ចូលលុកលុយ​កាន់កាប់ រ​វ៉ាន់ដា ។ នៅពេល​ចប់​សង្គ្រាមលោកលើកទី ១ (២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨) រ​វ៉ាន់ដា ក្លាយជា​ប្រទេស សម្ព័ន្ធ ប្រជាជាតិ ក្រោម​រដ្ឋបាល បែ​ល​ស៊ិ​ក ។​

​មន្ត្រី​អាណាព្យាបាល បែ​ល​ស៊ិ​ក បាន​អនុវត្ត​ការរើសអើង​ទូទាំងប្រទេស ញ៉ាំងឱ្យ​ស្តេច បា​ទូ​ស៊ី និង មន្ត្រី​សំខាន់ៗ​មួយចំនួន​បង្កើត​គណ​បក្សនយោបាយ​មួយ​ឈ្មោះ “ សហភាព ជាតិ រ​វ៉ាន់ដា (UNAR) “ ជា​គណបក្ស​ដែល​ទាមទារ​រក​ឯករាជភាព​របស់ រ​វ៉ាន់ដា ។ ជាការ​ឆ្លើយតប បែ​ល​ស៊ិ​ក ក៏បាន​បង្កើត​គណបក្ស​មួយ​ដែរ​ឈ្មោះ Parmehutu ។

​នៅ​ឆ្នាំ ១៩៥៩ ស្ថិតក្រោម​ការត្រួតត្រារ​បស់ បែ​ល​ស៊ិ​ក បក្ស Parmehutu បានចាប់ផ្តើម​សម្លាប់ រង្គាល​ទៅលើ​ជនជាតិ បា​ទូ​ស៊ី ។ នៅ​ថ្ងៃទី ០១ ខែ កក្ដា ឆ្នាំ ១៩៦២ អង្គការសហប្រជាជាតិ បានបញ្ចប់​អាណាព្យាបាលភាព​របស់ បែ​ល​ស៊ិ​ក ទៅលើ រ​វ៉ាន់ដា ហើយ​សម្រេច​ផ្តល់​ឯករាជភាព ពេញលេញ​ទៅឱ្យ រ​វ៉ាន់ដា ។

​ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ១៩៧៣ ឧ​ត្ត​ម​សេនីយ៍ Juvenal Habyarimana បាន​ដឹកនាំ​កងទ័ព ដណ្តើម​អំណាច​មក​ក្តោប​ក្តាប់ ថែមទាំង​រំលាយ​រដ្ឋសភា និង បក្ស Parmehutu និង លប់បំបាត់ រាល់​សកម្មភាព​នយោបាយ ។ ខែ ធ្នូ ឆ្នាំ ១៩៧៨ រ​វ៉ាន់ដា បានប្រកាស​ឱ្យប្រើ​ប្រាស​រដ្ឋធម្មនុញ្ញ​ថ្មី ហើយ​បានជ្រើសរើស​លោក​ឧ​ត្ត​ម​សេនីយ៍ Habyarimana ជា​ប្រធានាធិបតី ហើយ​គាត់​ត្រូវបាន ជ្រើសរើស​ជា​ប្រធានាធិបតី ២ លើក​ទៀត​នៅ​ឆ្នាំ ១៩៨៣ និង ១៩៨៨ ។

​មានការ​ដាក់​សម្ពាធ​ច្រើន​ពី​សាធារណមតិ​ទាមទារ​ឱ្យធ្វើ​កំណែទម្រង់​នយោបាយ នៅ​ឆ្នាំ ១៩៩០ លោក​ប្រធានាធិបតី បានប្រកាស​ផែនការ​របស់គាត់​ក្នុងការ​ធ្វើកំណែទម្រង់​នយោបាយ រ​វ៉ាន់ដា ពី រដ្ឋ​ឯក​បក្ស ទៅជា​រដ្ឋ​ពហុបក្ស ។

​ចុងឆ្នាំ​នោះ ក្រុម​ជនជាតិ រ​វ៉ាន់ដា ដែល​បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​នានា មាន កុង​ហ្គោ ជាដើម ដែលមាន​ដើមកំណើត​ជា​ជនជាតិ ទូ​ស៊ី បាន​បង្កើតរ​ណ​សិ​រ្យ អ្នកស្នេហាជាតិ រ​វ៉ាន់ដា ហើយ​បាន​លុកលុយ​ចូល រ​វ៉ាន់ដា ។ សង្គ្រាម​ក៏បាន​ឆាបឆេះ​ឡើង ហើយ​ត្រូវបាន​បញ្ចប់​ទៅវិញ តាមរយៈ​បទ​ឈប់​បាញ់​គ្នា​មួយ​ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី​៣១ ខែ កក្កដា ឆ្នាំ ១៩៩២ ។​

​ប្រល័យពូជសាសន៍​
​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៩៩៤ យន្តហោះ​មួយគ្រឿង​ដឹក​ប្រធានាធិបតី Habyarimana និង ប្រធានាធិបតី នៃ ប្រទេស ប៊ូ​រុន​ឌី ម្នាក់​ផង ត្រូវបាន​បាញ់​ទម្លាក់ ហើយ​ប្រធានាធិបតី​ទាំង ២ រូប​ក៏បាន​ស្លាប់បាត់​បង់ជីវិត ។ កងទ័ព​រដ្ឋាភិបាល រ​វ៉ាន់ដា បានចាត់ទុក​ថា​នោះ ជា​ទង្វើ​របស់​កុល សម្ព័ន្ធ ទូ​ស៊ី និង ហ៊ូ​ទូ ហើយ​ជាការ​សងសឹក កងទ័ព​រដ្ឋាភិបាល ក៏បាន​បើ​ការ​ឡោម​ព័​ទ និង បាញ់សម្លាប់​រង្គាល​នូវ​រាល់​ជនជាតិ ទូ​ស៊ី និង ជនជាតិ ហ៊ូ​ទូ ទូទាំងប្រទេស ។​

​គិត​ត្រឹម​ខែ កក្កដា ឆ្នាំ នោះ ជនជាតិ ទូ​ស៊ី និង ជនជាតិ ហ៊ូ​ទូ ប្រមាណ​ជា ៨០០.០០០ នាក់ ត្រូវបាន​សម្លាប់​ដោយ​ឥត​រើសមុខ ។ នៅ​ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ១៩៩៤ កងទ័ពរ​ណ​សិ​រ្យ អ្នកស្នេហាជាតិ រ​វ៉ាន់ដា (​របស់​ពួក ទូ​ស៊ី និង ហ៊ូ​ទូ ) បាន​ចូល​កាន់កាប់​រដ្ឋធានី គី​ហ្គា​លី ហើយ​សង្គ្រាម​ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ១៩៩៤ នោះឯង ។

​ព្រឹត្តិការណ៍​ដែល​កងទ័ព​រដ្ឋាភិបាល រ​វ៉ាន់ដា សម្លាប់​រង្គាល​ដោយ​ឥត​រើសមុខ​ទៅលើ​ជនជាតិ​អម្បូរ ទូ​ស៊ី និង ហ៊ូ​ទូ កាលពី​ឆ្នាំ ១៩៩៤ នោះ​ត្រូវបាន​គេ​ហៅថា​ជា “ អំពើ​ប្រល័យពូជសាសន៍ ទៅលើ​ជនជាតិ រ​វ៉ាន់ដា ” ។​

​ប្រជាពលរដ្ឋ និង រដ្ឋាភិបាល រ​វ៉ាន់ដា បាន​ប្រារព្ធ​ទិវា សេរីភាព របស់​ពួកគេ​នៅ​ថ្ងៃទី ៤ ខែ កក្កដា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល កងទ័ពរ​ណ​សិ​រ្យ អ្នកស្នេហាជាតិ រ​វ៉ាន់ដា (​របស់​ពួក ទូ​ស៊ី និង ហ៊ូ​ទូ ) ចូលកាន់​កាប់​ប្រទេស រ​វ៉ាន់ដា ហើយ​ជា​ថ្ងៃ​ដែល​ជនជាតិ ទូ​ស៊ី និង ហ៊ូ​ទូ មាន​សេរីភាព រួច​ផុតពី​ការកាប់សម្លាប់​រង្គាល​ផ្តាច់​ពូជ​នោះឯង ។

​នៅក្នុង​ទិវា​ជា​ប្រ​វ​តិ្ត​សាស្ត្រ​របស់​ពិភពលោក​នេះ ក៏មាន​ប្រតិភូ​មកពី អេ​ទ្យូ​ពី កុង​ហ្គោ ប៊ូ​រុន​ឌី អ៊ូ​ហ្ក​ង់​ដា អាហ្វ្រិក​ខាងត្បូង តង់​ហ្សា​នី និង ស៊ីម​បាប់​វ៉េ ចូលរួម​ផង​៕

​ទីក្រុង គី​ហ្គា​លី នៃ សាធារណរដ្ឋ រ​វ៉ាន់ដា (​រ​វ៉ាន់ដា ២)
​គំនរ​សាកសព​ជនជាតិ ទូ​ស៊ី និង ជនជាតិ ហ៊ូ​ទូ នា​អំឡុងពេល​រង​ការសម្លាប់​ប្រល័យពូជសាសន៍ (​រ​វ៉ាន់ដា ១)