ទិវា អ្នក​លួចលាក់​សៀវភៅ លី​ទុយ​អា​នី​

181
ចែករម្លែក

​ភ្នំពេញៈ ចលនា “ អ្នក​លួចលាក់​សៀវភៅ “ គឺជា​ចលនា​ដ៏​សំខាន់បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ លី​ទុយ​អា​នី ក្នុងការ​ថែរក្សា​ការពារ អក្សរសាស្ត្រ និង ភាសាជាតិ ដែលជា បណ្តុំ នៃ អត្តសញ្ញាណ​ជាតិ ជម្នះ​នឹង​បម្រាម​យ៉ាង​ដាច់ខាត​មិនអោយ លី​ទុយ​អា​នី ប្រើប្រាស់​អក្សរ និង ភាសា លី​ទុយ​អា​នី នៅក្នុង​ប្រព័ន្ធ​អប់រំ និង ការបោះពុម្ព​សៀវភៅ​ផ្សេងៗ​នៅ លី​ទុយ​អា​នី ពី​សំណាក់ ចក្រភព រុស្ស៊ី ដែល​បាន​ចូល​ត្រួតត្រា និង​បាន​ព្យាយាម​លុបបំបាត់​អត្តសញ្ញាណ ជាតិ លី​ទុយ​អា​នី ហើយ​ទីបំផុត ថ្ងៃ ទី ១៦ ខែ មីនា ដែលជា​ថ្ងៃកំណើត​របស់​អ្នក​លួចលាក់ សៀវភៅ ដ៏​សំខាន់​ម្នាក់ ត្រូវបាន​ជ្រើសរើស​ជា ទិវា នៃ អ្នក​លួចលាក់​សៀវភៅ លី​ទុយ​អា​នី រហូត​សព្វថ្ងៃ​។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ លី​ទុយ​អា​នី មាន​ផ្ទៃដី ៦៥.៣០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ក្នុ​តំបន់ បាល់​ទិ​ក នៃទ្វីបអឺរ៉ុប មាន​ព្រំដែន​ជាប់​ប្រទេស ឡេ​តូ​នី បេឡា​រូស ប៉ូឡូញ និង តំបន់ Kaliningrad របស់រុស្ស៊ី ។ ឆ្នាំ ២០២០ មាន​ប្រជាជន​ជិត ៣ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត​រដ្ឋធានី​គឺ ទីក្រុង វី​ល​នី​ញូ​ស ភាសាផ្លូវការ គឺ​ភាសា លី​ទុយ​អា​នី ។​

ប្រ​វ​តិ្ត​សាស្ត្រ​-​លី​ទុយ​អា​នី ក្នុង​កណ្តាប់ដៃ​ដែក រុស្ស៊ី​
គិត​ត្រឹម​ដំណាច់​សតវត្សរ៍ ១៤ លី​ទុយ​អា​នី គឺជា​ប្រទេស​ដែលមាន​ទឹកដី​ធំជាងគេ​បំផុត នៅ​អឺរ៉ុប ដោយ​ទឹកដី លី​ទុយ​អា​នី នា​គ្រានោះ គឺជា បេឡា​រូស អ៊ុយ​ក្រែ​ន និង ផ្នែក​ខ្លះ នៃប្រទេស ប៉ូឡូញ និង រុស្ស៊ី នាពេល​បច្ចុប្បន្ននេះ ។ ហេតុ​នោះ មហាអំណាច លី​ទុយ​អា​នី និង មហា​មូ​ស្គូ ( រុស្ស៊ី ) មាន​ព្រំដែន​ជាប់​គ្នា ហើយ​ក៏មាន​ជម្លោះព្រំដែន​នឹង​គ្នា​ដោយផ្ទាល់​ដែរ ។ ចាប់ពី​ដំណាច់ សតវត្សរ៍​ទី ១៥ ជម្លោះ​រវាង​មហាអំណាច​ទាំង ២ កាន់តែ​តានតឹង​ឡើងៗ ។​

​ដោយសារ​ចាញ់​សង្គ្រាម មហា​មូ​ស្គូ ( រុស្ស៊ី ) ជា​បន្តបន្ទាប់ គិត​ត្រឹម​ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ១៥៦៩ លី​ទុយ​អា​នី បាន​ក្លាយជា រដ្ឋ​សហ​ធន ជាមួយ ប៉ូឡូញ ហើយ​កងទ័ព រដ្ឋ​សហ​ធន នោះ បាន​វាយលុក​ចូលកាន់​កាប់​ទីក្រុង មូ​ស្គូ ចាប់ពី​ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ១៦១០ ដល់​ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ១៦១២ ។ ប៉ុន្តែ​នៅ ឆ្នាំ ១៦៥៥ កងទ័ព រុស្ស៊ី បាន​ចូលលុកលុយ​ទីក្រុង វី​ល​នី​ញូ​ស របស់ លី​ទុយ​អា​នី និង កាន់កាប់​ទឹកដី លី​ទុយ​អា​នី វិញ រហូតដល់​ឆ្នាំ ១៦៦១ ។​

​ទីបំផុត រដ្ឋ​សហ​ធន ត្រូវបាន​បំបែក​ដោយ ចក្រភព រុស្ស៊ី នៅ​ឆ្នាំ ១៧៧២ និង ដោយ អូទ្រីស នៅ​ឆ្នាំ ១៧៩៥ ហើយ​ទឹកដី លី​ទុយ​អា​នី ភាគច្រើនបំផុត ក្លាយជា​ផ្នែក នៃ ចក្រភព រុស្ស៊ី ។ ឆ្នាំ ១៨៣០ ដល់​ឆ្នាំ ១៨៣១ មានការ​ងើប​បះបោរ ប្រឆាំង រុស្ស៊ី ប៉ុន្តែ​ត្រូវបាន​បង្ក្រាប ។ ឆ្នាំ ១៨៤០ ច្បាប់​របស់ លី​ទុយ​អា​នី ត្រូវបាន រុស្ស៊ី លុបបំបាត់ ។ រុស្ស៊ី ហាមឃាត់ សារព័ត៌មាន បិទ​ស្ថាប័ន វប្បធម៌ និង ការអប់រំ លី​ទុយ​អា​នី និង ដាក់​ជនជាតិ លី​ទុយ​អា​នី ឱ្យនៅ​ជា​ផ្នែក​មួយ នៃ តំបន់​រដ្ឋបាល Northwestern Krai ។​

​រុស្ស៊ី បាន​ចាញ់​សង្គ្រាម​តំបន់ ហ្គ្រី​មេ ( ១៨៥៣ ដល់ ខែ កុម្ភៈ ឆ្នាំ ១៨៥៦ គឺជា​សង្គ្រាម រុស្ស៊ី ប្រឆាំង​សម្ព័ន្ធមិត្ត ដែល​ក្នុងនោះ​មាន អូ​តូ​ម៉​ង់ បារាំង អង់គ្លេស និង សា​ឌី​នី ) ធ្វើឱ្យ រុស្ស៊ី ធ្លាក់ខ្លួន​ទន់ខ្សោយ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង នយោបាយ ។ ប៉ុន្តែ​ស្តេច អា​ឡិច​សាន់​ឌើ​រ៍ ទី ២ រុស្ស៊ី បាន​ព្រមាន​ថា “ ចូរ​បំភ្លេច​នូវ​រាល់​សុបិន​ទាំងឡាយ “ ពោលគឺ បើទោះបីជា រុស្ស៊ី​ធ្លាក់ខ្លួន​យ៉ាង នោះ​ក្តី គ្មាន​ឡើយ​ការបន្ធូរបន្ថយ​ទៅលើ លី​ទុយ​អា​នី ។​

​ប៉ូឡូញ ដែល​ក៏​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់ រុស្ស៊ី ដូច លី​ទុយ​អា​នី ដែរ ក្នុងសម័យ​កាលនោះ មាន​ចរន្ត​ខ្លាំងៗ ២ នៅក្នុង​សង្គម គឺ ៖ ១. ក្រុម​អភិរក្ស (​តំណាង​ដោយ​ពណ៌ ស ) និង ក្រុម ប្រជាធិបតេយ្យ ( តំណាង​ដោយ​ពណ៌ ក្រហម ) ដែលមាន កសិករ ពលករ និង បព្វជិត​ខ្លះ​ផង ។ ពួក​ម្ចាស់​ដីធ្លី ដែលជា​ពួក​អ​ភ​រិ​ក្ស​និយម ចង់​លុបបំបាត់​ទាសភាព​ជាជាង​ការទូទាត់​ផល ប្រយោជន៍ ដល់ ពលករ កសិករ ។ ពួក​ប្រជាធិប តេយ្យ មាន​គោលជំហរ​ថា​ការផ្តួលរំលំ​នឹម​ត្រួត ត្រា​របស់ រុស្ស៊ី ទើប​ជា​សេរីភាព​ពិតប្រាកដ ។ បាតុកម្ម​បែប​សាសនា និង បែប​ស្នេហា​ជាតិ នៅ​ឆ្នាំ ១៨៦០ បានប្រែ ក្លាយ​ទៅជា​ក្រុម​តស៊ូ នៅក្នុង​ចំណោម​យុវជន​ដែល​ទទួលបាន​ការអប់រំ ។ ខែ កុម្ភៈ ឆ្នាំ ១៨៦១ ពួក​បាតុករ បាន​ជួបជុំគ្នា​នៅ​ទីលាន Castle Square ( មុខ​ព្រះរាជវាំង ប៉ូឡូញ ) ដើម្បី រំឭក​ដល់​ការប្រយុទ្ធ​នៅ​សង្កាត់ Grochów ( គឺជា​ការប្រយុទ្ធ នៅ​ភាគ​ខាងកើត ទីក្រុង វ៉ា​សូវី រវាង​កងទ័ព ប៉ូឡូញ ទប់ស្កាត់​ការចូល​លុកលុយ របស់​កងទ័ព រុស្ស៊ី ) ពេលនោះ កងទ័ព រុស្ស៊ី បានចាប់ផ្តើម​បើក​ការវាយប្រហារ​ដ៏​បង្ហូរឈាម ទៅលើ​បាតុករ ។​

​ដោយសារ​ខ្លាច​ការរីក​រាលដាល នូវ ភាព​ឥត​សណ្ដាប់ធ្នាប់ ស្តេច អា​ឡិច​សាន់​ឌើ​រ៍​ទី ២ ស្ទាក់ស្ទើរ​ក្នុងការ​ព្រម​ទទួល​ញត្តិ​មួយ ដែល​ទាមទារ​រក​ការផ្លាស់ប្តូរ​ប្រព័ន្ធ​អភិបាលកិច្ច ។ ទីបំផុត ព្រះអង្គ​យល់ព្រម​តែងតាំង​លោក Aleksander Wielopolski (​អភិជន ប៉ូឡូញ ) ជា​ប្រធាន​បេសកកម្ម ត្រួតពិនិត្យ​បញ្ញត្តិ​សាសនា និង វិស័យ​អប់រំ​សាធារណ និង​បានប្រកាស បង្កើត​ក្រុមប្រឹក្សារដ្ឋ និង ស្វ័យ​អភិបាល សម្រាប់​ទីក្រុង​នានា និង រដ្ឋបាល​ថ្នាក់​បន្ទាប់ពី​ជាតិ ។

​សម្បទាន ទាំងនេះ មិនអាច​ទប់ស្កាត់​បាតុក​ម្ម​បន្តទៀត​បានឡើយ ពោលគឺ​បាតុកម្ម​នៅតែមាន ជា​បន្តទៀត​រីក​រាលដាល​ទៅដល់​ប្រទេស លី​ទុយ​អា​នី ដោយ​គ្រាន់តែ​នៅ​ទីក្រុង វី​ល​នី​ញូ​ស មួយ មាន​បាតុកម្ម​ចំនួន ១១៦ លើក ត្រូវបាន​ធ្វើឡើង​នៅក្នុង​ឆ្នាំ ១៨៦១ ។ ហេតុ​នោះ នៅ​ថ្ងៃទី ៨ ខែ មេសា ឆ្នាំ ១៨៦១ កងទ័ព​រុស្ស៊ី បាញ់រះ​លើ​ហ្វូង​បាតុករ បណ្តាលឱ្យ​ស្លាប់​ប្រមាណ​ជា ២០០ នាក់ និង របួស​ប្រមាណ​ជា ៥០០ នាក់ ។ ច្បាប់អាជ្ញាសឹក ត្រូវបាន​ដាក់​នៅ​ទីក្រុង វ៉ា​សូវី ( ប៉ូឡូញ ) និង ទីក្រុង វី​ល​នី​ញូ​ស (​លី​ទុយ​អា​នី​) ហើយ​ចំណាត់ការ​យ៉ាង​តឹងរឹង​ត្រូវបានធ្វើ ចំពោះ​អ្នករៀបចំ​បាតុកម្ម ។ នៅ​សារ​ទ​រដូវ ឆ្នាំ ១៨៦១ រុស្ស៊ី បានដាក់​ច្បាប់​គ្រាអាសន្ន​នៅ​ទីក្រុង វី​នី​ញូ​ស ។​

​ពួក​អ្នកដឹកនាំ​បះបោរ បាន​ជួបគ្នា​ជាសម្ងាត់​នៅ​ទីក្រុង St. Petersburg ( ឡេ​នី​ន​ហ្ក្រា​ដ ) វ៉ា​សូវី វី​ល​នី​ញូ ប៉ារីស និង ទីក្រុង ឡុង​ដ៍ ហើយ​ជា​លទ្ធផល​បង្កើតបាន គណៈកម្មាធិការ ចលនា ជនបទ នៅ ខែ តុលា ឆ្នាំ ១៨៦១ ដែលមាន​តួនាទី​បង្កើត​រចនាសម្ព័ន្ធ​រដ្ឋ ប៉ូឡូញ​ថ្មី និង​គណៈ​ក​ម្មា ធិ​ការ ជាតិ (CNC) នៅ​ខែ មិថុនា ឆ្នាំ ១៨៦២ ប៉ុន្តែ​ស្ថាប័ន CNC មិនទាន់មាន​ផែនការ​ជាក់ លាក់​នៅឡើយ​ក្រៅតែពី​គ្រោង​នឹង​បះបោរ​នៅ​រដូវ​ផ្កា​រីក​ឆ្នាំ ១៨៦៣ ។ ហើយ​ជាក់ស្តែង CNC បាន​អំពាវនាវ​ឱ្យមាន​ការបះបោរ​នៅ​យប់​ថ្ងៃទី ២២ ឈានចូល​ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ១៨៦៣ ហើយ​បាន​បង្កើត​រដ្ឋាភិបាលបណ្តោះអាសន្ន ។ ទោះយ៉ាងណា ក្រុម​នេះ​មិនមាន​អាវុធ​គ្រប់ គ្រាន់​សម្រាប់​បំពាក់​ដល់​យុវជន​ដែល​កំពុង​លាក់ខ្លួន​ក្នុងព្រៃ​ពី​ការ​តាម​ចាប់ខ្លួន​របស់ រុស្ស៊ី ឡើយ ។ រុស្ស៊ី បានដាក់​ពង្រាយ​កងទ័ព​ប្រមា​ណា ៩០ ០០០ នាក់ ។​

​ប្រតិកម្ម​នានា​ពី​អន្តរជាតិ​
តាមរយៈ​ការអំពាវនាវ​របស់រ​ដ្ឋា​ភិ​បាល​បណ្តោះអាសន្នរ​បស់ CNC រក​ជំនួយ​ពី​លោកខាងលិច ក៏​ទទួលបាន​ការគាំទ្រ​ពី ន័​រវេ​ស និង ព័រទុយហ្កាល់ ។ ក្រោយមក ក៏មាន​ការឆ្លើយតប​ពី អ៊ីតាលី បារាំង និង មន្ត្រី ហុង​គ្រី ។ សម្តេច ប៉ាប Pius ទី ៤ (​សម្តេច​សង្ឃ​កាតូលិក ) បាន​បញ្ជា សាសន​ទូ​តិ​ពិសេស សម្រាប់​កាតូលិក ប៉ូឡូញ ក្នុងការ​ការពារ​ប្រឆាំងនឹង អ័​រ​ធូ​ដុ​ក្ស រុស្ស៊ី ហើយក៏​កើនឡើង​នូវ​ការគាំទ្រ​យ៉ាងសកម្ម​ចំពោះ​ឧទ្ទាម​កម្ម​របស់ ប៉ូឡូញ ។ ដោយហេតុ​នោះ គិត​ត្រឹម​ដើមរដូវ​ក្តៅ​ឆ្នាំ ១៨៦៣ ប៉ូឡូញ មាន​កងទ័ព ៣៥ ០០០ នាក់ តទល់​នឹង​កងទ័ព រុស្ស ១៤៥ ០០០ នាក់​គ្រាន់តែ​នៅក្នុង​ទឹកដី ប៉ូឡូញ ។​

​គិត​ត្រឹម​ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ១៨៦៣ ការ​ងើប​បះបោរ បាន​ផ្ទុះឡើង​នៅក្នុង​ទឹកដី លី​ទុយ​អា​នី ។ លុះដល់​ខែ មេសា និង ឧសភា បាន​រីក​ទៅដល់ ឡេ​តូ​នី បេឡា​រូស និង អ៊ុយ​ក្រែ​ន ។ អ្នក​ស្ម័គ្រ ចិត្ត និង សព្វាវុធ ហូរ​ចូល​តាម​ច្រកព្រំដែន អូទ្រីស ព្រុស អ៊ីតាលី ហុង​គ្រី បារាំង និង ពី រុស្ស៊ី ខ្លួនឯង​ផងដែរ ។​

​ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ១៩៦៣ រុស្ស៊ី និង ព្រុស បាន​ចុះហត្ថលេខា បង្ក្រាប ប៉ូឡូញ ជាមួយគ្នា ។ ព្រះ​ចៅ ណាប៉ូឡេអុង ទី ៣ បារាំង ដែលមាន​ចិត្ត​ចំពោះ ប៉ូឡូញ ស្រាប់ ក៏បាន​ចូលទៅ​ពាក់ព័ន្ធ នឹង​ការការពារ​ព្រំដែន​របស់​ទ្រង់ នៅ​តំបន់​ទន្លេ រ៉ែ​ន និង បាន​តម្រង់​កាំភ្លើង​ទៅ ព្រុស ហើយ ស្របពេលនោះ ព្រះអង្គ ក៏​ស្វែងរក​សម្ព័ន្ធភាព​ជាមួយ អូទ្រីស ផងដែរ ។​

​ចំណែក អង់គ្លេស វិញ ម្យ៉ាង​ចង់​ទប់ស្កាត់​សង្គ្រាម បារាំង​-​ព្រុស និង ម្យ៉ាង​ចង់​រាំងខ្ទប់​សម្ព័ន្ធភាព អូទ្រីស និង បារាំង ហើយក៏​មិន​ចង់ឱ្យ​មានការ​ខិតជិត​គ្នា រវាង បារាំង និង រុស្ស៊ី ដែរ ។ ចំណែក អូទ្រីស និង ព្រុស វិញ ក៏​សុទ្ធតែ​ដណ្តើម​គ្នា​ធ្វើជា​អ្នកដឹកនាំ​នៅលើ​ទឹកដី អាល្លឺម៉ង់ ប៉ុន្តែ​ក៏​សុទ្ធ តែ​បាន​បដិសេធ​មិនបង្កើត​សម្ព័ន្ធភាព​ជាមួយ បារាំង ដែរ ។ ចំពោះ បារាំង វិញ​បើទោះបី​ជាមាន ការគាំទ្រ​របស់​ព្រះ​ចៅ​អ​ធិ​រាជ្យ ណាប៉ូឡេអុង ក្តី​ក៏​គ្មាន​ការពិភាក្សា​អំពី​ការអន្តរាគមន៍ យោធា​នៅ ប៉ូឡូញ ដែរ ។​

​ខែ មេសា ឆ្នាំ​នោះ បារាំង អង់គ្លេស និង អូទ្រីស បាន​យល់ព្រម​នៅក្នុង​កិច្ច​ការទូត​ក្នុងការ ការពារ​សិទ្ធិ របស់ ប៉ូឡូញ បានចេញ​កំណត់​ទូត​ជា​បន្តបន្ទាប់ ហើយ​ថា “ តទៅ (​ពួកគេ ) នឹងមិន​បញ្ចេញ​សំឡេង​ទៀត​ទេ ( បានន័យថា ពួកគេ​នឹង​បញ្ចេញ​យោធា ) “ ។​

​រដ្ឋាភិបាល​សម្ងាត់​រប​ស់ ប៉ូឡូញ រំពឹងថា មហាអំណាច​លោកខាងលិច នឹងធ្វើ​អន្តរាគមន៍​យោធា ហើយ ប៉ូឡូញ នឹង​រក្សា​សន្តិភាព​ជាមួយ​បណ្តា​ប្រទេស អឺរ៉ុប ប្រសិនបើ ប៉ូឡូញ​ក្លាយជា រដ្ឋ​ឯករាជ្យ ។​

​ខណៈ​ប្រឈម​នឹង​សង្គ្រាម​បែប​នោះ រុស្ស៊ី បាន​បើកចំហ​សម្រាប់​ការចរចា ប៉ុន្តែ​បាន​និយាយ ការពារ​ទុកជាមុន​ថា មិន​អនុញ្ញាតឱ្យ​លោកខាងលិច​ណាមួយ មាន​សិទ្ធិ ឬ​មាន​តួនាទី​ក្នុង​ជម្លោះ ប្រដាប់អាវុធ​នោះទេ ពោលគឺ រុស្ស៊ី ក៏​បង្ហាញ​ភាព​ក្រអឺត​ចំពោះ​ការអន្តរាគមន៍​របស់​មហា អំណាច​ណាមួយ​ដែរ ។​

​ហេតុ​នោះ​ក៏​គ្មាន​មហាអំណាច​ណាមួយ ហ៊ាន​ធ្វើ​អ្វី​ច្រើន​ដែរ ព្រោះថា ប្រសិនបើ​ពួកគេ​ដាក់ ចេញ​នូវ​វិធានការ​តឹងរឹង អាច​នឹង​ជំរុញ​ឱ្យ រុស្ស៊ី ស្វែងរក​មហាអំណាច​ណាមួយ​ធ្វើជា​សម្ព័ន្ធ ដែល​ប្រការ​នោះ វា​នឹង​ពិតជា​ប៉ះពាល់​ដល់​តុល្យភាព​អំណាច​ជាក់​ជាមិនខាន ។​

​ហេតុ​នោះ ខែ មិថុនា ឆ្នាំ ១៨៦៣ មហាអំណាច​លោកខាងលិច បានត្រឹមតែ​ដាក់​លក្ខន្តិកៈ​ថា ៖ លើកលែងទោស​ដល់​អ្នក​បះបោរ , បង្កើត​រចនាសម្ព័ន្ធ​តំណាង​ជាតិ អភិវឌ្ឍ​តំបន់​ស្វយ័ត​ទូទាំង ប្រទេស និង ការឈប់​បាញ់​គ្នា តែប៉ុណ្ណោះ ។

​លក្ខខណ្ឌ​ទាំងនោះ គឺជា​ក្តី​ប្រាថ្នា​របស់​ពួក​អ្នកបះបោរ ។ ប៉ុន្តែ ស្តេច អា​ឡិច​សាន់​ឌើ​រ៍​ទី ២ ទទួលបាន​ការគាំទ្រ​គ្រប់គ្រាន់​ពី​ប្រជាពលរដ្ឋ​ក្នុងការ​បដិសេធ​នូវ​សំណើ​ទាំងនោះ ។ ខណៈ បារាំង និង អង់គ្លេស បង្ហាញ​ឥរិយាបថ​មិនឱ្យ​ទម្ងន់ ដោយ​ការមិន​អន្តរាគមន៍​ផ្សេងទៀត ផ្តល់​លទ្ធភាព​ឱ្យ រុស្ស៊ី បញ្ចប់ ពោលគឺ រុស្ស៊ី លែង​បើក​ឱ្យមាន​ការចរចា​ទៀតហើយ នៅក្នុង​ខែ កញ្ញា ឆ្នាំ ១៨៦៣ ។​

​ដោយ​គ្មាន​វិធានការ​ជាក់លាក់​ត្រូវបាន​ដាក់ចេញ ដោយសារតែ​ភាពស្ទាក់ស្ទើរ​ដូចដែល​បាន លើកឡើង​មកនេះ ខណៈ​មាន​ភាពកម្សោយ​ក្នុងការ​ចាត់ចែង របស់ CNC ស្របពេល រុស្ស៊ី បែរជា​ទទួល​បានការ​គាំទ្រ​យ៉ាងខ្លាំង​បែប​នោះ ទី​ផំ​បុ​ត មេដឹកនាំ​បះបោរ​ចុងក្រោយ ត្រូវបាន រុស្ស៊ី ចាប់ខ្លួនបាន នៅ​ខែ ធ្នូ ឆ្នាំ ១៨៦៤ ហើយ​ចលនា​បះបោរ បាន​ឈាន​ដល់ទី​អវសាន ដោយមាន​មនុស្ស ៣៩៦ នាក់ ត្រូវបាន​កាត់​ឱ្យ​មានទោស ខណៈ​មនុស្ស ១៨ ៦៧២ នាក់ ត្រូវបាន​និរទេស ដែល​ប្រការនេះ​បានសេចក្តីថា ទឹកដី លី​ទុយ​អា​នី ( និង ប៉ូឡូញ )​បន្ត​ស្ថិតនៅ ក្រោម​ការត្រួតត្រា​របស់ រុស្ស៊ី តទៅទៀត ។​

ក្រោយ​បរាជ័យ នៃ ការបះបោរ​
ក្រោយ​បរាជ័យ នៃ​ការបះបោរ រដ្ឋាភិបាល រុស្ស៊ី បាន​បន្ថែ​មការ​រឹតបន្តឹង ក្នុង​ការធ្វើ រុស្ស៊ី​នីយកម្ម ទៅលើ​ជនជាតិ លី​ទុយ​អា​នី និង បាន​ដាក់ឱ្យ​ជនជាតិ លី​ទុយ​អា​នី ឱ្យនៅ​ដាច់​ពីអ្វី​ដែលជា ប្រវត្តិសាស្ត្រ​របស់​ពួកគេ ដោយ​រួមទាំង​ជំនឿ សាសនា​គ្រិស្ត រ៉ូ​ម៉ាំង​កាតូលិក ( ព្រោះ រុស្ស៊ី​ជា​ប្រទេស កាន់សាសនា​គ្រិស្ត និកាយ អ័​រ​ធូ​ដុ​ក្ស រហូតមកដល់​សព្វថ្ងៃ ) ដែល​វប្បធម៌ ទាំងនោះ បាន​ចាក់​ប្ញ​សគល់​ក្នុងសង្គម លី​ទុយ​អា​នី កាល​អំឡុង​ពួកគេ​នៅ​ជា រដ្ឋ​សហ​ធន ជាមួយ ប៉ូឡូញ ។​

​អំឡុង​រដូវក្តៅ នា​ឆ្នាំ ១៨៦៣ ស្តេច​អា​ឡិច​សាន់​ឌើ​រ៍​ទី ២ របស់ រុស្ស៊ី​បានដាក់​បទបញ្ជា​បណ្តោះ អាសន្ន​ក្នុង​វិស័យ​អប់រំ មធ្យម​ភូមិ​នៅ Northwestern Krai ថា មានតែ ភាសា​រុស្ស៊ី​ទេ​ដែល ត្រូវបាន អនុញ្ញាត ពោលគឺ​មិនឱ្យ​ប្រើប្រាស់​ភាសា លី​ទុយ​អា​នី ក្នុង​វិស័យ​អប់រំ លី​ទុយ​អា​នី ឡើយ ។ លុះដល់​ឆ្នាំ ១៨៦៤ អគ្គទេសាភិបាល រុស្ស៊ី នាទី​ក្រុង វី​ល​នី​ញូ​ស លោក Mikhail Muravyov បានដាក់​បញ្ជា​កម្មវិធី​សិក្សា​ភាសា លី​ទុយ​អា​នី ក្នុង​ក​ម្រឹត​បឋមភូមិ​ត្រូវបាន អនុញ្ញាតឱ្យ​បោះពុម្ព តែ​ជា​អក្សរ Cyrillic ( លក្ខណៈ អក្សរ​រុស្ស៊ី ) ប៉ុណ្ណោះ គឺ​មិន​អនុញ្ញាតឱ្យ សរសេរ​អក្សរ ( ឡាតាំង​- ) លី​ទុយ​អា​នី ឡើយ ។ លុះដល់​ឆ្នាំ ១៨៦៥ លោក Konstantin Kaufman ដែលជា​អ្នក​បន្ត​តំណែង​លោក Muravyov បាន​ហាមឃាត់​ទាំងស្រុង​នូវ​រាល់ ការសរសេរ​ភាសា លី​ទុយ​អា​នី ជា​អក្សរ ឡាំ​តាំង ( ដែល លី​ទុយ​អា​នី ប្រើ​រាប់រយឆ្នាំ​មកហើយ ) ។ លុះដល់​ឆ្នាំ ១៨៦៦ ស្តេច ត្សា​រ រុស្ស៊ី​បានដាក់​បទបញ្ជា​ផ្ទាល់មាត់​ហាមឃាត់​នូវ​រាល់​ការបោះ ពុម្ព​ផ្សេងៗ​ជា អក្សរ ឡាតាំង​-​លី​ទុយ​អា​នី ឬ ការនាំ​ចូល​ឯកសារ​ទាំងអស់ ដែល​បោះពុម្ព​ជា អក្សរ ឡាតាំង​-​លី​ទុយ​ទ​អា​នី ចូលទៅក្នុង​ទឹកដី លី​ទុយ​អា​នី ។​

​ដូច្នេះ​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល រុស្ស៊ី ដាក់​បម្រាម លើ​អក្សរ និង ភាសា លី​ទុយ​អា​នី កាន់តែ​ធ្ងន់ធ្ងរ និង កាន់​តែមាន​វិសាលភាព​ទៅៗ ក្នុង​គោលបំណង​លុបបំបាត់ អត្តសញ្ញាណ​ជាតិ លី​ទុយ​អា​នី តាមរយៈ​ការ លុបបំបាត់ អក្សរ ឡាតាំង​-​លី​ទុយ​អា​នី ជំនួស​ដោយ អក្សរ និង ភាសា រុស្ស៊ី វិញ ។​

ចលនា​អ្នក​លួចលាក់​សៀវភៅ ភាសា លី​ទុយ​អា​នី​
បើទោះបីជា​បទបញ្ជា​នោះ ត្រឹមតែ​ជា​បទបញ្ជា​ផ្ទាល់មាត់ គឺ​គ្មាន​ទម្រង់​បែបបទ​ជា​ច្បាប់​ក្តី ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព រហូតដល់​ឆ្នាំ ១៩០៤ ។ ក្នុង​រយៈពេល​នោះ សៀវ​ប្រមាណ​ជា ៥០ ចំណងជើង​អំពី និង សម្រាប់ ( អប់រំ ជាដើម ) លី​ទុយ​អា​នី ត្រូវបាន​សរសេ​ជា​អក្សរ Cyrillic ។​ ភាគច្រើនបំផុត នៃ សៀវភៅ​ដែល​សរសេរ​ជា​ភាសា ឡាតាំង​-​លី​ទុយ​អា​នី ដោយ​ប្រើ អក្សរ​ឡាតាំង​-​លី​ទុយ​អា​នី និង សំណេរ​ដែល​ត្រូវបាន​ចេញផ្សាយ​នានា ដូចជា​កាសែត ទស្សនាវដ្ដី ជាដើម នា​គ្រានោះ ត្រូវបាន បោះពុម្ព​តែ​នៅក្នុង​តំបន់ ជនជាតិ លី​ទុយ​អា​នី​ភាគតិច នៅលើ​ទឹកដី ព្រុស ( ដែល​នៅ​ទីនោះ មាន​ជន​ជ​តិ លី​ទុយ​អា​នី ភាគតិច រស់នៅ ) ប៉ុណ្ណោះ ហើយ “ សៀវភៅ និង ឯកសារ​ទាំងនោះ ត្រូវបាន យក​ចូលទៅក្នុង​ទឹកដី លី​ទុយ​អា​នី យ៉ាង​លួចលាក់​ជាទីបំផុត “ ។

​ពួក​អ្នក​លួចលាក់​នាំយក​សៀវភៅ​បែប​នោះ​ចូលក្នុង​ទឹកដី លី​ទុយ​អា​នី នៅពេល​ត្រូវ​ចាប់បាន ពួកគេ​រង​ការពិន័យ​យ៉ាងធ្ងន់ធ្ងរ ដូចជា​ត្រូវ​បណ្តេញ ឬ ន​រិ​ទេស ចេញពី​ប្រទេស ជាដើម ខណៈ​អ្នកខ្លះ ត្រូវបាន រុស្ស៊ី បាញ់​បំបែក​ក្បាល​នៅពេល​លួច​ឆ្លងដែន ( លួចលាក់​សៀវភៅ​) ឬ ត្រូវ​កាត់ទោស​ប្រហារជីវិត​នៅនឹងកន្លែង ។​

​ឆ្នាំ ១៨៦៧ សម្តេច​សង្ឃ​កាតូលិក Motiejus Valančius នៃ វិមាន Žemaitija បានចាប់ផ្តើម ចាត់ចែង និង ផ្តល់​ហិរញ្ញប្បទាន ជាសម្ងាត់​ដល់​ការបោះពុម្ព​សៀវភៅ ដែល​បោះពុម្ព​នៅ បរទេស និង ឧបត្ថម្ភ​ដល់​កិច្ច​ការដែល​ធ្វើឡើង​ដើម្បី​សៀវភៅ​ជា​ភាសា លី​ទុយ​អា​នី នៅក្នុង​ប្រទេស លី​ទុយ​អា​នី ។​

​ជា​អកុសល នៅ​ឆ្នាំ ១៨៧០ អង្គការ​របស់​ព្រះអង្គ បាន​បែកការណ៍ ដោយសារ​អាជ្ញាធរ ព្រុស ទើប​បព្វជិត ៥ អង្គ និង អ្នក​លួចលាក់​សៀវភៅ ២ នាក់​ផ្សេងទៀត ត្រូវបាន​និរទេស ទៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល នៃ ប្រទេស រុស្ស៊ី ។ ប៉ុន្តែ​ពួក​អ្នក​លួចលាក់​សៀវភៅ​ផ្សេងទៀត នៅតែ​បន្តការងារ​លួចលាក់​របស់​ព្រះអង្គ ។​

​គិត​ត្រឹម​រយៈពេល​ឆ្នាំ​ចុងក្រោយៗ នៃ បម្រាម នោះ សៀវភៅ​ប្រមាណ​ជា ៣០ ០០០ ទៅ ៤០ ០០០ ក្បាល ត្រូវបាន​លួចលាក់​នាំចូល​ទឹកដី លី​តុ​យ​អា​នី ក្នុង ១​ឆ្នាំៗ​ក្នុងនោះ​សៀវភៅ ប្រមាណ ជា ១ ភាគ ៣ ត្រូវបាន​អាជ្ញាធរ​នានា​ចាប់បាន ។ សៀវភៅ​ដែល​សរសេរ​ជា​ភាសា លី​ទុយ​អា​នី ត្រូវបាន​យកទៅ​លួច​ចែកចាយ​ដល់​គ្រប់​លំនៅឋាន ក្នុងប្រទេស លី​ទុយ​អា​នី ហើយ​ស្ថាប័ន​ស្របច្បាប់​ជាច្រើន បាន​លួចលាក់​ដើរតួនាទី​ជា​ចំណុច នៃ​ការ​ចែកចាយ​សៀវភៅ ទាំងនោះ ។ អង្គការ​សម្ងាត់​មួយចំនួន ដូចជា Sietynas, Atgaja, Teisybė, Prievarta, Aušrinė, Atžala, Lizdas, Akstinas, Spindulys, Svirplys, Žiburėlis, Žvaigždė និង Kūdikis បាន​ចែកចាយ​សៀវភៅ​ពាសពេញ​ផ្ទៃ​ប្រទេស ។​

​នៅ​ភាគ​ខាងកើត នៃ ប្រទេស ព្រុស ពី​ចន្លោះ​ឆ្នាំ ១៨៦៤ ដល់​ឆ្នាំ ១៨៩៦ សៀវភៅ ជា​ភាសា លី​ទុយ​អា​នី ជាង ៣ ៥០០ ០០០ ក្បាល ត្រូវបាន បោះពុម្ព ក្នុងនោះ​សៀវភៅ​ប្រមាណ​ជា ៥០០ ០០០ ក្បាល សម្រាប់​ក​ម្រឹត​បឋម , ជាង ៣០០ ០០០ ជា​សៀវភៅ​សម្រាប់​អាណាចក្រ ៧៥ ០០០ ច្បាប់​ទៀត គឺជា កាសែត និង ការបោះពុម្ព​ជា​ទម្រង់​ផ្សេងៗ ។​

សង្គ្រាម រុស្ស​-​ជប៉ុន​-​ដក​បម្រាម​
ការលេចឡើងនៃ ជប៉ុន ក្នុង​ភាពជា​មហាអំណាច​ថ្មី​មួយ​នៅ អាស៊ី​នាំឱ្យ​មានទំនាស់​ខ្លាំង​ទៅៗ ជាមួយ​មហាអំណាច​ដ៏​ចាស់​ក្លា រុស្ស៊ី ក្នុងការ​ដណ្តើម​គ្នា​កាន់កាប់ ទឹកដី ម៉ាន់​ជូ​រី ចិន និង ទឹកដី កូរ៉េ ហើយ​ទីបំផុត ក៏​ផ្ទុះ​សង្គ្រាម​រវាង រុស្ស៊ី និង ជប៉ុន នៅ​ឆ្នាំ ១៩០៤ ។ នៅពេល​ឃើញ រុស្ស៊ី ចាញ់​សង្គ្រាម​ជា​បន្តបន្ទាប់ មហាអំណាច​លោកខាងលិច ពិតជា​បារម្ភ​ខ្លាំងណាស់ ព្រោះថា ប្រសិនបើ​ទុកឱ្យ រុស្ស៊ី ចាញ់​ដោយ​ចប់​ចុង​ចប់​ដើម​នោះ រុស្ស៊ី ប្រាកដជា​ដុនដាប​ខ្លាំង​នាំឱ្យ អំណាច​របស់ អឺរ៉ុប ថមថយ​មួ​យក​ម្រឹត ហើយនឹង​បែរជា​លិចឡើង​នូវ ជប៉ុន ដែលជា​ជន អាស៊ី កាន់តែ​ត្រដែតត្រដឹម​នៅលើ​ពិភពលោក​ជាមិនខាន​ដែល​បែប​នោះ​មុខជា​ប៉ះពាល់​ដល់ អំណាច​របស់​មហាអំណាច​ផ្សេងទៀត​នៅ អឺរ៉ុប ។​

​ដោយហេតុ​នោះ ប្រធានាធិបតី​អាមេរិក ថេ​អូ​ឌ័​រ រូ​សេ​វ៉ែល​ត៍​ក៏​ចូលខ្លួន​ទៅ​សម្រប សម្រួល បញ្ចប់សង្គ្រាម​នៅ​ឆ្នាំ ១៩០៥ ដែល​នោះ​គឺជា​លើកដំបូង​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ដែល​មហាអំណាច អាស៊ី ឈ្នះ​សង្គ្រាម មហាអំណាច អឺរ៉ុប ។​

​ការ​ប្រឈម​នឹង​ភាព​តានតឹង​នានា​ទម្រាំ​ដល់​ផ្ទុះ​សង្គ្រាម​ប្រឆាំង ជប៉ុន​រហូត​ត្រូវបាន​មើល ឃើញថា ស្ថិតនៅលើ​មាត់ជ្រោះ​បរាជ័យ​សង្គ្រាម​នោះ​ផង រុស្ស៊ី ពិតជា​រវល់​ច្រើន​ហើយ​គិត ត្រឹម​ចុង​សតវត្សរ៍​ទី ១៩ រុស្ស៊ី បាន​ទទួលស្គាល់ថា បម្រាម​នានា ចំពោះ​ប្រទេស លី​ទុយ​អា​នី មិន​ទទួលបាន​ជោគជ័យ​សមល្មម​ឡើយ ទើប​នៅ​ឆ្នាំ ១៩០៤ ( ជា​ពេល​ផ្ទុះ​សង្គ្រាម​ជាមួយ ជប៉ុន ) ក្រោម​ហេតុផល​ផ្លូវការ​ថា ជនជាតិភាគតិច ( សំដៅលើ លី​ទុយ​អា​នី ) នៅក្នុង មហា​ចក្រភព រុស្ស៊ី ចង់បាន សន្តិភាព ទើប​បម្រាម លើ​ការបោះពុម្ពផ្សាយ ( សៀវភៅ និង កាសែត ជាដើម ) ជា​ភាសា លី​ទុយ​អា​នី ត្រូវបាន​ដក ពោលគឺ​បម្រាម​នោះ​ត្រូវ​បានបញ្ចប់ ត្រឹម​នោះឯង ។​

ទិវា​អ្នក​លួចលាក់​សៀវភៅ ១៦ មីនា​
​ឆ្នាំ ១៩០៥ គ្រាន់តែ​បម្រាម ត្រូវបាន​ដកចេញ​ភ្លាម មនុស្ស​ម្នាក់ ក្នុងចំណោម​ពួក​អ្នក​លួចលាក់​សៀវភៅ គឺ​លោក Juozas Masiulis បាន​បើក​បណ្ណាគារ ( ហាង​បោះពុម្ព និង​លក់ សៀវភៅ ) ផ្ទាល់ខ្លួន​របស់គាត់ នៅ​ទីក្រុង Panevėžys ។ បណ្ណាគារ​នេះ​នៅតែ​ជា​តំណាង ប្រតិបត្តិ និង សង្វាក់ នៃ ឧស្សាហកម្ម​សៀវភៅ​នៅ លី​ទុយ​អា​នី ។

​តាមរយៈ សន្ធិសញ្ញា Molotov–Ribbentrop នា​ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ១៩៣៩ (​មុនពេល សង្គ្រាមលោកលើកទី ២ បន្តិច គឺជា​កិច្ចព្រមព្រៀងសម្ងាត់​រវាង សូ​វៀត និង អាល្លឺម៉ង់ ដែល​សន្យាថា នឹងមិន​វាយប្រហារ​គ្នា នៅក្នុង​សង្គ្រាមលោក​ល​លើក​ទី ២​ដោយ​ចែករំលែក​គ្នា នូវ​ផលប្រយោជន៍​នៅ​តំបន់ បាល់​ទិ​ក ) លី​ទុយ​អា​នី ត្រូវបាន​ដាក់ឱ្យ​ក្រោម​អំណាច សូ​វៀត ហើយ​បើទោះបីជា​នៅពេល​សង្គ្រាមលោកលើកទី ២ ( ១៩៣៩-១៩៤៥ ) ផ្ទុះឡើង លី​ទុយ​អា​នី ដែល​មិនបាន​ដឹងខ្លួន​សោះ​អំពី​សន្ធិសញ្ញា​រវាង សូ​វៀត និង អាល្លឺម៉ង់​បានប្រកាស​ជា​រដ្ឋ អ​ព្យា​ក្រឹត្យ​ក្តី នៅ​ខែ តុលា ឆ្នាំ ១៩៣៩ លី​ទុយ​អា​នី ធ្លាក់​ក្នុង​កណ្តាប់ដៃ សូ​វៀត ម្តងទៀត រហូតដល់​ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ១៩៩០ ទើប លី​ទុយ​អា​នី ទទួលបាន​ឯករាជភាព​របស់ខ្លួន បន្ទាប់ សូ​វៀត ខ្សោយ​ខ្សោះ​អស់កម្លាំង​ជិត​ដល់ទី​អវសាន​ទៅហើយ បន្ទាប់ពី​ការរត់​ប្រណាំង សហរដ្ឋអាមេរិក នៅក្នុង​សង្គ្រាមត្រជាក់​ប៉ុន្មាន​ទសវត្សរ៍ ។​

​អំឡុងពេល នៃ ការកាន់កាប់​របស់ សូ​វៀត ទៅលើ​ទឹកដី លី​ទុយ​អា​នី នោះ​ដំណើររឿង ប្រវត្តិសាស្ត្រ ពាក់ព័ន្ធ​ទៅនឹង​ការ​លួចលាក់​សៀវភៅ នោះ ត្រូវបាន​ហាមឃាត់​ជាដាច់ខាត មិនឱ្យ​រំឭក​ឡើយ ។​

​ពួក​អ្នក​លួចលាក់​សៀវភៅ គឺជា​ផ្នែក​ដ៏​សំខាន់បំផុត​មួយ នៃ ចលនា​ពង្រ​ស់​ឡើងវិញ នៃ ជាតិ លី​ទុយ​អា​នី ។ បន្ទាប់ពី សហភាព សូ​វៀត បាន​ដួលរលំ​ទៅ ពួក​អ្នក​លួចលាក់​សៀវភៅ ត្រូវ​បានផ្តល់​កិត្តិយស តាមរយៈ​ការយក​ដាក់​ជា​ឈ្មោះ សារមន្ទីរ ឈ្មោះ​វិមានឯករាជ្យ និង ឈ្មោះ​វិថី​នានា​ជាដើម ។ រូបចម្លាក់​មួយ ដែល​ឧទ្ទិស​ដល់​ពួក​អ្នក​លួចលាក់​សៀវភៅ ( ដោយ​មិន​ចំពោះ​បុគ្គល ឬ ក្រុម​ណាមួយ ) បាន​ឈរ​ត្រដែត​នៅ​ទីក្រុង Kaunas ។ ទំនាក់ទំនង យ៉ាង​ពិសេស​របស់ ជនជាតិ លី​ទុយ​អា​នី និង សៀវភៅ​នៅតែ​ត្រូវបាន​គេ​ឃើញថា​មាន ប្រជាប្រិយ​យ៉ាងខ្លាំង​នៅក្នុង​ពិធី​ពិ​ព​រ័​ណ៍​សៀវភៅ​នានា នៅ​ទីក្រុង វី​ល​នី​ញូ​ស ។​

​អ្នក​លួចលាក់​សៀវភៅ ដ៏​សំខាន់​ម្នាក់ គឺ​លោក Jurgis Bielinis ដែល​បាន​បង្កើត​បណ្តាញ ចែកចាយ​សៀវភៅ​សម្ងាត់​មួយ ចំពោះ​សៀវភៅ​ភាសា លី​ទុយ​អា​នី​ដែល​ត្រូវបាន​ហាម ឃាត់​នោះ កើត​នៅ​ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ១៨៤៦ ។ ដោយសារតែ​តួនាទី​ដ៏​សំខាន់ និង ការលះបង់​ដ៏​ច្រើន​របស់គាត់​នៅក្នុង​សម័យកាល នៃ ការ​លួចលាក់​សៀវភៅ​ទើប​ថ្ងៃកំណើត របស់គាត់ គឺ​ថ្ងៃទី ១៦ ខែ មីនា ត្រូវបាន​ជ្រើសរើស​ប្រារព្ធ​ជា ទិវា​អ្នក​លួចលាក់​សៀវភៅ លី​ទុយ​អា​នី រហូតមកដល់​បច្ចុប្បន្ន​នេះ ។

​ឆ្នាំ ១៩៨៨ សមាគម Knygnešiai លី​ទុយ​អា​នី ត្រូវបាន​បង្កើតឡើង នៅក្នុង មូលនិធិ​វប្បធម៌ លី​ទុយ​អា​នី ។ ក្នុងចំណោម​គោលដៅ​នានា​របស់ នៃ សមាគម​នេះ មាន​គោលបំណង​មួយ គឺ ដើម្បី ប្រមូល​ចងក្រង​នូវ​រាល់​ព័ត៌មាន​អំពី​ពួក​អ្នក​លួចលាក់​សៀវភៅ ជនជាតិ លី​ទុយ​អា​នី និង រាល់​ឯកសារ ទាំងអស់ ដែ​ត្រូវបាន​បោះពុម្ព​នា​អំឡុង​ពេលនោះ ។ ជា​លទ្ធផល គិត​ត្រឹម​ឆ្នាំ ២០១៧ ឯកសារ ៤ ភាគ​ត្រូវបាន​ចងក្រង និង បោះពុម្ព ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

លោក Jurgis Bielinis គឺជា​អ្នក​លួចលាក់​សៀវភៅ​ដ៏​សំខាន់បំផុត​ម្នាក់ ដែល​ថ្ងៃកំណើត របស់គាត់ ត្រូវបាន​យក​ធ្វើជា​ទិវា​អ្នក​លួចលាក់​សៀវភៅ លី​តុ​យ​អា​នី ( លោក Bielinis)
សៀវភៅ​លួចលាក់​នាំចូល​ទៅក្នុង​ប្រទេស លី​ទុយ​អា​នី ដែល​ត្រូវ​អាជ្ញាធរ​នានា​ចាប់បាន ( សៀវភៅ​ចាប់បាន​)
រូបចម្លាក់ និង រូបថត​បរិយាយ​អំពី​ចលនា​លួចលាក់​សៀវភៅ ជនជាតិ លី​ទុយ​អា​នី (​ការ​លួចលាក់​សៀវភៅ​)