ទិវា ឯករាជ្យ​ជាតិ សហព័ន្ធ ម៉ាឡេស៊ី​

3809
ចែករម្លែក

(​ភ្នំពេញ​)៖ ប្រជាពលរដ្ឋ ម៉ាឡេស៊ី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់ខ្លួន​នៅ​ថ្ងៃទី ៣១ ខែ សីហា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ទទួលបាន​ឯករាជភាព​ពី​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ ១៩៥៧ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សហព័ន្ធ ម៉ាឡេស៊ី គឺជា​ប្រទេស​អភិវឌ្ឍ​មួយ​មាន​ផ្ទៃដី ៣២៩.៨៤៧ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អាស៊ី អាគ្នេយ៍ មាន​ព្រំដែន​ជាប់​ប្រទេស ប្រ៊ុយណេ ឥណ្ឌូណេស៊ី ហ្វ៊ី​លី​ពី​ន សិង្ហ​បុរី ថៃ និង វៀតណាម ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ៣២ លាន​នាក់ ក្នុងនោះ​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ៦១,៣ ភាគ កាន់​ពុទ្ធសាសនា ១៩,៨ ភាគរយ កាន់​គ្រិស្តសាសនា ៩,២ ភាគរយ កាន់សាសនា​ហិណ្ឌូ​៦,៣ ភាគរយ ។ រដ្ឋធានី​គឺ ទីក្រុង គួ​ឡា ឡាំ​ពួរ ភាសាផ្លូវការ​គឺ​ភាសា ម៉ាឡេស៊ី ។​

​ប្រវត្តិសាស្ត្រ​
​នៅ​ឆ្នាំ ១៧៧១ មន្ត្រី​ចក្រភព​អង់គ្លេស​តំណាង ក្រុមហ៊ុន អង់គ្លេស East India Company បាន​ចរចា​ជាមួយ​ស៊ុ​លត​ង់ ម៉ាឡេស៊ី ដើម្បី​បង្កើត​ប៉ុស្តិ៍ ពាណិជ្ជកម្ម​នៅ ប៉េ​ណាំង នៃ​ប្រទេស ម៉ាឡេស៊ី ។ ស៊ុ​លត​ង់ បានស្នើ​សុំឱ្យ​ក្រុមហ៊ុន អង់គ្លេស East India Company ការពារ​តំបន់ Kedah ពី​ការគំរាមកំហែង​ពី​ក្រៅ​ដូចជា សៀម (​ថៃ​) និង ភូមា ។ ប៉ុន្តែ East India Company បាន​បដិសេធ ។

​ទីបំផុត ចក្រភព​អង់គ្លេស បាន​បង្ខំ​ឱ្យ ស៊ុ​លត​ង់ ម៉ាឡេស៊ី ចុះ​កិច្ចព្រមព្រៀង​ប្រគល់​តំបន់ ប៉េ​ណាំង ឱ្យ​អង់គ្លេស កាន់កាប់ ដោយ​អង់គ្លេស​គ្រាន់តែ​បង់ថ្លៃ​ឈ្នួល​ក្នុង​មួយឆ្នាំ ៦.០០០ ប៉េ​សូ អេ​ស្ប៉ា​ញ (​ប្រមាណ​ជា ជិត ៧.០០០ ដុល្លារ​អាមេរិក​) ។ នៅ​ថ្ងៃទី ១ ខែ ឩ​សភា ឆ្នាំ ១៩៧១ ទង់ជាតិ អង់គ្លេស ត្រូវបាន​បង្ហូត​ជា​លើកដំបូង​នៅ​ទឹកដី ប៉េ​ណាំង ។ នៅ​ឆ្នាំ ១៨០០ អង់គ្លេស​បាន​ត្រួតត្រា​តំបន់ Perai ទៀត ហើយ ប៉េ​ណាំង ត្រូវបាន​ដាក់ឈ្មោះថា Prince of Wales Island ចំណែក Perai ត្រូវបាន​ដាក់ឈ្មោះថា Province Wellesley ។ ឆ្នាំ ១៨២១ សៀម បាន​ចូល​ឈ្លានពាន តំបន់ Kedah រហូតដល់​ឆ្នាំ ១៨៤២ ។

​អំឡុង​មុន​ចុង​សត្ត​វត្សរ៍​ទី​១៩ អង់គ្លេស បាន​ប្រកាន់យក​នយោបាយ​មិន​ធ្វើ​អន្តរាគមន៍ ។ ប៉ុន្តែ កត្តា​មួយចំនួន ដូចជា ស្ថានភាព​អន្តរជាតិ​ប្រែប្រួល ការផ្គត់ផ្គង់​វត្ថុធាតុដើម និង សន្តិសុខ​ជាដើម ញ៉ាំងឱ្យ​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស ដើរតួរ​នាទី​កាន់តែ​សកម្ម​នៅក្នុង​រដ្ឋ ម៉ាឡេស៊ី ។​

​ចាប់ពី​សត្ត​វត្សរ៍ ទី ១៧ រហូតដល់​ដើម​សត្ត​វត្សរ៍​ទី ១៩ តំបន់ ម៉ា​ឡា​កា គឺជា​កម្មសិទ្ធិ​របស់ អាណាចក្រ ហុ​ល្លង់ ។ ប៉ុន្តែ​អំឡុង​សង្គ្រាម ណាប់​ប៉ូ​ឡេ​អុង គឺ​ពី​ចន្លោះ​ឆ្នាំ ១៨១១-១៨១៥ ម៉ា​ឡា​កា ក៏ដូចជា​តំបន់​កាន់កាប់​នានា​របស់ ហុ​ល្លង់ នៅ​អាស៊ី​ខាងត្បូង បាន​ស្ថិតក្រោម​ការ ត្រួតត្រា​របស់​ចក្រភព​អង់គ្លេស វិញ គឺ​ដើម្បី​ការពារ​តំបន់​ទាំងនោះ​កុំឱ្យ បារាំង ដណ្តើមយក ។ នៅពេល​ចប់​សង្គ្រាម​នោះ តំបន់ ម៉ា​ឡា​កា បាន​វិល​ទៅ​ក្រោម​ការត្រួតត្រា​របស់ ហុ​ល្លង់ វិញ ។ ឆ្នាំ ១៨២៤ អង់គ្លេស និង ហុ​ល្លង់ បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា ប្រគល់ ម៉ា​ឡា​កា ទៅឱ្យ​អង់គ្លេស ។ សន្ធិសញ្ញា​នេះ ក៏បាន​បំបែក ម៉ាឡេស៊ី ឱ្យទៅជា​អង្គភាព​២​ដាច់ដោយឡែក ពីគ្នា ដោយ​ចែក​ត្រឹម​តំប់​ព្រំដែន​ឥណ្ឌូណេស៊ី​-​ម៉ាឡេស៊ី សព្វថ្ងៃនេះ ។

​ឆ្នាំ ១៨២៦ អង់គ្លេស​មានបំណង​ចង់​ធ្វើ​មជ្ឈការ (​ប្រមូលផ្តុំ​) រដ្ឋបាល​របស់ខ្លួន នៃ តំបន់ ប៉េ​ណាំង ម៉ា​ឡា​កា និង សាំង​ហ្គា​ពួរ ដែល​គម្រោង​នេះ ត្រូវ​បានឱ្យ​ឈ្មោះថា Straits Settlements ដោយ​យក ប៉េ​ណាំង ធ្វើជា​ទីតាំង​កណ្តាល ។

​នៅ​ឆ្នាំ ១៨៥៨ ក្រុមហ៊ុន East India Company បាន​ខ្ស័យធន ហើយ​ត្រូវបាន​រំសាយ ។ ចំណែក​ទ្រព្យសម្បត្តិ បំណុល និង ទឹកដី​ដែល​ធ្លាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុមហ៊ុន នេះ ត្រូវបាន​កាន់កាប់​រ៉ាប់រង​ជំនួស​ដោយ​រដ្ឋាភិបាល​អ​ង់​គ្លេ​ស ចាប់ពី​ឆ្នាំ ១៨៦៧ ។​

​តាំងពី​មុននេះ សាំង​ហ្គា​ពួរ គឺជា​រដ្ឋ​ស្ថិតនៅក្នុង​សហភាព​ជាមួយ ម៉ាឡេស៊ី ។ ប៉ុន្តែ​ទំនាស់​ផល ប្រយោជន៍ និង ប្រពៃណី​សាសនា ធ្វើឱ្យ ម៉ាឡេស៊ី បោះឆ្នោត​បណ្តេញ សាំង​ហ្គា​ពួរ​ចេញពី សហភាព (​សាំង​ហ្គា​ពួរ ក៏​សម្រេចចិត្ត​ប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​) ម៉ាឡេស៊ី ហើយ​ម៉ាឡេស៊ី ពេលនោះ​រួមបញ្ចូល​ទាំង ម៉ា​ឡា​កា និង ប៉េ​ណាំង​ផងដែរ ។

​ខែ ធ្នូ ឆ្នាំ ១៩៤១ ជប៉ុន​បាន​ចូលកាន់​កាប់​ប្រទេស​ម៉ាឡេស៊ី ។ ជប៉ុន​បានប្រគល់ ទឹកដី​ម៉ាឡេស៊ី មួយចំនួន​ទៅឱ្យ​សៀម ជា​ថ្នូរ​ទៅនឹង​ការសហការ​របស់​សៀម​ជាមួយ​ជប៉ុន ។ ប៉ុន្តែ​បន្ទាប់ពី ជប៉ុន​ចុះចាញ់​សង្គ្រាម​នៅ​ឆ្នាំ ១៩៤៥ មក ម៉ាឡេស៊ី និង ទឹកដី​ទាំង ឡាយ​ដែល​ជប៉ុន​បាន​កាត់ ទៅឱ្យ​សៀម នោះ បាន​ត្រឡប់​ទៅ​ក្រោម​រដ្ឋបាល​កងទ័ព​អង់គ្លេស​វិញ ។​

​ឯករាជ្យ​ម៉ាឡាយូ
​ទោះជា​អង់គ្លេស​ឈ្នះ​សង្គ្រាមលោកលើកទី ២ ក្តី ក៏​សង្គ្រាម​នោះ​ធ្វើឱ្យ​អង់គ្លេស​ទ្រមខ្លួន​យ៉ាង ដំណំ​ណាស់ដែរ ហើយ​ខ្សោយ​ខ្សោះ​អស់​ធនធាន បាត់បង់​ការគាំទ្រ​ផ្ទៃក្នុង កម្លាំង​កងទ័ព​ចុះខ្សោយ ដែនដី​អាណានិគម​ងើប​បះបោរ​តវ៉ា​គ្រប់ទិសទី ជា​សញ្ញា​ថា អង់គ្លេស​ជិត​អស់បុណ្យ​ក្នុងការ ត្រួតត្រា​ដែនដី​អាណានិគម​របស់ខ្លួន​ហើយ ។

​ចំពោះ​ម៉ាឡេស៊ី ក៏ដូចជា​ដែនដី​អាណានិគម​នានា​នៅ​អាស៊ី​ដែរ អង់គ្លេស បាន​ត្រៀមខ្លួន​ប្រគល់ ឯករាជ្យ​ទៅឱ្យ​ម៉ា​ឡេ​ស៊ិ​វិញ ។ ក្នុង​រយៈពេល​មួយឆ្នាំ​ក្រោយ​ចប់​សង្គ្រាម ម៉ាឡាយូ អង់គ្លេស ត្រូវបាន​បង្រួបបង្រួម​ចូលគ្នា​បង្កើតបានជា សហភាព ម៉ាឡាយូ នៅ​ថ្ងៃទី ១ ខែ មេសា ឆ្នាំ ១៩៤៦ ប៉ុន្តែ​ពុំមាន​បញ្ចូល​សាំង​ហ្គា​ពួរ ឡើយ​ដោយ​សាំង​ហ្គា​ពួរ នឹង​បង្កើត​រដ្ឋ​ដាច់ដោយឡែក ។

​សហភាព នេះ​ត្រូវបាន​ស្វាគមន៍​ដោយ​ការជំទាស់​យ៉ាង​ស្រួ​ស្រា​ល់ពី​សំណាក់ ម៉ាឡេស៊ី ក្នុង​មូលដ្ឋាន ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្បងៗ​ចំនួន ២ គឺ ១. ការទាមទារ​ដ៏​ធូររលុង នៃ ភាពជា​ពលរដ្ឋ និង ២​គឺ ការថយចុះ នៃ អ្នកគ្រប់គ្រង​អំណាច ម៉ាឡេស៊ី ។ ការជំទាស់​នេះ​បង្កើតបានជា សម្ពាធ​ដ៏​តានតឹង ទើប​ទី​បំប​ផុត សហភាព ម៉ាឡាយូ ត្រូវបាន​ជំនួស​ដោយ សហព័ន្ធ ម៉ាឡាយូ វិញ​នៅ​ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ១៩៤៨ ។ នៅ​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ១៩៥៧ សហព័ន្ធ ម៉ាឡាយូ ទទួលបាន​ឯករាជភាព ពី​អាណានិគម​អង់គ្លេស ។ គឺ​ថ្ងៃ​នោះឯង​ហើយ​ដែល​បាន ក្លាយជា​ទិវា​ឯករាជ្យ​ជាតិ ម៉ាឡេស៊ី រហូតមក ។​

​នៅ​ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ១៩៦៣ រដ្ឋ​ម៉ាឡាយូ ទាំងអស់​បាន​រួបរួមគ្នា​បង្កើតបាន​ជាស​ហ​ព័ន្ធ ដ៏​ធំ​ជាង​មុន​មួយ​ឈ្មោះថា សហព័ន្ធ ម៉ាឡេស៊ី ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ទីក្រុង គួ​ឡា ឡាំ​ពួរ នៃ ប្រទេស​ម៉ាឡេស៊ី (malay 1)
​ក្បួន​កងទ័ព​នៅ​ទិវា​ឯករាជ្យ​ជាតិ ម៉ាឡេស៊ី (malay 2)