ទិវា ឯករាជ្យ​ជាតិ សិង្ហ​បុរី​

629
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​សិង្ហ​បុរី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី ៩ ខែសីហា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​មេដឹកនាំ និង​ពលរដ្ឋ​នៃ​រដ្ឋ​កោះ​ដ៏​តូច ប៉ុន្តែ​ទទួល ការ​កោតស្ញប់ស្ញែង​មួយ​នេះ ប្រកាស​ឯករាជ្យភាពរ​បស់​ខ្លួន ពី​ម៉ាឡេស៊ី កាលពី​ឆ្នាំ ១៩៦៥ ដែលជា​ការប្រកាស​ឯក​រាជ្យ​លាយឡំ​នឹង​ទឹកភ្នែក ដោយសារតែ​ត្រូវ ម៉ាឡេស៊ី បណ្តេញ​ចេញពី​សម្ព័ន្ធ បន្ទាប់ពី​មានទំនាស់​ទស្សនៈ​មួយចំនួន ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​សិង្ហ​បុរី ឬ​សាំង​ហ្គា​ពួរ គឺជា​រដ្ឋ​កោះ រួបរួម​ពី​ការបង្កើត​កោះ​ចំនួន ៦៣ មាន​ផ្ទៃដី ៧១៨,៣ គីឡូម៉ែត្រ​ក្រឡា ហើយ​ប្រទេស​នេះ មាន​គម្រោង​នឹង​ពង្រីក​ផ្ទៃដី ១០០ គីឡូ ម៉ែត្រក្រឡា​ទៀត នៅ​ឆ្នាំ​២០៣០ ដោយ​រួមទាំង​ការរំលាយ ឬ​ភ្ជាប់​កោះ​តូចៗ បង្កើតជា​កោះធំ​ផង ស្ថិតនៅ​អាស៊ីអាគ្នេយ៍ នា​កណ្តាល​សមុទ្ទ ខាងត្បូង​ប្រទេស ម៉ាឡេស៊ី ។ ភាសាផ្លូវការ​របស់​ប្រទេស​នេះ មាន ៤ គឺ​ភាសា​អង់គ្លេស ភាសា​ម៉ាឡេស៊ី ភាសា​ទមិឡ និង​ភាសា​ចិន ។​

​ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ ៥,៨ លាន​នាក់ ហើយ​សាសនា​សំខាន់​មាន ៤ គឺ ១. ព្រះពុទ្ធសាសនា ២. អ៊ិ​ស្លាម ៣. ហិណ្ឌូ និង​៤. គ្រិស្តសាសនា​ហើយ​ទីក្រុង​របស់​ប្រទេស នេះ គឺ​ទីក្រុង​សិង្ហ​បុរី ឬ​ទីក្រុង​សាំង​ហ្គា​ពួរ គឺមាន​ឈ្មោះ​ដូច​ប្រទេស​ដែរ ហើយ​ទីក្រុង គឺ​ប្រទេស​នោះ​តែម្តង ដោយហេតុនេះ ទើប សិង្ហ​បុរី ឬ សាំង​ហ្គា​ពួរ​ត្រូវបាន​ប្រសិទ្ធ នាម​ថា រដ្ឋ​ទីក្រុង ។​

​ប្រភព​ឈ្មោះ​
​ពាក្យ​ថា សិង្ហ​បុរី ឬ សាំង​ហ្គា​ពួរ ដែល​ភាសា​អង់គ្លេស ហៅថា Singapore មកពី​ភាសា ម៉ាឡេស៊ី ថា Singapura ដែល​ពាក្យ​នេះ​ទៀតសោត ក្លាយ​មកពី​ភាសាសំស្ក្រឹត​ថា Sinha= សិង្ហ ឬ តោ pura=​បុរី , ទីក្រុង ឬ នគរ ។ ដូច្នេះ សិង្ហ​បុរី ប្រែ​ថា នគរ​តោ ឬ ទីក្រុង​តោ ។​

​ប្រវត្តិសាស្ត្រ
​នា​អំឡុង​សតវត្សរ៍​ទី ២ ទឹកដី សាំង​ហ្គា​ពួរ សព្វថ្ងៃនេះ គឺជា​ផ្នែក​មួយ នៃ អាណាចក្រ ស៊ូ​ម៉ា​ត្រាន់ ស្រី​វិជ័យ ( ឥណ្ឌូណេស៊ី ) ។ នៅ​ឆ្នាំ ១២៩៩ ព្រះអង្គម្ចាស់ សាំង នី​ឡា ឩ​ត្មា នៃ អាច​ណា​ចក្រ ស្រី​វិជ័យ បាន​រកឃើញ​កោះ​មួយ​នៅ​កណ្តាល​សមុទ្ទ ហើយ​នៅលើ កោះ​នោះ ព្រះអង្គ​បានឃើញ​សត្វ​ម្យ៉ាង​ដែល​ព្រះអង្គ​ច្រឡំ​ថា​ជាស​ត្វ​តោ ទើប​ព្រះអង្គ បាន​ហៅ​កោះ​នោះ​ថា Singapura គឺ នគរ​តោ ។ ឯក​សារបាន​បរិយាយ​ថា តាម​ការពិត ទំនងជា​ពុំ​ធ្លាប់មាន សត្វ​តោ រស់​នៅលើ​កោះ​នោះឡើយ ដូច្នេះ​អ្វីដែល​ព្រះអង្គម្ចាស់ សាំង នី​ឡា ឩ​ត្មា បានឃើញ​នោះ​ប្រហែលជា​សត្វ​ខ្លាដំបង ទៅវិញ​ទេ ។

​នៅ​សតវត្សរ៍​ទី ១១ អ​ធិ​រាជ្យ រ៉ា​ចេ​ន​ដ្រា ចូឡា ទី ១ នៃ អាណាចក្រ ឥណ្ឌា ខាងត្បូង ( ទមិឡ ) បាន​ចូលកាន់​កាប់​កោះ Singapura នោះ ។ នៅ​ឆ្នាំ ១៦១៣ កងទ័ព ព័រ​ទុយ ហ្កា​ល់ បាន​ចូល​ដុតបំផ្លាញ​លំនៅឋាន​អ្នក​កោះ​នោះ​ធ្វើឱ្យ​កោះ​នេះ​ធ្លាក់​ក្នុង​សភាព អាប់អួរ​អស់​រយៈពេល ២ សតវត្សរ៍ ហើយ​រយៈ​ពេលនោះ កោះ Singapura គឺជា កម្មសិទ្ធិ​របស់ ស៊ុ​លត​ង់ ចូ​ហូ ( នៃ ម៉ាឡេស៊ី ) ខណៈ​តំបន់​ជិត​សមុទ្ទ និង​តំបន់ ពាណិជ្ជកម្ម ស្ថិតក្រោម​ការត្រួតត្រារ​បស់ ហុ​ល្លង់ ។

​អាណានិគម​ន៍​អង់គ្លេស​
​ឆ្នាំ​១៨១៩ មន្ត្រីរដ្ឋបាល​ចក្រភព​អង់គ្លេស​ម្នាក់​ឈ្មោះ Thomas StamfordRaffles តំណាងឱ្យ​ក្រុមហ៊ុន​អង់គ្លេស នៅ​ឥណ្ឌា​ខាងកើត បាន​ទៅដល់​កោះ Singapura ហើយ​បាន​ចុះហត្ថលេខា​សន្ធិសញ្ញា​ជាមួយ ស៊ុ​លត​ង់ ហ៊ូ​ស្សេន ហ្សា​ហ នៃ​អាណាចក្រ ចូ​ហូ ដើម្បី អភិវឌ្ឍន៍​ផ្នែក​ខាងត្បូង នៃ​កោះ Singapura ធ្វើជា​ប៉ុ​ស្ត៍​ពាណិជ្ជកម្ម​អង់គ្លេស ។ ដោយមាន​សន្ធិសញ្ញា​ជា​បន្តបន្ទាប់ រវាង​អង់គ្លេស និង ស៊ុ​លត​ង់ ចូ​ហូ កោះ Singapura ទាំងមូល បាន​ក្លាយជា​កម្មសិទ្ធិរ​បស់​ចក្រភព​អង់គ្លេស​។ ឆ្នាំ​១៨២៦ សិង្ហ​បុរី បានក្លាយ​ជាទី​ក្រុង​មួយ ក្នុងចំណោម​ទីក្រុង ប្រចាំ​តំបន់​ទាំង ៣ របស់​អង់គ្លេស នៅ​អាស៊ី (​ពីរ​ទៀត​គឺ ម៉ា​ឡា​កា និង ប៉េ​ណាំង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សមុទ្ទ​ម៉ាឡេស៊ី​) ត្រូវបាន​គេ​ស្គាល់​ថា Straits Settlements ។

​ទេសាភិបាល​អាណានិគម​អង់គ្លេស បាន​ជំរុញ​ពួកកម្មករ និង​ជនអន្តោប្រវេសន៍​ទាំង ឡាយ ឱ្យចូល​ទៅ​នៅ​កោះ​សាំង​ហ្គា​ពួរ ពី​តំបន់​ដែនដី​អាណានិគម​ផ្សេងទៀត​របស់ អង់គ្លេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែលជា​លទ្ធផល មុន​ការមកដល់​របស់លោក Thomas Stamford Raffles កោះ​នោះ មាន​មនុស្ស រស់នៅ​ត្រឹមតែ​ប្រមាណ​ជា ១.០០០ នាក់ ដែល​ភាគច្រើន​ជា​ជនអន្តោប្រវេសន៍​ម៉ាឡេស៊ី និង​មាន​ជនជាតិ​ចិន​តិចតួច ។ លុះដល់​ឆ្នាំ​១៨៦០ មាន មនុស្ស​រស់នៅ​លើ​កោះ​សិង្ហ​បុរី ប្រមាណ​ជា ៨០.០០០ នាក់ ដោយមាន​មនុស្ស​ជាង​ពាក់កណ្តាល គឺជា​ជនជាតិ​ចិន ។ ជនអន្តោប្រវេសន៍​ជាច្រើន បាន​ចូលទៅ​ធ្វើការ នៅលើ​កោះ​នោះ ក្នុង​វិស័យ​ចំការកៅស៊ូ ដោយហេតុនេះ នៅ ក្រោយ​ទសវត្សរ៍​ឆ្នាំ ១៨៧០ កោះ​សិង្ហបូរី បានក្លាយ​ជាទី​បណ្តុំ​នៃ​ការនាំចេញ​កៅស៊ូ របស់​ពិភពលោក ។

​បន្ទាប់ពី​សង្គ្រាមលោកលើកទី​១ ចក្រភព​អង់គ្លេស បាន​កសាង​មូលដ្ឋាន​កងទ័ពជើងទឹក សិង្ហ​បុរី​ដ៏​ធំ ។ នៅ​ឆ្នាំ​១៩៤២ ជប៉ុន​ចូលកាន់​កាប់​សិង្ហ​បុរី មែន ហើយ​យក​កោះ​សិង្ហ​បុរី ធ្វើជា​ទីតាំង​កងទ័ពរ​បស់​ខ្លួន ហើយ​ប្រជាជន​នៅ​ទីនោះ ប្រមាណ​ជា ២៥.០០០ នាក់​ត្រូវបាន​សម្លាប់ ។

​នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៤៤ កងទ័ព​សម្ព័ន្ធមិត្ត (​ក្នុង​សង្គ្រាមលោកលើកទី​២ ដឹកនាំ​ដោយ អង់គ្លេស និង​អាមេរិក ជា​ប្លុក​សេរីនិយម ) បាន​បើក​ការវាយលុក​ដោយ​ទម្លាប់​គ្រាប់បែក ទៅលើ​ទីតាំង​កងទ័ព​ជប៉ុន នៅ​សាំង​ហ្គា​ពួរ រហូតដល់​អង់គ្លេស យកបាន​កោះ​សិង្ហ​បុរី វិញ​នៅ​ខែ កញ្ញា ឆ្នាំ​១៩៤៥ ។​

​ចលនា​ឯករាជ្យភាព​
​ឥឡូវនេះ ចលនា​នៃ​ការចង់បាន​ឯករាជភាព​របស់ខ្លួន បាន​កម្រើក​ខ្លាំង​ឡើងៗ​នៅក្នុង កោះ​សិង្ហ​បុរី ។ ឆ្នាំ​១៩៥៥ សិង្ហ​បុរី បានរៀបចំ​ការបោះឆ្នោត​សកល លើកដំបូង​របស់ខ្លួន ហើយ​អ្នកដឹកនាំ​គាំទ្រ​ឯករាជ្យ​សិង្ហ​បុរី លោក David Marshall នៃ គណបក្ស​ពលករ បានឈ្នះ​ការបោះឆ្នោត​នោះ ។

​លោក David Marshall បាន​ដឹកនាំ​គណប្រតិភូ​មួយក្រុម ទៅ​ទីក្រុង​ឡុង​ដ៍ ក្នុង​បំណង ទាមទារ​យក​សិទ្ធិ​គ្រប់គ្រង​ខ្លួនឯង​ទាំងស្រុង ។ ប៉ុន្តែ​ត្រូវ​ចក្រភព​អង់គ្លេស បដិសេធ ។ សិទ្ធិ​គ្រប់គ្រង​ខ្លួនឯង​ពី​អង់គ្លេស គឺជា​អ្វីដែល​គាត់​បាន​សន្យា ក្នុងពេល​ឃោសនា រក​សំឡេងឆ្នោត ។ ពេល​បរាជ័យ​បែបនេះ លោក David Marshall លាលែង​ពី​តំណែង ហើយ​ត្រូវបាន​ជំនួស​ដោយ​លោក លីម យូ ហុក ។ លោក លីម យូ ហុក បាន​បញ្ចុះ បញ្ចូល​ឱ្យ​អង់គ្លេស​ព្រម​ប្រគល់​សិទ្ធិ​កាន់កាប់​រដ្ឋាភិបាល​នូវ​រាល់​កិច្ចការ​ផ្ទៃក្នុង​ទាំងអស់ ដោយ​លើកលែងតែ កិច្ចការ​កងទ័ព និង​កិច្ចការបរទេស ចេញ ។​

​គណបក្ស​សកម្មភាព​ប្រជាជន បានឈ្នះ ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ ១៩៥៩ ។ លោក លី ក្វាន់ យូ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ដំបូង​របស់ សាំង​ហ្គា​ពួ ហើយ​រដ្ឋ​កោះ​សាំង​ហ្គា​ពួ បាន​ក្លាយជា​រដ្ឋ គ្រប់គ្រង​ផ្ទៃក្នុង​ខ្លួនឯង នៅក្នុង​រដ្ឋ​សហ​ធន (​រដ្ឋ​ក្រោម​អាណានិគម​អង់គ្លេស ) ។ លោក William Allmond Codrington Goode កាន់តំណែង​ជា​ប្រមុខរដ្ឋ ហើយ​ក្រោយ​ម​បាន​បន្ត​ដោយ​លោក Yusof bin Ishak ហើយ​នៅ​ឆ្នាំ ១៩៦៥ លោក Yusof bin Ishak បានក្លាយ​ជា​ប្រ​ធានា​ធិ​បី​ត​ដំបូង នៃ រដ្ឋ​កោះ សិង្ហ​បុរី ។

​ពួក​ជនជាតិ​ចិន​កុ​ម្មុយ​និ​ស្ត ដែលមាន​ទំនាក់ទំនង យ៉ាងរឹងមាំ​ជាមួយ​សហជីព ពាណិជ្ជកម្ម និង​សាលា​ចិន បាន​ងើប​បះបោរ​ប្រដាប់អាវុធ ប្រឆាំង​រដ្ឋាភិបាល ចាប់ពី​ឆ្នាំ​១៩៤៨ ជា​មូលហេតុ​នាំឱ្យមាន​អន្តរាគមន៍ ពី​កងទ័ព​ម៉ាឡេស៊ី​ហើយ​បាន​ផ្តួល រំលំ​កុ​ម្មុយ​និ​ស្ត បះបោរ​នៅ​ឆ្នាំ​១៩៦០ ។ ប៉ុន្តែ​ជនជាតិ​ចិន មេដឹកនាំ​កុ​ម្មុយ​និ​ស្ត លោក ឈី​ង ប៉េង បាន​បង្កើត​កម្លាំង​ទ័ព​របស់ខ្លួន​វិញ ពី​ឆ្នាំ​១៩៦៨ ហើយក៏​ត្រូវ​ម៉ាឡេស៊ី បង្ក្រាប​ទៅវិញ​នៅ​ឆ្នាំ ១៩៦៩ ។

​រំលាយខ្លួន​ជាមួយ​ម៉ាឡេស៊ី​
​មេដឹកនាំ​នយោបាយ និង ប្រជាពលរដ្ឋ សិង្ហ​បុរី យល់ឃើញថា​ផលប្រយោជន៍​ដ៏​ច្រើន សន្ធឹកសន្ធាប់​របស់ សិង្ហ​បុរី ត្រូវការ ម៉ាឡេស៊ី ដ៏​មានអំណាច ជា​ខ្នងបង្អែក ។ ជា លទ្ធផល នៃ ប្រជាមតិ​ឆ្នាំ​១៩៦២ នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​១៩៦៣ សិង្ហ​បុរី​បាន​រួបរួម បង្កើត​សហព័ន្ធ​ថ្មី​ជាមួយ ម៉ាឡេស៊ី ដោយ​រដ្ឋាភិបាល​សិង្ហ​បុរី គឺជា​រដ្ឋាភិបាល​រដ្ឋ ចំណែក​រដ្ឋាភិបាល ម៉ាឡេស៊ី គឺជា​រដ្ឋាភិបាលកណ្តាល ។ ដោយសារ​ហេតុនេះ ទើប​ពេលនោះ សិង្ហ​បុរី ធ្លាប់​ត្រូវបាន​គេ​ហៅថា ជា​ផ្នែក​មួយ នៃ​ប្រទេស​ម៉ាឡេស៊ី ។

​ប៉ុន្តែ​រដ្ឋាភិបាល​រដ្ឋ​សាំង​ហ្គា​ពួរ និង​រដ្ឋាភិបាលកណ្តាល​ម៉ាឡេស៊ី​បាន​ខ្វែងគំនិត​គ្នា​ជា ច្រើន​ចំណុច លើ​បញ្ហានយោបាយ និង​សេដ្ឋកិច្ច ដោយ​ពួក​អ្នកនយោបាយ​សាំង​ហ្គា​ពួរ បាន​ខឹង និង​អាក់អន់ចិត្ត​យ៉ាងខ្លាំង ចំពោះ​រដ្ឋធម្មនុញ្ញ​រប​ស់​ម៉ាឡេស៊ី ដែល​ផ្តល់​តម្លៃ និង អាទិភាព​ឱ្យតែ​ជនជាតិ​ម៉ាឡេស៊ី ជាង​ជនជាតិ​សាំង​ហ្គា​ពួរ ។ ចំណែក​ពួក​មេដឹកនាំ ម៉ាឡេស៊ី វិញ មើលឃើញថា ជនជាតិ​សាំង​ហ្គា​ពួរ ដែល​ភាគច្រើន ជា​ជន​ជាតិចិន នឹង​គម្រាម​ដល់​ប្រពៃណី​របស់ ម៉ាឡេស៊ី ហើយ​បារម្ភ​ថា រដ្ឋ​ថ្មី ( សិង្ហ​បុរី ) នេះ​នឹង​ស្រូប យក​ទ្រព្យសម្បត្តិ​ធនធាន​ពី​ដីគោក (​ម៉ាឡេស៊ី​) ។

​ការទាស់ទែង​គ្នា​នេះ បានជា​បច្ច័យ​នាំឱ្យ​ផ្ទុះ​អំពើហិង្សា រវាង​ជនជាតិ​សាំង​ហ្គា​ពួរ និង ជនជាតិ​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​១៩៦៤ ដែល​ហៅថា កូដកម្ម​ជាតិ​សាសន៍ ឆ្នាំ ១៩៦៤ ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង របួស​ជាច្រើន​នាក់ ហើយ​មនុស្ស រាប់រយ​នាក់​ត្រូវបាន​ចាប់ខ្លួន ។ ទំនាស់​មនោគមវិជ្ជា ឡើង​កំដៅ​ខ្លាំង​ទៅៗ នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ ១៩៦៥ សភា​ម៉ាឡេស៊ី បាន​បោះឆ្នោត​ដោយ​ពុំមាន​វត្តមាន​តំណាង សាំង​ហ្គា​ពួរ ហើយ​មាន​សំលេង ១២៦ ទល់ ០ បណ្តេញ​សាំង​ហ្គា​ពួរ​ចេញពី​សហព័ន្ធ ម៉ាឡេស៊ី ។​

​ឯករាជ្យភាព​ជាមួយ​ទឹកភ្នែក​
​ដោយហេតុនេះ នាយក​ដ្ឋ​មន្ត្រី​សិង្ហបូរី លោក លី ក្វាន់ យូ សម្រេចចិត្ត​ដឹកនាំ​ពលរដ្ឋ របស់គាត់ នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​១៩៦៥ ប្រកាសថា សិង្ហ​បុរី គឺជា​រដ្ឋ​ឯករាជ្យ មាន​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ។ ប៉ុន្តែ​វា​ជាការ​ប្រកាស​ឯករាជ្យភាព​មួយ ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​តំណក់ទឹកភ្នែក យ៉ាង​កម្សត់ នៃ​មេដឹកនាំ​និង​ពលរដ្ឋ​សាំង ហ្គា​ពួរ គឺជា​ភាពផ្ទុយ​ពី​ជាតិ​សាសន៍​ដទៃ​ក្នុង​លោក ដែល​តែងតែ​ប្រកាស​ឯករាជ្យភាព របស់ខ្លួន ជាមួយនឹង​ការ​សាទរ​គគ្រឹកគគ្រេង​ទូទាំងប្រទេស ។​

​បើទោះបីជា​មានកំណើត​ខុសពី​គេ​ដូច្នេះ​ក្តី ហើយក៏​ប្រហែលជា​ដោយសារតែ សិង្ហ​បុរី មានកំណើត​ខុសពី​គេ​នេះឯង​ហើយ ដែលជា​កត្តា​ជំរុញ ឱ្យមាន​ការប្តេជ្ញាចិត្ត ទាំង​អ្នកដឹកនាំ និង​ប្រជាពលរដ្ឋ​សិង្ហ​បុរី រហូត​ទីបំផុត សាំង​ហ្គា​ពួរ​ក្លាយជា​ប្រទេស ដ៏​ជោគជ័យ មហិមា​មួយ​ក្នុង​លោក សក្តិសម​នឹង​នាម​ថា សិង្ហ​បុរី ដែល​ប្រែ​ថា នគរ ឬ ទីក្រុង​តោ ។ តាមរយៈ​ការវិនិយោគ នៅក្នុង​កំពង់ផែ​របស់ខ្លួន បាន​ក្លាយជា​កំពង់ផែ​ដ៏ មមាញឹក​បំផុត​មួយ​ក្នុង​លោក ។ នៅ​ឆ្នាំ​១៩៦៧ ប្រទេស​សាំង​ហ្គា​ពួរ​បាន​ក្លាយជា​សហ ស្ថាបនិក នៃ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន (ASEAN) ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​