ទីក្រុងបាងកកមានអគារខុនដូ គ្មានមនុស្សនៅ ១០០.០០០ កន្លែង ហើយឆាប់ៗនេះនឹងមាន ចំនួនកើនឡើងថែមទៀត

265
ចែករម្លែក

ទីផ្សារខុនដូនៅទីក្រុងបាងកក ដែលធ្លាប់ជាទីកន្លែងពេញនិយមសម្រាប់ វិនិយោគិនចិន ប្រឈមមុខនឹងឆ្នាំមិនអំណោយផល ខណៈការផ្ទុះឡើងនៃ វីរុសកូរ៉ូណាថ្មីធ្វើឱ្យអ្នកទិញនៅឆ្ងាយ។

ទីភ្នាក់ងារពិគ្រោះយោបល់សម្រាប់កិច្ចការអចលនទ្រព្យបានប៉ាន់ប្រមាណថា ជនបរទេសគ្រោងនឹងរួមចំណែកទិញត្រឹមតែ ១០ ភាគរយប៉ុណ្ណោះនៅឆ្នាំ ២០២០ ពោលគឺធ្លាក់ចុះ ១ភាគ៥ ធៀបកាលពី២ឆ្នាំមុន។ អ្នកទិញជនជាតិចិនធ្លាប់ផ្តល់ការ ចាប់អារម្មណ៍ពីក្រៅស្រុកភាគច្រើន ប៉ុន្តែឥឡូវនេះត្រូវបានរារាំងដោយការរឹតត្បិត ការធ្វើដំណើរនិងការបំផ្លិចបំផ្លាញសេដ្ឋកិច្ច ដែលបង្កឡើងដោយវីរុសកូរ៉ូណា។

លោកសុផុន ផនឆាក់ឆៃ ប្រធានទីភ្នាក់ងារខាងលើ បាននិយាយថា “តម្រូវការ ពីជនបរទេសអាចនឹងបាត់នៅឆមាសទី ១ បន្ទាប់ពីការផ្ទុះឡើងនៃវីរុស”។ លោកបន្ថែមថាមានខុនដូគ្មានមនុស្សនៅចំនួន ១០០.០០០ កន្លែងនៅក្នុង និងជុំវិញទីក្រុងបាងកក។ “យើងត្រូវពឹងផ្អែកលើអ្នកទិញក្នុងស្រុក ប៉ុន្តែវា មិនងាយស្រួលនោះទេ”។

ធនាគារកណ្តាលថៃបានបន្ធូរបន្ថយច្បាប់ស្តីពីការផ្តល់ប្រាក់កម្ចីទិញអចលនទ្រព្យដើម្បីលើកទឹកចិត្តដល់អ្នកទិញក្នុងស្រុក ប៉ុន្តែបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន នៅតែបារម្ភ។ ឧទាហរណ៍ជាក់ស្តែង លោក ណាផន ស៊ុនថនចិតចារឿន នាយកប្រតិបត្តិក្រុមហ៊ុន Land & Houses Plc កាលពីខែមុនបាននិយាយថា ក្រុមហ៊ុនពិតជាបារម្ភខ្លាំងលើផ្នែកខុនដូ។

សូម្បីមុនពេលមេរោគឆ្លងរាលដាលពីប្រទេសចិន ការចាប់អារម្មណ៍ពីបរទេស បានធ្លាក់ចុះខ្លាំងរួចទៅហើយ ខណៈទស្សនវិស័យសម្រាប់សេដ្ឋកិច្ចថៃដែល ពឹងផ្អែកលើពាណិជ្ជកម្មនិងទេសចរកាន់តែមានសភាពយ៉ាប់យ៉ឺន ចំពេល រូបិយវត្ថុថៃមានភាពរឹងមាំក្នុងឆ្នាំ ២០១៩ និង សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋ អាម៉េរិកនិងចិននៅតែកើតមាន៕ ដោយ៖ កញ្ញាដាលីស/Ha

បច្ចុប្បន្នក្នុងទីក្រុងបាងកកមានខុនដូទុកចោល ១០០.០០០ កន្លែង