ឡានអគ្គិសនីមួយបានព្យួរពីពិដាននៃបន្ទប់តាំងបង្ហាញរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយរបស់ចិន ដោយធ្វើឱ្យគេនឹកឃើញឡើងវិញនូវការតាំងវត្ថុសម័យនៅសារមន្ទីរទំនើប។ ជាការពិត ពួកវាជានិមិត្តរូបនៃមហិច្ឆតាឧស្សាហកម្មរបស់ប្រទេសចិន។
គ្រាន់តែនៅតាមដងផ្លូវដ៏ស្អាតមានរបៀបរៀបរយមួយ អគារកប់ពពកជាច្រើនបានឈរសំញែង ខណៈដែលតំបន់ Shunde New Energy Vehicle Town ចាប់ផ្តើមលេចរូបរាងនៅក្នុងទីក្រុងហ្វ័រសាន ភាគខាងត្បូង ដែលជាផ្នែកមួយនៃបេះដូងផលិតកម្មរបស់ចិន។ ក្រុមមន្ត្រីក្នុងស្រុកបានអួតថា មជ្ឈមណ្ឌលសម្រាប់ការផលិតរថយន្តអគ្គិសនី (EV) និងការស្រាវជ្រាវរបស់ពួកគេអាចរកប្រាក់ចំណូលបាន ១០០ ពាន់លានយ័នសម្រាប់សេដ្ឋកិច្ចក្នុងមូលដ្ឋាន។
សង្កាត់ Shunde គឺជាគំរូទីក្រុងកំពុងសាងសង់មួយក្នុងចំណោមទីក្រុង២០ដែលប្រើរថយន្តអគ្គិសនីសុទ្ធយកគំរូតាមទីក្រុងដេត្រយ ខណៈដែលចិនបានដាក់ចេញផែនការបច្ចេកវិជ្ជាដើម្បីលក់រថយន្តអគ្គិសនីច្រើនបំផុតមិនធ្លាប់មាននៅក្នុងឆ្នាំនេះ។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចង់ឱ្យក្រុមហ៊ុនផលិតរថយន្ត EV ចំនួន ៥០០ របស់ចិនក្លាយទៅជាមេដែកសម្រាប់ឆក់ឧស្សាហកម្មដទៃទៀត ខណៈគាត់ជំរុញឱ្យកសាងចិនក្លាយជាមហាអំណាចផលិតកម្មនៅត្រឹមឆ្នាំ ២០២៥។
ផែនការមេ ដែលចង់ធ្វើឱ្យប្រទេសចិនកាន់តែពឹងផ្អែកខ្លាំងលើខ្លួនឯងនិងធ្វើពិពិធកម្មទិដ្ឋភាពវិនិយោគ ដែលគ្របដណ្តប់ដោយវិស័យអចលនទ្រព្យនិងទីផ្សារមូលធនដែលងាយប្រែប្រួល បានក្លាយជាចំណុចស្នូលនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងចិន។
ក្រុងនានា ដែលត្រូវការវិធីដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមានភាពរស់រវើកឡើងវិញ ចង់បានផែនការបែបនេះ។ ទីក្រុងទាំងនេះនឹងផ្តល់ជូននូវដីធ្លីតម្លៃថោក ការលើកលែងពន្ធ និងការឧបត្ថម្ភធនទីតាំងសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់និងមន្ទីរពិសោធន៍វិស្វកម្ម ដោយសង្ឃឹមថានឹងទាក់ទាញការងារបច្ចេកវិជ្ជាខ្ពស់រាប់ពាន់នៅក្នុងវិស័យរថយន្ត EV ដែលកំពុងតែរីកចម្រើន។
លោក ហឺ ស៊ាផេង ប្រធានក្រុមហ៊ុន Xpeng Motors Technology ជាក្រុមហ៊ុនទើបចាប់ផ្តើមថ្មីគាំទ្រដោយក្រុមហ៊ុន Alibaba Group Holding និងក្រុមហ៊ុន Foxconn Technology Group បាននិយាយថា “ឧស្សាហកម្មរថយន្តថាមពលថ្មីនេះគឺជាការភ្នាល់របស់អាជ្ញាធរក្នុងមូលដ្ឋាន ដែលបានធ្វើឡើង។ ក្រុមហ៊ុនផលិត EV ដែលទទួលបានជោគជ័យ អាចនាំក្រុមហ៊ុនយ៉ាងហោចណាស់ ២០០ នៅក្នុងខ្សែសង្វាក់ឧស្សាហកម្មនេះចូលទៅកាន់ខេត្តមួយ”។
ទឹកប្រាក់វិនិយោគដែលបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទីក្រុង EV ទាំងនេះគឺមានចំនួនដល់ទៅ ២០៩ ពាន់លានយ័នរហូតមកទល់ពេលនេះ។ នេះបើយោងតាមការព្យាករណ៍របស់សារព័ត៌មាន Bloomberg ដែលផ្អែកលើការផ្សព្វផ្សាយជាសាធារណៈនានា។ ការប្តេជ្ញាចិត្តទាំងនោះគឺមានចាប់ពីការវិនិយោគអចលនទ្រព្យរហូតដល់ការចំណាយលើការអភិវឌ្ឍដោយក្រុមហ៊ុនផលិតរថយន្ត ដើមទុនឯកជន និង អង្គភាពដែលគាំទ្រដោយអាជ្ញាធរក្នុងតំបន់៕ ដោយ៖ កញ្ញាដាលីស