ទីក្រុង​ចិន​មួយ ផ្តល់​រង្វាន់​ជា​លុយ​ដល់​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​ដែល​ជ្រើសរើស​ពិធី​បុណ្យសព​” មិន​បំពុលបរិស្ថាន “

1029
ចែករម្លែក

​រដ្ឋាភិបាល​នៃ​ទីក្រុង Wenling ខេត្ត Zhejiang ប្រទេស​ចិន​បាន​ណែនាំ​អំពី​បែបបទ​មួយ ដែល​ផ្តល់​ប្រាក់រង្វាន់​ប្រចាំ​ខែ​ដល់​មនុស្ស​វ័យ​ចំណាស់​ណា​ដែល​បានជ្រើសរើស​ការបញ្ចុះ​សព​តាមបែប​អេកូឡូស៊ី គឺ​ការ​បញ្ចុះសព​ដោយ​មិន​ឱ្យ​ប៉ះពាល់​បរិស្ថាន បន្ទាប់ពី​ពួកគេ​បាន​ស្លាប់​។​

​ដើម្បី​លើកកម្ពស់​ការ​បញ្ចុះសព​មិន​បំពុលបរិស្ថាន​នេះ ក្រុង Wenling ផ្តល់​ប្រាក់​ដល់​ប្រជាជន​វ័យ​ចំណាស់​តាមរយៈ​ការិយាល័យ​កិច្ចការ​ស៊ីវិល​ប្រសិន​បើ​ពួកគេ​ចុះ​​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជ្រើសរើស​ការបញ្ចុះ​សព​នៅ​សមុទ្រ បន្ទាប់ពី​ពួកគេ​បាន​ស្លាប់​។​

​មនុស្ស​ដែល​មាន​អាយុ​ពី​៧០-៨០ ឆ្នាំ​ទទួលបាន​ប្រាក់​១០០​យន់​(១៥,៩ ដុល្លារ​) ប្រចាំខែ ហើយ​រាល់​១០​ឆ្នាំ ប្រាក់​បន្ថែម​១០០​យន់ ត្រូវ​បាន​បន្ថែម​ទៅលើ​ចំនួន​ប្រាក់​មុន​​នោះ​។ មនុស្ស​អាយុ​១០០​ឆ្នាំ​អាច​ទទួលបាន​លុយ​ចំនួន​៤០០ យន់ ប្រចាំខែ​។​

​អ្នកនេសាទ​ចិន​ម្នាក់ ឈ្មោះ Dai Yuyin ដែល​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​កាសែត​ចិន​China Daily​បាន​និយាយថា ” ខ្ញុំ​ជា​អ្នកនេសាទ ។ សមុទ្រ គឺ​ហាក់ដូចជា​ផ្ទះ​​របស់ខ្ញុំ ។ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ផ្ទះ​ខ្ញុំ​វិញ​(​នៅ​សមុទ្រ​) បន្ទាប់​ពី​ខ្ញុំ​ស្លាប់​។​

​ប្រពៃណី​ចិន​បាន​និយាយថា​អ្នកស្លាប់​គួរ​ត្រូវបាន​កប់​ដោយ​ដាក់​ក្នុង​មឈូស​នៅក្បែរ​ជីដូន​ជីតា​របស់​ពួកគេ​ប៉ុន្តែ​ទំនៀមទម្លាប់​ប្រពៃណី​នេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​​ដល់​ធនធាន​ដីធ្លី​របស់​ប្រទេស​ដែល​មាន​ប្រជាជន​ដ៏​ច្រើន​នេះ ដូច្នេះ ” បុណ្យសព​បៃតង ” បែបនេះ រត្រូវបានលើកទឹកចិត្ត​នៅក្នុង​ប្រទេស​ចិន​៕ដោយ៖សុខា/SN​