ទីក្រុង​ជប៉ុន​មួយ​ហាម​អ្នកទេសចរ​ដើរ​បណ្តើ​រញ៉ាំ​បណ្តើរ​ដើម្បី​បង្ការ​កំពប់​ចំណី​ប្រឡាក់​ខោអាវ​អ្នកដទៃ​

695
ចែករម្លែក

អ្នកទេសចរ​នៅក្នុង​ទីក្រុង​ជប៉ុន​មួយ​ត្រូវបាន​ប្រាប់ថា​កុំឱ្យ​ញ៉ាំ​អាហារ​ខណៈ​កំពុង​ដើរ​ក្នុង​តំបន់​ដែលមាន​មនុស្ស​ច្រើន​ដើម្បី​ការពារ​កុំឱ្យ​កំពប់​អាហារ​ប្រឡាក់​ខោអាវ​អ្នកដទៃ​។​

​ទីក្រុង​កា​ម៉ា​គូ​រ៉ា នៅ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន​និង​ល្បីល្បាញ​ខាង​រូប​បដិមា​ព្រះពុទ្ធ​ដ៏​ធំ​របស់ខ្លួន​នោះ បានចេញ​បទ​ប​ញ្ញ​តិ្ត​ផ្លូវការ​មួយ​ដោយ​សុំ​យ៉ាង​សមរម្យ​ឱ្យ​មនុស្ស​អង្គុយ​ចុះ​សិន​នៅពេល​ពួកគេ​ញ៉ាំ​អាហារ​។​

​បទ​ប​ញ្ញ​តិ្ត​នេះ​បាន​ពណ៌នា​ការទទួល​ទាន​អាហារ​បណ្តើរ​ដើរ​បណ្តើ​រថា​ជា “​ការរំខាន​ជា​សាធារណៈ​” ដោយសារតែ​លទ្ធភាព​កំពប់​ម្ហូបអាហារ​លើ​អ្នកដទៃ ព្រោះ​មាន​អ្នកទេសចរ​ចំនួន ៦០.០០០ នាក់​ក្នុង​មួយថ្ងៃ​នៅក្នុង​តំបន់​លក់ដូរ Kamakura Komachi Dori​។​

​យោងតាម​សារព័ត៌មាន CNN បានឱ្យដឹងថា សញ្ញា​សម្គាល់​នានា​ត្រូវបាន​បិទ​ដើម្បី​បង្កើន​ការយល់ដឹង​។ ពុំមាន​ការផាកពិន័យ​ចំពោះ​នរណា ដែល​មិន​បំពេញ​តាម​ការស្នើសុំ​នេះ​ទេ​។​

​លោក នូ​រី​កា​ហ្ស៊ូ តាកាហាស៊ី ប្រធាន​សមាគម​ហាង​លក់ដូរ​នៅ​ទីក្រុង​កា​ម៉ា​គូ​រ៉ា បាន​ប្រាប់​កាសែត Japan Times ថា “​យើង​មិនអាច​ហាមឃាត់​សកម្មភាព​នៃ​ការ​ញ៉ាំ​នៅពេល​ដើរ​បានទេ​។ យើង​ចង់​ធ្វើឱ្យ​ផ្លូវ​ក្លាយជា​កន្លែង​ដែល​អ្នកទេសចរ​និង​អ្នកស្រុក​អាចមាន​អារម្មណ៍ល្អ​”​។​

​ចំពោះ​អ្នកទេសចរ បទបញ្ញត្តិ​នេះ​អាច​មើលទៅ​ហាក់ដូចជា​ពិបាក​ទទួលយក​ខ្លាំងណាស់ ប៉ុន្តែ​សម្រាប់​ជនជាតិ​ជប៉ុន បទបញ្ញត្តិ​ទាំងនេះ​គ្រាន់តែ​ការពង្រឹង​ភាពថ្លៃថ្នូរ​ជា​ប្រពៃណី​ធម្មតា​នៅក្នុង​ប្រទេស​របស់​ពួកគេ ដែល​ត្រូវ​អង្គុយ​ចុះ​ដើម្បី​ទទួលទាន​អាហារ ដូច្នេះ​ទើប​អាហារ​មានតម្លៃ​៕ ដោយ៖ កញ្ញាដាលីស

អ្នកទេសចរ​នៅ​ទីក្រុង​កា​ម៉ា​គូ​រ៉ា ត្រូវបាន​ហាម​មិនឱ្យ​ដើរ​បណ្តើរ​ស៊ី​បណ្តើរ