ទីក្រុង​ជាច្រើន​ត្រូវបាន​គ្របដណ្តប់​ដោយ​ផេះភ្នំភ្លើង​នៅ​ជប៉ុន ខណៈដែល​វា​បញ្ចេញ​ផេះ​និង​ផ្សែង​ឡើងលើ​កម្ពស់​១.៧០០​ម៉ែត្រ

250

​ភ្នំភ្លើង​មួយ នៅ​ជប៉ុន ភាគ​និរតី បាន​ផ្ទុះ​ឡើងជា​លើកទីមួយ​ក្នុង​រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ព្រួស​ផេះ​ដ៏​ច្រើនឡើង​ទៅលើ ដោយ​គ្រប់​ដណ្តប់​ពីលើ​ទីក្រុង​ជាច្រើន​ដែល​ស្ថិតនៅ​ជិតៗ​នោះ​។​

​សារព័ត៌មាន​នៃ​ទូរទស្សន៍ TBS របស់​ជប៉ុន​បង្ហាញ​កូនសិស្ស​សាលា​ពាក់មួក​និង​ម៉ាស់​មុខការ​ពារ​នៅពេល​ពួកគេ​ដើរទៅ​សាលារៀន​របស់​ពួកគេ​ដែល​ស្ថិ​ត​នៅ​ជិត​ភ្នំភ្លើង​សិន​ម៉ូ​ដា​កេ (Shinmoedake) នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ខែតុលា​។ ផេះភ្នំភ្លើង​នេះ​ហុយ​ធ្លា​ក់លើ​ទីក្រុង​យ៉ាងតិចណាស់​ចំនួន ៤ នៅ​តំបន់​មី​យ៉ា​ហ្សា​គិ​។​

​ភ្នំភ្លើង​នេះ ស្ថិតនៅ​ទីក្រុង​កា​ហ្គោ​ស៊ី​ម៉ា​។ វា​បានចាប់ផ្តើម​ផ្ទុះឡើង​កាលពី​ថ្ងៃ​ពុធ ។​

​ក្រសួង​ឧតុនិយម​ជប៉ុន​បាន​និយាយថា ភ្នំភ្លើង​នេះ​បាន​បញ្ចេញ​ផេះ​និង​ផ្សែង​ឡើងលើ​កម្ពស់​១.៧០០​ម៉ែត្រ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ខែតុលា​។

​ក្រសួង​ឧតុនិយម​ជប៉ុន​បាន​បង្កើន​កម្រិត​ប្រុងប្រយ័ត្ន​ភ្នំភ្លើង​នេះ ពី​កម្រិត​២​ដល់​កម្រិត​៣​នៃ​កម្រិត​ប្រុងប្រយ័ត្ន​ខ្ពស់​៥​។ កម្រិត​៣​ជា​កម្រិត​ដែល​ព្រមាន​មនុស្ស​មិនឱ្យ​ចូល​ជិត​ភ្នំភ្លើង​នេះ ។ ផេះ​និង​កំអែភ្នំភ្លើង​នេះ អាច​ហូរ ចម្ងាយ​ជាង​២​គីឡូម៉ែត្រ​ពី​ភ្នំភ្លើង​នេះ​៕ ដោយ៖ សុខា

​ផ្សែងហុយ​ចេញពី​ភ្នំភ្លើង សិន​ម៉ូ​ដា​កេ