ទីក្រុង​បាងកក​ជាប់​ជាទី​ក្រុង​ល្អ​ដាច់​គេ​សម្រាប់​ការសម្រាកលំហែ​កាយ​នា​ចុង​សប្តាហ៍​

375

​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​អបអរសាទរ​ទីក្រុង​បាងកក ដែល​បាន​ក្លាយជា​ទិសដៅ​ទេសចរណ៍​កំពូល​ក្នុងចំណោម​បណ្តា​ទីក្រុង​ដែលមាន​តម្លៃថោក​បំផុត​នៅលើ​ពិភពលោក​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក សាន​សឺ​ន កែវ​កំណើត បាន​និយាយថា “​នាយករដ្ឋមន្ត្រី​មាន​សេចក្តី​រីករាយ​ដែល​បានដឹង​ព័ត៌មាន​នេះ​។ វា​ជា​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​លើកទឹកចិត្ត​ឱ្យ​ភ្ញៀវទេសចរ​ស្នាក់នៅ​ក្នុងប្រទេស​ថៃ​យូរ​ជាង​នេះ ហើយ​ចំណាយ​ប្រាក់​កាន់តែច្រើន​នៅទីនេះ​”​។​

​លោក​បាន​និយាយថា​វិធានការ​នានា​ត្រូវបាន​ធ្វើឡើង ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​នៅក្នុង​រដ្ឋធានី​ដោយ​រួមទាំង​ការលើកលែង​ថ្លៃ​ទិដ្ឋាការ​និង​ការ​បន្លាយ​ពេលដែល​អ្នក​ទេសចរ​អាច​ស្នាក់​នៅបាន​។​

​កាសែត​អង់គ្លេស The Daily Mirror បាន​រាយការណ៍​ថា​ទីក្រុង​បាងកក​គឺជា​ទីក្រុង​ដែលមាន​តម្លៃថោក​បំផុត​នៅ​បញ្ជី​ខ្នាត​វាស់​តម្លៃ​ទីក្រុង​សម្រាប់​ឆ្នាំ ២០១៧ របស់​វេ​ប​សាយ Post Office Travel Money​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ពិនិត្យមើល​តម្លៃ​ចាំបាច់​ចំនួន ១១ រួមមាន​អាហារ​និង​ភេសជ្ជៈ ដំណើរ​មើល​ទេសភាព ការដឹកជញ្ជូន​នៅ​ព្រលានយន្តហោះ​និង​ការ​ស្នាក់នៅ ៣ យប់​ឡើងទៅ​។ បន្ទាប់មក​ពួកគេ​បាន​បញ្ចូល​គ្នា​នូវ​ការចំណាយ​ទាំងអស់​ដើម្បី​បង្កើត “​តម្លៃ​ជា​កញ្ចប់​” សរុប​មួយ ដើម្បី​កំណត់ថា​តើ​ទីក្រុង​ណា​ដែល​មានការ​ស្នាក់នៅ​យូរ​ជាងគេ ហើយ​ផ្តល់​តម្លៃ​ល្អ​បំផុត​សម្រាប់​ការចំណាយ​លើ​ការដើរ​កម្សាន្ត​។​

​ក្រុង​បាងកក​របស់​ថៃ​ជាប់​ចំណាត់ថ្នាក់​លេខ​១​ជាទី​ក្រុង​ដែលមាន​តម្លៃ​ល្អ​បំផុត ដោយមាន​តម្លៃ​ជា​កញ្ចប់​សរុប​គឺ ប្រហែល ៥៥៦ ដុល្លារ​អាមេរិក ដែល​ស្ទើរតែ​ថោក​ជាង​ក្រុង​លេខ​២ តូ​ក្យូ ជាង ១០០ ដុល្លារ​ឯណោះ​។ របាយការណ៍​របស់​វេ​ប​សាយ​ខាងលើ​បានឱ្យដឹងថា “​មាន​កន្លែង​ជាច្រើន​ដែល​ត្រូវ​ទស្សនា​និង​ដើរ​កម្សាន្ត​នៅក្នុង​ទីក្រុង​ដ៏​រស់​រវើក​នេះ ប៉ុន្តែ​ប្រសិនបើ​អ្នក​គ្រាន់តែ​ឈប់សំរាក​សម្រាប់​ចុង​សប្តាហ៍ ដូច្នេះ​ត្រូវ​ប្រាកដថា​ទៅ​មើល​រាជវាំង​ដ៏​ធំ ដែលមាន​វិមាន​ដ៏​អស្ចារ្យ​ជាច្រើន​”​។​

​នេះ​គឺជា​បញ្ជី​ទីក្រុង​ដែលមាន​តម្លៃថោក​ក្នុងការ​ចំណាយ​ទេសចរណ៍ ល្អ​ដាច់​គេ​ទាំង ១០:

១. ទីក្រុង​បាងកក​
២. ទីក្រុង​តូ​ក្យូ របស់​ជប៉ុន​
៣. ទីក្រុង​ប៉េកាំង របស់​ចិន​
៤. ឌូ​បៃ របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​
៥. ទីក្រុង​ខេ​ប​ថោ​ន របស់​អាហ្វ្រិក​ខាងត្បូង​
៦. ប្រទេស​សិង្ហ​បុរី​
៧. រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី សហរដ្ឋអាមេរិក​
៨. ទីក្រុង​តូ​រ៉ុ​ន​តូ របស់​កាណាដា​
៩. ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​
១០. ទីក្រុង​បូ​ស្តុ​ន សហរដ្ឋអាមេរិក​៕

ដោយ ៖ កញ្ញាដាលីស

រាជវាំង​ថៃ​មើល​ពីលើ​អាកាស