ទីក្រុង​ព្រះសីហនុ​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀងដ៏​អាក្រក់​បំផុត​ ទ្រព្យ​សម្បត្តិ​និង​ផ្លូវ​សា​ធា​រណៈ​ខូចខាត​និង​បាត់បង់​យ៉ាងដំណំ​

187
ចែករម្លែក
ជំនន់​ទឹកភ្លៀង​បាន​វាយលុក​ទីក្រុង​ព្រះសីហនុ​សាជាថ្មី ក្រោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុតចាប់តាំងពី​ម៉ោង​ជិត​១០​យប់​ថ្ងៃ​៨​សីហា ​ឆ្នាំ២០១៩

ដោ​យះ​វ​ណ្ណៈ-ព្រះសីហនុៈ ជំនន់​ទឹកភ្លៀង​បាន​វាយលុក​ទីក្រុង​ព្រះសីហនុ​សាជាថ្មី ក្រោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ស្ទើរតែ​មិន​ធ្លាប់មានចាប់តាំងពី​ម៉ោង​ជិត​១០​យប់​ថ្ងៃ​៨​សីហា ​ឆ្នាំ២០១៩​។​

​ពលរដ្ឋ​ឲ្យដឹងថា ភ្លៀង​មួយ​មេ​ធំ​នេះ ធ្វើឲ្យលំនៅដ្ឋាន​ពលរដ្ឋ​ដែល​នៅ​តំបន់​ទំនាប​តាម​សង្កាត់​នានា​ក្នុង​ក្រុង រង​នូវ​ការ​ជន់​លិច​ចូលដល់​ក្នុងផ្ទះ ហើយ​ផ្លូវ​សាធារណៈ​មួយចំនួន​ក្នុង​ក្រុងក៏លិចលង់ មិន​អាចធ្វើ​ចរាចរណ៍​បានដែរ​។

​ពលរដ្ឋ​នៅ​ម្តុំ​ជិត​ស្ថានីយ​ប្រេង​តេ​លា អូរ​១ និង​ម្តុំ​អូរ​សំអាត ឲ្យដឹង​ដែរ​ថា ដោយសារតែ​ភ្លៀង​ខ្លាំង ទឹក​ឡើង​លឿន មាន​ពលរដ្ឋ​ខ្លះ​បាន​ជាប់​ក្នុង​ទឹក​ដែល​កំពុង​ជន់​លិច​ខ្លាំង ប៉ុន្តែ​បាន​អ្នកភូមិ​ជួយសង្គ្រោះ​នាំមក​កាន់​ដីគោក​ហើយ​។

​ក្រៅពីនេះ ផ្ទះ​ពលរដ្ឋ​នៅ​ជិត​ផ្លូវ​រថភ្លើង​និង​ខ្លះទៀត​នៅ​ទំនប់រលក​ ក្នុង​សង្កាត់​លេខ​១ ក៏រង​នូវ​ការ​ជន់​លិច​ខ្លាំង​ដែរ​។​

​នេះ​ជា​ស្ថានភាព​ធាតុអាកាស អាច​និយាយបានថា​អាក្រក់​បំផុត​សម្រាប់​ទឹកភ្លៀង​យប់​នេះ​នៅ​ក្រុងព្រះសីហនុ ក្នុងនោះ​អាជ្ញាធរ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រ​យ័ត្ន​ពី​បញ្ហា​ចរន្តអគ្គិសនី និង​ការពារ​គ្រោះថ្នាក់​ផ្សេងៗ ។​

​ក្រោយ​មាន​ជំនន់​ទឹកភ្លៀង​ដ៏អាក្រក់​លិច​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ក្រុងព្រះសីហនុ នៅ​ម៉ោង​១២​យ​ប់​ពាក់កណ្តាល​អ​ធ្រាត្រថ្ងៃ​៨​សីហា​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជូន​នគរបាល ​កងកម្លាំង​អន្តរា​គម​ន៍ ចេញទៅ​ជួយ​អន្តរា​គម​ន៍តាម​កន្លែង​មានទឹក​ជន់​លិច​ខ្លាំង​ដោយ​ទឹកភ្លៀង ពិសេស​នៅតាម​ដងផ្លូវ​សាធារណៈ​មួយចំនួន ដែល​មិន​អាចធ្វើ​ចរាចរណ៍​បាន​។​

​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ថ្លែងថា នៅ​ព្រឹក​ថ្ងៃ​៩​សីហា​២០១៩​នេះ លោកគួច ចំរើន ​អភិបាលខេត្ត​ព្រះសីហនុ នឹង​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​និង​ដោះស្រាយ​កិច្ចការ​បន្ទាន់​មួយចំនួន​ទៅលើ​បញ្ហា​ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុងព្រះសីហនុ​។

​សូមបញ្ជាក់ថា ជំនន់​ទឹកភ្លៀង​ដ៏អាក្រក់​បានធ្វើឲ្យទីក្រុង​ព្រះសីហនុ​លិចលង់​ស្ទើរ​គ្រប់​ទីកន្លែង​កាលពី​យប់​ថ្ងៃទី​៨​សីហា​២០១៩ ហើយ​រហូតមកដល់​ព្រឹក​ថ្ងៃ​៩​សីហា​២០១៩​នេះ ភ្លៀង​នៅតែ​បន្ត​ធ្លាក់​តិច ច្រើន​តាម​ពេល ក្នុងនោះ​តំបន់​ទំនាប​មួយចំនួន​ដែលមាន​ទឹក​លិច​តាំងពី​យប់​មក​នោះ នៅ​មិនទាន់​ស្រក​ចុះ​នៅឡើយ​។

​មិនមាន​សេចក្តីរាយការណ៍​ពី​មនុស្ស​រងគ្រោះថ្នាក់​ទេ ប៉ុន្តែ​បើ​យោងតាម​របាយការណ៍​ប​ឋ​មៗ​ពី​សមត្ថកិច្ច​មូលដ្ឋាន​ក៏ដូចជា​ពី​ពលរដ្ឋ​ផ្ទាល់​ថា មានទ្រព្យ​សម្បត្តិ​ជាច្រើន​តាម​ផ្ទះ​ពលរដ្ឋ​និង​ផ្លូវ​សាធារណៈ​ខ្លះទៀត បានរ​ងការខូចខាត​និង​បាត់បង់​យ៉ាងដំណំ​៕​/Ha