ទីក្រុង​ហុងកុង​អស់​ដី​ទំនេរ​សាងសង់​លំនៅដ្ឋាន ឥឡូវ​ងាក​មក​អភិវឌ្ឍ​លំនៅដ្ឋាន​ក្រោម​ដី​វិញ​ម្តង​

511

​ដោយ​មិនមាន​ជម្រើស​ច្រើន​ក្នុង​ការកសាង​កន្លែងរ​ស់​នៅ​បន្ថែមទៀត​នោះ តំបន់​ស្វយ័ត​ហុងកុង​របស់​ចិន​កំពុង​ងាក​ទៅរក​រូង​ក្រោម​ដី​ដើម្បី​អភិវឌ្ឍ​ទីក្រុង​នាពេល​អនាគត​វិញ​ម្តង​។​

​មាន​មនុស្ស ៧ លាន​នាក់​រស់នៅក្នុង​ទីក្រុង​ហុងកុង​ដែលមាន​ទំហំ ១.១០៥ គីឡូម៉ែត្រ​ការ៉េ ហើយ​ទីក្រុង​នេះ​លែងមាន​កន្លែង​ទំនេរ​សម្រាប់​សង់ផ្ទះ​រស់​នៅ​សម្រាប់​ប្រជាជន​ចំណូល​ថ្មី​ទៀតហើយ​។ អគារ​ខ្ពស់ៗ​ដែលមាន​ស្រាប់​បាន​ឈានដល់​កម្រិត​កម្ពស់​ដែល​បានកំណត់​ទៅហើយ ហើយ​ដំណោះស្រាយ​ដែល​អាចធ្វើ​ទៅបាន​សម្រាប់​អាជ្ញាធរ​គឺ​ត្រូវ​ចុះទៅ​ជីក​រូង​ក្រោម​ដី​តែប៉ុណ្ណោះ​។​

​ខណៈ​គំនិត​នៃ​ការសាងសង់​ផ្ទះ​ក្រោម​ដី​អាចធ្វើឱ្យ​មនុស្ស​មួយចំនួន​ខ្លាច អ្នកស្រុក​នឹង​នៅតែ​បន្ត​រស់នៅ​ក្រោម​មេឃ​និង​ព្រះអាទិត្យ​ដដែល​ទេ ប៉ុន្តែ​វា​ជា​អគារ​រដ្ឋបាល​ក្រុង​ទេ​ដែល​នឹងត្រូវ​ផ្លាស់​ទៅក្នុង​រូង​ក្រោម​ដី ដែល​រួមមាន​មជ្ឈមណ្ឌល​ទិន្នន័យ អាង​ស្តុក​ទឹក និង​កន្លែង​ផ្ទុក​ទិន្នន័យ​ផ្សេង​។ នេះ​បើ​យោងតាម​អាជ្ញាធរ​ក្រុង​។​

​យោងតាម​វេ​ប​សាយ Wired គេ​ក៏មាន​ជម្រើស​អាទិភាព​ផ្សេងទៀត​ដែរ​សម្រាប់​សំណង់​ក្រោម​ដី មានដូចជា បណ្ណសារ អាង​ស្តុក​ប្រេងកាត​ឧស្ម័ន​ឬ​អាង​ស្តុក​ស្រា កន្លែង​ចត​ឡាន មន្ទីរពិសោធន៍ និង​កន្លែង​ហាត់​កីឡា​។ ក្រៅពីនេះ រូង​ក្រោម​ដី​អាច​សង់​សម្រាប់​ផ្នូរខ្មោច កន្លែង​បូជា និង​កន្លែង​សម្រាប់ធ្វើ​ពិធី​បុណ្យសព​។​

​លោក តូ​នី ហូ ប្រធាន​វិស្វករ​ជីវបច្ចេកវិជ្ជា​ផ្នែក​វិស្វកម្ម​ស៊ីវិល​និង​ផ្នែក​អភិវឌ្ឍន៍​រដ្ឋបាល​ក្រុង​ហុងកុង​បាន​និយាយថា “​អ្វីដែល​យើង​កំពុង​គិត គឺ​ប្រសិនបើ​យើង​អាច​ប្រើ​ធនធាន​ទំនេរ​នៅក្រោម​ដី​បានល្អ យើង​អាច​បង្វែរ​ឧបសគ្គ​នេះ​ឱ្យទៅជា​ឱកាស​បាន​”​។​

​បច្ចុប្បន្ននេះ ទីក្រុង​នេះ​បានកំណត់​ទីតាំង​រូង​ក្រោម​ដី ៤៨ កន្លែង ដែលមាន​ទំហំ​ចាប់ពី ០,២៥ ទៅ ២ គីឡូម៉ែត្រ​ការ៉េ​សម្រាប់​ការអភិវឌ្ឍ​។ ទីតាំង​ទាំងនេះ​ត្រូវបាន​ជ្រើសរើស​បន្ទាប់ពី​ការសិក្សា​ឆ្នាំ ២០១៧ ហើយ​ការសិក្សា​បន្ថែមចំនួន ៦ ទៀត​សម្រាប់​គម្រោង​នាពេល​អនាគត​កំពុងដំណើរការ​៕ ដោយ៖ កញ្ញាដាលីស

ទីក្រុង​ហុងកុង​អស់​កន្លែង​ទំនេរ​សាងសង់​ផ្ទះ​ហើយ