ទីក្រុង​ហូជីមិញ​ជំរុញ​ប្រជាជន​ឱ្យ​បញ្ឈប់​ការ​ស៊ីសាច់​ឆ្កែ

226
ចែករម្លែក

​ក្រុមប្រឹក្សា​គ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារ​នៃ​ទីក្រុង​ហូជីមិញ​បាន​ជំ​រុញឱ្យ​ប្រជាជន​ឈប់​ស៊ីសាច់​ឆ្កែ ដោយ​លើកឡើង​ពី​គ្រោះថ្នាក់​សុខភាព​ធ្ងន់ធ្ងរ​និង​មនោសញ្ចេតនា​របស់​មនុស្ស​ចំពោះ​សត្វ​ចិញ្ចឹម​។​

​ក្រុមប្រឹក្សា​នេះ​បាន​ព្រមាន​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សាច់​ឆ្កែ​បច្ចុប្បន្ន​មិនត្រូវ​បាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ចំណីអាហារ​ទេ ហើយ​ឆ្កែ​ភាគច្រើន​គឺ​ផ្ទុក​នូវ​ភ្នាក់ងារ​បង្ក​ជំងឺ ជាពិសេស​វីរុស​ឆ្កែឆ្កួត ដែល​បង្កឡើង​ដោយសារ​ធាតុគីមី​គ្រោះថ្នាក់ ជាពិសេស​ថ្នាំពុល​សម្រាប់​បំពុល​ឆ្កែ​។​

​សាច់​ឆ្កែ​ក៏​អាច​ផ្ទុក​ពពួក​ប៉ារ៉ាស៊ីត​ផងដែរ​ជាពិសេស​ពង​ព្រូន​និង​ដង្កូវ ដែល​មិន​វិ​វ​ឌ្ឍ​ទៅជា​ដង្កូវ​ក្នុង​ពោះវៀន​ទេ តែ​អាច​ជ្រាបចូល​ទៅក្នុង​ថ្លើម​សួត​និង​សរីរាង្គ​ដទៃទៀត និង​សូម្បី​ខួរក្បាល​និង​ភ្នែក​ជាដើម ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​សាច់ជ្រូក​ឬ​សាច់គោ​និង​ប​សុ​បក្សី ដែល​ត្រូវបាន​ប្រើ​ជា​អាហារ ត្រូវតែ​បំពេញ​តាម​បទ​ប្បញ្ញត្តិ​សត្តឃាត​និង​សុវត្ថិភាព​ចំណីអាហារ​ប៉ុន្តែ​សាច់​ឆ្កែ​មិន​ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​សត្វ​ដែល​ត្រូវបាន​ប្រើ​សម្រាប់​អាហារ​របស់​មនុស្ស​នោះទេ​។​

​អាជ្ញាធរ​សុវត្ថិភាព​ចំណីអាហារ​ក៏បាន​និយាយ​ដែរ​ថា​ប្រជាជន​មិនគួរ​ស៊ីសាច់​ឆ្កែ​ទេពី​ព្រោះ​ឆ្កែ​ជា​សត្វ​ចិញ្ចឹម​និង​នៅ​ជិត​មនុស្ស​ជា​យូរ​មកហើយ​។ អាជ្ញាធរ​និយាយថា នៅក្នុង​គ្រួសារ​ខ្លះ​សត្វ​ឆ្កែ​ត្រូវបាន​ចាត់ទុកជា​សមាជិក​គ្រួសារ​ទៀតផង​។​

​កាលពី​ឆ្នាំមុន​អាជ្ញាធរ​ទីក្រុង​ហាណូយ​បាន​ជំរុញ​ប្រជាជន​ឱ្យ​បញ្ឈប់​ការបរិភោគ​សាច់​ឆ្កែ​និង​សាច់​ឆ្មា​ព្រោះ​វា​បង្កើត​រូបភាព​ប្រមាថ​ដល់​ភ្ញៀវទេសចរ​អន្តរជាតិ​៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាធរ​ក្រុង​ហូជីមិញ​ជំរុញ​ប្រជាជន​កុំឱ្យ​ស៊ីសាច់​ឆ្កែ