ទីតាំង​ដី​បណ្តុះ​កូនឈើ​របស់​មន្ទីរ​កសិក​ម្ម​ខេត្តកោះកុង កំពុង​រង​ការទន្ទ្រាន​ខុសច្បាប់​

450
ចែករម្លែក
  • 2
    Shares

ដោយ:សុ​ផានី​តា​/​កោះកុង ​៖ ព្រៃឈើ​ក្នុង​ដែនដី​បណ្តុះ​កូនឈើ​ដែល​គ្រប់គ្រង​របស់​មន្ទីរ​ក​សិ​កម្ម​ជាង​៣៦​ហិច​តា បាន​នឹង​កំពុង​រង​ការទន្ទ្រាន​បំ​ផ្លិត​បំផ្លាញ​ទិញ​លក់​យ៉ាង​អ​នា​បិធ​តេ​យ្យ​ពី​មាន​ក្រុម​ជនខិលខូច និង​ឈ្នួ​ញ​នៅក្នុង​ក្រុង​ខេមរភូមិន្ទ​។ បើតាម​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង ការរំលោភបំពាន​យក​ដី​ព្រៃឈើ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិឯកជន គឺ​លោក​កំពុង​ស៊ើបអង្កេត​ស្វែងរក​មុខសញ្ញា​ជន សង្ស័យ ដើម្បី​ប្តឹងទៅ​តុលាការ​។​

យ៉ាងហោចណាស់ ព្រៃឈើ​ដែល​ដាំ​បណ្តុះ​អស់​រយៈពេល​២០​ទៅ​៣០​ឆ្នាំ រង​ការកាប់ និង​ដុតបំផ្លាញ​យក​ដី​ទិញ​លក់​រាល់​ពេលយប់​ជ្រៅ​ស្ទើរ​គ្រប់កន្លែង​យ៉ាង​អ​នា​ប​ធិ​តេ​យ្យ​ពី​ក្រុម​អ្នក​អំណាច និង​ពលរដ្ឋ​ខិលខូច ខណៈ​តំបន់​បណ្តុះ​កូនឈើ​នេះ ក៏​ធ្លាប់មាន​គេ​ចូល​ទន្ទ្រាន​យក​ម្តង​ហើយ​កាលពី​ឆ្នាំ​២០១២ រួច​ស្ងប់ស្ងៀម​ទៅវិញ​។​

លោក អ៊ី ម៉េង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកោះកុង បាន​ទទួល​ស្គាល់​ពី​ការ​រុករាន​យក​ដី​តំបន់​បណ្តុះ​កូនឈើ ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​ស្មាច់​មានជ័យ ក្រុង​ខេមរភូមិន្ទ ដោយមាន​មន្ត្រី​ក្រសួង​ចុះ​ស្រាវជ្រាវ​ពិនិត្យ​បញ្ជី​សារពើ​ភណ្ឌ​ដីធ្លី​ទ្រព្យសម្បត្តិ​រដ្ឋ​កាលពី​ថ្ងៃ​ទី​២៣ ខែមករា ថ្មីៗ​នេះ​។​

លោក អ៊ី ម៉េង​លាង ពន្យល់​កាលពី​ថ្ងៃទី​២៩ មករា ថ្មីៗ​នេះ​ថា បច្ចុប្បន្ន លោក​ក៏​កំពុង​ចាត់​មន្ត្រី​ជំនាញ​ស៊ើបអង្កេត​ស្រង់​ស្ថិតិ​ឈ្មោះ​អ្នក​ដែល​ចូល​រំលោភបំពាន​ដី​រដ្ឋ​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការទិញ​លក់​ដីធ្លី​ក្នុង​តំបន់​គ្រប់គ្រង​របស់​ខ្លួន​។ ក្រោយ​ស្រង់​ស្ថិត​មនុស្ស និង​ទំហំ​ដី​បាត់បង់​រួចរាល់​ហើយ នឹងដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​អនុវត្ត​នីតិវិធី​តែម្តង​។

ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ បន្ថែមទៀតថា ពលរដ្ឋ​ដែល​ទន្ទ្រាន​យក​ដី​ទីតាំង​បណ្តុះ​កូនឈើ​លក់​ទៅឲ្យ​ឈ្នួ​ញ ភាគច្រើន ពួកគេ​តែង​គេចវេស​មិន​ជួប​ជាមួយ​មន្ត្រី​ជំនាញ​របស់ខ្លួន ដោយ​បិទទ្វារ​ផ្ទ​ចោល​។ ទើប​នាំអោយ​លំបាក​កំណត់​មុខសញ្ញា​អ្នករំលោភ​បំពាន​។ ម្យ៉ាងទៀត ទោះបី​សុំ​ការបង្ហាញ​តួលេខ​ពី​មេភូមិ និង​ចៅសង្កាត់​ក៏​ហាក់​គ្មាន​លទ្ធផល​តប​វិញ​ដែរ​។​

​ទាក់ទិន​នឹង​បញ្ហា​នេះដែរ លោក នាក់ សារឿន ជា​មេភូមិ​១ បាន​បដិសេធថា លោក​ពុំ​ធ្លាប់​ដែល​បាន​ចុះហត្ថលេខា​ទទួល​ការទិញ​លក់​ដីធ្លី​នៅ​តំបន់​បណ្តុះ​កូនឈើ​របស់​រដ្ឋបាល​ព្រៃឈើ​នោះទេ ដោយ​អោយ​អ្នកសារព័ត៌មាន​ទៅ​សំណួរ​លោក នាម យ៉ុង ចៅសង្កាត់​ស្មាច់មានជ័យ បកស្រាយ​ជំនួស​វិញ​។ រស្មី​កម្ពុជា​មិនអាច​សុំ​ការពន្យល់​លម្អិត​ពី​លោក នាម យ៉ុង បានទេ​នៅ​ល្ងាច​ថ្ងៃទី​១ ខែកុម្ភៈ ដោយ​លោក​មិន​លើកឡើង​ទូរស័ព្ទ​និយាយ​តប​។​

ទោះ​បែបនេះ​ក្តី ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​ដី​បណ្តុះ​កូនឈើ​នោះ បាន​បង្ហើប​ឲ្យ​ដឹងថា សកម្មភាព​លួច​តាំងទី​លំនៅ និង​កាប់ឆ្ការ​ព្រៃឈើ​យក​ដី​របស់​រដ្ឋបាល​ព្រៃឈើ គឺ​ធ្លាប់​កើតមាន​ម្តង​ហើយ​កាលពី​អំឡុង​ឆ្នាំ​២០១២ ព្រោះ​តែមាន​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​មួយចំនួន​ចុះហត្ថលេខា​ទទួលស្គាល់​ទិញ​លក់​ដី​នៅ​តំបន់​ខាងលើ​យ៉ាង​លាក់លៀម​។ ប៉ុន្តែ​ត្រូវបាន​តុលា​ការចេញ​ដីការ​ទប់ស្កាត់ និង​បង្ក្រាប​ជា​បន្តបន្ទាប់​។​

​ក្រុម​ពលរដ្ឋ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដដែល បាន​បន្ថែមថា ស្រេច​តែ​ចុងឆ្នាំ​២០១៨ ការរំលោភបំពាន​ដី​រដ្ឋ​បានកើត​ឡើងវិញ នៅពេលដែល​តម្លៃ​អចលនា​ទ្រព្យ​ដីធ្លី​ខេត្តកោះកុង​ហាក់​ថ្លៃ ដោយសារតែ​ឈ្នួ​ញ​ខ្មែរ និង​ជនជាតិ​ចិន​ចុះមក​សួរនាំ​ទិញ​លក់​។ ហើយ​ពួកគាត់​ក៏​ឃើញ​អភិបាលខេត្ត អភិបាលក្រុង​ខេមរភូមិន្ទ មាន​វិធានការ​ដោះស្រាយ​ករណីនេះ​ថា តើ​មាន​ប៉ុន្មាន​នាក់​ដែល​រំលោភបំពាន ជៀសវាង​វិវាទ​ដីធ្លី​កើតមាន​កាន់តែខ្លាំងៗ​ទៅ​អនាគត​៕B/