ទីតាំង​ប្រវត្តិសាស្ត្រ និង​ហេតុការណ៍​រន្ធត់​ដែល​មិនអាច​បំ​ភេ្ល​ច​បាន​

911
ចែករម្លែក

​ដោយៈ សួត វិចិត្រ អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ខ្ញុំបាទ​គឺជា​យុវជន​ដែល​បាន​ធំធាត់​ឡើង​ក្នុង​ទឹកដី​នៃ​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ​។ ស្រុក​អន្លង់វែង គឺជា​ទឹកដី​ដែល​ធ្លាប់​ទទួលរង​នូវ​ភាព​ខ្ទេចខ្ទាំ​កាលពី​អតីតកាល ក្រោម​ការគ្រប់គ្រង​រប​ស់​ខ្មែរក្រហម​។​ខ្ញុំ​ធ្លាប់​បានឮ​តាមរយៈ​ឪពុក​របស់ខ្ញុំ​និយាយប្រាប់​ពី​រឿងរ៉ាវ​ដ៏​ជូរចត់​របស់គាត់​នៃ​សម័យ​ខ្មែរក្រហម ជាពិសេស ទាក់ទង​នឹង​ទីតាំង​ប្រ​វ​ត្ដិ​សាស្ដ្រ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ដូចជា «​ឃ្លាំង​កណ្ដាល គឺជា​ទីតាំង​មួយ​ក្នុងចំណោម​ទីតាំង​ប្រ​វ​ត្ដិ​សាស្ដ្រ​ដទៃទៀត ដែល​ខ្ញុំ​បាន​ចងចាំ​ទាំង​ស្រពេចស្រពិល កាលពី​ខ្ញុំ​នៅ​វ័យ​កុមារ​មកម្ល៉េះ​»​។ ការចងចាំ គួបផ្សំ​នឹង​ការអាន​សៀវភៅ​ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្មែរក្រហម និង​សហគមន៍​អន្លង់វែង ដែលជា​ភូមិកំណើត​របស់ខ្ញុំ បានធ្វើ​ឲ្យ​ខ្ញុំ​យល់​កាន់តែច្បាស់​ពី​ទឹកដី​ប្រវត្តិសាស្ត្រ​មួយ​នេះ និង​បាន​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ស្វែងយល់​បន្ថែម ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ដែល​ធ្លាប់បាន​កើតឡើង​នៅក្នុង​ទឹកដី​តំបន់​អន្លង់វែង​។

កន្លែង​កែច្នៃ​គ្រាប់កាំភ្លើង​លើ​ភ្នំ ២០០

​កាលពីពេល​ថ្មីៗ​នេះ ខ្ញុំ​ក៏បាន​ទៅដល់​ទីតាំង​ប្រវត្តិសាស្ត្រ «​ឃ្លាំង​កណ្ដាល​» ដែល​ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ វា​គឺជា​ឱកាស​មួយ​សម្រាប់​ខ្ញុំ និង​ជា​លើកដំបូង​ដែល​ខ្ញុំ​បានឃើញ​ទិដ្ឋភាព​រស់នៅ​របស់​ប្រជាជន​នៅក្នុង​ភូមិ​ឃ្លាំង​កណ្ដាល​នេះ​។ បច្ចុប្បន្ន ពាក្យ​ថា «​ឃ្លាំង​កណ្ដាល​» គឺ​នៅសល់​ត្រឹមតែ​ទីតាំង និង​អាង​ស្ដុក​ទឹកតូច​មួយ​ប៉ុណ្ណោះ​។ កាលពីមុន «​ឃ្លាំង​កណ្ដាល​» គឺជា​ឃ្លាំង​របស់ តា​ម៉ុក សម្រាប់​ដាក់​សម្ភារ​ប្រើប្រាស់​ផ្សេងៗ និង​គ្រឿង​យុទ្ធភណ្ឌ​ដែល​បាន​ដឹកជញ្ជូន​មកពី​ប្រទេស​ថៃ និង​ដឹក​មកពី​តំបន់​ផ្សេងៗ​ទៀត​។ រាល់​សម្ភារ​ទាំងអស់​ដែល​បាន​តម្កល់ទុក​នៅក្នុង​ឃ្លាំង​កណ្តាល​នេះ គឺ​សម្រាប់​កងទ័ព និង​ក្រោម​គ្រប់គ្រង​របស់ តា​ម៉ុក​។ ក្រោយមកទៀត «​ឃ្លាំង​កណ្ដាល​» ក៏ត្រូវ​ប្រជាជន​រុះរើ​ដោយ​ប្រជាជន ក្រោយ​ពេលដែល​ខ្មែរក្រហម​បានធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ចុងឆ្នាំ​១៩៩៨​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​ទីតាំង​ប្រ​វ​ត្ដិ​សាស្ដ្រ «​ឃ្លាំង​កណ្តាល​» មួយ​នេះ ដែល​ប្រៀបបាន​ទៅនឹង​ការបាត់បង់​នូវ​ការចង់ចាំ​មួយផ្នែក​របស់​ប្រជាជន​កម្ពុជា​។ ប្រជាជន​ភាគច្រើន​ដែល​រស់នៅ​ក្បែរ «​ឃ្លាំង​កណ្ដាល​» គឺជា​កសិករ ពីព្រោះ​សណ្ឋាន​ដី​នៅទីនេះ​មាន​លក្ខណៈ​អំណោយផល​ល្អ​សម្រាប់​ការដាំដុះ​។​

​បន្ទាប់ពី​ខ្ញុំ​បាន​មើល​ទិដ្ឋភាព «​ឃ្លាំង​កណ្តាល​» របស់ តា​ម៉ុក រួចហើយ ខ្ញុំ​ក៏បាន​ជួប​អ៊ំស្រី​ម្នាក់​ដែល​កំពុងតែ​អង្គុយ​ក្រង​ស្លឹ​ត​ត្នោត​នៅក្រោម​ដើម​កន្ទួត នៅក្បែរ​ផ្ទះ​ឈើ​តូច​ល្មម​របស់គាត់​។ អ៊ំស្រី​បានបង្ហាញ​នូវ​ទឹកមុខ​រួសរាយ​រាក់ទាក់​មកកាន់​ខ្ញុំ​។ ខ្ញុំ​ក៏បាន​ចូល​សួរសុខទុក្ខ និង​បាន​ណែនាំ​ខ្លួន​ខ្ញុំ​ទៅកាន់​គាត់​។ ឆ្លៀតឱកាស​នេះដែរ ខ្ញុំ​ក៏បាន​សាកសួរ​ពីបទ​ពិសោធន៍​ជីវិត​របស់គាត់​ដែល​ធ្លាប់បាន​ឆ្លងកាត់​របប​ខ្មែរក្រហម ហើយ​គាត់​បាន​រៀបរាប់ថា ៖

ឃ្លាំង​ដាក់​សម្ភារ​ជើងភ្នំ​

​ខ្ញុំ​ឈ្មោះ ឡាយ ណាត អាយុ​៦១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ ខេត្ដ​កំពង់ចាម​។ មុន​ខ្មែរក្រហម​ឡើងកាន់​អំណាច គ្រួសារ​របស់ខ្ញុំ​ពឹងផ្អែក​តែ​លើ​របរ​ធ្វើស្រែ​ចម្ការ​។ ខ្ញុំ​និង​ក្រុមគ្រួសារ​ធ្វើស្រែ​ចម្ការ រហូតដល់​ខ្មែរក្រហម​រំដោះ​បាន​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ ទោះបី ខ្ញុំ​បានទទួល​ដំណឹង​ពី​ការរំដោះ​នេះ​ក៏ដោយ ក៏​សភាពការណ៍​នៅក្រោយ​ថ្ងៃ​រំដោះ គឺ​មិនទាន់មាន​សភាព​ធូរស្បើយ​ដែរ​។ ប្រជាជន​ដែល​ពេញកម្លាំង​នៅ​ភូមិ​មួយចំនួន​នៅក្នុង​ស្រុក​ជើងព្រៃ ត្រូវបាន​ខ្មែរក្រហម​ដឹកជញ្ជូន​យកទៅ​ធ្វើការ​នៅតាម​តំបន់​ឆ្ងាយៗ​ជា​បន្ដបន្ទាប់​។ មិនយូរប៉ុន្មាន ខ្ញុំ​និង​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​ដំណាក់​សង្កែ ក៏​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ទៅធ្វើ​ការ​នៅ​កងចល័ត ជីក​ប្រឡាយ និង​លើក​ទំនប់​។ ក្រោយមក ខ្ញុំ​និង​ប្រជាជន​រាប់រយ​នាក់ ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​លើក​ទំនប់​ដ៏​ធំ​មួយ​នៅ​ភូមិ​ស្គន់​។ ខ្ញុំ​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ខែ​រស់នៅ និង​ធ្វើ​ការងារ​នៅ​ទីនោះ​។ ការងារ​របស់ខ្ញុំ គឺ​ត្រូវ​សម្រុក​ធ្វើ​នៅ​រដូវប្រាំង និង​ឈប់សម្រាក​នៅ​រដូវវស្សា ព្រោះ​មាន​ទឹកជំនន់​។ ការងារ​ជីក​ប្រឡាយ និង​លើក​ទំនប់ គឺ​ពិតជា​មានការ​លំបាក​ខ្លាំងណាស់ ព្រោះ​ពីមុនមក​ខ្ញុំ​មិន​ធ្លាប់ធ្វើ​ការងារ​ទាំងនេះ​ទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ខ្ញុំ​ក៏ត្រូវ​ទទួលរង​នូវ​ការស្ដីបន្ទោស​ពី​ខ្មែរក្រហម​ជា​ញឹកញាប់​ថែមទៀត ដោយ​ខ្មែរក្រហម​បាន​ចោទប្រកាន់​ខ្ញុំ និង​ប្រជាជន​ដទៃ​ទៀតថា «​ធ្វើការ​លាក់​កម្លាំង ធ្វើការ​ងារ​មិន​ពេញដៃ មិន​ពេញ​ជើង​»​។ ការចោទប្រកាន់​របស់​ខ្មែរក្រហម​នេះ មិន​ត្រឹមត្រូវ​ទេ ព្រោះ​ប្រជាជន​ទាំងអស់​នៅក្នុង​ការ​រដ្ឋា​ន​ខិតខំ​ធ្វើការ​យ៉ាង​ស្វិតស្វាញ ធ្វើការ​ទាំង​នឿយហត់ និង​គ្មាន​ពេល​ឈប់សម្រាក​ឡើយ​។ ពេលនោះ ខ្ញុំ​និង​ប្រជាជន​ដទៃទៀត​ទទួលបាន​ត្រឹមតែ​បបរ​ប៉ុណ្ណោះ​។ ខ្ញុំ បាន​យក​បបរ​ដែល​ខ្ញុំ​ទទួលបាន យកទៅ​រម្ងាស់​លាយ​ជាមួយ​ប្រហុក ក្រពះ​ជ្រូក និង​បន្លែ​ឲ្យ​បាន​កាន់តែច្រើន​។ ការ​រម្ងាស់​បែបនេះ​វា​ធ្វើ​ឲ្យ​បបរ​ក្លាយជា​ពណ៌​ខ្មៅ​គួរ​ឲ្យ​ខ្ពើម​។ ដោយ​ការស្រេកឃ្លាន ខ្ញុំ​គ្មាន​ជម្រើស​នោះទេ ក្រៅពី​ហូប​បបរ​បែបនេះ​ដើម្បី​ឲ្យ​មាន​កម្លាំង​ធ្វើការ​តទៅទៀត​។​

ទីតាំង​ការដ្ឋាន​ដឹកជញ្ជូន​របស់​តា​ម៉ុក (​ឃ្លាំង​កណ្តាល​)

​នៅ​ឆ្នាំ​១៩៧៧ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើ​កង​ពេទ្យ ដើម្បី​ព្យាបាល​អ្នកជំងឺ​ទូទៅ​នៅតាម​ការដ្ឋាន សហករណ៍ និង​ព្យាបាល​អ្នកជំងឺ​តាម​ភូមិ​។ ដំណាក់កាល​ដំបូង ខ្ញុំ​ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​គ្រូពេទ្យ​ខ្មែរក្រហម​ម្នាក់​ឈ្មោះ ស្រ៊ុន ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី មានដូចជា ចាក់​ថ្នាំ លាង​របួស និង​ចាក់​សេរ៉ូម​ឲ្យ​អ្នកជំងឺ​។ មួយរយៈ​ក្រោយមក ស្រ៊ុន ត្រូវបាន​ខ្មែរក្រហម​ចាប់ខ្លួន ដោយ​ចោទប្រកាន់ថា «​មាន​ទំនាក់ទំនង និង​លួច​ថ្នាំ​យកទៅ​ឲ្យ​ខ្មាំង​»​។ ចាប់តាំងពី​ពេលនោះ​មក ខ្ញុំ​មិនដែល​បាន​ជួប​គ្រូពេទ្យ ស្រ៊ុន ទៀត​ទេ​។ ក្រោយមក ខ្ញុំ​បាន​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​មួយ​ស្ថិតនៅ​ក្នុងភូមិ​ស្គន់​។ នៅ​អំឡុង​ពេលនោះ ប្រជាជន​បាន​គោរព​ស្រឡាញ់​ខ្ញុំ​យ៉ាងខ្លាំង​។ នៅ​គ្រាមួយ ប្រហែលជា​ម៉ោង​៤​ល្ងាច នៅ​រដូវវស្សា ខ្ញុំ​បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ដើម្បី​ទៅ​បើក​ថ្នាំ​ពី​មន្ទីរ​មួយ​ដែលមាន​ទីតាំង​ឆ្ងាយ​ពី​កន្លែង​របស់ខ្ញុំ​។ នៅពេល​ទៅដល់​ទីនោះ ខ្ញុំ​បាន​អង្គុយ​រង់ចាំ​មួយសន្ទុះ ប៉ុន្ដែ​មិនឃើញ​នរណា​ធ្វើការ​ទាល់តែសោះ​។ ខណៈ​នេះ ខ្ញុំ​ក៏បាន​ឮ​ចម្រៀង​ប​ដិ​វត្ដ​ន៍​បន្លឺឡើង ដែល​សំឡេង​នោះ​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​មន្ទីរ​ដែល​ខ្ញុំ​កំពុង​រង់ចាំ​ឡើយ​។ ខ្ញុំ​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង រួចហើយ​ខ្ញុំ​ក៏បាន​ដើរចូល​ទៅក្នុង​ព្រៃ​ដើម្បី​តាមរក​ទីតាំង​ដែល​ចាក់​ចម្រៀង​នោះ​។ លុះ​ពេល​ខ្ញុំ​ទៅដល់ ខ្ញុំ​បាន​ប្រទះឃើញ​មនុស្ស​ជាច្រើន ត្រូវបាន​ខ្មែរក្រហម​កំពុង​វាយ​សម្លាប់ ដោយ​ចាស់ៗ ត្រូវបាន​ខ្មែរក្រហម​វាយ​សម្លាប់​នឹង​ត្បូងចប ចំណែក​ក្មេងៗ​អាយុ​ត្រឹម​៨​ទៅ​៩​ខែ ឬ​១​ឆ្នាំ ត្រូវបាន​ខ្មែរក្រហម​បោក​សម្លាប់​នឹង​គល់ឈើ ដែល​ទីតាំង​សម្លាប់​នោះ​ស្ថិតនៅ​ជិត​វត្ដ​ស្គន់​។ បន្ទាប់មក ខ្មែរក្រហម​បាន​យក​សាកសព​ដែល​ខ្លួន​សម្លាប់​ទៅ​ទម្លាក់​ចូលក្នុង​អណ្ដូង​នៅក្បែរនោះ​។ ខ្ញុំ​ពិតជា​មានការ​តក់ស្លុត​យ៉ាងខ្លាំង ពេល​បានឃើញ​ហេតុការណ៍​ទាំងនេះ ហើយ​ខ្ញុំ​ក៏បាន​រត់គេចខ្លួន​ពី​ទីនោះ​យ៉ាង​ប្រញាប់ប្រញាល់​។ ប្រសិនបើ​ខ្ញុំ​មិន​ចាកចេញ​ឲ្យ​ទាន់ពេលវេលា​ទេ ខ្ញុំ​នឹង​ជួបប្រទះ​ជោគវាសនា​ដូច​ប្រជាជន​ទាំងនោះ​ជាក់​ជាមិនខាន​។ លុះ​ពេលមកដល់​មន្ទីរពេទ្យរ​បស់​ខ្ញុំ ខ្ញុំ​បែរជា​ដេក​មិន​លក់ ព្រោះ​អារម្មណ៍​របស់ខ្ញុំ​នៅ​នឹកឃើញ​ពី​សកម្មភាព​នៃ​ការសម្លាប់​ទាំងនោះ ហើយ​បាន​ដិតដាម និង​លងបន្លាច​ខ្ញុំ​រហូតមកដល់​បច្ចុប្បន្ន​។

ផ្ទះ​ប៉ុល ពល និង ខៀវ សំផន​

​រហូតដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ ខ្មែរក្រហម​ត្រូវបាន​ផ្តួល​រំំ​លំ​។ ពេលនោះ ខ្ញុំ​ពិតជា​មានការ​ត្រេកអរ​យ៉ាងខ្លាំង ព្រោះ​ខ្ញុំ​យល់ឃើញថា ប្រជាជនមាន​សិទ្ធិសេរីភាព និង​រួច​ផុតពី​ការគ្រប់គ្រង​របស់​ខ្មែរក្រហម ហើយ​ខ្ញុំ​ក៏មាន​ឱកាស​មកជួបជុំ​ក្រុមគ្រួសារ​របស់ខ្ញុំ​នៅឯ​ស្រុកកំណើត​វិញ​ដែរ​។ បន្ទាប់ពី​ខ្មែរក្រហម​ដួលរលំ ខ្ញុំ​បាន​ទៅ​រស់នៅ​ស្រុកកំណើត​រហូតដល់​ឆ្នាំ​២០០១ ទើប​ខ្ញុំ​បានសម្រេច​ចិ​ត្ដ​មក​រស់នៅក្នុង​ទឹកដី​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ តាមរយៈ​ប្អូនប្រុស​របស់ខ្ញុំ ដែល​បានមក​រស់នៅ​ស្រុក​អន្លង់វែង​មុន​ខ្ញុំ​៕ ល​

អតីត​ផ្ទះ​តា​ម៉ុក (​បរិវេណ​លើ​ខ្នងភ្នំ​ដងរែក​)
អតីត​មន្ទីរពេទ្យ តា​ម៉ុក​