ទីតាំង​ផលិត​នំ​បុ័ង​មួយកន្លែង​នៅ​ស្រុក​ប្រាសាទបាគង ត្រូវបាន​អាជ្ញាធរ​បិទ ដោយសារ​មិនមាន​អនាម័យ​

334
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ទីតាំង​ផលិត​នំ​បុ័ង​មួយកន្លែង​នៅ​ស្រុក​ប្រាសាទបាគង បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​អ្នកភូមិ​ចំនួន​៨​នាក់​បាន​ពុល ពេលនេះ​ត្រូវបាន​អាជ្ញាធរ​បិទ ដោយសារតែ​រកឃើញថា មិនមាន​អនាម័យ​ក្នុង​ការផលិត ដែល​បណ្តាលអោយ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។​

​ការចុះ​បិទ​ទីតាំង​ផលិត​នំ​បុ័ង​ខាងលើ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩ ស្ថិតនៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​មន្ត្រី​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង បាន​និយាយថា កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន​៨​នាក់ ដែល​រស់នៅក្នុង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី បាន​ពុល​នំ​បុ័ង​លាប​ប័​រដាក់​សាច់ បន្ទាប់ពី​ពួកគាត់​បាន​ទិញ​ពី​អ្នកដើរ​លក់​ក្នុងភូមិ យកមក​បរិភោគ​រួចមក​។​

​មន្ត្រី​ដដែល​បាន​បន្តថា បន្ទាប់ពី​បរិភោគ​រួចមក ពួកគាត់​បាន​ឈឺពោះ ក្អួត រាគ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនមក​មណ្ឌល​សុខភាព​ដើម្បី​សង្គ្រោះ​។​

​មន្ត្រី​សុខាភិបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា ការពុល​នំ​បុ័ង​ខាងលើនេះ គឺ​មិនមែន​ដោយសារ​ជាតិគីមី​នោះទេ គឺ​ដោយសារតែ​ការផលិត​មិនមាន​ភាព​ស្អាត ប័​រ​ឬ​សាច់​ផ្អូម និង​ផ្ទុកមេរោគ​Toxin​។ ក្រោយពី​ព្យាបាល​ដោយ​ការ​បង្គ្រប់​ជាតិ​ទឹក និង​ដាក់​ថ្នាំ​បំបាត់​ឈឺពោះ រាគ ដើម្បី​បន្សាប​ជាតិ​មេរោគ​Toxin អ្នកជំងឺ​និង​បាន​ធូរស្រាល​ឡើងវិញ​។​ប្រសិនបើ​ពុល​ដោយសារ​ជាតិគីមី​វិញ អ្នកជំងឺ​និង​មាន​អាការៈរោគ​សញ្ញា​ភ្លាមៗ​និង​មាន​កម្រិត​ធ្ងន់ធ្ងរ​។​

​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង បាន​សំណូមពរ​ស្នើ​អោយដល់​អ្នក​ប្រកប​អាជីវកម្ម​ទាំងអស់ ជាពិសេស​ទំនិញ​ជា​ម្ហូបអាហារ នំ ចំណី នានា សូម​គិតពី​សុវត្ថិភាព អនាម័យ និង​គុណភាព ដល់​អ្នកប្រើប្រាស់​ផង​៕ ល​

#