ទីតាំង​ស្តុក​ខ្សាច់​មួយកន្លែង ត្រូវបាន​អាជ្ញាធរ​ខណ្ឌមានជ័យ​ចុះ​បិទទ្វារ​

160
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ទីតាំង​ស្តុក​ខ្សាច់​មួយកន្លែង​ធ្លាប់បាន​អាជ្ញាធរ​ខណ្ឌមានជ័យ ប្រជុំ​អប់រំ ណែនាំ ចុះ​អនុវត្តន៍​នៅតែ​ផ្គើន ត្រូវបាន​ក្រុមការងារ​រដ្ឋបាល​ខណ្ឌ​មានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ចុះមក​បិទ​ទីតាំង​ស្តុក​ខ្សាច់​របស់​ឈ្មោះ ថុង គឹម​ហេង កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ ស្ថិតនៅ​បណ្ដោយ​មហាវិថី​សម្តេច ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​ចំណាត់ការ​ខាងលើនេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ បានចេញ​លិខិត​មួយ​ជូន​អភិបាលខណ្ឌ​មានជ័យ ឲ្យ​ចុះ​បិទ​អាជីវកម្ម ស្តុក​ខ្សាច់​នេះ ដោយហេតុ​ផល​ថា គ្មាន​លិខិតអនុញ្ញាត និង​ដឹក​ខ្សាច់​គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ដែល​ដឹកនាំ​ក្រុមការងារ​ចុះ​បិទ​អាជីវកម្ម​ខ្សាច់​នេះ ឲ្យ​ដឹងថា អាជ្ញាធរ​បាន​ណែនាំ​ដូចតទៅ ទី​១៖ ហាម​មិន​ឲ្យ​រថយន្ត​ដឹក ខ្សាច់ ដឹក​ដី នឹង​ដេប៉ូ​ខ្សាច់ ដែល​បង្ក​ផលប៉ះពាល់​លើផ្លូវ ៦០​ម៉ែត្រ មិន​អនុញ្ញាត​បន្ត​ការដឹក​ទៀត ចេញ​ជាដាច់ខាត​។​ទី​២៖ ព​នូ​ក​ខ្សាច់​ដែល​គេ​ត្រូវ​យកចេញ​ឲ្យ​ទាប​ស្មើ​ដី មិន​ឲ្យ​គរ​ខ្ពស់​ដូច​បច្ចុប្បន្ន​ទៀតឡើយ​។ ទី​៣៖ ការដ្ឋាន​ត្រូវ​ចាក់សោរ​បិទ តាម​ការណែនាំ​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​។​

​ក្រុមការងារ បាន​អាន​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ឲ្យ​ម្ចាស់​ទីតាំង​ឈ្មោះ ថុង គឹម​ហេង ផ្តិតមេដៃ​លើ​សេចក្តីជូនដំណឹង​ទទួល ហើយ​ម្ចាស់​យល់ព្រម​បញ្ឈប់​តាម​ការណែនាំ​របស់ រដ្ឋបាល​ខណ្ឌមានជ័យ​ផងដែរ​៕ ល​

#