ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​មួយកន្លែង នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវ​បង្ក្រាប​

473

(​ភ្នំពេញ​)៖ ទីតាំង​ផ្ទះជួល​ស្តុក​ឈើ​ដ៏​ធំ​មួយកន្លែង នៅក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវ​កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ក្នុងនោះ​ដកហូត​​រថយន្ដ​២​គ្រឿង និង​រកឃើញ​ឈើ​ជាច្រើន​គីឡូក្រាម ក្នុង​ប្រតិបត្តិការ​តាំងពីព្រឹករ​ហូត ដល់​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​ ​
​លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖​ការចុះ​ឆែកឆេរ​ផ្ទះជួល​ស្តុក​ឈើ​ខាងលើនេះ ដឹកនាំ​កម្លាំង​ដោយ​លោក​លោក អ៊ុន វណ្ណា​រិ​ទ្ធ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​មានការ​ចូលរួម​ពី​នាយរង​អធិការ​រដ្ឋបាល​ព្រៃ​​ឈើ​ខាងត្បូង​ទន្លេសាប លោក ប៊ុន​សម្បត្តិ មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌ រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង លោក ហ៊ឹង ប៊ុនថន​។​

​អ្វីដែល​មានការ​ងឿងឆ្ងល់​នោះ​ក្រោយពេល​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខាងលើ​រួចហើយ​គេ​មិន​បានឃើញ​សមត្ថកិច្ច​ក៏​ដូច​ខាង​រដ្ឋបាល​ព្រៃឈើ​បង្ហាញ​ពី​ឈ្មោះ​ម្ចាស់​ឈើ​ខាងលើ​នៅឡើយ​ទេ​។​
​ ​
​លោក​បាន​ឲ្យ​ដឹង​ទៀតថា ការចុះ​ឆែកឆេរ​ផ្ទះជួល​ស្ដុក​ឈើ​ខាងលើ ដកហូត​រថយន្ត​២​គ្រឿង រថយន្ត​(Ford)​ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-7330​មួយគ្រឿង និង​រថយន្ត​(HiGHLANDER) ពាក់​ស្លាក​លេខ​ភ្នំពេញ 2D.2338 មួយគ្រឿង និង​ដកហូត​បាន​ឈើប្រណិត​ចំនួន​៤​ប្រភេទ រួមមាន​៖ ប្រភេទ​ឈើ​នាងនួន ធ្នង់ គ្រញូង និង​ម្រះព្រៅ ដែលជា​ឈើ​សន្លឹក​ទទឹង​១​ម៉ែត្រ បណ្តោយ​៣​ម៉ែត្រ ៤​សន្លឹក និង​កូន​ក្រឡឹង​និង​គ្រឿង​សង្ហា​រឹម​ជាច្រើន​ទៀត​។​

​លោក​បាន​បញ្ជាក់ដែរថា​៖​ចំពោះ​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​តាម​នីតិវិធី​៕​ដោយ​៖​កញ្ញា​រស្មី​/sn